លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើជំនឿឆ្វេងកាន់កាប់ទៅលើជីវិតរបស់អ្នកឬទេ?

តើជំនឿឆ្វេងកាន់កាប់ទៅលើជីវិតរបស់អ្នកឬទេ?

តើ​ជំនឿ​ឆ្វេង​កាន់​កាប់​ទៅ​លើ​ជីវិត​របស់​អ្នក​ឬ​ទេ?

ជំនឿ​ឆ្វេង​ផ្សេង​ៗ​មាន​ទូទាំង​ពិភព​លោក។ ជួន​កាល ជំនឿ​ឆ្វេង​ត្រូវ​គេ​គោរព​ជា​កេរ្ដិ៍​ដំណែល​វប្បធម៌​ដ៏​មាន​តម្លៃ ឬ​មួយ​ក៏​ត្រូវ​ចាត់​ទុក​ជា​អ្វី​ធម្មតា​ដែល​គួរ​ឲ្យ​ចង់​ដឹង​ចង់​ឮ និង​ដែល​នាំ​ឲ្យ​ជីវិត​មាន​ភាព​ចំ​ឡែក​គួរ​ឲ្យ​ចាប់​អារម្មណ៍។ នៅ​ប្រទេស​ខាង​លិច​វិញ មនុស្ស​មិន​សូវ​ជឿ​ទៅ​លើ​ជំនឿ​ឆ្វេង​ឡើយ។ នៅ​ប្រទេស​ឯ​ទៀត ជំនឿ​ឆ្វេង​អាច​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ជីវិត​របស់​មនុស្ស ដូច​ជា​នៅ​ទ្វីប​អាព្រិច​ជា​ដើម។

វប្បធម៌​ទ្វីប​អាព្រិច​ភាគ​ច្រើន​មាន​មូលដ្ឋាន​ទៅ​លើ​ជំនឿ​ឆ្វេង។ កុន កម្ម​វិធី​វិទ្យុ និង​អក្សរ​សាស្ត្រ​នៅ​ទ្វីប​អាព្រិច​ច្រើន​តែ​លើក​ឡើង​អំពី​ជំនឿ​ឆ្វេង មន្តអាគម ការ​ថ្វាយ​បង្គំ​ជីដូន​ជីតា និង​ការ​ប្រើ​ប្រាស់​វត្ថុ​ស័ក្ដិ​សិទ្ធិ។ ហេតុ​អ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​ទទួល​ឥទ្ធិពល​ខ្លាំង​ម្ល៉េះ​ពី​ជំនឿ​ឆ្វេង​ដូច្នេះ? តើ​ជំនឿ​ឆ្វេង​មក​ពី​ណា?

តើ​អ្វី​នាំ​ឲ្យ​មាន​ជំនឿ​ឆ្វេង?

ជំនឿ​ឆ្វេង​ភាគ​ច្រើន​ផ្ដើម​ចេញ​ពី​ការ​ខ្លាច​វិញ្ញាណ​មនុស្ស​ស្លាប់​ឬ​ក៏​វិញ្ញាណ​ណា​ផ្សេង​ទៀត។ បើ​កើត​មាន​ហេតុ​ការណ៍​ណា មនុស្ស​ចាត់​ទុក​ថា​ពួក​វិញ្ញាណ​កំពុង​តែ​ប៉ុន​ប៉ង​ទាក់​ទង​នឹង​មនុស្ស​រស់ ដើម្បី​គំរាម​កំហែង ព្រមាន ឬ​ក៏​ប្រទាន​ពរ​ដល់​មនុស្ស។

វិធី​ព្យាបាល​និង​វេជ្ជសាស្ត្រ​ក៏​អាច​ត្របាញ់​បញ្ចូល​ជំនឿ​ឆ្វេង​ដែរ។ សំរាប់​មនុស្ស​ជា​ច្រើន​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ ការ​ព្យាបាល​ទាន់​សម័យ​គឺ​ថ្លៃ​ណាស់ និង​ពួក​គេ​ពិបាក​រក​បាន​ណាស់។ ដូច្នេះ មនុស្ស​ជា​ច្រើន​រក​ការ​ព្យាបាល ឬ​ក៏​ខំ​រក​វិធី​បង្ការ​ជំងឺ​ដោយ​ផ្អែក​លើ​ទំនៀម​ទំលាប់​ជា​កេរ្ដិ៍​ដំណែល​ពី​ដូន​តា ឬ​មួយ​ក៏​ផ្អែក​លើ​មន្តអាគម​និង​ជំនឿ​ឆ្វេង។ អ្នក​ទាំង​នេះ​ក៏​មាន​អារម្មណ៍​ស្រួល​ជាង ពេល​ពួក​គេ​ទៅ​ជួប​គ្រូ​មន្តអាគម ដែល​ស្គាល់​ទំនៀម​ទំលាប់​របស់​ពួក​គេ​និង​ចេះ​ភាសា​របស់​ខ្លួន ជា​ជាង​ពួក​គេ​ទៅ​ជួប​គ្រូ​ពេទ្យ​ដែល​ខ្លួន​ពុំ​ស្គាល់។ ប្រការ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​បន្ត​ជឿ​ទៅ​លើ​ជំនឿ​ឆ្វេង។

