អត្ថបទអំពីក្របទស្សនាវដ្ដី | តើការអានគម្ពីរមានប្រយោជន៍អ្វី?
តើគម្ពីរអាចធ្វើឲ្យជីវិតខ្ញុំប្រសើរជាងយ៉ាងដូចម្ដេច?
គម្ពីរបរិសុទ្ធខុសពីសៀវភៅឯទៀត ពីព្រោះគម្ពីរមានឱវាទរបស់ព្រះដែលជាអ្នកបង្កើត។ (ធីម៉ូថេទី២ ៣:១៦) ដំណឹងក្នុងគម្ពីរអាចមានឥទ្ធិពលយ៉ាងខ្លាំងមកលើយើង។ គម្ពីរចែងថា៖ «បណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ ហើយមានឫទ្ធានុភាព»។ (ហេប្រឺ ៤:១២) គម្ពីរមានឫទ្ធានុភាពធ្វើឲ្យជីវិតយើងប្រសើរជាងតាមរយៈវិធីពីរយ៉ាងគឺ ផ្ដល់ការណែនាំដល់យើងក្នុងជីវិតប្រចាំថ្ងៃ ហើយជួយឲ្យយើងស្គាល់ព្រះនិងសេចក្ដីសន្យារបស់លោក។—ធីម៉ូថេទី១ ៤:៨; យ៉ាកុប ៤:៨
ធ្វើឲ្យជីវិតលោកអ្នកប្រសើរជាងនៅសព្វថ្ងៃនេះ។ គម្ពីរអាចជួយដោះស្រាយបញ្ហាផ្ទាល់ខ្លួន ព្រមទាំងផ្ដល់ឱវាទល្អៗស្ដីអំពី:
- ទំនាក់ទំនងជាមួយនឹងអ្នកឯទៀត។—
-
អារម្មណ៍និងសុខភាព។—ទំនុកតម្កើង ៣៧:៨; សុភាសិត ១៧:២២
-
គោលការណ៍សីលធម៌។—កូរិនថូសទី១ ៦:៩, ១០
-
ជីវភាព។—សុភាសិត ១០:៤; ២៨:១៩; អេភេសូរ ៤:២៨ *
ប្ដីប្រពន្ធវ័យក្មេងមួយគូនៅអាស៊ី បានឲ្យតម្លៃយ៉ាងខ្លាំងទៅលើឱវាទក្នុងគម្ពីរ។ ដូចប្ដីប្រពន្ធថ្មោងថ្មីជាច្រើនដែរ ពួកគេពិបាកយល់ចិត្ដគ្នា ហើយពិបាកនិយាយជាមួយគ្នាអស់ពីចិត្ដ។ ប៉ុន្ដែ ពួកគេចាប់ផ្ដើមធ្វើតាមឱវាទដែលបានអានពីគម្ពីរ។ តើពួកគេបានទទួលលទ្ធផលអ្វី? វីសេនដែលជាប្ដីនិយាយថា៖ «អ្វីដែលខ្ញុំអានក្នុងគម្ពីរជួយខ្ញុំឲ្យចេះដោះស្រាយបញ្ហាក្នុងជីវិតអាពាហ៍ពិពាហ៍តាមរបៀបដែលបង្ហាញសេចក្ដីស្រឡាញ់។ ការធ្វើតាមយោបល់ពីគម្ពីរក្នុងជីវិតប្រចាំថ្ងៃ នាំឲ្យយើងមានសុភមង្គល»។ ប្រពន្ធគាត់ឈ្មោះអាណឺលូ យល់ស្របថា៖ «ការអានគំរូក្នុងគម្ពីរពិតជាបានជួយយើងមែន។ សព្វថ្ងៃនេះ ជីវិតគូរបស់យើងពេញទៅដោយសុភមង្គលនិងការស្កប់ចិត្ដ ហើយយើងមានគោលដៅដែលយើងពេញចិត្ដ»។
