ចូរកោតខ្លាចដល់ព្រះយេហូវ៉ាហើយកាន់តាមបញ្ញត្ដិទ្រង់
ចូរកោតខ្លាចដល់ព្រះយេហូវ៉ាហើយកាន់តាមបញ្ញត្ដិទ្រង់
«ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ! ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ»។—សាស្ដា ១២:១៣
១, ២. (ក) តើការខ្លបខ្លាចអាចការពារជីវិតយើងយ៉ាងដូចម្ដេចបាន? (ខ) ហេតុអ្វីបានជាមាតាបិតាដែលមានប្រាជ្ញា ព្យាយាមបង្រៀនកូនឲ្យចេះខ្លាចនោះ?
លោកលីអូណាដូដាវីនឈី បានកត់សម្គាល់ថា៖ «ចិត្តមោះមុតនាំឲ្យប្រថុយជីវិត តែការខ្លបខ្លាចការពារជីវិតវិញ»។ សេចក្ដីក្លាហានហួសប្រមាណធ្វើឲ្យមនុស្សម្នាក់ក្លាយជាងងឹតងងល់មិនអាចមើលឃើញគ្រោះថ្នាក់ទេ រីឯការខ្លបខ្លាចវិញរំឭកយើងឲ្យប្រុងប្រយ័ត្ន។ ជាឧទាហរណ៍ ប្រសិនណាយើងដើរជិតគែមភ្នំហើយមើលឃើញថា យើងអាចធ្លាក់ចុះក្រោមយ៉ាងជ្រៅនោះ យើងភាគច្រើននឹងថយក្រោយវិញជាស្វ័យប្រវត្ដិមិនចាំបាច់គិតជាមុនទេ។ ស្រដៀងគ្នាដែរ ការកោតខ្លាចព្រះមិនគ្រាន់តែបណ្ដាលឲ្យមានទំនាក់ទំនងល្អជាមួយនឹងទ្រង់ប៉ុណ្ណោះទេ ដូចជាយើងបានរៀនក្នុងអត្ថបទមុននោះ តែការកោតខ្លាចក៏ជួយការពារយើងពីគ្រោះថ្នាក់ទៀតផង។
២ ក៏ប៉ុន្តែ ការភ័យខ្លាចចំពោះគ្រោះថ្នាក់ភាគច្រើនដែលមាននាពេលបច្ចុប្បន្ននេះ ជាអ្វីដែលយើងត្រូវរៀនខ្លាច។ កូនក្មេងងាយរងរបួសធ្ងន់ធ្ងរ ពីព្រោះកូនក្មេងមិនយល់ដឹងអំពីគ្រោះថ្នាក់ដែលមកពីអគ្គីសនីឬចរាចរទីក្រុងនោះទេ។ a មាតាបិតាដែលមានប្រាជ្ញានោះ បង្រៀនឲ្យកូនចេះខ្លាចគ្រោះថ្នាក់ ដោយព្រមានគេម្ដងហើយម្ដងទៀតអំពីគ្រោះថ្នាក់នៅជុំវិញគេ។ មាតាបិតាដឹងថា ការខ្លបខ្លាចបែបនោះប្រហែលជាអាចនឹងសង្គ្រោះជីវិតកូនរបស់គាត់នៅថ្ងៃណាមួយបាន។
៣. តើព្រះយេហូវ៉ាព្រមានយើងអំពីគ្រោះថ្នាក់ខាងវិញ្ញាណតាមរបៀបណា? ហើយដោយព្រោះអ្វី?
៣ ព្រះយេហូវ៉ាក៏យកចិត្តទុកដាក់ដូចគ្នាដែរទៅលើសុខុមាលភាពរបស់យើង។ ព្រះយេហូវ៉ាបង្រៀនយើងតាមរយៈព្រះបន្ទូលរបស់ទ្រង់និងអង្គការរបស់ទ្រង់ដើម្បីឲ្យយើងទទួលប្រយោជន៍ ដូចជាបិតាមួយរូបដែលប្រកបទៅដោយសេចក្ដីស្រឡាញ់នោះ។ (អេសាយ ៤៨:១៧) ផ្នែកមួយនៃកម្មវិធីបង្រៀនរបស់ព្រះ រួមទាំងមានការព្រមាន«ជាច្រើនដង»អំពីអន្ទាក់ខាងវិញ្ញាណ ប្រយោជន៍ឲ្យយើងបណ្ដុះបណ្ដាលការខ្លាចចំពោះគ្រោះថ្នាក់ទាំងនេះ។ (របាក្សត្រទី២ ៣៦:១៥, ព្រះគម្ពីរភាសាខ្មែរសម្រាយ; ពេត្រុសទី២ ៣:១) ទូទាំងប្រវត្ដិសាស្ត្រ ធ្លាប់មានអន្តរាយខាងវិញ្ញាណជាច្រើនដែលអាចបានត្រូវជៀសផុតបាន ថែមទាំងការរងទុក្ខវេទនាជាច្រើនដែលអាចបានត្រូវបង្ការបាន‹បើសិនណាមនុស្សបានអភិវឌ្ឍចិត្តរបស់គេឲ្យកោតខ្លាចដល់ព្រះនិងកាន់តាមគ្រប់ទាំងបញ្ញត្ដិរបស់ទ្រង់ជារៀងដរាបទៅ›។ (ចោទិយកថា ៥:២៩) នៅ«គ្រាលំបាក»នេះ តើយើងអាចអភិវឌ្ឍចិត្តរបស់យើងឲ្យកោតខ្លាចដល់ព្រះ និងជៀសវាងគ្រោះថ្នាក់ខាងវិញ្ញាណយ៉ាងដូចម្ដេចបាន?—ធីម៉ូថេទី២ ៣:១
