លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្វីដែលព្រះរាជាណាចក្រនៃព្រះនឹងធ្វើ

អ្វីដែលព្រះរាជាណាចក្រនៃព្រះនឹងធ្វើ

អ្វី​ដែល​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នឹង​ធ្វើ

«សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ»។—ម៉ាថាយ ៦:១០

១. តើ​ការ​មក​ដល់​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មាន​ន័យ​យ៉ាង​ណា?

 នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​អធិស្ឋាន​សុំ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មក ទ្រង់​បាន​ជ្រាប​ថា​ការ​មក​ដល់​នៃ​ព្រះ​រាជាណាចក្រ​នេះ នឹង​នាំ​មក​ដល់​ទី​បញ្ចប់​នៃ​រាប់​ពាន់​ឆ្នាំ​នៃ​ការ​គ្រប់​គ្រង​របស់​មនុស្ស ដែល​ឥត​ពឹង​ពាក់​ទៅ​លើ​ព្រះ។ ក្នុង​កំឡុង​ពេល​នោះ ជា​ទូទៅ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ឥត​បាន​សម្រេច​នៅ​លើ​ផែនដី​នេះ​ទេ។ (ទំនុកដំកើង ១៤៧:១៩, ២០) ប៉ុន្តែ​ក្រោយ​ពី​ការ​ស្ថាបនា​ព្រះ​រាជាណាចក្រ​នេះ​នៅ​ស្ថាន​សួគ៌ នោះ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​នឹង​បាន​សម្រេច​នៅ​គ្រប់​ទី​កន្លែង។ ពេល​វេលា​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ដ៏​ស្ញប់​ស្ញែង​នេះ គឺ​កាន់​តែ​ជិត​ណាស់​ហើយ ពី​ការ​គ្រប់​គ្រង​របស់​មនុស្ស​ទៅ​ការ​គ្រប់​គ្រង​របស់​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។

២. តើ​អ្វី​នឹង​សម្គាល់​ការ​ផ្លាស់​ប្ដូរ​ពី​ការ​គ្រប់​គ្រង​របស់​មនុស្ស មក​ជា​ការ​គ្រប់​គ្រង​របស់​ព្រះ​រាជាណាចក្រ?

សញ្ញា​សម្គាល់​ចំពោះ​ការ​ផ្លាស់​ប្ដូរ​នេះ នឹង​ជា​កំឡុង​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ហៅ​ថា«សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់ ដល់​ម្ល៉េះ​បាន​ជា​តាំង​ពី​ដើម​កំណើត​លោកីយ ដរាប​មក​ដល់​សព្វ​ថ្ងៃនេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ»។ (ម៉ាថាយ ២៤:២១) ព្រះ​គម្ពីរ​មិន​បាន​ចែង​ប្រាប់​អំពី​កំឡុង​ពេល​នោះ​នឹង​មាន​យូរ​ប៉ុន្មាន​នោះ​ទេ ក៏​ប៉ុន្តែ​វិបត្ដិ​ដែល​នឹង​ត្រូវ​កើត​ឡើង​ក្នុង​កំឡុង​នោះ នឹង​អាក្រក់​ជាង​អ្វី​ៗ​ដែល​មនុស្ស​លោក​ធ្លាប់​ឃើញ​ទៅ​ទៀត។ នៅ​ដើម​នៃ​សេចក្ដី​វេទនា​ជា​ខ្លាំង មាន​អ្វី​មួយ​ដែល​នឹង​កើត​ឡើង ដែល​នឹង​ជា​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​មនុស្ស​ជា​ច្រើន​លើ​ផែនដី​នេះ នោះ​គឺ​ជា​សេចក្ដី​ហិន​វិនាស​នៃ​សាសនា​មិន​ពិត។ នោះ​នឹង​មិន​មែន​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ភ្ញាក់​ផ្អើល​ឡើយ ដ្បិត​ពួក​គេ​បាន​រង់​ចាំ​ព្រឹត្ដិការណ៍​នេះ​ជា​យូរ​យារ​មក​ហើយ។ (វិវរណៈ ១៧:១, ១៥​-​១៧; ១៨:១​-​២៤) សេចក្ដី​វេទនា​ជា​ខ្លាំង​នេះ​នឹង​មក​ដល់​ទី​បញ្ចប់​នៅ​ឯ​អើម៉ាគេដូន ពេល​ដែល​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នឹង​កំទេច​ចោល​របប​ទាំង​មូល​របស់​សាតាំង។—ដានីយ៉ែល ២:៤៤; វិវរណៈ ១៦:១៤, ១៦

៣. តើ​លោក​យេរេមា​រៀប​រាប់​អំពី​លទ្ធផល​នៃ​ពួក​អ្នក​មិន​ស្ដាប់​បង្គាប់​យ៉ាង​ដូច​ម្ដេច?

