ពួកគេបានកែប្រែ
ប្រវត្ដិរបស់រីខាដូនិងអានដ្រេស
ការអប់រំដែលមានមូលដ្ឋានពីគម្ពីរមានឥទ្ធិពលយ៉ាងខ្លាំងធ្វើឲ្យជីវិតល្អប្រសើរជាង។ សូមពិចារណាគំរូពីរដូចតទៅ៖ រីខាដូនិងអានដ្រេស។
រីខាដូ៖ ពេលអាយុ១៥ឆ្នាំ ខ្ញុំបានចូលក្នុងក្រុមបងធំ។ មិត្តភក្ដិថ្មីរបស់ខ្ញុំមានឥទ្ធិពលខ្លាំងណាស់មកលើខ្ញុំ។ តាមពិត ខ្ញុំចាប់ផ្ដើមមានគោលដៅចង់ជាប់គុក១០ឆ្នាំ! នោះស្ដាប់ទៅដូចជាល្ងង់ណាស់។ ក៏ប៉ុន្តែ ក្នុងសង្កាត់ដែលខ្ញុំរស់នៅ អ្នកណាដែលធ្លាប់ជាប់គុកបានត្រូវគេកោតស្ងើចនិងគោរព។ ដូច្នេះខ្ញុំចង់ដូចពួកគេដែរ។
ខ្ញុំប្រឡូកក្នុងរឿងគ្រប់យ៉ាងដែលទាក់ទងនឹងជីវិតក្នុងក្រុមបងធំ នេះរួមមានការប្រើថ្នាំញៀន ការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ និងការប្រើហិង្សា។ នៅយប់មួយ ខ្ញុំបានប្រើកាំភ្លើងបាញ់គ្នាជាមួយនឹងក្រុមបងធំផ្សេងទៀត។ ខ្ញុំគិតថាខ្ញុំនឹងត្រូវគេសម្លាប់ តែជាលទ្ធផលខ្ញុំបានគេចខ្លួនដោយមិនមានគ្រោះថ្នាក់អ្វីទេ។ ក្រោយពីនោះមក ខ្ញុំចាប់ផ្ដើមគិតគូរវែងឆ្ងាយជាងអំពីជីវិតនិងគោលដៅរបស់ខ្ញុំ ហើយខ្ញុំសម្រេចចិត្តថាខ្ញុំចង់កែខ្លួន។ ប៉ុន្តែតើតាមរបៀបណា? តើខ្ញុំអាចរកជំនួយនៅឯណា?
សាច់ញាតិខ្ញុំភាគច្រើនមិនមានសុភមង្គលទេ។ ជីវិតរបស់ពួកគេពោរពេញទៅដោយបញ្ហាចាក់ស្រែះ។ ប៉ុន្តែក្រុមគ្រួសាររបស់ពូខ្ញុំមិនមែនដូច្នេះទេ។ ខ្ញុំដឹងថាពួកគាត់ជាមនុស្សល្អ ហើយខ្ញុំក៏ដឹងដែរថាពួកគាត់រស់នៅស្របតាមគោលការណ៍ក្នុងគម្ពីរ។ តាមពិត ខ្ញុំធ្លាប់រៀនពីពួកគាត់ថានាមរបស់ព្រះគឺយេហូវ៉ា។ ដូច្នេះមិនយូរក្រោយពីការបាញ់គ្នានោះ ខ្ញុំបានអធិដ្ឋានទៅព្រះយេហូវ៉ា ដោយហៅឈ្មោះរបស់លោក ហើយសុំលោកឲ្យជួយខ្ញុំ។ ខ្ញុំភ្ញាក់ផ្អើលណាស់! នៅថ្ងៃបន្ទាប់ សាក្សីព្រះយេហូវ៉ាម្នាក់បានមកផ្ទះរបស់ខ្ញុំ។ គាត់ក៏បានទៅជាអ្នកបង្រៀនគម្ពីររបស់ខ្ញុំ។
