«ចូររៀននឹងខ្ញុំចុះ!»
«ចូររៀននឹងខ្ញុំចុះ!»
«ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ! ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបាន[កម្លាំងចិត្តឡើងវិញ, ព.ថ.]»។—ម៉ាថាយ ១១:២៩
១. ហេតុអ្វីបានជាការរៀនពីព្រះយេស៊ូអាចធ្វើឲ្យយើងសប្បាយចិត្ត និងធ្វើឲ្យជីវិតយើងកាន់តែប្រសើរឡើងបាន?
ព្រះយេស៊ូគ្រីស្ទរមែងគិត បង្រៀន និងប្រព្រឹត្តយ៉ាងសមត្រឹមត្រូវ។ ទោះជាទ្រង់បានគង់លើផែនដីតែមួយរយៈខ្លីក៏ដោយ តែទ្រង់បានប្រកបអាជីពមួយដែលនាំឲ្យមានក្ដីស្កប់ស្កល់និងការពេញចិត្ត ហើយទ្រង់មានសុភមង្គលជានិច្ច។ ព្រះយេស៊ូបានប្រមូលសិស្សរបស់ទ្រង់ ហើយបង្រៀនគេរបៀបថ្វាយបង្គំព្រះ ស្រឡាញ់មនុស្សជាតិ និងយកជ័យជំនះអំពីលោកីយ៍នេះ។ (យ៉ូហាន ១៦:៣៣) ទ្រង់បានផ្ដល់នូវក្ដីសង្ឃឹមចំពោះគេ ហើយក៏«បានយកជីវិត នឹងសេចក្ដីមិនចេះស្លាប់ មកដាក់នៅពន្លឺ ដោយសារដំណឹងល្អ»។ (ធីម៉ូថេទី២ ១:១០) បើសិនជាអ្នករាប់ខ្លួនជាសិស្សម្នាក់របស់ព្រះយេស៊ូនោះ តើអ្នកគិតថាការធ្វើជាសិស្សរបស់ទ្រង់មានន័យអ្វី? យើងអាចរៀនចំណុចជាច្រើនដែលអាចធ្វើឲ្យជីវិតយើងកាន់តែប្រសើរ ដោយពិចារណាអ្វីដែលព្រះយេស៊ូមានបន្ទូលអំពីការធ្វើជាសិស្សរបស់ទ្រង់នោះ។ នេះតម្រូវឲ្យយើងមានទស្សនៈដូចទ្រង់និងអនុវត្តតាមគោលការណ៍បឋមខ្លះៗដែរ។—ម៉ាថាយ ១០:២៤, ២៥; លូកា ១៤:២៦, ២៧; យ៉ូហាន ៨:៣១, ៣២; ១៣:៣៥; ១៥:៨
២, ៣. (ក) តើការធ្វើជាសិស្សម្នាក់របស់ព្រះយេស៊ូមានន័យអ្វី? (ខ) ហេតុអ្វីសំខាន់ដែលយើងត្រូវដណ្ដឹងសួរខ្លួនថា៖‹តើខ្ញុំជាសិស្សរបស់អ្នកណា?›
២ ក្នុងបទគម្ពីរភាសាក្រិក ពាក្យបកប្រែថា«សិស្ស»សំដៅចំពោះអ្នកដែលផ្ដោតអារម្មណ៍ទៅលើអ្វីមួយ ឬក៏អ្នកដែលរៀន។ ក្នុងប្រធានបទគម្ពីររបស់យើងនៅម៉ាថាយ ១១:២៩ មានពាក្យមួយដែលជាប់ទាក់ទងនឹងនេះដែរ ដែលថា៖ «ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ! ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបាន[កម្លាំងចិត្តឡើងវិញ, ព.ថ.]»។ ពិតណាស់ សិស្សម្នាក់ជាអ្នករៀន។ ធម្មតា សៀវភៅដំណឹងល្អប្រើពាក្យ«សិស្ស»សំដៅទៅរកអ្នកកាន់តាមព្រះយេស៊ូដែលជាមិត្តជិតស្និទ្ធបំផុត ដែលធ្វើដំណើរជាមួយពេលទ្រង់ផ្សព្វផ្សាយ ក៏ជាអ្នកដែលទ្រង់បានបង្វឹកបង្វឺនដែរ។ មនុស្សខ្លះប្រហែលជាបានជឿតាមសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ ជួនកាលទាំងជឿដោយសម្ងាត់ទៀតផង។ (លូកា ៦:១៧; យ៉ូហាន ) អ្នកសរសេរសៀវភៅដំណឹងល្អក៏បាននិយាយអំពី«ពួកសិស្សយ៉ូហាន[ដែលធ្វើបុណ្យជ្រមុជទឹក] នឹង[សិស្ស]ពួកផារិស៊ី»។ ( ១៩:៣៨ម៉ាកុស ២:១៨) ដោយព្រោះព្រះយេស៊ូបានព្រមានអ្នកកាន់តាមទ្រង់ឲ្យ«ប្រយ័ត . . . ពីលទ្ធិរបស់ពួកផារិស៊ី» នោះយើងត្រូវដណ្ដឹងសួរខ្លួនយើងថា៖ ‹តើខ្ញុំជាសិស្សរបស់អ្នកណា?›។—ម៉ាថាយ ១៦:១២
៣ បើសិនជាយើងជាសិស្សព្រះយេស៊ូ ហើយយើងបានរៀនពីទ្រង់ នោះអ្នកដទៃគួរបានកម្លាំងចិត្តខាងវិញ្ញាណឡើងវិញ ពេលគេសេពគប់ជាមួយយើង។ គេគួរឃើញច្បាស់ថា យើងមានចិត្តសុភាពនិងរាបទាបជាងមុន។ បើសិនជាយើងជាអ្នកចាត់ចែងត្រួតពិនិត្យនៅកន្លែងធ្វើការ ឬជាមាតាបិតាម្នាក់ ឬមានភារកិច្ចជាអ្នកគង្វាលក្នុងក្រុមជំនុំ តើអ្នកដែលយើងមើលខុសត្រូវនោះមានអារម្មណ៍ថា យើងប្រព្រឹត្តទៅលើគេដូចជាព្រះយេស៊ូបានប្រព្រឹត្តទៅលើអ្នកដែលទ្រង់មើលខុសត្រូវនោះឬទេ?
