យញ្ញបូជាដែលផ្គាប់ព្រះហឫទ័យព្រះ
យញ្ញបូជាដែលផ្គាប់ព្រះហឫទ័យព្រះ
«ឯសំដេចសង្ឃទាំងប៉ុន្មាន នោះបានតាំងឲ្យមានងារ សំរាប់នឹងថ្វាយដង្វាយ ហើយយញ្ញបូជា»។—ហេព្រើរ ៨:៣
១. ហេតុអ្វីក៏មនុស្សមានអារម្មណ៍ចង់បែរទៅរកព្រះ?
លោកអាលហ្រេឌ អីដឺហ្សែម ដែលជាអ្នកប្រវត្ដិសាស្ត្រខាងព្រះគម្ពីរ សរសេរថា៖ «ការធ្វើយញ្ញបូជាហាក់ដូចជាមាន‹ធម្មតា›ចំពោះមនុស្ស ដូចនឹងសេចក្ដីអធិស្ឋានដែរ។ ការធ្វើយញ្ញបូជាចង្អុលប្រាប់នូវអារម្មណ៍ដែលគាត់មានចំពោះខ្លួនឯង រីឯការទូលដោយសេចក្ដីអធិស្ឋានចង្អុលប្រាប់នូវអារម្មណ៍របស់គាត់ចំពោះព្រះ»។ តាំងតែពីពេលដែលអំពើបាបបានចូលក្នុងលោកីយ៍ នេះគឺបាននាំឲ្យមានការឈឺចាប់នៃភាពមានទោស ការឃ្លាតចេញឆ្ងាយពីព្រះ និងភាពតែលតោល។ ដំណើរធូរស្បើយពីអារម្មណ៍ទាំងនេះគឺត្រូវការជាចាំបាច់។ គឺជាការស្រួលយល់ ពេលដែលមនុស្សនៅក្នុងសភាពដ៏អស់សង្ឃឹមនេះ គេគិតថា គេត្រូវការបែរទៅរកជំនួយពីព្រះនោះ។—រ៉ូម ៥:១២
២. តើសេចក្ដីរាយការណ៍ដើមដំបូងណាខ្លះស្តីអំពីការថ្វាយដង្វាយជូនព្រះ ដែលយើងឃើញមានក្នុងព្រះគម្ពីរ?
២ សេចក្ដីរាយការណ៍ដើមដំបូងក្នុងព្រះគម្ពីរស្តីអំពីការថ្វាយយញ្ញបូជាជូនព្រះ គឺទាក់ទងកាអ៊ីននិងអេបិល។ យើងអានថា៖ «កន្លងក្រោយមក កាអ៊ីនបានយកផលដែលកើតពីដី មកថ្វាយជាដង្វាយដល់ព្រះយេហូវ៉ា ហើយអេបិលក៏ធ្វើដូចគ្នា គឺគាត់យកកូនជាដំបូង១ពីហ្វូងសត្វមកថ្វាយ ព្រមទាំងខ្លាញ់វាផង»។ (លោកុប្បត្តិ ៤:៣, ៤) បន្ទាប់មក យើងមានលោកណូអេ ដែលព្រះបានសង្គ្រោះពីទឹកជំនន់ដ៏ធំ ដែលបានកំទេចមនុស្សដំណដ៏អាក្រក់នៅសម័យរបស់លោក បានត្រូវជំរុញឲ្យ«ថ្វាយជាដង្វាយដុតលើអាសនានោះ»ថ្វាយព្រះយេហូវ៉ា។ (លោកុប្បត្តិ ៨:២០) នៅច្រើនលើក នោះលោកអ័ប្រាហាំដែលជាអ្នកបំរើដ៏ស្មោះត្រង់ហើយជាមិត្តសំឡាញ់របស់ព្រះ ដោយបានត្រូវជំរុញដោយសេចក្ដីសន្យារបស់ព្រះនិងប្រសិទ្ធិពរ ‹ក៏បានសាងសង់អាសនៈនិងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា›។ (លោកុប្បត្តិ ១២:៨; ១៣:៣, ៤, ១៨) ក្រោយមក លោកអ័ប្រាហាំបានប្រទះនឹងការសាកល្បងដ៏ធំបំផុតស្តីអំពីជំនឿរបស់លោក ពេលដែលព្រះយេហូវ៉ាបានបញ្ជាលោកឲ្យថ្វាយអ៊ីសាកជាកូនប្រុស ជាដង្វាយដុត។ (លោកុប្បត្តិ ២២:១-១៤) ដំណើររឿងទាំងនេះ ទោះជារៀបរាប់យ៉ាងសង្ខេបក៏ដោយ បានបំភ្លឺនូវពន្លឺជាច្រើនលើយញ្ញបូជាដ៏ជាប្រធាននេះ ដែលយើងនឹងពិនិត្យមើលជាបន្ទាប់។
៣. តើយញ្ញបូជាមានមុខនាទីយ៉ាងណាក្នុងការថ្វាយបង្គំ?