តើ​នេះ​នឹង​មាន​ន័យ​យ៉ាង​ណា​ចំពោះ​មនុស្ស«ដែល​មិន​ស្គាល់​ព្រះ ហើយ​នឹង​ពួក​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង​ល្អ»អំពី​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​របស់​ទ្រង់ ដែល​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ​គ្រីស្ទ​នោះ? (ថែស្សាឡូនីច​ទី​២ ១:៦​-​៩) ទំនាយ​ព្រះ​គម្ពីរ​ចែង​ប្រាប់​យើង​ថា៖ «មើល! សេចក្ដី​អាក្រក់​នឹង​ចេញ​ពី​នគរ​១​ដល់​នគរ​១ ហើយ​នឹង​កើត​ព្យុះ​សង្ឃរា​យ៉ាង​សំបើម មក​ពី​ចុង​ផែនដី​បំផុត នៅ​ថ្ងៃ​នោះ សាក​សព​នៃ​មនុស្ស ដែល​ព្រះ​យេហូវ៉ា​បាន​ប្រហារ នឹង​នៅ​រាយ​ពេញ ពី​ចុង​ផែនដី​ម្ខាង ទៅ​ដល់​ចុង​ផែនដី​ម្ខាង ឥត​មាន​អ្នក​ណា​សោក​ស្ដាយ​គេ ឬ​ប្រមូល​ខ្មោច​គេ​ទៅ​កប់​ឡើយ គឺ​គេ​នឹង​ទៅ​ជា​ជី​នៅ​លើ​ដី»។—យេរេមា ២៥:៣២, ៣៣

ទី​បញ្ចប់​នៃ​អំពើ​អាក្រក់​ជួជាតិ

៤. ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​មាន​ហេតុ​នាំ​ឲ្យ​របប​ដ៏​អាក្រក់​ជួជាតិ​នេះ​មក​ដល់​ទី​បញ្ចប់?

ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ ព្រះ​យេហូវ៉ា​បាន​បណ្ដោយ​ឲ្យ​មាន​អំពើ​អាក្រក់​ជួជាតិ​មាន​រយៈ​ពេល​យូរ​ល្មម​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់​អាច​ឃើញ​ថា ការ​គ្រប់​គ្រង​របស់​មនុស្ស​គឺ​ប្រកប​ដោយ​មហន្តរាយ។ ជា​ឧទាហរណ៍ យោង​ទៅ​តាម​ប្រភព​មួយ គ្រាន់​តែ​នៅ​សតវត្ស​ទី​២០ មនុស្ស​ជាង​១៥០​លាន​នាក់​បាន​ស្លាប់​ដោយ​សារ​សង្គ្រាម បដិវត្តន៍ និង​ក្នុង​ចលាចល​នៃ​ពលរដ្ឋ​ឯ​ទៀត។ ភាព​សាហាវ​ព្រៃ​ផ្សៃ​របស់​មនុស្ស​លោក​បាន​ឃើញ​ជា​ពិសេស ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​២ ពេល​ដែល​មនុស្ស​ប្រមាណ​៥០​លាន​នាក់​បាន​ស្លាប់ ដែល​ភាគ​ច្រើន​បាន​ស្លាប់​ក្នុង​បន្ទាយ​ឃុំ​ឃាំង​មនុស្ស​ក្នុង​របប​ណាត្ស៊ី។ ដូច​ជា​ព្រះ​គម្ពីរ​បាន​ប្រាប់ នៅ​ក្នុង​សម័យ​យើង​នេះ‹ពួក​អាក្រក់​និង​ពួក​ឆបោក​មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្ដី​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង›។ (ធីម៉ូថេ​ទី​២ ៣:១​-​៥, ១៣) សព្វ​ថ្ងៃ​នេះ អំពើ​ឥត​សីលធម៌ បទ​ឧក្រិដ្ឋ អំពើ​ឃោរឃៅ ការ​ពុក​រលួយ និង​ការ​ស្អប់​ខ្ពើម​ខ្នាត​តម្រា​របស់​ព្រះ​គឺ​មាន​ពាស​ពេញ។ ដូច្នេះ​ហើយ ព្រះ​យេហូវ៉ា​ពិត​ជា​មាន​ហេតុ​នាំ​ឲ្យ​របប​ដ៏​អាក្រក់​ជួជាតិ​នេះ​មក​ដល់​ទី​បញ្ចប់។

៥, ៦. សូម​រៀប​រាប់​នូវ​អំពើ​អាក្រក់​ជួជាតិ​ដែល​មាន​នៅ​ក្នុង​ស្រុក​កាណាន។

ស្ថានការណ៍​សព្វ​ថ្ងៃ​នេះ​គឺ​ដូច​គ្នា​នឹង​ស្ថានការណ៍​ក្នុង​ស្រុក​កាណាន ប្រមាណ​៣.៥០០​ឆ្នាំ​កន្លង​ទៅ​នេះ។ ព្រះ​គម្ពីរ​ចែង​ថា៖ «ដ្បិត​គេ​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​ស្អប់​ខ្ពើម គេ​បាន​ទាំង​ដុត​កូន​ប្រុស​កូន​ស្រី​របស់​គេ​ក្នុង​ភ្លើង​ថ្វាយ​ដល់​ព្រះ​គេ​ផង»។ (ចោទិយកថា ១២:៣១) ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​សាសន៍​អ៊ីស្រាអែល​ថា៖ «គឺ​ដោយ​ព្រោះ​អំពើ​បាប​របស់​សាសន៍​ទាំង​នោះ​វិញ​ទេ​តើ ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បណ្ដេញ​គេ​ពី​មុខ​ឯង​ចេញ»។ (ចោទិយកថា ៩:៥) អ្នក​ប្រវត្ដិសាស្ត្រ​ខាង​ព្រះ​គម្ពីរ​លោក ហេនរី ហាឡី បាន​កត់​សម្គាល់​ថា៖ «ការ​ថ្វាយ​បង្គំ​ព្រះ​បាល ព្រះ​នាង​អាសថារ៉ូត និង​ព្រះ​ឯ​ទៀត​របស់​ពួក​កាណាន គឺ​មាន​ការ​សេពកាម​ហួស​ប្រមាណ វិហារ​របស់​គេ​ជា​មណ្ឌល​នៃ​អបាយមុខ»។