របៀបព្រះយេស៊ូបានប្រព្រឹត្តទៅលើអ្នកឯទៀត
៤, ៥. (ក) ហេតុអ្វីយើងអាចដឹងយ៉ាងស្រួលអំពីរបៀបព្រះយេស៊ូបានប្រព្រឹត្តទៅលើមនុស្សដែលមានបញ្ហា? (ខ) តើអ្វីបានកើតឡើងពេលព្រះយេស៊ូសោយក្រយានៅផ្ទះរបស់ផារិស៊ីម្នាក់?
៤ យើងត្រូវដឹងពីរបៀបព្រះយេស៊ូបានប្រព្រឹត្តទៅលើអ្នកឯទៀត ជាពិសេសអ្នកដែលមានបញ្ហាធ្ងន់ធ្ងរនោះ។ នេះទំនងជាមិនពិបាករៀនទេ ដ្បិតព្រះគម្ពីរមានសេចក្ដីរាយការណ៍ជាច្រើន ស្តីអំពីពេលព្រះយេស៊ូទាក់ទងអ្នកដទៃ រួមទាំងអ្នកខ្លះដែលមានបញ្ហា។ សូមឲ្យយើងកត់សម្គាល់ផងដែរថា អ្នកដឹកនាំសាសនា ជាពិសេសពួកផារិស៊ី បានប្រព្រឹត្តយ៉ាងណាទៅលើមនុស្សដែលមានបញ្ហាដូចគ្នា។ ភាពខុសគ្នានោះនឹងបំភ្លឺចំណេះរបស់យើង។
៥ នៅឆ្នាំ៣១ ស.យ. ពេលព្រះយេស៊ូកំពុងតែដើរផ្សព្វផ្សាយនៅកាលីឡេនោះ «ពួកផារិស៊ីម្នាក់ទូលសុំ[ព្រះយេស៊ូ] ឲ្យសោយជាមួយនឹងគាត់»។ ព្រះយេស៊ូបានព្រមដោយគ្មានការទើសទាល់ទេ។ «ទ្រង់ក៏យាងចូលទៅគង់នៅតុ ក្នុងផ្ទះគាត់ ហើយមើល! នៅក្រុងនោះមានស្ត្រីម្នាក់ដែលមានបាប នាងបានដឹងថា ទ្រង់គង់នៅតុក្នុងផ្ទះអ្នកផារិស៊ីនោះ ក៏យកដបថ្មកែវដាក់ប្រេងក្រអូបមក ឈរពីខាងក្រោយ ទៀបព្រះបាទទ្រង់ទាំងយំ ចាប់តាំងសំរក់ទឹកភ្នែកទទឹកព្រះបាទទ្រង់ រួចយកសក់ក្បាលនាងជូត ក៏ថើបព្រះបាទ ដោយស្រឡាញ់ ហើយយកប្រេងក្រអូបលាបផង»។—លូកា ៧:៣៦-៣៨
៦. តើស្ត្រី«មានបាប» ប្រហែលជាបាននៅផ្ទះរបស់ផារិស៊ីម្នាក់នោះដោយព្រោះអ្វី?
៦ សូមនឹកគិតក្នុងចិត្តអំពីរឿងនោះ។ ឯកសារយោងមួយអះអាងថា៖ «ស្ត្រីនោះ(ខ៣៧)បានឆ្លៀតឱកាសធ្វើតាមទំនៀមទំលាប់សង្គមដែលឲ្យមនុស្សក្រីក្រចូលក្នុងពិធីស៊ីលៀងបែបនេះ ដើម្បីប្រមូលយកម្ហូបសំណល់ខ្លះៗ»។ នេះប្រហែលជាហេតុដែលមនុស្សម្នាក់អាចចូលដោយគ្មាននរណាអញ្ជើញទេ។ ប្រហែលជាមានអ្នកផ្សេងទៀតដែរ ដែលចង់យកម្ហូបសល់ក្រោយពិធីស៊ីលៀងនោះចប់ក៏មិនដឹង។ យ៉ាងណាក៏ដោយ ចរិយារបស់ស្ត្រីនោះគឺប្លែកមែន។ នាងមិនបានអង្គុយអែបជញ្ជាំងដោយឡែកមើលគេ ចាំពិធីនោះចប់ទេ។ នាងអសោចកេរ្ដិ៍ឈ្មោះជា«ស្ត្រីម្នាក់ដែលមានបាប»ដល់ម្ល៉េះបានជាព្រះយេស៊ូមានបន្ទូលថា ទ្រង់ជ្រាបថា‹បាបនាងធ្លាប់មានច្រើនទាំងម្ល៉េះ›។—លូកា ៧:៤៧
៧, ៨. (ក) តើយើងប្រហែលជាបានប្រព្រឹត្តយ៉ាងណាបើសិនជាអ្នកបាននៅក្នុងកាលៈទេសៈដូចនៅលូកា ៧:៣៦-៣៨? (ខ) តើលោកស៊ីម៉ូនបានតបយ៉ាងណា?
