លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកមានស្មារតីចេះ«រង់ចាំ»ទេ?

តើអ្នកមានស្មារតីចេះ«រង់ចាំ»ទេ?

តើ​អ្នក​មាន​ស្មារតី​ចេះ​«រង់ចាំ»​ទេ?

​«បងប្អូន​ត្រូវ​មាន​ចរិយា​ដ៏​វិ​សុទ្ធ និង[«ការ​ប្រព្រឹត្ត​ដោយ»​, ព.ថ.]គោរព​កោត​ខ្លាច​ព្រះ​ជា​ម្ចាស់​អោយ​មែន​ទែន!ចូរ​ទន្ទឹង​រង់ចាំ និង ខ្នះខ្នែង​ធ្វើ​អោយ​ថ្ងៃ​ដែល​ព្រះ​ជា​ម្ចាស់​ត្រូវ​យាង​មក​នោះ កាន់​តែ​ឆាប់​មក​ដល់!»។—ពេត្រុសទី២ ៣:១១, ១២, ខ.ស.

១, ២​. តើ​យើង​អាច​ប្រៀបធៀប​ការ​មាន​ស្មារតី​ចេះ​«រង់ចាំ»​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា ទៅ​នឹង​អ្វី?

សូម​គិត​អំពី​ក្រុមគ្រួសារ​មួយ​ដែល​ទន្ទឹងចាំ​ភ្ញៀវ​មក​ទទួល​ទាន​អាហារ​ជា​មួយ​គ្នា។ កំណត់​ម៉ោង​ដែល​ភ្ញៀវ​ត្រូវ​មកដល់​គឺ​ឆាប់ៗ​ហើយ ចំណែក​ភរិយា​កំពុងតែ​ជាប់​ដៃ​បង្ហើយ​ម្ហូបអាហារ​របស់​គាត់។ ឯ​ស្វាមី​និង​បុត្រធីតា​របស់​នាង​កំពុងតែ​ជួយ​គ្នា​រៀបចំ​ដើម្បី​ឲ្យ​បាន​ហើយ​ជា​ស្រេច។ គ្រប់គ្នា​សប្បាយ​រីករាយ​ណាស់។ ត្រូវ​មែន ក្រុមគ្រួសារ​ទាំងមូល​បាន​ទន្ទឹងចាំ​ភ្ញៀវ​មកដល់ ទាំង​មាន​ចិត្ត​រំភើប​ដើម្បី​ទទួល​ទាន​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់ រួម​ទាំង​ការ​សំណេះសំណាល​ជាមួយ​គ្នា​ផង។

ក្នុង​នាម​ជា​ជន​គ្រីស្ទាន យើង​កំពុងតែ​រង់ចាំ​អ្វី​មួយ​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត។ តើ​យើង​រង់ចាំ​អ្វី​ទៅ? គឺ​យើង​រាល់គ្នា​រង់ចាំ​នូវ​«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»! ទំរាំ​ដល់​ថ្ងៃ​នោះ គួរ​គប្បី​ឲ្យ​យើង​ធ្វើ​ដូច​ព្យាការី​មីកា​ដែល​មាន​ប្រសាសន៍​ថា​៖ «ខ្លួន​ខ្ញុំៗ​នឹង​ទុក​ចិត្ត​ដល់​ព្រះ​យេហូវ៉ា ខ្ញុំ​នឹង​រង់ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ»។ (មីកា ៧:៧) តើ​នេះ​បង្កប់​អត្ថន័យ​ជា​ការ​គ្មាន​សកម្មភាព​ឬ? មិន​មែន​ទេ! ដ្បិត​មាន​ការ​ជា​ច្រើន​ដែល​យើង​គួរ​ធ្វើ។

៣​. យោង​ទៅ​តាម​ពេត្រុសទី២ ៣:១១, ១២ តើ​ពួក​គ្រីស្ទាន​គួរ​មាន​ស្មារតី​ចេះ​ធ្វើ​អ្វី?

សាវ័ក​ពេត្រុស​ជួយ​យើង​ឲ្យ​មាន​ស្មារតី​ត្រឹមត្រូវ​ពេល​កំពុងតែ​រង់ចាំ​នោះ។ គាត់​មាន​ប្រសាសន៍​ថា​៖ «បងប្អូន​ត្រូវ​មាន​ចរិយា​ដ៏​វិសុទ្ធ និង[«ការ​ប្រព្រឹត្ត​ដោយ»​, ព.ថ.]គោរព​កោតខ្លាច​ព្រះ​ជា​ម្ចាស់​អោយ​មែន​ទែន! ចូរ​ទន្ទឹង​រង់ចាំ និង ខ្នះខ្នែង​ធ្វើ​អោយ​ថ្ងៃ​ដែល​ព្រះ​ជា​ម្ចាស់​ត្រូវ​យាង​មក​នោះ កាន់តែ​ឆាប់​មកដល់!»។ (ពេត្រុសទី២ ៣:១១, ១២, ខ.ស.) សូម​កត់​សម្គាល់​ថា ឃ្លា​ទាំង​នោះ​ជា​ឧទាន​សព្ទ។ ពេត្រុស​មិន​បាន​សួរ​សំនួរ​ទេ។ ក្នុង​សំបុត្រ​ទាំង​ពីរ​ដែល​ព្រះ​បណ្ដាល​ឲ្យ​ពេត្រុស​សរសេរ គាត់​បាន​ពណ៌នា​អំពី​លក្ខណៈ​ដែល​ពួក​គ្រីស្ទាន​គួរ​មាន។ គាត់​ក៏​បាន​ដាស់តឿន​ពួកគេ​ឲ្យ​បន្ត​មាន‹ចរិយា​ដ៏​វិសុទ្ធ និង​ការ​ប្រព្រឹត្ត​ដោយ​គោរព​កោតខ្លាច​ព្រះ›។ ទោះ​ជា​កន្លង​ផុត​ទៅ​ប្រមាណ​៣០​ឆ្នាំ តាំង​ពី​ព្រះ​យេស៊ូ​គ្រីស្ទ​ឲ្យ​សញ្ញា​ដែល​សម្គាល់​នូវ «វេលា​ចុង​បញ្ចប់​របស់​ប្រព័ន្ធ​សម័យ​នេះ»​ក៏​ដោយ ពួក​គ្រីស្ទាន​មិន​គួរ​បាត់​ស្មារតី​ក្នុង​ការ​រង់ចាំ​សោះ​ឡើយ។ (ម៉ាថាយ ២៤:៣, ព.ថ.) គួរ​គប្បី​ឲ្យ​ពួកគេ​នៅ​«ទន្ទឹង​រង់ចាំ និង ខ្នះខ្នែង​ធ្វើ​អោយ​ថ្ងៃ​ដែល​ព្រះ​ជា​ម្ចាស់​ត្រូវ​យាង​មក​នោះ កាន់តែ​ឆាប់​មកដល់!»។

៤​. តើ​ការ‹ខ្នះខ្នែង​ធ្វើ​អោយ​ថ្ងៃ​របស់​ព្រះ​កាន់តែ​ឆាប់​មកដល់​›រួម​បញ្ចូល​អ្វី​ខ្លះ?

