តើតាមវិធីណាដែលអ្នកអាចជួយ«កូនបង្ហិនទ្រព្យ»បាន?
តើតាមវិធីណាដែលអ្នកអាចជួយ«កូនបង្ហិនទ្រព្យ»បាន?
‹អរសប្បាយទៅ . . . ពីព្រោះគាត់បានបាត់បង់ តែបានឃើញមកវិញហើយ›។—លូកា ១៥:៣២
១, ២. (ក) តើយុវជនខ្លះបានប្រព្រឹត្តតបយ៉ាងណាចំពោះជំនឿគ្រីស្ទាន? (ខ) ក្នុងកាលៈទេសៈបែបនេះ តើមាតាបិតានិងយុវជនអាចមានអារម្មណ៍បែបណា?
«ខ្ញុំនឹងឈប់ធ្វើជាស្មរបន្ទាល់ព្រះយេហូវ៉ាទៀតហើយ!»។ មាតាបិតាគ្រីស្ទានរន្ធត់ចិត្តខ្លាំងយ៉ាងណាទៅហ្ន៎! ពេលឮកូនរបស់គាត់និយាយបែបនេះនោះ ក្រោយពីគាត់បានខិតខំព្យាយាមទាំងលំបាកដើម្បីចិញ្ចឹមអប់រំកូនឲ្យមានរបៀបរស់នៅសមស្របតាមគោលការណ៍គ្រីស្ទាន។ យុវជនឯទៀតចេះតែ«រសាត់ចេញ» ដោយមិនបានប្រាប់ច្បាស់លាស់ពីបំណងខ្លួនឡើយ។ (ហេព្រើរ ២:១) កូនជាច្រើនបែបនេះ គឺស្រដៀងគ្នានឹងកូនបង្ហិនទ្រព្យក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ ដែលកូននោះបានចាកចេញពីផ្ទះឪពុកនិងបង្ហិននូវមរតករបស់ខ្លួននៅប្រទេសឆ្ងាយមួយ។—លូកា ១៥:១១-១៦
២ ស្មរបន្ទាល់ព្រះយេហូវ៉ាភាគច្រើនគ្មានបញ្ហានេះទេ។ ចំណែកអ្នកដែលមានកូនបែបនេះវិញ គ្មានសំដីណាដែលអាចត្រូវថ្លែងដើម្បីសម្រាលទុក្ខនិងបំបាត់ទាំងស្រុងនូវសេចក្ដីទុក្ខព្រួយរបស់ពួកគាត់ឡើយ។ ម្យ៉ាងទៀត ក៏ត្រូវទទួលស្គាល់នូវអពមង្គលដែលយុវជននោះអាចពិសោធន៍ពេលគាត់កំពុងវង្វេងនោះ។ ប្រហែលជាមនសិការគាត់កំពុងតែធ្វើទុក្ខទោសដល់ចិត្តគាត់ហើយ។ ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ នៅទីបំផុត ឪពុកនោះមានចិត្តអរពីព្រោះកូនប្រុសបង្ហិនទ្រព្យនោះ«ភ្ញាក់ដឹងខ្លួន»វិញ។ តើមាតាបិតានិងអ្នកឯទៀតក្នុងក្រុមជំនុំអាចជួយកូនបង្ហិនទ្រព្យទាំងនោះឲ្យ«ភ្ញាក់ដឹងខ្លួន»វិញបានទេ?—លូកា ១៥:១៧
មូលហេតុដែលកូនខ្លះសម្រេចចិត្តចាកចេញពីសេចក្ដីពិត
៣. តើហេតុណាខ្លះដែលយុវជនសម្រេចចិត្តចាកចេញពីក្រុមជំនុំគ្រីស្ទាន?
៣ មានយុវជនរាប់សែននាក់ដែលបំរើព្រះយេហូវ៉ាដោយចិត្តសប្បាយ។ ដូច្នេះ ហេតុអ្វីបានជាយុវជនឯទៀតចាកចេញអ៊ីចឹង? ប្រហែលជាគេគិតថា គេកំពុងតែខកខានទទួលអ្វីដែលលោកីយ៍នេះស្នើផ្ដល់ឲ្យ។ (ធីម៉ូថេទី២ ៤:១០) ឬក៏គេប្រហែលជាគិតថា អង្គការរបស់ព្រះយេហូវ៉ាដែលផ្ដល់នូវការការពារនោះ គឺតឹងរ៉ឹងពេក។ មនសិការដែលបន្ទោសខ្លួន ចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើភេទផ្ទុយ ឬក៏សេចក្ដីប៉ងប្រាថ្នាឲ្យពួកអ្នកដែលមានអាយុស្របាលគ្នាពេញចិត្តនឹងខ្លួន ទាំងនេះអាចជាហេតុធ្វើឲ្យយុវជនម្នាក់រសាត់ចេញពីហ្វូងរបស់ព្រះយេហូវ៉ា។ យុវជនម្នាក់ក៏ប្រហែលជាអាចឈប់បំរើព្រះ ដោយសារគាត់គិតថា មាតាបិតាខ្លួនឬក៏គ្រីស្ទានឯទៀតជាមនុស្សមានពុតត្បុត។
៤. តាមធម្មតា តើអ្វីជាដើមហេតុដែលយុវជនចាកចេញនោះ?