៣ ពីដំណើររឿងនេះនិងដំណើររឿងឯទៀត គឺឃើញច្បាស់ថា ការថ្វាយដង្វាយខ្លះតាមបែបជាយញ្ញបូជា ជាផ្នែកដ៏សំខាន់ណាស់នៃការថ្វាយបង្គំដែលមានជាយូរយារមកហើយ មុននឹងព្រះយេហូវ៉ាបានប្រទាននូវក្រិត្យវិន័យជាក់លាក់ ស្តីអំពីការធ្វើដូច្នេះ។ សមស្របនឹងរឿងនេះ នោះឯកសារយោងមួយបកស្រាយ«យញ្ញបូជា» ថាជា«រីតិ៍ខាងសាសនា ដែលរបស់មួយបានថ្វាយជូនព្រះ ដើម្បីនឹងស្ថាបនានិងរក្សា ឬក៏ស្ដារឡើងវិញនូវទំនាក់ទំនងល្អ រវាងមនុស្សនិងអ្វីដែលគាត់ចាត់ទុកថាជាពិសិដ្ឋនោះ»។ ក៏ប៉ុន្តែនេះបាននាំឲ្យមានសំនួរសំខាន់ៗខ្លះ ដែលសមឲ្យយើងយកមកពិនិត្យមើលដូចជា៖ ហេតុអ្វីក៏ត្រូវការចាំបាច់នូវយញ្ញបូជាក្នុងការថ្វាយបង្គំ? តើយញ្ញបូជាប្រភេទណាដែលផ្គាប់ព្រះហឫទ័យព្រះ? ហើយតើយញ្ញបូជាពីបុរាណមានសារៈសំខាន់សំរាប់យើង នៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច?
ហេតុអ្វីក៏ត្រូវការយញ្ញបូជាជាចាំបាច់?
៤. តើអ្វីទៅជាលទ្ធផលចំពោះអ័ដាមនិងអេវ៉ាពេលដែលពួកគេបានប្រព្រឹត្តអំពើបាប?
៤ នៅពេលដែលអ័ដាមបានប្រព្រឹត្តអំពើបាប គាត់បានប្រព្រឹត្តឡើងដោយចេតនា។ ការបេះផ្លែមកបរិភោគពីដើមឈើដឹងខុសត្រូវ ជាការមិនស្ដាប់បង្គាប់ដោយចេតនា។ ពិន័យចំពោះការមិនស្ដាប់បង្គាប់នេះ គឺសេចក្ដីស្លាប់ ដូចជាព្រះបានមានបន្ទូលយ៉ាងច្បាស់ថា៖ «ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»។ (លោកុប្បត្តិ ២:១៧) នៅចុងក្រោយអ័ដាមនិងអេវ៉ាបានទទួលផលនៃអំពើបាប ពួកគេបានបាត់សូន្យទៅ។—លោកុប្បត្តិ ៣:១៩; ៥:៣-៥
៥. ហេតុអ្វីក៏ព្រះយេហូវ៉ាចាប់ផ្ដើមចាត់វិធានការសំរាប់ជាប្រយោជន៍ដល់កូនចៅអ័ដាម ហើយតើព្រះធ្វើអ្វីសំរាប់គេ?
៥ ចុះយ៉ាងណាវិញចំពោះកូនចៅរបស់អ័ដាម? ដោយទទួលអំពើបាបនិងភាពឥតគ្រប់ល័ក្ខណ៍ជាមរតកពីអ័ដាម នោះពួកគេមានភាពឃ្លាតឆ្ងាយ មានសេចក្ដីអស់សង្ឃឹម និងមានសេចក្ដីស្លាប់ដែលមនុស្សមួយគូដំបូងបានពិសោធនោះ។ (រ៉ូម ៥:១៤) យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាគឺជាព្រះ មិនគ្រាន់តែខាងយុត្ដិធម៌និងព្រះចេស្ដា ក៏ប៉ុន្តែ តាមការពិត ដែលជាសំខាន់បំផុតនោះ គឺជាព្រះនៃសេចក្ដីស្រឡាញ់។ (យ៉ូហានទី១ ៤:៨, ១៦) ដូច្នេះហើយ ទ្រង់ចាប់ផ្ដើមចាត់វិធានការដើម្បីសម្រុះសម្រួលនូវការបាក់បែកនេះ។ ក្រោយពីបានចែងថា«ឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់» នោះព្រះគម្ពីរចែងបន្តទៀតថា៖ «តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។—រ៉ូម ៦:២៣
៦. តើអ្វីទៅជាបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា ស្តីអំពីការខូចខាតដែលបានធ្វើដោយអំពើបាបរបស់អ័ដាមនោះ?
៦ អ្វីដែលព្រះយេហូវ៉ាបានធ្វើនៅចុងក្រោយមក ដើម្បីធានារ៉ាប់រងនឹងអំណោយនោះ គឺដើម្បីផ្ដល់នូវអ្វីមួយដែលនឹងគ្របបាំងនូវការបាត់បង់ ដែលមានមកដោយសារអំពើរំលងរបស់អ័ដាម។ នៅក្នុងភាសាហេព្រើរ ពាក្យ កាហ្វា [ka·pharʹ] មុនដំបូងប្រហែលជាបានមានន័យថា «គ្របបាំង» ឬក៏ប្រហែលជា«លុបចោល» ហើយក៏បានបកប្រែជា«ការធួនបាប»ដែរ។ * បើនិយាយឲ្យចំទៅ ព្រះយេហូវ៉ាបានផ្ដល់នូវមធ្យោបាយសមគួរ ដើម្បីគ្របបាំងនូវអំពើបាប ដែលមានជាមរតកពីអ័ដាមនោះ និងលុបចោលនូវការហិនហោចដែលមានជាលទ្ធផល ដើម្បីឲ្យអស់អ្នកដែលមានគុណវុឌ្ឍិនឹងអំណោយនោះ នឹងអាចរំដោះចេញពីការផ្ដន្ទាទោសពីអំពើបាបនិងសេចក្ដីស្លាប់។—រ៉ូម ៨:២១
៧. (ក) តើសេចក្ដីសង្ឃឹមអ្វីដែលបានផ្ដល់មក តាមរយៈការកាត់ទោសរបស់ព្រះទៅលើសាតាំងនោះ? (ខ) តើតម្លៃអ្វីដែលត្រូវតែបង់ ចំពោះការរំដោះមនុស្សជាតិពីអំពើបាបនិងសេចក្ដីស្លាប់?