តាម​ពិត យើង​មិន​អាច​ធ្វើ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា‹មក​កាន់តែ​ឆាប់›បាន​ឡើយ ដ្បិត​យើង​«មិន​ដឹង​ជា​ថ្ងៃ​ណា ឬ​ពេល​ណា»​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​ត្រូវ​មក​ដើម្បី​កាត់​ក្ដី​លើ​សត្រូវ​របស់​ព្រះ​វរបិតា​ទ្រង់​ទេ។ (ម៉ាថាយ ២៤:៣៦; ២៥:១៣) ឯកសារ​យោង​មួយ​ច្បាប់​ពន្យល់​ថា កិរិយាសព្ទ​ដើម​នៃ​ប្រយោគ ‹ធ្វើ​ឲ្យ​កាន់តែ​ឆាប់›នោះ ក្នុង​ខ​នេះ​មានន័យ​ថា «‹ធ្វើ​ឲ្យ​ប្រញាប់ប្រញាល់› ហើយ​មាន​ទំនាក់ទំនង​ដិត​ដល់​នឹង​ការ‹ខ្នះខ្នែង មាន​សកម្មភាព យកចិត្ត​ទុកដាក់​នឹង​រឿង​ណា​មួយ›»។ ដូច្នេះ ពេត្រុស​បាន​ដាស់​តឿន​បងប្អូន​រួម​ជំនឿ​ជា​មួយ​គាត់​ឲ្យ​មាន​ចិត្ត​ប្រាថ្នា​យ៉ាង​ខ្លាំង​ចង់​ឃើញ​នូវ​វត្តមាន​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា។ ពួកគេ​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​ទន្ទឹង​នឹកចាំ​ជានិច្ច​នូវ​ថ្ងៃ​នោះ។ (ពេត្រុសទី២ ៣:១២) ពេល​ឥឡូវ​នេះ​ដែល​«ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា»​កៀក​ណាស់​ហើយ យើង​ក៏​គួរ​មាន​ស្មារតី​ចេះ​រង់ចាំ​ដូច​ពួកគេ​ផង​ដែរ។—យ៉ូអែល ២:៣១

ចូរ​រង់ចាំ​ហើយ​មាន​«ចរិយា​ដ៏​វិ​សុទ្ធ»​ចុះ!

៥​. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា យើង​មាន​ចិត្ត​ប្រាថ្នា​យ៉ាង​ខ្លាំង​ចង់​ឃើញ​«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»?

បើ​យើង​មាន​សេចក្ដី​ប្រាថ្នា​យ៉ាង​ខ្លាំង​ចង់​រួចរស់​ជីវិត​ពី​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​បង្ហាញ​សេចក្ដី​ប្រាថ្នា​ដោយ​‹ចរិយា​ដ៏​វិសុទ្ធ និង​ការ​ប្រព្រឹត្ត​ដោយ​គោរព​កោតខ្លាច​ព្រះ›។ ឃ្លា​«ចរិយា​ដ៏​វិសុទ្ធ»​ប្រហែល​ជា​រំឭក​យើង​ពី​ការ​ដាស់​តឿន​របស់​ពេត្រុស​ថា​៖ «ដូច​ជា​ពួក​កូន​ដែល​ស្ដាប់បង្គាប់ ឥត​បណ្ដោយ​តាម​សេចក្ដី​ប៉ងប្រាថ្នា ដែល​អ្នក​រាល់គ្នា​មាន ពី​កាល​នៅ​ល្ងង់​ពីដើម​នោះ​ឡើយ តែ​ចូរ​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់ ដូច​ជា​ព្រះ​ដែល​ហៅ​អ្នក​រាល់គ្នា​ទ្រង់​បរិសុទ្ធ​ដែរ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា​៖ ‹ចូរ​ឲ្យ​ឯង​រាល់គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​ជា​បរិសុទ្ធ›»។—ពេត្រុសទី១ ១:១៤​-​១៦

៦​. បើ​ចង់​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ​នោះ តើ​យើង​ត្រូវ​ធ្វើ​អ្វី?

បើ​យើង​ចង់​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ​នោះ យើង​ត្រូវ​រក្សា​ការពារ​សតិ​របស់​យើង​ឲ្យ​បាន​ស្អាត​ស្អំ ព្រម​ទាំង​ស្អាតស្អំ​ខាង​ផ្លូវកាយ សីលធម៌ និង​ខាង​វិញ្ញាណ​ដែរ។ តើ​យើង​បាន​ប្រុងប្រៀប​ខ្លួន​ជា​ស្រេច​សំរាប់​«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា» ដោយ​រក្សា​ផ្លូវ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ជា​បុគ្គល​ដែល​តំណាង​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? ការ​រក្សា​ភាព​បរិសុទ្ធ​ឲ្យ​បាន​ស្អាតស្អំ​នៅ​សព្វថ្ងៃ​នេះ គឺ​មិន​ស្រួល​ប៉ុន្មាន​ទេ ពីព្រោះ​ខ្នាតតម្រា​សីលធម៌​ក្នុង​លោកីយ៍​នេះ​ចេះ​តែ​អាប់ឱន​ទៅៗ​ជា​បណ្ដើរៗ។ (កូរិនថូសទី១ ៧:៣១; ធីម៉ូថេទី២ ៣:១៣) តើ​យើង​ឃើញ​ថា ខ្នាតតម្រា​សីលធម៌​របស់​យើង​មាន​ភាព​ខុសគ្នា​កាន់តែ​ឆ្ងាយ​ពី​ខ្នាតតម្រា​សីលធម៌​ក្នុង​លោកីយ៍​នេះ​ឬ​ទេ? បើ​មិន​ឃើញ​ដូច្នោះ​ទេ យើង​គួរ​យកចិត្ត​ទុកដាក់​ទៀត​អំពី​នេះ។ ទោះ​ជា​យើង​មាន​ខ្នាតតម្រា​សីលធម៌​ខ្ពស់​ជាង​លោកីយ៍​នេះ​ក៏​ដោយ តើ​ខ្នាតតម្រា​សីលធម៌​របស់​យើង​កំពុងតែ​ស្រុតចុះ​ឬ? បើ​ដូច្នេះ​មែន យើង​ត្រូវ​ចាត់​វិធានការណ៍​ដើម្បី​កែតម្រូវ​បញ្ហា​នេះ ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ។

៧, ៨​. (ក) តើ​តាម​របៀប​ណា​ដែល​យើង​អាច​លែង​ដឹង​ខ្លួន ថា​ការ​«មាន​ចរិយា​ដ៏​វិសុទ្ធ»​ជា​អ្វី​ដ៏​សំខាន់​នោះ? (ខ) តើ​យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​ដូចម្ដេច ដើម្បី​កែ​តម្រង់​ផ្លូវ​របស់​ខ្លួន?

