លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកសម្ដែងអាកប្បកិរិយាសមគួរចំពោះអ្នកដទៃឬទេ?

តើអ្នកសម្ដែងអាកប្បកិរិយាសមគួរចំពោះអ្នកដទៃឬទេ?

តើ​អ្នក​សម្ដែង​អាកប្បកិរិយា​សម​គួរ​ចំពោះ​អ្នក​ដទៃ​ឬ​ទេ?

‹ខ្ញុំ​មិន​ខ្វល់​នឹង​អ្វី​ដែល​មនុស្ស​ដទៃ​គិត​នោះ​ទេ!› ក្នុង​មួយ​រំពេច​ដែល​មាន​កំហឹង​ឬ​ការ​អន្ទះអន្ទែង​នោះ ប្រហែល​ជា​អ្នក​បាន​ពោល​ពាក្យ​អះអាង​ដ៏​ឥត​កោត​ញញើត។ ក៏​ប៉ុន្តែ​ពេល​ដែល​ការ​ធ្វើ​ឫក​ក្លាហាន​បាន​អន់​ទៅ​ៗ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ខ្វល់​ខ្វាយ​ទាំង​រសាប់​រសល់​ទៀត​ផង។ ហេតុ​អ្វី? ពីព្រោះ​យើង​ភាគ​ច្រើន ពិត​ជា​ខ្វល់​ខ្វាយ​នូវ​អ្វី​ដែល​អ្នក​ដទៃ​គិត​អំពី​យើង។

ប្រាកដ​ហើយ យើង​គួរ​តែ​ខ្វល់​អំពី​អារម្មណ៍​របស់​អ្នក​ដទៃ។ ជា​គ្រីស្ទាន​ដ៏​ជា​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា ជា​ពិសេស​យើង​ត្រូវ​តែ​ខ្វល់​ខ្វាយ​យ៉ាង​សម​គួរ អំពី​របៀប​ដែល​អ្នក​ដទៃ​គិត​អំពី​យើង។ យ៉ាង​ណា​មិញ យើង​ជា«ទី​ដែល​សំរាប់​ឲ្យ​លោកីយ​បាន​មើល​លេង»។ (កូរិនថូស​ទី​១ ៤:៩) នៅ​កូរិនថូស​ទី​២ ៦:៣, ៤ យើង​រក​ឃើញ​នូវ​ឱវាទ​ដ៏​ល្អ​របស់​សាវ័ក​ប៉ុល ដែល​ថា៖ ‹យើង​ខ្ញុំ​ក៏​មិន​បង្អាក់​បង្អន់​ចិត្ត​ដល់​អ្នក​ណា​ក្នុងកិច្ច​ការអ្វី​ឡើយ ក្រែង​មាន​អ្នក​ណា​ថ្កោល​ទោស​ចំពោះ​ការងារ​នេះ ក្នុង​គ្រប់​ការ​ទាំង​អស់ នោះ​យើង​ខ្ញុំ​ខំ​សម្ដែង​អាកប្បកិរិយា​សម​គួរ ទុក​ដូច​ជា​អ្នក​បំរើ​ព្រះ›។

ប៉ុន្តែ តើ​ការ​សម្ដែង​អាកប្បកិរិយា​សម​គួរ​ចំពោះ​អ្នក​ដទៃ​មាន​ន័យ​យ៉ាង​ណា? តើ​នេះ​មាន​ន័យ​ថា​យើង​លើក​ខ្លួន​យើង​ឬ​ទាក់​ទាញ​អារម្មណ៍​ដែល​មិន​សម​គួរ ដើម្បី​ខ្លួន​យើង​និង​សមត្ថភាព​របស់​យើង​ឬ? អត់​ទេ។ ប៉ុន្តែ​នេះ​គឺ​តម្រូវ​ឲ្យ​អនុវត្ត​តាម​ពាក្យ​ដែល​មាន​នៅ​ឯ​ពេត្រុស​ទី​១ ២:១២៖ «ទាំង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ​ដើម្បី . . . ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ . . . ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ»។ ពួក​គ្រីស្ទាន​សម្ដែង​អាកប្បកិរិយា​សម​គួរ ដោយ​អនុញ្ញាត​ឲ្យ​ចរិយា​របស់​គេ​បង្ហាញ​ជា​ភស្តុ​តាង​វិញ! នៅ​ទី​បំផុត នេះ​នឹង​នាំ​ឲ្យ​មាន​ការ​សរសើរ​ដល់​ព្រះ មិន​មែន​ដល់​យើង​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ ការ​សម្ដែង​អាកប្បកិរិយា​សម​គួរ​ចំពោះ​អ្នក​ដទៃ ក៏​ប្រហែល​ជា​មាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដែរ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​ចំណុច​បី​យ៉ាង ដែល​នេះ​អាច​ជា​ការ​ពិត​ចំពោះ​អ្នក។