លោក​ហាឡី​បាន​បង្ហាញ​នូវ​អំពើ​អាក្រក់​ជួជាតិ​នេះ​មាន​ដល់​កំរិត​ណា ដោយ​ស​ឲ្យ​ឃើញ​នៅ​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ជា​ច្រើន នោះ​ពួក​បុរាណ​វត្ថុ​វិទូ«បាន​រក​ឃើញ​ក្រឡ​ជា​ច្រើន ដែល​មាន​សព​កូន​ង៉ា​ដែល​បាន​បូជា​ទៅ​ព្រះ​បាល»។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «កន្លែង​ទាំង​មូល​ជា​កន្លែង​បញ្ចុះ​សព​នៃ​កូន​ខ្ចី។ . . . ពួក​កាណាន​ថ្វាយ​បង្គំ​ដោយ​បណ្ដោយ​ខ្លួន​ក្នុង​អំពើ​ឥត​សីលធម៌​ជា​ចរិត​ខាង​សាសនា ពី​មុខ​ព្រះ​របស់​គេ។ ហើយ​រួច​មក សម្លាប់​កូន​ច្បង​របស់​គេ​បូជា​ដល់​ព្រះ​ទាំង​នេះ។ ដោយ​អំពើ​នេះ​មាន​ទំហំ​ដ៏​ធំ​ក្រៃ​លែង ហាក់​បី​ដូច​ជា​ស្រុក​កាណាន​បាន​ក្លាយ​ជា​ក្រុង​សូដុំម​និង​ក្រុង​កូម៉ូរ៉ា​ពេញ​ប្រទេស។ . . . តើ​អារ្យធម៌​ដ៏​ស្មោក​គ្រោក​និង​ជា​ទី​ស្អប់​ខ្ពើម ថែម​ទាំង​ពេញ​ដោយ​ភាព​ឃោរ​ឃៅ​បែប​នេះ មាន​សិទ្ធិ​ស្ថិត​ស្ថេរ​នៅ​បាន​ទៀត​ទេ? . . . ពួក​បុរាណ​វត្ថុ​វិទូ​ដែល​បាន​ជីក​ក្នុង​សំណង់​បាក់​បែក​នៃ​ក្រុង​ទាំង​ឡាយ​នៃ​ពួក​សាសន៍​កាណាន បាន​ឆ្ងល់​នូវ​ហេតុ​អ្វី​ដែល​ព្រះ​មិន​បាន​កំទេច​ពួក​គេ​ឲ្យ​ឆាប់​ជាង​នោះ»។

ការ​ទទួល​ផែនដី​ជា​មរតក

៧, ៨. តើ​ព្រះ​ទ្រង់​នឹង​បោស​សំអាត​ផែនដី​នេះ​យ៉ាង​ដូច​ម្ដេច?

ដូច​ជា​ទ្រង់​បាន​បោស​សំអាត​ស្រុក​កាណាន នោះ​បន្ដិច​ទៀត ព្រះ​ទ្រង់​នឹង​បោស​សំអាត​ផែនដី​ទាំង​មូល ហើយ​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់។ «ដ្បិត​មនុស្ស​ទៀង​ត្រង់​នឹង​អាស្រ័យ​នៅ​ផែនដី ហើយ​មនុស្ស​គ្រប់​លក្ខណ៍​នឹង​បាន​នៅ​ជាប់ តែមនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ»។ (សុភាសិត ២:២១, ២២) ហើយ​អ្នក​តែង​បទ​ទំនុកដំកើង​នេះ​ចែង​ថា៖ «ដល់​បន្ដិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ . . . ឯ​មនុស្ស​រាប​សា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយ ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ»។ (ទំនុកដំកើង ៣៧:១០, ១១) ហើយ​ក៏​នឹង​ត្រូវ​ដក​សាតាំង​ចេញ​ដែរ ដើម្បី«កុំ​ឲ្យ​វា​នាំ​អស់​ទាំង​សាសន៍ ឲ្យ​វង្វេង​ទៀត ទាល់​តែ​ផុត​ពី​១​ពាន់​ឆ្នាំ​នោះ​ទៅ»។ (វិវរណៈ ​២០:១​-​៣) ត្រូវ​ហើយ «ឯ​លោកីយ​នេះ នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​កល្ប​ជា​និច្ច​វិញ»។—យ៉ូហាន​ទី​១ ២:១៧

ក្នុង​ការ​សង្ខេប​នូវ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ ចំពោះ​អស់​អ្នក​ដែល​ចង់​រស់​នៅ​លើ​ផែនដី​ជា​រៀង​រហូត នោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លូត​ត្រង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​បាន​ផែនដី​ជា​មរដក»។ (ម៉ាថាយ ៥:៥) ទ្រង់​ប្រហែល​ជា​សំដៅ​ទៅ​ឯ​ទំនុកដំកើង ៣៧:២៩ ដែល​បាន​ទាយ​ប្រាប់​ថា៖ «ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច»។ ព្រះ​យេស៊ូ​បាន​ជ្រាប​ថា​គឺ​ជា​គោល​បំណង​របស់​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​មាន​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​រស់​នៅ​លើ​ផែនដី​មនោរម្យ​ជា​និរន្តរ៍​នោះ។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា៖ «អញ​បាន​បង្កើត​ផែនដី នឹង​មនុស្ស ហើយ​សត្វ​ដែល​នៅ​លើ​ផែនដី​ទាំង​ប៉ុន្មាន ដោយ​សារ​ឫទ្ធិ​ដ៏​ធំ . . . ក៏​ប្រគល់​ដល់​អ្នក​ណា​ដែល​អញ​គិត​ឃើញ​ថា​គួរ»។—យេរេមា ២៧:៥

ពិភព​លោក​ថ្មី​ដ៏​អស្ចារ្យ

៩. តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​នាំ​មក​នូវ​ពិភព​លោក​បែប​ណា?

