អំណោយពរនៃព្រះយេហូវ៉ា នោះធ្វើឲ្យយើងទៅជាមាន
អំណោយពរនៃព្រះយេហូវ៉ា នោះធ្វើឲ្យយើងទៅជាមាន
«អំណោយពរនៃព្រះយេហូវ៉ា នោះធ្វើឲ្យទៅជាមាន ហើយទ្រង់មិនបន្ថែមសេចក្ដីទុក្ខព្រួយផងទេ»។—សុភាសិត ១០:២២
១, ២. ហេតុអ្វីបានជាសុភមង្គលមិនទាក់ទងនឹងទ្រព្យសម្បត្ដិទេ?
សព្វថ្ងៃនេះជីវិតរបស់មនុស្សរាប់លាននាក់ដាក់អាទិភាពទៅលើការដេញតាមទ្រព្យសម្បត្ដិ។ ក៏ប៉ុន្តែ តើទ្រព្យសម្បត្ដិធ្វើឲ្យគេមានសុភមង្គលទេ? ទស្សនាវដ្ដី អូស្ដ្រាលាន វូមិន វីគ្លី ចែងថា៖ «ខ្ញុំមិនអាចនឹកចាំពីពេលមួយដែលមនុស្សមានអារម្មណ៍ស្រពាប់ស្រពោនដូចនៅសម័យនេះទេ!»។ ទស្សនាវដ្ដីនោះក៏បន្ថែមថា៖ «ឥឡូវមានសភាពការណ៍មួយដែលប្រកបទៅដោយលក្ខណៈខុសផ្ទុយពីគ្នា។ គេប្រាប់យើងថា ស្ថានការណ៍សេដ្ឋកិច្ចនៃប្រទេសអូស្ដ្រាលីគឺប្រសើរណាស់ ថែមទាំងជីវភាពរស់នៅទីនោះគឺល្អជាងពេលមុនៗទៅទៀត . . . យ៉ាងណាក៏ដោយ ទុទិដ្ឋិនិយមគឺមានជាទូទៅក្នុងប្រទេសនេះ។ ទាំងបុរសទាំងស្ត្រីមានគំនិតថា ជីវិតរបស់គេប្រាសចាកពីអ្វីមួយ តែគេមិនដឹងថានោះជាអ្វីទេ»។ បទគម្ពីរចែងពិតមែនហ្ន៎! ពេលប្រាប់ថាទ្រព្យសម្បត្ដិរបស់យើង មិនអាចផ្ដល់ឲ្យយើងនូវសុភមង្គលឬជីវិតបានឡើយ។—សាស្ដា ៥:១០; លូកា ១២:១៥
២ ព្រះគម្ពីរបង្រៀនថា សុភមង្គលច្រើនបំផុតមកពីពរពីព្រះ។ ស្តីពីរឿងនេះ សុភាសិត ១០:២២ ប្រាប់ថា៖ «អំណោយពរនៃព្រះយេហូវ៉ា នោះធ្វើឲ្យទៅជាមាន ហើយទ្រង់មិនបន្ថែមសេចក្ដីទុក្ខព្រួយផងទេ»។ សេចក្ដីទុក្ខព្រួយច្រើនតែកើតមក ដោយសារការប្រមូលទ្រព្យសម្បត្ដិយ៉ាងលោភលន់។ សាវ័កប៉ុលបាននិយាយសមមែនដោយថា៖ «ពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្ដេសផ្ដាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាស នឹងសេចក្ដីអន្តរធានវិញ ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្ដីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្ដីព្រួយលំបាកជាច្រើន»។—ធីម៉ូថេទី១ ៦:៩, ១០
៣. ហេតុអ្វីបានជាអ្នកបំរើព្រះមានការល្បងលដូច្នេះ?
៣ ម្យ៉ាងទៀត អំណោយពរដែលគ្មានសេចក្ដីទុក្ខព្រួយនឹងមករកអស់អ្នកណាដែល«ស្ដាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា»។ (ចោទិយកថា ២៨:២) ក៏ប៉ុន្តែ អ្នកខ្លះប្រហែលជាសួរថា៖ ‹បើសិនជាព្រះយេហូវ៉ាមិនបន្ថែមសេចក្ដីទុក្ខព្រួយនឹងអំណោយពររបស់ទ្រង់អ៊ីចឹង ហេតុអ្វីបានជាអ្នកជាច្រើនដែលបំរើព្រះរងទុក្ខម្ល៉េះ?›។ ព្រះគម្ពីរលាតត្រដាងថា ព្រះអនុញ្ញាតឲ្យយើងមានការល្បងល តែតាមពិតអ្នកដែលល្បងលយើងគឺជាសាតាំង របបលោកីយ៍ដ៏អាក្រក់របស់វា និងភាពឥតគ្រប់ល័ក្ខណ៍របស់យើង។ (លោកុប្បត្តិ ៦:៥; ចោទិយកថា ៣២:៤, ៥; យ៉ូហាន ១៥:១៩; យ៉ាកុប ១:១៤, ១៥) ព្រះយេហូវ៉ាគឺជាប្រភពនៃ«គ្រប់ទាំងរបស់ដ៏ល្អ . . . នឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍»។ (យ៉ាកុប ១:១៧) ហេតុនេះហើយ ពររបស់ទ្រង់មិនដែលធ្វើឲ្យយើងឈឺចាប់ទេ។ ឥឡូវ យើងនឹងពិចារណាអំណោយទានដ៏គ្រប់ល័ក្ខណ៍ខ្លះរបស់ព្រះយេហូវ៉ា។
បន្ទូលរបស់ព្រះគឺជាអំណោយទានដែលមានតម្លៃច្រើនលើសលប់
៤. តើរាស្ត្ររបស់ព្រះយេហូវ៉ាបានទទួលពរនិងអំណោយវិសេសវិសាលអ្វី នៅ«គ្រាចុងបំផុត»នេះ?