៤ ធម្មតា គំនិតនិងកិរិយារឹងទទឹងរបស់កូនម្នាក់ចង្អុលបញ្ជាក់ថា គាត់គឺខ្សោយខាងវិញ្ញាណ និងក៏សម្ដែងពីអ្វីដែលនៅក្នុងចិត្តរបស់គាត់។ (សុភាសិត ១៥:១៣; ម៉ាថាយ ១២:៣៤) ទោះជាយុវជនម្នាក់ចាកចេញដោយហេតុណាក៏ដោយ ដើមហេតុនៃបញ្ហានោះគឺច្រើនតែដោយសារគាត់គ្មាន«ចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។ (ធីម៉ូថេទី២ ៣:៧, ព.ថ.) គឺសំខាន់ដែលយុវជនបណ្ដុះបណ្ដាលឲ្យមានទំនាក់ទំនងដ៏ជិតស្និទ្ធនិងផ្ទាល់ខ្លួនជាមួយនឹងព្រះយេហូវ៉ា ជាជាងគ្រាន់តែថ្វាយបង្គំទ្រង់ដោយមិនគិតនោះ។ តើអ្វីនឹងជួយគេធ្វើអ៊ីចឹង?
ចូលទៅជិតស្និទ្ធនឹងព្រះ
៥. តើអ្វីជាចាំបាច់ បើសិនជាយុវជនម្នាក់នឹងបណ្ដុះបណ្ដាលឲ្យមានទំនាក់ទំនងដ៏ជិតស្និទ្ធផ្ទាល់ខ្លួនជាមួយនឹងព្រះ?
៥ យ៉ាកុបដែលជាសិស្សព្រះយេស៊ូនោះ បានសរសេរថា៖ «ចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ»។ (យ៉ាកុប ៤:៨) ដើម្បីធ្វើអ៊ីចឹង យុវជនម្នាក់ត្រូវការនូវជំនួយដើម្បីបណ្ដុះបណ្ដាលឲ្យមានចំណង់ចំពោះព្រះបន្ទូលរបស់ព្រះ។ (ទំនុកដំកើង ៣៤:៨) ជាដំបូងនោះ គាត់ នឹងត្រូវការសេចក្ដីបង្រៀនបឋមក្នុងព្រះគម្ពីរដែលប្រៀបដូចជា«ទឹកដោះ»។ ក៏ប៉ុន្តែ ពេលគាត់ចាប់ផ្ដើមមានចំណង់ចំណូលចិត្តចំពោះព្រះបន្ទូលរបស់ព្រះនិងមានចំណង់ឲ្យបាន«អាហាររឹង» ដែលជាពត៌មានដ៏ជ្រៅជ្រះខាងវិញ្ញាណ នោះមិនយូរក្រោយមកគាត់នឹងអាចទទួលនូវភាពចាស់ទុំខាងវិញ្ញាណ។ (ហេព្រើរ ៥:១១-១៤; ទំនុកដំកើង ១:២) យុវជនម្នាក់បានសារភាពថា គាត់បានផុងខ្លួនក្នុងលោកីយ៍នេះ ក្រោយមកក៏បានចាប់ផ្ដើមយល់តម្លៃនៃគោលការណ៍ខាងវិញ្ញាណ។ តើអ្វីបានជួយគាត់ប្រែចិត្តវិញ? ពេលគាត់ទទួលយោបល់ឲ្យអានព្រះគម្ពីរទាំងមូល គាត់បានធ្វើតាមកាលវិភាគមួយដ៏ទៀងទាត់សំរាប់ការអានព្រះគម្ពីរ។ គឺចាំបាច់ដែលយុវជនអានព្រះបន្ទូលរបស់ព្រះ ជាទៀងទាត់ ដើម្បីបណ្ដុះបណ្ដាលឲ្យមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងទ្រង់។
៦, ៧. តើមាតាបិតាអាចជួយកូនរបស់ខ្លួនបណ្ដុះបណ្ដាលឲ្យមានចំណង់ចំណូលចិត្តចំពោះព្រះបន្ទូលរបស់ព្រះយ៉ាងដូចម្ដេច?
