មេរៀនទី៥
ប្រយោជន៍នៃការណែនាំពីមនុស្សពេញវ័យ
តើអ្វីជាការណែនាំពីមនុស្សពេញវ័យ?
កូនក្មេងត្រូវការការណែនាំនិងឱវាទពីមនុស្សពេញវ័យ។ តាមពិត ឪពុកម្ដាយមានតួនាទីសំខាន់ជាងគេក្នុងការធ្វើដូច្នេះ។ ទោះជាយ៉ាងនេះក្ដី មនុស្សពេញវ័យឯទៀតក៏អាចផ្ដល់ឱវាទនិងជំនួយដល់កូនរបស់អ្នកបានដែរ។
ហេតុអ្វីការណែនាំពីមនុស្សពេញវ័យគឺសំខាន់?
នៅតំបន់ជាច្រើន ក្មេងជំទង់មិនសូវចំណាយពេលជាមួយនឹងមនុស្សពេញវ័យទេ។ សូមពិចារណាដូចតទៅនេះ៖
-
កូនក្មេងចំណាយពេលច្រើននៅសាលាក្នុងមួយថ្ងៃ នៅទីនោះមានសិស្សច្រើនជាងគ្រូបង្រៀននិងមនុស្សពេញវ័យឯទៀត។
-
ក្រោយសាលា យុវវ័យខ្លះត្រឡប់មកផ្ទះវិញ ហើយនៅតែម្នាក់ឯង ព្រោះឪពុកម្ដាយរបស់ពួកគេត្រូវធ្វើការ។
-
ការសិក្សាមួយបង្ហាញថានៅសហរដ្ឋអាម៉េរិក កូនដែលមានអាយុចាប់ពី៨ឆ្នាំដល់១២ឆ្នាំចំណាយពេលជាមធ្យម ប្រហែលជា៦ម៉ោងជារៀងរាល់ថ្ងៃទៅលើការកម្សាន្តដោយប្រើគ្រឿងអេឡិចត្រូនិក។ *
សៀវភៅមួយរៀបរាប់ថា៖ ‹មនុស្សវ័យក្មេងធ្វើតាមគំរូ ឬស្វែងរកការណែនាំនិងឱវាទពីមនុស្សដែលមានអាយុស្រករនឹងពួកគេ ជាជាងពីឪពុកម្ដាយ គ្រូបង្រៀន និងមនុស្សពេញវ័យដែលមានទំនួលខុសត្រូវ›។ (Hold On to Your Kids)
របៀបផ្ដល់ការណែនាំ
ចំណាយពេលជាមួយកូនរបស់អ្នក។
គោលការណ៍គម្ពីរ៖ «ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់»។—សុភាសិត ២២:៦
ជាធម្មតា កូនតែងតែចង់បានការណែនាំនិងជំនួយពីឪពុកម្ដាយ។ តាមពិត អ្នកសិក្សាស្រាវជ្រាវនិយាយថាសូម្បីតែកូនដែលឈានដល់វ័យជំទង់ក៏ចង់ឲ្យឪពុកម្ដាយរបស់ពួកគេណែនាំពួកគេ ជាជាងក្មេងជំទង់ឯទៀត។ សាស្ត្រាចារ្យខាងចិត្តវិទ្យាឈ្មោះឡូរេន ស្ទីនបឺកបានសរសេរក្នុងសៀវភៅមួយថា៖ «ចិត្តគំនិតនិងការប្រព្រឹត្តរបស់ឪពុកម្ដាយនៅតែមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចិត្តគំនិតនិងការប្រព្រឹត្តរបស់កូន កាលដែលពួកគេមានវ័យជំទង់និងពេលពួកគេទៅជាយុវវ័យ»។ គាត់បន្ថែមថា៖ «កូនវ័យជំទង់ចង់ដឹងអំពីអ្វីដែលអ្នកគិត និងស្តាប់អ្វីដែលអ្នកនិយាយ ទោះជាពួកគេមិនតែងតែទទួលយក ឬយល់ស្របនឹងអ្វីទាំងអស់ដែលអ្នកនិយាយក្ដី»។ (You and Your Adolescent)