៧ សូមនឹកគិតថាអ្នកកំពុងតែរស់នៅសម័យនោះ ហើយអ្នកគឺជាព្រះយេស៊ូ។ តើអ្នកនឹងប្រតិកម្មតបយ៉ាងណាទៅ? តើអ្នកនឹងចាប់ផ្ដើមមានអារម្មណ៍មិនស្រួល ពេលស្ត្រីនោះដើរឆ្ពោះទៅជិតអ្នកឬ? តើស្ថានការណ៍បែបនេះនឹងមានអានុភាពយ៉ាងណាមកលើអ្នក? (លូកា ៧:៤៥) តើអ្នកនឹងរន្ធត់ញាប់ញ័រក្នុងចិត្តឬទេ?
៨ បើសិនជាអ្នកគឺជាភ្ញៀវម្នាក់នៅពិធីនោះ តើអ្នកប្រហែលជានឹងគិតស្រដៀងគ្នានឹងលោកស៊ីម៉ូនដែលជាផារិស៊ីនោះទេដឹង? «កាលពួកផារិស៊ីម្នាក់ដែលអញ្ជើញទ្រង់មក បានឃើញដូច្នោះ ក៏គិតក្នុងចិត្តថា ‹បើអ្នកនេះជាហោរាមែន នោះនឹងស្គាល់ស្ត្រីដែលពាល់ខ្លួន ហើយដឹងថាជាមនុស្សយ៉ាងណា ព្រោះនាងជាមនុស្សមានបាប›»។ (លូកា ៧:៣៩) ផ្ទុយទៅវិញ ព្រះយេស៊ូមានព្រះទ័យសណ្ដោសប្រណី។ ទ្រង់យោគយល់នឹងកាលៈទេសៈរបស់ស្ត្រីនោះ ក៏យល់នូវក្ដីឈឺចាប់របស់នាង។ ព្រះគម្ពីរមិនប្រាប់មូលហេតុដែលនាងបានធ្លាក់ខ្លួនទៅជាអ្នកប្រព្រឹត្តអំពើបាបដូច្នេះទេ។ បើនាងជាស្ត្រីពេស្យាពិតមែន បុរសសាសន៍យូដាទាំងប៉ុន្មានដែលជាអ្នកថ្វាយបង្គំព្រះក្នុងតំបន់នោះ ទំនងជាមិនបានជួយគាត់កែប្រែទេ។
៩. តើព្រះយេស៊ូបានឆ្លើយតបយ៉ាងណា? ហើយតើប្រហែលជាមានលទ្ធផលអ្វី?
៩ ក៏ប៉ុន្តែ ព្រះយេស៊ូមានព្រះទ័យចង់ជួយគាត់មែន។ ទ្រង់មានបន្ទូលទៅកាន់នាងថា៖ «បាបនាងបានអត់ទោសឲ្យនាងហើយ»។ ក្រោយនោះទ្រង់មានបន្ទូលថែមទៀតថា៖ «សេចក្ដីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅ ឲ្យបានប្រកបដោយសេចក្ដីសុខចុះ!»។ (លូកា ៧:៤៨-៥០) កំណត់ហេតុនេះចប់តែប៉ុណ្ណេះ។ អ្នកខ្លះប្រហែលជាប្រកែកថា ព្រះយេស៊ូមិនបានជួយនាងប៉ុន្មានទេ។ បើនិយាយជារួម ព្រះយេស៊ូបានអញ្ជើញឲ្យនាងទៅដោយមានព្រះពរពីទ្រង់ប៉ុណ្ណោះ។ តើអ្នកគិតថានាងបានត្រឡប់ទៅប្រកបជីវភាពដ៏ទាបថោកនោះម្ដងទៀតទេ? ទោះជាយើងមិនអាចប្រាកដក៏ដោយ សូមកត់សម្គាល់អ្វីដែលលូកាបានសរសេរបន្តបន្ទាប់ទៀត។ គាត់រៀបរាប់ថា ព្រះយេស៊ូយាង«ទៅប្រដៅក្នុងគ្រប់ក្រុងគ្រប់ភូមិជាមួយនឹងពួក១២នាក់ ព្រមទាំងប្រាប់ដំណឹងល្អពីនគរព្រះ»។ លូកាក៏រៀបរាប់ថា «មានស្ត្រីខ្លះ»ជាមួយព្រះយេស៊ូនិងសិស្សទ្រង់ «ដែលយកទ្រព្យខ្លួនមកជួយទ្រង់»។ ប្រហែលជាស្ត្រីនោះបានប្រែចិត្តនិងដឹងគុណ ដែលអាចបានរួមក្នុងចំណោមគេ ដោយចាប់ផ្ដើមប្រកបជីវិតដែលពេញព្រះហឫទ័យព្រះ ទាំងមានមនសិការជ្រះថ្លានិងគោលបំណងក្នុងជីវិត ថែមទាំងមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើងចំពោះព្រះ។—លូកា ៨:១-៣
ភាពខុសគ្នារវាងព្រះយេស៊ូនិងពួកផារិស៊ី
១០. ហេតុអ្វីការពិចារណាកំណត់ហេតុអំពីព្រះយេស៊ូនិងស្ត្រីក្នុងផ្ទះរបស់លោកស៊ីម៉ូនមានប្រយោជន៍?