តាម​ទំនៀម​ទំលាប់​ជំនឿ​ឆ្វេង មនុស្ស​ជឿ​ថា​ពួក​គេ​កើត​មាន​ជំងឺ​និង​គ្រោះ​ថ្នាក់​ផ្សេង​ៗ មិន​មែន​ដោយ​ចៃដន្យ​ទេ តែ​ដោយ​សារ​អំណាច​ពី​ស្ថាន​វិញ្ញាណ។ គ្រូ​មន្តអាគម​ពោល​អះអាង​ថា វិញ្ញាណ​របស់​ជីដូន​ជីតា​មិន​សប្បាយ​ចិត្ត​ដោយ​សារ​ហេតុ​ណា​មួយ។ ឬ​ក៏​គ្រូ​អន្ទង​ខ្មោច​ប្រហែល​ជា​អះអាង​ថា មនុស្ស​ម្នាក់​បាន​ដាក់​អំពើ​មក​លើ​អ្នក​រង​គ្រោះ​នោះ តាម​រយៈ​គ្រូ​មន្តអាគម​មួយ​ផ្សេង​ទៀត ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​គាត់​មាន​ជំងឺ​ឬ​ក៏​គ្រោះ​ថ្នាក់។

ជំនឿ​ឆ្វេង​មាន​ផ្សេង​ខុស​ៗ​គ្នា​ទាំង​អស់​ទូទាំង​ផែនដី។ ជំនឿ​ឆ្វេង​បាន​រីក​សុស​សាយ​ដូច្នេះ អាស្រ័យ​ទៅ​លើ​រឿង​ប្រពៃណី ទំនៀម​ទំលាប់ និង​កាលៈទេសៈ​តាម​តំបន់។ ប៉ុន្តែ ជំនឿ​ទាំង​អស់​នោះ​សុទ្ធ​តែ​មាន​ដំណូច​មួយ គឺ​ថា មនុស្ស​ត្រូវ​តែ​ធ្វើ​ឲ្យ​បុគ្គល​ណា​មួយ​ឬ​ក៏​អ្វី​ណា​មួយ​នៅ​ស្ថាន​វិញ្ញាណ​រំងាប់​កំហឹង។

តើ​ជំនឿ​ឆ្វេង​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ឬ​ក៏​អត់?

ចំពោះ​ក្រុម​គ្រួសារ​ជា​ច្រើន កំណើត​នៃ​កូន​ភ្លោះ​ជា​រឿង​គួរ​ឲ្យ​រីក​រាយ​ត្រេក​អរ​ណាស់។ ប៉ុន្តែ ចំពោះ​បុគ្គល​ដែល​ជឿ​លើ​ជំនឿ​ឆ្វេង ជឿ​ថា​កំណើត​កូន​ភ្លោះ​ជា​ប្រផ្នូល​មួយ។ នៅ​តំបន់​ខ្លះ​នៅ​ទ្វីប​អាព្រិច​ប៉ែក​ខាង​លិច មនុស្ស​ជា​ច្រើន​ចាត់​ទុក​កំណើត​កូន​ភ្លោះ​ជា​កំណើត​នៃ​ព្រះ​ពីរ​អង្គ ហើយ​ពួក​គេ​ថ្វាយ​បង្គំ​កូន​ភ្លោះ​ទាំង​នេះ។ បើ​កូន​មួយ​ឬ​ក៏​កូន​ទាំង​ពីរ​ស្លាប់​ទៅ​នោះ ក្រុម​គ្រួសារ​សូន​រូប​សំណាក​មួយ​តំណាង​កូន​ភ្លោះ​ពីរ​នាក់​នេះ ហើយ​ក្រុម​គ្រួសារ​ទាំង​មូល​ត្រូវ​សែន​ព្រេន​ម្ហូប​ចំណី​ថ្វាយ​រូប​សំណាកនេះ។ នៅ​កន្លែង​ផ្សេង​ទៀត មនុស្ស​ខ្លះ​ពេល​កើត​កូន​ភ្លោះ​ពួក​គេ​ចាត់​ទុក​នោះ​ជា​ការ​ត្រូវ​បណ្ដា​សា ហើយ​ពួក​គេ​ជឿ​ដល់​ម្ល៉េះ ដែល​អ្នក​ជា​មាតា​បិតា​ហ៊ាន​រហូត​ដល់​សម្លាប់​កូន​មួយ​ចោល។ ហេតុ​អ្វី? ដោយ​សារ​អ្នក​ទាំង​នោះ​ជឿ​ថា នៅ​ថ្ងៃ​ណា​មួយ​កូន​ភ្លោះ​នោះ​នឹង​សម្លាប់​មាតា​បិតា​ខ្លួន បើ​ពួក​គាត់​ឲ្យ​កូន​ទាំង​ពីរ​បន្ត​រស់​នៅ។

