លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជ្រលង​ភ្នំ​អេឡា

ចម្បាំង​រវាង​ដាវីឌ​និង​កូលីយ៉ាត តើ​ពិត​ជា​បាន​កើត​ឡើង​មែន​ឬ?

ចម្បាំង​រវាង​ដាវីឌ​និង​កូលីយ៉ាត តើ​ពិត​ជា​បាន​កើត​ឡើង​មែន​ឬ?

មនុស្ស​ខ្លះ​ឆ្ងល់​ថា​កំណត់​ហេតុ​អំពី​ដាវីឌ​និង​កូលីយ៉ាត​គឺ​ជា​រឿង​ពិត​ឬ​ក៏​ជា​រឿង​ប្រឌិត។ តើ​អ្នក​បាន​ឆ្ងល់​ដូច្នេះ​ទេ​ពេល​អ្នក​អាន​អត្ថបទ​មុន? បើ​មែន សូម​ពិចារណា​ចំណុច​បី​យ៉ាង​ខាង​ក្រោម។

១ | តើ​បុរស​ម្នាក់​ពិត​ជា​អាច​មាន​កម្ពស់​ប្រហែល​២,៩​ម៉ែត្រ​ឬ?

គម្ពីរ​ចែង​ថា​កូលីយ៉ាត​«​មាន​កំពស់ ៦​ហត្ថ ១​ចំអាម​»។ (​សាំយូអែល​ទី១ ១៧:៤​) មួយ​ហត្ថ​មាន​ប្រវែង​៤៤,៥​សង់ទីម៉ែត្រ និង​មួយ​ចំអាម​មាន​ប្រវែង​២២,២​សង់ទីម៉ែត្រ។ ដូច្នេះ សរុប​ទៅ​កូលីយ៉ាត​មាន​កម្ពស់​ប្រហែល​២,៩​ម៉ែត្រ។ ប៉ុន្ដែ មនុស្ស​ខ្លះ​ប្រកែក​ថា​កូលីយ៉ាត​មិន​អាច​មាន​កម្ពស់​ខ្ពស់​ដូច​នេះ​បាន​ទេ។ សូម​ពិចារណា​អំពី​ចំណុច​នេះ: នៅ​សម័យ​នេះ មនុស្ស​ដែល​ខ្ពស់​បំផុត​មាន​កម្ពស់​២,៧​ម៉ែត្រ។ ហេតុ​នេះ ការ​ដែល​កូលីយ៉ាត​មាន​កម្ពស់​ខ្ពស់​ជាង​ប្រហែល​ជា​១៥​សង់ទីម៉ែត្រ មិន​មែន​ជា​រឿង​ប្លែក​ទេ មែន​ទេ? គាត់​មក​ពី​កុលសម្ព័ន្ធ​រេផែម ហើយ​ជា​ទូ​ទៅ​មនុស្ស​ដែល​មក​ពី​កុលសម្ព័ន្ធ​នោះ​មាន​មាឌ​ធំ​សម្បើម។ ម្យ៉ាង​ទៀត ឯកសារ​មួយ​មក​ពី​ប្រទេស​អេហ្ស៊ីប​នៅ​សតវត្សរ៍​ទី​១៣ មុន​គ.ស. ប្រាប់​ថា​មនុស្ស​ខ្លះ​ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច​និង​ពូកែ​ច្បាំង ដែល​មក​ពី​តំបន់​កាណាន​មាន​កម្ពស់​ជាង​២,៤​ម៉ែត្រ។ ម៉្លោះ​ហើយ កូលីយ៉ាត​ពិត​ជា​អាច​មាន​កម្ពស់​ខ្ពស់​ដូច​នោះ​មែន។

២ | តើ​ដាវីឌ​ជា​បុគ្គល​ពិត​ឬ​ទេ?

នៅ​សម័យ​មុន បណ្ឌិត​ខ្លះ​ចោទ​ថា​ស្ដេច​ដាវីឌ​ជា​បុគ្គល​ដែល​បាន​ត្រូវ​គេ​ប្រឌិត​ឡើង។ ប៉ុន្ដែ ការ​អះអាង​នេះ​គឺ​មិន​សម​ហេតុ​សម​ផល​ទេ។ ឧទាហរណ៍ វត្ថុ​បុរាណ​វិទូ​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​សិលា​មួយ​ពី​សម័យ​បុរាណ​ដែល​មាន​អក្សរ​ចារិក​ថា​«​ដំណាក់​របស់​ដាវីឌ​»។ ម្យ៉ាង​ទៀត លោក​យេស៊ូ​គ្រិស្ដ​បាន​និយាយ​ថា​ដាវីឌ​គឺ​ជា​បុគ្គល​ពិត។ (​ម៉ាថាយ ១២:៣; ២២:៤៣​-​៤៥​) មិន​ត្រឹម​តែ​ប៉ុណ្ណោះ គម្ពីរ​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​វង្ស​ត្រកូល​ពីរ​ដែល​បញ្ជាក់​អំពី​អត្ដសញ្ញាណ​របស់​លោក​យេស៊ូ​ជា​មេស្ស៊ី។ វង្ស​ត្រកូល​ទាំង​ពីរ​នោះ​មក​ពី​ស្ដេច​ដាវីឌ។ (​ម៉ាថាយ ១:៦​-​១៦; លូកា ៣:២៣​-​៣១​) នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ដាវីឌ​ប្រាកដ​ជា​បុគ្គល​ពិត​មែន។

៣ | តើ​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ក្នុង​កំណត់​ហេតុ​នេះ​បាន​កើត​នៅ​កន្លែង​ពិត​ឬ?

