‹ហេតុអ្វីទ្រង់ឲ្យខ្ញុំរងទុក្ខដូច្នេះ?›
‹ហេតុអ្វីទ្រង់ឲ្យខ្ញុំរងទុក្ខដូច្នេះ?›
លោករីកាដូអាចចាំបាននូវពេលដែលគាត់អង្គុយនៅបន្ទប់ពេទ្យជាមួយប្រពន្ធគាត់ឈ្មោះម៉ារា។ * នៅពេលនោះពួកគាត់ទាំងពីរនាក់មានអារម្មណ៍ភ័យខ្លាច មិនហ៊ានមើលលទ្ធផលពីតេសថ្មីៗដែលគ្រូពេទ្យរបស់ម៉ារាបានធ្វើនោះទេ។ រួចមក រីកាដូបើកស្រោមសំបុត្រ ហើយគាត់និងម៉ារាបានអានត្រួសៗនូវលទ្ធផលក្នុងសេចក្ដីរាយការណ៍ពេទ្យនោះ។ ពេលរីកាដូនិងម៉ារាឃើញពាក្យ«រោគមហារីក» នោះពួកគាត់ទាំងពីរនាក់ចាប់ផ្ដើមយំភ្លាម ដោយយល់ពីភាពធ្ងន់ធ្ងរនៃជំងឺនេះ។
រីកាដូនឹកចាំអំពីគ្រានោះ និងប្រាប់ថា៖«គ្រូពេទ្យនោះជាមនុស្សស្លូតបូតណាស់។ ប៉ុន្តែ ទំនងជាគាត់បានទទួលស្គាល់ថាជំងឺនេះក៏ធ្ងន់ធ្ងរដែរ ពីព្រោះគាត់ប្រាប់យើងម្ដងហើយម្ដងទៀតថា យើងត្រូវពឹងពាក់លើព្រះ»។
មុនដែលម៉ារាចាប់ផ្ដើមទទួលការព្យាបាលដោយកម្មរស្មីនោះ គ្រូពេទ្យរបស់គាត់សម្គាល់ឃើញថា ជើងខាងស្ដាំរបស់ម៉ារាចាប់ផ្ដើមញាក់បន្ដិច។ ការធ្វើតេសថែមទៀតបានបង្ហាញឲ្យដឹងថា មហារីកនោះបានឆ្លងរាលដាលទៅដល់ខួរក្បាលរបស់ម៉ារាហើយ។ ក្រោយតែមួយសប្ដាហ៍ប៉ុណ្ណោះ ពេទ្យបានបញ្ឈប់ការព្យាបាលម៉ារាដោយកម្មរស្មីនោះ។ ម៉ារាបានសន្លប់បាត់ស្មារតីទៅ ហើយបានស្លាប់ពីរខែក្រោយមក។ លោករីកាដូពន្យល់ពីអារម្មណ៍គាត់ថា៖ «ខ្ញុំបានសប្បាយចិត្តត្រង់ថា ការឈឺចាប់របស់នាងបានរលត់សាបសូន្យអស់ហើយ។ ប៉ុន្តែ ខ្ញុំបាននឹកនាងខ្លាំងដល់ម្ល៉េះដែលធ្វើឲ្យខ្ញុំបែរជាមានអារម្មណ៍ថាចង់ស្លាប់ទៅតាមនាងដែរ។ ជួនកាលខ្ញុំស្រែកទូលសួរព្រះថា៖ ‹ហេតុអ្វីទ្រង់ឲ្យខ្ញុំរងទុក្ខដូច្នេះ?›
ពេលណាមានរឿងខ្លោចផ្សា ពេលនោះមនុស្សតែងតែឆ្ងល់
មនុស្សរាប់លាននាក់ទូទាំងពិភពលោកក៏ដូចជាលោករីកាដូដែរ ពីព្រោះពួកគេត្រូវប្រឈមមុខការរងទុក្ខវេទនា។ ធម្មតា អ្នកដែលរងទុក្ខវេទនាគឺជាជនស្លូតត្រង់ដែលមិនដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអាក្រក់ណាសោះ។ សូមគិតអំពីការឈឺចាប់ក្នុងចិត្តដែលបណ្ដាលមកពីការធ្វើសឹកសង្គ្រាមមិនចេះចប់នៅកន្លែងផ្សេងៗ។ ឬក៏សូមគិតអំពីការឈឺចាប់របស់ជនរងគ្រោះច្រើនឥតគណនាដែលបានរងទុក្ខដោយការចាប់រំលោភ ការធ្វើបាបកូនក្មេង អំពើហិង្សាក្នុងក្រុមគ្រួសារ និងអំពើអាក្រក់ឯទៀតដែលមនុស្សប្រព្រឹត្ត។ ប្រវត្ដិសាស្ត្របង្ហាញឲ្យឃើញថា មនុស្សសុខចិត្តបណ្ដាលឲ្យអ្នកឯទៀតរងទុក្ខវេទនានិងឈឺចាប់សព្វបែបយ៉ាងដែលសាហាវគ្មានកំរិត។ (សាស្ដា ៤:១-៣) ម្យ៉ាងទៀត ក៏មានជនរងគ្រោះដោយមហន្តរាយធម្មជាតិ ឬក៏មនុស្សឈឺចាប់ដោយមានជម្ងឺខាងផ្លូវចិត្ត សតិ ឬផ្លូវកាយ។ មិនចំឡែកអ្វីឡើយដែលមនុស្សជាច្រើនសួរថា៖«ហេតុអ្វីព្រះឲ្យយើងរងទុក្ខវេទនាដូច្នេះ?»។
សូម្បីតែពួកអ្នកដែលកាន់សាសនាក៏ពិបាកប្រឈមមុខនឹងការរងទុក្ខវេទនាដែរ។ អ្នកក៏ប្រហែលជាឆ្ងល់ពីមូលហេតុដែលព្រះមួយអង្គដែលមានគ្រប់ព្រះចេស្ដាហើយប្រកបទៅដោយសេចក្ដីស្រឡាញ់អាចអនុញ្ញាតឲ្យមនុស្សរងទុក្ខវេទនា។ ការរកឃើញនូវចម្លើយមួយដ៏ពិត និងដែលនាំឲ្យស្កប់ចិត្តនោះ គឺសំខាន់ដើម្បីឲ្យចិត្តយើងស្ងប់ និងមានចំណងមិត្តភាពជាមួយនឹងព្រះ។ ព្រះគម្ពីរផ្ដល់ចម្លើយដ៏ពិតនិងដែលនាំឲ្យស្កប់ចិត្តមែន។ សូមពិចារណាអ្វីដែលព្រះគម្ពីរចែងអំពីសំនួរនេះនៅក្នុងអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
^ វគ្គ 2 មិនមែនឈ្មោះពិតប្រាកដទេ
[រូបភាពនៅទំព័រ៣]
‹គ្រូពេទ្យប្រាប់យើង ម្ដងហើយម្ដងទៀតថា យើងត្រូវពឹងពាក់ទៅលើព្រះ›