៧ សេចក្ដីសង្ឃឹមនៃការរំដោះចេញពីអំពើបាបនិងសេចក្ដីស្លាប់ បានសំដៅប្រាប់បន្ទាប់ពីមនុស្សមួយគូដំបូងនេះបានប្រព្រឹត្តអំពើបាប។ ក្នុងការកាត់ទោសលើសាតាំង ដែលបានត្រូវតំណាងដោយពស់ នោះព្រះយេហូវ៉ាបានមានបន្ទូលថា៖ «អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រី គឺទាំងពូជឯងនឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។ (លោកុប្បត្តិ ៣:១៥) តាមរយៈបន្ទូលដ៏ជាទំនាយនោះ ពន្លឺនៃសេចក្ដីសង្ឃឹមក៏បានរះឡើងសំរាប់មនុស្សជាតិទាំងអស់ ដែលនឹងមានជំនឿលើសេចក្ដីសន្យានោះ។ ក៏ប៉ុន្តែ គឺមានតម្លៃដែលត្រូវតែបង់សំរាប់ការរំដោះនោះ។ ពូជសន្យានោះនឹងមិនគ្រាន់តែមកដើម្បីកំទេចចោលសាតាំងតែប៉ុណ្ណោះទេ។ ពូជនេះបានត្រូវគេចឹកកែងជើង នេះមានន័យថា ត្រូវតែរងសេចក្ដីស្លាប់ ក៏ប៉ុន្តែមិនមែនស្លាប់ជាអចិន្ត្រៃយ៍នោះទេ។
៨. (ក) តើកាអ៊ីនបានទៅជាការខកទឹកចិត្តយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីក៏ដង្វាយរបស់អេបិល បានទៅជាផ្គាប់ព្រះហឫទ័យរបស់ព្រះ?
៨ ប្រាកដហើយ អ័ដាមនិងអេវ៉ាច្បាស់ជាបានគិតច្រើន ស្តីអំពីអត្តសញ្ញាណនៃពូជដែលបានសន្យាមកនេះ។ ពេលដែលអេវ៉ាបានបង្កើតកូនច្បងរបស់នាង កាអ៊ីន នោះនាងបានលាន់មាត់ថា៖ «អញបានកូនប្រុស១ ដោយព្រះយេហូវ៉ាទ្រង់ប្រោសប្រទាន»។ (លោកុប្បត្តិ ៤:១) តើនាងបានគិតថា ប្រហែលជាកូនប្រុសរបស់នាងនឹងជាពូជនោះឬ? ទោះជានាងបានគិតអ៊ីចឹងឬក៏អត់ នោះកាអ៊ីននិងដង្វាយរបស់ គាត់ បានទៅជាការខកចិត្តទៅវិញ។ រីឯអេបិលជាប្អូនរបស់គាត់វិញ បានបង្ហាញជំនឿលើសេចក្ដីសន្យារបស់ព្រះ ហើយបានថ្វាយសត្វដែលកើតដំបូងគេពីហ្វូងសត្វគាត់ ជាដង្វាយជូនព្រះយេហូវ៉ា។ យើងអានថា៖ «ដោយសារសេចក្ដីជំនឿ នោះអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងដង្វាយរបស់កាអ៊ីន ហើយមានសេចក្ដីបន្ទាល់ពីគាត់ ដោយព្រោះយញ្ញបូជានោះថា គាត់សុចរិត»។—ហេព្រើរ ១១:៤
៩. (ក) តើអេបិលមានជំនឿលើអ្វី ហើយតើគាត់បានសម្ដែងឲ្យឃើញយ៉ាងដូចម្ដេច? (ខ) តើដង្វាយរបស់អេបិលបានសម្រេចអ្វី?