គម្ពីរ​ចែង​ថា​ចម្បាំង​រវាង​ដាវីឌ​និង​កូលីយ៉ាត​បាន​កើត​ឡើង​នៅ​ជ្រលង​ភ្នំ​អេឡា។ លើស​ជាង​នោះ​ទៅ​ទៀត គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ពួក​ភីលីស្ទីន​បាន​បោះ​ទ័ព​នៅ​ជម្រាល​ភ្នំ​រវាង​ក្រុង​សូគរ និង​ក្រុង​អាសេកា។ ចំណែក​ឯ​ពួក​អ៊ីស្រាអែល​វិញ ពួក​គេ​បោះ​ទ័ព​នៅ​ជម្រាល​ភ្នំ​ម្ខាង​ទៀត​ទល់​មុខ​ទ័ព​ពួក​ភីលីស្ទីន។ តើ​កន្លែង​ទាំង​នោះ​ជា​កន្លែង​ពិត​មែន​ឬ?

សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​អ្នក​ទេសចរ​ម្នាក់​និយាយ​អំពី​តំបន់​នោះ​ថា​៖ ​«​អ្នក​នាំ​ផ្លូវ​របស់​យើង​មិន​មែន​ជា​អ្នក​កាន់​សាសនា​ទេ ហើយ​គាត់​បាន​នាំ​យើង​ទៅ​ជ្រលង​ភ្នំ​អេឡា។ យើង​ដើរ​តាម​ផ្លូវ​មួយ​ដែល​នាំ​យើង​ទៅ​ដល់​គែម​ជ្រលង​ភ្នំ។ កាល​ដែល​យើង​សម្លឹង​មើល​ជ្រលង​ភ្នំ​នោះ អ្នក​នាំ​ផ្លូវ​បាន​ប្រាប់​យើង​ឲ្យ​អាន សាំយូអែល​ទី១ ១៧:១​-​៣។ រួច​មក គាត់​ចង្អុល​ទៅ​ជ្រលង​ភ្នំ​នោះ ហើយ​និយាយ​ថា​៖ ‹ឃើញ​ទេ នៅ​ខាង​ឆ្វេង​នោះ គឺ​ជា​ក្រុង​សូគរ​ដែល​បាក់​បែក›។ បន្ទាប់​មក គាត់​ប្រាប់​ថា​៖ ‹បើ​មើល​ទៅ​ខាង​ស្ដាំ អ្នក​នឹង​ឃើញ​ក្រុង​អាសេកា​ដែល​បាក់​បែក។ ពួក​ភីលីស្ទីន​បាន​បោះ​ទ័ព​នៅ​កណ្ដាល​ក្រុង​ទាំង​ពីរ​នោះ នៅ​ឯ​ជម្រាល​ភ្នំ​ទល់​មុខ​អ្នក។ ដូច្នេះ យើង​ប្រហែល​ជា​ឈរ​នៅ​កន្លែង​ដែល​ពួក​អ៊ីស្រាអែល​បាន​បោះ​ទ័ព›។ ខ្ញុំ​គិត​អំពី​ពេល​ដែល​ស្ដេច​សុល​និង​ដាវីឌ​ធ្លាប់​ឈរ​នៅ​កន្លែង​ដែល​ខ្ញុំ​កំពុង​ឈរ។ បន្ទាប់​មក យើង​ដើរ​ចុះ​ទៅ​វិញ ហើយ​នៅ​ឯ​ជ្រលង​ភ្នំ យើង​បាន​ឆ្លង​អូរ​ទឹក​មួយ​ដែល​ជិត​រីង​ស្ងួត​ហើយ​ពេញ​ទៅ​ដោយ​គ្រាប់​ថ្ម។ ខ្ញុំ​អាច​ស្រមៃ​ឃើញ​អំពី​ពេល​ដែល​ដាវីឌ​ឱន​រើស​ក្រួស​រលីង​ចំនួន​ប្រាំ។ ដាវីឌ​បាន​ប្រើ​ក្រួស​មួយ​ក្នុង​ចំណោម​នោះ​ដើម្បី​សម្លាប់​កូលីយ៉ាត​»។ ដូច​មនុស្ស​ជា​ច្រើន​ទៀត​ដែរ អ្នក​ទេសចរ​ម្នាក់​នេះ​កោត​ស្ងើច​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​ដ៏​ល្អិត​ល្អន់​និង​ត្រឹម​ត្រូវ​ក្នុង​កំណត់​ហេតុ​គម្ពីរ។

គ្មាន​មូលដ្ឋាន​ឲ្យ​យើង​សង្ស័យ​ភាព​ត្រឹម​ត្រូវ​នៃ​កំណត់​ហេតុ​នេះ​ឡើយ។ កំណត់​ហេតុ​នេះ​គឺ​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ពិត​និង​កន្លែង​ពិត​ប្រាកដ។ សំខាន់​ជាង​នោះ​ទៅ​ទៀត កំណត់​ហេតុ​ដែល​មាន​ក្នុង​ប្រវត្ដិសាស្ដ្រ​នេះ​គឺ​មាន​ក្នុង​បណ្ដាំ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ដូច្នេះ​កំណត់​ហេតុ​នេះ​មក​ពី​ព្រះ​នៃ​សេចក្ដី​ពិត​ដែល​«​មិន​អាច​កុហក​»។—ទីតុស ១:២; ធីម៉ូថេ​ទី២ ៣:១៦