អត្ថបទសិក្សា ២០
ចម្រៀងលេខ៧ ព្រះយេហូវ៉ាជាកម្លាំងរបស់យើង
ព្រះយេហូវ៉ាផ្ដល់ការសម្រាលទុក្ខ
«សូមសរសើរព្រះ . . . ជាបិតានៃសេចក្ដីមេត្តាករុណា និងជាព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»។—២កូ. ១:៣
ចំណុចផ្ដោត
មេរៀនដែលយើងរៀនពីរបៀបដែលព្រះយេហូវ៉ាសម្រាលទុក្ខជនជាតិយូដាដែលបានត្រូវនិរទេស។
១. សូមរៀបរាប់អំពីស្ថានភាពរបស់ជនជាតិយូដាដែលបានត្រូវនិរទេស។
សូមគិតអំពីអារម្មណ៍របស់ជនជាតិយូដាដែលបានត្រូវនិរទេសទៅស្រុកបាប៊ីឡូន។ ពួកគេបានឃើញស្រុកកំណើតរបស់ខ្លួនត្រូវគេបំផ្លាញ។ ដោយសារអំពើខុសឆ្គងរបស់ពួកគេនិងអំពើខុសឆ្គងរបស់បុព្វបុរសពួកគេ នោះពួកគេបានត្រូវចាប់យកពីស្រុកកំណើតខ្លួន ហើយបញ្ជូនទៅទឹកដីរបស់ជនបរទេស។ (២ប្រ. ៣៦:១៥, ១៦, ២០, ២១) ពិតមែនថា និរទេសជនទាំងនោះនៅស្រុកបាប៊ីឡូនមានសេរីភាពមួយកម្រិតដើម្បីធ្វើកិច្ចការប្រចាំថ្ងៃ។ (យេ. ២៩:៤-៧) ប៉ុន្តែ ជីវិតនៅទីនោះមិនងាយស្រួលទេ ហើយនោះមិនមែនជាកន្លែងដែលពួកគេចង់រស់នៅឡើយ។ តើពួកគេមានអារម្មណ៍យ៉ាងណាចំពោះស្ថានភាពនោះ? សូមកត់សម្គាល់អំពីពាក្យរបស់និរទេសជនដ៏ស្មោះត្រង់ម្នាក់ដែលនិយាយថា៖ «យើងអង្គុយនៅមាត់ទន្លេរបស់បាប៊ីឡូន។ ពេលនឹកដល់ស៊ីយ៉ូន យើងយំស្រណោះ»។ (ចសព. ១៣៧:១) ជនជាតិយូដាទាំងនោះពិតជាត្រូវការការសម្រាលទុក្ខ តែតើអ្នកណាអាចសម្រាលទុក្ខពួកគេបាន?
២-៣. (ក) តើព្រះយេហូវ៉ាបានធ្វើអ្វីចំពោះជនជាតិយូដាដែលជានិរទេសជន? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
២ ព្រះយេហូវ៉ាជា«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»។ (២កូ. ១:៣) ព្រះយេហូវ៉ាស្រឡាញ់រាស្ត្ររបស់លោក ហើយចង់សម្រាលទុក្ខពួកគេ។ លោកដឹងថានិរទេសជនខ្លះនឹងព្រមទទួលការប្រៀនប្រដៅពីលោក ហើយត្រឡប់មកលោកវិញ។ (អេ. ៥៩:២០) ដូច្នេះ ជាង១០០ឆ្នាំមុនដែលជនជាតិយូដាបានត្រូវចាប់ជាឈ្លើយ ព្រះយេហូវ៉ាបានបណ្ដាលឲ្យអ្នកប្រកាសទំនាយអេសាយសរសេរសៀវភៅមួយ ដែលហៅថាសៀវភៅអេសាយ។ តើនោះក្នុងគោលបំណងអ្វី? អេសាយនិយាយថា៖ «ព្រះរបស់អ្នករាល់គ្នាមានប្រសាសន៍ថា៖ ‹ចូរសម្រាលទុក្ខរាស្ត្ររបស់ខ្ញុំ›»។ (អេ. ៤០:១) នៅក្នុងសៀវភៅអេសាយ ព្រះយេហូវ៉ាបានផ្ដល់ការសម្រាលទុក្ខដែលជនជាតិយូដាដែលជាប់ជាឈ្លើយនឹងត្រូវការ។