៤ បទទំនាយរបស់លោកដានីយ៉ែលចែងអំពី«គ្រាចុងបំផុត»ថា នៅពេលនោះ«ចំណេះ[ពិត]នឹងបានចំរើនឡើង»។ ក៏ប៉ុន្តែ ពាក្យទាំងនោះត្រូវបញ្ជាក់ដោយពាក្យថា៖ «គ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ ចំណែកឯពួកអ្នកមានប្រាជ្ញា គេនឹងយល់វិញ»។ (ដានីយ៉ែល ១២:៤, ១០) សូមគិតទៅមើល! ព្រះបន្ទូលរបស់ព្រះ ជាពិសេសបទទំនាយ គឺប្រកបទៅដោយប្រាជ្ញាដ៏ជ្រៅរបស់ព្រះ ដល់ម្ល៉េះបានជាមនុស្សអាក្រក់មិនអាចយល់សេចក្ដីនោះយ៉ាងច្បាស់ទេ ទោះជារាស្ត្ររបស់ព្រះយេហូវ៉ាអាចយល់ដឹងក្ដី។ ព្រះរាជបុត្រារបស់ព្រះបានអធិស្ឋានថា៖ «ឱព្រះវរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដី អើយ! ទូលបង្គំសរសើរដល់ទ្រង់ ពីព្រោះទ្រង់បានលាក់សេចក្ដីទាំងនេះនឹងពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ តែបានសំដែងឲ្យពួកកូនក្មេងយល់វិញ»។ (លូកា ១០:២១) គឺជាពរមួយដែលមានតម្លៃច្រើនណាស់ហ្ន៎! ដែលយើងមានព្រះបន្ទូលរបស់ព្រះក្នុងព្រះគម្ពីរ និងនៅក្នុងចំណោមអ្នកដែលព្រះយេហូវ៉ាបានប្រទានឲ្យមានការយល់ធ្លុះជ្រៅខាងវិញ្ញាណ។—កូរិនថូសទី១ ១:២១, ២៧, ២៨; ២:១៤, ១៥
៥. តើប្រាជ្ញាគឺជាអ្វី? ហើយតើយើងអាចទទួលបានប្រាជ្ញាយ៉ាងដូចម្ដេច?
៥ យើងនឹងគ្មានការយល់ធ្លុះជ្រៅខាងវិញ្ញាណសោះ បើសិនជាយើងមិនបានទទួល«ប្រាជ្ញាដែលមកពីស្ថានលើ»។ (យ៉ាកុប ៣:១៧) ប្រាជ្ញាគឺជាសមត្ថភាពប្រើចំណេះនិងយោបល់ដើម្បីដោះស្រាយបញ្ហា ដើម្បីជៀសវាងឬបង្ការគ្រោះថ្នាក់ ដើម្បីសម្រេចគោលបំណង ឬជូនឱវាទដ៏ល្អ។ តើយើងបានប្រាជ្ញាពីព្រះមកពីណាទៅ? សុភាសិត ២:៦ ប្រាប់ថា៖ «ព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹងយោបល់ នោះចេញពីព្រះឱស្ឋរបស់ទ្រង់មក»។ មែនហើយ ព្រះយេហូវ៉ានឹងប្រទានប្រាជ្ញាដល់យើង បើសិនជាយើងបន្តអធិស្ឋានសុំនោះ ដូចជាទ្រង់បានប្រទានឲ្យស្តេចសាឡូម៉ូនមាន«ចិត្តប្រកបដោយប្រាជ្ញា នឹងយោបល់»។ (ពង្សាវតារក្សត្រទី១ ៣:១១, ១២; យ៉ាកុប ១:៥-៨) ដើម្បីបានប្រាជ្ញា យើងក៏ត្រូវតែបន្តស្ដាប់ព្រះយេហូវ៉ាដោយការសិក្សា និងអនុវត្តតាមបន្ទូលរបស់ទ្រង់ជាទៀងទាត់។
៦. ហេតុអ្វីបានជាការអនុវត្តតាមច្បាប់និងគោលការណ៍របស់ព្រះក្នុងជីវិតរបស់យើង គឺជាការដែលប្រកបទៅដោយប្រាជ្ញា?
