អ្វីដែលខុសនិងអ្វីដែលត្រូវ៖ អ្វីដែលជួយណែនាំមនុស្សជាច្រើន
មនុស្សស្ទើរតែទាំងអស់យល់ស្របថាការប្រព្រឹត្តខ្លះគឺត្រឹមត្រូវឬខុសតែម្ដង។ ជាឧទាហរណ៍ ឃាតកម្ម ការរំលោភ និងការបៀតបៀនកេរ្តិ៍ខ្មាសកុមារ ជាអ្វីដែលមនុស្សទូទៅថ្កោលទោស រីឯសេចក្ដីយុត្តិធម៌ សេចក្ដីសប្បុរស និងការយោគយល់គ្នាជាអ្វីដែលមនុស្សទូទៅកោតសរសើរ។ ប៉ុន្តែ នៅផ្នែកផ្សេងទៀតនៃជីវិតដូចជារឿងដែលទាក់ទងនឹងការរួមភេទ ភាពស្មោះត្រង់ ឬរបៀបចិញ្ចឹមអប់រំកូន មនុស្សជាច្រើនជឿថា គ្មានជម្រើសណាដែលខុសឬត្រូវទេ។ ពួកគេគិតថាជម្រើសមួយណាក៏ល្អដែរ។ មនុស្សច្រើនតែធ្វើការសម្រេចចិត្តដោយផ្អែកទៅលើអារម្មណ៍របស់ខ្លួននិងអារម្មណ៍របស់អ្នកឯទៀតដែលនៅជុំវិញពួកគេ។ តើនេះតែងតែជាជម្រើសល្អទេ?
អារម្មណ៍របស់យើងចំពោះរឿងណាមួយ
ជារឿយៗ យើងធ្វើការសម្រេចចិត្តដោយផ្អែកលើអារម្មណ៍របស់យើងស្ដីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ ដែលជាទូទៅហៅថាសមត្ថភាពវិនិច្ឆ័យរបស់យើង។ (រ៉ូម ២:១៤, ១៥) សូម្បីតែតាំងពីក្មេងមក កុមារអាចទទួលស្គាល់ភាពខុសគ្នារវាងការប្រព្រឹត្តយុត្តិធម៌និងការប្រព្រឹត្តអយុត្តិធម៌ ហើយថែមទាំងចេះមានអារម្មណ៍បន្ទោសខ្លួនពេលធ្វើអ្វីមួយខុសទៀតផង។ នៅពេលយើងធំឡើង យើងរៀនអំពីអ្វីដែលខុសនិងអ្វីដែលត្រូវពីក្រុមគ្រួសារ មិត្តភក្តិ គ្រូបង្រៀន មនុស្សក្នុងសហគមន៍ សាសនា ឬពីវប្បធម៌របស់យើង។ ពេលយើងធ្វើការសម្រេចចិត្ត សមត្ថភាពវិនិច្ឆ័យរបស់យើងប្រាប់យើងថា តើការសម្រេចចិត្តរបស់យើងគឺសមស្របនឹងអ្វីដែលយើងបានរៀនស្ដីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវឬទេ?