ក្រោយ​ពី​អើម៉ាគេដូន ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នឹង​នាំ​ឲ្យ​មាន«ផែនដី​ថ្មី» ដែល​មាន«សុទ្ធ​តែ​សេចក្ដី​សុចរិត»។ (ពេត្រុស​ទី​២ ៣:១៣) នេះ​ជា​ការ​ធូរ​ស្បើយ​ដ៏​អស្ចារ្យ​យ៉ាង​ណា​ទៅ​ហ្ន៎! ចំពោះ​ពួក​អ្នក​រួច​រស់​ជីវិត​ពី​អើម៉ាគេដូន ដោយ​ព្រោះ​របប​លោកីយ៍​ដ៏​អាក្រក់​ជួជាតិ​នេះ​នឹង​ត្រូវ​បាត់​ចេញ​ពី​មុខ​ពី​មាត់​របស់​ពួក​គេ​នោះ! ពួក​គេ​នឹង​មាន​ចិត្ត​រីករាយ​ណាស់​ហ្ន៎! ដោយ​បាន​ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី​ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត ក្រោម​ការ​ដឹក​នាំ​នៃ​រាជរដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌ ដោយ​មាន​សង្ឃឹម​លើ​ប្រសិទ្ធិពរ​ដ៏​អស្ចារ្យ និង​សង្ឃឹម​ទៅ​លើ​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច​នោះ។—វិវរណៈ ៧:៩​-​១៧

១០. តើ​របស់​ដ៏​អាក្រក់​អ្វី​ខ្លះ ដែល​នឹង​លែង​មាន​ទៀត​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​រាជាណាចក្រ?

១០ សង្គ្រាម បទ​ឧក្រិដ្ឋ ការ​ស្រេក​ឃ្លាន ឬ​សូម្បី​តែ​សត្វ​ដែល​ស៊ី​សាច់​សត្វ​ដទៃ​ជា​អាហារ ក៏​លែង​គំរាម​កំហែង​ដល់​មនុស្ស​លោក​ដែរ។ «អញ​នឹង​តាំង​សន្ដិ​សញ្ញា​នឹង[រាស្ត្រ​របស់​អញ] ហើយ​នឹង​ធ្វើ​ឲ្យ​សត្វ​កំណាច​ផុត​ចេញ​ពី​ស្រុក​វា​ទៅ . . . ដើម​ឈើ​នៅ​ផែនដី​នឹង​បង្កើត​ផ្លែ ហើយ​ដី​នឹង​បាន​ផល​ចំរើន វា​រាល់​គ្នា​នឹង​នៅ​ក្នុង​ស្រុក​ខ្លួន ដោយ​សុខ​សាន្ត»។ «នោះ​គេ​នឹង​ដំ​ដាវ​របស់​គេ​ធ្វើ​ជា​ផាល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ អស់​ទាំង​នគរ​នឹង​លែង​លើក​ដាវ​ច្បាំង​គ្នា​ទៀត ក៏​មិន​រៀន​វិជ្ជា​ចំបាំង​ទៀត​ត​ទៅ គឺ​គ្រប់​គ្នា​នឹង​អង្គុយ​ក្រោម​ដើម​ទំពាំង​បាយ​ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ»។—អេសេគាល ៣៤:២៥​-​២៨; មីកា ៤:៣, ៤

១១. ហេតុ​អ្វី​ក៏​យើង​អាច​មាន​ទំនុក​ចិត្ត​ថា ជម្ងឺ​ខាង​រាង​កាយ​នឹង​លែង​មាន​ទៀត?

១១ ជម្ងឺ ទុក្ខ​ព្រួយ ថែម​ទាំង​សេចក្ដី​ស្លាប់​នឹង​ត្រូវ​បំបាត់​ចោល​ទាំង​អស់។ «ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​គេ​នឹង​មិន​ថា៖ ‹ខ្ញុំ​ឈឺ​ទៀត​ឡើយ› ព្រះ​ទ្រង់​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​ប្រជាជន​ផង»។ (អេសាយ ៣៣:២៤) «ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោកសង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ។ . . . ‹មើល! អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី›»។ (វិវរណៈ ២១:៤, ៥) នៅ​ពេល​ដែល​ទ្រង់​បាន​គង់​នៅ​លើ​ផែនដី នោះ​ព្រះ​យេស៊ូ​បាន​សម្ដែង​ឲ្យ​ឃើញ​នូវ​សមត្ថភាព​របស់​ទ្រង់​ក្នុង​ការ​ធ្វើ​របស់​ទាំង​នោះ តាម​រយៈ​ព្រះ​ចេស្ដា​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ទ្រង់។ ដោយ​មាន​ការ​គាំទ្រ​ពី​វិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​យេស៊ូ​បាន​យាង​ទៅ​ទូទាំង​ប្រទេស ដោយ​ប្រោស​ឲ្យ​ជា​ដល់​មនុស្ស​ពិការ​និង​មនុស្ស​ឈឺ​ឲ្យ​ជា​វិញ។—ម៉ាថាយ ១៥:៣០, ៣១

១២. តើ​ពួក​មនុស្ស​ស្លាប់​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា?

