លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​ផែន​ដី​យើង​អាច​នៅ​ស្ថិត​ស្ថេរ​ឬ​ទេ?

ទឹកសាប

ទឹកសាប

បើ​គ្មាន​ទឹក ជា​ពិសេស​ទឹក​សាប នោះ​មិន​អាច​មាន​ជីវិត​នៅ​ផែន​ដី​នោះ​ទេ។ តាម​ពិត ទឹក​គឺ​ជា​ធាតុ​ដែល​មាន​ច្រើន​បំផុត​ក្នុង​សារពាង្គកាយ​នៃ​ភាវរស់​ទាំង​អស់។ បឹង ទន្លេ ដី​សើម និង​ទឹក​ក្រោម​ដី ផ្ដល់​ទឹក​ដល់​មនុស្ស​និង​សត្វ ហើយ​ក៏​សម្រាប់​ស្រោច​ស្រព​ដំណាំ​ផង​ដែរ។

កត្តា​ដែល​បង្ខូច​ទឹក​សាប

ភព​ផែន​ដី​របស់​យើង ភាគ​ច្រើន​បាន​ត្រូវ​គ្រប​ដណ្ដប់​ដោយ​ទឹក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យោង​ទៅ​តាម​អង្គការ​ឧតុនិយម​ពិភព​លោក ​«​នៅ​លើ​ផែន​ដី​មាន​ទឹក​សាប​តែ​០.៥​ភាគ​រយ​ប៉ុណ្ណោះ ដែល​អាច​ប្រើ​ប្រាស់​បាន​»។ ទោះ​ជា​ទឹក​សាប​មាន​តិច​តួច​ក្ដី នេះ​គឺ​គ្រប់​គ្រាន់​សម្រាប់​ទ្រ​ទ្រង់​ជីវិត​នៅ​លើ​ផែន​ដី។ ក្នុង​ចំណោម​ទឹក​០.៥​ភាគ​រយ​ដែល​អាច​ប្រើ​ប្រាស់​បាន​នោះ ភាគ​ច្រើន​បាន​ត្រូវ​បង្ខូច ដោយ​សារ​មនុស្ស​បាន​ប្រើ​ប្រាស់​វា​ច្រើន​ពេក និង​បម្រែ​បម្រួល​អាកាសធាតុ។ អ្នក​ជំនាញ​សន្និដ្ឋាន​ថា ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ខាង​មុខ​នេះ មនុស្ស​ប្រាំ​ពាន់​លាន​នាក់​នឹង​មិន​មាន​ទឹក​គ្រប់​គ្រាន់​ដើម្បី​ប្រើ​ប្រាស់​នោះ​ទេ។

ផែន​ដី​បាន​ត្រូវ​បង្កើត​ឲ្យ​នៅ​ស្ថិត​ស្ថេរ

ផែន​ដី​តែង​តែ​មាន​ទឹក​គ្រប់​គ្រាន់​ដោយ​សារ​មាន​ដំណើរ​ការ​នៃ​ប្រព័ន្ធ​ធម្មជាតិ។ ដី ភាវរស់​ដែល​រស់​នៅ​ក្នុង​ទឹក និង​ពន្លឺ​ព្រះ​អាទិត្យ​សហការ​គ្នា​ដើម្បី​សម្អាត​ទឹក​របស់​យើង។ សូម​ពិចារណា​ភ័ស្តុតាង​មួយ​ចំនួន​ដែល​បង្ហាញ​ថា ផែន​ដី​គឺ​ជា​ភព​តែ​មួយ​គត់​ដែល​បាន​ត្រូវ​បង្កើត​ឲ្យ​នៅ​ស្ថិត​ស្ថេរ។

  • ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ដី​អាច​កម្ចាត់​ជាតិ​កខ្វក់​ចេញ​ពី​ទឹក​យ៉ាង​មាន​ប្រសិទ្ធភាព។ នៅ​តំបន់​ដី​សើម មាន​រុក្ខជាតិ​មួយ​ចំនួន​ដែល​អាច​កម្ចាត់​សារធាតុ​ពុល​ផ្សេង​ៗ ដូច​ជា​អាសូត ផូស្វ័រ និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត។

  • អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា ដំណើរ​ការ​ធម្មជាតិ​ផ្សេង​ៗ​អាច​កម្ចាត់​ជាតិ​ពុល​ពី​កាក​សំណល់​ធម្មជាតិ។ សារធាតុ​ពុល​ទាំង​នោះ បាន​ត្រូវ​កាត់​បន្ថយ​ដោយ​ទឹក​ហូរ និង​ដោយ​មីក្រុប​សារពាង្គ​កាយ។

  • លៀស​និង​គ្រំ​ទាញ​យក​សារធាតុ​គីមី​មួយ​ចំនួន​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់ ចេញ​ពី​ទឹក​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ហើយ​នេះ​មាន​ប្រសិទ្ធភាព​ជាង​រោង​ចក្រ​បន្សុទ្ធ​ទឹក​ទៅ​ទៀត។