៦ ឧទាហរណ៍ល្អបំផុតដែលសម្ដែងប្រាជ្ញារបស់ព្រះ គឺមានក្នុងច្បាប់និងគោលការណ៍ព្រះគម្ពីរតែម្ដង។ សេចក្ដីនោះមានប្រយោជន៍សព្វបែបយ៉ាងសំរាប់យើង គឺថាខាងរាងកាយ គំនិត ផ្លូវចិត្ត និងខាងវិញ្ញាណទៀតផង។ អ្នកតែងទំនុកដំកើងបានច្រៀងថា៖ «ក្រិត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ សេចក្ដីបន្ទាល់នៃព្រះយេហូវ៉ាជាពិត ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា សេចក្ដីបញ្ញត្តរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ ក៏បណ្ដាលឲ្យចិត្តរីករាយសប្បាយ ក្រិត្យក្រមនៃព្រះយេហូវ៉ាជាសុទ្ធសាធ ក៏បំភ្លឺភ្នែក សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាបរិសុទ្ធ ក៏នៅជាប់ជារៀងរាបដរាប អស់ទាំងខច្បាប់របស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់ ហើយសុចរិតគ្រប់ជំពូក សេចក្ដីទាំងនោះគួរចង់បានលើសជាងមាស អើ! ជាជាងមាសសុទ្ធជាច្រើនផង»។—ទំនុកដំកើង ១៩:៧-១០; ១១៩:៧២
៧. តើការមិនអើពើនឹងខ្នាតតម្រាដ៏សុចរិតរបស់ព្រះ មានលទ្ធផលអ្វី?
៧ ម្យ៉ាងទៀត អស់អ្នកដែលមិនអើពើនឹងខ្នាតតម្រាដ៏សុចរិតរបស់ព្រះ ក៏មិនបានសុភមង្គលនិងសេរីភាពដែលគេកំពុងតែស្វះស្វែងរកនោះដែរ។ មិនយូរមិនឆាប់ គេទទួលស្គាល់ថា គេមិនអាចមើលងាយដល់ព្រះទេ ពីព្រោះគេពិតជាច្រូតអ្វីដែលគេសាបព្រោះ។ (កាឡាទី ៦:៧) រាប់លាននាក់ដែលមិនអើពើគោលការណ៍ព្រះគម្ពីរកំពុងតែទទួលលទ្ធផលដ៏គួរឲ្យខ្លោចផ្សា ដូចជាមានផ្ទៃពោះដែលគេមិនចង់បាន ជម្ងឺកាមរោគផ្សេងៗ ឬក៏ការញៀនដែលធ្វើឲ្យសុខភាពអន់ថយ។ បើសិនជាគេមិនប្រែចិត្តនិងផ្លាស់ប្ដូររបៀបរស់នៅរបស់គេនោះ ដំណើរជីវិតនោះនឹងនាំគេទៅដល់សេចក្ដីស្លាប់ ហើយប្រហែលជាទទួលការបំផ្លាញចោលដោយព្រះទៀតផង។—ម៉ាថាយ ៧:១៣, ១៤
៨. ហេតុអ្វីបានជាអ្នកដែលស្រឡាញ់ព្រះបន្ទូលរបស់ព្រះមានសុភមង្គល?
៨ ក៏ប៉ុន្តែ អស់អ្នកដែលស្រឡាញ់ព្រះបន្ទូលរបស់ព្រះ និងអនុវត្តតាមនោះ នឹងមានពរជាបរិបូរឥឡូវនេះនិងនាអនាគតផងដែរ។ ពួកគេមានអារម្មណ៍ថា គេមានសេរីភាពដោយព្រោះច្បាប់របស់ព្រះ គេមានសុភមង្គលពិត និងទន្ទឹងចាំដោយចិត្តរំភើបនូវពេលវេលាដែលគេនិងត្រូវរំដោះពីបាប និងលទ្ធផលដែលនាំឲ្យស្លាប់ដែលមកពីបាបនោះ។ (រ៉ូម ៨:២០, ២១; យ៉ាកុប ១:២៥) សេចក្ដីសង្ឃឹមនេះគឺពិតប្រាកដ ពីព្រោះវាមានមូលដ្ឋានទៅលើអំណោយទានដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ខ្លាំងបំផុតរបស់ព្រះជូនចំពោះមនុស្សជាតិ នេះគឺជាយញ្ញបូជាលោះរបស់ព្រះរាជបុត្រាតែមួយគត់របស់ទ្រង់ ព្រះយេស៊ូ គ្រីស្ទ។ (ម៉ាថាយ ២០:២៨; យ៉ូហាន ៣:១៦; រ៉ូម ៦:២៣) អំណោយមួយដ៏ប្រសើរលើសលប់បែបនេះ បញ្ជាក់នូវសេចក្ដីស្រឡាញ់របស់ព្រះចំពោះមនុស្សជាតិ ហើយធានាថា អ្នកដែលបន្តស្ដាប់ព្រះយេហូវ៉ានិងទទួលពរជានិច្ចជាកាល។—រ៉ូម ៨:៣២
យើងមានកតញ្ញូធម៌ចំពោះព្រះវិញ្ញាណបរិសុទ្ធដែលជាអំណោយ
៩, ១០. តើយើងទទួលប្រយោជន៍អ្វីពីព្រះវិញ្ញាណបរិសុទ្ធដែលជាអំណោយរបស់ព្រះយេហូវ៉ានោះ? សូមប្រាប់គំរូមួយ។