លោក​បណ្ឌិត​មួយ​រូប​មាន​ប្រសាសន៍​ថា តាំង​ពី​ចេញ​រូប​អាសអាភាស​តាម​ប្រព័ន្ធ​អ៊ិនថឺណិត​មក ហើយ​មនុស្ស​អាច​មើល​រូប​នោះ​ដោយ​សំងាត់​ដូច្នេះ មនុស្ស​ខ្លះ​ដែល​មិន​ធ្លាប់​មើល​របស់​ដ៏​ឥត​សីលធម៌​បែប​នេះ ឥឡូវ​នេះ​អាច​រក​ឃើញ​«ឱកាស​បំពេញ​ចិត្ត​ស្រើបស្រាល​ដោយ​មិន​ចេះ​ឆ្អែត​ទៀត​ឡើយ»។ បើ​យើង​ខំ​រក​កន្លែង​តាម​ប្រព័ន្ធ​អ៊ិនថឺណិត​ដែល​មាន​រូប​មិន​ស្អាត​ខាង​សីលធម៌​បែប​នោះ យើង​មុខ​ជា​បដិសេធ​បទបញ្ជា​ក្នុង​ព្រះ​គម្ពីរ​ដែល​ថា «កុំ​ឲ្យ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ»។ (អេសាយ ៥២:១១) បើ​ធ្វើ​ដូច្នេះ តើ​យើង​ពិត​ជា‹ទន្ទឹង​រង់ចាំ​និង​ខ្នះខ្នែង​ធ្វើ​អោយ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ឆាប់​មកដល់​›មែន​ទេ? ឬ​ក៏​ប្រហែល​ជា ក្នុង​គំនិត​យើង ចង់​បង្អាក់​កុំ​ឲ្យ​ថ្ងៃ​នោះ​មក​ជា​ឆាប់ ដោយ​រកលេស​ថា ទោះ​ជា​យើង​មើល​រឿង​អាសអាភាស​ដែល​ធ្វើ​ឲ្យ​សតិ​របស់​យើង​ទៅ​ជា​ស្មោកគ្រោក​ក៏​ដោយ នោះ​យើង​នៅ​មាន​ឱកាស​ដើម្បី​សំអាត​ខ្លួន​នៅ​ពេល​ក្រោយ​ទៀត? ប្រសិន​ណា​យើង​មាន​បញ្ហា​បែប​នេះ គឺ​ជា​រឿង​បន្ទាន់​ណាស់​ដែល​យើង​គួរ​អំពាវនាវ​រក​ព្រះ​យេហូវ៉ា​ហើយ​សុំ​ទ្រង់​ជួយ‹បង្វែរ​ភ្នែក​យើង​មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍ ហើយ​ប្រោស​ឲ្យ​យើង​មាន​កំឡាំង​ឡើង​ក្នុង​ផ្លូវ​ទ្រង់›។—ទំនុកដំកើង ១១៩:៣៧

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ភាគ​ច្រើន រួម​ទាំង​បងប្អូន​វ័យចាស់​និង​ពួក​យុវវ័យ​ផង​ដែរ កំពុងតែ​កាន់ជាប់​តាម​ខ្នាតតម្រា​សីលធម៌​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ ហើយ​ជៀសវាង​នូវ​អ្វីៗ​ដ៏​ឥត​សីលធម៌​ក្នុង​លោកីយ៍​នេះ​ដែល​រមែង​ទាក់ទាញ​ចិត្ត។ ដោយ​បងប្អូន​ទាំង​នោះ​មាន​ស្មារតី​ដឹង​អំពី​គ្រា​បន្ទាន់​នេះ ហើយ​ក៏​ជ្រាប​ពី​ការ​ព្រមាន​របស់​ពេត្រុស​ដែល​ថា «ថ្ងៃ​នៃ​ព្រះ​អម្ចាស់ នោះ​នឹង​មក​ដូច​ជា​ចោរ​ប្លន់» ដោយសារ​ដូច្នេះ​ពួកគេ​នៅ​តែ​«មាន​ចរិយា​ដ៏​វិសុទ្ធ»។ (ពេត្រុសទី២ ៣:១០) សកម្មភាព​របស់​ពួកគេ​ផ្ដល់​ទីសំអាង​ថា ពួកគេ​កំពុងតែ‹ទន្ទឹង​រង់ចាំ​និង​ខ្នះខ្នែង​ធ្វើ​អោយ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ឆាប់​មកដល់​›។ *

ចូរ​រង់ចាំ​ហើយ​មាន ‹ការ​ប្រព្រឹត្ត​ដោយ​គោរព​កោត​ខ្លាច​ព្រះ›

៩​. តើ​ការ​គោរព​កោតខ្លាច​ព្រះ​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី?

‹ការ​ប្រព្រឹត្ត​ដោយ​គោរព​កោតខ្លាច​ព្រះ›គឺ​ចាំបាច់ ដើម្បី​ជា​ប្រយោជន៍​ឲ្យ​យើង​នឹកចាំ​ពី​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា។ ‹ការ​គោរព​កោតខ្លាច​ព្រះ›ជួយ​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ទ្រង់។ ចិត្ត​ស្មោះភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ឥទ្ធិពល​ដែល​ជំរុញ​ឲ្យ​យើង​ប្រព្រឹត្ត​អ្វី​ដែល​បង្ហាញ​ការ​គោរព​កោតខ្លាច​ចំពោះ​ទ្រង់។ ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​«មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត»។ (ធីម៉ូថេទី១ ២:​៤) ព្រះ​ទ្រង់ «មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ»។ (ពេត្រុសទី២ ៣:៩) បើ​ដូច្នេះ ចិត្ត​ដែល​គោរព​កោតខ្លាច​ព្រះ គួរ​ជំរុញ​យើង​ឲ្យ​ប្រឹងប្រែង​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា និង​ឲ្យ​គេ​យក​តម្រាប់​តាម​ទ្រង់ មែន​ទេ?—អេភេសូរ ៥:១

១០​. ហេតុ​ដូចម្ដេច​បាន​ជា​យើង​គួរ​ប្រយ័ត្ន​នឹង​«សេចក្ដី​ឆ​បោក​របស់​ទ្រព្យ​សម្បត្ដិ»?

