លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កុំឲ្យណាយចិត្តនឹងការធ្វើល្អឡើយ

កុំឲ្យណាយចិត្តនឹងការធ្វើល្អឡើយ

កុំ​ឲ្យ​ណាយ​ចិត្ត​នឹង​ការ​ធ្វើ​ល្អ​ឡើយ

«កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ»។—កាឡាទី ៦:៩

១, ២. (ក) ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​តែ​ស៊ូ​ទ្រាំ​ដើម្បី​បំរើ​ព្រះ? (ខ) តើ​អ័ប្រាហាំ​បាន​ស៊ូ​ទ្រាំ​នឹង​អ្វី​ខ្លះ? ហើយ​តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​ស៊ូ​ទ្រាំ​នោះ?

 ដោយ​ព្រោះ​យើង​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នោះ​យើង​អរ​សប្បាយ​នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។ យើង​ក៏​បាន​សំរាក​ពី​ការ​ទទួល​នូវ«នឹម»ជា​សិស្ស​របស់​ព្រះ​យេស៊ូ​ដែរ។ (ម៉ាថាយ ១១:២៩) យ៉ាង​ណា​ក៏​ដោយ ការ​បំរើ​ព្រះ​យេហូវ៉ា​ជា​មួយ​ព្រះ​យេស៊ូ​មិន​តែង​តែ​ស្រួល​ទេ។ សាវ័ក​ប៉ុល​បាន​បញ្ជាក់​នោះ​យ៉ាង​ច្បាស់ ពេល​គាត់​ដាស់​តឿន​គ្រីស្ទាន​គ្នី​គ្នា​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​សេចក្ដី​អត់​ធ្មត់ ដើម្បី​ឲ្យ​បាន​ទទួល​សេចក្ដី​ដែល​បាន​សន្យា ដោយ​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ»។ (ហេព្រើរ ១០:៣៦) យើង​ត្រូវ​តែ​ស៊ូ​ទ្រាំ ពីព្រោះ​ការ​បំរើ​ព្រះ​អាច​ជា​អ្វី​ដ៏​ពិបាក​ធ្វើ។

ជីវិត​របស់​អ័ប្រាហាំ​ពិត​ជា​ភស្តុ​តាង​ដែល​បញ្ជាក់​ពី​ហេតុ​ការណ៍​នោះ។ ជា​ច្រើន​ដង គាត់​ត្រូវ​ធ្វើ​ការ​សម្រេច​ដ៏​ពិបាក​និង​បាន​ប្រទះ​នូវ​កាលៈទេសៈ​ដែល​នាំ​ឲ្យ​តាន​តឹង​ក្នុង​ចិត្ត។ ពេល​គាត់​ត្រូវ​បង្គាប់​ឲ្យ​ចេញ​ពី​ទី​ក្រុង​អ៊ើរ​ដ៏​សំបូរ​សប្បាយ នោះ​គ្រាន់​តែ​ជា​ទី​ចាប់​ផ្ដើម​នៃ​ការ​ពិបាក​ទេ។ មិន​យូរ​ក្រោយ​មក គាត់​បាន​ប្រឈម​មុខ​នឹង​ទុរភិក្ស ភាព​សាហាវ​ពី​អ្នក​ជិត​ខាង ស្ទើរ​តែ​បាត់​បង់​ភរិយា ទាស់​ទែង​ជា​មួយ​សាច់​ញាតិ​របស់​គាត់ និង​បាន​ចូល​រួម​ក្នុង​សង្គ្រាម​មួយ​ដ៏​ឃោរ​ឃៅ។ គាត់​នឹង​មាន​ការ​សាក​ល្បង​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​នា​ពេល​អនាគត។ ក៏​ប៉ុន្តែ អ័ប្រាហាំ​មិន​ដែល​ណាយ​ចិត្ត​ក្នុង​ការ​ធ្វើ​ល្អ​ឡើយ។ នេះ​គឺ​គួរ​ឲ្យ​អស្ចារ្យ​មែន បើ​សិន​ជា​អ្នក​នឹក​ចាំ​ថា គាត់​គ្មាន​ព្រះ​បន្ទូល​ទាំង​មូល​របស់​ព្រះ ដូច​ជា​យើង​មាន​សព្វ​ថ្ងៃ​នេះ​ទេ។ យ៉ាង​ណា​ក៏​ដោយ គាត់​ច្បាស់​ជា​ដឹង​អំពី​ទំនាយ​ទី​មួយ ពេល​ព្រះ​បាន​មានបន្ទូល​ប្រកាស​ថា៖ «អញ​នឹង​ធ្វើ​ឲ្យ​ឯង​ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា»។ (លោកុប្បត្តិ ៣:១៥) ដោយ​ព្រោះ​អ័ប្រាហាំ​ជា​បុព្វ​បុរស​របស់​ពូជ​នោះ គាត់​ទំនង​ជា​ទី​ដៅ​នៃ​សេចក្ដី​ស្អប់​របស់​សាតាំង។ ការ​ទទួល​ស្គាល់​ហេតុ​ការណ៍​នេះ ប្រាកដ​ជា​បាន​ជួយ​អ័ប្រាហាំ​ស៊ូ​ទ្រាំ​នឹង​ការ​សាក​ល្បង​ទាំង​មាន​អំណរ។

៣. (ក) ហេតុ​អ្វី​បាន​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ គួរ​ដឹង​ទុក​ជា​មុន​ថា គេ​នឹង​មាន​ការ​ពិបាក​ផ្សេង​ៗ? (ខ) តើ​កាឡាទី ៦:៩ ឲ្យ​សេចក្ដី​លើក​ទឹក​ចិត្ត​អ្វី?

រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ ក៏​គួរ​ដឹង​ទុក​ជា​មុន​ថា គេ​នឹង​ជួប​ការ​ពិបាក​ដែរ។ (ពេត្រុស​ទី​១ ១:៦, ៧) យ៉ាង​ណា​មិញ វិវរណៈ ១២:១៧ ព្រមាន​យើង​ថា សាតាំង​កំពុង​តែ«ច្បាំង»នឹង​អ្នក​សំណល់​ចាក់​ប្រេង​តាំង។ ដោយ​ព្រោះ«ចៀម​ឯ​ទៀត»ចូល​រួម​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​អ្នក​ចាក់​ប្រេង​តាំង នោះ«ចៀម​ឯ​ទៀត»ក៏​រង​កំហឹង​របស់​សាតាំង​ផង​ដែរ។ (យ៉ូហាន ១០:១៦) ក្រៅ​ពី​ការ​ប្រឆាំង​ដែល​គ្រីស្ទាន​ប្រឈម​មុខ​ក្នុង​កិច្ច​បំរើ​សាធារណៈ​របស់​គេ នោះ​គេ​ប្រហែល​ជា​ពិសោធន៍​បញ្ហា​ខ្លះ​ដែល​ជា​ការ​ល្បង​ល​ក្នុង​ជីវិត​គេ​ផ្ទាល់។ ប៉ុល​ដាស់​តឿន​ថា៖ «កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ»។ (កាឡាទី ៦:៩) គឺ​ពិត​មែន​ហើយ​ដែល​ថា ទោះ​ជា​សាតាំង​កំពុង​តែ​ប្ដេជ្ញា​ចង់​បំផ្លាញ​នូវ​ជំនឿ​របស់​យើង​ក៏​ដោយ តែ​យើង​ត្រូវ​ត​ស៊ូ​នឹង​វា ដោយ​មាន​ចិត្ត​ជឿ​មាំ​មួន។ (ពេត្រុស​ទី​១ ៥:៨, ៩) តើ​ការ​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់​នោះ អាច​មាន​លទ្ធផល​អ្វី? យ៉ាកុប ១:២, ៣ ពន្យល់​ថា៖ «បង​ប្អូន​អើយ! កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្បួង​ផ្សេង​ៗ នោះ​ត្រូវ​រាប់​ជា​សេចក្ដី​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​ល​មើល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្ដី​ខ្ជាប់​ខ្ជួន»។

ការ​វាយ​លុក​ចំ​មុខ

៤. តើ​សាតាំង​បាន​វាយលុក​ចំ​មុខ​តាម​របៀប​ណា ក្នុង​ការ​ប៉ុន​ប៉ង​កំទេច​ភក្ដី​ភាព​នៃ​រាស្ត្រ​របស់​ព្រះ?

ជីវិត​របស់​អ័ប្រាហាំ​បង្ហាញ​យ៉ាង​ជាក់​ស្តែង​នូវ«សេចក្ដី​ល្បួង​ផ្សេង​ៗ»ដែល​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​ប្រហែល​ជា​នឹង​ប្រឈម​មុខ។ ជា​ឧទាហរណ៍ អ័ប្រាហាំ​ត្រូវ​ត​ទល់​នឹង​ការ​វាយ​ប្រហារ​ពី​អ្នក​ឈ្លានពាន​ពី​ស្រុក​ស៊ីណើរ។ (លោកុប្បត្តិ ១៤:១១​-​១៦) មិន​គួរ​ឲ្យ​នឹក​ប្លែក​ក្នុង​ចិត្ត​ទេ​ដែល​ថា សាតាំង​បន្ត​ប្រើ​ការ​វាយ​លុក​ចំ​មុខ​ដែល​មាន​សណ្ឋាន​ជា​ការ​បៀត​បៀន។ តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២​មក​ម្ល៉េះ រដ្ឋាភិបាល​នៅ​ប្រទេស​ជា​ច្រើន​បាន​ដាក់​បំរាម ទៅ​លើ​កិច្ច​ការ​អប់រំ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ឆ្នាំ​២០០១ រាយ​ការណ៍​អំពី​អំពើ​ហិង្សា ដែល​គ្រីស្ទាន​នៅ​ប្រទេស​អង់ហ្គោឡា​បាន​ទ្រាំ​ទ្រ​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ។ ដោយ​ពឹង​ពាក់​ទៅ​លើ​ព្រះ​យេហូវ៉ា បង​ប្អូន​របស់​យើង​នៅ​ប្រទេស​បែប​នេះ​មិន​ព្រម​ណាយ​ចិត្ត​សោះ​ឡើយ! ពួក​គេ​តប​ស្នង​ដោយ​បន្ត​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ មិន​ដោយ​ផ្អែក​ទៅ​លើ​អំពើ​ហិង្សា​បក​ទៅ​វិញ ឬ​ក៏​ការ​បះ​បោរ​ប្រឆាំង​ឡើយ។—ម៉ាថាយ ២៤:១៤

៥. តើ​យុវជន​គ្រីស្ទាន​ប្រហែល​ជា​មាន​ការ​បៀត​បៀន​អ្វី​ខ្លះ​នៅ​សាលា?