បដិសេធអំពើអាក្រក់
៤. (ក) តើជនគ្រីស្ទានគួរបណ្ដុះបណ្ដាលឲ្យមានសេចក្ដីស្អប់ចំពោះអ្វី? (ខ) តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះការប្រព្រឹត្តអំពើបាប? (សូមមើលសម្គាល់ហេតុខាងលើ)
៤ ព្រះគម្ពីរពន្យល់ថា៖ «ការកោតខ្លាចដល់ព្រះយេហូវ៉ា នោះឈ្មោះថា ស្អប់ដល់សេចក្ដីអាក្រក់»។ (សុភាសិត ៨:១៣) វចនានុក្រមព្រះគម្ពីរមួយពណ៌នាពីសេចក្ដីស្អប់បែបនេះថានោះជា«សន្ដានចិត្តមួយចំពោះអ្នកណាម្នាក់ឬមួយក៏អ្វីមួយដែលត្រូវបដិសេធ គួរស្អប់ខ្ពើម ត្រូវមើលងាយ និងដែលខ្លួនមិនចង់ដឹងមិនចង់ឮឬមានទំនាក់ទំនងជាមួយនោះទេ»។ ដូច្នេះ ការកោតខ្លាចដល់ព្រះរួមបញ្ចូលការស្អប់ខ្ពើមរអើមនូវអ្វីទាំងអស់ដែលព្រះយេហូវ៉ាចាត់ទុកជាអំពើអាក្រក់។ b (ទំនុកដំកើង ៩៧:១០) ការកោតខ្លាចនេះជំរុញចិត្តយើងឲ្យបដិសេធអំពើអាក្រក់ ដូចនឹងយើងថយមកក្រោយវិញពីគែមភ្នំ ពេលអារម្មណ៍ភ័យខ្លាចព្រមានយើងនោះ។ ព្រះគម្ពីរចែងថា៖ «អ្នកកោតខ្លាចដល់[ព្រះយេហូវ៉ា]រមែងចៀសផុតពីអំពើបាប»។—សុភាសិត ១៦:៦, ព្រះគម្ពីរភាសាខ្មែរសម្រាយ
៥. (ក) តើតាមរបៀបណាដែលយើងរឹតតែអាចកោតខ្លាចដល់ព្រះ និងស្អប់អំពើអាក្រក់កាន់តែខ្លាំងឡើងៗនោះ? (ខ) តើប្រវត្ដិសាស្ត្ររបស់ជនជាតិអ៊ីស្រាអែលបង្រៀនយើងអ្វីអំពីរឿងនេះ?
៥ យើងអាចរឹតតែខ្លាចនិងស្អប់នូវសេចក្ដីអាក្រក់ ដោយពិចារណាផលវិបាកដែលរមែងតែងតែកើតចេញពីអំពើបាប។ ព្រះគម្ពីរធានាយើងថា យើងនឹងច្រូតបានពូជណាដែលយើងព្រោះ មិនថាយើងព្រោះខាងសាច់ឈាមឬក៏ខាងវិញ្ញាណក្ដី។ (កាឡាទី ៦:៧, ៨) ហេតុនេះហើយបានជាព្រះយេហូវ៉ាពន្យល់ដូចគ្នាបេះបិទ អំពីលទ្ធផលដែលជៀសមិនរួចកើតចេញពីការមិនអើពើនឹងបញ្ញត្ដិរបស់ទ្រង់និងការលះចោលការថ្វាយបង្គំពិត។ ដោយគ្មានព្រះការពារនោះ ប្រទេសអ៊ីស្រាអែលដ៏តូចនិងងាយរុករាននេះ អាចធ្លាក់ក្នុងកណ្ដាប់ដៃរបស់ប្រទេសជិតខាងដែលខ្លាំងនិងសាហាវទៀតផង។ (ចោទិយកថា ២៨:១៥, ៤៥-៤៨) លទ្ធផលខ្លោចផ្សាដោយព្រោះអ៊ីស្រាអែលមិនស្ដាប់បង្គាប់នោះ បានត្រូវកត់សរសេរយ៉ាងល្អិតល្អន់ក្នុងព្រះគម្ពីរ ទុកជា«សេចក្ដីទូន្មាន[«ឬការព្រមាន», ព.ថ.]»ឲ្យយើងរៀនមេរៀននោះ ហើយបណ្ដុះបណ្ដាលឲ្យមានការកោតខ្លាចដល់ព្រះ។—កូរិនថូសទី១ ១០:១១
៦. តើយើងអាចពិចារណាគំរូអ្វី ក្នុងព្រះគម្ពីរដើម្បីរៀនចេះកោតខ្លាចដល់ព្រះ? (សូមមើលសម្គាល់ហេតុខាងលើ)