៩ យើងគួរមានកតញ្ញូធម៌ចំពោះអំណោយមួយទៀតដែលប្រកបទៅដោយសេចក្ដីស្រឡាញ់របស់ព្រះ គឺជាព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់។ នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ ស.យ. សាវ័កពេត្រុសបានដាស់តឿនបណ្ដាជននៅទីនោះថា៖ «ចូរអ្នករាល់គ្នាប្រែចិត្តចុះ! ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ»។ (កិច្ចការ ២:៣៨) សព្វថ្ងៃនេះ ព្រះយេហូវ៉ាប្រទានព្រះវិញ្ញាណបរិសុទ្ធដល់អ្នកបំរើរបស់ទ្រង់ដែលបានថ្វាយខ្លួន ដែលបានអធិស្ឋានសុំ និងចង់ធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ (លូកា ១១:៩-១៣) នៅសម័យបុរាណ ព្រះវិញ្ញាណបរិសុទ្ធឬក៏សកម្មពលរបស់ព្រះ ដែលជាឥទ្ធិពលខ្លាំងបំផុតក្នុងសកលលោក ក៏បានជួយបុរសនិងស្ត្រីដែលមានជំនឿ ដែលរួមបញ្ចូលពួកគ្រីស្ទានពីសម័យដើមដែរ។ (សាការី ៤:៦; កិច្ចការ ៤:៣១) ទោះជាយើងប្រទះឧបសគ្គធំឬការលំបាកដ៏ធ្ងន់ធ្ងរក៏ដោយ នោះព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងបានដែរ ពីព្រោះយើងជារាស្ត្ររបស់ព្រះយេហូវ៉ា។—យ៉ូអែល ២:២៨, ២៩
១០ សូមពិចារណាគំរូរបស់ស្ត្រីម្នាក់ឈ្មោះឡូរ៉ល ដែលមានជម្ងឺគ្រុនស្លាប់ដៃស្លាប់ជើងនិងបានរស់នៅដោយប្រើម៉ាស៊ីនដកដង្ហើមសិប្បនិម្មិតអស់៣៧ឆ្នាំ។ a ទោះជាគាត់ស្ថិតក្នុងកាលៈទេសៈដ៏លំបាកមួយក៏ដោយ តែគាត់បានបំរើព្រះយ៉ាងឧស្សាហ៍រហូតដល់មរណភាពរបស់គាត់។ ឡូរ៉លបានទទួលពរបរិបូរពីព្រះយេហូវ៉ាក្នុងជីវិតគាត់។ ជាក់ស្តែង គាត់ជួយមនុស្សបាន១៧នាក់ឲ្យទទួលចំណេះពិតពីព្រះគម្ពីរ ទោះជាគាត់ត្រូវនៅមួយកន្លែងជាប់ម៉ាស៊ីនដកដង្ហើមសិប្បនិម្មិត២៤ម៉ោង ក្នុងមួយថ្ងៃក៏ដោយ! កាលៈទេសៈរបស់គាត់រំឭកយើងពីពាក្យរបស់សាវ័កប៉ុលដែលថា៖ «កាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ!»។ (កូរិនថូសទី២ ១២:១០) គឺត្រឹមត្រូវហើយដែលថា ការជោគជ័យប៉ុនណាក្នុងកិច្ចផ្សព្វផ្សាយដំណឹងល្អនោះ មិនកើតចេញពីសមត្ថភាពឬកម្លាំងរបស់យើងទេ តែមកពីព្រះតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់ប្រទានដល់អស់អ្នកណាដែលស្ដាប់តាមបន្ទូលរបស់ទ្រង់វិញ។—អេសាយ ៤០:២៩-៣១
១១. តើព្រះវិញ្ញាណរបស់ព្រះបង្កើតគុណសម្បត្ដិបែបណា ក្នុងអ្នកដែលបំពាក់ដោយ‹បុគ្គលិកលក្ខណៈថ្មី›?
១១ បើសិនជាយើងស្ដាប់តាមព្រះដោយធ្វើតាមបង្គាប់ទ្រង់ នោះព្រះវិញ្ញាណរបស់ទ្រង់នឹងបង្កើតឲ្យយើងមានគុណសម្បត្ដិផ្សេងៗដូចជា សេចក្ដីស្រឡាញ់ អំណរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត។ (កាឡាទី ៥:២២, ២៣) «ផលផ្លែនៃព្រះវិញ្ញាណ»គឺជាផ្នែកមួយនៃ‹បុគ្គលិកលក្ខណៈថ្មី›ដែលគ្រីស្ទានត្រូវបំពាក់ជំនួសលក្ខណៈដូចសត្វតិរច្ឆានដែលគេប្រហែលជាមានពីមុនមក។ (អេភេសូរ ៤:២០-២៤; អេសាយ ១១:៦-៩) សេចក្ដីស្រឡាញ់គឺសំខាន់ណាស់ក្នុងចំណោមគុណសម្បត្ដិទាំងនោះ និងជា«ចំណងនៃសេចក្ដីគ្រប់លក្ខណ៍»។—កូល៉ុស ៣:១៤
សេចក្ដីស្រឡាញ់រវាងគ្រីស្ទានគ្នីគ្នាជាអំណោយ ដែលទុកជាមានតម្លៃ
១២. តើតេប៊ីថានិងគ្រីស្ទានឯទៀតនៅសតវត្សទីមួយ បានបង្ហាញសេចក្ដីស្រឡាញ់តាមរបៀបណា?