១០ បើ​យើង​ខំ​ស្វែង​រក​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​មុន​សិន នោះ​ជីវិត​របស់​យើង​នឹង​ពេញ​ទៅ​ដោយ​ការ​ប្រព្រឹត្ត​ដែល​គោរព​កោតខ្លាច​ព្រះ។ (ម៉ាថាយ ៦:៣៣) នេះ​ក៏​រួម​បញ្ចូល​ការ​មាន​ទស្សនៈ​ត្រឹមត្រូវ​អំពី​វត្ថុទ្រព្យ​ផង​ដែរ។ ព្រះ​យេស៊ូ​បាន​ព្រមាន​ថា​៖ «ចូរ​ប្រយ័ត ហើយ​ខំ​ចៀស​ពី​សេចក្ដី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យសម្បត្ដិ​ជា​បរិបូរ​ទេ»។ (លូកា ១២:១៥) ទោះ​ជា​យើង​ប្រហែល​នឹកស្មាន​មិន​ដល់​ក្ដី ថា​ការ​ស្រឡាញ់​ប្រាក់​អាច​បង្អាក់​យើង​ក៏​ដោយ នោះ​គួរ​គប្បី​ឲ្យ​យើង​សម្គាល់​ថា «សេចក្ដី​ខ្វល់ខ្វាយ​នៅ​ជីវិត​នេះ នឹង​សេចក្ដី​ឆ​បោក​របស់​ទ្រព្យ​សម្បត្ដិ» អាច «មក​ខ្ទប់​ព្រះ​បន្ទូល​ជាប់» បាន។ (ម៉ាថាយ ១៣:២២, កំណែ​ជា​អក្សរទ្រេត) ការ​ប្រកប​ការងារ​ដើម្បី​ចិញ្ចឹម​ជីវិត​ខ្លួន​ប្រហែល​ជា​មិន​សូវ​ស្រួល​ទេ។ ហេតុនេះ​ហើយ​បាន​ជា​មនុស្ស​ច្រើន​នៅ​ភូមិភាគ​ផ្សេងៗ​លើ​ផែនដី​នេះ​សម្រេច​ចិត្ត​ថា បើ​គេ​ចង់​បាន​ជីវភាព​រស់​នៅ​ប្រសើរ​ជាង ពួកគេ​ត្រូវ​រើ​ទៅ​នៅ​ប្រទេស​មួយ​ដែល​មាន​ទ្រព្យ​ធន​ច្រើន​ជាង ទោះ​ជា​ត្រូវ​បែក​ពី​ក្រុមគ្រួសារ​ច្រើន​ឆ្នាំ​ក៏​ដោយ។ សូម្បីតែ​រាស្ត្រ​ខ្លះ​របស់​ព្រះ​ក៏​ធ្លាប់​គិត​វែកញែក​បែប​នេះ​ផង​ដែរ។ ដោយ​រើ​ទៅ​នៅ​ប្រទេស​ក្រៅ​នោះ ពួកគេ​ទំនង​ជា​អាច​ផ្ដល់​របស់​ដ៏​ទំនើប​ល្អៗ​ដល់​ក្រុមគ្រួសារ​របស់​ខ្លួន​បាន។ ប៉ុន្តែ ចុះ​យ៉ាង​ណា​សុខុមាលភាព​ខាង​វិញ្ញាណ​នៃ​ពួក​អ្នក​ជា​ទី​ស្រឡាញ់​នៅ​ឯ​ផ្ទះ​វិញ? ប្រសិន​បើ​គ្មាន​ការ​បង្ហាញ​ប្រមុខ​ភាព​យ៉ាង​ត្រឹមត្រូវ​ក្នុង​ក្រុមគ្រួសារ​នោះ តើ​ពួកគេ​នឹង​មាន​កម្លាំង​ខាង​វិញ្ញាណ​ដែល​ជា​ចាំបាច់​ដើម្បី​រួចរស់​ជីវិត​ពី​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ឬ​ទេ?

១១​. បុរស​ម្នាក់​ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ក្រៅ គាត់​បាន​បង្ហាញ​ថា ការ​ប្រព្រឹត្ត​ដោយ​គោរព​កោតខ្លាច​ព្រះ​គឺ​សំខាន់​ជាង​ទ្រព្យសម្បត្ដិ តើ​តាម​របៀប​ណា?

១១ បុរស​ម្នាក់​ជនជាតិ​ភីលីពីន​ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ហើយ​បាន​រៀន​នូវ​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ​ពី​ពួក​ស្មរបន្ទាល់​ព្រះយេហូវ៉ា​នៅ​ប្រទេស​នោះ។ នៅ​ពេល​ដែល​គាត់​រៀន​អំពី​ភារកិច្ច​ខាង​ប្រមុខ​ភាព​ដែល​បញ្ជាក់​ក្នុង​ព្រះ​គម្ពីរ​នោះ គាត់​ទទួល​ស្គាល់​ថា គាត់​ត្រូវ​ជួយ​ក្រុមគ្រួសារ​ឲ្យ​ក្លាយ​ជា​អ្នក​ថ្វាយបង្គំ​ព្រះ​យេហូវ៉ា។ (កូរិនថូសទី១ ១១:៣) ភរិយា​របស់​គាត់​នៅ​ប្រទេស​ភីលីពីន​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​ជំនឿ​ថ្មី​របស់​ស្វាមី ហើយ​ចង់​ឲ្យ​ស្វាមី​របស់​គាត់​នៅ​តែ​ផ្ញើ​លុយ​ជាជាង​ត្រឡប់​មក​ឯផ្ទះ​ដើម្បី​បង្រៀន​ដល់​ក្រុមគ្រួសារ​នូវ​ជំនឿ​របស់​គាត់​ពី​ព្រះ​គម្ពីរ។ យ៉ាង​ណា​ក៏​ដោយ បង​ប្រុស​បាន​ទទួល​ស្គាល់​នូវ​ភាព​បន្ទាន់​នៃ​គ្រា​នេះ ហើយ​ក៏​យកចិត្ត​ទុកដាក់​ចង់​ជួយ​ក្រុមគ្រួសារ​របស់​គាត់ ដូច្នេះ​នេះ​បាន​ជំរុញ​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ។ គាត់​ក៏​បាន​លទ្ធផល​ល្អ​ពី​ការ​ប្រស្រ័យ​ទាក់​ទង់​ជា​មួយ​ក្រុមគ្រួសារ​ដោយ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​អត់ធ្មត់​ដែរ។ មិន​យូរ​មិន​ឆាប់​ក្រុមគ្រួសារ​របស់​គាត់​មាន​សាមគ្គី​គ្នា​ក្នុង​ការ​ថ្វាយបង្គំ​ពិត ហើយ​ភរិយា​របស់​គាត់​បាន​ចុះឈ្មោះ​ធ្វើ​កិច្ចបំរើ​ផ្សាយ​ពេញ​ពេល។