ឧទាហរណ៍​ទាំង​នេះ​បង្ហាញ​ថា ទោះ​ជា​ជំនឿ​ឆ្វេង​ខ្លះ​មើល​ទៅ​ដូច​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​គ្មាន​គ្រោះ​ថ្នាក់​ក៏​ដោយ តែ​មាន​ជំនឿ​ឯ​ទៀត​ដែល​ពិត​ជា​ប្រកប​ទៅ​ដោយ​គ្រោះ​ថ្នាក់​មែន ហើយ​ក៏​អាច​បណ្ដាល​ឲ្យ​ស្លាប់​ទៀត​ផង។ កាល​បើ​មាន​អ្នក​ណា​ម្នាក់​បក​ស្រាយ​ថា ហេតុ​ការណ៍​ណា​មួយ​ជា​ប្រផ្នូល​អាក្រក់​នោះ ហេតុ​ការណ៍​នេះ ទោះ​ជា​សាមញ្ញ​ធម្មតា​ក៏​ដោយ អាច​ប្រែ​ជា​រឿង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​បាន។

ការ​ពិត ជំនឿ​ឆ្វេង​គឺ​ជា​សាសនា​មួយ​ដែរ។ ដោយ​ឃើញ​ថា​ជំនឿ​ឆ្វេង​អាច​ប្រកប​ទៅ​ដោយ​គ្រោះ​ថ្នាក់​ដល់​ម្ល៉េះ យក​ល្អ​យើង​គួរ​ពិចារណា​នូវ​សំនួរ​ថា​៖ តើ​ជំនឿ​ឆ្វេង​និង​ទំនៀម​ទំលាប់​នៃ​ជំនឿ​ឆ្វេង​ផ្ដល់​ផល​ប្រយោជន៍​ដល់​អ្នក​ណា?

ប្រភព​ដើម​នៃ​ជំនឿ​ឆ្វេង

មនុស្ស​ខ្លះ​សព្វ​ថ្ងៃ​នេះ​បដិសេធ​ថា គ្មាន​អារក្ស​សាតាំង​ឬ​មួយ​ក៏​វិញ្ញាណ​អាក្រក់​ឡើយ ទោះ​ជា​មាន​ភស្តុ​តាង​ដែល​បញ្ជាក់​ថា ពួក​វា​ពិត​ជា​មាន​មែន​ក៏​ដោយ។ ប៉ុន្តែ ឧបមា​ថា​មនុស្ស​បដិសេធ​ថា គ្មាន​សត្រូវ​ក្នុង​ពេល​ដែល​មាន​សង្គ្រាម​នោះ គំនិត​បែប​នេះ​អាច​នាំ​ទៅ​ដល់​គ្រោះ​ថ្នាក់​តែ​ប៉ុណ្ណោះ។ ការ​ត​យុទ្ធ​នឹង​បុគ្គល​វិញ្ញាណ​ដែល​ខ្លាំង​ក្លា​ជាង​មនុស្សជាតិ គឺ​ដូច្នោះ​ដែរ ពីព្រោះ​សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ ‹យើង​រាល់​គ្នា​ត​យុទ្ធ​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ›។—អេភេសូរ ៦:១២

ទោះ​បី​ជា​យើង​មើល​វិញ្ញាណ​អាក្រក់​ពុំ​ឃើញ​ក៏​ដោយ តែ​ពួក​វា​ពិត​ជា​មាន​មែន។ ព្រះ​គម្ពីរ​បញ្ជាក់​ថា បុគ្គល​វិញ្ញាណ​មួយ​ដែល​យើង​មើល​មិន​ឃើញ បាន​ប្រើ​សត្វ​ពស់​ដូច​ជា​មនុស្ស​ប្រើ​រូប​អាយ៉ង ដើម្បី​និយាយ​ទៅ​កាន់​អេវ៉ា ជា​ស្ត្រី​ដែល​ព្រះ​បង្កើត​មុន​គេ និង​នាំ​ឲ្យ​នាង​បះ​បោរ​ប្រឆាំង​នឹង​ព្រះ។ (​លោកុប្បត្តិ ៣:១​-​៥​) ព្រះ​គម្ពីរ​បញ្ជាក់​អត្តសញ្ញាណ​នៃ​បុគ្គល​វិញ្ញាណ​នោះ​ដោយ​ហៅ​វា​«​ពស់​ពី​បុរាណ ដែល​ឈ្មោះ​ហៅ​ថា អារក្ស ហើយ​សាតាំង​ផង ដែល​បាន​នាំ​លោកីយ​ទាំង​មូល​ឲ្យ​វង្វេង​ចេញ​»។ (​វិវរណៈ ១២:៩​) សាតាំង បុគ្គល​វិញ្ញាណ​នោះ​បាន​នាំ​ឲ្យ​ទេវតា​ផ្សេង​ទៀត​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​ផង​ដែរ។ (​យូដាស ៦​) ទេវតា​អាក្រក់​ទាំង​នេះ​បាន​ក្លាយ​ជា​បិសាច​ឬ​សត្រូវ​របស់​ព្រះ។

ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់​ធ្លាប់​បណ្ដេញ​បិសាច​ចេញ​ពី​រូប​កាយ​មនុស្ស។ (​ម៉ាកុស ១:៣៤; កិច្ច​ការ ១៦:១៨​) វិញ្ញាណ​ទាំង​នេះ​មិន​មែន​ជា​ជីដូន​ជីតា​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​ទេ ដ្បិត​មនុស្ស​ស្លាប់​«​ឥត​ដឹង​អ្វី​ឡើយ​»។ (​សាស្ដា ៩:៥​) ផ្ទុយ​ទៅ​វិញ វិញ្ញាណ​ទាំង​នេះ​ជា​ពួក​ទេវតា​នោះ​ឯង​ដែល​សាតាំង​បាន​បំបះ​បំបោរ​ពួក​វា​ឲ្យ​វង្វេង​ចេញ​នោះ។ ការ​ទាក់​ទង​ឬ​ការ​ចុះ​ចូល​នឹង​ពួក​វិញ្ញាណ​អាក្រក់​មិនមែន​ជា​រឿង​លេង​សើច​ទេ ពីព្រោះ​អារក្ស​សាតាំង​ដែល​ជា​មេ​ដឹក​នាំ​របស់​ពួក​វា​ចង់​លេប​ត្របាក់​យើង ហើយ ពួក​វា​គឺ​ដូច​សាតាំង​ដែរ។ (​ពេត្រុស​ទី​១ ៥:៨​) បំណង​របស់​ពួក​វា​គឺ​ដើម្បី​នាំ​ឲ្យ​យើង​វង្វេង​ចេញ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ដែល​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​សំរាប់​មនុស្សជាតិ។

ព្រះ​គម្ពីរ​លាត​ត្រដាង​នូវ​វិធី​មួយ​ដែល​សាតាំង និង​ពួក​បិសាច​របស់​វា​នាំ​ឲ្យ​មនុស្ស​វង្វេង​នោះ គឺ ​«​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​»។ (​កូរិនថូស​ទី​២ ១១:១៤​) សាតាំង​ចង់​លួង​លោម​បញ្ឆោត​យើង​ឲ្យ​ជឿ​ថា វា​អាច​ជួយ​យើង​ឲ្យ​បាន​ជីវិត​ដ៏​ប្រសើរ​ជាង។ ដូច្នេះ​តាម​មើល​ទៅ ហាក់​បី​ដូច​ជា​មាន​ផល​ប្រយោជន៍​បណ្ដោះ​អាសន្ន​ពី​ជំនួយ​របស់​វិញ្ញាណ​អាក្រក់។ ប៉ុន្តែ ពួក​វា​មិន​អាច​ផ្ដល់​នូវ​សេចក្ដី​សុខ​ដ៏​ឋិតឋេរ​បាន​ឡើយ។ (​ពេត្រុស​ទី​២ ២:៤​) ពួក​វា​ក៏​មិន​អាច​ផ្ដល់​នូវ​ជីវិត​ជា​រៀង​រហូត​បាន​ដែរ ដ្បិត​បន្ដិច​ទៀត​ពួក​វា​នឹង​ត្រូវ​បំផ្លាញ​ចោល។ (​រ៉ូម ១៦:២០​) អ្នក​បង្កើត​របស់​យើង​គឺ​ជា​ប្រភព​តែ​មួយ​គត់​នៃ​ជីវិត​ជា​រៀង​រហូត​និង​សុភមង្គល ហើយ​ទ្រង់​អាច​ការ​ពារ​យើង​បាន​ល្អ​បំផុត​ពី​ពួក​វិញ្ញាណ​អាក្រក់។—យ៉ាកុប ៤:៧

ព្រះ​មាន​បន្ទូល​ថា​ការ​ស្វែង​រក​ជំនួយ​តាម​រយៈ​មន្តអាគម​គឺ​ជា​អំពើ​អាក្រក់។ (​ចោទិយកថា ១៨:១០​-​១២; ពង្សាវតារ​ក្សត្រ​ទី​២ ២១:៦​) ការ​ស្វែង​រក​ជំនួយ​បែប​នោះ​ជា​ការ​សេព​គប់​នឹង​ពួក​សត្រូវ​របស់​យើង និង​ជា​ការ​ចង​មេត្រី​ភាព​ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ក្បត់​ព្រះ! ការ​មើល​ក្បួន​ហោរា​សាស្ត្រ ការ​សុំ​ជំនួយ​ពី​គ្រូ​មន្តអាគម ឬ​ក៏​ការ​សាក​ធ្វើ​តាម​ទំនៀម​ទំលាប់​ជំនឿ​ឆ្វេង​បាន​ន័យ​ថា ពួក​វិញ្ញាណ​អាក្រក់​កាន់​កាប់​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ក្នុង​ជីវិត។ នេះ​គឺ​ដូច​គ្នា​នឹង​ការ​ចូល​រួម​ជា​មួយ​នឹង​ពួក​វា​ក្នុង​ការ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​ដែរ។

តើ​យើង​អាច​ត្រូវ​ការ​ពារ​ពី​ពួក​វិញ្ញាណ​អាក្រក់​បាន​ឬ​ទេ?