១២ សេចក្ដីស្រឡាញ់រវាងគ្រីស្ទានគឺជាអំណោយមួយទៀតពីព្រះយេហូវ៉ា និងជាអំណោយមួយដែលយើងចាត់ទុកជាមានតម្លៃ។ សេចក្ដីស្រឡាញ់បែបនោះមានមូលដ្ឋានទៅលើគោលការណ៍ តែប្រកបទៅដោយភាពកក់ក្ដៅខ្លាំងដល់ម្ល៉េះបានជានោះបង្រួបបង្រួមអ្នកជឿគ្នីគ្នាឲ្យមានទំនាក់ទំនងជិតស្និទ្ធជាងទំនាក់ទំនងរវាងសាច់ញាតិទៅទៀត។ (យ៉ូហាន ១៥:១២, ១៣; ពេត្រុសទី១ ១:២២) តួយ៉ាងដូចជានាងតេប៊ីថា ស្ត្រីគ្រីស្ទានម្នាក់ដ៏ប្រសើរនៅសតវត្សទីមួយ។ «នាងនោះ បានធ្វើគុណ ហើយដាក់ទានជាច្រើន»ជាពិសេសសំរាប់ស្រីមេម៉ាយទាំងប៉ុន្មានក្នុងក្រុមជំនុំ។ (កិច្ចការ ៩:៣៦) ស្ត្រីទាំងនោះប្រហែលជាមានញាតិមិត្តខាងសាច់ឈាមហើយ តែតេប៊ីថាចង់ធ្វើតាមតែលទ្ធភាពរបស់គាត់ ដើម្បីលើកទឹកចិត្តស្ត្រីមេម៉ាយទាំងនោះ។ (យ៉ូហានទី១ ៣:១៨) តេប៊ីថាគឺជាគំរូដ៏ប្រសើរណាស់ហ្ន៎! សំរាប់យើងសព្វថ្ងៃនេះ។ សេចក្ដីស្រឡាញ់បានជំរុញឲ្យព្រីស៊ីលនិងអ័គីឡា‹ប្រថុយជីវិត›សំរាប់ប៉ុល។ សេចក្ដីស្រឡាញ់ក៏បានជំរុញអេប៉ាប្រាស លូកា អូនេសិភ័រ និងអ្នកឯទៀតឲ្យជួយសាវ័កប៉ុលពេលគាត់ត្រូវជាប់គុកនៅទីក្រុងរ៉ូម។ (រ៉ូម ១៦:៣, ៤; ធីម៉ូថេទី២ ១:១៦; ៤:១១; ភីលេម៉ូន ២៣, ២៤) សព្វថ្ងៃនេះ គ្រីស្ទានបែបនោះពិតជា«ស្រឡាញ់គ្នាទៅវិញទៅមក» ដោយសេចក្ដីស្រឡាញ់ដែលជាអំណោយពីព្រះនិងសម្គាល់គេជាសិស្សពិតរបស់ព្រះយេស៊ូ។—យ៉ូហាន ១៣:៣៤, ៣៥
១៣. តើយើងអាចបង្ហាញយ៉ាងណា ថាយើងមានកតញ្ញូធម៌ជ្រាលជ្រៅចំពោះភាតរភាពគ្រីស្ទាន?
១៣ តើអ្នកចាត់ទុកសេចក្ដីស្រឡាញ់ក្នុងក្រុមជំនុំគ្រីស្ទានជាអ្វីដែលមានតម្លៃទេ? តើអ្នកមានអំណរគុណសំរាប់ភាតរភាពទូទាំងពិភពលោករបស់យើងទេ? នោះក៏ជាអំណោយពីព្រះយេហូវ៉ា ដែលធ្វើឲ្យពេញចិត្តនិងធ្វើឲ្យមានផងដែរ។ តើតាមរបៀបណាដែលយើងអាចបង្ហាញថា យើងរាប់អ្វីទាំងនោះជាមានតម្លៃ? ដោយកិច្ចបំរើពិសិដ្ឋថ្វាយព្រះ ដោយការចូលរួមកិច្ចប្រជុំគ្រីស្ទាន និងដោយការបង្ហាញសេចក្ដីស្រឡាញ់និងផលផ្លែឯទៀតនៃព្រះវិញ្ញាណរបស់ព្រះ។—ភីលីព ១:៩; ហេព្រើរ ១០:២៤, ២៥
‹អំណោយទានជាមនុស្ស›
១៤. តើគ្រីស្ទានម្នាក់ដែលនឹងបំរើជាអ្នកចាស់ទុំឬអ្នកងារជំនួយត្រូវធ្វើអ្វីខ្លះ?