៣ ដូចជនជាតិយូដាទាំងនោះដែលបានត្រូវនិរទេស ម្ដងម្កាលយើងក៏ត្រូវការការសម្រាលទុក្ខដែរ។ នៅក្នុងអត្ថបទនេះ យើងនឹងពិចារណារបៀបបីយ៉ាងដែលព្រះយេហូវ៉ាសម្រាលទុក្ខនិរទេសជនទាំងនោះ។ (១) លោកសន្យាថានឹងអភ័យទោសឲ្យ បុគ្គលដែលប្រែចិត្ត (២) លោកផ្ដល់សេចក្ដីសង្ឃឹមដល់រាស្ត្ររបស់លោក និង(៣) លោកជួយពួកគេកុំឲ្យភ័យខ្លាច។ កាលដែលយើងពិចារណាចំណុចទាំងនេះ សូមកត់សម្គាល់អំពីរបៀបដែលយើងអាចទទួលប្រយោជន៍ពីពាក្យសម្រាលទុក្ខរបស់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ាបង្ហាញចិត្តមេត្តាករុណាដោយអភ័យទោសឲ្យយើង
៤. តើព្រះយេហូវ៉ាបង្ហាញយ៉ាងណាថាលោកជាព្រះដែលមានសេចក្ដីមេត្តាករុណា? (អេសាយ ៥៥:៧)
៤ ព្រះយេហូវ៉ាជា«បិតានៃសេចក្ដីមេត្តាករុណា»។ (២កូ. ១:៣) លោកបានបង្ហាញគុណសម្បត្តិនេះពេលលោកសន្យាថាអភ័យទោសឲ្យនិរទេសជនដែលប្រែចិត្ត។ (សូមអាន អេសាយ ៥៥:៧) លោកមានប្រសាសន៍ថា៖ «ដោយសារសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងស្ថិតស្ថេរជាដរាប ខ្ញុំនឹងបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នក»។ (អេ. ៥៤:៨) តើព្រះយេហូវ៉ានឹងបង្ហាញសេចក្ដីមេត្តាករុណារបស់លោកយ៉ាងដូចម្ដេច? ទោះបីជាជនជាតិយូដានឹងនៅតែត្រូវរងផលវិបាកដោយសារការប្រព្រឹត្តរបស់ពួកគេក៏ដោយ ព្រះយេហូវ៉ាបានសន្យាថាពួកគេនឹងមិនរស់នៅស្រុកបាប៊ីឡូនរហូតទេ។ ពួកគេនឹងជាប់ជាឈ្លើយអស់មួយរយៈពេលប៉ុណ្ណោះ។ (អេ. ៤០:២) ពាក្យទាំងនេះច្បាស់ជាសម្រាលទុក្ខជនជាតិយូដាដែលប្រែចិត្ត និងដែលចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត!
៥. ហេតុអ្វីយើងអាចមានទំនុកចិត្តច្រើនជាងជនជាតិយូដាថាព្រះយេហូវ៉ាអភ័យទោសឲ្យយើង?
៥ តើយើងរៀនអ្វី? ព្រះយេហូវ៉ាសុខចិត្តអភ័យទោសឲ្យអ្នកបម្រើរបស់លោកជាបរិបូរ។ នៅសព្វថ្ងៃនេះ យើងមានហេតុឲ្យជឿជាក់លើចំណុចនេះច្រើនជាងជនជាតិយូដាដែលជាឈ្លើយសឹកទៅទៀត។ ហេតុអ្វី? ដោយសារយើងដឹងអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើដើម្បីអភ័យទោសឲ្យការខុសឆ្គងរបស់យើង។ ប្រហែលជា៧០០ឆ្នាំក្រោយពីអេសាយបានប្រកាសទំនាយ ព្រះយេហូវ៉ាបានចាត់បុត្រជាទីស្រឡាញ់របស់លោកឲ្យមកផែនដីដើម្បីផ្ដល់ថ្លៃលោះ សម្រាប់អស់អ្នកដែលប្រែចិត្តពីការខុសឆ្គងរបស់ពួកគេ។ ដោយសារលោកយេស៊ូបានស្លាប់ដើម្បីយើង ព្រះយេហូវ៉ាអាចអភ័យទោសចំពោះការខុសឆ្គងរបស់យើងទាំងស្រុង ពោលគឺលោក«លុបចោល»ការខុសឆ្គងនោះទាំងស្រុង។ (សកម្ម. ៣:១៩; អេ. ១:១៨; អេភ. ១:៧) ព្រះយេហូវ៉ាគឺជាព្រះដែលមានចិត្តមេត្តាករុណាមែន!