  • ផែន​ដី​យើង​រក្សា​ទឹក​ដោយ​ប្រព័ន្ធ​ធម្មជាតិ​មួយ​ដែល​គេ​ហៅ​ថា​វដ្ដ​ទឹក។ វដ្ដ​ទឹក​នេះ​រួម​ជា​មួយ​នឹង​ដំណើរ​ការ​នៃ​ប្រព័ន្ធ​ធម្មជាតិ​ផ្សេង​ៗ​ទៀត ការ​ពារ​ទឹក​កុំ​ឲ្យ​ចេញ​ពី​បរិយាកាស​របស់​យើង ឬ​ហួត​ហែង​លែង​មាន​ទៀត។

អ្វី​ដែល​មនុស្ស​ព្យាយាម​ធ្វើ

ដោយ​ជួស​ជុល​រថយន្ត​ដែល​ហៀរ​ប្រេង និង​បោះ​ចោល​សារធាតុ​ពុល​តាម​របៀប​ត្រឹម​ត្រូវ យើង​ជួយ​រក្សា​ប្រភព​ទឹក​សាប​ឲ្យ​ស្អាត

អ្នក​ជំនាញ​ណែនាំ​ឲ្យ​យើង​សន្សំ​សំចៃ​ទឹក​បើ​អាច​ធ្វើ​ទៅ​បាន។ ដើម្បី​កាត់​បន្ថយ​ការ​បំពុល​ទឹក ពួក​គេ​ណែនាំ​ឲ្យ​យើង​ជួស​ជុល​រថយន្ត​បើ​វា​ហៀរ​ប្រេង ហើយ​មិន​ត្រូវ​បោះ​ថ្នាំ​ឬ​សារធាតុ​ពុល​ចូល​ក្នុង​ប្រព័ន្ធ​លូ​ឡើយ។

វិស្វករ​បាន​បង្កើត​របៀប​ទំនើប​មួយ​ដែល​គេ​អាច​ដក​យក​ជាតិ​ប្រៃ​ចេញ​ពី​ទឹក។ គោល​ដៅ​របស់​ពួក​គេ​គឺ​ឲ្យ​មាន​ទឹក​សាប​កាន់​តែ​ច្រើន។

ប៉ុន្តែ​យើង​ត្រូវ​ព្យាយាម​ធ្វើ​ច្រើន​ថែម​ទៀត។ ការ​ដក​ជាតិ​ប្រៃ​ចេញ​ពី​ទឹក​មិន​មែន​ជា​ដំណោះ​ស្រាយ​ល្អ​បំផុត​នោះ​ទេ ដោយ​សារ​វិធី​នេះ​តម្រូវ​ឲ្យ​ចំណាយ​ថវិកា​ច្រើន ហើយ​ក៏​ត្រូវ​ការ​ថាមពល​ច្រើន​ដែរ។ យោង​ទៅ​តាម​របាយការណ៍​ឆ្នាំ​២០២១​របស់​អង្គការ​សហប្រជាជាតិ​អំពី​ការ​គ្រប់​គ្រង​ទឹក បាន​រៀប​រាប់​ថា​៖ ​«​ការ​ខំ​ប្រឹង​ឲ្យ​មាន​ទឹក​ដែល​អាច​ប្រើ​ប្រាស់​បាន ត្រូវ​កើន​ឡើង​ទ្វេ​ដង​នៅ​ទូ​ទាំង​ពិភព​លោក​»។

យើង​អាច​មាន​សេចក្ដី​សង្ឃឹមអ្វី​ដែល​គម្ពីរ​ចែង

«​ព្រះ . . . បង្ហួត​ទឹក​ឡើង​ទៅ​លើ ឲ្យ​កើត​ជា​ចំហាយ ហើយ​ក្លាយ​ទៅ​ជា​កំណក រួច​ទៅ​ជា​តំណក់​ទឹក។ រួច​ពពក​បង្អុរ​ភ្លៀង​ចុះ​មក​ស្រោច​ស្រព​លើ​មនុស្ស​គ្រប់​ប្រាណ​»។—យ៉ូប ៣៦:២៦​-​២៨

ព្រះ​បាន​បង្កើត​វដ្ដ​ធម្មជាតិ​ផ្សេង​ៗ​ដើម្បី​ការ​ពារ​ទឹក​ដែល​មាន​នៅ​ក្នុង​ផែន​ដី។—អ្នក​ទូន្មាន ១:៧

សូម​ពិចារណា​៖ ប្រសិន​បើ​អ្នក​បង្កើត​ធ្វើ​ឲ្យ​ផែន​ដី​អាច​សម្អាត​ទឹក​បាន​ដោយ​ខ្លួន​ឯង នោះ​យើង​ប្រាកដ​ថា លោក​ច្បាស់​ជា​មាន​ឫទ្ធានុភាព ហើយ​ចង់​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ដែល​បង្ក​ឡើង​ដោយ​មនុស្សជាតិ មែន​ទេ? សូម​មើល​អត្ថបទ​«​ព្រះ​សន្យា​ថា​ផែន​ដី​យើង​នឹង​នៅ​ស្ថិត​ស្ថេរ​»​ នៅ​ទំព័រ​១៥។