ក៏​ប៉ុន្តែ ការ​បៀត​បៀន​មិន​ចាំ​បាច់​រួម​បញ្ចូល​អំពើ​ហិង្សា​ទេ។ នៅ​ទី​បំផុត អ័ប្រាហាំ​បាន​ទទួល​ពរ​ជា​កូន​ប្រុស​ពីរ​នាក់ គឺ​ជា​អ៊ីសម៉ាអែល​និង​អ៊ីសាក។ លោកុប្បត្តិ ២១:៨​-​១២ ចែង​ថា នៅ​ពេល​មួយ​អ៊ីសម៉ាអែល«សើច​ឡក​ឲ្យ»អ៊ីសាក។ ក្នុង​សំបុត្រ​របស់​ប៉ុល​ទៅ​កាន់​អ្នក​នៅ​ទី​ក្រុង​កាឡាទី គាត់​បាន​បង្ហាញ​ថា នេះ​គឺ​ធ្ងន់​ជាង​ការ​លេង​ដូច​កូន​ក្មេង​ទៅ​ទៀត ព្រោះ​គាត់​ពណ៌នា​ថា​អ៊ីសម៉ាអែល​បាន​ធ្វើ​ទុក្ខ​ដល់​អ៊ីសាក! (កាឡាទី ៤:២៩) ការ​សើច​ចំអក​ដោយ​មិត្ត​រួម​ថ្នាក់ និង​ការ​ធ្វើ​ទុក្ខ​តាម​ពាក្យ​សំដី​របស់​អ្នក​ប្រឆាំង អាច​ត្រូវ​ចាត់​ទុក​សម​ត្រឹម​ត្រូវ​ជា​ការ​បៀត​បៀន។ យុវជន​គ្រីស្ទាន​ម្នាក់ ឈ្មោះ​រ៉ែយ៉ាន នឹក​ចាំ​ពី​ទារុណកម្ម​ដែល​មិត្ត​រួម​ថ្នាក់​បាន​ធ្វើ​មក​លើ​គាត់ ដោយ​ប្រាប់​ថា៖ «ការ​ជិះ​ឡាន​ក្រុង​អស់​១៥​នាទី​ទៅ​មក​ពី​សាលា​រៀន នោះ​ហាក់​ដូច​ជា​រាប់​ម៉ោង ដោយ​សារ​ខ្ញុំ​ត្រូវ​គេ​ជេរ​ប្រមាថ​មើល​ងាយ។ ពួក​គេ​យក​ប្រដាប់​ខ្ទាស់​សៀវភៅ ដុត​វា​ឲ្យ​ក្ដៅ និង​យក​វា​មក​អុជ​ខ្ញុំ​ឲ្យ​រលាក»។ តើ​អ្វី​ជា​មូលហេតុ​ដែល​គេ​ប្រព្រឹត្ត​យ៉ាង​សាហាវ​ម្ល៉េះ​ចំពោះ​គាត់? «ការ​បង្ហាត់​បង្រៀន​ដែល​ខ្ញុំ​បាន​ទទួល​តាម​រយៈ​អង្គការ​របស់​ព្រះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខុស​គ្នា​ពី​យុវជន​ឯ​ទៀត​នៅ​សាលា​រៀន»។ យ៉ាង​ណា​ក៏​ដោយ ដោយ​មាន​ការ​គាំទ្រ​ពី​មាតា​បិតា​របស់​គាត់ នោះ​រ៉ែយ៉ាន​បាន​មាន​សមត្ថភាព​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់។ យុវជន​ទាំង​អស់​គ្នា​អើយ! តើ​ការ​សើច​ចំអក​ឡកឡឺយ​ដោយ​ពួក​ម៉ាក​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ទឹក​ចិត្ត​ទេ? សូម​កុំ​ណាយ​ចិត្ត​ឡើយ! បើ​សិន​ជា​អ្នក​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់ អ្នក​នឹង​ពិសោធន៍​ការ​សម្រេច​នៃ​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ថា៖ «អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀត​បៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ»។—ម៉ាថាយ ៥:១១

ការ​ពិបាក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ

៦. តើ​អ្វី​ខ្លះ​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​គ្រីស្ទាន​គ្នី​គ្នា​មាន​ភាព​តាន​តឹង?

ការ​ល្បង​ល​ភាគ​ច្រើន​ដែល​យើង​ប្រឈម​មុខ​សព្វ​ថ្ងៃ​នេះ គឺ​ជា​កង្វល់​ទាក់​ទង​នឹង​ជីវិត​ប្រចាំ​ថ្ងៃ។ អ័ប្រាហាំ​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ការ​តាន​តឹង​ចិត្ត​ដែល​បាន​កើត​មាន​ឡើង​រវាង​អ្នក​គង្វាល​សត្វ​របស់​គាត់​និង​អ្នក​គង្វាល​របស់​ឡុត​ជា​ក្មួយ​របស់​គាត់។ (លោកុប្បត្តិ ១៣:៥​-​៧) តាម​របៀប​ស្រដៀង​គ្នា​សព្វ​ថ្ងៃ​នេះ ភាព​ខុស​គ្នា​រវាង​បុគ្គលិក​លក្ខណៈ​មនុស្ស និង​ការ​ច្រណែន​គ្នា អាច​នាំ​ឲ្យ​មាន​ការ​ពិបាក​ប្រស្រ័យ​ទាក់​ទង​គ្នា​រហូត​ដល់​អាច​បង្ខូច​ដល់​សន្ដិភាព​ក្នុង​ក្រុម​ជំនុំ។ «ដ្បិត​កន្លែង​ណា​ដែល​មាន​សេចក្ដី​ច្រណែន នឹងសេចក្ដី​គំនុំ នោះ​ក៏​មាន​វឹកវរ នឹង​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង​ដែរ»។ (យ៉ាកុប ៣:១៦) គឺ​ជា​ការ​សំខាន់​ណាស់​ហ្ន៎! ដែល​យើង​មិន​ណាយ​ចិត្ត​ឡើយ និង​មិន​ឲ្យ​ចិត្ត​មានះ​បំផ្លាញ​នូវ​សន្ដិភាព ដូច​ជា​អ័ប្រាហាំ និង​ផ្ទុយ​ទៅ​វិញ​ស្វែង​រក​ប្រយោជន៍​របស់​អ្នក​ឯ​ទៀត។—កូរិនថូស​ទី​១ ១៣:៥; យ៉ាកុប ៣:១៧

៧. (ក) តើ​មនុស្ស​ម្នាក់​ដែល​បាន​ត្រូវ​គ្រីស្ទាន​គ្នី​គ្នា​បញ្ឈឺ​ចិត្ត គួរ​ធ្វើ​យ៉ាង​ណា? (ខ) តើ​ដូច​ម្ដេច​ដែល​អ័ប្រាហាំ​បាន​ធ្វើ​ជា​គំរូ​ល្អ ចំពោះ​ការ​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ដទៃ?