ជា​គូ​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ខាង​មុខ

ជា​ឧទាហរណ៍ ចូរ​ពិនិត្យ​មើល​រឿង​អាពាហ៍ពិពាហ៍។ នេះ​គឺ​ជា​អំណោយ​ទាន​ពី​ព្រះ​យេហូវ៉ា ជា​ព្រះ«ដែល​គ្រប់​ទាំង​គ្រួ​នៅ​ស្ថាន​សួគ៌ ហើយ​នៅ​ផែនដី មាន​នាម​ត្រកូល​ពី​ទ្រង់​មក»។ (អេភេសូរ ៣:១៥) ប្រហែល​ជា​អ្នក​មាន​ចិត្ត​ប្រាថ្នា​ចង់​រៀប​ការ​នៅ​ថ្ងៃ​ណា​មួយ។ បើ​អ៊ីចឹង​មែន តើ​ដល់​កំរិត​ណា​ដែល​អ្នក​សម្ដែង​អាកប្បកិរិយា​សម​គួរ ទុក​ជា​គូ​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ខាង​មុខ​នោះ? ត្រូវ​ហើយ តើ​កេរ្ដិ៍​ឈ្មោះ​អ្វី​ដែល​អ្នក​បាន​ធ្វើ​សំរាប់​ខ្លួន​ឯង ជា​បុរស​ឬ​ស្ត្រី​គ្រីស្ទាន​ក្នុង​កាល​ដែល​នៅ​លីវ​នោះ?

នៅ​ប្រទេស​ខ្លះ នេះ​ជា​អ្វី​ដ៏​ខ្វល់​ខ្វាយ​ខ្លាំង​ណាស់​ដល់​ក្រុម​គ្រួសារ។ ជា​ឧទាហរណ៍ នៅ​ប្រទេស​ហ្គាណា ពេល​ដែល​បុគ្គល​ពីរ​នាក់​ចង់​រៀប​ការ​ជា​មួយ​គ្នា នោះ​តាម​ទំនៀម​ទម្លាប់ មួយ​គូ​នេះ​ត្រូវ​ជំរាប​ឪពុក​ម្ដាយ​របស់​គេ។ ហើយ​បន្ទាប់​មក ឪពុក​ម្ដាយ​ទាំង​សង​ខាង​ក៏​ប្រាប់​សមាជិក​ឯ​ទៀត​ក្នុង​គ្រួសារ។ រួច​មក ក្រុម​គ្រួសារ​របស់​បុរស​ក៏​ខំ​រក​ឲ្យ​បាន​ប្រាកដ នូវ​កេរ្ដិ៍​ឈ្មោះ​របស់​សាម៉ី​ខ្លួន​ស្រី​នេះ​ក្នុង​តំបន់​អ្នក​ជិត​ខាង​របស់​នាង។ នៅ​ពេល​ដែល​ឪពុក​ម្ដាយ​ជឿ​ជាក់​ច្បាស់​អំពី​ភាព​សមរម្យ​របស់​ស្ត្រី​នេះ​ហើយ នោះ​ពួក​គាត់​នឹង​ប្រាប់​ក្រុម​គ្រួសារ​ខាង​ស្រី ស្តី​អំពី​គោល​បំណង​របស់​កូន​ប្រុស​គេ ដែល​ចង់​រៀប​ការ​ជា​មួយ​កូន​ស្រី​នោះ។ ឥឡូវ​នេះ ក្រុម​គ្រួសារ​ខាង​ស្រី​ក៏​ពិនិត្យ​មើល​នូវ​កេរ្ដិ៍​ឈ្មោះ​របស់​បុរស​នេះ​ដែរ មុន​នឹង​សុខ​ចិត្ត​ឲ្យ​រៀប​ការ​នោះ។ ពាក្យ​ចាស់​បុរាណ​របស់​ពួក​សាសន៍​ហ្គាណា​ចែង​ថា៖ «សួរ​អស់​អ្នក​ដែល​គួរ​តែ​ដឹង មុន​នឹង​អ្នក​រៀប​អាពាហ៍ពិពាហ៍»។