៦ ក្រៅពីអ្វីដែលកើតឡើងដល់សាសន៍អ៊ីស្រាអែលទាំងមូលតែម្ដងនោះ ព្រះគម្ពីរមានបទពិសោធន៍ពិតប្រាកដរបស់បុគ្គលដែលបានកើតមានចិត្តច្រណែន ធ្វើអំពើអសីលធម៌ មានចិត្តលោភលន់ ឬក្រអឺតក្រទម។ c បុរសខ្លះក្នុងចំណោមអ្នកទាំងនោះបានបំរើព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំ តែនៅពេលដ៏សំខាន់មួយក្នុងជីវិតរបស់គេ ស្មារតីកោតខ្លាចនោះមិនបានខ្លាំងគ្រប់គ្រាន់ទេ ហើយគេច្រូតបានផលដ៏ខ្លោចផ្សាមកវិញ។ ការរំពឹងគិតអំពីគំរូបែបនេះក្នុងបទគម្ពីរអាចជួយយើងតាំងចិត្តមិនធ្វើខុសដូចគេនោះទេ។ គួរឲ្យសោកស្ដាយមែន! បើសិនជាយើងចាំទាល់តែយើងផ្ទាល់មានបទពិសោធន៍ដ៏ខ្លោចផ្សានោះ មុនដែលយើងនឹងព្រមស្ដាប់តាមឱវាទរបស់ព្រះ។ ទោះជាមនុស្សទូទៅជឿថារបៀបល្អបំផុតដែលយើងអាចរៀន គឺ តាមរយៈបទពិសោធន៍ក្នុងការធ្វើអ្វីមួយដោយខ្លួនឯងផ្ទាល់ក៏ដោយ តាមពិតគឺមិនដូច្នេះទេ។—ទំនុកដំកើង ១៩:៧
៧. តើព្រះយេហូវ៉ាអញ្ជើញមនុស្សបែបណាឲ្យចូលមកក្នុងដំណាក់និមិត្តរូបរបស់ទ្រង់នោះ?
៧ ហេតុមួយទៀតដែលជំរុញចិត្តយើងយ៉ាងខ្លាំងឲ្យបណ្ដុះឲ្យមានការកោតខ្លាចដល់ព្រះ គឺដោយសារយើងចង់រក្សាទំនាក់ទំនងរបស់យើងជាមួយនឹងទ្រង់។ យើងខ្លាចមិនចង់ធ្វើអ្វីខុសនឹងព្រះហឫទ័យរបស់ព្រះយេហូវ៉ា ដោយព្រោះយើងចាត់ទុកមិត្តភាពជាមួយនឹងទ្រង់ជាអ្វីដ៏វិសេស។ តើព្រះចាត់ទុកមនុស្សបែបណាជាមិត្តសំឡាញ់របស់ទ្រង់ និងជាអ្នកដែលទ្រង់អញ្ជើញឲ្យចូលមកក្នុងដំណាក់និមិត្តរូបរបស់ទ្រង់នោះ? គឺមានតែអ្នកដែល«ដើរដោយទៀងត្រង់ហើយ ប្រព្រឹត្តសេចក្ដីសុចរិត»ប៉ុណ្ណោះទេ។ (ទំនុកដំកើង ១៥: ១, ២) បើសិនជាយើងស្រឡាញ់ទំនាក់ទំនងរបស់យើងជាមួយនឹងអ្នកដែលបង្កើតយើង នោះយើងនឹងយកចិត្តទុកដាក់ដើរដោយទៀងត្រង់ចំពោះទ្រង់។
៨. នៅសម័យរបស់លោកម៉ាឡាគី តើជនជាតិអ៊ីស្រាអែលខ្លះបានមើលស្រាលនូវមិត្តភាពរបស់គេចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៨ គួរឲ្យសោកស្ដាយណាស់ ជនជាតិអ៊ីស្រាអែលខ្លះនៅសម័យលោកម៉ាឡាគីនោះ បានមើលស្រាលនូវមិត្តភាពរបស់គេជាមួយនឹងព្រះយេហូវ៉ា។ ពួកគេបានថ្វាយដង្វាយសត្វឈឺនិងពិការលើអាសនៈរបស់ព្រះយេហូវ៉ា ជាជាងកោតខ្លាចនិងលើកកិត្ដិយសចំពោះទ្រង់។ ទស្សនៈរបស់គេចំពោះអាពាហ៍ពិពាហ៍ក៏ត្រូវសម្ដែងថា គេមិនកោតខ្លាចដល់ព្រះដែរ។ ពួកគេអាងហេតុតូចតាចប៉ុណ្ណោះ ដើម្បីលែងលះប្រពន្ធដើមដែលគេបានរៀបការពេលកំលោះក្រមុំ ដើម្បីរៀបការក្រមុំៗក្មេងជាង។ លោកម៉ាឡាគីបានប្រាប់គេថា ព្រះយេហូវ៉ាស្អប់«ការលះលែងគ្នា»ហើយចិត្តក្បត់របស់គេបានបណ្ដាច់ទំនាក់ទំនងរបស់គេជាមួយនឹងព្រះ។ តើព្រះអាចគាប់ព្រះទ័យនឹងដង្វាយរបស់គេដូចម្ដេចបាន ពេលអាសនៈរបស់ទ្រង់ពោរពេញទៅដោយទឹកភ្នែកអត្ថបដិរូបរបស់ភរិយាដែលគេបានបោះបង់ចោលនោះ? ការមិនគោរពដោយឥតលាក់លៀមបែបនេះ ចំពោះខ្នាតតម្រារបស់ទ្រង់បានបណ្ដាលឲ្យព្រះយេហូវ៉ាមានបន្ទូលសួរថា៖ ‹តើសេចក្ដីកោតខ្លាចដល់អញនៅឯណា?›។—ម៉ាឡាគី ១:៦-៨; ២:១៣-១៦
៩, ១០. តើតាមរបៀបណាដែលយើងអាចបង្ហាញថា យើងចាត់ទុកមិត្តភាពជាមួយនឹងព្រះយេហូវ៉ាជាអ្វីដែលមានតម្លៃនោះ?