៩ ជំនឿរបស់អេបិលមិនមែនគ្រាន់តែជំនឿលើព្រះ ដែលកាអ៊ីនប្រហែលជាមានដែរនោះទេ។ អេបិលមានជំនឿលើសេចក្ដីសន្យារបស់ព្រះ ស្តីអំពីពូជមួយ ដើម្បីនាំឲ្យមានការសង្គ្រោះដល់មនុស្សជាតិដ៏ស្មោះត្រង់។ គឺឥតបានលាតត្រដាងប្រាប់គាត់នូវរបៀបនឹងសម្រេចការនេះទេ ក៏ប៉ុន្តែសេចក្ដីសន្យារបស់ព្រះបានធ្វើឲ្យអេបិលដឹងថា នឹងមានបុគ្គលម្នាក់ដែលនឹងត្រូវគេចឹកកែងជើងនោះ។ ត្រូវហើយ តាមមើលទៅគាត់បានសន្និដ្ឋានថា នឹងត្រូវតែបង្ហូរឈាម ដែលសំដៅទៅយញ្ញបូជាតែម្ដង។ អេបិលបានថ្វាយអំណោយដែលទាក់ទងជីវិតនិងឈាមជូនប្រភពនៃជីវិត ប្រហែលជានិមិត្តរូបនៃការចង់បានជាខ្លាំងនិងការរង់ចាំយ៉ាងរំភើប ឲ្យបានឃើញនូវការសម្រេចនៃសេចក្ដីសន្យារបស់ព្រះយេហូវ៉ា។ ការសម្ដែងនូវជំនឿបែបនេះ ជាអ្វីដែលធ្វើឲ្យយញ្ញបូជារបស់អេបិលផ្គាប់ព្រះហឫទ័យរបស់ព្រះយេហូវ៉ា។ ហើយតាមរបៀបដ៏តូចមួយ នេះបានសម្ដែងនូវលក្ខណៈពិតនៃយញ្ញបូជា ជាខ្សែរយៈដែលមនុស្សមានបាបអាចមកឯព្រះ ដើម្បីទទួលនូវការអនុគ្រោះរបស់ទ្រង់។—លោកុប្បត្តិ ៤:៤; ហេព្រើរ ១១:១, ៦
១០. តើសារៈសំខាន់នៃយញ្ញបូជាបានធ្វើឲ្យឃើញយ៉ាងច្បាស់ដោយដូចម្ដេច ក្នុងការដែលព្រះយេហូវ៉ាបង្គាប់ឲ្យអ័ប្រាហាំថ្វាយអ៊ីសាកជាដង្វាយនោះ?
១០ អត្ថន័យដ៏ជ្រាលជ្រៅនៃយញ្ញបូជា បានធ្វើឲ្យឃើញយ៉ាងច្បាស់ ពេលដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យអ័ប្រាហាំថ្វាយកូនប្រុសរបស់គាត់ អ៊ីសាក ជាដង្វាយដុត។ ទោះជាយញ្ញបូជានោះឥតបានសម្រេចយ៉ាងពិតមែនក៏ដោយ នេះក៏ទុកជាការតំណាងនូវអ្វីដែលព្រះយេហូវ៉ានឹងធ្វើនៅចុងក្រោយ គឺការថ្វាយរាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់ ជាយញ្ញបូជាដ៏ធំបំផុត ដើម្បីនឹងសម្រេចតាមរាជបំណងរបស់ទ្រង់ចំពោះមនុស្សជាតិ។ (យ៉ូហាន ៣:១៦) ដោយយញ្ញបូជានិងដង្វាយនៃក្រិត្យវិន័យម៉ូសេ នោះព្រះយេហូវ៉ាទុកគំរូដ៏ជាទំនាយដើម្បីបង្រៀនរាស្ត្ររបស់ទ្រង់ដែលទ្រង់បានរើសឲ្យ នូវអ្វីដែលគេត្រូវតែធ្វើដើម្បីទទួលការអត់ឱនទោសចំពោះអំពើបាបរបស់គេ និងដើម្បីពង្រឹងនូវសេចក្ដីសង្ឃឹមរបស់គេចំពោះការសង្គ្រោះ។ តើយើងអាចរៀនអ្វីខ្លះពីរឿងទាំងនេះ?
យញ្ញបូជាដែលផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា
១១. តើយញ្ញបូជាពីរផ្នែកណា ដែលសម្ដេចសង្ឃបានថ្វាយ ហើយតើមានគោលបំណងសំរាប់អ្វី?
១១ សាវ័កប៉ុលមានប្រសាសន៍ថា៖ «សំដេចសង្ឃទាំងប៉ុន្មាន នោះបានតាំងឲ្យមានងារ សំរាប់នឹងថ្វាយដង្វាយ ហើយយញ្ញបូជា»។ (ហេព្រើរ ៨:៣) ចូរកត់សម្គាល់ ប៉ុលញែកដង្វាយដែលសម្ដេចសង្ឃនៅអ៊ីស្រាអែលពីសម័យបុរាណ ទៅជាពីរផ្នែក គឺថា«ដង្វាយ» និង«យញ្ញបូជា» ឬក៏«យញ្ញបូជា ដោយព្រោះបាប»។ (ហេព្រើរ ៥:១) ជាទូទៅ មនុស្សថ្វាយដង្វាយដើម្បីសម្ដែងនូវសេចក្ដីស្រឡាញ់និងការអបអរ ព្រមទាំងដើម្បីបណ្ដុះនូវមិត្តភាព ការអនុគ្រោះ ឬការទទួលស្គាល់។ (លោកុប្បត្តិ ៣២:២០; សុភាសិត ១៨:១៦) ស្រដៀងគ្នាដែរ ដង្វាយជាច្រើនដែលបានដាក់បញ្ញត្ដិដោយក្រិត្យវិន័យ អាចចាត់ទុកជា«ដង្វាយ»ជូនព្រះ ដើម្បីស្វែងរកការទទួលស្គាល់និងការអនុគ្រោះពីទ្រង់។ * សេចក្ដីរំលងច្បាប់តម្រូវឲ្យមានបដិទាន ហើយដើម្បីជូនសំណង នោះ«យញ្ញបូជា ដោយព្រោះបាប» ក៏បានថ្វាយឡើង។ ក្នុងសៀវភៅបទគម្ពីរប្រាំដំបូង ជាពិសេសសៀវភៅ និក្ខមនំ លេវីវិន័យ និងជនគណនា ផ្ដល់នូវពត៌មានជាច្រើនស្តីអំពីយញ្ញបូជានិងដង្វាយបែបផ្សេងៗ។ ទោះបីអាចជាការដ៏ពិបាកសំរាប់ឲ្យយើងយកចូលនិងចាំពត៌មានល្អិតល្អន់ទាំងអស់ក៏ដោយ តែក៏យើងគួរយកមកពិនិត្យនូវចំណុចសំខាន់ខ្លះៗស្តីអំពីបែបផ្សេងៗនៃយញ្ញបូជា។
១២. តើនៅកន្លែងណាក្នុងព្រះគម្ពីរ ដែលយើងអាចរកឃើញនូវសេចក្ដីសង្ខេបនៃយញ្ញបូជាឬដង្វាយនៅក្នុងក្រិត្យវិន័យនោះ?