១០ តើយើងអាចរៀនអ្វីខ្លះពីកំណត់ហេតុដ៏ជាក់លាក់នេះ? រឿងនេះធ្វើឲ្យយើងរំភើបស្ញប់ស្ញែងក្នុងចិត្តណាស់ មែនទេ? បើសិនជាអ្នកនៅក្នុងផ្ទះរបស់លោកស៊ីម៉ូននោះ តើអ្នកនឹងមានអារម្មណ៍យ៉ាងណាដែរ? តើអ្នកនឹងប្រព្រឹត្តតបដូចជាព្រះយេស៊ូទេ? ឬក៏តើអ្នកនឹងគិតស្រដៀងនឹងផារិស៊ីម្នាក់ដែលជាម្ចាស់ផ្ទះនោះទៅវិញទេ? ព្រះយេស៊ូជារាជបុត្រារបស់ព្រះ ដូច្នេះ យើងមិនអាចមានអារម្មណ៍ និងការប្រព្រឹត្តដូចជាព្រះយេស៊ូបេះបិទបានទេ។ ប៉ុន្តែ ផ្ទុយទៅវិញ យើងក៏ប្រហែលជាមិនចង់ចាត់ទុកខ្លួនយើងជាមនុស្សដូចលោកស៊ីម៉ូនដែលជាផារិស៊ីនោះដែរ។ គ្មានអ្នកណានឹងអួតខ្លួនថាគេដូចពួកផារិស៊ីទេ។
១១. ហេតុអ្វីយើងមិនចង់ឲ្យអ្នកណាមានហេតុចាត់ទុកយើងជាមនុស្សដូចជាពួកផារិស៊ីនោះ?
១១ ដោយសិក្សាពត៌មានក្នុងព្រះគម្ពីរនិងប្រភពក្រៅផ្សេងទៀតនោះ យើងអាចសន្និដ្ឋានថា ពួកផារិស៊ីបានប្រកាន់ខ្លួនគេជាអ្នកការពារសុខុមាលភាពសាធារណជននិងជាតិ។ គេមិនស្កប់ស្កល់ចិត្តនឹងភាពបឋមនិងភាពស្រួលយល់នៃក្រិត្យវិន័យរបស់ព្រះឡើយ។ នៅកន្លែងណាដែលគេគិតថាក្រិត្យវិន័យនោះគឺមិនជាក់លាក់ល្មមទេ នោះគេបន្ថែមសេចក្ដីដែលបញ្ជាក់ការប្រព្រឹត្តយ៉ាងល្អិតល្អន់ ដូច្នេះគឺមិនចាំបាច់ឲ្យអ្នកណាគិតដោយប្រើមនសិការខ្លួនទេ។ អ្នកដឹកនាំសាសនាទាំងនេះ បានប៉ុនប៉ងគិតគ្រោងវិធីមួយឲ្យគេកាន់កាប់ទៅលើចរិយាទាំងឡាយរបស់មនុស្ស សូម្បីតែក្នុងរឿងតូចតាចក៏ដោយ។ a
១២. តើពួកផារិស៊ីចាត់ទុកខ្លួនគេជាមនុស្សបែបណា?
១២ ប្រវត្ដិវិទូសាសន៍យូដាម្នាក់ពីសតវត្សទីមួយ ឈ្មោះចូស៊ីហ្វឺស បំភ្លឺឲ្យដឹងថាពួកផារិស៊ីបានរាប់ខ្លួនជាមនុស្សសប្បុរស ស្លូតបូត យុត្ដិធម៌ ហើយសមតែនឹងមុខងាររបស់គេ។ ផារិស៊ីខ្លះទំនងជាជិតមានលក្ខណៈបែបនេះមែន។ ប្រហែលជាអ្នកនឹកចាំលោកនីកូដេម។ (យ៉ូហាន ៣:១, ២; ៧:៥០, ៥១) ក្រោយមក ផារិស៊ីខ្លះតាមជំនឿគ្រីស្ទាន។ (កិច្ចការ ១៥:៥) សាវ័កប៉ុលដែលជាគ្រីស្ទានម្នាក់ បានសរសេរអំពីជនជាតិយូដាខ្លះៗដូចជាពួកផារិស៊ីថា៖ «គេមានសេចក្ដីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយ[ចំណេះពិត, ព.ថ.]ទេ»។ (រ៉ូម ១០:២) ក៏ប៉ុន្តែ សៀវភៅដំណឹងល្អពណ៌នាអំពីគេតាមទស្សនៈដែលមនុស្សសាមញ្ញមានចំពោះគេគឺថា មនុស្សអំនួត មានមោទនភាពហួសហេតុ ប្រកាន់ថាខ្លួនសុចរិត ចាប់កំហុសអ្នកដទៃ វិនិច្ឆ័យទោសអ្នកឯទៀត និងមើលងាយមើលថោកគេផងដែរ។
ទស្សនៈរបស់ព្រះយេស៊ូ
១៣. តើព្រះយេស៊ូមានបន្ទូលយ៉ាងណាអំពីពួកផារិស៊ី?