១២ ព្រះ​យេស៊ូ​បាន​ធ្វើ​ច្រើន​ជាង​នោះ​ទៅ​ទៀត។ ទ្រង់​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ តើ​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​បាន​មាន​ទឹក​ចិត្ត​យ៉ាង​ណា? នៅ​ពេល​ដែល​ទ្រង់​បាន​ប្រោស​ក្មេង​ស្រី​ដែល​មាន​អាយុ​១២​ឆ្នាំ​ម្នាក់​ឲ្យ​រស់​ឡើង​វិញ នោះ​ម្ដាយ​របស់​នាង«មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង​ក្រៃ​លែង»។ (ម៉ាកុស ៥:៤២) នេះ​ជា​គំរូ​មួយ​ទៀត​អំពី​អ្វី​ដែល​ព្រះ​យេស៊ូ​នឹង​ធ្វើ​នៅ​ពាស​ពេញ​ផែនដី ក្រោម​ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ​នេះ ដ្បិត​នៅ​ពេល​នោះ«ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា»។ (កិច្ច​ការ ២៤:១៥) ចូរ​នឹក​ក្នុង​មនោ​គិត​នូវ​ការ​រីករាយ​យ៉ាង​ខ្លាំង កាល​ដែល​មនុស្ស​ស្លាប់​មួយ​ក្រុម​ហើយ​មួយ​ក្រុម​ទៀត មាន​ជីវិត​រស់​ឡើង​វិញ ហើយ​បាន​មក​ជួប​ជុំ​គ្នា​ជា​មួយ​ពួក​ស្ងួន​ភ្ងា​របស់​គេ​វិញ! ប្រាកដ​ហើយ នឹង​មាន​កិច្ច​ការ​អប់រំ​ដ៏​ធំ​មួយ ក្រោម​ការ​ត្រួត​ពិនិត្យ​នៃ​ព្រះ​រាជាណាចក្រ​នេះ ដើម្បី​ឲ្យ«គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ​យេហូវ៉ា នៅ​ពេញ​ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ​ពាស​ក្នុង​សមុទ្រ​ដែរ»។—អេសាយ ១១:៩

អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ធ្វើ​យុត្ដិកម្ម

១៣. តើ​ភាព​ត្រឹម​ត្រូវ​នៃ​ការ​គ្រប់​គ្រង​របស់​ព្រះ​នឹង​ត្រូវ​បង្ហាញ​យ៉ាង​ដូច​ម្ដេច?

១៣ មក​ដល់​ទី​បញ្ចប់​នៃ​មួយ​ពាន់​ឆ្នាំ​នៃ​ការ​គ្រប់​គ្រង​របស់​ព្រះ​រាជាណាចក្រ​នេះ នោះ​ក្រុម​គ្រួសារ​ជា​មនុស្ស​លោក​នឹង​បាន​ស្ដារ​ឡើង​វិញ​ឲ្យ​មាន​គំនិត​និង​រូប​កាយ​ដ៏​ល្អ​គ្រប់ល័ក្ខណ៍។ ផែនដី​នេះ​នឹង​ទៅ​ជា​សួន​ច្បារ​អេដែន​ដែល​មាន​ពេញ​ពាស​លើ​ផែនដី គឺ​ជា​សួន​មនោរម្យ​មួយ។ សន្ដិភាព សុភមង្គល សន្ដិសុខ ព្រម​ទាំង​សង្គម​មនុស្ស​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​អាច​មាន​បាន​ហើយ។ ពី​មុន​នឹង​ការ​គ្រប់​គ្រង​ដោយ​ព្រះ​រាជាណាចក្រ នោះ​មិន​ដែល​ឃើញ​មាន​សភាព​ដូច​នេះ​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្ស​លោក​ឡើយ។ នេះ​នឹង​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ខុស​គ្នា​ឆ្ងាយ​យ៉ាង​ណា​ទៅ​ហ្ន៎! រវាង​ការ​គ្រប់​គ្រង​រាប់​ពាន់​ឆ្នាំ​របស់​មនុស្ស​លោក ដែល​មាន​ទុក្ខ​វេទនា និង​ការ​គ្រប់​គ្រង​ដ៏​អស្ចារ្យ​ដោយ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នៅ​ស្ថាន​សួគ៌ អស់​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ​នោះ។ ការ​គ្រប់​គ្រង​របស់​ព្រះ​តាម​រយៈ​ព្រះ​រាជាណាចក្រ​ទ្រង់ នឹង​បាន​បង្ហាញ​ថា​មាន​ភាព​ខ្ពង់​ខ្ពស់​ទាំង​ស្រុង​ក្នុង​គ្រប់​ប្រការ។ សិទ្ធិ​គ្រប់​គ្រង ដែល​ជា​អធិបតេយ្យភាព​របស់​ទ្រង់ នឹង​ត្រូវ​បាន​ធ្វើ​យុត្ដិកម្ម​ទាំង​ស្រុង​ហើយ។

១៤. តើ​អ្វី​នឹង​កើត​ឡើង​ដល់​ពួក​អ្នក​បះ​បោរ ពេល​ដែល​មួយ​ពាន់​ឆ្នាំ​បាន​មក​ដល់​ទី​បញ្ចប់?