ការ​ប្រព្រឹត្ត​ដោយ​អាកប្បកិរិយា​សុភាពរាបសា​អាច​ជា​អ្វី​ដ៏​ពិបាក បើ​សិន​ជា​យើង​មាន​អារម្មណ៍​ថា មនុស្ស​ម្នាក់​ដែល​ជា​អ្នក​ជឿ​គ្នី​គ្នា បាន​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​ចំពោះ​យើង។ សុភាសិត ១២:១៨ ចែង​ថា៖ «មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ»។ សំដី​ដែល​ពោល​ដោយ​មិន​គិត​ទុក​ជា​មុន សូម្បី​តែ​ដោយ​គ្មាន​បំណង​អាក្រក់ ក៏​អាច​បញ្ឈឺ​ចិត្ត​ខ្លាំង​ដែរ។ ការ​ឈឺ​ចាប់​នោះ​គឺ​ខ្លាំង​ជាង បើ​សិន​ជា​យើង​គិត​ថា គេ​បាន​និយាយ​បង្កាច់​បង្ខូច​ឬ​ក៏​និយាយ​ដើម​យើង​នោះ។ (ទំនុកដំកើង ៦:៦, ៧) ក៏​ប៉ុន្តែ គ្រីស្ទាន​ម្នាក់​មិន​អាច​អនុញ្ញាត​ឲ្យ​ការ​ឈឺ​ចិត្ត​ធ្វើ​ឲ្យ​គាត់​ណាយ​ចិត្ត​ទៅ​វិញ​នោះ​ឡើយ! បើ​សិន​ជា​អ្នក​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​នោះ ចូរ​ចាត់​វិធាន​ការ​ដោះ​ស្រាយ​រឿង​នោះ ដោយ​និយាយ​យ៉ាង​សប្បុរស​នឹង​អ្នក​ដែល​បាន​ធ្វើ​ខុស​នោះ​ចុះ។ (ម៉ាថាយ ៥:២៣, ២៤; អេភេសូរ ៤:២៦) ចូរ​លើក​លែង​ទោស​ឲ្យ​អ្នក​នោះ។ (កូល៉ុស ៣:១៣) ដោយ​បំបាត់​ចោល​នូវ​ការ​តូច​ចិត្ត ហើយ​យើង​បើក​ឲ្យ​មាន​លទ្ធភាព​ផ្សះ​នូវ​ការ​ឈឺ​ចិត្ត​របស់​ខ្លួន និង​ផ្សះ​ផ្សា​នូវ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​បង​ប្អូន​យើង។ អ័ប្រាហាំ​មិន​បាន​ចង​គំនុំ​ណា​ចំពោះ​ឡុត​ទេ។ តាម​ពិត អ័ប្រាហាំ​បាន​ប្រញាប់​ទៅ​សង្គ្រោះ​ឡុត​និង​គ្រួសារ​របស់​គាត់​វិញ!—លោកុប្បត្តិ ១៤:១២​-​១៦

ការ​ល្បង​ល​ដែល​យើង​នាំ​ឲ្យ​មាន​មក​លើ​ខ្លួន​យើង

៨. (ក) តើ​ដូច​ម្ដេច​ដែល​គ្រីស្ទាន​ម្នាក់​អាច​ចាក់​ទំ​លុះ​ខ្លួន​ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន? (ខ) ហេតុ​អ្វី​បាន​ជា​អ័ប្រាហាំ​អាច​មាន​ទស្សនៈ​មួយ ដែល​ប្រកប​ទៅ​ដោយ​តុល្យភាព​ចំពោះ​ទ្រព្យ​សម្បត្ដិ?

ជាក់​ស្តែង​ហើយ ការ​ល្បង​ល​ខ្លះ​យើង​នាំ​ឲ្យ​មាន​មក​លើ​ខ្លួន​យើង។ ជា​ឧទាហរណ៍ ព្រះ​យេស៊ូ​បាន​បញ្ជា​អ្នក​កាន់​តាម​ទ្រង់​ថា៖ «កុំ​ឲ្យ​ប្រមូល​ទ្រព្យ​សម្បត្ដិ ទុក​សំរាប់​ខ្លួន នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត នឹង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំ​លុះ​ប្លន់​នោះ​ឡើយ»។ (ម៉ាថាយ ៦:១៩) ក៏​ប៉ុន្តែ បង​ប្អូន​ខ្លះ​ចាក់​ទំ​លុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន ដោយ​ខំ​ឈោង​តាម​ទ្រព្យ​សម្បត្ដិ​មុន​ប្រយោជន៍​ខាង​ព្រះ​រាជាណាចក្រ។ (ធីម៉ូថេ​ទី​១ ៦:៩, ១០) អ័ប្រាហាំ​សុខ​ចិត្ត​លះ​ចោល​ភាព​សុខ​ស្រួល ដើម្បី​បំពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ។ «ដោយ​សារ​សេចក្ដី​ជំនឿ នោះ​លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​សន្យា​ឲ្យ ដូច​ជា​នៅ​ប្រទេស​ដទៃ​ក៏​នៅ​តែ​ក្នុង​ត្រសាល ជា​មួយ​នឹង​អ៊ីសាក ហើយ​នឹង​យ៉ាកុប ជា​អ្នក​គ្រង​សេចក្ដី​សន្យា​ដដែល ទុក​ជា​មរដក​ជា​មួយ​គ្នា ពីព្រោះ​លោក​រង់​ចាំ​ក្រុង​១ ដែល​មាន​ឫស​ជញ្ជាំង ដែល​ព្រះ​ទ្រង់​ជា​អ្នក​គូរ ហើយ​ជា​ជាង​សង់»។ (ហេព្រើរ ១១:៩, ១០) ជំនឿ​របស់​អ័ប្រាហាំ​ទៅ​លើ«ទី​ក្រុង»មួយ​ឬ​រដ្ឋាភិបាល​របស់​ព្រះ បាន​ជួយ​គាត់​មិន​ពឹង​ពាក់​ទៅ​លើ​ទ្រព្យ​សម្បត្ដិ។ យើង​ក៏​គួរ​គប្បី​ធ្វើ​អ៊ីចឹង​ដែរ។