១២ យើងប្រហែលជាកត់សម្គាល់ថា នៅលេវីវិន័យ លេវីវិន័យ ១–៧ ជំពូក១ទៅជំពូក៧ នោះមានដង្វាយដ៏សំខាន់ប្រាំយ៉ាង គឺជាដង្វាយដុត ដង្វាយម្សៅ យញ្ញបូជាខាងដង្វាយមេត្រី ដង្វាយលោះបាប និងដង្វាយដោយព្រោះការរំលង បានរៀបរាប់ប្រាប់ម្ដងមួយៗ ទោះជាដង្វាយខ្លះបានត្រូវថ្វាយជាមួយគ្នាក៏ដោយ។ យើងក៏កត់សម្គាល់ដែរថា យញ្ញបូជាទាំងនេះបានរៀបរាប់ពីរដងក្នុងជំពូកទាំងនេះ ដោយមានគោលផ្សេងគ្នា៖ ម្ដងនៅក្នុងលេវីវិន័យ ១:២ ទៅ ៦:៧ ដែលរៀបរាប់អំពីអ្វីដែលត្រូវថ្វាយលើអាសនៈ ហើយលើកទីពីរ នៅលេវីវិន័យ ៦:៨ ទៅ ៧:៣៦ នោះបង្ហាញនូវចំនួនដែលញែកទុកសំរាប់ពួកសង្ឃនិងទុកសំរាប់អស់អ្នកដែលថ្វាយនោះ។ រួចមក នៅជនគណនា ២៨, ២៩ ជំពូក២៨និង២៩ យើងឃើញនូវអ្វីដែលប្រហែលជាចាត់ទុកជាតារាងពេលវេលា ដែលរៀបរាប់ប្រាប់នូវយញ្ញបូជាណាដែលត្រូវថ្វាយប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ប្រចាំខែ និងនៅឯបុណ្យប្រចាំឆ្នាំ។
១៣. ចូររៀបរាប់នូវយញ្ញបូជាដែលបានថ្វាយដោយស្ម័គ្រចិត្ត ជាដង្វាយថ្វាយជូនព្រះនោះ។
១៣ ក្នុងចំណោមដង្វាយដែលបានថ្វាយដោយស្ម័គ្រចិត្តធ្វើជាអំណោយ ឬជាការបែរមកឯព្រះដើម្បីទទួលការអនុគ្រោះពីទ្រង់ គឺមានដូចជាដង្វាយដុត ដង្វាយម្សៅ និងយញ្ញបូជាខាងដង្វាយមេត្រី។ ពួកវិជ្ជាករខ្លះជឿថា ពាក្យហេព្រើរចំពោះ«ដង្វាយដុត» មានន័យថា«យញ្ញបូជាទៅទីខ្ពស់» ឬក៏«យញ្ញបូជាដែលកំពុងតែមានឡើង»។ នេះគឺសមហេតុផល ពីព្រោះក្នុងដង្វាយដុត សត្វដែលបានសម្លាប់បានដុតលើអាសនៈ នោះក្លិនដ៏ក្រអូបបានឡើងទៅលើមេឃឆ្ពោះទៅឯព្រះ។ លក្ខណៈដ៏ច្បាស់លាស់នៃដង្វាយដុត គឺថាក្រោយពីបានប្រោះឈាមនៅជុំវិញអាសនៈ នោះសត្វទាំងមូលក៏ថ្វាយជូនព្រះ។ ពួកសង្ឃបាន«ដុតទាំងអស់នៅលើអាសនាទុកជាដង្វាយដុត គឺជាដង្វាយដែលដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា»។—លេវីវិន័យ ១:៣, ៤, ៩; លោកុប្បត្តិ ៨:២១
១៤. តើដង្វាយម្សៅបានត្រូវថ្វាយជូនយ៉ាងដូចម្ដេច?