អាឌេ a ជា​បុរស​ម្នាក់​ដែល​រស់​នៅ​ប្រទេស​នីគើរ បាន​រៀន​ព្រះ​គម្ពីរ​ពី​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ដែល​ផ្សព្វ​ផ្សាយ​ពេញ​ពេល។ អាឌេ​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​គាត់​មាន​វត្ថុ​ស័ក្ដិ​សិទ្ធិ​ក្នុង​ហាង​របស់​គាត់ ដោយ​ពោល​ថា​៖ ​«​មាន​សត្រូវ​ជា​ច្រើន​»។ អ្នក​បង្រៀន​ព្រះ​គម្ពីរ​របស់​អាឌេ​បាន​បង្ហាញ​គាត់​ថា មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​ផ្ដល់​នូវ​ការ​ការ​ពារ​ដ៏​ពិត។ គ្រូ​បង្រៀន​នោះ​បាន​អាន​ឲ្យ​អាឌេ​ស្ដាប់​នូវ​ទំនុក​ដំកើង ៣៤:៧ ដែល​ចែង​ថា​៖ ​«​ទេវតា​នៃ​ព្រះ​យេហូវ៉ា​ចោម​រោម​នៅ​ជុំ​វិញ​នៃ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ហើយ​ក៏​ជួយ​គេ​ឲ្យ​រួច​»។ អាឌេ​បាន​សន្និដ្ឋាន​ថា​៖ ​«​បើ​ព្រះ​យេហូវ៉ា​ពិត​ជា​អាច​ការ​ពារ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ចោល​វត្ថុ​ស័ក្ដិ​សិទ្ធិ​នេះ​»។ ច្រើន​ឆ្នាំ​បាន​កន្លង​ទៅ​ហើយ ឥឡូវ​នេះ​អាឌេ​ជា​អ្នក​ចាស់​ទុំ​ម្នាក់ និង​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល។ គ្មាន​សត្រូវ​ណា​ម្នាក់​របស់​អាឌេ​បាន​ធ្វើ​ទុក្ខ​ទោស​ដល់​រូប​គាត់​ឡើយ។

ព្រះ​គម្ពីរ​បង្ហាញ​ថា យើង​ជួប​ប្រទះ​នឹង​ហេតុ​និង​ព្រឹត្ដិការណ៍​ដោយ​មិន​ដឹង​ទុក​ជា​មុន​ឡើយ។ (​សាស្ដា ៩:១១​) ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​ដែល​ល្បង​ល​យើង​ដោយ​យក​អ្វី​អាក្រក់​មក​ធ្វើ​ទុក្ខ​ដល់​យើង​ទេ។ (​យ៉ាកុប ១:១៣​) សេចក្ដី​ស្លាប់​និង​ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​យើង​កើត​មក​ពី​បាប ដែល​ឆ្លង​មក​ពី​អ័ដាម។ (​រ៉ូម ៥:១២​) ហេតុ​នេះ​ហើយ មនុស្ស​ទាំង​អស់​គ្នា​ឈឺ​យូរ​ៗ​ម្ដង​និង​ធ្វើ​កំហុស​ដែល​អាច​នាំ​ឲ្យ​មាន​ផល​វិបាក។ ដូច្នេះ ការ​និយាយ​ថា​ជំងឺ​ទាំង​អស់​និង​ឧបសគ្គ​ទាំង​អស់​ជា​អ្វី​ដែល​មក​ពី​វិញ្ញាណ​អាក្រក់ គឺ​ខុស​ទាំង​ស្រុង។ ជំនឿ​បែប​នេះ​គ្រាន់​តែ​នឹង​ជំរុញ​យើង​ឲ្យ​ខំ​ធ្វើ​អ្វី​ដើម្បី​រំងាប់​ចិត្ត​ពួក​វា​ប៉ុណ្ណោះ។ b ពេល​យើង​ឈឺ យើង​គួរ​រក​ការ​ព្យាបាល​ត្រឹម​ត្រូវ​វិញ មិន​មែន​រក​យោបល់​របស់​អារក្ស​សាតាំង​ដែល​ជា​«​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្ដី​នោះ​»​ទេ។ (​យ៉ូហាន ៨:៤៤​) ស្ថិតិ​លេខ​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​នៅ​ប្រទេស​ដែល​ច្រើន​តែ​គោរព​តាម​ជំនឿ​ឆ្វេង ដែល​ជា​កេរ្ដិ៍​តំណែល​មក​ពី​ជីដូន​ជីតា​នោះ មិន​មាន​អាយុ​វែង​ជាង​ឬ​ក៏​ជីវិត​ល្អ​ជាង​មនុស្ស​ដែល​រស់​នៅ​ប្រទេស​ឯ​ទៀត​ទេ។ ដូច្នេះ គឺ​ច្បាស់​ហើយ​ដែល​ថា ជំនឿ​ឆ្វេង​មិន​ផ្ដល់​នូវ​ផល​ប្រយោជន៍​ខាង​សុខភាព​ទេ។