១៤ បុរសគ្រីស្ទានដែលចង់បំរើអ្នកថ្វាយបង្គំគ្នីគ្នា នោះត្រូវបំរើជាអ្នកចាស់ទុំឬអ្នកងារជំនួយ នេះជាគោលដៅមួយដ៏ល្អមែន។ (ធីម៉ូថេទី១ ៣:១, ៨) ដើម្បីបំពេញតម្រូវការសំរាប់ឯកសិទ្ធិនេះ បងប្រុសម្នាក់ត្រូវតែមានភាពខ្លាំងខាងវិញ្ញាណ ត្រូវចេះប្រើព្រះគម្ពីរយ៉ាងប៉ិនប្រសប់ និងមានចិត្តឧស្សាហ៍ក្នុងកិច្ចបំរើ។ (កិច្ចការ ១៨:២៤; ធីម៉ូថេទី១ ៤:១៥; ធីម៉ូថេទី២ ៤:៥) គាត់ត្រូវមានចិត្តរាបទាប សុភាព និងអត់ធ្មត់ ពីព្រោះពរពីព្រះមិនមករកអ្នកណាដែលបំពានសិទ្ធិអ្នកឯទៀត អួតខ្លួន ឬក៏មានមហិច្ឆតានោះទេ។ (សុភាសិត ១១:២; ហេព្រើរ ៦:១៥; យ៉ូហានទី៣ ៩, ១០) បើសិនជាគាត់មានគ្រួសារហើយ គាត់ត្រូវជាមេគ្រួសារមួយដែលចេះស្រឡាញ់និងដែលមានសមត្ថភាពត្រួតត្រាលើក្រុមគ្រួសារទាំងមូលរបស់គាត់។ (ធីម៉ូថេទី១ ៣:៤, ៥, ១២) ដោយសារគាត់ចាត់ទុកអ្វីខាងវិញ្ញាណជាអ្វីដែលមានតម្លៃ នោះបុរសបែបនេះនឹងទទួលពរពីព្រះយេហូវ៉ា។—ម៉ាថាយ ៦:១៩-២១
១៥, ១៦. តើអ្នកណានឹងសម្ដែងខ្លួនជា‹អំណោយទានជាមនុស្ស›? សូមប្រាប់ពីឧទាហរណ៍ខ្លះៗ។
១៥ ពេលអ្នកចាស់ទុំក្នុងក្រុមជំនុំ ស៊ូព្យាយាមក្នុងកិច្ចផ្សព្វផ្សាយ ការគង្វាល និងការបង្រៀន នោះគេឲ្យយើងមានហេតុសមគួរដឹងគុណចំពោះ‹អំណោយទានជាមនុស្ស›បែបនេះ។ (អេភេសូរ ៤:៨, ១១) អ្នកដែលទទួលប្រយោជន៍ពីការបំរើដោយសេចក្ដីស្រឡាញ់របស់គេ មិនតែងតែសម្ដែងការដឹងគុណនោះឡើយ តែព្រះយេហូវ៉ាទតឃើញអ្វីទាំងនោះដែលអ្នកចាស់ទុំស្មោះត្រង់ធ្វើ។ ទ្រង់នឹងមិនភ្លេចនូវសេចក្ដីស្រឡាញ់ដែលគេបានសម្ដែងចំពោះព្រះនាមរបស់ទ្រង់ ដោយការបំរើប្រយោជន៍រាស្ត្រទ្រង់នោះទេ។—ធីម៉ូថេទី១ ៥:១៧; ហេព្រើរ ៦:១០
១៦ សូមពិចារណាគំរូរបស់អ្នកចាស់ទុំម្នាក់ដែលខំប្រឹងក្នុងកិច្ចបំរើ បានទៅលេងក្មេងស្រីគ្រីស្ទានម្នាក់ដែលជិតមានការវះកាត់ខួរក្បាល។ មិត្តម្នាក់របស់ក្មេងស្រីនោះសរសេរថា៖ «អ្នកចាស់ទុំនោះមានអាកប្បកិរិយាស្លូតបូតមែន ទាំងលើកទឹកចិត្ត និងបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំង។ គាត់បានសុំអធិស្ឋានទូលព្រះយេហូវ៉ាជាមួយយើងដែរ។ ពេលគាត់អធិស្ឋាន បិតារបស់ក្មេងស្រីនោះ[ដែលមិនមែនជាស្មរបន្ទាល់ព្រះយេហូវ៉ា]បានយំស្រក់ទឹកភ្នែកនៅមុខគេទាំងអស់គ្នានៅបន្ទប់មន្ទីរពេទ្យនោះ។ សេចក្ដីអធិស្ឋានរបស់ចាស់ទុំនោះកក់ក្ដៅមែនទែន! ព្រះយេហូវ៉ាពិតជាបានបង្ហាញសេចក្ដីស្រឡាញ់ដោយចាត់ឲ្យគាត់មកនៅពេលនោះ!»។ ស្មរបន្ទាល់ម្នាក់ទៀតដែលជាអ្នកជម្ងឺ បានពណ៌នាពីពួកអ្នកចាស់ទុំដែលបានទៅលេងគាត់ថា៖ «ពេលពួកគាត់មកបន្ទប់ខ្ញុំនៅផ្នែកសង្គ្រោះបន្ទាន់នោះ ខ្ញុំដឹងភ្លាមៗថា ចាប់ពីពេលនោះទៅទោះជាអ្វីកើតឡើងក៏ដោយខ្ញុំអាចស៊ូទ្រាំបាន។ ខ្ញុំចាប់ផ្ដើមមានកម្លាំងចិត្តឡើងវិញ ទាំងមានអារម្មណ៍ស្ងប់ស្រួល»។ តើយើងអាចជួលមនុស្សឲ្យគេយកចិត្តទុកដាក់នឹងយើងដូច្នេះទេ? មិនអាចទេ! នោះជាអំណោយមួយពីព្រះ ដែលទ្រង់ជូនតាមរយៈក្រុមជំនុំគ្រីស្ទាន។—អេសាយ ៣២:១, ២
កិច្ចផ្សព្វផ្សាយគឺជាអំណោយមួយ
១៧, ១៨. (ក) តើព្រះយេហូវ៉ាបានប្រទានឯកសិទ្ធិអ្វីដល់រាស្ត្ររបស់ទ្រង់? (ខ) តើព្រះបានផ្ដល់ជំនួយអ្វី ដើម្បីជួយយើងបំពេញកិច្ចបំរើរបស់យើង?