៦ គឺសំខាន់យ៉ាងណាទៅហ្ន៎! ដែលមាតាបិតាជួយកូនរបស់ខ្លួនបណ្ដុះបណ្ដាលឲ្យមានចំណង់ចំណូលចិត្តចំពោះព្រះបន្ទូលរបស់ព្រះ! ទោះបីយុវនារីម្នាក់មានការសិក្សាជាក្រុមគ្រួសារជាទៀងទាត់ក្ដី គាត់បានសេពគប់នឹងក្មេងអាវ៉ាសែជាច្រើន។ គាត់ប្រាប់អំពីការសិក្សាជាក្រុមគ្រួសាររបស់គាត់ថា៖ «ពេលឪពុកខ្ញុំសួរសំនួរ ខ្ញុំគ្រាន់តែអានចម្លើយ ដោយមិនមើលមុខគាត់ទេ»។ ក្នុងការសិក្សាជាក្រុមគ្រួសារ ជាជាងគ្រាន់តែមើលពត៌មានប៉ុណ្ណោះ មាតាបិតាដែលមានប្រាជ្ញាក៏បង្រៀនយ៉ាងប៉ិនប្រសប់ផងដែរ។ (ធីម៉ូថេទី២ ៤:២) បើសិនជាយុវជនម្នាក់សប្បាយនឹងការសិក្សា នោះគាត់ត្រូវដឹងថាការសិក្សាទាក់ទងនឹងគាត់។ អ្នកគួរសួរអំពីទស្សនៈរបស់គាត់នឹងឲ្យគាត់និយាយចេញពីដួងចិត្ត។ ចូរលើកទឹកចិត្តយុវជននោះឲ្យអនុវត្តតាមពត៌មានដែលគេកំពុងតែត្រូវពិចារណានោះ។ a
៧ ម្យ៉ាងទៀត ធ្វើឲ្យការពិគ្រោះនោះមានភាពរស់រវើក។ ពេលដែលសមរម្យនោះ ឲ្យក្មេងៗដើរតួធ្វើការសម្ដែងពីរឿងនិងព្រឹត្ដិការណ៍ផ្សេងៗក្នុងព្រះគម្ពីរ។ ជួយគេនឹកគិតទៅដល់ទីកន្លែងនិងលក្ខណៈនៃប្រទេសដែលព្រឹត្ដិការណ៍នោះបានកើតឡើង។ ផែនទីនិងតារាងផ្សេងៗប្រហែលជាអាចជួយបាន។ ដោយប្រើប្រឌិតញាណ ការសិក្សាជាក្រុមគ្រួសារអាចធ្វើជាអ្វីដ៏រស់រវើកនិងមិនច្រំដែលទេ។ មាតាបិតាក៏គួរពិនិត្យមើលទំនាក់ទំនងរបស់ខ្លួននឹងព្រះយេហូវ៉ាផងដែរ។ ពេលគាត់ផ្ទាល់ចូលទៅកាន់តែជិតនឹងព្រះយេហូវ៉ា នោះគាត់ក៏អាចជួយកូនរបស់ខ្លួនធ្វើអ៊ីចឹងដែរ។—ចោទិយកថា ៦:៥-៧
៨. តើសេចក្ដីអធិស្ឋានជួយមនុស្សម្នាក់ចូលទៅជិតនឹងព្រះយ៉ាងដូចម្ដេច?
៨ សេចក្ដីអធិស្ឋាន ក៏ជួយមនុស្សម្នាក់ចូលទៅជិតនឹងព្រះផងដែរ។ ក្មេងស្រីវ័យជំទង់ម្នាក់ មានចិត្តពីរដោយចង់រស់នៅរបៀបគ្រីស្ទាន តែចង់សេពគប់ជាមួយពួកម៉ាកដែលមិនមែនជាអ្នកជឿដូចគាត់ទេ។ (យ៉ាកុប ៤:៤) តើគាត់បានធ្វើអ្វីនឹងរឿងនេះ? នាងសារភាពថា៖ «ជាលើកទីមួយ ខ្ញុំបានអធិស្ឋានយ៉ាងស្មោះទូលព្រះយេហូវ៉ាអំពីអារម្មណ៍របស់ខ្ញុំ»។ នាងប្រាប់ថា សេចក្ដីអធិស្ឋានរបស់គាត់ត្រូវឆ្លើយពេលគាត់រកឃើញមិត្តម្នាក់ក្នុងក្រុមជំនុំគ្រីស្ទានដែលគាត់អាចទុកចិត្តបាន។ ដោយគិតថា ព្រះយេហូវ៉ាកំពុងតែនាំផ្លូវរបស់គាត់ នោះនាងចាប់ផ្ដើមបណ្ដុះបណ្ដាលទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹងព្រះ។ មាតាបិតាអាចជួយកូនរបស់ខ្លួនដោយបង្កើនគុណភាពនៃសេចក្ដីអធិស្ឋានរបស់ខ្លួន។ ពេលដែលអធិស្ឋានជាក្រុមគ្រួសារ មាតាបិតាអាចនិយាយអស់ពីក្រអៅបេះដូងដើម្បីឲ្យកូនរបស់ខ្លួនដឹងពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា។
ចូរមានចិត្តអត់ធ្មត់ទាំងម៉ឺងម៉ាត់
៩, ១០. តើព្រះយេហូវ៉ាបានតាំងគំរូអ្វីស្តីពីចិត្តអត់ធ្មត់ចំពោះសាសន៍អ៊ីស្រាអែលដ៏វង្វេងចេញនោះ?
