«ថ្នាំដាក់ភ្នែក»
«ថ្នាំដាក់ភ្នែក»
របៀបព្យាបាលដែលព្រះយេស៊ូបានមានបន្ទូលខាងលើនេះ ទ្រង់ជូនចំពោះក្រុមជំនុំគ្រីស្ទាននៅសតវត្សទីមួយ នៅទីក្រុងឡៅឌីសេ ភូមិភាគអាស៊ីមីន័រ។
ព្រះយេស៊ូបានមានបន្ទូលថា៖ «ចូរមករកទិញថ្នាំដាក់ភ្នែក . . . ដើម្បីអោយអ្នកមើលឃើញច្បាស់»។ តាមការពិត ពួកគេមិនមានជម្ងឺភ្នែកមែនទែនទេ តែត្រូវព្យាបាលភាពខ្វាក់ខាងវិញ្ញាណវិញ។ បណ្ដាគ្រីស្ទាននោះនៅទីក្រុងឡៅឌីសេ បានទទួលអានុភាពពីចិត្តគំនិតរបស់មនុស្សដែលមានទីលំនៅនៅក្នុងទីក្រុងដ៏ជឿនលឿនមួយ ហើយគេក៏មិនបានអើពើនឹងតម្រូវការខាងវិញ្ញាណរបស់ពួកគេដែរ។
ព្រះយេស៊ូបានសម្គាល់នេះជាដើមហេតុដែលគេមើលឃើញយ៉ាងស្រពិចស្រពិលនោះ ដោយមានបន្ទូលថា៖ «អ្នកពោលថា៖ ‹ខ្ញុំជាអ្នកមាន ខ្ញុំមានស្តុកស្តម្ភហើយ ខ្ញុំមិនត្រូវការអ្វីទេ› អ្នកពុំដឹងថា ខ្លួនកំពុងតែវេទនារហេមរហាម ក្រតោកយ៉ាក ខ្វាក់ភ្នែក គ្មានសម្លៀកបំពាក់បិទបាំងកាយនោះឡើយ»។ ទោះជាសមាជិកក្រុមជំនុំនោះមិនដឹងខ្លួនក្ដី គេត្រូវការនូវ«ថ្នាំដាក់ភ្នែក»ដែលអាចនាំឲ្យសះស្បើយបាន ដែលគេអាចទទួលបាន ស្រេចនឹងគេចុះចូលធ្វើតាមការបង្រៀននិងពាក្យទូន្មានរបស់ព្រះយេស៊ូគ្រីស្ទ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ចូរមករកទិញ . . . ពីយើង!»។—វិវរណៈ ៣:១៧, ១៨, ព្រះគម្ពីរភាសាខ្មែរសម្រាយ
ដូចបងប្អូននៅទីក្រុងឡៅឌីសេ នោះគ្រីស្ទានពិតសព្វថ្ងៃនេះត្រូវប្រុងប្រយ័ត្នកុំអនុញ្ញាតឲ្យបរិយាកាសនៅជុំវិញគេ ដែលជក់តែនឹងការលេងកំសាន្តនិងការប្រមូលវត្ថុទ្រព្យ មានឥទ្ធិពលហួសហេតុលើគេ ប្រហែលជាដោយឥតដឹងខ្លួននោះឡើយ។ របៀបរក្សាឲ្យមានសុខុមាលភាពល្អខាងចិត្តគំនិតខាងវិញ្ញាណ ត្រូវបានបញ្ជាក់ដោយពាក្យដាស់តឿនដែលថា៖ «ចូរមករកទិញថ្នាំដាក់ភ្នែកពី[ព្រះយេស៊ូ] . . . ដើម្បីអោយអ្នកមើលឃើញច្បាស់»។
យើងគួរកត់សម្គាល់ថា យើងត្រូវ«ទិញ»ថ្នាំនោះ។ ត្រូវចំណាយ។ យើងត្រូវចំណាយពេលក្នុងការសិក្សានិងការរំពឹងគិតអំពីព្រះបន្ទូលរបស់ព្រះ។ អ្នកតែងបទទំនុកដំកើងបានធានារ៉ាប់រងថា ព្រះបន្ទូលនោះ‹បរិសុទ្ធ ក៏បំភ្លឺភ្នែក›ខាងវិញ្ញាណ។—ទំនុកដំកើង ១៩:៨