ចុះ​យ៉ាង​ណា​វិញ​នៅ​បស្ចិម​ប្រទេស​ដែល​ជា​ធម្មតា​ទូទៅ បុគ្គល​ម្នាក់​ៗ​បាន​អនុញ្ញាត​ឲ្យ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន​នោះ? សូម្បី​តែ​នៅ​ប្រទេស​ទាំង​នោះ បុរស​ឬ​ស្ត្រី​គ្រីស្ទាន​ដែល​មាន​គំនិត​ចាស់​ទុំ​ហើយ​ប្រកប​ដោយ​ប្រាជ្ញា ស្វែង​រក​ការ​ផ្ដល់​ឲ្យ​យោបល់​ដោយ​ត្រង់​ៗ ពី​អស់​អ្នក​ដែល​ស្គាល់​ច្បាស់​ពី​គូ​នោះ ដូច​ជា​ឪពុក​ម្ដាយ​ឬ​ក៏​មិត្ត​ដែល​មាន​គំនិត​ចាស់​ទុំ។ យោង​ទៅ​តាម​សៀវភៅ កូន​សោ​នៃ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ នោះ​យុវនារី​ប្រហែល​ជា​សួរ​ថា៖ «‹តើ​បុរស​នេះ​មាន​កេរ្ដិ៍​ឈ្មោះ​យ៉ាង​ណា? តើ​នរណា​ជា​មិត្ត​របស់​គាត់? តើ​គាត់​បង្ហាញ​នូវ​ការ​ចេះ​ទប់​ចិត្ត​ឬ​ទេ? តើ​គាត់​ប្រព្រឹត្ត​លើ​មនុស្ស​ចាស់​ៗ​យ៉ាង​ណា​ដែរ? តើ​គាត់​មក​ពី​ក្រុម​គ្រួសារ​បែប​ណា? តើ​គាត់​ទាក់​ទង​យ៉ាង​ណា​ជា​មួយ​ពួក​គេ? តើ​គាត់​មាន​អាកប្បកិរិយា​យ៉ាង​ណា​ចំពោះ​ប្រាក់​កាស? តើ​គាត់​ប្រើ​ភេសជ្ជៈ​ស្រា​ដោយ​ឥត​ត្រឹម​ត្រូវ​ឬ​ទេ? តើ​គាត់​មាន​ចិត្ត​ឆេវ​ឆាវ ថែម​ទាំង​ឃោរ​ឃៅ​ទេ? តើ​គាត់​មាន​ភារកិច្ច​ណា​ខ្លះ​ក្នុង​ក្រុម​ជំនុំ? ហើយ​តើ​គាត់​ប្រកប​ភារកិច្ច​ទាំង​នោះ​បាន​យ៉ាង​ណា? តើ​ខ្ញុំ​អាច​មាន​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​គាត់​ឬ​ទេ?›—លេវីវិន័យ ១៩:៣២; សុភាសិត ២២:២៩; ៣១:២៣; អេភេសូរ ៥:៣​-​៥, ៣៣; ធីម៉ូថេ​ទី​១ ៥:៨; ៦:១០; ទីតុស ២:៦, ៧»។ *