៩ ពេលយុវជនម្នាក់ចាប់ផ្ដើមរសាត់ចេញនោះ គាត់ប្រហែលជានឹងខិតខំមិនសេពគប់ជាមួយមនុស្សឯទៀត និងមិនព្រមពិភាក្សាជាមួយមាតាបិតាអំពីរឿងខាងវិញ្ញាណឡើយ។ តើមាតាបិតាអាចធ្វើអ្វីក្នុងកាលៈទេសៈបែបនេះ? សូមពិចារណានូវអ្វីដែលព្រះយេហូវ៉ាបានធ្វើចំពោះអ៊ីស្រាអែលពីបុរាណនោះ។ ទ្រង់បានទ្រាំនឹងអ៊ីស្រាអែលដែលមាន«ក្បាលរឹងណាស់» អស់រយៈពេល៩០០ឆ្នាំមុនដែលទ្រង់បានផ្ដាច់ទំនាក់ទំនងឲ្យគេដើរតាមផ្លូវខុសឆ្គងរបស់ខ្លួន។ (និក្ខមនំ ៣៤:៩; របាក្សត្រទី២ ៣៦:១៧-២១; រ៉ូម ១០:២១) ថ្វីបើគេ‹ល្បងលព្រះយេហូវ៉ា›ម្ដងហើយម្ដងទៀតក៏ដោយ ទ្រង់នៅតែបង្ហាញ«សេចក្ដីមេត្ដាករុណា»ចំពោះគេវិញ។ «ទ្រង់បានបង្វែរសេចក្ដីខ្ញាល់ទ្រង់ចេញជាញយៗ ឥតឲ្យសេចក្ដីក្រោធរបស់ទ្រង់ផុលឡើងទាំងអស់ឡើយ»។ (ទំនុកដំកើង ៧៨:៣៨-៤២) ការប្រព្រឹត្តរបស់ទ្រង់ចំពោះគេ គឺល្អឥតខ្ចោះណាស់។ មាតាបិតាដែលស្រឡាញ់កូន ក៏ត្រាប់តាមព្រះយេហូវ៉ា និងបង្ហាញចិត្តអត់ធ្មត់ដែរ ពេលកូនរបស់គាត់មិនប្រព្រឹត្តតាមភ្លាមៗសមស្របតាមជំនួយដែលគាត់ផ្ដល់ឲ្យនោះ។
១០ ការមានចិត្តអត់ធ្មត់មិនមានន័យថា«ទ្រាំយូរ»ទេ។ នេះក៏បញ្ជាក់ថាមនុស្សម្នាក់មិនព្រមអស់សង្ឃឹមថា ទំនាក់ទំនងមួយដ៏ល្អដែលធ្លាប់មាននឹងមិនអាចផ្សះផ្សាឡើងវិញបានទេ។ ព្រះយេហូវ៉ាបានធ្វើជាគំរូចំពោះការមានចិត្តអត់ធ្មត់។ ទ្រង់យកជំហានដំបូងដោយចាត់អ្នកនាំសាររបស់ទ្រង់ទៅសាសន៍អ៊ីស្រាអែល«ជាច្រើនដង»។ ព្រះយេហូវ៉ា«មានព្រះហឫទ័យមេត្ដាប្រជារាស្ត្រ»ទ្រង់ ទោះបី‹ពួកគេបែរជាប្រមាថអ្នក ដែលព្រះអង្គចាត់អោយទៅ និងពួកគេមើលងាយព្រះបន្ទូលរបស់ព្រះអង្គ›ក៏ដោយ។ (របាក្សត្រទី២ ៣៦:១៥, ១៦ ព្រះគម្ពីរភាសាខ្មែរសម្រាយ) ទ្រង់បានអំពាវនាវសាសន៍អ៊ីស្រាអែលថា៖ «ចូរឲ្យអ្នករាល់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួន»។ (យេរេមា ២៥:៤, ៥) ក៏ប៉ុន្តែ ព្រះយេហូវ៉ាមិនបានលះចោលគោលការណ៍សុចរិតរបស់ទ្រង់ឡើយ។ សាសន៍អ៊ីស្រាអែលបានត្រូវណែនាំឲ្យ«វិលមក»ព្រះវិញនិងខ្នាតតម្រារបស់ទ្រង់។
១១. តើតាមរបៀបណាដែលមាតាបិតាអាចបង្ហាញចិត្តអត់ធ្មត់តែម៉ឺងម៉ាត់ក្នុងការទាក់ទងនឹងកូនវៀចវេរ?
១១ មាតាបិតាអាចធ្វើតម្រាប់តាមព្រះយេហូវ៉ានិងមានចិត្តអត់ធ្មត់ ដោយមិនអស់សង្ឃឹមនឹងកូនវៀចវេរនោះទេ។ ដោយមិនអស់សង្ឃឹម នោះមាតាបិតាអាចធ្វើតាមជំហានដំបូងដើម្បីរក្សាឲ្យមានការទាក់ទងគ្នា ឬក៏បង្កើតឲ្យមានការនិយាយទាក់ទងគ្នាឡើងវិញ។ ទន្ទឹមនឹងការកាន់ខ្ជាប់តាមគោលការណ៍សុចរិតក្នុងព្រះគម្ពីរ មាតាបិតាអាចអំពាវនាវ«ជាច្រើនដង»ដល់កូននោះ ឲ្យវិលមកសេចក្ដីពិតវិញ។
ពេលកូនម្នាក់ដែលមិនគ្រប់អាយុត្រូវបណ្ដាច់មិត្តភាព
១២. តើមាតាបិតាមានភារកិច្ចអ្វីចំពោះកូនដែលមិនទាន់គ្រប់អាយុនៅជាមួយគាត់ តែត្រូវបណ្ដេញពីក្រុមជំនុំ?