១៣ ព្រះយេស៊ូបានស្តីបន្ទោសពួកស្ក្រែបនិងផារិស៊ីថា គេជាមនុស្សលាក់ពុត។ «គេចងបន្ទុកយ៉ាងធ្ងន់ ដាក់លើស្មាមនុស្ស ជាបន្ទុកដែលពិបាកទទួល តែខ្លួនគេមិនព្រមទាំងយកម្រាមដៃឆ្កឹះបន្ទុកនោះផង»។ ពិតណាស់ បន្ទុកនោះធ្ងន់មែន ហើយនឹមដែលមនុស្សត្រូវបង្ខំយកនោះ គឺពិបាកទ្រាំណាស់។ ព្រះយេស៊ូក៏បានហៅពួកស្ក្រែបនិងផារិស៊ីជា«មនុស្សល្ងីល្ងើ»ផងដែរ។ មនុស្សល្ងីល្ងើនាំឲ្យសហគមន៍វេទនា។ ព្រះយេស៊ូក៏បានហៅពួកស្ក្រែបនិងផារិស៊ីជា«ពួកកង្វាក់ដែលនាំផ្លូវគេ» និងបានមានបន្ទូលយ៉ាងម៉ឺងម៉ាត់ថា គេបាន«ចោលសេចក្ដី សំខាន់ជាង ដែលនៅក្នុងក្រិត្យវិន័យវិញ ដូចជាសេចក្ដីយុត្ដិធម៌ សេចក្ដីមេត្ដាករុណា នឹងសេចក្ដីជំនឿ»។ តើមានអ្នកណាចង់ឲ្យព្រះយេស៊ូចាត់ទុកខ្លួនគេជាមនុស្សដែលមានលក្ខណៈសម្បត្ដិដូចផារិស៊ីទេ?—ម៉ាថាយ ២៣:១-៤, ១៦, ១៧, ២៣
១៤, ១៥. (ក) របៀបព្រះយេស៊ូបានប្រព្រឹត្តចំពោះម៉ាថាយលេវីនោះ បង្ហាញអ្វីខ្លះអំពីពួកផារិស៊ី? (ខ) តើយើងអាចរៀនមេរៀនអ្វីដ៏សំខាន់ពីកំណត់ហេតុនេះ?
១៤ មនុស្សសឹងតែទាំងអស់ដែលអានកំណត់ហេតុក្នុងសៀវភៅដំណឹងល្អ អាចឃើញថាពួកផារិស៊ីចេះតែរិះគន់អ្នកឯទៀត។ ក្រោយព្រះយេស៊ូបានអញ្ជើញម៉ាថាយលេវី ដែលជាអ្នកប្រមូលពន្ធ ឲ្យមកធ្វើជាសិស្សទ្រង់នោះ លេវីបានរៀបជប់លៀងមួយយ៉ាងធំសំរាប់ទ្រង់។ កំណត់ហេតុនោះប្រាប់ថា៖ «ពួកអាចារ្យនឹងពួកផារិស៊ី គេឌុកដាន់ពួកសិស្សទ្រង់ថា៖ ‹ហេតុអ្វីបានជាបរិភោគ ជាមួយនឹងពួកអ្នកយកពន្ធ នឹងមនុស្សមានបាបដូច្នេះ?›។ តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា៖ ‹ . . . ខ្ញុំមិនបានមកហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ!›»។—លូកា ៥:២៧-៣២
១៥ លេវីបានយល់អ្វីមួយទៀតដែលព្រះយេស៊ូមានបន្ទូលនៅពេលនោះ ពេលទ្រង់មានបន្ទូលថា៖ «ចូរឲ្យអ្នករាល់គ្នាទៅរៀនន័យបទ ដែលថា ‹អញចង់បានសេចក្ដីមេត្ដាករុណា មិនមែនយញ្ញបូជាទេ›»។ (ម៉ាថាយ ៩:១៣) ទោះជាពួកផារិស៊ីបានអះអាងថា គេជឿទៅលើអ្វីដែលព្យាការីសាសន៍ហេព្រើរបានសរសេរក៏ដោយ គេមិនបានទទួលស្គាល់ពាក្យនេះនៅហូសេ ៦:៦ទេ។ ពួកផារិស៊ីសុខចិត្តធ្វើខុស ឲ្យតែគេអាចកាន់ខ្ជាប់តាមទំនៀមទំលាប់របស់គេ។ យើងម្នាក់ៗអាចដណ្ដឹងសួរខ្លួនថា៖ ‹តើខ្ញុំមានកេរ្ដិ៍ឈ្មោះជាអ្នកដែលប្រកាន់វិន័យជាក់លាក់ ដូចជាវិន័យដែលស្របតាមគំនិតរបស់ខ្ញុំផ្ទាល់ ឬក៏សាទិសនិច្ឆ័យទេ? ឬតើអ្នកឯទៀតចាត់ទុកខ្ញុំជាមនុស្សម្នាក់ដែលបង្ហាញករុណាធម៌ និងសេចក្ដីសប្បុរសទេ?
១៦. តើអ្វីជាបែបបទការប្រព្រឹត្តរបស់ពួកផារិស៊ី? ហើយតើយើងអាចជៀសចេញពីការប្រព្រឹត្តដូចគេយ៉ាងដូចម្ដេច?