១៧ កិត្ដិយសខ្ពង់ខ្ពស់បំផុតដែលមនុស្សម្នាក់អាចមាន គឺជាការបំរើព្រះយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុត។ (អេសាយ ៤៣:១០; កូរិនថូសទី២ ៤:៧; ពេត្រុសទី១ ២:៩) យ៉ាងណាក៏ដោយ ការ ចូលរួមក្នុងកិច្ចបំរើផ្សាយជាសាធារណៈ គឺជាឯកសិទ្ធិមួយដែលមនុស្សទាំងអស់អាចមាន មិនថាក្មេង ចាស់ បុរសឬស្រីក៏ដោយ ឲ្យតែគេចង់បំរើព្រះស្មោះពីចិត្ត។ តើអ្នកឆ្លៀតប្រយោជន៍ពីអំណោយដ៏វិសេសវិសាលនេះទេ? អ្នកខ្លះប្រហែលជាស្ទាក់ស្ទើរពីព្រោះគេគិតថា ខ្លួនគ្មានសមត្ថភាព តែសូមនឹកចាំថា ព្រះយេហូវ៉ាប្រទានព្រះវិញ្ញាណបរិសុទ្ធដល់អ្នកដែលបំរើទ្រង់ និងនោះជួយបង្គ្រប់នៅត្រង់ណាដែលយើងខ្វះសមត្ថភាព។—យេរេមា ១:៦-៨; ២០:១១
១៨ ព្រះយេហូវ៉ាប្រគល់កិច្ចផ្សព្វផ្សាយខាងព្រះរាជាណាចក្រដល់អ្នកបំរើរបស់ទ្រង់ដែលមានចិត្តរាបទាប មិនមែនដល់អ្នកដែលអួតខ្លួនពឹងផ្អែកលើសមត្ថភាពខ្លួនទេ។ (កូរិនថូសទី១ ១:២០, ២៦-២៩) មនុស្សដែលមានចិត្តសុភាពរាបទាប ទទួលស្គាល់កំរិតនៃសមត្ថភាពខ្លួននិងពឹងពាក់ទៅលើព្រះយេហូវ៉ាពេលគេចូលរួមកិច្ចផ្សព្វផ្សាយ។ ពួកគេក៏មានកតញ្ញូធម៌ចំពោះជំនួយដែលទ្រង់ផ្ដល់ តាមរយៈ«ដំរួតការដែលស្មោះត្រង់»។—លូកា ១២:៤២-៤៤; សុភាសិត ២២:៤
ជីវភាពដ៏សប្បាយក្នុងក្រុមគ្រួសារ គឺជាអំណោយមួយដ៏ល្អ
១៩. តើកត្ដាអ្វីខ្លះទាក់ទងនឹងការចិញ្ចឹមអប់រំកូនដោយជោគជ័យ?
១៩ អាពាហ៍ពិពាហ៍និងជីវភាពគ្រួសារដ៏មានសុភមង្គល គឺជាអំណោយពីព្រះ។ (នាងរស់ ១:៩; អេភេសូរ ៣:១៤, ១៥) បុត្រធីតាក៏ជា«មរដកមកពីព្រះយេហូវ៉ា» បើសិនជាមាតាបិតាបង្ហាត់បង្រៀនកូនដោយមានប្រសិទ្ធិភាពក្នុងការឲ្យមានគុណសម្បត្ដិដែលផ្គាប់ព្រះហឫទ័យរបស់ព្រះ នោះបុត្រធីតានាំឲ្យមាតាបិតាមានអំណរ។ (ទំនុកដំកើង ១២៧:៣) បើសិនជាអ្នកគឺជាមាតាឬបិតាម្នាក់ ចូរបន្តស្ដាប់តាមព្រះយេហូវ៉ាដោយបង្ហាត់បង្រៀនកូនរបស់អ្នកទៅតាមព្រះគម្ពីរ។ មាតាបិតាទាំងឡាយណាដែលធ្វើដូច្នេះ នឹងទទួលការគាំទ្រនិងពរជាច្រើនពីព្រះយេហូវ៉ា។—សុភាសិត ៣:៥, ៦; ២២:៦; អេភេសូរ ៦:១-៤
២០. តើអ្វីអាចជួយមាតាបិតាដែលមានកូនបែរចេញពីសេចក្ដីពិត?