១៤ ដង្វាយម្សៅបានរៀបរាប់ក្នុងលេវីវិន័យ ២ ជំពូក២។ នេះជាដង្វាយដែលថ្វាយដោយស្ម័គ្រចិត្ត ដែលមានម្សៅម៉ដ្ដ ដែលធម្មតាលាយជាមួយប្រេង ព្រមទាំងដាក់កំញានផង។ «ត្រូវឲ្យសង្ឃយកម្សៅយ៉ាងម៉ដ្ដនោះ១ក្ដាប់ជាមួយនឹងប្រេងខ្លះ ព្រមទាំងកំញានទាំងអស់ទៅដុត ទុកជាទីរំឭកនៅលើអាសនា គឺជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា»។ (លេវីវិន័យ ២:២) កំញានជាគ្រឿងមួយនៃគ្រឿងក្រអូបដ៏បរិសុទ្ធ ដែលបានដុតលើអាសនៈក្នុងរោងឧបោសថ និងព្រះវិហារ។ (និក្ខមនំ ៣០:៣៤-៣៦) យ៉ាងជាក់ស្តែង ស្តេចដាវីឌបានចងចាំសេចក្ដីនេះ ពេលដែលទ្រង់បានមានបន្ទូលថា៖ «សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានផ្សាយឡើង ដូចជាគ្រឿងក្រអូបនៅចំពោះទ្រង់ នឹងការលើកដៃប្រណម្យរបស់ទូលបង្គំ បានដូចជាយញ្ញបូជាពេលល្ងាច»។—ទំនុកដំកើង ១៤១:២
១៥. តើអ្វីជាគោលបំណងនៃយញ្ញបូជាខាងដង្វាយមេត្រី?
១៥ ដង្វាយដោយស្ម័គ្រចិត្តមួយទៀត ជាយញ្ញបូជាខាងដង្វាយមេត្រី ដែលបានរៀបរាប់ក្នុងលេវីវិន័យ ៣ ជំពូក៣។ ឈ្មោះនោះក៏អាចបកប្រែជា«យញ្ញបូជានៃដង្វាយសន្ដិភាព»។នៅក្នុងភាសាហេព្រើរ ពាក្យ«សន្ដិភាព» មានន័យច្រើនជាងមិនគ្រាន់តែរួចផុតពីសង្គ្រាមឬពីការរំខាននោះទេ។ សៀវភៅ វិចារណ៍នឹងវិជ្ជាស្ថានម៉ូសេ ចែងថា៖ «នៅក្នុងព្រះគម្ពីរ នេះឲ្យន័យដូច្នេះ ហើយក៏ជាសភាពឬក៏ទំនាក់ទំនងនៃមេត្រីជាមួយនឹងព្រះ ភាពចំរើន អំណរ និងសុភមង្គល»។ ដូច្នេះហើយ យញ្ញបូជាខាងដង្វាយមេត្រីបានត្រូវថ្វាយជូន មិនមែនដើម្បីធ្វើឲ្យមានមេត្រីភាពជាមួយព្រះទេ តែហាក់ដូចជាចង់ធ្វើឲ្យទ្រង់ស្ងប់ព្រះហឫទ័យ ថែមទាំងដើម្បីសម្ដែងកតញ្ញូធម៌ផងដែរ ឬក៏ដើម្បីអបអរនឹងសន្ដិភាពដែលគេមានជាមួយព្រះ ហើយសន្ដិភាពដែលគេមាននោះគឺមានតែចំពោះអស់អ្នកដែលទ្រង់សព្វព្រះហឫទ័យប៉ុណ្ណោះ។ ពួកសង្ឃនិងពួកអ្នកថ្វាយ ក៏ទទួលទានយញ្ញបូជានេះ ក្រោយពីឈាមនិងខ្លាញ់បានថ្វាយជូនព្រះយេហូវ៉ា។ (លេវីវិន័យ ៣:១៧; ៧:១៦-២១; ១៩:៥-៨) តាមរបៀបដ៏ល្អនិងជានិមិត្តរូប នោះអ្នកថ្វាយ ពួកសង្ឃ និងព្រះយេហូវ៉ាបានចែកគ្នាសោយ ដែលនោះចង្អុលប្រាប់នូវទំនាក់ទំនងដ៏សុខសាន្ត ដែលមានក្នុងចំណោមពួកគេ។
១៦. (ក) តើអ្វីជាគោលបំណងនៃដង្វាយលោះបាបឬដង្វាយដោយព្រោះការរំលងនោះ? (ខ) តើដង្វាយទាំងនោះមានភាពខុសគ្នានឹងដង្វាយដុតយ៉ាងដូចម្ដេច?
១៦ យញ្ញបូជាដែលបានថ្វាយ ដើម្បីស្វែងរកការអត់ឱនទោសចំពោះអំពើបាបឬក៏ដើម្បីធួននឹងអំពើរំលងច្បាប់ រួមបញ្ចូលនឹងដង្វាយលោះបាប និងដង្វាយដោយព្រោះការរំលង។ ទោះជាដង្វាយទាំងនេះទាក់ទងនឹងការដុតលើអាសនៈ តែគឺខុសគ្នាពីដង្វាយដុតក្នុងន័យថា សត្វទាំងមូលមិនបានថ្វាយជូនព្រះនោះទេ ថ្វាយជូនតែខ្លាញ់និងផ្នែកខ្លះតែប៉ុណ្ណោះ។ សាច់សល់ទាំងប៉ុន្មាន បានត្រូវបោះចោលខាងក្រៅជំរុំ ឬក្នុងករណីខ្លះក៏បានទទួលទានដោយពួកសង្ឃនោះទៅ។ ភាពខុសគ្នាគឺមានន័យខ្លឹមសារ។ ដង្វាយដុតបានធ្វើឡើងជាដង្វាយជូនព្រះ ដើម្បីឲ្យបានទៅឯព្រះ ដូច្នេះក៏បានថ្វាយជាដង្វាយជូនព្រះទាំងស្រុងតែម្ដង។ ជាការគួរឲ្យចាប់អារម្មណ៍ ដង្វាយលោះបាប ឬក៏ដង្វាយដោយព្រោះការរំលងបានធ្វើឡើងមុនដង្វាយដុត ដែលបង្ហាញថា ដើម្បីឲ្យដង្វាយរបស់អ្នកមានបាបបានផ្គាប់ព្រះហឫទ័យរបស់ព្រះ នោះគឺត្រូវការជាចាំបាច់នូវការអត់ឱនទោស។—លេវីវិន័យ ៨:១៤, ១៨; ៩:២, ៣; ១៦:៣, ៥
១៧, ១៨. តើដង្វាយលោះបាបបានផ្ដល់មកសំរាប់អ្វី ហើយតើដង្វាយដោយព្រោះការរំលងមានបំណងអ្វី?