បុរស​ម្នាក់​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ ដោយ​ចង់​សួរ​អំពី​ស្ត្រី​គ្រីស្ទាន​ណា ដែល​គាត់​ចង់​ពិចារណា​នឹង​រៀប​ការ​ជា​មួយ​នោះ។ យោង​ទៅ​តាម​ព្រះ​គម្ពីរ បូអូស​បាន​យក​ការ​ចាប់​អារម្មណ៍​បែប​នេះ​ជា​មួយនាង​រស់ ជា​ស្ត្រី​ដែល​គាត់​បាន​រៀប​ការ​ជា​មួយ​នៅ​ពេល​ក្រោយ​មក។ នៅ​ពេល​ដែលនាង​រស់បាន​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ប្រោស​មេត្ដា ដោយ​អាណិត​ដល់​ខ្ញុំ​ជា​សាសន៍​ដទៃ​ដូច្នេះ»? បូអូស​បាន​មាន​ប្រសាសន៍​ថា៖ «គេ​បាន​ប្រាប់​ដល់​ខ្ញុំ ពី​គ្រប់​ទាំង​កិរិយា ដែល​នាង​បាន​ប្រព្រឹត្ត»។ (នាង​រស់ ២:១០​-​១២) ត្រូវ​ហើយ បូអូស​មិន​គ្រាន់​តែ​បាន​សង្កេត​មើល​ដោយ​ភ្នែក​ផ្ទាល់ ដែលនាង​រស់ជា​ស្ត្រី​មាន​ចិត្ត​ស្មោះ​ត្រង់ និង​ខំ​ប្រឹង​ធ្វើ​ការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​បាន​ទទួល​ពាក្យ​ស​សើ​រ​ពី​អ្នក​ដទៃ​ផង​ដែរ។

ស្រដៀង​គ្នា​ដែរ ចរិយា​របស់​អ្នក​គឺ​សំខាន់​ណាស់ ថា​តើ​អ្នក​ដទៃ​ចាត់​ទុក​អ្នក​ជា​គូ​អាពាហ៍ពិពាហ៍​ដ៏​សមរម្យ​ម្នាក់​ឬ​យ៉ាង​ណា។ បើ​អ៊ីចឹង តើ​អ្នក​សម្ដែង​អាកប្បកិរិយា​សម​គួរ​យ៉ាង​ណា​ដែរ ចំពោះ​អ្នក​ដទៃ​ស្តី​អំពី​រឿង​នេះ?

ជា​និយោជិត​ម្នាក់

កន្លែង​ធ្វើ​ការ​ជា​កន្លែង​មួយ ដែល​ការ​រក្សា​ចរិយា​ល្អ​អាច​នាំ​ឲ្យ​អ្នក​មាន​ប្រយោជន៍។ ការ​ដេញ​ជើង​គ្នា​នឹង​ការងារ​ប្រហែល​ជា​មាន​ខ្លាំង​ណាស់។ និយោជិត​ណា​ដែល​មាន​ល្បី​ឈ្មោះ​ជា​អ្នក​រឹង​រូស មាន​ទម្លាប់​មក​យឺត និង​មាន​ចិត្ត​ឥត​ទៀង​ត្រង់ នោះ​តែង​តែ​ត្រូវ​គេ​ដេញ​ចោល។ ក្រុម​ហ៊ុន​ខ្លះ​ក៏​ប្រហែល​ជា​បញ្ឈប់​ការងារ​របស់​ពួក​និយោជិត ដែល​មានបទពិសោធន៍​ច្រើន​ដែរ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ។ នៅ​ពេល​ដែល​ពួក​អ្នក​អត់​មាន​ការងារ​ធ្វើ​ស្វែង​រក​ការងារ​ថ្មី នោះ​គេ​ប្រហែល​ជា​ដឹង​ថា ក្រុម​ហ៊ុន​នោះ​នឹង​ទាក់​ទង​ជា​មួយ​អតីត​និយោជក​ដែល​គេ​ធ្វើ​ការ​ជា​មួយ​ពី​មុន ដើម្បី​ដឹង​ឲ្យ​បាន​ប្រាកដ​អំពី​ទម្លាប់​ខាង​ការងារ​របស់​គេ អាកប្បកិរិយា និងបទពិសោធន៍។ ពួក​គ្រីស្ទាន​ជា​ច្រើន​នាក់​បាន​សម្ដែង​អាកប្បកិរិយា​សម​គួរ​ឲ្យ​និយោជក​ឃើញ ដោយ​សារ​មារយាទ​ដ៏​ចេះ​គោរព សំលៀក​បំពាក់​សមរម្យ ចរិយា​ដ៏​ល្អ និង​គុណសម្បត្ដិ​គ្រីស្ទាន​ដ៏​អស្ចារ្យ។