៩, ១០. (ក) ហេតុ​អ្វី​បាន​ជា​ការ​ចង់​បាន​មុខ​មាត់​ធំ​អាច​បង្កើត​ឲ្យ​មាន​ការ​ល្បង​ល? (ខ) តើ​ដូច​ម្ដេច​ដែល​បង​ប្អូន​សព្វ​ថ្ងៃ​នេះ​អាច​ប្រព្រឹត្ត​ជា«អ្នក​តូច​ជាង​គេ»វិញ?

សូម​ពិចារណា​នូវ​ចំណុច​ផ្សេង​ទៀត។ ព្រះ​គម្ពីរ​ណែនាំ​យ៉ាង​ចំ​ៗ​ថា៖ «ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វី​ៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ»។ (កាឡាទី ៦:៣) ម្យ៉ាង​ទៀត យើង​ត្រូវ​ដាស់​តឿន«កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់​ទែង​គ្នា ឬ​ដោយ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​ឡើយ»។ (ភីលីព ២:៣) អ្នក​ខ្លះ​នាំ​មក​នូវ​ការ​ល្បង​ល​លើ​ខ្លួន​គេ ដោយ​សារ​គេ​មិន​អនុវត្ត​តាម​ដំបូន្មាន​នេះ។ ដោយ​សារ​គេ​ត្រូវ​ជំរុញ​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​ទទួល​នូវ​មុខ​តំណែង​ធំ ជា​ជាង​ចង់«បាន​ការ​ល្អ​ប្រសើរ» នោះ​គេ​ធ្លាក់​ទឹក​ចិត្ត ឬ​ក៏​តូច​ចិត្ត​ពេល​ដែល​មិន​បាន​ទទួល​ឯកសិទ្ធិ​ក្នុង​ក្រុម​ជំនុំ។—ធីម៉ូថេ​ទី​១ ៣:១

១០ អ័ប្រាហាំ​ជា​គំរូ​ដ៏​ល្អ​ដោយ‹មិន​មាន​គំនិត​ខ្ពស់ លើស​ជាង​គំនិត ដែល​គួរ​គប្បី​ឲ្យ​គិត​នោះ​ឡើយ›។ (រ៉ូម ១២:៣) ពេល​គាត់​ជួប​សង្ឃ​ម៉ិលគីស្សាដែក​នោះ អ័ប្រាហាំ​មិន​បាន​អួត​ពី​ទំនាក់​ទំនង​ពិសេស​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ដើម្បី​ដំកើង​ខ្លួន​គាត់​ធំ​លើស​ជាង​ម៉ិលគីស្សាដែក​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ទទួល​ស្គាល់​ឋានៈ​ខ្ពស់​របស់​ម៉ិលគីស្សាដែក​ជា​សង្ឃ​នោះ ដោយ​បង់​១​ភាគ​ក្នុង​១០​ជូន​គាត់។ (ហេព្រើរ ៧:៤​-​៧) សព្វ​ថ្ងៃ​នេះ គ្រីស្ទាន​ត្រូវ​សុខ​ចិត្ត​ប្រព្រឹត្ត​ដូច​ជា«អ្នក​តូច​ជាង​គេ» និង​មិន​ទាម​ទារ​ចេញ​មុខ​មាត់​ទេ។ (លូកា ៩:៤៨) បើ​សិន​ជា​អ្នក​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​មើល​ទៅ​ដូច​ជា​មិន​ព្រម​ជូន​ឯកសិទ្ធិ​ណា​មួយ​ឲ្យ​អ្នក នោះ​ចូរ​គិត​មើល​ពី​ខ្លួន​អ្នក​សិន ដើម្បី​ឲ្យ​ដឹង​ថា​តាម​របៀប​ណា​ខ្លះ​អ្នក​អាច​ធ្វើ​ឲ្យ​លក្ខណៈ​សម្បត្ដិ ឬ​ក៏​ការ​ប្រព្រឹត្ត​របស់​អ្នក​ប្រសើរ​ឡើង​ៗ។ ជា​ជាង​ក្រៀម​ក្រំ​ចិត្ត​ដោយ​គិត​ពី​ឯកសិទ្ធិ​ដែល​អ្នក​គ្មាន ចូរ​ឆ្លៀត​ប្រើ​ឯកសិទ្ធិ​ដែល​អ្នក​មាន​វិញ គឺ​ជា​ឯកសិទ្ធិ​ជួយ​អ្នក​ឯ​ទៀត​ស្គាល់​ព្រះ​យេហូវ៉ា។ ពិត​មែន«ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ​ហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់»។—ពេត្រុស​ទី​១ ៥:៦

ជំនឿ​ទៅ​លើ​អ្វី​ដែល​យើង​មើល​មិន​ឃើញ

១១, ១២. (ក) ហេតុ​អ្វី​អ្នក​ខ្លះ​ក្នុង​ក្រុម​ជំនុំ ប្រហែល​ជា​បាន​បាត់​បង់​នូវ​គំនិត​អំពី​ភាព​បន្ទាន់? (ខ) តើ​តាម​របៀប​ណា​ដែល​អ័ប្រាហាំ​បាន​ទុក​គំរូ​មួយ​ដ៏​ល្អ ក្នុង​ការ​ចាត់​ទុក​សេចក្ដី​សន្យា​របស់​ព្រះ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់​នោះ?