៩ សព្វថ្ងៃនេះ ព្រះយេហូវ៉ាក៏អាចទតឃើញបេះដូងប្រេះស្រាំរបស់គូអាពាហ៍ពិពាហ៍និងបុត្រាបុត្រីដែលមានចិត្តសង្រេងសង្រៃ ដោយសារស្វាមីនិងឪពុកឬភរិយានិងម្ដាយដែលប្រព្រឹត្តអំពើអសីលធម៌ដោយគិតតែប្រយោជន៍ខ្លួននោះ។ ការនេះធ្វើឲ្យទ្រង់ព្រួយព្រះទ័យ។ មិត្តសំឡាញ់របស់ព្រះនឹងមានទស្សនៈដូចទ្រង់ដែរ ហើយក៏នឹងព្យាយាមដើម្បីពង្រឹងចំណងអាពាហ៍ពិពាហ៍ បដិសេធគំនិតរបស់លោកីយ៍នេះដែលមើលងាយដល់ភាពសំខាន់នៃចំណងអាពាហ៍ពិពាហ៍ ថែមទាំងនឹង«រត់ពីការសហាយស្មន់ចេញ»។—កូរិនថូសទី១ ៦:១៨
១០ បើសិនជាក្នុងអាពាហ៍ពិពាហ៍និងក្នុងផ្នែកផ្សេងទៀតនៃជីវិតរបស់យើង យើងស្អប់នូវអ្វីដែលព្រះយេហូវ៉ាចាត់ទុកថាអាក្រក់ ព្រមទាំងមានអំណរយ៉ាងខ្លាំងនឹងមិត្តភាពទ្រង់ នោះយើងអាចបានព្រះគុណពីព្រះយេហូវ៉ា និងពេញព្រះហឫទ័យរបស់ទ្រង់ដែរ។ សាវ័កពេត្រុសបានមានប្រសាសន៍យ៉ាងច្បាស់ថា៖ «ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។ (កិច្ចការ ១០:៣៤, ៣៥) យើងមានគំរូជាច្រើនក្នុងបទគម្ពីរដែលបង្ហាញពីរបៀបការកោតខ្លាចដល់ព្រះបានជំរុញចិត្តមនុស្សម្នាក់ៗឲ្យធ្វើអ្វីដ៏ត្រឹមត្រូវ ទោះបីគេស្ថិតក្នុងកាលៈទេសៈពិបាកយ៉ាងណាក្ដី។
បុគ្គលបីនាក់ដែលបានកោតខ្លាចដល់ព្រះ
១១. តើអ្វីកើតឡើងមុនអ័ប្រាហាំត្រូវចាត់ទុកជាអ្នកដែល«កោតខ្លាចដល់ព្រះ»នោះ?
១១ ក្នុងព្រះគម្ពីរ មានបុរសម្នាក់ដែលព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់មានបន្ទូលថា គាត់ជាមិត្តសំឡាញ់របស់ទ្រង់។ បុរសនោះគឺជាអ័ប្រាហាំ។ (អេសាយ ៤១:៨) ក្រោយពីព្រះបានសន្យាថាពូជរបស់អ័ប្រាហាំ នឹងក្លាយជាសាសន៍ដ៏ធំមួយតាមរយៈអ៊ីសាក ការកោតខ្លាចរបស់អ័ប្រាហាំបានត្រូវសាកល្បង ពេលទ្រង់សុំឲ្យគាត់ថ្វាយអ៊ីសាកដែលជាបុត្រាតែមួយគត់របស់គាត់ជាដង្វាយនោះ។ (លោកុប្បត្តិ ១២:២, ៣; ១៧:១៩) តើ‹សំឡាញ់របស់ព្រះយេហូវ៉ា›នឹងបង្ហាញខ្លួនស្មោះត្រង់ក្នុងការសាកល្បងនេះឬទេ? (យ៉ាកុប ២:២៣) នៅពេលអ័ប្រាហាំយារកាំបិតរៀបនឹងសម្លាប់អ៊ីសាកនោះ ទេវតារបស់ព្រះយេហូវ៉ាមានបន្ទូលប្រាប់ថា៖ «កុំឲ្យលូកដៃទៅលើកូនក្មេងនោះឡើយ កុំឲ្យធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះអញដឹងថា ឯងកោតខ្លាចដល់ព្រះហើយ ដោយព្រោះមិនបានសំចៃទុកនូវកូនឯងតែ១នេះនឹងអញសោះ»។—លោកុប្បត្តិ ២២:១០-១២
១២. តើអ្វីបានជំរុញចិត្តអ័ប្រាហាំឲ្យកោតខ្លាចដល់ព្រះ? ហើយតើយើងអាចបង្ហាញស្មារតីបែបនេះយ៉ាងដូចម្ដេចបាន?