ព្រះ​គឺ​ខ្លាំង​ជាង​បុគ្គល​វិញ្ញាណ​អាក្រក់ ហើយ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​សុខុមាលភាព​របស់​យើង។ ​«​ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់ តែង​ទត​មក​លើ​មនុស្ស​សុចរិត ឯ​ព្រះ​កាណ៌​ទ្រង់​ក៏​ផ្ទៀង​ស្ដាប់​ពាក្យ​ទូល​អង្វរ​របស់​គេ​»។ (​ពេត្រុស​ទី​១ ៣:១២​) ចូរ​អធិស្ឋាន​ឲ្យ​ទ្រង់​ការ​ពារ​អ្នក​និង​ផ្ដល់​ប្រាជ្ញា។ (​សុភាសិត ១៥:២៩; ១៨:១០​) ចូរ​ព្យាយាម​សិក្សា​ស្វែង​យល់​ព្រះ​គម្ពីរ ដែល​ជា​ព្រះ​បន្ទូល​ដ៏​បរិសុទ្ធ​របស់​ទ្រង់។ ចំណេះ​ពិត​ពី​ព្រះ​គម្ពីរ​គឺ​ជា​ការ​ការ​ពារ​ដ៏​ល្អ​បំផុត។ ចំណេះ​នោះ​អាច​ជួយ​យើង​ទទួល​ស្គាល់​នូវ​មូលហេតុ​ដែល​អ្វី​ដ៏​អាក្រក់​កើត​ឡើង និង​ជួយ​យើង​ទទួល​ព្រះ​គុណ​ពី​ព្រះ​ដែល​មាន​គ្រប់​ព្រះ​ចេស្ដា។

ផល​ប្រយោជន៍​ដែល​មក​ពី​ចំណេះ​អំពី​ព្រះ

ចំណេះ​ពិត​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​ទ្រង់​គឺ​ជា​គន្លឹះ​នៃ​ការ​ទទួល​ការ​ការ​ពារ​ដ៏​ពិត ហើយ​គឺ​ផ្ទុយ​ពី​ភាព​ល្ងង់​ខ្លៅ​និង​ជំនឿ​ឆ្វេង។ នេះ​គឺ​ឃើញ​ជាក់​ស្តែង​ក្នុង​ករណី​របស់​លោក​ហ្សន បុរស​ម្នាក់​នៅ​ប្រទេស​បេណាំង។ ក្រុម​គ្រួសារ​របស់​ហ្សន​ជឿ​យ៉ាង​ខ្លាំង​ទៅ​លើ​ជំនឿ​ឆ្វេង។ យោង​ទៅ​តាម​ទំនៀម​ទំលាប់​កុលសម្ព័ន្ធ ស្ត្រី​ម្នាក់​ដែល​ទើប​តែ​បាន​សម្រាល​កូន​ប្រុស​មួយ ត្រូវ​នៅ​ក្នុង​ផ្ទះ​ខ្ទម​ពិសេស​មួយ​អស់​រយៈ​ពេល​ប្រាំ​បួន​ថ្ងៃ។ បើ​ស្ត្រី​នោះ​សម្រាល​បាន​កូន​ស្រី នោះ​គាត់​ត្រូវ​នៅ​ក្នុង​ផ្ទះ​ខ្ទម​នោះ​ប្រាំ​ពីរ​ថ្ងៃ។

នៅ​ឆ្នាំ​១៩៧៥ ប្រពន្ធ​របស់​លោក​ហ្សន​សម្រាល​បាន​កូន​ប្រុស​ដ៏​ស្អាត​មួយ ហើយ​ដាក់​ឈ្មោះ​ថា​ម៉ាក។ ដោយ​ផ្អែក​លើ​ចំណេះ​របស់​ពួក​គាត់​អំពី​ព្រះ​គម្ពីរ ហ្សន​និង​ប្រពន្ធ​របស់​គាត់ មិន​ចង់​មាន​ទំនាក់​ទំនង​ទាល់​តែ​សោះ​ជា​មួយ​នឹង​ពួក​វិញ្ញាណ​អាក្រក់។ ប៉ុន្តែ តើ​ពួក​គាត់​នឹង​ខ្លាច​ចិត្ត​អ្នក​ដទៃ​និង​ចុះ​ចាញ់​បណ្ដោយ​តាម​ការ​បង្ខិត​បង្ខំ ហើយ​ចូល​នៅ​ក្នុង​ផ្ទះ​ខ្ទម​នោះ​ឬ​ទេ? អត់​ទេ!។ ពួក​គាត់​បាន​បដិសេធ​ជំនឿ​ឆ្វេង​នេះ។—រ៉ូម ៦:១៦; កូរិនថូស​ទី​២ ៦:១៤, ១៥