នាំឲ្យស្គាល់ព្រះ។ ក្រោយពីវីសេនប្រាប់អំពីអាពាហ៍ពិពាហ៍របស់គាត់ គាត់និយាយថែមទៀតថា៖ «ដោយអានគម្ពីរ ខ្ញុំមានអារម្មណ៍ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាខ្លាំងជាងមុន»។ ពាក្យសម្ដីរបស់វីសេនបង្ហាញនូវចំណុចដ៏សំខាន់មួយគឺ គម្ពីរអាចជួយលោកអ្នកឲ្យស្គាល់ព្រះ។ បើលោកអ្នកអានគម្ពីរ លោកអ្នកនឹងទទួលប្រយោជន៍ពីឱវាទរបស់ព្រះ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចស្គាល់ព្រះដូចជាមិត្ដសម្លាញ់។ ម្យ៉ាងទៀត លោកអ្នកនឹងឃើញថាព្រះបានប្រាប់អំពីអនាគតដ៏ភ្លឺស្វាង នៅពេលនោះលោកអ្នកអាចមាន«ជីវិតដ៏ពិតប្រាកដ» ពោលគឺជីវិតជារៀងរហូត។ (ធីម៉ូថេទី១ ៦:១៩) គ្មានសៀវភៅណាទៀតដែលផ្ដល់នូវសេចក្ដីសន្យាដ៏អស្ចារ្យដូចនេះទេ។
បើលោកអ្នកព្យាយាមអានគម្ពីរហើយធ្វើតាម លោកអ្នកអាចទទួលប្រយោជន៍ដោយធ្វើឲ្យជីវិតលោកអ្នកកាន់តែប្រសើរនៅសព្វថ្ងៃនេះ ហើយលោកអ្នកក៏ស្គាល់ព្រះដែរ។ ក៏ប៉ុន្ដែ ពេលដែលលោកអ្នកអានគម្ពីរ លោកអ្នកទំនងជាមានចម្ងល់ជាច្រើន។ បើដូច្នោះ សូមលោកអ្នកចាំអំពីគំរូល្អរបស់មន្ដ្រីជនជាតិអេចូពីម្នាក់ ដែលរស់នៅ២.០០០ឆ្នាំមុន។ គាត់មានសំណួរជាច្រើនអំពីគម្ពីរ។ ពេលភីលីពជាអ្នកកាន់តាមលោកយេស៊ូសួរគាត់ថាយល់អ្វីដែលកំពុងអានទេ មន្ដ្រីនោះឆ្លើយថា៖ «តើខ្ញុំអាចយល់យ៉ាងដូចម្ដេចបាន ប្រសិនបើគ្មានអ្នកណាបង្រៀនខ្ញុំ?»។ * រួចមក មន្ដ្រីនោះបានអង្វរសុំភីលីពដែលមានសមត្ថភាពបង្រៀនគម្ពីរ ឲ្យជួយពន្យល់បទគម្ពីរដល់គាត់។ (សកម្មភាព ៨:៣០, ៣១, ៣៤) ស្រដៀងគ្នាដែរ បើលោកអ្នកចង់ដឹងថែមទៀតអំពីគម្ពីរ យើងសូមអញ្ជើញលោកអ្នកចូលគេហទំព័រ www.jw.org/km ដើម្បីស្នើសុំរៀនគម្ពីរ ឬសរសេរទាក់ទងអាសយដ្ឋានណាមួយក្នុងទស្សនាវដ្ដីនេះ។ លោកអ្នកប្រហែលជាអាចទាក់ទងសាក្សីព្រះយេហូវ៉ា ឬទៅសាលប្រជុំដែលនៅជិតតំបន់លោកអ្នក។ សូមចាប់ផ្ដើមអានគម្ពីរនៅថ្ងៃនេះ ហើយអនុញ្ញាតឲ្យគម្ពីរជួយលោកអ្នកមានជីវិតប្រសើរជាង។
បើលោកអ្នកចង់ដឹងថាលោកអ្នកអាចទុកចិត្ដគម្ពីរបានឬមិនបាន សូមអញ្ជើញមើលវីដេអូខ្លីមួយចំណងជើងថាហេតុអ្វីយើងអាចប្រាកដថាគម្ពីរបរិសុទ្ធគឺមកពីព្រះ? លោកអ្នកអាចស្វែងរកវីដេអូនោះ ដោយថតបារកូដ ឬចូល jw.org/km ▸ ស្វែងរកវីដេអូ ▸ គម្ពីរ
^ វគ្គ 8 ដើម្បីបានព័ត៌មានថែមទៀតអំពីយោបល់ល្អៗក្នុងគម្ពីរ សូមចូលគេហទំព័រjw.org/km ▸ សៀវភៅផ្សេងៗ។
^ វគ្គ 11 សូមអញ្ជើញមើលអត្ថបទក្នុងទស្សនាវដ្ដីនេះ ចំណងជើងថា «តើការភាន់ច្រឡំជារឿងតូចតាចឬ?»។