១២ ទោះជាអ័ប្រាហាំបានបង្ហាញថា គាត់ជាអ្នកកោតខ្លាចដល់ព្រះយេហូវ៉ាពីមុនមកហើយក្ដី នៅគ្រានេះ គាត់បង្ហាញការកោតខ្លាចដល់ព្រះតាមរបៀបដ៏វិសេសមួយ។ ហេតុដែលអ័ប្រាហាំសុខចិត្តបូជាអ៊ីសាក មិនគ្រាន់តែដោយសារគាត់ចង់គោរពស្ដាប់បង្គាប់ប៉ុណ្ណោះទេ។ ហេតុជំរុញចិត្តគាត់គឺថា គាត់មានទំនុកចិត្តទាំងស្រុងថា ព្រះវរបិតាសួគ៌ារបស់គាត់នឹងប្រព្រឹត្តតាមសេចក្ដីសន្យារបស់ទ្រង់ ដោយប្រោសឲ្យអ៊ីសាករស់ឡើងវិញបើជាចាំបាច់នោះ។ ដូចជាប៉ុលបានសរសេរនោះ អ័ប្រាហាំ«ជឿជាក់អស់ពីចិត្តថា សេចក្ដីអ្វីដែល[ព្រះ]សន្យា នោះអាចនឹងធ្វើឲ្យសំរេចបាន»។ (រ៉ូម ៤:១៦-២១) តើយើងសុខចិត្តធ្វើតាមព្រះហឫទ័យរបស់ព្រះ បើសិនជានោះ តម្រូវឲ្យយើងធ្វើពលិកម្មឬទេ? ដោយដឹងថាព្រះយេហូវ៉ា«ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់» តើយើងមានជំនឿស៊ប់ថា ការស្ដាប់បង្គាប់បែបនេះមានអត្ថប្រយោជន៍សំរាប់អនាគតទេ? (ហេព្រើរ ១១:៦) នេះហើយជាការកោតខ្លាចដល់ព្រះពិតប្រាកដ។—ទំនុកដំកើង ១១៥:១១
១៣. ហេតុអ្វីបានជាសមរម្យដែលយ៉ូសែបអាចពណ៌នាអំពីខ្លួនគាត់ថា គាត់ជាបុរសម្នាក់ដែល‹គោរពកោតខ្លាចដល់ព្រះពិត›?
១៣ សូមឲ្យយើងពិចារណាគំរូមួយទៀតដែលសម្ដែងនូវការកោតខ្លាចដល់ព្រះ។ នោះជាគំរូរបស់លោកយ៉ូសែប។ ពេលយ៉ូសែបជាបាវបំរើក្នុងផ្ទះរបស់លោកប៉ូទីផារនោះ គាត់ស្ថិតក្រោមការបង្ខិតបង្ខំឲ្យធ្វើសហាយស្មន់ជារៀងរាល់ថ្ងៃ។ មើលទៅ គ្មានវិធីណាដែលគាត់អាចជៀសកុំឲ្យជួបប្រពន្ធរបស់ម្ចាស់គាត់ដែលលោកស្រីខំលួងចិត្តគាត់ដោយឥតឈប់ឈរឲ្យធ្វើអំពើអសីលធម៌នោះបានទេ។ ដល់ទីបំផុត ស្រីនោះ«ចាប់អាវគាត់» ហើយយ៉ូសែប«រត់ចេញទៅក្រៅទៅ»។ តើអ្វីបានជាជំរុញចិត្តគាត់ឲ្យបដិសេធអំពើអាក្រក់ភ្លាមៗនោះ? ការកោតខ្លាចមុខជាហេតុចំបង និងក្ដីប្រាថ្នាជៀសវាងពី‹ការធ្វើអំពើអាក្រក់នឹងមានបាបនៅចំពោះព្រះផង›។ (លោកុប្បត្តិ ៣៩:៧-១២) យ៉ូសែបអាចនិយាយបានត្រឹមត្រូវអំពីខ្លួនគាត់ថា គាត់ជាបុរសម្នាក់ដែល‹គោរពកោតខ្លាចដល់ព្រះពិត›។—លោកុប្បត្តិ ៤២:១៨
១៤. តើយ៉ាងដូចម្ដេចដែលសេចក្ដីមេត្ដាករុណារបស់យ៉ូសែបបង្ហាញពីការកោតខ្លាចដល់ព្រះ?
១៤ ច្រើនឆ្នាំក្រោយមក យ៉ូសែបបានជួបបងប្រុសៗរបស់គាត់ ជាអ្នកដែលបានលក់គាត់ចោលដោយគ្មានមេត្ដាឲ្យធ្វើជាខ្ញុំកញ្ជះគេ។ ពេលបងៗរបស់គាត់មកទិញម្ហូប នោះគាត់អាចបានឆ្លៀតឱកាសដើម្បីសងសឹកគេ ឲ្យសមនឹងអ្វីដែលគេបានធ្វើមកលើគាត់នោះ។ ក៏ប៉ុន្តែ ការប្រព្រឹត្តយ៉ាងសាហាវទៅលើមនុស្ស មិនមែនជាការកោតខ្លាចដល់ព្រះទេ។ (លេវីវិន័យ ២៥:៤៣) ដូច្នេះ ពេលយ៉ូសែបឃើញថាបងប្រុសៗរបស់គាត់បានប្រែចិត្តពិតប្រាកដមែននោះ គាត់បានលើកលែងទោសឲ្យគេយ៉ាងមេត្ដាករុណា។ ដូចគ្នានឹងយ៉ូសែបដែរ ការកោតខ្លាចដល់ព្រះក៏នឹងជំរុញចិត្តយើងឲ្យឈ្នះអំពើអាក្រក់ដោយអំពើល្អ ព្រមទាំងឃាត់ឃាំងកុំឲ្យយើងចុះចាញ់និងការល្បួងដែរ។—លោកុប្បត្តិ ៤៥:១-១១; ទំនុកដំកើង ១៣០:៣, ៤; រ៉ូម ១២:១៧-២១
១៥. ហេតុដូចម្ដេចបានជាការប្រព្រឹត្តរបស់លោកយ៉ូបធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យរីករាយ?