១២ ចុះយ៉ាងណាវិញ ពេលកូនម្នាក់ដែលមិនទាន់គ្រប់អាយុនិងរស់នៅជាមួយមាតាបិតា ធ្វើអំពើខុសដ៏ធ្ងន់ធ្ងរហើយដោយសារគាត់មិនប្រែចិត្តនោះ ត្រូវបណ្ដេញពីក្រុមជំនុំ? ដោយព្រោះកូននោះនៅជាមួយមាតាបិតា នោះពួកគាត់នៅតែមានភារកិច្ចណែនាំនិងប្រៀនប្រដៅកូននោះសមស្របតាមព្រះបន្ទូលរបស់ព្រះ។ តើគាត់អាចធ្វើដូចនេះយ៉ាងដូចម្ដេចទៅ?—សុភាសិត ៦:២០-២២; ២៩:១៧
១៣. តើមាតាបិតាអាចខិតខំមានឥទ្ធិពលទៅលើចិត្តកូនរបស់ខ្លួនដែលធ្វើខុសនោះយ៉ាងដូចម្ដេច?
១៣ គាត់ប្រហែលជាអាចធ្វើការណែនាំប្រៀនប្រដៅ តាមរយៈការសិក្សាព្រះគម្ពីរជាមួយគ្នាតែពីរនាក់ប៉ុណ្ណោះ។ ការធ្វើយ៉ាងនេះគឺល្អបំផុត។ មាតាឬបិតាមិនត្រូវគិតអំពីភាពរឹងរូសរបស់កូននោះទេ តែត្រូវខំយល់ដឹងពីអ្វីដែលនៅក្នុងចិត្តកូនវិញ។ តើជម្ងឺខាងវិញ្ញាណរបស់កូនរួមបញ្ចូលអ្វីខ្លះ? (សុភាសិត ២០:៥) តើមាតាបិតាអាចមានឥទ្ធិពលទៅលើផ្នែកនៃចិត្តរបស់កូនដែលមិនទាន់រឹងរូសបានទេ? តើខគម្ពីរណាដែលអាចត្រូវប្រើដោយប្រសិទ្ធិភាព? សាវ័កប៉ុលធានាថា៖ «ព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់នឹងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិតដែលចិត្តគិត ហើយដែលសំរេចដែរ»។ (ហេព្រើរ ៤:១២) គឺពិតមែនដែលថា មាតាបិតាអាចធ្វើច្រើនជាងមិនគ្រាន់តែប្រាប់កូនរបស់ខ្លួនថា កុំធ្វើអំពើអាក្រក់ទៀតឡើយ។ ពួកគាត់អាចខំផ្ដើមនឹងបណ្ដាលឲ្យមានការផ្សះផ្សា។
១៤. តើអ្វីជាជំហានដំបូងដែលយុវជនម្នាក់ធ្វើខុសត្រូវទទួលយក ដើម្បីផ្សះផ្សានូវទំនាក់ទំនងរបស់ខ្លួនជាមួយនឹងព្រះយេហូវ៉ា? និងតើមាតាបិតាអាចជួយកូនធ្វើតាមជំហានដំបូងនោះយ៉ាងដូចម្ដេច?