តើ​ក្រុម​គ្រួសារ​របស់​ហ្សន​បាន​មាន​គ្រោះ​ថ្នាក់​ទេ? ជា​ច្រើន​ឆ្នាំ​បាន​កន្លង​បាត់​ទៅ​ហើយ មក​ទល់​ឥឡូវ​នេះ​ម៉ាក​គឺ​ជា​អ្នក​ងារ​ជំនួយ​ក្នុង​ក្រុម​ជំនុំ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា។ ក្រុម​គ្រួសារ​ទាំង​មូល​នោះ គឺ​មាន​ភាព​សប្បាយ​រីក​រាយ​ណាស់ ដែល​ពួក​គាត់​មិន​បាន​អនុញ្ញាត​ឲ្យ​ជំនឿ​ឆ្វេង​មាន​ឥទ្ធិពល​ទៅ​លើ​ជីវិត​របស់​ពួក​គាត់ និង​បំផ្លាញ​នូវ​ភាព​ខាង​វិញ្ញាណ​របស់​ពួក​គាត់​ឡើយ។—កូរិនថូស​ទី​១ ១០:២១, ២២

ពួក​គ្រីស្ទាន​ពិត​ត្រូវ​ជៀស​វាង​ពី​ទំនៀម​ទំលាប់​អាក្រក់​នៃ​ជំនឿ​ឆ្វេង និង​ទទួល​ពន្លឺ​ខាង​វិញ្ញាណ​ដែល​ត្រូវ​ផ្ដល់​ដោយ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត ហើយ​ដោយ​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​រាជបុត្រា​របស់​ទ្រង់។ យ៉ាង​នេះ ពួក​គ្រីស្ទាន​អាច​មាន​សេចក្ដី​សុខ​ដ៏​ពិត ដែល​មក​ពី​ការ​យល់​ដឹង​ថា ពួក​គេ​កំពុង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​នៅ​ចំពោះ​ព្រះ។—យ៉ូហាន ៨:៣២

[​កំណត់​សម្គាល់​]

a ឈ្មោះ​បាន​ត្រូវ​ប្ដូរ

b សូម​មើល​អត្ថបទ​ជា​ភាសា​អង់គ្លេស​ចំណង​ជើង​ថា​«​តើ​អារក្ស​ធ្វើ​ឲ្យ​យើង​ឈឺ​ឬ​ទេ?​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​១៩៩៩

[​ប្រអប់/រូប​ភាព​នៅ​ទំព័រ​៥​]

ជំនឿ​ឆ្វេង​ខ្លះ​ៗ​ពី​ប្រទេស​ផ្សេង​ៗ​

• ពេល​ចង្កឹះ​ឈរ​ត្រង់​នៅ​ក្នុង​ចាន​បាយ នេះ​ជា​ប្រផ្នូល​បញ្ជាក់​ពី​សេចក្ដី​ស្លាប់

• អ្នក​ដែល​ឃើញ​សត្វ​ទីទុយ​នៅ​ក្រោម​ពន្លឺ​ថ្ងៃ នឹង​ត្រូវ​រាសី​ដាក់

• ពេល​រលត់​ទៀន​ក្នុង​កំឡុង​ពិធី​ណា​មួយ បាន​សេចក្ដី​ថា វិញ្ញាណ​អាក្រក់​នៅ​ក្បែរ​ៗ​នោះ

• បើ​ឆ័ត្រ​ធ្លាក់​លើ​កម្រាល​ឥដ្ឋ នេះ​បាន​ន័យ​ថា ផ្ទះ​នោះ​នឹង​មាន​ឃាតកម្ម​កើត​ឡើង

• ការ​ដាក់​មួក​លើ​គ្រែ​បណ្ដាល​ឲ្យ​ស៊យ

• សូរ​កណ្ដឹង​អាច​បណ្ដេញ​ព្រាយ​បិសាច

• ពេល​ទៀន​ទាំង​អស់​លើ​នំ​ខួប​កំណើត​រលត់​តែ​ម្ដង​ពេល​គេ​ផ្លុំ​ជា​លើក​ទី​មួយ នេះ​ធ្វើ​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​អ្នក​ផ្លុំ​ក្លាយ​ជា​ការ​ពិត

• បើ​អំបោស​ផ្អែក​លើ​គ្រែ នេះ​អនុញ្ញាត​ឲ្យ​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​អំបោស​នោះ​ដាក់​បណ្ដា​សា​លើ​គ្រែ