១៥ លោកយ៉ូបក៏ជាគំរូដ៏ប្រសើរមួយទៀតស្តីពីការកោតខ្លាចដល់ព្រះ។ ព្រះយេហូវ៉ាមានបន្ទូលទៅកាន់អារក្សថា៖ «ឯងបានសង្កេតមើលយ៉ូប ជាអ្នកបំរើអញឬទេ? ដ្បិតគ្មានអ្នកណាមួយ នៅផែនដីឲ្យដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះហើយចៀសចេញពីសេចក្ដីអាក្រក់ផង»។ (យ៉ូប ១:៨) អស់ជាច្រើនឆ្នាំមុននោះ ការប្រព្រឹត្តរបស់យ៉ូបគ្មានកន្លែងចាប់កំហុសបានទេ នោះបានធ្វើឲ្យព្រះវរបិតាសួគ៌ារបស់គាត់មានព្រះទ័យរីករាយ។ យ៉ូបបានកោតខ្លាចដល់ព្រះពីព្រោះគាត់ដឹងថា នោះជាអ្វីដ៏ត្រឹមត្រូវនិងជារបៀបរស់នៅដ៏ល្អបំផុត។ យ៉ូបបានឧទានថា៖ «មើល! សេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ នោះហើយជាប្រាជ្ញា ហើយដែលថយឆ្ងាយពីការអាក្រក់ នោះឯងជាយោបល់»។ (យ៉ូប ២៨:២៨) ដោយព្រោះយ៉ូបមានគ្រួសារហើយនោះ គាត់មិនចាប់អារម្មណ៍ដោយមិនសមគួរទៅលើស្រីក្រមុំៗ ឬមួយក៏គិតគ្រោងក្នុងចិត្តពីរបៀបលួចផិតជាមួយគេនោះឡើយ។ ទោះជាគាត់ជាអ្នកមានយ៉ាងណាក្ដី គាត់មិនព្រមទុកទ្រព្យសម្បត្ដិជាទីពឹងរបស់គាត់ឡើយ ហើយគាត់ក៏បានបដិសេធការថ្វាយបង្គំរូបព្រះសព្វបែបយ៉ាង។—យ៉ូប ៣១:១, ៩-១១, ២៤-២៨
១៦. (ក) តើយ៉ូបបានបង្ហាញសេចក្ដីសប្បុរសដ៏ស្មោះយ៉ាងដូចម្ដេច? (ខ) តើយ៉ូបបង្ហាញយ៉ាងណាថាគាត់មានស្មារតីចង់អត់ឱនទោសនោះ?
១៦ ក៏ប៉ុន្តែ ការកោតខ្លាចដល់ព្រះតម្រូវឲ្យធ្វើការល្អ ព្រមទាំងបដិសេធអ្វីដ៏អាក្រក់ផងដែរ។ ដូច្នេះ យ៉ូបបានយកចិត្តទុកដាក់យ៉ាងសប្បុរសទៅលើមនុស្សខ្វាក់ ខ្វិន និងមនុស្សក្រ។ (លេវីវិន័យ ១៩:១៤; យ៉ូប ២៩:១៥, ១៦) យ៉ូបក៏យល់ថា«អ្នកណាដែលមិនបង្ហាញសប្បុរសធម៌ចំពោះមនុស្សគ្នីគ្នា នោះក៏នឹងលែងកោតខ្លាចដល់ព្រះដែលមានគ្រប់ព្រះចេស្ដាដូច្នេះដែរ»។ (យ៉ូប ៦:១៤, ព.ថ.) ការមិនបង្ហាញសប្បុរសធម៌អាចរួមបញ្ចូលការមិនព្រមអត់ឱនទោសឲ្យឬមួយក៏ការចងគំនុំ។ លោកយ៉ូបបានស្ដាប់បង្គាប់ព្រះយេហូវ៉ា និងអធិស្ឋានតាងនាមគូកនបីនាក់របស់គាត់ដែលបានធ្វើឲ្យគាត់កើតទុក្ខដ៏ម្ល៉េះ។ (យ៉ូប ៤២:៧-១០) តើយើងអាចបង្ហាញស្មារតីចង់អត់ឱនទោសផងដែរ ចំពោះអ្នកជឿគ្នីគ្នាណាដែលប្រហែលជាបានធ្វើអ្វីមួយដែលបញ្ឈឺចិត្តយើងទេ? ការអធិស្ឋានស្មោះពីចិត្តតាងនាមអ្នកដែលបានធ្វើបាបយើង អាចជួយយើងបំបាត់ការតូចចិត្តបានច្រើនណាស់។ អ្វីល្អៗដែលយ៉ូបបានទទួលដោយសារការកោតខ្លាចដល់ព្រះនោះ ជួយយើង ដឹងទុកជាមុនអំពី‹សេចក្ដីសប្បុរសដ៏ធំអម្បាលម៉ានរបស់ព្រះយេហូវ៉ា ដែលទ្រង់បានត្រៀមទុកសំរាប់អស់អ្នកដែលកោតខ្លាចដល់ទ្រង់›។—ទំនុកដំកើង ៣១:១៩; យ៉ាកុប ៥:១១
ភាពផ្ទុយគ្នារវាងការខ្លបខ្លាចព្រះនិងការខ្លបខ្លាចមនុស្ស
១៧. តើការខ្លបខ្លាចដល់មនុស្សអាចមានអានុភាពយ៉ាងណាមកលើយើង? តែហេតុអ្វីបានជាការខ្លបខ្លាចដល់មនុស្សមិនមែនជាការគិតវែងឆ្ងាយទេ?