១៦ ពួកផារិស៊ីចេះតែចាប់កំហុសគេជានិច្ច។ នោះជារបៀបរបស់ពួកផារិស៊ី។ គេរកចាប់កំហុសទាំងអស់ មិនថានោះជាកំហុសពិតប្រាកដ ឬគ្រាន់តែអ្វីដែលគេគិតថាជាកំហុសនោះក្ដី។ គេនាំឲ្យមនុស្សប្រុងប្រៀបជានិច្ចរកផ្លូវដោះសានូវការប្រព្រឹត្តរបស់ខ្លួន ហើយក៏បានរំឭកគេអំពីការខកខានរបស់គេដែរ។ ពួកផារិស៊ីធ្លាប់អួតខ្លួនដោយសារគេឲ្យមួយភាគដប់នៃជីតូចបំផុត ដូចជាជីអង្កាម ជីឌីល និងជីខាម្មិន។ គេបានសំញែងថា គេកោតខ្លាចព្រះដោយសំលៀកបំពាក់របស់គេ និងបានខិតខំដឹកនាំប្រទេសជាតិ។ ពិតណាស់ បើសិនជាយើងចង់ប្រព្រឹត្តសមស្របតាមគំរូរបស់ព្រះយេស៊ូ នោះយើងត្រូវជៀសវាងពីនិន្នាការរកចាប់កំហុស និងលាតត្រដាងកំហុសរបស់អ្នកឯទៀត។
តើព្រះយេស៊ូធ្លាប់ដោះស្រាយបញ្ហាយ៉ាងដូចម្ដេច?
១៧-១៩. (ក) សូមពន្យល់នូវរបៀបដែលព្រះយេស៊ូបានប្រព្រឹត្តទៅលើបញ្ហាមួយដែលអាចក្លាយជាបញ្ហាដ៏ធំ។ (ខ) ហេតុអ្វីបានជាកាលៈទេសៈនោះធ្វើឲ្យមានអារម្មណ៍មិនស្រួលនិងចិត្តតានតឹង? (គ) បើសិនជាអ្នកនៅទីនោះពេលស្ត្រីនេះដើរទៅជិតព្រះយេស៊ូ តើអ្នកនឹងគិតយ៉ាងណា?
១៧ របៀបដែលព្រះយេស៊ូបានដោះស្រាយបញ្ហាគឺខុសគ្នាឆ្ងាយពីពួកផារិស៊ី។ សូមពិចារណារបៀបដែលព្រះយេស៊ូបានប្រព្រឹត្ត ស្តីអំពីបញ្ហាមួយដែលអាចក្លាយជាបញ្ហាដ៏ធំ។ បញ្ហានេះទាក់ទងនឹងស្ត្រីម្នាក់ដែលមានជម្ងឺធ្លាក់ឈាមអស់១២ឆ្នាំហើយ។ អ្នកអាចអានកំណត់ហេតុនោះនៅលូកា ៨:៤២-៤៨។
១៨ កំណត់ហេតុរបស់ម៉ាកុសថា ស្ត្រីនោះ«ភ័យញ័រ»។ (ម៉ាកុស ៥:៣៣) ហេតុអ្វី? ស្ត្រីនោះច្បាស់ជាដឹងថា ខ្លួនបានរំលងច្បាប់របស់ព្រះ។ យោងទៅតាមលេវីវិន័យ ១៥:២៥-២៨ ស្ត្រីម្នាក់ដែលមានជម្ងឺធ្លាក់ឈាមខុសរដូវ បានត្រូវចាត់ទុកជាមិនស្អាតក្នុងកំឡុងពេលដែលគាត់ធ្លាក់ឈាមខុសពីធម្មតា ថែមមួយសប្ដាហ៍ទៀត។ អ្នកណាក៏ដោយនិងអ្វីៗក៏ដោយដែលស្ត្រីនោះប៉ះពាល់ ត្រូវក្លាយជាមិនស្អាតដែរ។ ដើម្បីទៅជិតនឹងព្រះយេស៊ូនោះ ស្ត្រីនេះត្រូវប្រជ្រៀតវែកផ្លូវចូលក្នុងហ្វូងមនុស្សកកកុញនោះ។ ពេលយើងអានកំណត់ហេតុនេះដែលកើតឡើង២.០០០ឆ្នាំមុន យើងមានអារម្មណ៍អាណិតអាសូរចំពោះស្ត្រីនោះដែលកំពុងតែឈឺចាប់។
១៩ បើសិនជាអ្នកនៅទីនោះនៅថ្ងៃនោះឯង តើអ្នកនឹងមានទស្សនៈយ៉ាងណាចំពោះរឿងនេះ? តើអ្នកនឹងនិយាយយ៉ាងណាទៅ? សូមកត់សម្គាល់ថា ព្រះយេស៊ូបានប្រព្រឹត្តទៅលើស្ត្រីនោះយ៉ាងសប្បុរស ដោយសេចក្ដីស្រឡាញ់ និងដោយនឹកនាដល់អារម្មណ៍របស់គាត់ ថែម ទាំងមិនបាននិយាយបញ្ឆិតបញ្ឆៀងអំពីបញ្ហាណាដែលគាត់ប្រហែលជាបានបង្កឡើងទៀតផង។—ម៉ាកុស ៥:៣៤
២០. បើសិនជាច្បាប់នៅលេវីវិន័យ ១៥:២៥-២៧នៅតែមានសុពលភាពនៅសព្វថ្ងៃនេះ តើយើងនឹងត្រូវឈ្នះការពិបាកអ្វី?