១២​. ហេតុ​អ្វី​បាន​ជា​យើង​គួរ​ចាត់​ទុក​កិច្ចការ​ខាង​វិញ្ញាណ​មាន​អាទិ​ភាព​ក្នុង​ជីវិត​យើង?

១២ ស្ថានការណ៍​របស់​យើង​អាច​ប្រៀបប្រដូច​នឹង​មនុស្ស​ខ្លះ​នៅ​ក្នុង​អាគារ​មួយ​ដែល​កំពុងតែ​មាន​ភ្លើង​ឆេះ។ តើ​ជា​ការ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​មែន​ឬ ក្នុង​ការ​រត់​ចុះឡើង​យ៉ាង​ក្រហល់​ក្រហាយ​ដើម្បី​ជញ្ជូន​របស់​របរ​ផ្សេងៗ​ពី​ទីកន្លែង​ដែល​ឆេះ​ទ្រគោល​ហៀបនឹង​រលំស្រុត​នោះ? ផ្ទុយ​ទៅ​វិញ តើ​មិន​ជា​ការ​សំខាន់​ជាង​ឬ ដែល​យើង​គួរ​សង្គ្រោះ​ជីវិត​ខ្លួន​ឯង​និង​ក្រុមគ្រួសារ ព្រម​ទាំង​សង្គ្រោះ​មនុស្ស​ឯទៀត​ក្នុង​អាគារ​នោះ? យ៉ាង​ដូច្នោះ​ដែរ របប​លោកីយ៍​ដ៏​អាក្រក់​នេះ​កំពុងតែ​ឆ្ពោះ​ទៅ​កាន់​ទីរលំ​ចោល​យ៉ាង​លឿន ហើយ​នេះ​ក៏​ទាក់ទង់​ជីវិត​ស្លាប់​រស់​ផង​ដែរ។ ដោយ​ជ្រាប​ពី​ស្ថានការណ៍​នេះ យើង​មុខ​ជា​ចាត់ទុក​កិច្ចការ​ខាង​វិញ្ញាណ​មាន​អាទិភាព ហើយ​ចង់​យកចិត្ត​ទុកដាក់​ធ្វើ​កិច្ចការ​ដែល​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន ដោយ​ខ្នះខ្នែង​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។—ធីម៉ូថេទី១ ៤:១៦

គួរ​គប្បី​ឲ្យ​យើង​មាន​ភាព​«ឥត​សៅហ្មង»

១៣​. នៅ​ពេល​ដែល​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ផ្ទុះ​ឡើង​នោះ តើ​យើង​គួរ​ចង់​ធ្វើ​ជា​បុគ្គល​បែប​ណា?

១៣ ពេត្រុស​បាន​ដៅ​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​ចេះ​រង់ចាំ ដោយ​ចែង​ថា​៖ «បងប្អូន​ជា​ទីស្រឡាញ់​អើយ! ក្នុង​ពេល​ដែល​បងប្អូន​ទន្ទឹង​រង់ចាំ​ហេតុ​ការណ៍​ទាំង​នេះ ចូរ​ខ្នះខ្នែង​ធ្វើ​យ៉ាង​ណា អោយ​ព្រះ​ជា​ម្ចាស់​ឃើញ​ថា​បងប្អូន​ល្អ​ឥតខ្ចោះ ឥត​សៅហ្មង និង ឃើញ​បងប្អូន​រស់​នៅ​ដោយ​សុខសាន្ត»។ (ពេត្រុសទី២ ៣:១៤, ខ.ស.) បន្ថែម​ទៅ​លើ​ការ​ដាស់តឿន​ឲ្យ​មាន​ចរិយា​ដ៏​វិសុទ្ធ និង​ការ​ប្រព្រឹត្ត​ដោយ​គោរព​កោតខ្លាច​ព្រះ នោះ​ពេត្រុស​បញ្ជាក់​ទៀត​ថា សំខាន់​ណាស់​ដែល​ព្រះ​យេហូវ៉ា​ទត​ឃើញ​យើង​ជា​បុគ្គល​ម្នាក់ៗ​ដែល​បាន​ត្រូវ​លាង​ស្អាត​ហើយ ដោយសារ​លោហិត​របស់​ព្រះ​យេស៊ូ​ដែល​មាន​តម្លៃ​វិសេស។ (វិវរណៈ ៧:៩, ១៤) នេះ​បាន​សេចក្ដី​ថា យើង​ត្រូវ​អនុវត្ត​ជំនឿ​ទៅ​លើ​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ ហើយ​ក៏​ត្រូវ​ក្លាយ​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដែល​បាន​ឧទ្ទិស​ថ្វាយខ្លួន និង​បាន​ទទួល​បុណ្យ​ជ្រមុជទឹក។

១៤​. តើ​ការ​រក្សា​ឲ្យ​មាន​ភាព​«ឥត​សៅហ្មង»​រួម​បញ្ចូល​អ្វី​ខ្លះ?