១៧ ទោះបីការខ្លបខ្លាចដល់ព្រះអាចជំរុញចិត្តយើងឲ្យធ្វើអ្វីដ៏ត្រឹមត្រូវនោះក្ដី ការខ្លបខ្លាចមនុស្សអាចបំផ្លាញជំនឿរបស់យើង។ ហេតុនេះហើយបានជាពេលព្រះយេស៊ូលើកទឹកចិត្តសាវ័ករបស់ទ្រង់ឲ្យផ្សព្វផ្សាយដំណឹងល្អយ៉ាងខ្នះខ្នែងនោះ ទ្រង់មានបន្ទូលថា៖ «កុំឲ្យខ្លាចចំពោះពួកអ្នកដែលសំឡាប់បានតែរូបកាយ តែពុំអាចនឹងសំឡាប់ដល់ព្រលឹងបាននោះឡើយ ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង នឹងរូបកាយវិនាសទៅក្នុង[«ហ្គេហេណា», ព.ថ.]ផង»។ (ម៉ាថាយ ១០:២៨) ព្រះយេស៊ូពន្យល់ថា ការខ្លបខ្លាចដល់មនុស្សមិនមែនជាការគិតវែងឆ្ងាយទេ ដ្បិតមនុស្សមិនអាចបំផ្លាញសេចក្ដីសង្ឃឹមរបស់យើង ចំពោះជីវិតនាពេលអនាគតបានឡើយ។ មួយវិញទៀត យើងកោតខ្លាចព្រះពីព្រោះយើងទទួលស្គាល់មហិទ្ធិឫទ្ធិខ្លាំងក្រៃលែងរបស់ទ្រង់ ដែលធ្វើឲ្យកម្លាំងរបស់សាសន៍ទាំងអស់នៅលើផែនដីនេះមើលទៅដូចជាខ្សោយមិនសំខាន់ទេ។ (អេសាយ ៤០:១៥) យើងមានទំនុកចិត្តទាំងស្រុងដូចអ័ប្រាហាំទៅលើអំណាចរបស់ព្រះយេហូវ៉ា ដើម្បីប្រោសនិងសង្គ្រោះអ្នកបំរើស្មោះត្រង់របស់ទ្រង់ឲ្យរស់ឡើងវិញ។ (វិវរណៈ ២:១០) ម្ល៉ោះហើយបានជាយើងពោលដោយជំនឿស៊ប់ថា៖ «បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?»។—រ៉ូម ៨:៣១
១៨. តើព្រះយេហូវ៉ាប្រទានរង្វាន់ចំពោះអ្នកដែលកោតខ្លាចដល់ទ្រង់យ៉ាងដូចម្ដេច?
១៨ មិនថាអ្នកដែលប្រឆាំងយើងជាសមាជិកក្រុមគ្រួសារ ឬក៏ជាអ្នកសម្លុតនៅឯសាលារៀនក៏ដោយ យើងនឹងឃើញថា«មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះមានទីពឹងមាំមួន»។ (សុភាសិត ១៤:២៦) យើងអាចអធិស្ឋានទូលព្រះឲ្យបានកម្លាំង ដោយដឹងថាទ្រង់នឹងសណ្ដាប់យើង។ (ទំនុកដំកើង ១៤៥:១៩) ព្រះយេហូវ៉ាមិនដែលភ្លេចអ្នកដែលកោតខ្លាចដល់ទ្រង់ទេ។ តាមរយៈលោកម៉ាឡាគី ដែលជាព្យាការីរបស់ទ្រង់ នោះព្រះយេហូវ៉ាធានាយើងថា៖ «គ្រានោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ា ក៏និយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាទ្រង់ប្រុងស្ដាប់ ក៏បានឮ រួចមានសៀវភៅរំឭកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សំរាប់ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ នឹងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់»។—ម៉ាឡាគី ៣:១៦
១៩. តើការខ្លាចបែបណានឹងសូន្យបាត់ទៅ? តែតើការកោតខ្លាចបែបណានឹងមានជានិច្ចជាកាលនោះ?