• បើ​ឆ្មា​ខ្មៅ​ដើរ​កាត់​មុខ នោះ​នឹង​ធ្វើ​ឲ្យ​ស៊យ

• បើ​ធ្លាក់​សម​មួយ នេះ​បាន​ន័យ​ថា​បុរស​ម្នាក់​នឹង​មក​លេង

• បើ​ដាក់​រូប​ដំរី​ឲ្យ​មុខ​បែរ​ទៅ​រក​ទ្វារ នេះ​ធ្វើ​ឲ្យ​មាន​លាប

• បើ​ដាក់​ដែក​ក្រចក​ជើង​សេះ​លើ​ខ្លោង​ទ្វារ នោះ​បង្កើត​ឲ្យ​មាន​លាភ

• បើ​វល្លិ​ម្យ៉ាង​ឈ្មោះ​អៃ​វី​ដុះ​វារ​តាម​ផ្ទះ នេះ​ការ​ពារ​ពី​គ្រោះ​កាច

• អ្នក​ដែល​ដើរ​ក្រោម​កាំ​ជណ្ដើរ​នឹង​ត្រូវ​អស់​លាភ

• អ្នក​ដែល​ធ្វើ​ឲ្យ​កញ្ចក់​ឆ្លុះ​រូប​បែក ត្រូវ​ស៊យ​អស់​ប្រាំ​ពីរ​ឆ្នាំ

• អ្នក​ដែល​កំពប់​ម្រេច នឹង​ឈ្លោះ​ជា​មួយ​មិត្ត​សំឡាញ់​ជិត​ស្និទ្ធ​បំផុត

• បើ​កំពប់​អំបិល ត្រូវ​ស៊យ​ទាល់​តែ​យក​អំបិល​មួយ​ចិ​ប​បោះ​ទៅ​ក្រោយ​ពី​លើ​ស្មា​ឆ្វេង

• បើ​ទុក​ឲ្យ​កៅអី​យោល​ទៅ​យោល​មក នេះ​ទាក់​ទាញ​ឲ្យ​បិសាច​មក​អង្គុយ

• បើ​ផ្កាប់​ស្បែក​ជើង នឹង​ត្រូវ​ស៊យ

• បើ​មនុស្ស​ម្នាក់​ស្លាប់ ត្រូវ​បើក​បង្អួច​ដើម្បី​ឲ្យ​ព្រលឹង​អាច​ចេញ

[​ប្រអប់​នៅ​ទំព័រ​៦​]

ត្រូវ​រំដោះ​ពី​ក្រោម​ការ​កាន់​កាប់​ដោយ​ជំនឿ​ឆ្វេង

ពេល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ពីរ​នាក់​កំពុង​តែ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​មួយ នៅ​ប្រទេស​អាព្រិច​ខាង​ត្បូង​នោះ ពួក​គាត់​គោះ​ទ្វារ រួច​ស្ត្រី​ម្នាក់​ដែល​ជា​សាង៉ូម៉ា(​គ្រូ​មន្តអាគម​)បើក​ទ្វារ​ទាំង​ស្លៀក​ពាក់​សំលៀក​បំពាក់​ផ្លូវ​ការ​របស់​គ្រូ​សាង៉ូម៉ា។ ស្មរ​បន្ទាល់​នោះ​ចង់​ចេញ​ទៅ​វិញ ប៉ុន្តែ ស្ត្រី​នោះ​បាន​ទាម​ទារ​ឲ្យ​ស្មរ​បន្ទាល់​នោះ​ផ្សព្វ​ផ្សាយ​ឲ្យ​គាត់​ស្ដាប់។ ស្មរ​បន្ទាល់​ម្នាក់​បាន​អាន​ចោទិយកថា ១៨:១០​-​១២ ដែល​បង្ហាញ​នូវ​ទស្សនៈ​របស់​ព្រះ​អំពី​ការ​ធ្វើ​មន្តអាគម។ គ្រូ​មន្តអាគម​នោះ​បាន​យល់​ព្រម​សិក្សា​ព្រះ​គម្ពីរ។ គ្រូ​នេះ​ក៏​បាន​ប្រាប់​ថា ប្រសិន​បើ​ការ​សិក្សា​ព្រះ​គម្ពីរ​នាំ​ឲ្យ​គាត់​ជឿ​ជាក់​ថា ការ​ធ្វើ​ជា​សាង៉ូម៉ា​ម្នាក់​គឺ​ខុស​នឹង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា នោះ​គាត់​នឹង​ឈប់។

ក្រោយ​គ្រូ​មន្តអាគម​នេះ​សិក្សា​ជំពូក​ទី​១០​ក្នុង​សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី​ជា​មួយ​ព្រះ​គម្ពីរ គាត់​ក៏​ដុត​ចោល​អស់​ទាំង​គ្រឿង​ប្រដាប់​ប្រដា​ដែល​ទាក់​ទង​នឹង​មន្តអាគម និង​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​នៅ​សាល​ព្រះ​រាជាណាចក្រ។ ម្យ៉ាង​ទៀត គាត់​បាន​រៀប​ការ​សម​ស្រប​តាម​ច្បាប់ ទោះ​ជា​គាត់​បាន​រស់​នៅ​ដោយ​ឡែក​ពី​ប្ដី​របស់​គាត់​អស់​រយៈ​ពេល​១៧​ឆ្នាំ​មក​ហើយ​ក៏​ដោយ។ ឥឡូវ ពួក​គេ​ទាំង​ពីរ​នាក់​បាន​ថ្វាយ​ខ្លួន​និង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា។

[​រូប​ភាព​នៅ​ទំព័រ​៦​]

​«​សាង៉ូម៉ា​»​ម្នាក់ បោះ​ឆ្អឹង​ដើម្បី ទាយ​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ឈឺ​អ្វី

[​រូប​ភាព​នៅ​ទំព័រ​៧​]

ចំណេះ​ពិត អំពី​ព្រះ​នាំ​មក នូវ​ការ​ការ​ពារ​ដ៏​ពិត និង​សុភមង្គល