១១ ការ​ល្បង​ល​មួយ​ទៀត ប្រហែល​ជា​អាច​រួម​បញ្ចូល ការ​គិត​ថា​ទី​បញ្ចប់​នៃ​របប​អាក្រក់​នេះ​កំពុង​តែ​បង្អង់​យូរ។ យោង​ទៅ​តាម​ពេត្រុស​ទី​២ ៣:១២ គ្រីស្ទាន​ទាំង​ឡាយ​ត្រូវ«ទន្ទឹង​ចាំ​ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​បាន​ឆាប់​មក​ដល់​ផង»។ ក៏​ប៉ុន្តែ អ្នក​ខ្លះ​បាន​ទន្ទឹង​ចាំ​ថ្ងៃ​នោះ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ អ្នក​ខ្លះ​បាន​ចាំ​អស់​ច្រើន​ទសវត្ស​ទៀត​ផង។ ជា​លទ្ធផល អ្នក​ខ្លះ​ទៅ​ជា​ធ្លាក់​ទឹក​ចិត្ត​និង​បាត់​បង់​នូវ​គំនិត​អំពី​ភាព​បន្ទាន់។

១២ សូម​ពិចារណា​មើល​នូវ​គំរូ​របស់​អ័ប្រាហាំ​ម្ដង​ទៀត។ គាត់​បាន​ចាត់​ទុក​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់ ទោះ​ជា​សេចក្ដី​សន្យា​ទាំង​នោះ​មិន​សម្រេច​បាន​ទាំង​អស់​ក្នុង​ជីវិត​របស់​គាត់​ក៏​ដោយ។ ពិត​មែន គាត់​បាន​រស់​យូរ​ល្មម​ឲ្យ​ឃើញ​កូន​ប្រុស​របស់​គាត់ ឈ្មោះ​អ៊ីសាក​ធំ​ឡើង។ ក៏​ប៉ុន្តែ គឺ​ជា​ច្រើន​សតវត្ស​ក្រោយ​មក កូន​ចៅ​របស់​អ័ប្រាហាំ​នឹង​ទៅ​ដូច«ផ្កាយ​នៅ​លើ​មេឃ» ឬ«ខ្សាច់​នៅ​មាត់​សមុទ្រ»។ (លោកុប្បត្តិ ២២:១៧) ប៉ុន្តែ អ័ប្រាហាំ​មិន​បាន​មួម៉ៅ​ចិត្ត​ឬ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ សាវ័ក​ប៉ុល​បាន​និយាយ​ស្តី​ពី​អ័ប្រាហាំ​និង​មេ​គ្រួសារ​ឯ​ទៀត​ដ៏​ស្មោះ​ត្រង់​ថា៖ «ពួក​អ្នក​ទាំង​នោះ​បាន​ស្លាប់​ក្នុង​សេចក្ដី​ជំនឿ ឥត​ទទួល​សេចក្ដី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ តែ​គេ​បាន​ឃើញ​ពី​ចំ​ងាយ ហើយ​ក៏​ទទួល​គំនាប់​ដែរ ទាំង​យល់​ព្រម​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់​នៅ​ផែនដី​ប៉ុណ្ណោះ»។—ហេព្រើរ ១១:១៣

១៣. (ក) តើ​ដូច​ម្ដេច​ដែល​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ គឺ​ដូច​ជា​អ្នក​ដែល«គ្រាន់​តែ​សំណាក់​នៅ»? (ខ) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​នឹង​នាំ​ទី​បញ្ចប់​មក​ដល់​របប​លោកីយ៍​នេះ?

១៣ បើ​សិន​ជា​អ័ប្រាហាំ​អាច​រក្សា​ទុក​សេចក្ដី​សន្យា​ដែល​នឹង​សម្រេច«ពី​ចំ​ងាយ»នា​អនាគត ជា​ស្នូល​នៃ​ជីវិត​របស់​គាត់ នោះ​សព្វ​ថ្ងៃ​នេះ​យើង​គួរ​គប្បី​ធ្វើ​ដូច្នោះ​ដែរ ដោយ​មាន​ការ​សម្រេច​នោះ​ជិត​ដល់​ហើយ! ដូច​ជា​អ័ប្រាហាំ យើង​ត្រូវ​ចាត់​ទុក​ខ្លួន​យើង​ជា​អ្នក«គ្រាន់​តែ​សំណាក់​នៅ»ក្នុង​របប​លោកីយ៍​របស់​សាតាំង​ប៉ុណ្ណោះ ទាំង​តាំង​ចិត្ត​មិន​រក​បំពេញ​តែ​តាម​ចិត្ត​ខ្លួន​ឯង​ឡើយ។ ពិត​មែន យើង​ប្រាថ្នា​ឲ្យ«ចុង​បំផុត​នៃ​របស់​ទាំង​អស់»បាន​មក​ដល់ មិន​គ្រាន់​តែ​ជិត​មក​ដល់​ប៉ុណ្ណោះ​ទេ។ (ពេត្រុស​ទី​១ ៤:៧) ប្រហែល​ជា​យើង​កំពុង​តែ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ខាង​សុខភាព។ ឬ​ក៏​ប្រហែល​ជា​បញ្ហា​សេដ្ឋកិច្ច​នាំ​ឲ្យ​យើង​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង។ ក៏​ប៉ុន្តែ យើង​ត្រូវ​តែ​ចាំ​ថា ព្រះ​យេហូវ៉ា​នឹង​នាំ​ទី​បញ្ចប់​មក​ដល់ មិន​គ្រាន់​តែ​ដើម្បី​សង្គ្រោះ​យើង​ពី​ការ​ពិបាក​ប៉ុណ្ណោះ​ទេ តែ​ដើម្បី​ដំកើង​ព្រះ​នាម​របស់​ទ្រង់។ (អេសេគាល ៣៦:២៣; ម៉ាថាយ ៦:៩, ១០) ទី​បញ្ចប់​នឹង​មក​ដល់ ប្រហែល​ជា​មិន​មក​ត្រូវ​តាម​ចិត្ត​យើង​ចង់​នោះ​ទេ តែ​នៅ​ពេល​ដែល​សម​បំផុត​នឹង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។

១៤. តើ​ដូច​ម្ដេច​ដែល​សេចក្ដី​អត់​ធ្មត់​របស់​ព្រះ​មាន​ប្រយោជន៍​ដល់​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ?