មិនយូរក្រោយមក ខ្ញុំជួបការពិបាកដ៏ធំមួយ។ មិត្តភក្ដិពីមុនរបស់ខ្ញុំច្រើនតែទូរស័ព្ទមក ហៅខ្ញុំទៅសេពគប់ជាមួយនឹងពួកគេ។ ទោះជាមិនសូវស្រួលប៉ុន្មានក៏ដោយ តែខ្ញុំបានបដិសេធ។ ខ្ញុំបានតាំងចិត្តបន្តសិក្សាគម្ពីរ ហើយខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំបានធ្វើដូច្នេះ! ជីវិតខ្ញុំបានផ្លាស់ប្ដូរច្រើនណាស់ ខ្ញុំបានរកឃើញសុភមង្គលពិតប្រាកដ។
ខ្ញុំនឹកចាំពេលមួយដែលខ្ញុំអធិដ្ឋានទៅព្រះយេហូវ៉ា។ ក្នុងសេចក្ដីអធិដ្ឋាននោះ ខ្ញុំបាននិយាយថាខ្ញុំធ្លាប់ចង់ជាប់គុក១០ឆ្នាំដើម្បីឲ្យគេគោរពខ្ញុំក្នុងនាមជាសមាជិកក្រុមបងធំ។ ដូច្នេះខ្ញុំបានសុំលោកឲ្យអនុញ្ញាតឲ្យខ្ញុំបម្រើលោកក្នុងកិច្ចបម្រើពេញពេលយ៉ាងហោចណាស់បាន១០ឆ្នាំដើម្បីជួយមនុស្សឯទៀត ដូចដែលខ្ញុំកំពុងធ្វើ។ ព្រះបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ខ្ញុំ ព្រោះឥឡូវខ្ញុំបម្រើពេញពេលអស់រយៈពេល១៧ឆ្នាំហើយ! ម្យ៉ាងទៀត ខ្ញុំមិនដែលចូលគុកទេ។
មនុស្សជាច្រើនដែលខ្ញុំធ្លាប់រាប់អាន បានជាប់គុកយូរឆ្នាំហើយរហូតមកដល់ឥឡូវ។ អ្នកខ្លះបានស្លាប់ហើយ។ ពេលគិតអំពីអតីតកាល ខ្ញុំពិតជាអរគុណដល់សាច់ញាតិរបស់ខ្ញុំដែលជាសាក្សី។ ពួកគាត់សុខចិត្តធ្វើជាមនុស្សខុសប្លែកពីគេ ពោលគឺរស់នៅស្របតាមគោលការណ៍គម្ពីរ។ ខ្ញុំគោរពពួកគាត់ច្រើនជាងខ្ញុំធ្លាប់គោរពពួកអ្នកនៅក្នុងក្រុមបងធំទៅទៀត។ ជាពិសេស ខ្ញុំដឹងគុណព្រះយេហូវ៉ាចំពោះការបង្រៀនខ្ញុំឲ្យស្គាល់អំពីរបៀបរស់នៅដ៏ល្អបំផុត។
អានដ្រេស៖ ខ្ញុំបានកើតនិងធំឡើងក្នុងសង្កាត់ពួកអ្នកក្រីក្រ ដែលសម្បូរទៅដោយការញៀនថ្នាំ ការគំរាមយកលុយ ឃាតកម្ម និងពេស្យាចារជាដើម។ ឪពុករបស់ខ្ញុំជាមនុស្សញៀនស្រានិងថ្នាំកូកាអ៊ីន។ គាត់និងម្ដាយខ្ញុំតែងតែឈ្លោះប្រកែកគ្នា និងប្រើហិង្សា។
ពេលខ្ញុំនៅក្មេង ខ្ញុំចាប់ផ្ដើមផឹកស្រានិងញៀនថ្នាំ។ ខ្ញុំច្រើនតែចំណាយពេលនៅតាមចិញ្ចើមផ្លូវ លួច ហើយយកអ្វីដែលខ្ញុំលួចបានទៅលក់។ កាលដែលខ្ញុំកាន់តែធំឡើង ឪពុករបស់ខ្ញុំព្យាយាមមកជិតស្និទ្ធនឹងខ្ញុំ តែក្នុងរបៀបមិនត្រឹមត្រូវ។ គាត់បានបង្រៀនខ្ញុំឲ្យចេះលាក់គ្រឿងញៀននិងយកផលិតផលខុសច្បាប់ផ្សេងទៀតចូលប្រទេសដើម្បីលក់។ ខ្ញុំរកលុយបានច្រើនណាស់ក្នុងរយៈពេលដ៏ខ្លី។ តែថ្ងៃមួយប៉ូលីសបានមកដល់ផ្ទះរបស់ខ្ញុំ។ ពួកគេបានចាប់ខ្លួនខ្ញុំ។ ខ្ញុំបានត្រូវកាត់ទោសឲ្យជាប់គុកប្រាំឆ្នាំពីបទប៉ុនប៉ងសម្លាប់។