១៤ ពេត្រុស​ជំរុញ​ចិត្ត​យើង​ខ្នះខ្នែង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព «ឥត​សៅហ្មង»។ យើង​មាន​ចរិយា​និង​បុគ្គលិកលក្ខណៈ​គ្រីស្ទាន​ដែល​ប្រៀប​ដូច​ជា​សំលៀកបំពាក់​របស់​យើង តើ​យើង​រក្សា​របស់​ទាំង​នេះ​ឲ្យ​ឥត​សៅហ្មង ហើយ​មិន​ប្រឡាក់​ដោយ​លោកីយ៍​នេះ​ឬ​ទេ? កាល​ណា​យើង​ឃើញ​ស្នាម​អុជៗ​នៅ​នឹង​សំលៀកបំពាក់​របស់​យើង យើង​ខំ​ដុសជូត​វា​ចេញ​ភ្លាមៗ មែន​ទេ? ហើយ​បើ​សំលៀកបំពាក់​នោះ​ជា​អ្វី​ដែល​យើង​ស្រឡាញ់​ជា​ទីបំផុត យើង​រឹតតែ​យកចិត្តទុកដាក់​បោក​វា​ទៀត​ផង។ តើ​យើង​មាន​អារម្មណ៍​ដូច​នេះ​ដែរ​ឬ បើ​យើង​មាន​មោះហ្មង​ណា​ក្នុង​បុគ្គលិកលក្ខណៈ​ឬ​ចរិយា​របស់​យើង ដែល​ប្រៀប​ដូច​ជា​សំលៀកបំពាក់​គ្រីស្ទាន​ដែល​មាន​ស្នាម​ប្រឡាក់​នោះ?

១៥​. (ក) ហេតុ​អ្វី​បាន​ជា​ពួក​អ៊ីស្រាអែល​ត្រូវ​ធ្វើ​រំយោល​នៅ​ជាយ​អាវ​ខ្លួន? (ខ) ហេតុ​ដូចម្ដេច​បាន​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​នា​បច្ចុប្បន្ន​នេះ មាន​ភាព​ខុស​ប្លែក​ពី​លោកីយ៍?

១៥ ពួក​សាសន៍​អ៊ីស្រាអែល​ត្រូវ​មាន «រំយោល​នៅ​ជាយ​អាវ​ខ្លួន» ហើយ​ក៏​ត្រូវ​«មាន​ខ្សែ​ពណ៌​ផ្ទៃមេឃ​ជាប់​នឹង​រំយោល នៅ​គ្រប់​ទាំង​ជាយ​អាវ​របស់​គេ»។ ហេតុ​អ្វី? គឺ​ដើម្បី​ឲ្យ​ពួកគេ​នឹកចាំ​មិន​ភ្លេច​នូវ​បញ្ញត្ត​ច្បាប់​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ប្រព្រឹត្ត​តាម​ច្បាប់​នោះ​ផង ហើយ​«ឲ្យ​បាន​បរិសុទ្ធ»​ចំពោះ​ព្រះ​របស់​ពួកគេ។ (ជនគណនា ១៥:៣៨​-​៤០) ក្នុង​នាម​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​នា​បច្ចុប្បន្ន​នេះ យើង​មាន​ភាព​ខុស​ប្លែក​ពី​លោកីយ៍​នេះ​ពីព្រោះ​យើង​ធ្វើ​តាម​ច្បាប់​និង​គោលការណ៍​នានា​ដែល​មក​ពី​ព្រះ។ ដូច​ជា​យើង​រក្សា​ឲ្យ​មាន​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ យើង​ទទួល​ស្គាល់​នូវ​ភាព​ពិសិដ្ឋ​នៃ​ឈាម ហើយ​យើង​ក៏​ជៀសវាង​ពី​ការ​ថ្វាយបង្គំ​រូប​ព្រះ​គ្រប់​បែប​យ៉ាង។ (កិច្ចការ ១៥:២៨, ២៩) មនុស្ស​ជា​ច្រើន​មាន​សេចក្ដី​គោរព​ចំពោះ​យើង ដោយ​ព្រោះ​យើង​បាន​តាំង​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​រក្សា​ខ្លួន​ដោយ​ឥត​សៅហ្មង។—យ៉ាកុប ១:២៧

គួរ​គប្បី​ឲ្យ​យើង​មាន​ភាព​«ល្អ​ឥតខ្ចោះ»

១៦​. តើ​ការ​រក្សា​ខ្លួន​ឲ្យ​មាន​ភាព​«ល្អ​ឥតខ្ចោះ»​នោះ រួម​បញ្ចូល​អ្វី​ខ្លះ?

១៦ ពេត្រុស​ក៏​បាន​មាន​ប្រសាសន៍​ថា យើង​គួរ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​«ល្អ​ឥតខ្ចោះ»។ តើ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​យើង​មាន​ភាព​ល្អ​ឥតខ្ចោះ​នោះ? តាម​ធម្មតា​យើង​អាច​ជូត​ឬ​លាង​ចេញ​នូវ​ស្នាម​អុជៗ​បាន ប៉ុន្តែ​មិន​ងាយ​ធ្វើ​ដូច្នេះ​ទេ​បើ​មាន​ខ្ចោះ​ណា​មួយ​វិញ​នោះ។ ពាក្យ​ខ្ចោះ​នេះ​នាំ​ឲ្យ​គិត​ពី​អ្វី​ខាង​ក្នុង​ដែល​ឆ្គាំឆ្គង ឬ​មាន​កំហុស។ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​បងប្អូន​គ្រីស្ទាន​គ្នីគ្នា​នៅ​ទី​ក្រុង​ភីលីព​ថា​៖ «ចូរ​ធ្វើ​កិច្ចការ​ទាំង​អស់ ដោយ​ឥត​រអ៊ូរទាំ ឬ ជជែក​តវ៉ា​ឡើយ ដើម្បី​អោយ​បងប្អូន​បាន​ល្អ​ឥតខ្ចោះ ឥត​សៅហ្មង ជា​បុត្រធីតា​របស់​ព្រះ​ជា​ម្ចាស់ ដែល​ឥត​មាន​កំហុស​ក្នុង​ចំណោម​មនុស្ស​វៀចវេរ និង ខិល​ខូច​នៅ​ជំនាន់​នេះ។ បងប្អូន​ភ្លឺ​ក្នុង​ចំណោម​ពួកគេ ដូច​ពន្លឺ​ដែល​បំភ្លឺ​ពិភពលោក»។ (ភីលីព ២:១៤, ១៥, ខ.ស.) បើ​យើង​ធ្វើ​តាម​ឱវាទ​នោះ យើង​នឹង​ជៀសវាង​ពី​ការ​រអ៊ូរទាំ​និង​ការ​ជជែក​តវ៉ា​គ្នា នោះ​យើង​នឹង​បំរើ​ព្រះ​ដោយ​មាន​បំណង​ចិត្ត​បរិសុទ្ធ​វិញ។ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​ពួក​អ្នកជិតខាង​របស់​យើង​ជំរុញ​ចិត្ត​យើង​ឲ្យ​ផ្សាយ​«ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ»។ (ម៉ាថាយ ២២:៣៥​-​៤០; ២៤:១៤) ម្យ៉ាង​ទៀត យើង​នឹង​បន្ត​ប្រកាស​ដំណឹង​ល្អ​នេះ​ទោះបី​ជា​មនុស្ស​ភាគ​ច្រើន​មិន​យល់​នូវ​មូលហេតុ​ដែល​យើង​ស្ម័គ្រ​ចិត្ត​ចំណាយ​ពេល​និង​កម្លាំង​របស់​យើង​ក៏​ដោយ ក្នុង​ការ​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​រៀន​អំពី​ព្រះ​និង​ព្រះ​បន្ទូល​របស់​ទ្រង់ គឺ​ជា​ព្រះ​គម្ពីរ។

១៧​. នៅ​ពេល​ដែល​យើង​ប្រាថ្នា​ចង់​រក​តំណែង​បំរើ​ការ​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​នោះ តើ​យើង​គួរ​មាន​បំណង​អ្វី?