១៤ សូម​ចាំ​ដែរ​ថា៖ «ព្រះ​អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ទ្រង់ ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អត់​ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ»។ (ពេត្រុស​ទី​២ ៣:៩) សូម​កត់​សម្គាល់​ថា ព្រះ​មាន​ព្រះ​ទ័យ«អត់​ធ្មត់​នឹង​យើង» ដែល​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន។ តាម​មើល​ទៅ ក្នុង​ពួក​យើង​ខ្លះ​ត្រូវ​ការ​ពេល​ទៀត​ដើម្បី​ធ្វើ​ការ​កែ​ប្រែ ឲ្យ«ទ្រង់​បាន​ឃើញ​អ្នក​រាល់​គ្នា​ជា​ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្ដី​មេត្រី​ផង»។ (ពេត្រុស​ទី​២ ៣:១៤) ដូច្នេះ យើង​គួរ​អរ​ព្រះ​គុណ​ដល់​ព្រះ​ដែល​ទ្រង់​បាន​មាន​ព្រះ​ទ័យ​អត់​ធ្មត់ មែន​ទេ?

របៀប​រក​ឃើញ​នូវ​អំណរ ថ្វី​បើ​មាន​ឧបសគ្គ

១៥. តើ​ដោយ​ដូច​ម្ដេច​ដែល​ព្រះ​យេស៊ូ​បាន​មាន​សមត្ថភាព​រក្សា​អំណរ​របស់​ទ្រង់ ទោះ​ជា​ប្រឈម​នឹង​ការ​ល្បង​ល​ក៏​ដោយ? និង​តើ​ដូច​ម្ដេច​ដែល​ការ​ត្រាប់​តាម​ទ្រង់​មាន​ប្រយោជន៍​ចំពោះ​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ?

១៥ ជីវិត​របស់​អ័ប្រាហាំ​បង្រៀន​គោល​ការណ៍​ជា​ច្រើន​សំរាប់​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ។ គាត់​មិន​គ្រាន់​តែ​បង្ហាញ​ជំនឿ​ប៉ុណ្ណោះ តែ​បង្ហាញ​សេចក្ដី​អត់​ធ្មត់ ប្រាជ្ញា ចិត្ត​ក្លាហាន និង​សេចក្ដី​ស្រឡាញ់​ដ៏​មិន​សួន​តួ។ គាត់​បាន​ទុក​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​អាទិភាព​ក្នុង​ជីវិត​រស់​គាត់។ ក៏​ប៉ុន្តែ គំរូ​ដ៏​ប្រសើរ​បំផុត​ដែល​ត្រូវ​នឹក​ចាំ​គឺ​ជា គំរូ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ ទ្រង់​ក៏​បាន​ប្រឈម​ការ​សាក​ល្បង​ជា​ច្រើន តែ​ទ្រង់​មិន​ដែល​បាត់​បង់​អំណរ​របស់​ទ្រង់​ឡើយ។ ហេតុ​អ្វី? ពីព្រោះ​ទ្រង់​បាន​ប្រមូល​អារម្មណ៍​ទៅ​លើ​សេចក្ដី​សង្ឃឹម​ដែល​ស្ថិត​នៅ​ខាង​មុខ។ (ហេព្រើរ ១២:២, ៣) ប៉ុល​បាន​អធិស្ឋាន​ថា៖ «ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្ដី​អត់​ធ្មត់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត ទ្រង់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​តែ​១ តាម​ព្រះ​គ្រីស្ទ​យេស៊ូវ»។ (រ៉ូម ១៥:៥) ដោយ​មាន​គំនិត​ត្រឹម​ត្រូវ យើង​អាច​រក​ឃើញ​នូវ​អំណរ ទោះ​ជា​មាន​ឧបសគ្គ​ដែល​សាតាំង​ដាក់​ពី​មុខ​យើង​ក៏​ដោយ។

១៦. តើ​យើង​អាច​ធ្វើ​យ៉ាង​ណា ពេល​ដែល​បញ្ហា​របស់​យើង​មើល​ទៅ​ដូច​ជា​ធំ​លើស​លប់​នោះ?

