លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«សូមទ្រាំបន្ដិចនេះនឹងឈឺ!»

«សូមទ្រាំបន្ដិចនេះនឹងឈឺ!»

«​សូម​ទ្រាំ​បន្ដិច​នេះ​នឹង​ឈឺ!​»​

តើ​អ្នក​ធ្លាប់​ឮ​អ្នក​ណា​ម្នាក់​និយាយ​ដូច្នេះ​ទេ? ប្រហែល​ជា​គ្រូ​ពេទ្យ​ឬ​ក៏​គិលានុបដ្ឋាយិកា​ធ្លាប់​និយាយ​ដូច្នេះ​មុន​គាត់​ព្យាបាល​អ្នក។

អ្នក​ទំនង​ជា​មិន​បាន​បដិសេធ​ការ​ព្យាបាល​នោះ​ដោយ​សារ​អ្នក​មិន​ចង់​ឈឺ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​បាន​ទ្រាំ​ឈឺ​ដើម្បី​ទទួល​ប្រយោជន៍​ខាង​សុខភាព។ បើ​ទាក់​ទង​នឹង​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​នោះ ការ​បដិសេធ​ការ​ព្យាបាល​ដោយ​ព្រោះ​ការ​ឈឺ​ចាប់​បន្ដិច​បន្តួច​នោះ អាច​ជា​រឿង​ស្លាប់​រស់។

ទោះ​ជា​យើង​ប្រហែល​ជា​មិន​តែង​តែ​ត្រូវ​ការ​ជំនួយ​ពី​វេជ្ជបណ្ឌិត​រាល់​តែ​ដង​ក៏​ដោយ យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ដែល​តែង​តែ​ត្រូវ​ការ​នូវ​ការ​ប្រដែ​ប្រដៅ ឬ​ការ​កែ​តម្រង់​ដែល​ជួន​កាល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​បន្ដិច​បន្តួច​ដែរ។ (​យេរេមា ១០:២៣​) ព្រះ​គម្ពីរ​បាន​បញ្ជាក់​អំពី​សេចក្ដី​ត្រូវ​ការ​របស់​កូន​ចៅ​ស្តី​ពី​រឿង​នេះ ដោយ​ចែង​ថា​៖ ​«​សេចក្ដី​ចំ​កួត រមែង​នៅ​ជាប់​ក្នុង​ចិត្ត​របស់​កូន​ក្មេង ប៉ុន្តែ​រំពាត់​វាយ​ផ្ចាល នឹង​បណ្ដេញ​សេចក្ដី​នោះ ឲ្យ​បាត់​ចេញ​បាន​»។—សុភាសិត ២២:១៥

ក្នុង​ខ​នេះ រំពាត់​តំណាង​អំណាច​របស់​មាតា​បិតា។ យើង​ដឹង​ស្រាប់​ហើយ​ថា កូន​ចៅ​កម្រ​នឹង​ចូល​ចិត្ត​ការ​ប្រដែ​ប្រដៅ​ណាស់។ បើ​សិន​ជា​ការ​ប្រដៅ​នោះ​មាន​ទាំង​ការ​ដាក់​ទោស​ទៀត ប្រហែល​ជា​គេ​នឹង​តូច​ចិត្ត​ផង​ដែរ។ ក៏​ប៉ុន្តែ មាតា​បិតា​ដែល​មាន​ប្រាជ្ញា​និង​សេចក្ដី​ស្រឡាញ់ មិន​គិត​តែ​រក​វិធី​កុំ​ឲ្យ​កូន​គាត់​ឈឺ​ចិត្ត​នោះ​ទេ តែ​ពួក​គាត់​គិត​អំពី​ប្រយោជន៍​ដែល​កូន​នឹង​ទទួល​ជា​លទ្ធផល​វិញ។ មាតា​បិតា​គ្រីស្ទាន​ដឹង​ថា​ព្រះ​បន្ទូល​របស់​ព្រះ​គឺ​ពិត ដោយ​ចែង​ថា​៖ ​«​កាល​ណា​យើង​ត្រូវ​សេចក្ដី​ផ្ចាញ់​ផ្ចាល នោះ​មើល​ទៅ​ដូច​ជា​ព្រួយ​ណាស់ មិន​មែន​សប្បាយ​ទេ តែ​ក្រោយ​មក នោះ​ទើប​បង្កើត​ផល​ដ៏​សុខ​សាន្ត នៃ​សេចក្ដី​សុចរិត ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​រង​ទ្រាំ​នោះ​វិញ​»។—ហេព្រើរ ១២:១១; សុភាសិត ១៣:២៤

ប៉ុន្តែ​ការ​ពិត មិន​មែន​កូន​ចៅ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ​នូវ​ការ​ប្រដៅ​ទេ។ មនុស្ស​ពេញ​វ័យ​ក៏​ត្រូវ​ការ​ការ​ប្រដៅ​ដែរ។ ព្រះ​គម្ពីរ​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​ពេញ​វ័យ​ថា​៖ ​«​ចូរ​តោង​ជាប់​តាម​សេចក្ដី​ដំបូន្មាន​កុំ​លែង​ឲ្យ​សោះ ត្រូវ​ឲ្យ​រក្សា​ទុក ដ្បិត​សេចក្ដី​នោះ​ជា​ជីវិត​របស់​ឯង​»។ (​សុភាសិត ៤:១៣​) ពិត​មែន​ហើយ មនុស្ស​ដែល​មាន​ប្រាជ្ញា ទាំង​មនុស្ស​ពេញ​វ័យ ទាំង​យុវជន​គឺ​ត្រូវ​តោង​ជាប់​តាម​សេចក្ដី​ដំបូន្មាន​ក្នុង​ព្រះ​គម្ពីរ គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ ពីព្រោះ​នៅ​ទី​បំផុត​នឹង​រក្សា​ជីវិត​របស់​គេ។