១៩ គ្រានោះគឺជិតដល់ហើយដែលមនុស្សទាំងអស់នៅលើផែនដី នឹងថ្វាយបង្គំព្រះយេហូវ៉ាហើយការខ្លបខ្លាចមនុស្សនឹងកន្លងសូន្យបាត់ទៅ។ (អេសាយ ១១:៩) ការខ្លាចថាខ្លួននិងគ្មានអ្វីញ៉ាំ ការខ្លាចជម្ងឺ ឧក្រិដ្ឋកម្ម និងសង្គ្រាមក៏នឹងលែងមានដែរ។ ក៏ប៉ុន្តែ ការកោតខ្លាចដល់ព្រះនឹងមានជានិច្ចជាកាល ពេលអ្នកបំរើស្មោះត្រង់របស់ទ្រង់នៅស្ថានសួគ៌និងនៅលើផែនដីបន្តគោរព ស្ដាប់បង្គាប់ និងលើកកិត្ដិយសចំពោះទ្រង់។ (វិវរណៈ ១៥:៤) ទំរាំទល់ពេលនោះ ចូរឲ្យយើងទាំងអស់គ្នាអនុវត្តតាមឱវាទរបស់ស្តេចសាឡូម៉ូនដែលព្រះបានបណ្ដាលឲ្យសរសេរថា៖ «កុំបើកឲ្យចិត្តច្រណែន នឹងមនុស្សមានបាបឡើយ ចូរឲ្យឯងប្រកបដោយសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ជាដរាបរាល់ថ្ងៃ ដ្បិតនឹងមានរង្វាន់ជាមិនខាន ហើយសេចក្ដីសង្ឃឹមរបស់ឯងនឹងមិនកាត់បង់ឡើយ»។—សុភាសិត ២៣:១៧, ១៨
[កំណត់សម្គាល់]
a មនុស្សពេញវ័យខ្លះលែងខ្លាចគ្រោះថ្នាក់ទៀត ពេលការងារធ្វើរបស់គេតម្រូវឲ្យគេស្ថិតក្នុងកាលៈទេសៈដែលប្រកបទៅដោយគ្រោះថ្នាក់ជាទៀងទាត់នោះ។ ពេលសិប្បករដ៏ជំនាញម្នាក់បានត្រូវសួរអំពីមូលហេតុជាងឈើជាច្រើននាក់ខ្វះម្រាមដៃមួយ គាត់តបឆ្លើយថា៖ «ពួកគេលែងខ្លាចម៉ាស៊ីនអារល្បឿនលឿនប្រើអគ្គីសនីនោះទៀតហើយ»។
b ព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់ក៏មានព្រះទ័យខ្ពើមរអើមនេះផងដែរ។ ជាឧទាហរណ៍ អេភេសូរ ៤:២៩ ពណ៌នាអំពីសំដីអាស្រូវជា«ពាក្យអាក្រក់»។ ពាក្យភាសាក្រិកដែលបានត្រូវបកប្រែថា«អាក្រក់»នោះ សំដៅយ៉ាងចំៗទៅលើផ្លែឈើឬសាច់ណាផ្សេងទៀតដែលស្អុយរលួយ។ ការពណ៌នាបែបនេះពន្យល់យ៉ាងច្បាស់អំពីអារម្មណ៍ស្អប់ខ្ពើមដែលយើងត្រូវមានចំពោះសំដីជេរប្រមាថឬមួយក៏ពាក្យអាសអាភាស។ ស្រដៀងគ្នាដែរ ក្នុងព្រះគម្ពីរ អំពើខុសឆ្គងច្រើនតែត្រូវហៅថា«លាមកអាក្រក់»។ (ពួកចៅហ្វាយ ២:១១; ពង្សាវតារក្សត្រទី១ ១៦:២៥) ធម្មតា ដោយព្រោះយើងខ្ពើមឆ្អើមលាមកដូច្នេះ ការពណ៌នាបែបនេះជួយយើងយល់ដឹងពីព្រះទ័យស្អប់ខ្ពើមរបស់ព្រះចំពោះការប្រព្រឹត្តណាដ៏អាក្រក់។
c ជាឧទាហរណ៍ សូមពិចារណាគំរូក្នុងព្រះគម្ពីរស្តីពីកាអ៊ីន(លោកុប្បត្តិ ៤:៣-១២) ដាវីឌ(សាំយូអែលទី២ ១១:២–១២:១៤) កេហាស៊ី(ពង្សាវតារក្សត្រទី២ ៥:២០-២៧) និងអូសៀស(របាក្សត្រទី២ ២៦:១៦-២១)។
តើអ្នកចាំទេ?
• តើយើងរៀនស្អប់អំពើអាក្រក់យ៉ាងដូចម្ដេច?
• នៅសម័យលោកម៉ាឡាគី តើជនជាតិអ៊ីស្រាអែលខ្លះបានមើលស្រាលនូវមិត្តភាពរបស់គេចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
• តើយើងអាចរៀនអ្វីខ្លះពីគំរូអ័ប្រាហាំ យ៉ូសែប និងលោកយ៉ូបអំពីការកោតខ្លាចដល់ព្រះនោះ?
• តើការខ្លាចមួយណានឹងមានជារៀងរហូតនោះ? ហើយហេតុអ្វី?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៣]
មាតាបិតាដែលមានប្រាជ្ញា បង្រៀនឲ្យកូនចេះខ្លាច គ្រោះថ្នាក់
[រូបភាពនៅទំព័រ១៤]
ដូចជាការភ័យខ្លាចធ្វើឲ្យយើងជៀសចេញពីគ្រោះថ្នាក់នោះ ការកោតខ្លាច ដល់ព្រះធ្វើឲ្យយើងជៀសចេញពីអ្វីដ៏អាក្រក់
[រូបភាពនៅទំព័រ១៧]
យ៉ូបបានបន្តកោតខ្លាចដល់ព្រះ ទោះជាគាត់ត្រូវទ្រាំ នឹងមិត្តក្លែងក្លាយបីនាក់ក្ដី
[អ្នកផ្ដល់សិទ្ធិ]
From the Bible translation Vulgata Latina, 1795