ការយល់ដឹងរបស់យើងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវអាចជំរុញយើងឲ្យចេះយល់អារម្មណ៍ បង្ហាញចិត្តដឹងគុណ យុត្តិធម៌ និងចិត្តអាណិតអាសូរចំពោះអ្នកឯទៀត។ នេះក៏អាចរារាំងយើងពីការធ្វើអ្វីដែលអាចនាំឲ្យមនុស្សជាទីស្រឡាញ់របស់យើងឈឺចិត្ត ឬធ្វើឲ្យយើងអាម៉ាស់មុខ និងស្ដាយក្រោយដែរ។
តើការធ្វើតាមអារម្មណ៍របស់យើងតែងតែត្រឹមត្រូវឬទេ? ហ្គារីកនិយាយថា ពេលដែលគាត់នៅក្មេងគាត់«អាចធ្វើអ្វីតាមចិត្ត»។ ក៏ប៉ុន្តែ គាត់ឃើញថា ការធ្វើអ្វីតាមដែលគាត់
នឹកឃើញមិនបាននាំឲ្យមានលទ្ធផលល្អនោះទេ។ នៅទីបំផុត គាត់បានរៀបរាប់ថា ជីវិតរបស់គាត់មិនសប្បាយសោះ ដោយសារគាត់«កំពុងតែដើរក្នុងផ្លូវងងឹតដែលពោរពេញទៅដោយអំពើប្រាសចាកសីលធម៌ គ្រឿងញៀន ការប្រមឹកស្រា និងអំពើហិង្សាជាច្រើន»។អារម្មណ៍របស់អ្នកឯទៀតចំពោះរឿងណាមួយ
ក្រៅពីអារម្មណ៍របស់ខ្លួន ទស្សនៈរបស់អ្នកឯទៀតច្រើនតែមានឥទ្ធិពលមកលើការសម្រេចចិត្តរបស់យើង ហើយអាចជួយយើងឲ្យទទួលប្រយោជន៍ពីបទពិសោធន៍និងប្រាជ្ញារបស់ពួកគេ។ ដូច្នេះនៅពេលដែលយើងធ្វើតាមក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សក្នុងសហគមន៍ យើងនឹងទទួលបានការគោរពពីពួកគេ។
តើការធ្វើតាមអារម្មណ៍របស់អ្នកឯទៀតតែងតែត្រឹមត្រូវឬទេ? ពេលព្រីស៊ីឡានៅក្មេង គាត់បានធ្វើតាមមិត្តភក្តិរបស់គាត់ ហើយបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទដូចគេដែរ។ ក៏ប៉ុន្តែ គាត់បានឃើញថាការធ្វើអ្វីដែលអ្នកឯទៀតចាត់ទុកថាត្រឹមត្រូវ មិនបាននាំឲ្យគាត់សប្បាយជាងនោះទេ។ គាត់បាននិយាយថា៖ «ការធ្វើតាមអ្នកឯទៀត មិននាំឲ្យខ្ញុំមានអារម្មណ៍ល្អទេ។ ព្រោះវានាំឲ្យខ្ញុំធ្វើអ្វីដែលល្ងង់ខ្លៅនិងគ្រោះថ្នាក់វិញ»។
តើមានរបៀបល្អជាងទេ?
ពេលយើងសម្រេចចិត្តអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ យើងពឹងផ្អែកទៅលើអារម្មណ៍ខ្លួនឯងនិងអារម្មណ៍អ្នកឯទៀត។ ប៉ុន្តែនេះមិនតែងតែនាំឲ្យមានលទ្ធផលល្អទេ។ ពេលខ្លះការសម្រេចចិត្តរបស់យើងនាំឲ្យយើងនិងអ្នកឯទៀតរងទុក្ខ ដោយសារយើងមិនដឹងទុកជាមុនអំពីលទ្ធផលដែលមកពីការសម្រេចចិត្តនោះទេ។ (សុភាសិត ១៤:១២) ហើយទោះបីជាយើងនិងអ្នកឯទៀតគិតថាត្រឹមត្រូវក៏ដោយ នេះមិនមានន័យថាវាល្អសម្រាប់យើងនោះទេ ហើយទស្សនៈទាំងនោះអាចនឹងផ្លាស់ប្ដូរ។ ការប្រព្រឹត្តដែលគេចាត់ទុកថាខុសពីមុន ឥឡូវនេះគឺជារឿងធម្មតា រីឯការប្រព្រឹត្តដែលគេចាត់ទុកថាត្រឹមត្រូវ ទៅជាអ្វីដែលខុសទៅវិញ។
តើមានការណែនាំល្អជាងដែលអាចជួយ យើងឲ្យធ្វើការសម្រេចចិត្តល្អអំពីអ្វីដែលខុសនិងអ្វីដែលត្រូវឬទេ? សព្វថ្ងៃនេះ តើមានការណែនាំដែលយើងអាចធ្វើតាមហើយមិនធ្វើឲ្យយើងខកចិត្តនៅឥឡូវនេះនិងនៅថ្ងៃអនាគតដែរឬទេ?
ពិតជាមានការណែនាំអំពីអ្វីដែលខុសនិងអ្វីដែលត្រូវដែលគួរឲ្យទុកចិត្តនិងមិនផ្លាស់ប្ដូរ ព្រមទាំងផ្ដល់ប្រយោជន៍ដល់មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង។ អត្ថបទបន្ទាប់នឹងពិភាក្សាអំពីកន្លែងណាដែលយើងអាចរកការណែនាំបែបនោះ។