១៦ ពេល​ដែល​បញ្ហា​របស់​អ្នក មើល​ទៅ​ដូច​ជា​ធំ​លើស​លប់ សូម​ចាំ​ថា ដូច​ជា​ព្រះ​យេហូវ៉ា​បាន​ស្រឡាញ់​អ័ប្រាហាំ​នោះ ទ្រង់​ក៏​ស្រឡាញ់​អ្នក​ដែរ។ ទ្រង់​ចង់​ឲ្យ​អ្នក​បាន​ជោគ​ជ័យ។ (ភីលីព ១:៦) សូម​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា ដោយ​ជឿ​ជាក់​ថា «ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្ដី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន»។ (កូរិនថូស​ទី​១ ១០:១៣) សូម​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ទម្លាប់​អាន​ព្រះ​បន្ទូល​របស់​ព្រះ​រាល់​ថ្ងៃ។ (ទំនុកដំកើង ១:២) សូម​ខំ​ព្យាយាម​ក្នុង​សេចក្ដី​អធិស្ឋាន ទាំង​ទូល​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ជំនួយ​ដើម្បី​ស៊ូ​ទ្រាំ។ (ភីលីព ៤:៦) ទ្រង់​នឹង«ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម»។ (លូកា ១១:១៣) ចូរ​ឆ្លៀត​យក​ប្រយោជន៍​ពី​សំ​វិធានការ​ដែល​ព្រះ​យេហូវ៉ា​បាន​រៀបចំ ដើម្បី​គាំទ្រ​យើង​ខាង​វិញ្ញាណ ដូច​ជា​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​របស់​យើង។ ម្យ៉ាង​ទៀត ចូរ​ទទួល​ការ​គាំទ្រ​ពី​ភាតរភាព​របស់​យើង។ (ពេត្រុស​ទី​១ ២:១៧) ចូល​រួម​កិច្ច​ប្រជុំ​គ្រីស្ទាន​យ៉ាង​ទៀង​ទាត់ ដ្បិត​នៅ​កន្លែង​នោះ អ្នក​នឹង​ទទួល​សេចក្ដី​លើក​ទឹក​ចិត្ត​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ។ (ហេព្រើរ ១០:២៤, ២៥) ចូរ​មាន​អំណរ​ដោយ​ដឹង​ថា ការ​ស៊ូ​ទ្រាំ​របស់​អ្នក​ក៏​បំពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ និង​ភាព​ស្មោះ​ត្រង់​របស់​អ្នក​ធ្វើ​ឲ្យ​ទ្រង់​មាន​ព្រះ​ទ័យ​សប្បាយ!។—សុភាសិត ២៧:១១; រ៉ូម ៥:៣​-​៥

១៧. ហេតុ​អ្វី​គ្រីស្ទាន​ទាំង​ឡាយ​មិន​គួរ​ចុះ​ចាញ់​ដោយ​អស់​សង្ឃឹម​នោះ?

១៧ ព្រះ​យេហូវ៉ា​បាន​ស្រឡាញ់​អ័ប្រាហាំ​ជា«សំឡាញ់»របស់​ទ្រង់។ (យ៉ាកុប ២:២៣) យ៉ាង​ណា​ក៏​ដោយ ជីវិត​របស់​អ័ប្រាហាំ​បាន​ប្រកប​ទៅ​ដោយ​ការ​ល្បង​ល​ជា​ច្រើន ដែល​បាន​នាំ​ឲ្យ​ឈឺ​ចាប់។ គ្រីស្ទាន​ទាំង​ឡាយ​ត្រូវ​ដឹង​ទុក​ជា​មុន​ថា ខ្លួន​នឹង​ទទួល​ការ​ល្បង​ល​ដូច​គ្នា​ដែរ​ក្នុង​កំឡុង«ថ្ងៃ​ជាន់​ក្រោយ​បង្អស់»ដ៏​អាក្រក់​នេះ។ តាម​ពិត ព្រះ​គម្ពីរ​បាន​ព្រមាន​យើង​ថា«ពួក​អាក្រក់ នឹង​ពួក​ឆបោក គេ​នឹង​មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្ដី​អាក្រក់ កាន់​តែ​ខ្លាំង​ឡើង»។ (ធីម៉ូថេ​ទី​២ ៣:១, ១៣) ជា​ជាង​ចុះ​ចាញ់​នឹង​ការ​ធ្លាក់​ទឹក​ចិត្ត យើង​ទទួល​ស្គាល់​ថា ការ​សង្កត់​សង្កិន​ដែល​យើង​ប្រឈម​មុខ ជា​ភស្តុ​តាង​បង្ហាញ​ថា ទី​បញ្ចប់​នៃ​របប​អាក្រក់​របស់​សាតាំង​គឺ​ជិត​ដល់​ហើយ។ តែ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​រំឭក​យើង​ថា៖ «អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ»។ (ម៉ាថាយ ២៤:១៣) ដូច្នេះ ‹កុំ​ណាយ​ចិត្ត​នឹង​ធ្វើ​ល្អ​ឡើយ›! ចូរ​ធ្វើ​តម្រាប់​តាម​អ័ប្រាហាំ និង​ដោយ​ការ​ធ្វើ​អ៊ីចឹង​អ្នក​នឹង​នៅ​ក្នុង​ចំណោម​អស់​អ្នក«ដែល​គ្រង​បាន​សេចក្ដី​សន្យា​ទុក​ជា​មរដក ដោយ​ចិត្ត​ជឿ ហើយ​អត់​ធន់​វិញ»។—ហេព្រើរ ៦:១២

តើ​អ្នក​បាន​កត់​សម្គាល់​ទេ?

ហេតុ​អ្វី​បាន​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ អាច​ប្រាកដ​ថា​គេ​នឹង​មាន​ការ​ល្បង​ល?

តើ​តាម​របៀប​ណា​ដែល​សាតាំង​អាច​វាយលុក​ចំ​មុខ?

តើ​ទំនាស់​រវាង​គ្រីស្ទាន​គ្នី​គ្នា អាច​ត្រូវ​ដោះ​ស្រាយ​តាម​របៀប​ណា?

តើ​ដូច​ម្ដេច​ដែល​ចិត្ត​មានះ​និង​អំនួត​អាច​នាំ​មក​នូវ​ការ​ល្បង​ល​មួយ?

តើ​ដូច​ម្ដេច​ដែល​អ័ប្រាហាំ​បាន​ទុក​គំរូ​ល្អ​ចំពោះ​ការ​រង់​ចាំ​សេចក្ដី​សម្រេច​នៃ​សេចក្ដី​សន្យា​របស់​ព្រះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​៣១]

យុវជន​គ្រីស្ទាន​ជា​ច្រើន​នាក់​ស៊ូ​ទ្រាំ​នឹង​ការ​បៀត​បៀន​ដែល​ត្រូវ​ពួក​ម៉ាក​ចំអក​ឡកឡឺយ