១៧ ដង្វាយលោះបាបទទួលបានចំពោះតែអំពើបាបដោយអចេតនានឹងច្បាប់ ដែលជាអំពើបាបដែលបានធ្វើឡើងដោយសារភាពទន់ខ្សោយខាងសាច់ឈាម។ «បើអ្នកណាធ្វើបាបឥតដឹង ដោយពានលើបទណាមួយ ដែលព្រះយេហូវ៉ាទ្រង់ហាមមិនឲ្យធ្វើឡើយ» រួចមក អ្នកប្រព្រឹត្តអំពើបាបនោះត្រូវឲ្យថ្វាយដង្វាយលោះបាប តាមកំរិតនៃឋានៈរបស់គាត់នៅក្នុងសហគមន៍។ (លេវីវិន័យ ៤:២, ៣, ២២, ២៧) ម្យ៉ាងវិញទៀត ពួកអ្នកប្រព្រឹត្តបាបដែលមិនប្រែចិត្តបានត្រូវកាត់កាល់ចេញ គឺឥតមានយញ្ញបូជាណាសំរាប់ពួកគេនោះឡើយ។—និក្ខមនំ ២១:១២-១៥; លេវីវិន័យ ១៧:១០; ២០:២, ៦, ១០; ជនគណនា ១៥:៣០; ហេព្រើរ ២:២
១៨ អត្ថន័យនិងគោលបំណងនៃដង្វាយដោយព្រោះការរំលងបានពន្យល់ឲ្យឃើញច្បាស់នៅ លេវីវិន័យ ៥, ៦ ជំពូកទី៥និងទី៦។ បុគ្គលម្នាក់ប្រហែលជាបានប្រព្រឹត្តអំពើបាបដោយអចេតនា។ ប៉ុន្តែ សេចក្ដីរំលងច្បាប់របស់គាត់ ប្រហែលជានាំមកនូវភាពមានទោសពីការរំលោភសិទ្ធិរបស់មនុស្សគ្នីគ្នា ឬក៏ពីព្រះយេហូវ៉ា ហើយការប្រព្រឹត្តដ៏ខុសនេះ ត្រូវតែធ្វើឲ្យបានស្ញប់ចិត្តឬកែឲ្យបានត្រូវវិញ។ ផ្នែកអំពើបាបផ្សេងៗបានត្រូវរៀបរាប់មកដូចខាងក្រោមនេះ។ ខ្លះគឺជាអំពើបាបដោយសម្ងាត់ (លេវីវិន័យ ៥:២-៦) ខ្លះទៀតជាអំពើបាបប្រឆាំងនឹង«របស់បរិសុទ្ធនៃព្រះយេហូវ៉ា»។ (លេវីវិន័យ ៥:១៤-១៦) ហើយខ្លះទៀត ទោះជាអចេតនាក៏ដោយ ជាអំពើបាបដែលនាំឲ្យមានសេចក្ដីប្រាថ្នាអាក្រក់ឬភាពទន់ខ្សោយខាងសាច់ឈាម។ (លេវីវិន័យ ៦:១-៣) ក្រៅពីសារភាពអំពើបាបបែបនេះ នោះអ្នកធ្វើខុសបានតម្រូវឲ្យសងវិញពេលដែលត្រូវការ ហើយរួចមកផ្ដល់ដង្វាយដោយព្រោះការរំលងជូនព្រះយេហូវ៉ា។—លេវីវិន័យ ៦:៤-៧
អ្វីមួយដ៏ប្រសើរជាងនឹងមក
១៩. ទោះបីមានក្រិត្យវិន័យនិងយញ្ញបូជា ហេតុអ្វីក៏សាសន៍អ៊ីស្រាអែលខកខានឥតបានទទួលព្រះគុណរបស់ព្រះ?