១៧ ដោយសារ​យើង​ប្រាថ្នា​ចង់​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​«ល្អ​ឥតខ្ចោះ»​នោះ គួរ​គប្បី​ឲ្យ​យើង​ពិនិត្យ​មើល​បំណង​ចិត្ត​របស់​យើង​ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់​ដែល​យើង​ធ្វើ។ យើង​បាន​លះ​ចោល​ការ​ធ្វើ​អ្វី​ដោយ​អហង្ការ ដូច​ជា​ការ​ប្រឹង​រក​ទ្រព្យ​សម្បត្ដិ​ឬ​មុខ​មាត់​ធំ។ បើ​យើង​កំពុងតែ​រក​តំណែង​បំរើ​ការ​ក្នុង​ក្រុមជំនុំ សូម​ឲ្យ​បំណង​ចិត្ត​យើង​នៅ​ជា​បរិសុទ្ធ​ជានិច្ច ទាំង​បណ្ដាល​មក​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​អ្នក​ដទៃ។ គឺ​ល្អ​ណាស់​ហ្ន៎! ពេល​មើល​បុរស​ដែល​យកចិត្ត​ទុកដាក់​ខាង​វិញ្ញាណ​កំពុងតែ​«ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ត្រួតត្រា»​ដោយ​អំណរ ហើយ​ដោយ​មាន​ចិត្ត​រាប​ទាប​ប្រាថ្នា​ចង់​បំរើ​ព្រះ​យេហូវ៉ា​និង​បងប្អូន​រួម​ជំនឿ​ជា​មួយ។ (ធីម៉ូថេទី១ ៣:១; កូរិនថូសទី២ ១:២៤) ពិត​មែន ពួក​អ្នក​ដែល​បំពេញ​តម្រូវ​ការ​ដើម្បី​ធ្វើ​ជា​អ្នក​ចាស់​ទុំ​នោះ ពួកគេ​«ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ . . . ដោយ​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ​ទេ ក៏​មិន​មែន​ដោយ​ចង់​បាន​កំរៃ​ដែរ គឺ​ដោយ​គាប់​ចិត្ត​វិញ មិន​មែន​បែប​ដូច​ជា​មាន​អំណាច​លើ​របស់​ទ្រព្យ​ទេ គឺ​ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ​ប៉ុណ្ណោះ»។—ពេត្រុសទី១ ៥:១​-​៤

គួរ​គប្បី​ឲ្យ​យើង​មាន​ភាព​«សុខសាន្ត»

១៨​. តើ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​កេរ្ដិ៍​ឈ្មោះ​ជា​មនុស្ស​មាន​គុណសម្បត្ដិ​បែប​ណា?

១៨ ចុង​ក្រោយ​បង្អស់​ពេត្រុស​ប្រាប់​ថា យើង​គួរ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​«សុខសាន្ត»។ ដើម្បី​ធ្វើ​តាម​តម្រូវ​ការ​មួយ​នេះ យើង​គួរ​តែ​មាន​ភាព​សុខសាន្ត​ជា​មួយ​ព្រះ​យេហូវ៉ា​ហើយ​ជា​មួយ​អ្នកជិតខាង​របស់​យើង​ផង។ ពេត្រុស​បាន​សង្កត់​ធ្ងន់​ទៅ​លើ​សារៈ​សំខាន់​នៃ​ការ​«មាន​សេចក្ដី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត» ហើយ​បាន​បញ្ជាក់​ពី​ការ​រក្សា​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​ជា​មួយ​បងប្អូន​គ្រីស្ទាន​គ្នីគ្នា​របស់​យើង​ផង​ដែរ។ (ពេត្រុសទី១ ២:១៧; ៣:១០, ១១; ៤:៨; ពេត្រុសទី២ ១:៥​-​៧) បើ​ចង់​រក្សា​ឲ្យ​មាន​សេចក្ដី​សុខសាន្ត យើង​ត្រូវ​តែ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ (យ៉ូហាន ១៣:៣៤, ៣៥; អេភេសូរ ៤:១, ២) សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​សុខសាន្ត​របស់​យើង​បាន​ត្រូវ​ឃើញ​ប្រចក្ស​នៅ​ពេល​មាន​មហាសន្និបាត​អន្តរជាតិ។ នៅ​ឯ​មហា​សន្និបាត​មួយ​ក្នុង​ប្រទេស​កូស្ដារីកា ឆ្នាំ​១៩៩៩ អ្នក​លក់ដូរ​មួយ​រូប​នៅ​អាកាសយានដ្ឋាន​មាន​ចិត្ត​មួម៉ៅ​ពីព្រោះ​ពួក​ស្មរបន្ទាល់​នៅ​តំបន់​នោះ​បាន​ជុំ​គ្នា​ដើម្បី​ស្វាគមន៍​ភ្ញៀវ​នានា ដោយ​បិទ​បាំង​កន្លែង​លក់ដូរ​របស់​គាត់​ទាំង​មិន​ដឹង​ខ្លួន។ ក៏​ប៉ុន្តែ នៅ​ថ្ងៃ​ទីពីរ​វិញ គាត់​បាន​កត់សម្គាល់​នូវ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​សុខសាន្ត​ដែល​ភ្ញៀវ​ទាំង​ប៉ុន្មាន​បាន​ទទួល​ដោយ​សេចក្ដី​សាទរ​នោះ ទោះ​ជា​ពួក​ស្មរបន្ទាល់​តាម​តំបន់​នេះ​មិន​ដែល​ស្គាល់​គេ​ផ្ទាល់​ក្ដី។ នៅ​ថ្ងៃ​ចុងក្រោយ អ្នក​លក់ដូរ​នោះ​បាន​រួម​ចំណែក​ស្វាគមន៍​ភ្ញៀវ ក៏​បាន​សុំ​រៀន​ព្រះ​គម្ពីរ​ផង​ដែរ។

១៩​. ហេតុ​អ្វី​បាន​ជា​ចាំបាច់​ឲ្យ​យើង​រក​សេចក្ដី​សុខសាន្ត​ជា​មួយ​បងប្អូន​រួម​ជំនឿ?