នៅព្រឹកមួយ មានការប្រកាសឮៗអញ្ជើញអ្នកទោសឲ្យចូលរួមស្ដាប់ការពិភាក្សាគម្ពីរដែលធ្វើឡើងដោយសាក្សីព្រះយេហូវ៉ា។ ខ្ញុំក៏បានសម្រេចចិត្តចូលរួម។ អ្វីដែលខ្ញុំបានឮគឺសមហេតុផល ដូច្នេះខ្ញុំបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា។ ពួកគេមិនគ្រាន់តែប្រាប់ខគម្ពីរដែលសម្រាលទុក្ខប៉ុណ្ណោះទេ តែក៏បានបង្ហាញខ្ញុំអំពីខ្នាតតម្រាសីលធម៌ដ៏ខ្ពង់ខ្ពស់របស់ព្រះដែរ។
មិនយូរក្រោយមក ខ្ញុំត្រូវធ្វើការកែប្រែដែលចាំបាច់ស្របតាមអ្វីដែលខ្ញុំបានរៀន។ នោះមិនស្រួលប៉ុន្មានទេ ហើយរឹតតែពិបាកពេលខ្ញុំទទួលការគំរាមកំហែងពីអ្នកជាប់គុកឯទៀតដែលមិនចូលចិត្តអ្វីដែលខ្ញុំកំពុងធ្វើ។ ក៏ប៉ុន្តែ ខ្ញុំទទួលស្គាល់ថាដោយមានជំនួយ ខ្ញុំអាចកែប្រែបាន។ ខ្ញុំបានអធិដ្ឋានសុំកម្លាំងនិងប្រាជ្ញាពីព្រះយេហូវ៉ា ហើយលោកបានជួយខ្ញុំមែន។ ជាជាងភ័យខ្លាចនឹងការគំរាមកំហែងរបស់ពួកគេ ខ្ញុំមានចិត្តក្លាហានប្រាប់អ្នកជាប់គុកឯទៀតអំពីគម្ពីរ។
ពេលខ្ញុំជិតត្រូវគេដោះលែងពីគុក ខ្ញុំភ័យខ្លាំងណាស់ រហូតដល់ខ្ញុំមិនទាន់ចង់ចេញពីគុក។ កាលដែលខ្ញុំដើរចេញ អ្នកជាប់គុកជាច្រើននាក់បានលើកដៃលាខ្ញុំ។ អ្នកខ្លះថែមទាំងនិយាយដោយក្ដីស្រឡាញ់ថា៖ «ទៅផ្ទះចុះ គ្រូគង្វាលតូចអើយ»។
ជីវិតខ្ញុំមិនដឹងទៅជាយ៉ាងណាទេបើខ្ញុំមិនបានឲ្យព្រះអប់រំខ្ញុំ។ ខ្ញុំពិតជាដឹងគុណព្រះណាស់ដែលលោកស្រឡាញ់ខ្ញុំ ហើយមិនចាត់ទុកខ្ញុំជាមនុស្សដែលកែលែងឡើងនោះទេ។ *
^ គំរូជាច្រើនដែលបង្ហាញអំពីឥទ្ធិពលនៃគម្ពីរក្នុងការកែប្រែជីវិតមនុស្សគឺមាននៅគេហទំព័រ jw.org/km ។ សូមចុច«បណ្ណាល័យ» «អត្ថបទតភាគ» និង«គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត»។