ចិត្ត​ទៀង​ត្រង់​ជា​គុណសម្បត្ដិ​មួយ​បែប ហើយ​នេះ​មាន​អាទិភាព​ជាង​គេ​ដល់​ពួក​និយោជក​ជា​ច្រើន។ ដូច​ជា​សាវ័ក​ប៉ុល នោះ​យើង​ចង់«ប្រព្រឹត្ត​ល្អ ក្នុង​គ្រប់​ការ​ទាំង​អស់»។ (ហេព្រើរ ១៣:១៨) នៅ​ក្រុម​ហ៊ុន​ជីក​រ៉ែ​មួយ​នៅ​ក្នុង​ប្រទេស​ហ្គាណា គឺ​មាន​ការ​រាយ​ការណ៍​អំពី​ការ​លួច​បន្ដិច​បន្តួច។ អ្នក​ត្រួត​ត្រា​នៅ​ឯ​រោង​ចក្រ​ធ្វើ​រ៉ែ​នោះ ដែល​ជា​ស្មរបន្ទាល់​អាច​រក្សា​នូវ​មុខ​ងារ​របស់​គាត់ កាល​ដែល​អ្នក​ដទៃ​បាន​ត្រូវ​បណ្ដេញ​ចេញ។ ហេតុ​អ្វី? ក្រុម​ហ៊ុន​បាន​សង្កេត​ឃើញ​នូវ​ចិត្ត​ទៀង​ត្រង់​របស់​គាត់ ក្នុង​រយៈ​ពេល​ជា​យូរ​មក​ហើយ។ ការ​ខំ​ប្រឹង​ធ្វើ​ការ​និង​ការ​គោរព​ដល់​អាជ្ញាធរ ក៏​បាន​ត្រូវ​គេ​ដឹង​ទូទៅ​ដែរ។ ត្រូវ​ហើយ ចរិយា​ដ៏​ទៀង​ត្រង់​របស់​គាត់​បាន​ធ្វើ​ឲ្យ​គាត់​នៅ​តែ​មាន​ការងារ​ធ្វើ!

តើ​មាន​របស់​អ្វី​ទៀត ដែល​គ្រីស្ទាន​ម្នាក់​អាច​ធ្វើ​ដើម្បី​សម្ដែង​អាកប្បកិរិយា​សម​គួរ ពេល​ដែល​រក​ការងារ​ធ្វើ​នោះ? ចូរ​រៀន​ឲ្យ​ចេះ​នូវ​ជំនាញ​នឹង​មុខ​ងារ​ណា ដែល​គេ​បាន​ផ្ដល់​ឲ្យ​អ្នក​ធ្វើ។ (សុភាសិត ២២:២៩) ចូរ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​យក​ចិត្ត​ទុក​ដាក់​និង​ឲ្យ​អស់​ពីសម្បជញ្ញៈ។ (សុភាសិត ១០:៤; ១៣:៤) ចូរ​ប្រព្រឹត្ត​ចំពោះ​និយោជក​និង​អ្នក​ត្រួត​ត្រា​ខាង​ការងារ​ដោយ​ការ​គោរព។ (អេភេសូរ ៦:៥) ការ​មក​ទៀង​ពេល សេចក្ដី​ទៀង​ត្រង់ ភាព​ផ្ដល់​ឲ្យ​នូវ​ផល​ល្អ និង​ការ​ខំ​ប្រឹង​ធ្វើ​ការ គឺ​ជា​គុណសម្បត្ដិ​ដែល​និយោជក​សរសើរ ហើយ​គុណសម្បត្ដិ​ទាំង​នោះ​អាច​ជួយ​អ្នក​ឲ្យ​រក​ការងារ​ធ្វើ​បាន ទោះ​ជា​នៅ​គ្រា​ដែល​មិន​សូវ​មាន​ការងារ​ធ្វើ​ក៏​ដោយ។

ភារកិច្ច​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ

ឥឡូវ​នេះ​សំខាន់​ជាង​គ្រា​ឯ​ណា​ទៅ​ទៀត គឺ​ត្រូវ​ការ​ពួក​បុរស​ដែល​មាន​គំនិត​ចាស់​ទុំ ដើម្បី​ឲ្យ​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន។ តើ​មូលហេតុ​អ្វី? អេសាយបាន​ទាយ​ថា៖ «ចូរ​ពង្រីក​ទី​ដំឡើង​ត្រសាល​ឯង​ឲ្យ​ធំ​ឡើង ហើយ​ឲ្យ​វា​រាល់​គ្នា​សន្ធឹង​សំយាយ​សំពត់​ត្រសាល​របស់​ឯង​ទៅ»។ (អេសាយ ៥៤:២) ក្នុង​ការ​សម្រេច​នឹង​ទំនាយ​នេះ នោះ​ក្រុម​ជំនុំ​ទូទៅ​របស់​ព្រះ​យេហូវ៉ា​តែង​តែ​មាន​ការ​រីក​ចំរើន​ជា​បន្ត។