១៩ ការ​ខំ​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​ជា​មួយ​បងប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​របស់​យើង​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​នោះ អាច​មាន​អានុភាព​លើ​ចិត្ត​ខ្នះខ្នែង​របស់​យើង​ក្នុង​ការ​រង់ចាំ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា និង​ការ​រង់ចាំ​នូវ​ពិភពលោក​ថ្មី​របស់​ទ្រង់​ដែល​បាន​សន្យា​ហើយ​នោះ។ (ទំនុកដំកើង ៣៧:១១; ពេត្រុសទី២ ៣:១៣) ចុះ​យ៉ាង​ណា​បើ​យើង​ពិបាក​រក្សា​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​ជា​មួយ​បងប្អូន​ណា​ម្នាក់​ដែល​រួម​ជំនឿ​នឹង​យើង? តើ​យើង​អាច​ស្រមៃ​គិត​អំពី​ការ​រស់​នៅ​យ៉ាង​សុខសាន្ត​ជា​មួយ​គាត់​ក្នុង​ទី​មនោរម្យ បាន​ទេ? បើ​បងប្អូន​ណា​មាន​ហេតុ​អ្វី​ទាស់​នឹង​យើង គួរ​គប្បី​ឲ្យ​យើង​ប្រញាប់​ទៅ‹រក​ជានា​នឹង​គាត់›។ (ម៉ាថាយ ៥:២៣, ២៤) ទង្វើ​ដូច្នេះ​ជា​ចាំបាច់​ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សុខសាន្ត​ជា​មួយ​ព្រះ​យេហូវ៉ា។—ទំនុកដំកើង ៣៥:២៧; យ៉ូហានទី១ ៤:២០

២០​. តើ​យើង​គួរ​បង្ហាញ​យ៉ាង​ណា​ខ្លះ ថា​យើង​មាន​ស្មារតី​ចេះ​«រង់ចាំ»​នោះ?

២០ តើ​យើង​កំពុងតែ‹ទន្ទឹង​រង់ចាំ​និង​ខ្នះខ្នែង​ធ្វើ​អោយ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ឆាប់​មកដល់​›ផ្ទាល់​ខ្លួន ឬ​ទេ? យើង​អាច​បង្ហាញ​ថា យើង​មាន​អារម្មណ៍​យ៉ាង​ខ្លាំង​ចង់​មើល​ទីបញ្ចប់​នៃ​អំពើ​អាក្រក់​ជួជាតិ ដោយ​រក្សា​ឲ្យ​មាន​ភាព​បរិសុទ្ធ​ក្នុង​លោកីយ៍​ដ៏​ឥត​សីលធម៌​នេះ។ ម្យ៉ាង​ទៀត ចិត្ត​ប្រាថ្នា​យ៉ាង​ខ្លាំង​ចង់​ឃើញ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​មកដល់ ហើយ​ចង់​បាន​ជីវិត​ក្រោម​ការ​គ្រប់គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់ នោះ​ត្រូវ​ស​ឲ្យ​ឃើញ​ដោយ​ការ​ប្រព្រឹត្ត​របស់​យើង​ដែល​បង្ហាញ​ការ​គោរព​កោតខ្លាច​ចំពោះ​ព្រះ។ បន្ថែម​ទៅ​ទៀត ការ​ទន្ទឹង​រង់ចាំ​ដើម្បី​រស់​នៅ​ក្នុង​ពិភពលោក​ថ្មី​ដ៏​សុខសាន្ត​នោះ ត្រូវ​សម្ដែង​មក​ដោយ​យើង​ខំ​រក​សេចក្ដី​សុខសាន្ត​ជា​មួយ​ពួក​អ្នក​រួម​ការ​ថ្វាយបង្គំ​ជា​មួយ​យើង​នា​ពេល​ឥឡូវ​នេះ។ ដោយ​ធ្វើ​ដូច្នេះ យើង​បង្ហាញ​ថា យើង​មាន​ស្មារតី​ចេះ​«រង់ចាំ» ហើយ​កំពុងតែ‹ទន្ទឹង​រង់ចាំ​និង​ខ្នះខ្នែង​ធ្វើ​អោយ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ឆាប់​មកដល់​›។

[កំណត់​សម្គាល់]

^ វគ្គ 8 សូម​មើល​ឧទាហរណ៍​ខ្លះ​នៅ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ​២០០០ ទំព័រ១៦ និង​សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ឆ្នាំ​១៩៩៧ ទំព័រ៥១ (ជា​ភាសា​អង់គ្លេស)។

តើ​អ្នក​នៅ​ចាំ​ទេ?

តើ​ការ‹ទន្ទឹង​រង់ចាំ​និង​ខ្នះខ្នែង​ធ្វើ​អោយ​ថ្ងៃ​របស់​ព្រះយេហូវ៉ា​ឆាប់​មកដល់​›មានន័យ​អ្វី?

ស្តី​អំពី​កិរិយា​ប្រព្រឹត្ត​របស់​យើង តើ​អាច​បង្ហាញ​ស្មារតី​ចេះ​«រង់ចាំ»​បាន​យ៉ាង​ដូចម្ដេច?

ហេតុ​អ្វី​បាន​ជា​«ការ​ប្រព្រឹត្ត​ដោយ​គោរព​កោតខ្លាច​ព្រះ»​ជា​អ្វី​ដ៏​ចាំបាច់​នោះ?

តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ទត​ឃើញ​យើង​ជា​មនុស្ស‹ល្អ​ឥតខ្ចោះ ឥត​សៅហ្មង និង​រស់​ដោយ​សុខសាន្ត›នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៩]

ស្មារតី​ចេះ​«រង់ចាំ»​ត្រូវ​ស​ឲ្យ​ឃើញ​ច្បាស់​ដោយ​ចរិយា​ដ៏​វិសុទ្ធ

[រូបភាព​នៅ​ទំព័រ​២០]

ការ​ផ្សព្វផ្សាយ​ពី​ព្រះ​រាជាណាចក្រ របស់​ព្រះ ជា​កិច្ចការ​សង្គ្រោះ​ជីវិត

[រូបភាព​នៅ​ទំព័រ​២២]

កាល​ដែល​យើង​រង់ចាំ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​មក​ដល់ ចូរ​យើង​ខំ​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​ជា​មួយ​មនុស្ស​ដទៃ