១៩ ក្រិត្យវិន័យម៉ូសេ ដែលមានយញ្ញបូជានិងដង្វាយជាច្រើន បានផ្ដល់ឲ្យពួកអ៊ីស្រាអែល ដើម្បីជួយគេឲ្យទៅឯព្រះក្នុងការទទួលនិងរក្សានូវព្រះគុណនិងប្រសិទ្ធិពររបស់ទ្រង់ រហូតដល់ការមកដល់នៃពូជដែលបានសន្យានោះ។ សាវ័កប៉ុលដែលពីកំណើតជាជនជាតិអ៊ីស្រាអែល បានមានប្រសាសន៍ដូចនេះថា៖ «ក្រិត្យវិន័យធ្វើជាអ្នកដឹកនាំយើងរាល់គ្នាទៅដល់ព្រះគ្រីស្ទ ដើម្បីឲ្យយើងបានរាប់ជាសុចរិត ដោយអាងសេចក្ដីជំនឿ»។ (កាឡាទី ៣:២៤) គួរឲ្យស្ដាយណាស់ អ៊ីស្រាអែលជាសាសន៍មួយឥតបានធ្វើតាមការបង្ហាត់បង្រៀននោះទេ ហើយបានរំលោភលើឯកសិទ្ធិនោះ។ ដោយហេតុនេះ យញ្ញបូជាជាច្រើនរបស់គេ បានទៅជាអ្វីដ៏គួរឲ្យស្អប់ខ្ពើមចំពោះព្រះយេហូវ៉ា ដែល ទ្រង់បានមានបន្ទូលថា៖ «អញធុញទ្រាន់ចំពោះចៀមឈ្មោល នឹងខ្លាញ់នៃសត្វបំប៉ន ដែលឯងដុតថ្វាយណាស់ អញក៏មិនចូលចិត្ត ចំពោះឈាមនៃគោឈ្មោល ឬកូនចៀម ឬពពែនោះទេ»។—អេសាយ ១:១១
២០. តើមានអ្វីបានកើតឡើងក្នុងឆ្នាំ៧០ ស.យ. ស្តីអំពីក្រិត្យវិន័យនិងយញ្ញបូជានោះ?
២០ នៅឆ្នាំ៧០ ស.យ. នោះរបបលោកីយ៍ខាងសាសន៍យូដា ដែលមានព្រះវិហារនិងក្រុមសង្ឃ បានមកដល់ទីបញ្ចប់។ ក្រោយនោះមក យញ្ញបូជាទាំងប៉ុន្មានដែលចែងល័ក្ខខ័ណ្ឌដោយក្រិត្យវិន័យ លែងមានប្រសិទ្ធភាពទៀតហើយ។ តើនេះមានន័យថា យញ្ញបូជាដែលជាផ្នែកដ៏សំខាន់នៃក្រិត្យវិន័យនេះ បានបាត់បង់នូវអត្ថន័យចំពោះពួកអ្នកថ្វាយបង្គំព្រះសព្វថ្ងៃនេះឬទេ? យើងនឹងពិនិត្យមើលរឿងនេះក្នុងអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
^ ការយល់ធ្លុះជ្រៅនឹងបទគម្ពីរ ដែលបានបោះពុម្ពដោយសមាគមប៉មយាមខាងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក ពន្យល់ថា៖ «ដូចជាបានប្រើក្នុងព្រះគម្ពីរ ‹ការធួនបាប› មានគោលគំនិតអំពី‹ការគ្រប› ឬក៏ ‹ការដូរ› នឹងរបស់ដែលបានផ្ដល់មកដើម្បីប្ដូរ ឬក៏ជា‹ការគ្រប› នោះរបស់មួយទៀតត្រូវតែធ្វើតាមគំរូរបស់វា។ . . . ដើម្បីធួនបាបឲ្យបានគ្រប់គ្រាន់ចំពោះអ្វីដែលអ័ដាមបានបាត់បង់ទៅនោះ ត្រូវផ្ដល់ដង្វាយលោះបាបមួយដែលមានតម្លៃស្មើនឹងជីវិតរបស់មនុស្សម្នាក់ដ៏គ្រប់ល័ក្ខណ៍»។
^ ពាក្យភាសាហេព្រើរដែលបានបកប្រែជាញឹកញយ «ដង្វាយ» គឺកូបាន [qor·banʹ] ក្នុងការកត់ទុកនូវការផ្ដន្ទាទោសពួកស្ក្រែបនិងផារិស៊ី ដោយសារការប្រព្រឹត្តដោយគ្មានគោលការណ៍របស់គេ នោះម៉ាកុសបានពន្យល់ថា«កូបាន» មានន័យថា«ដង្វាយថ្វាយព្រះហើយ»។—ម៉ាកុស ៧:១១
តើអ្នកអាចពន្យល់បានឬទេ?
• តើអ្វីដែលបានបណ្ដាលឲ្យពួកបុរសស្មោះត្រង់ពីដើម ថ្វាយយញ្ញបូជាជូនព្រះយេហូវ៉ា?
• ហេតុអ្វីក៏ត្រូវការយញ្ញបូជានោះ?
• តើយញ្ញបូជាបែបសំខាន់ណាខ្លះ ដែលបានថ្វាយក្រោមក្រិត្យវិន័យ ហើយយញ្ញបូជានោះមានគោលបំណងអ្វី?
• យោងទៅតាមប៉ុល តើអ្វីជាគោលបំណងដ៏សំខាន់នៃក្រិត្យវិន័យនិងយញ្ញបូជានោះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២០]
យញ្ញបូជារបស់អេបិលបានផ្គាប់ព្រះហឫទ័យព្រះ ពីព្រោះយញ្ញបូជានោះបានបង្ហាញនូវជំនឿរបស់គាត់លើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា
[រូបភាពនៅទំព័រ២៣]
តើអ្នកអបអរនូវសារៈសំខាន់នៃទិដ្ឋភាពបែបនេះឬទេ?