១៤ នៅ​ទី​បញ្ចប់​នៃ​មួយ​ពាន់​ឆ្នាំ ព្រះ​យេហូវ៉ា​នឹង​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់ល័ក្ខណ៍​ប្រើ​ចិត្ត​សេរី​របស់​គេ ថា​តើ​ពួក​គេ​ចង់​បំរើ​អ្នក​ណា។ ព្រះ​គម្ពីរ​បង្ហាញ​ថា«ទ្រង់​នឹង​ស្រាយ​អារក្ស​សាតាំង​លែង​ពី​គុក​ចេញ»។ វា​នឹង​ខំ​នាំ​មនុស្ស​លោក​ឲ្យ​វង្វេង​ម្ដង​នេះ​ទៀត ដែល​អ្នក​ខ្លះ​នឹង​ជ្រើស​រើស​យក​ភាព​មិន​ពឹង​ពាក់​លើ​ព្រះ។ ដើម្បី​បង្ការ‹សេចក្ដី​ទុក្ខ​វេទនា​កើត​ឡើង​ដល់​ទៅ​ពីរ​ដង› នោះ​ព្រះ​យេហូវ៉ា​នឹង​កំទេច​ចោល​សាតាំង ពួក​បិសាច​របស់​វា​និង​អស់​អ្នក​ដែល​បះ​បោរ​ប្រឆាំង​នឹង​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា។ គ្មាន​អ្នក​ណា​ម្នាក់​នឹង​ជំទាស់​ថា មនុស្ស​ណា​ដែល​បាន​ត្រូវ​កំទេច​ចោល​ជា​រៀង​រហូត​នៅ​ពេល​នោះ ថា​គេ​ឥត​មាន​ឱកាស​ឬ​ថា​ដំណើរ​ខុស​របស់​គេ​គឺ​ដោយ​សារភាព​ឥត​គ្រប់ល័ក្ខណ៍​នោះ​ឡើយ។ មិន​មែន​ទេ ពួក​គេ​នឹង​បាន​គ្រប់ល័ក្ខណ៍​ដូច​អ័ដាម​និង​អេវ៉ា ដែល​បាន​សម្រេច​ចិត្ត​ដោយ​ចេតនា ដើម្បី​បះ​បោរ​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។—វិវរណៈ ២០:៧​-​១០; ណាហ៊ុម ១:៩

១៥. តើ​ពួក​អ្នក​ស្មោះ​ត្រង់​នឹង​មាន​ទំនាក់​ទំនង​យ៉ាង​ណា​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា?

១៥ ម្យ៉ាង​វិញ​ទៀត មនុស្ស​ភាគ​ច្រើន​ប្រហែល​នឹង​សម្រេច​ចិត្ត​ដំកើង​នូវ​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា។ ដោយ​មាន​ពួក​បះ​បោរ​បាន​ត្រូវ​កំទេច​ចោល​អស់​ហើយ នោះ​ពួក​មនុស្ស​សុចរិត​នឹង​ឈរ​ពី​មុខ​ព្រះ​យេហូវ៉ា ដោយ​បាន​ឈ្នះ​លើ​ការ​សាក​ល្បង​ផ្ដាច់​ព្រាត់​នៃ​ភក្ដី​ភាព។ ព្រះ​យេហូវ៉ា​នឹង​ទទួល​យក​ពួក​អ្នក​ស្មោះ​ត្រង់​ទាំង​នេះ​ជា​កូន​ប្រុស​កូន​ស្រី។ ដូច្នេះ​ហើយ ពួក​គេ​នឹង​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ ដូច​អ័ដាម​និង​អេវ៉ា​ធ្លាប់​មាន មុន​នឹង​ពួក​គេ​បាន​បះ​បោរ​នោះ។ ដូច្នេះ​ហើយ រ៉ូម ៨:២១ នឹង​ត្រូវ​សម្រេច ដែល​ថា៖ «ជីវិត​ទាំង​នោះ​ឯង នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្ដី​ពុក​រលួយ ឲ្យ​បាន​សេរី​ភាព​នៃ​សិរី​ល្អ​របស់​ពួក​កូន​ព្រះ​វិញ»។ ព្យាការី​អេសាយ​ទាយ​ទុក​ថា៖ «[ព្រះ]ទ្រង់​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​ពី​មុខ​មនុស្ស​ទាំង​អស់»។—អេសាយ ២៥:៨

សេចក្ដី​សង្ឃឹម​នៃ​ជីវិត​អស់​កល្ប​ជា​និច្ច

១៦. ហេតុ​អ្វី​ក៏​ជា​ការ​ត្រឹម​ត្រូវ​ដោយ​ទន្ទឹង​ចាំ​ទៅ​ឯ​រង្វាន់​គឺ​ជា​ជីវិត​អស់​កល្ប​ជា​និច្ច​នោះ?

១៦ នេះ​ជា​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​យ៉ាង​ណា​ទៅ​ហ្ន៎! ចំពោះ​ពួក​អ្នក​ស្មោះ​ត្រង់​ទាំង​នេះ ដោយ​ដឹង​ថា​ព្រះ​នឹង​ប្រទាន​ឲ្យ​គេ នូវ​ផល​ប្រយោជន៍​ខាង​វិញ្ញាណ​និង​ខាង​វត្ថុ​ជា​បរិបូរ​ហូរ​ហៀរ​នោះ។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​មាន​ប្រសាសន៍​យ៉ាង​ត្រឹម​ត្រូវ​ថា៖ «ទ្រង់​លា​ព្រះ​ហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ»។ (ទំនុកដំកើង ១៤៥:១៦) ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​អស់​អ្នក​នៃ​ក្រុម​ខាង​ផែនដី​ឲ្យ​មាន​សង្ឃឹម​នេះ​អំពី​ជីវិត​នៅ​លើ​សួន​មនោរម្យ ជា​ផ្នែក​នៃ​ជំនឿ​របស់​គេ​លើ​ទ្រង់។ កាល​ដែល​រឿង​ខាង​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា​មាន​សារៈ​សំខាន់​ជាង នោះ​ទ្រង់​មិន​តម្រូវ​ឲ្យ​មនុស្ស​បំរើ​ទ្រង់ ដោយ​ឥត​មាន​សង្ឃឹម​ទទួល​រង្វាន់​នោះ​ឡើយ។ ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល ភក្ដី​ភាព​ចំពោះ​ព្រះ​និង​សេចក្ដី​សង្ឃឹម​ចង់​បាន​ជីវិត​អស់​កល្ប​ជា​និច្ច គឺ​ភ្ជាប់​គ្នា​មិន​អាច​ផ្ដាច់​ចេញ​បាន​ទេ ដែល​ជា​ចំណែក​ចាំ​បាច់​នៃ​ជំនឿ​របស់​គ្រីស្ទាន​ណា​ម្នាក់​លើ​ព្រះ។ «ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់»។—ហេព្រើរ ១១:៦