ដោយសារកូនរបស់អ្នកចង់ទទួលការណែនាំពីអ្នក ដូច្នេះសូមខំអស់ពីសមត្ថភាពដើម្បីផ្ដល់ឲ្យពួកគេ។ សូមចំណាយពេលជាមួយកូនរបស់អ្នក ហើយប្រាប់ពួកគេអំពីអារម្មណ៍និងគំនិតរបស់អ្នកចំពោះរឿងផ្សេងៗ អ្វីដែលសំខាន់ចំពោះអ្នក ព្រមទាំងអ្វីដែលអ្នកបានរៀនក្នុងជីវិត។
រៀបចំឲ្យមានអ្នកផ្ដល់ការណែនាំ។
គោលការណ៍គម្ពីរ៖ «អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ»។—សុភាសិត ១៣:២០
តើអ្នកអាចរកនឹកអំពីមនុស្សពេញវ័យម្នាក់ដែលជាគំរូល្អសម្រាប់កូនជំទង់របស់អ្នកឬទេ? តើអ្នកអាចរៀបចំឲ្យបុគ្គលបែបនោះចំណាយពេលជាមួយនឹងកូនជំទង់របស់អ្នកឬទេ? ពិតមែន នេះមិនមានន័យថាអ្នកផ្សេងនឹងទៅជាអាណាព្យាបាលរបស់កូនអ្នកទេ។ កាលដែលអ្នកបង្ហាត់បង្រៀនកូនរបស់អ្នក ការលើកទឹកចិត្តពីមនុស្សពេញវ័យដែលគួរឲ្យទុកចិត្តដែលអ្នកដឹងថានឹងមិនធ្វើបាបកូនរបស់អ្នក ក៏អាចជួយកូនរបស់អ្នកដែរ។ គម្ពីរប្រាប់ថា សូម្បីតែពេលធីម៉ូថេពេញវ័យក្ដី គាត់បានទទួលប្រយោជន៍យ៉ាងខ្លាំងពីការសេពគប់ជាមួយនឹងសាវ័កប៉ូល ហើយប៉ូលបានទទួលប្រយោជន៍ពីការមានមិត្តភាពជាមួយនឹងធីម៉ូថេ។—ភីលីព ២:២០, ២២
សព្វថ្ងៃនេះ ក្រុមគ្រួសារជាច្រើនលែងរស់នៅជុំគ្នា ឬក្នុងតំបន់ដូចគ្នា រីឯយាយតា ពូ មីង និងសាច់ញាតិឯទៀតច្រើនតែរស់នៅប្រទេសផ្សេង។ បើអ្នកស្ថិតក្នុងកាលៈទេសៈបែបនេះ សូមព្យាយាមផ្ដល់ឱកាសឲ្យកូនវ័យជំទង់របស់អ្នករៀនពីមនុស្សពេញវ័យដែលមានលក្ខណៈសម្បត្តិដែលអ្នកចង់ឲ្យកូនរបស់អ្នកមាន។
^ វគ្គ 9 ការសិក្សានោះបង្ហាញថាជាមធ្យម ក្មេងជំទង់ចំណាយពេលជិត៩ម៉ោងក្នុងមួយថ្ងៃទៅលើការកម្សាន្តដោយប្រើគ្រឿងអេឡិចត្រូនិក។ ស្ថិតិទាំងនេះអំពីពេលវេលាដែលកូនក្មេងនិងក្មេងវ័យជំទង់ចំណាយ មិនរួមបញ្ចូលពេលវេលាទៅលើការប្រើប្រាស់អ៊ីនធឺណិតនៅសាលា ឬធ្វើកិច្ចការសាលានោះទេ។