១៤ យុវជនដែលបានធ្វើខុស ត្រូវតែផ្សះផ្សានូវទំនាក់ទំនងរបស់ខ្លួនជាមួយនឹងព្រះយេហូវ៉ា។ ជំហានទីមួយគឺដោយ«ប្រែចិត្ត ហើយវិល មក»។ (កិច្ចការ ៣:១៩; អេសាយ ៥៥:៦, ៧) ពេលមាតាបិតាជួយកូនក្នុងគ្រួសាររបស់គាត់ឲ្យប្រែចិត្តវិញ នោះគាត់ត្រូវ‹មានចិត្តអត់ធ្មត់ផង ទាំងត្រូវប្រដៅដំរង់›កូនរឹងទទឹងនោះ«ដោយមានចិត្តសុភាព»។ (ធីម៉ូថេទី២ ២:២៤-២៦) មាតាបិតាត្រូវ‹ប្រដៅតម្រង់›កូននោះសមស្របតាមអត្ថន័យក្នុងព្រះគម្ពីរ។ ពាក្យភាសាក្រិកដែលត្រូវបកប្រែថា‹ប្រដៅតម្រង់› ក៏អាចត្រូវបកប្រែថា «ផ្ដល់ភស្តុតាងដែលនាំឲ្យជឿជាក់»។ (វិវរណៈ ៣:១៩; យ៉ូហាន ១៦:៨) ដូច្នេះ ការប្រដៅតម្រង់រួមបញ្ចូលការបង្ហាញភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ចុះបញ្ចូលឲ្យកូននោះទទួលស្គាល់ថា ការប្រព្រឹត្តរបស់ខ្លួនគឺជាបាប។ ការធ្វើអ៊ីចឹងច្បាស់ជាមិនស្រួលទេ។ ពេលអាចធ្វើទៅបាន នោះមាតាបិតាអាចខំមានអានុភាពទៅលើចិត្តកូន ដោយប្រើគ្រប់វិធីដែលសមស្របតាមបទគម្ពីរដើម្បីបញ្ចុះបញ្ចូលកូនរបស់ខ្លួន។ ពួកគាត់គួរខិតខំជួយគាត់យល់ដឹងពីសារៈសំខាន់នៃការ«ស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អវិញ»។ (អេម៉ុស ៥:១៥) គាត់ប្រហែលជានឹង«ភ្ញាក់ដឹងខ្លួនឡើង ចេញផុតពីអន្ទាក់របស់អារក្ស»។
១៥. តើសេចក្ដីអធិស្ឋានមានមុខងារអ្វីក្នុងការផ្សះផ្សានូវទំនាក់ទំនងរវាងអ្នកដែលធ្វើខុសនឹងព្រះយេហូវ៉ា?
១៥ ដើម្បីផ្សះផ្សានូវទំនាក់ទំនងរបស់មនុស្សម្នាក់ជាមួយនឹងព្រះយេហូវ៉ា សេចក្ដីអធិស្ឋានគឺត្រូវការជាចាំបាច់។ ប្រាកដហើយ គ្មានអ្នកណាគួរ«សូមអង្វរឲ្យ»បាបដែលមនុស្សម្នាក់ក្នុងក្រុមជំនុំគ្រីស្ទានដែលធ្វើឡើងដោយឥតលាក់លៀមម្ដងហើយម្ដងទៀតនិងដោយមានចេតនាហើយមិនព្រមប្រែចិត្តនោះទេ។ (យ៉ូហានទី១ ៥:១៦, ១៧; យេរេមា ៧:១៦-២០; ហេព្រើរ ១០:២៦, ២៧) ក៏ប៉ុន្តែ មាតាបិតាអាចទូលសូមប្រាជ្ញាពីព្រះយេហូវ៉ាដើម្បីរកផ្លូវដោះស្រាយរឿងនោះ។ (យ៉ាកុប ១:៥) បើសិនជាយុវជនម្នាក់ដែលត្រូវបណ្ដាច់មិត្តភាពហើយ និងក្រោយមកបង្ហាញទីសំអាងពីការប្រែចិត្ត តែគាត់មិនអាច«និយាយដោយសេរីចំពោះព្រះ» នោះមាតាបិតាប្រហែលជាអធិស្ឋានទូលថា បើសិនជាព្រះទតឃើញថា មានហេតុដើម្បីលើកលែងទោសកំហុសរបស់កូនខ្ញុំ នោះសូមឲ្យព្រះហឫទ័យទ្រង់សម្រេច។ (យ៉ូហានទី១ ៣:២១, ព.ថ.) ពេលកូនស្ដាប់សេចក្ដីអធិស្ឋានទាំងនេះ នោះគួរជួយគាត់យល់ឃើញថា ព្រះយេហូវ៉ាគឺជាព្រះមួយដែលប្រកបទៅដោយសេចក្ដីមេត្ដាករុណា។ b—និក្ខមនំ ៣៤:៦, ៧; យ៉ាកុប ៥:១៦
១៦. តើតាមវិធីណាដែលយើងអាចជួយសមាជិកផ្សេងទៀតក្នុងក្រុមគ្រួសារដែលមានយុវជនមិនគ្រប់អាយុត្រូវបណ្ដាច់មិត្តភាព?
១៦ បើសិនជាយុវជនម្នាក់ដែលបានទទួលបុណ្យជ្រមុជទឹកត្រូវបណ្ដាច់មិត្តភាព នោះសមាជិកក្រុមជំនុំ«មិនត្រូវឲ្យភប់ប្រសព្វ»នឹងគាត់ឡើយ។ (កូរិនថូសទី១ ៥:១១; យ៉ូហានទី២ ១០, ១១) ជាយថាហេតុ នេះប្រហែលជាអាចជួយគាត់«ភ្ញាក់ដឹងខ្លួន»និងត្រឡប់មកទទួលនូវការការពារពីហ្វូងរបស់ព្រះវិញ។ (លូកា ១៥:១៧) ក៏ប៉ុន្តែ មិនថាគាត់ត្រឡប់មកវិញឬក៏អត់ក៏ដោយ សមាជិកក្រុមជំនុំអាចលើកទឹកចិត្តក្រុមគ្រួសាររបស់យុវជនដែលបណ្ដាច់មិត្តភាពនោះ។ យើងម្នាក់ៗអាចឆ្លៀតឱកាសបង្ហាញ«ចិត្តអាណិតអាសូរ»និង«ចិត្តទន់សន្ដោស»ចំពោះគេ។—ពេត្រុសទី១ ៣:៨, ៩
របៀបដែលអ្នកឯទៀតអាចជួយបាន
១៧. តើសមាជិកក្រុមជំនុំត្រូវចាំពីអ្វី ពេលគេខិតខំជួយយុវជនម្នាក់ដែលបានវង្វេងចេញ?