១៧. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បង្ហាញ​ថា គឺ​ជា​ការ​ត្រឹម​ត្រូវ​ឲ្យ​បាន​ទ្រ​ទ្រង់​ដោយ​សេចក្ដី​សង្ឃឹម​របស់​យើង​នោះ?

១៧ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «នេះ​ជា​ជីវិត​អស់​កល្ប​ជា​និច្ច គឺ​ឲ្យ​គេ​មាន​ចំណេះ​អំពី​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។ (យ៉ូហាន ១៧:៣, ព.ថ.) នៅ​ទី​នេះ​ទ្រង់​បាន​ភ្ជាប់​ចំណេះ​អំពី​ព្រះ​និង​គោល​បំណង​របស់​ទ្រង់ ជា​មួយ​នឹង​រង្វាន់​ដែល​នឹង​មាន​នោះ។ ជា​គំរូ​មួយ នៅ​ពេល​ដែល​មនុស្ស​ប្រព្រឹត្ត​អាក្រក់​ម្នាក់ បាន​សុំ​ឲ្យ​ព្រះ​យេស៊ូ​ចង​ចាំ​គាត់​ក្រោយ​ពី​ទ្រង់​បាន​កាន់​អំណាច​ក្នុង​ព្រះ​រាជាណាចក្រ នោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «អ្នក​នឹង​នៅ​ក្នុង​សួន​មនោរម្យ​ជា​មួយ​នឹង​ខ្ញុំ​ដែរ»។ (លូកា ២៣:៤៣, ព.ថ.) ទ្រង់​មិន​បាន​ប្រាប់​បុរស​នេះ​ឲ្យ​មាន​ជំនឿ ទោះ​ជា​គាត់​ឥត​ទទួល​រង្វាន់​ក៏​ដោយ។ ទ្រង់​ជ្រាប​ថា ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​អ្នក​បំរើ​របស់​ទ្រង់ មាន​សេចក្ដី​សង្ឃឹម​លើ​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច​នៅ​លើ​ផែនដី​មនោរម្យ ដើម្បី​ជួយ​ទ្រ​ទ្រង់​គេ ពេល​ដែល​ពួក​គេ​ជួប​ប្រទះ​នូវ​សេចក្ដី​ទុក្ខ​លំបាក​ក្នុង​លោកីយ៍​នេះ។ ដូច្នេះ ការ​ទន្ទឹង​ចាំ​យ៉ាង​រំភើប​ចំពោះ​រង្វាន់ គឺ​ជា​ជំនួយ​ដ៏​សំខាន់​និង​ចាំ​បាច់​ដើម្បី​ស៊ូ​ទ្រាំ​ជា​គ្រីស្ទាន​ម្នាក់។

អនាគត​នៃ​ព្រះ​រាជាណាចក្រ​នេះ

១៨, ១៩. តើ​អ្វី​នឹង​កើត​ឡើង​ដល់​ស្តេច​និង​ព្រះ​រាជាណាចក្រ នៅ​ទី​បញ្ចប់​នៃ​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​នោះ?

១៨ ដោយ​ព្រោះ​ព្រះ​រាជាណាចក្រ​នេះ​ជា​រដ្ឋាភិបាល​បន្ទាប់​បន្សំ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ ដើម្បី​នាំ​ឲ្យ​ផែនដី​និង​មនុស្ស​លោក​បាន​ល្អ​គ្រប់ល័ក្ខណ៍ ហើយ​ឲ្យ​បាន​ផ្សះ​ផ្សា​នឹង​ទ្រង់ នោះ​តើ​ព្រះ​យេស៊ូ​គ្រីស្ទ​ដ៏​ជា​ស្តេច​និង​ពួក​១៤៤.០០០​នាក់​ដែល​ជា​ស្តេច​និង​ជា​សង្ឃ នឹង​មាន​មុខ​នាទី​យ៉ាង​ណា​ក្រោយ​ពី​មួយ​សហស្ស​វត្សរ៍​នោះ? «គ្រា​នោះ​បាន​ដល់​ចុង​បំផុត​ហើយ ជា​វេលា​ដែល​ទ្រង់​នឹង​ប្រគល់​នគរ ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​ទៅ​វិញ ក្រោយ​ដែល​ទ្រង់​បាន​ទំលាក់​អស់​ទាំង​រាជ្យ នឹង​អំណាច ហើយ​នឹង​ឥទ្ធិឫទ្ធិ​ទាំង​ប៉ុន្មាន​ចេញ ដ្បិត​គួរ​ឲ្យ​ទ្រង់​បាន​សោយ​រាជ្យ ទាល់​តែ​ដាក់​អស់​ទាំង​ខ្មាំង​សត្រូវ​នៅ​ក្រោម​ព្រះ​បាទ​ទ្រង់»។—កូរិនថូស​ទី​១ ១៥:២៤, ២៥

