«អ្វីមួយដែលគួរនាំឲ្យទាំងអស់គ្នាមានអំណរ»
«អ្វីមួយដែលគួរនាំឲ្យទាំងអស់គ្នាមានអំណរ»
កោះទុយវ៉ាលុយគឺជាប្រទេសមួយដ៏ស្អាតបំព្រង ដែលរួមបញ្ចូលកោះ៩នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ទាំងមានប្រជាជន១០.៥០០នាក់។ ក៏ប៉ុន្តែ ដោយទទួលស្គាល់ថាព្រះ«សព្វព្រះហឫទ័យ ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត» នោះស្មរបន្ទាល់ព្រះយេហូវ៉ានៅតំបន់នោះ បានប៉ងប្រាថ្នាទទួលប្រកាសនវត្ថុជាភាសារបស់គេផ្ទាល់។ (ធីម៉ូថេទី១ ២:៤) នេះបានបង្កើតឲ្យមានការពិបាកមួយ ដោយព្រោះគ្មានវចនានុក្រមជាភាសានោះទេ។ នៅឆ្នាំ១៩៧៩ ស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ជាបេសកជនដែលកំពុងតែបំរើនៅកោះទុយវ៉ាលុយ បានចាប់ផ្ដើមពុះពាររកដោះស្រាយបញ្ហានេះ។ គាត់និងប្រពន្ធរបស់គាត់បាននៅជាមួយគ្រួសារមួយជាសាសន៍នោះ បានរៀនភាសារបស់គេ និងបន្ដិចម្ដងៗបានបង្កើតសទ្ទានុក្រមជាវាក្យស័ព្ទភាសាទុយវ៉ាលុយ។ ពេលមកដល់ឆ្នាំ១៩៨៤ សៀវភៅ អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី បានត្រូវបោះពុម្ពជាភាសាទុយវ៉ាលុយដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។
វេជ្ជបណ្ឌិត លោកធូម៉ាស៊ី ប៉ោប៉ោ ដែលជាអតីតនាយករដ្ឋមន្ត្រីនៃកោះទុយវ៉ាលុយ បានសរសេរសំបុត្រមួយដើម្បីសម្ដែងពីការអបអរចំពោះការបោះពុម្ពសៀវភៅរស់នៅជានិរន្តរ៍។ លោកបានសរសេរថា៖ «សៀវភៅនេះគឺជាអ្វីមួយដ៏ថ្មីនិងដ៏ចាំបាច់ដែលបន្ថែមនឹង‹រតនៈសម្បត្ដិ›របស់កោះទុយវ៉ាលុយ។ អ្នកគួរសប្បាយចិត្តណាស់ចំពោះតួនាទីរបស់អ្នក ដែលជាតួនាទីដ៏ប្រសើរក្នុងការកសាងនូវជីវិតខាងវិញ្ញាណនៃប្រជាជនរបស់សាសន៍នេះ។ ខ្ញុំជឿជាក់ថា សមិទ្ធិផលនេះនឹងត្រូវចារទុកក្នុងប្រវត្ដិសាស្ត្រកោះទុយវ៉ាលុយ ដែលទាក់ទងនឹងការបោះពុម្ពសៀវភៅសំរាប់ការអប់រំ . . . សមិទ្ធិផលនេះគឺជាអ្វីមួយដែលគួរនាំឲ្យទាំងអស់គ្នាមានអំណរ»។
បញ្ជីវាក្យស័ព្ទរបស់អ្នកបកប្រែនោះ បាននាំទៅដល់ការបោះពុម្ពវចនានុក្រមទុយវ៉ាលុយទៅភាសាអង់គ្លេសនៅឆ្នាំ១៩៩៣។ នោះគឺជាវចនានុក្រមទីមួយជាភាសាទុយវ៉ាលុយ គឺផ្ដល់ឲ្យសំរាប់សាធារណជន។ នៅពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិខាងភាសាបានសូមការអនុញ្ញាតឲ្យប្រើវចនានុក្រមនោះ ដើម្បីបង្កើតវចនានុក្រមភាសាតាមតំបន់។
តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៨៩ ទស្សនាវដ្ដីប៉មយាម បានត្រូវបោះពុម្ពជារៀងរាល់ខែជាភាសាទុយវ៉ាលុយ។ បើសិនជាអ្នកកំពុងតែអានទស្សនាវដ្ដីនេះជាភាសាទី២របស់អ្នក សូមមើលនៅទំព័រទី២និងឆែកមើលបើសិនជាទស្សនាវដ្ដីប៉មយាម ត្រូវបោះពុម្ពជាភាសាកំណើតរបស់អ្នក។ ការអានជាភាសាកំណើតរបស់អ្នកច្បាស់ជានឹងនាំឲ្យអ្នកមានអំណរខ្លាំងមែន។