២០ តើយើងអាចរៀនមេរៀនមួយពីហេតុការណ៍នេះបានឬទេ? ឧបមាថាអ្នកជាអ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំគ្រីស្ទានសព្វថ្ងៃនេះ។ ហើយឧបមាថា ច្បាប់នៅលេវីវិន័យ ១៥:២៥-២៧ នៅមានសុពលភាពសំរាប់គ្រីស្ទានទាំងឡាយសព្វថ្ងៃនេះ ហើយស្ត្រីគ្រីស្ទានម្នាក់បានរំលងច្បាប់នោះ ដោយអារម្មណ៍តក់ក្រហល់និងគ្មានទីពឹង។ តើអ្នកនឹងប្រព្រឹត្តយ៉ាងណាទៅលើគាត់? តើអ្នកនឹងធ្វើឲ្យគាត់អាម៉ាស់មុខដោយរិះគន់ជូនឱវាទគាត់នៅមុខគេមុខឯងទាំងអស់គ្នាទេ? ប្រហែលជាអ្នកថា៖ «អត់ទេ! ខ្ញុំមិនអាចធ្វើដូចនោះទេ! ខ្ញុំនឹងធ្វើតាមគំរូរបស់ព្រះយេស៊ូ និងខិតខំអស់ពីសមត្ថភាពដើម្បីប្រព្រឹត្តយ៉ាងសប្បុរស ដោយសេចក្ដីស្រឡាញ់ ទាំងនឹកនាដល់អារម្មណ៍របស់គាត់ថែមទៀត»។ ពិតជាល្អណាស់! ប៉ុន្តែ ការយកតម្រាប់តាមព្រះយេស៊ូគឺស្រួលនិយាយតែពិបាកធ្វើ។
២១. តើព្រះយេស៊ូធ្លាប់បង្រៀនមនុស្សអ្វីខ្លះអំពីច្បាប់ព្រះ?
២១ ជាទូទៅ មនុស្សបានកម្លាំងចិត្តឡើងវិញ ចិត្តរបស់គេត្រូវស្អាងឡើង និងត្រូវលើកទឹកចិត្តដោយព្រះយេស៊ូ។ កន្លែងណាដែលច្បាប់របស់ព្រះគឺជាក់លាក់ នោះមនុស្សត្រូវធ្វើតាមយ៉ាងដិតដល់ជាពុំខាន។ បើសិនជាច្បាប់នោះគឺទូលំទូលាយវិញ នោះគេត្រូវប្រើមនសិការផ្ទាល់ខ្លួន ហើយគេក៏មានឱកាសសម្ដែងសេចក្ដីស្រឡាញ់របស់គេចំពោះព្រះ ដោយការសម្រេចចិត្តរបស់ខ្លួន។ ច្បាប់នោះមិនបានធ្វើឲ្យគេធុញថប់ឡើយ។ (ម៉ាកុស ២:២៧, ២៨) ព្រះស្រឡាញ់រាស្ត្រទ្រង់ និងគ្រប់ការប្រព្រឹត្តរបស់ទ្រង់គឺដើម្បីប្រយោជន៍ដល់គេ ហើយទ្រង់សុខព្រះទ័យបង្ហាញក្ដីមេត្ដាករុណាពេលគេភ្លាត់ធ្វើខុសទៀតផង។ ព្រះយេស៊ូក៏ដូច្នោះដែរ។—យ៉ូហាន ១៤:៩
លទ្ធផលពីការបង្រៀនរបស់ព្រះយេស៊ូ
២២. តើសិស្សព្រះយេស៊ូមានអារម្មណ៍បែបណា ដោយសារគេរៀនពីព្រះយេស៊ូ?
២២ មនុស្សណាដែលស្ដាប់ព្រះយេស៊ូនិងទៅជាសិស្សទ្រង់ ពួកគេបានយល់តម្លៃនៃសេចក្ដីពិតបង្កប់ក្នុងបន្ទូលដែលទ្រង់ប្រកាសថា៖ «នឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល»។ (ម៉ាថាយ ១១:៣០) គេមិនដែលគិតថានោះជាបន្ទុកធ្ងន់ ជាការរំខាន ឬជាការប្រដៅច្រំដែលៗនោះទេ។ គេមានសេរីភាពច្រើនជាង មានសុភមង្គលច្រើនជាង និងជឿជាក់ជាងទៅលើទំនាក់ទំនងរបស់គេជាមួយនឹងព្រះនិងអ្នកឯទៀត។ (ម៉ាថាយ ៧:១-៥; លូកា ៩:៤៩, ៥០) គេបានរៀនពីព្រះយេស៊ូថា មុខងារជាអ្នកដឹកនាំខាងវិញ្ញាណនោះ តម្រូវឲ្យយើងធ្វើឲ្យមនុស្សឯទៀតមានកម្លាំងចិត្តឡើងវិញ និងក៏តម្រូវឲ្យសម្ដែងចិត្តគំនិតសុភាព។—កូរិនថូសទី១ ១៦:១៧, ១៨; ភីលីព ២:៣
២៣. តើសិស្សរបស់ព្រះយេស៊ូបានរៀនមេរៀនអ្វីខ្លះ? និងបានធ្វើការសន្និដ្ឋានអ្វីខ្លះដោយនៅជាមួយព្រះយេស៊ូ?