៦. តើយើងទទួលប្រយោជន៍យ៉ាងណាពីការផ្ដោតអារម្មណ៍លើសេចក្ដីមេត្តាករុណារបស់ព្រះយេហូវ៉ា? (សូមមើលរូបភាពផងដែរ)
៦ បើយើងបន្តបន្ទោសខ្លួនចំពោះកំហុសដែលយើងបានធ្វើនៅអតីតកាល ទោះបីជាយើងបានប្រែចិត្តក្ដី ពាក្យនៅអេសាយ ៥៥:៧ ដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះយេហូវ៉ាអាចសម្រាលទុក្ខយើង។ បើយើងរងផលពិបាកដែលមកពីការប្រព្រឹត្តអំពើខុសឆ្គងនោះ យើងប្រហែលជាកាន់តែ បន្ទោសខ្លួន។ ប៉ុន្តែ បើយើងបានសារភាពចំពោះការខុសឆ្គងរបស់យើងនិងឈប់ធ្វើអ្វីខុសទៀត យើងអាចប្រាកដថាព្រះយេហូវ៉ាបានអភ័យទោសឲ្យយើង។ ម្យ៉ាងទៀត ពេលព្រះយេហូវ៉ាអភ័យទោសឲ្យ លោកសម្រេចចិត្តលែងនឹកចាំអំពើខុសឆ្គងរបស់យើងទៀត។ (សូមពិនិត្យបន្ថែម យេរេមា ៣១:៣៤) ដោយសារព្រះយេហូវ៉ាមិនបន្តគិតអំពីកំហុសដែលយើងធ្វើនៅអតីតកាល យើងក៏មិនគួរបន្តគិតអំពីកំហុសនោះដែរ។ អ្វីដែលសំខាន់ចំពោះព្រះយេហូវ៉ាគឺអ្វីដែលយើងធ្វើនៅឥឡូវ មិនមែនកំហុសដែលយើងបានធ្វើនៅអតីតកាលនោះទេ។ (អេគ. ៣៣:១៤-១៦) ម្យ៉ាងវិញទៀត នៅឆាប់ៗខាងមុខនេះ បិតានៃសេចក្ដីមេត្តាករុណានឹងបំបាត់ចោលផលពិបាកដែលមកពីកំហុសរបស់យើង។
អ្វីដែលសំខាន់ចំពោះព្រះយេហូវ៉ាគឺអ្វីដែលយើងធ្វើនៅឥឡូវ មិនមែនកំហុសដែលយើងបានធ្វើនៅអតីតកាលនោះទេ (សូមមើលវគ្គ៦)
៧. តើអ្វីអាចជំរុញចិត្តយើងឲ្យស្វែងរកជំនួយបើយើងបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរដោយលាក់លៀម?
៧ តើយើងគួរធ្វើយ៉ាងណាបើសមត្ថភាពវិនិច្ឆ័យរបស់យើងផ្ដន្ទាទោសយើងដោយសារយើងបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ហើយព្យាយាមលាក់ពីអ្នកឯទៀត? គម្ពីរលើកទឹកចិត្តយើងឲ្យសុំជំនួយពីពួកអ្នកចាស់ទុំ។ (យ៉ា. ៥:១៤, ១៥) ប៉ុន្តែ យើងប្រហែលជាមិនស្រួលសារភាពអំពីកំហុសខ្លួនទេ។ ទោះជាយ៉ាងនោះក៏ដោយ យើងត្រូវចាំថាព្រះយេហូវ៉ាប្រើបុរសទាំងនេះដើម្បីជួយយើង ហើយថាពួកគេនឹងបង្ហាញសេចក្ដីស្រឡាញ់និងសេចក្ដីមេត្តាករុណាចំពោះយើងដូចដែលព្រះយេហូវ៉ាបង្ហាញ។ បើយើងចាំអំពីចំណុចនេះ ហើយបានប្រែចិត្ត យើងនឹងមានបំណងចិត្តចង់ប្រាប់ពួកគេ។ សូមគិតអំពីរបៀបដែលសេចក្ដីមេត្តាករុណារបស់ព្រះយេហូវ៉ាបានសម្រាលទុក្ខបងប្រុសម្នាក់ឈ្មោះអាថឺ។ a គាត់មានសមត្ថភាពវិនិច្ឆ័យដែលផ្ដន្ទាទោសយ៉ាងខ្លាំង។ គាត់បាននិយាយថា៖ «ខ្ញុំបានមើលរូបអាសអាភាស អស់ប្រហែលជាមួយឆ្នាំ។ ប៉ុន្តែ ក្រោយពីខ្ញុំបានស្ដាប់សុន្ទរកថាមួយអំពីសមត្ថភាពវិនិច្ឆ័យ ខ្ញុំបានសារភាពការខុសឆ្គងរបស់ខ្ញុំដល់ប្រពន្ធខ្ញុំនិងពួកអ្នកចាស់ទុំ។ ក្រោយធ្វើដូច្នោះ ខ្ញុំមានអារម្មណ៍ធូរស្រាល។ ប៉ុន្តែ ខ្ញុំនៅតែខកចិត្តចំពោះអ្វីដែលខ្ញុំបានប្រព្រឹត្ត។ ពួកអ្នកចាស់ទុំបានរំលឹកខ្ញុំថា ព្រះយេហូវ៉ានៅតែចង់ធ្វើជាមិត្តរបស់ខ្ញុំ។ លោកប្រៀនប្រដៅយើងដោយសារលោកស្រឡាញ់យើង។ ពាក្យសម្ដីដ៏សប្បុរសរបស់ពួកគេបានមានឥទ្ធិពលមកលើចិត្តខ្ញុំ ហើយជួយខ្ញុំឲ្យមានទស្សនៈដូចព្រះយេហូវ៉ាចំពោះខ្លួនឯង»។ នៅសព្វថ្ងៃនេះ បងអាថឺបម្រើជាអ្នកត្រួសត្រាយនិងជាជំនួយការខាងកិច្ចបម្រើ។ ការដឹងថាព្រះយេហូវ៉ាបង្ហាញចិត្តមេត្តាបើយើងប្រែចិត្ត ពិតជាសម្រាលទុក្ខយើងណាស់!