២០ ទោះជាមាតាបិតាដែលកោតខ្លាចដល់ព្រះខិតខំយ៉ាងណាក៏ដោយ ប្រហែលជាកូនណាមួយរបស់គាត់នឹងសម្រេចចិត្តចាកចេញពីការថ្វាយបង្គំពិតពេលគេធំឡើងហើយ។ (លោកុប្បត្តិ ២៦:៣៤, ៣៥) នេះអាចជាអ្វីដែលធ្វើឲ្យមាតាឬបិតាម្នាក់អាម៉ាស់មុខណាស់។ (សុភាសិត ១៧:២១, ២៥) ក៏ប៉ុន្តែ ជាជាងទៅជាអស់សង្ឃឹមនោះ ប្រហែលជានឹងជួយបើសិនជាពួកគាត់នឹកចាំពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីកូនបង្ហិនទ្រព្យ។ ទោះជាកូនប្រុសនោះចាកចេញពីផ្ទះនិងប្រកបជីវិតអាវ៉ាសែក៏ដោយ ក្រោយមកគាត់បានត្រឡប់ទៅផ្ទះឪពុកគាត់ និងឪពុកបានទទួលដោយអំណរនិងសេចក្ដីស្រឡាញ់។ (លូកា ១៥:១១-៣២) មិនថាអ្វីកើតឡើងក៏ដោយ មាតាបិតាគ្រីស្ទានដ៏ស្មោះត្រង់អាចជឿជាក់ថា ព្រះយេហូវ៉ានឹងយោគយល់ យកចិត្តទុកដាក់ដោយសេចក្ដីស្រឡាញ់ និងគាំទ្រគាត់ជារៀងរហូតជាមិនខាន។—ទំនុកដំកើង ១៤៥:១៤
២១. តើយើងគួរស្ដាប់តាមអ្នកណា? ហើយហេតុអ្វី?
២១ ដូច្នេះ ចូរឲ្យយើងម្នាក់ៗពិចារណាថា តើអ្វីគឺសំខាន់បំផុតក្នុងជីវិតរបស់យើង។ តើយើងលិចលង់ខ្លួនក្នុងការតាមរកទ្រព្យសម្បត្ដិជាច្រើន ដែលអាចនាំឲ្យយើងនិងក្រុមគ្រួសាររបស់យើងមានទុក្ខព្រួយទេ? ឬក៏ តើយើងកំពុងតែដេញតាម«របស់ដ៏ល្អនិងអំណោយទានដ៏គ្រប់ល័ក្ខណ៍» ដែលមកពី«ព្រះវរបិតានៃពន្លឺ»វិញ? (យ៉ាកុប ១:១៧) សាតាំងដែលជា‹ឪពុកនៃសេចក្ដីភូតភរ› វាចង់ឲ្យយើងខិតខំប្រមូលទ្រព្យសម្បត្ដិ និងបាត់បង់ទាំងសុភមង្គលនិងជីវិត។ (យ៉ូហាន ៨:៤៤; លូកា ១២:១៥) ក៏ប៉ុន្តែ ព្រះយេហូវ៉ាពិតជាយកព្រះទ័យទុកដាក់ចង់ឲ្យយើងទទួលប្រយោជន៍វិញ។ (អេសាយ ៤៨:១៧, ១៨) ដូច្នេះ ចូរឲ្យយើងបន្តស្ដាប់ព្រះវរបិតានៅស្ថានសួគ៌ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ និងយកទ្រង់«ជាសេចក្ដីអំណរ»របស់យើង។ (ទំនុកដំកើង ៣៧:៤) បើសិនជាយើងដេញតាមដំណើរមួយបែបនេះ អំណោយវិសេសវិសាលនិងប្រសិទ្ធិពររបស់ព្រះយេហូវ៉ានិងធ្វើឲ្យយើងមានវិញ ដោយមិនឈឺចាប់សោះឡើយ។
[កំណត់សម្គាល់]
a សូមមើលទស្សនាវដ្ដីភ្ញាក់រឭក! ជាភាសាអង់គ្លេស ថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៣ ទំព័រ១៨-២១
តើអ្នកចាំទេ?
• តើអាចរកបានសុភមង្គលច្រើនបំផុតមកពីណា?
• តើព្រះយេហូវ៉ាប្រទានឲ្យរាស្ត្ររបស់ទ្រង់នូវ អំណោយអ្វីខ្លះ?
• ហេតុអ្វីបានជាកិច្ចផ្សព្វផ្សាយគឺជាអំណោយមួយ?
• តើមាតាបិតាអាចធ្វើអ្វីដើម្បីទទួលពរពីព្រះ ពេលដែលចិញ្ចឹមអប់រំកូនរបស់គាត់?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៤]
តើអ្នកបង្ហាញកតញ្ញូធម៌ចំពោះព្រះបន្ទូល របស់ព្រះដែលជាអំណោយទានទេ?
[រូបភាពនៅទំព័រ២៥]
ទោះជាឡូរ៉លនិសបេត មានកាលៈទេសៈដ៏ពិបាកក៏ដោយ នោះគាត់បានបំរើព្រះដោយចិត្តឧស្សាហ៍