១៩ នៅ​ពេល​ដែល​ព្រះ​គ្រីស្ទ​ប្រគល់​ព្រះ​រាជាណាចក្រ​នេះ​ដល់​ព្រះ តើ​បទ​គម្ពីរ​ដែល​និយាយ​ថា​ព្រះ​រាជាណាចក្រ​នឹង​នៅ​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច នឹង​អាច​ត្រូវ​យល់​យ៉ាង​ណា​វិញ​ទៅ? ការ​សម្រេច​ទាំង​ប៉ុន្មាន​នៃ​ព្រះ​រាជាណាចក្រ​នេះ នឹង​នៅ​មាន​ជា​រៀង​រហូត។ ព្រះ​គ្រីស្ទ​នឹង​ទទួល​កិត្ដិយស​ជា​រៀង​រហូត ដោយ​ព្រោះ​មុខ​នាទី​របស់​ទ្រង់ ក្នុង​ការ​ធ្វើ​យុត្ដិកម្ម​ដល់​អធិបតេយ្យភាព​របស់​ព្រះ។ ប៉ុន្តែ ដោយ​អំពើ​បាប​និង​សេចក្ដី​ស្លាប់​នឹង​បាន​ដក​យក​ចេញ​ឲ្យ​បាត់ នោះ​មនុស្ស​លោក​បាន​ត្រូវ​រំដោះ​ឲ្យ​រួច នេះ​នឹង​បញ្ចប់​នូវ​តម្រូវ​ការ​ឲ្យ​ទ្រង់​ធ្វើ​ជា​អ្នក​លោះ​ទៀត​ហើយ។ ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​នៃ​ព្រះ​រាជាណាចក្រ​នេះ នឹង​បាន​សម្រេច​គ្រប់​ទាំង​អស់។ ដូច្នេះ​ហើយ គឺ​លែង​ត្រូវ​ការ​រដ្ឋាភិបាល​បន្ទាប់​បន្សំ​រវាង​ព្រះ​យេហូវ៉ា និង​មនុស្ស​លោក​ដែល​ចេះ​ស្ដាប់​បង្គាប់​ទៀត​ហើយ។ ដូច្នេះ​ហើយ «ព្រះ​បាន​ធ្វើ​ជា​គ្រប់​ទាំង​អស់​ក្នុង​គ្រប់​ទាំង​អស់»។—កូរិនថូស​ទី​១ ១៥:២៨

២០. តើ​តាម​របៀប​ណា​ដែល​យើង​អាច​រក​ឃើញ​នូវ​អនាគត របស់​ព្រះ​គ្រីស្ទ​និង​ពួក​១៤៤.០០០​នាក់​នោះ?

២០ តើ​ព្រះ​គ្រីស្ទ​និង​ពួក​អ្នក​គ្រប់​គ្រង​ជា​មួយ​ទ្រង់​នឹង​មាន​មុខ​នាទី​អ្វី​នៅ​អនាគត ក្រោយ​ពី​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​បាន​ចប់​ទៅ? ព្រះ​គម្ពីរ​ឥត​ចែង​ប្រាប់​ទេ។ ក៏​ប៉ុន្តែ​យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ឲ្យ​គេ​នូវ​ឯកសិទ្ធិ​ឯ​ទៀត​ខាង​កិច្ច​បំរើ​ទូទាំង​ការ​បង្កើត​របស់​ទ្រង់។ សូម​ឲ្យ​យើង​គ្រប់​គ្នា​តម្កើង​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា និង​ឲ្យ​បាន​ទទួល​នូវ​ជីវិត​អស់​កល្ប​ជា​និច្ច ដើម្បី​នៅ​អនាគត​យើង​នឹង​មាន​ជីវិត​រស់​នៅ​ក្នុង​ការ​អាច​រក​ឃើញ​ថា​ព្រះ​យេហូវ៉ា​មាន​បំណង​យ៉ាង​ណា​ចំពោះ​ស្តេច​និង​ពួក​ស្តេច​របស់​ទ្រង់​ថែម​ទាំង​ជា​ពួក​សង្ឃ​ទៀត​ផង ព្រម​ទាំង​សកល​លោក​ដ៏​អស្ចារ្យ​ទាំង​មូល​របស់​ទ្រង់​នោះ​ដែរ!

ចំណុច​សំរាប់​រៀន​សា​ឡើង​វិញ

តើ​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ចំពោះ​ការ​គ្រប់​គ្រង​ដែល​នឹង​ជិត​មក​ដល់​យើង​នោះ?

តើ​ព្រះ​ទ្រង់​នឹង​វិនិច្ឆ័យ​ពួក​មនុស្ស​អាក្រក់​និង​ពួក​មនុស្ស​សុចរិត​យ៉ាង​ដូច​ម្ដេច?

តើ​ស្ថានការណ៍​អ្វី​ដែល​នឹង​មាន​នៅ​លើ​ពិភព​លោក​ថ្មី?

តើ​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​យុត្ដិកម្ម​ពេញ​លេញ​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​៣១]

‹នឹង​មាន​ដំណើរ​រស់​ឡើង​វិញ​ទាំង​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត›

[រូប​ភាព​នៅ​ទំព័រ​៣២]

ពួក​អ្នក​ស្មោះ​ត្រង់​នឹង​មាន​ទំនាក់​ទំនង​ដ៏​ត្រឹម​ត្រូវ​ជា​មួយ​ព្រះ​យេហូវ៉ា​វិញ