១៧ ចុះយ៉ាងណាវិញចំពោះយុវជនម្នាក់ដែលមិនបណ្ដាច់មិត្តភាពពីក្រុមជំនុំគ្រីស្ទានទេ តែភាពខាងវិញ្ញាណរបស់គាត់បានចុះខ្សោយ? សាវ័កប៉ុលបានសរសេរថា៖ «បើអវយវៈ១ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា»។ (កូរិនថូសទី១ ១២:២៦) អ្នកឯទៀតអាចបង្ហាញការយកចិត្តទុកដាក់ទៅលើយុវជននោះ។ ពួកគេទំនងជាត្រូវប្រុងប្រយ័ត្នផងដែរ ពីព្រោះយុវជនម្នាក់ដែលឈឺខាងវិញ្ញាណអាចមានអានុភាពមិនល្អទៅលើយុវជនឯទៀត។ (កាឡាទី ៥:៧-៩) ក្នុងក្រុមជំនុំមួយ មនុស្សពេញវ័យមួយចំនួនដែលចង់ជួយយុវជនខ្លះៗដែលខ្សោយខាងវិញ្ញាណ បានអញ្ជើញយុវជនទាំងនោះដើម្បីជួបជុំគ្នាលេងភ្លេងប្រជាប្រិយជាមួយគ្នា។ ទោះបីយុវជនទាំងនោះចូលចិត្តធ្វើអ៊ីចឹងក៏ដោយ អានុភាពរបស់គេទៅវិញទៅមកបាននាំឲ្យគេផ្ដាច់ទំនាក់ទំនងជាមួយក្រុមជំនុំ។ (កូរិនថូសទី១ ១៥:៣៣; យូដាស ២២, ២៣) អ្វីដែលអាចជួយយុវជនដែលខ្សោយខាងវិញ្ញាណ មិនមែនជាការជួបជុំគ្នាកំសាន្តដោយគ្មានការណែនាំខាងវិញ្ញាណទេ តែគឺជាការសេពគប់ដែលជួយគេបណ្ដុះបណ្ដាលចំណង់ចំណូលចិត្តចំពោះអ្វីៗខាងវិញ្ញាណ។ c
១៨. តើតាមរបៀបណាដែលយើងអាចបង្ហាញចិត្តគំនិតដូចបិតាកូនបង្ហិនទ្រព្យក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ?
១៨ ពេលយុវជនម្នាក់ដែលបានចាកចេញពីក្រុមជំនុំ ត្រឡប់មកសាលព្រះរាជាណាចក្រឬក៏មានវត្តមាននៅឯសន្និបាតមួយ សូមនឹកគិតពី អារម្មណ៍របស់គាត់។ យើងត្រូវបង្ហាញចិត្តគំនិតចង់ស្វាគមន៍ ដូចបិតារបស់កូនបង្ហិនទ្រព្យនោះក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ មែនទេ? (លូកា ១៥:១៨-២០, ២៥-៣២) ក្មេងជំទង់ម្នាក់ដែលបានចាកចេញពីក្រុមជំនុំគ្រីស្ទាននិងក្រោយមកចូលរួមមហាសន្និបាតមួយបានស្រដីថា៖ «ខ្ញុំបាននឹកស្មានថា គេទាំងអស់គ្នានឹងមិននិយាយរកមនុស្សដូចខ្ញុំទេ តែបងប្អូនប្រុសស្រីបាននិយាយរកខ្ញុំនិងស្វាគមន៍ខ្ញុំទៀតផង។ នេះបានធ្វើឲ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង»។ គាត់ចាប់ផ្ដើមសិក្សាព្រះគម្ពីរម្ដងទៀត និងក្រោយមកទទួលបុណ្យជ្រមុជទឹក។
ចូរតស៊ូ
១៩, ២០. ហេតុអ្វីបានជាយើងគួររក្សាឲ្យមានគំនិតវិជ្ជមានចំពោះកូនរបស់យើងដែលដូចជាកូនបង្ហិនទ្រព្យនោះ?