ដូច្នេះ បើ​អ្នក​ជា​បុរស​គ្រីស្ទាន​ម្នាក់ តើ​តាម​របៀប​ណា​ដែល​អ្នក​សម្ដែង​កិរិយា​សម​គួរ ទុក​ខ្លួន​អ្នក​ជា​បុគ្គល​ដែល​មាន​គុណវុឌ្ឍិ​ដើម្បី​បំរើ​ក្នុង​ឋានៈ​ដែល​បាន​ត្រូវ​តែង​តាំង​ឡើង​នោះ? ចូរ​ពិនិត្យ​មើល​នូវ​គំរូ​របស់​យុវបុរស​ធីម៉ូថេ។ លូការាយ​ការណ៍​ថា​ធីម៉ូថេ«គាត់​ជា​អ្នក​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ក្នុង​ពួក​ជំនុំ​នៅ​លីស្ដ្រា នឹង​អ៊ីកូនាម»។ ត្រូវ​ហើយ ដោយ​សារ​ចរិយា​ដ៏​ល្អ​របស់​គាត់ នោះ​យុវបុរស​នេះ​បាន​បង្ហាញ​ដោយ​អាកប្បកិរិយា​សម​គួរ​ចំពោះ​អ្នក​ដទៃ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ពីរ​នោះ។ ដូច្នេះ​ហើយ ប៉ុល​បាន​អញ្ជើញ​ធីម៉ូថេ​ឲ្យ​ចូល​រួម​ធ្វើ​ដំណើរ​ជា​មួយ​គាត់​ក្នុង​កិច្ច​បំរើ។—កិច្ច​ការ ១៦:១​-​៤

តើ​បុរស​សព្វ​ថ្ងៃ​នេះ‹ឈោង​យក​ភារកិច្ច​មើល​ខុស​ត្រូវ›តាម​របៀប​ដ៏​សម​គួរ ហើយ​តាម​ផ្លូវ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? ប្រាកដ​ជា​មិន​មែន​តែង​តាំង​ដោយ​ការ​ឃោសនា​បញ្ចុះ​បញ្ចូល​នោះ​ទេ ក៏​ប៉ុន្តែ​ដោយ​បណ្ដុះ​នូវ​គុណសម្បត្ដិ​ខាង​វិញ្ញាណ ដែល​ត្រូវ​ការ​ចាំ​បាច់​សំរាប់​ភារកិច្ច​បែប​នេះ។ (ធីម៉ូថេ​ទី​១ ៣:១​-​១០, ១២, ១៣; ទីតុស ១:៥​-​៩) គាត់​ក៏​អាច​បង្ហាញ​ថា​គាត់«ចង់​បាន​ការ​ល្អ​ប្រសើរ» ដោយ​ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុងកិច្ច​ការផ្សព្វ​ផ្សាយ​និង​ការ​ធ្វើ​ឲ្យ​មាន​សិស្ស។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) អស់​អ្នក​ដែល​សម្ដែង​កិរិយា​សម​គួរ ជា​ពួក​បុរស​គ្រីស្ទាន​ដែល​ចេះ​មើល​ខុស​ត្រូវ គឺ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ស្មោះ​នឹង​សុខុមាលភាព​នៃ​បង​ប្អូន​ខាង​វិញ្ញាណ​របស់​គេ។ ពួក​គេ​ធ្វើ​តាម​ឱវាទ​របស់​សាវ័ក​ប៉ុល ដែល​ថា៖ «ខាង​សេចក្ដី​ខ្វះ​ខាត​របស់​ពួក​បរិសុទ្ធ នោះ​ក៏​ចូរ​ផ្គត់​ផ្គង់​ឲ្យ ទាំង​ខំ​ប្រឹង​ឲ្យ​មាន​សេចក្ដី​ចៅរ៉ៅ​ផង​ចុះ»។ (រ៉ូម ១២:១៣) ដោយ​ធ្វើ​យ៉ាង​ដូច្នោះ នោះ​បុរស​គ្រីស្ទាន​ម្នាក់​ពិត​ជា​អាច‹សម្ដែង​អាកប្បកិរិយា​សម​គួរ​ថា​ខ្លួន​ជា​អ្នក​បំរើ​របស់​ព្រះ›។