២៣ មួយវិញទៀត ពួកគេជាច្រើននាក់បានយល់ជ្រៅជ្រះអំពីសារៈសំខាន់នៃការដើរតាមព្រះគ្រីស្ទនិងការមានអាកប្បកិរិយាដូចទ្រង់។ ទ្រង់មានបន្ទូលប្រាប់សិស្សទ្រង់ថា៖ «ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចជាព្រះវរបិតា ទ្រង់ស្រឡាញ់ខ្ញុំដែរ ចូរនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំចុះ!។ បើអ្នករាល់គ្នាកាន់តាមបញ្ញត្តខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបញ្ញត្តនៃព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ដែរ»។ (យ៉ូហាន ១៥:៩, ១០) បើសិនជាគេចង់ជោគជ័យជាអ្នកបំរើព្រះ នោះគេត្រូវព្យាយាមអនុវត្តតាមអ្វីដែលគេបានរៀនពីព្រះយេស៊ូ ដោយផ្សព្វផ្សាយនិងបង្រៀនជាសាធារណៈអំពីដំណឹងល្អដ៏ប្រសើររបស់ព្រះ និងដោយរបៀបដែលគេប្រព្រឹត្តទៅលើក្រុមគ្រួសារនិងមិត្តភក្ដិ។ ពេលភាតរភាពនោះរីកចំរើនទៅជាក្រុមជំនុំ នោះគេត្រូវរំឭកខ្លួនម្ដងហើយម្ដងទៀតថា ផ្លូវរបស់ព្រះយេស៊ូគឺជាផ្លូវត្រឹមត្រូវ។ អ្វីដែលទ្រង់បង្រៀនគឺជាសេចក្ដីពិត និងរបៀបរស់នៅរបស់ទ្រង់គឺជាជីវិតប្រភេទដែលគេត្រូវខិតខំឈោងចាប់នោះ។—យ៉ូហាន ១៤:៦; អេភេសូរ ៤:២០, ២១
២៤. តើយើងគួរយកមកពិចារណាអ្វីខ្លះ អំពីគំរូរបស់ព្រះយេស៊ូ?
២៤ ពេលអ្នកគិតអំពីអ្វីៗដែលយើងបានពិចារណានោះ តើអ្នកឃើញកន្លែងណាដែលអ្នកអាចរីកចំរើនបានទេ? តើអ្នកយល់ស្របថា ព្រះយេស៊ូរមែងគិត បង្រៀន និងប្រព្រឹត្តយ៉ាងសមត្រឹមត្រូវនោះទេ? បើដូច្នេះ ចូរមានទឹកចិត្តឡើង។ បន្ទូលរបស់ទ្រង់លើកទឹកចិត្តយើងថា៖ «បើអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះ ហើយប្រព្រឹត្តតាមនោះមានពរហើយ»។—យ៉ូហាន ១៣:១៧
[កំណត់សម្គាល់]
a «ធាតុពិតនៃភាពខុសគ្នា[រវាងព្រះយេស៊ូនិងពួកផារិស៊ី] គឺសឲ្យឃើញព្រោះតែទស្សនៈពីរផ្ទុយពីគ្នាស្តីអំពីព្រះ។ ចំពោះពួកផារិស៊ី គេចាត់ទុកព្រះជាព្រះមួយអង្គដែលទាមទារយ៉ាងម៉ឺងម៉ាត់។ សោតឯព្រះយេស៊ូវិញ ទ្រង់រាប់ព្រះជាអ្នកដែលមានព្រះទ័យសទ្ធានិងសណ្ដោសប្រណី។ ពិតណាស់ ពួកផារិស៊ីមិនបានបដិសេធថា ព្រះគ្មានសេចក្ដីស្រឡាញ់ឬភាពល្អទេ តែចំពោះគេ ទ្រង់បង្ហាញនេះដោយប្រទានក្រិត្យវិន័យជាអំណោយទាន និងលទ្ធភាពធ្វើអ្វីៗតាមតែត្រូវបង្គាប់មកក្នុងក្រិត្យវិន័យ។ . . . ពួកផារិស៊ីបានរាប់ការកាន់តាមទំនៀមទំលាប់ដែលតពីមាត់មួយទៅមាត់មួយ ព្រមទាំងក្រិត្យក្រមសំរាប់ការបកស្រាយច្បាប់នោះ ជាវិធីសម្រេចតាមក្រិត្យវិន័យ។ . . . ពេលព្រះយេស៊ូលើកច្បាប់ទ្វេក្រិត្យស្តីពីសេចក្ដីស្រឡាញ់ (ម៉ាថាយ ២២:៣៤-៤០) ឲ្យធ្វើជាសេចក្ដីបកស្រាយធម្មតានៃច្បាប់ និងដោយសារទ្រង់បានបដិសេធភាពតឹងរឹងនៃទំនៀមទំលាប់តៗគ្នាដោយមាត់ទទេនោះ . . . បាននាំឲ្យទ្រង់ប៉ះទង្គិចនឹងការវែកញែករបស់ពួកផារិស៊ី»។—វចនានុក្រមអន្តរជាតិថ្មីនៃសាសនវិទ្យាគម្ពីរសញ្ញាថ្មី
តើអ្នកនឹងតបឆ្លើយយ៉ាងណា?
• ចំពោះអ្នកវិញ តើការធ្វើជាសិស្សព្រះយេស៊ូមានន័យអ្វី?
• តើព្រះយេស៊ូធ្លាប់ប្រព្រឹត្តទៅលើមនុស្សឯទៀតយ៉ាងដូចម្ដេច?
• តើយើងអាចរៀនអ្វីខ្លះពីរបៀបព្រះយេស៊ូបានបង្រៀននោះ?
• តើពួកផារិស៊ីនិងព្រះយេស៊ូខុសគ្នាយ៉ាងណា?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៧]
ទស្សនៈរបស់ព្រះយេស៊ូចំពោះមនុស្ស គឺខុសគ្នាស្រឡះណាស់ហ្ន៎! ពីទស្សនៈរបស់ពួកផារិស៊ី