១៩ ការជួយកូនមួយដែលដូចជា«កូនបង្ហិនទ្រព្យ»ឲ្យ«ភ្ញាក់ដឹងខ្លួន»វិញ តម្រូវឲ្យមានចិត្តអត់ធ្មត់និងអាចជាការពិបាកសំរាប់មាតាបិតានិងអ្នកឯទៀត។ ក៏ប៉ុន្តែ កុំចុះចាញ់ឲ្យសោះ។ «ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ»។ (ពេត្រុសទី២ ៣:៩) បទគម្ពីរធានាថា ព្រះយេហូវ៉ាមានព្រះទ័យឲ្យមនុស្សប្រែចិត្តនិងទទួលជីវិត។ តាមពិត ទ្រង់បានចាត់វិធានការរៀបចំឲ្យមនុស្សមានវិធីផ្សះផ្សានូវទំនាក់ទំនងនឹងទ្រង់។ (កូរិនថូសទី២ ៥:១៨, ១៩) ព្រះទ័យអត់ធ្មត់របស់ទ្រង់បានបើកឲ្យ មនុស្សរាប់លាននាក់មានឱកាសភ្ញាក់ដឹងខ្លួនវិញ។—អេសាយ ២:២, ៣
២០ ដូច្នេះ មាតាបិតាគួរប្រើគ្រប់វិធីសមស្របតាមបទគម្ពីរដើម្បីជួយកូនមិនគ្រប់អាយុដែលដូចជាកូនបង្ហិនទ្រព្យនោះឲ្យភ្ញាក់ដឹងខ្លួន មែនទេ? ដោយធ្វើតម្រាប់តាមព្រះយេហូវ៉ា ចូរឲ្យមានចិត្តអត់ធ្មត់ពេលអ្នកយកជំហានវិជ្ជមាន ដើម្បីជួយកូនរបស់អ្នកត្រឡប់មកព្រះយេហូវ៉ាវិញ។ កាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាមគោលការណ៍ព្រះគម្ពីរ និងខិតខំបង្ហាញគុណសម្បត្ដិរបស់ព្រះយេហូវ៉ា ដូចជាសេចក្ដីស្រឡាញ់ យុត្ដិធម៌ និងប្រាជ្ញាពេលអ្នកអធិស្ឋានឲ្យបានជំនួយពីទ្រង់។ កូនប្រុសឬកូនស្រីរបស់អ្នកដែលដូចជាកូនបង្ហិនទ្រព្យប្រហែលជានឹងត្រឡប់មកទទួលការការពារក្នុងហ្វូងរបស់ព្រះវិញ ដូចជាអ្នករឹងទទឹងជាច្រើននាក់ឯទៀតដែលបានប្រព្រឹត្តតបតាមការអញ្ជើញដោយសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាដែរ។—លូកា ១៥:៦, ៧
[កំណត់សម្គាល់]
a ដើម្បីបានយោបល់ថែមទៀតអំពីរបៀបបង្រៀនយុវជនដោយប្រសិទ្ធិភាព សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា ឆ្នាំ១៩៩៩ ទំព័រ១៣-១៧។
b សេចក្ដីអធិស្ឋានបែបនេះសំរាប់កូនដែលមិនទាន់គ្រប់អាយុនិងត្រូវបណ្ដាច់មិត្តភាពនឹងមិនត្រូវទូលជាសាធារណៈនៅកិច្ចប្រជុំក្រុមជំនុំទេ ដោយព្រោះអ្នកឯទៀតប្រហែលជាមិនយល់ដឹងអំពីសន្ដានចិត្តរបស់អ្នកបណ្ដាច់មិត្តភាពនោះ។—សូមមើលទស្សនាវដ្ដីប៉មយាម ជាភាសាអង់គ្លេស ថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៧៩ ទំព័រ៣១
c ដើម្បីបានយោបល់ជាក់លាក់ សូមមើលទស្សនាវដ្ដីភ្ញាក់រឭក! ជាភាសាអង់គ្លេស ថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧២ ទំព័រ១៣-១៦; ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩៦ ទំព័រ២១-២៣។
តើអ្នកចាំទេ?
• តើអ្វីប្រហែលជាដើមហេតុពេលដែលយុវជនចាកចេញពីក្រុមជំនុំ?
• តើតាមវិធីណាដែលយុវជនអាចត្រូវជួយបណ្ដុះបណ្ដាលទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹងព្រះយេហូវ៉ា?
• ហេតុអ្វីបានជាមាតាបិតាត្រូវតែមានចិត្តអត់ធ្មត់ តែម៉ឺងម៉ាត់ក្នុងការជួយកូនបង្ហិនទ្រព្យ?
• តើអ្នកក្នុងក្រុមជំនុំអាចជួយកូនបង្ហិនទ្រព្យមួយឲ្យមកវិញយ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៥]
ការអានព្រះគម្ពីរគឺចាំបាច់ដើម្បីបណ្ដុះបណ្ដាលឲ្យមានទំនាក់ទំនងដ៏ជិតស្និទ្ធនឹងព្រះយេហូវ៉ា
[រូបភាពនៅទំព័រ១៥]
ការអធិស្ឋានអស់ពីក្រអៅបេះដូងរបស់មាតាបិតាអាចជួយកូនរបស់គាត់យល់ដឹងពីទំនាក់ទំនងផ្ទាល់ខ្លួនរវាងគាត់នឹងព្រះយេហូវ៉ា
[រូបភាពនៅទំព័រ១៧]
ចូរស្វាគមន៍កូនបង្ហិនទ្រព្យពេលគាត់‹ភ្ញាក់ដឹងខ្លួន›