សម្ដែង​អាកប្បកិរិយា​សម​គួរ​គ្រប់​ពេល​វេលា

ការ​សម្ដែង​អាកប្បកិរិយា​សម​គួរ​ចំពោះ​អ្នក​ដទៃ មិន​មែន​បាន​សេចក្ដី​ថា​ធ្វើ​ពើ​ឬ​ទៅ​ជា«ចង់​បំពេញ​ដល់​ចិត្ត​មនុស្ស​នោះ​ឡើយ»។ (អេភេសូរ ៦:៦) ដល់​ទី​បំផុត នេះ​មាន​ន័យ​ថា​ជា​ការ​សម្ដែង​អាកប្បកិរិយា​សម​គួរ​ចំពោះ​ព្រះ​ដ៏​ជា​អ្នក​បង្កើត​របស់​យើង គឺ​ព្រះ​យេហូវ៉ា ដោយ​ធ្វើ​តាម​ក្រិត្យ​វិន័យ​និង​គោល​ការណ៍​របស់​ទ្រង់​អស់​ពី​សម្បជញ្ញៈ។ ប្រសិន​បើ​អ្នក​បណ្ដុះ​ភាព​ខាង​វិញ្ញាណ​របស់​អ្នក និង​ពង្រឹង​ទំនាក់​ទំនង​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា នោះ​អ្នក​ដទៃ​នឹង​ឃើញ​នូវ​ការ​រីក​ចំរើន​នេះ ក្នុង​របៀប​ដែល​អ្នក​ប្រព្រឹត្ត​លើ​សមាជិក​ក្រុម​គ្រួសារ​អ្នក ពួក​អ្នក​ធ្វើ​ការ​ជា​មួយ ហើយ​ពួក​គ្រីស្ទាន​គ្នី​គ្នា។ ពួក​គេ​ក៏​សង្កេត​ឃើញ​នូវ​ចិត្ត​នឹង​ធឹង​និង​តុល្យភាព​របស់​អ្នក ការ​ចេះ​វិនិច្ឆ័យ​ដ៏​ល្អ​របស់​អ្នក សមត្ថភាព​របស់​អ្នក​ក្នុង​ការ​បំពេញ​នូវ​ភារកិច្ច និង​ចិត្ត​ដ៏​រាប​ទាប​របស់​អ្នក។ នេះ​នឹង​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ចំពោះ​អ្នក ហើយ​អ្វី​ដែល​សំខាន់​ជាង នោះ​ធ្វើ​ឲ្យ​អ្នក​មាន​ការ​យល់​ព្រម​ពី​ព្រះ​យេហូវ៉ា ពីព្រោះ​អ្នក​សម្ដែង​អាកប្បកិរិយា​សម​គួរ​ចំពោះ​អ្នក​ដទៃ!

[កំណត់​សម្គាល់]

^ បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

[រូប​ភាព​នៅ​ទំព័រ​៣០]

ឪពុក​ម្ដាយ​ជា​ច្រើន​សួរ​ដោយ​ប្រាជ្ញា​អំពី​កេរ្ដិ៍​ឈ្មោះ​នៃ​បុគ្គល​ម្នាក់ ដែល​កូន​ប្រុស​ឬ​កូន​ស្រី​គេ​បាន​ចាប់​អារម្មណ៍​ចង់​រៀប​ការ​ជា​មួយ​នោះ

[រូប​ភាព​នៅ​ទំព័រ​៣២]

បង​ប្រុស​ម្នាក់​សម្ដែង​ថា​ខ្លួន​មាន​អាកប្បកិរិយា​សម​គួរ​ក្នុង​ភារកិច្ច​ខាង​កិច្ច​បំរើ​ដោយ​ចេះ​គិត​ដល់​អ្នក​ដទៃ