ព្រះយេហូវ៉ាផ្ដល់សេចក្ដីសង្ឃឹមឲ្យយើង
៨. (ក) តើព្រះយេហូវ៉ាបានផ្ដល់សេចក្ដីសង្ឃឹមអ្វីដល់និរទេសជន? (ខ) យោងទៅតាមអេសាយ ៤០:២៩-៣១ តើសេចក្ដីសង្ឃឹមអាចមានឥទ្ធិពលយ៉ាងណាទៅលើជនជាតិយូដាដែលប្រែចិត្ត?
៨ តាមទស្សនៈរបស់មនុស្ស ជនជាតិយូដាដែលបានចាប់ជាឈ្លើយសឹកគ្មានសង្ឃឹមថាអាចត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញបានទេ។ បាប៊ីឡូនដែលជាមហាអំណាចពិភពលោកបានត្រូវគេស្គាល់ថា មិនដោះលែងឈ្លើយសឹកទៅវិញឡើយ។ (អេ. ១៤:១៧) ប៉ុន្តែ ព្រះយេហូវ៉ាបានផ្ដល់សេចក្ដីសង្ឃឹមដល់រាស្ត្ររបស់លោក។ លោកសន្យាថាលោកនឹងរំដោះពួកគេ ហើយគ្មានអ្វីអាចរារាំងលោកបានឡើយ។ (អេ. ៤៤:២៦; ៥៥:១២) តាមទស្សនៈរបស់ព្រះយេហូវ៉ា បាប៊ីឡូនប្រៀបដូចជាធូលី។ (អេ. ៤០:១៥) ពេលផ្លុំធូលី វាហុយបាត់អស់។ ស្រដៀងគ្នាដែរ សម្រាប់ព្រះយេហូវ៉ាការរំដោះរាស្ត្រលោកពីស្រុកបាប៊ីឡូន គឺងាយស្រួលណាស់។ តើសេចក្ដីសង្ឃឹមនេះមានឥទ្ធិពលយ៉ាងណាទៅលើជនជាតិយូដា? ពួកគេនឹងទទួលការសម្រាលទុក្ខ។ ប៉ុន្តែ សេចក្ដីសង្ឃឹមនេះអាចផ្ដល់ប្រយោជន៍លើសពីនេះទៅទៀត។ អេសាយបានសរសេរថា៖ «អស់អ្នកដែលសង្ឃឹមលើព្រះយេហូវ៉ា នឹងទទួលកម្លាំងឡើងវិញ»។ (សូមអាន អេសាយ ៤០:២៩-៣១) ពិតមែន សេចក្ដីសង្ឃឹមនឹងពង្រឹងកម្លាំងពួកគេ។ ពួកគេនឹង«ត្រដាងស្លាបហោះដូចជាឥន្ទ្រី»។
៩. តើនិរទេសជនមានមូលហេតុអ្វីខ្លះឲ្យទុកចិត្តសេចក្ដីសន្យារបស់ព្រះយេហូវ៉ា?
៩ ព្រះយេហូវ៉ាក៏បានផ្ដល់មូលហេតុឲ្យជនជាតិយូដាដែលជាប់ជាឈ្លើយជឿជាក់ថា សេចក្ដីសន្យារបស់លោកនឹងក្លាយជាការពិត។ តើនោះគឺជាអ្វី? សូមគិតអំពីទំនាយដែលបានសម្រេចរួចហើយ។ ពួកគេដឹងថាជនជាតិអាស៊ីរីបានច្បាំងឈ្នះ រាជាណាចក្រអ៊ីស្រាអែលខាងជើង ហើយចាប់បណ្ដាជនធ្វើជាឈ្លើយសឹក។ (អេ. ៨:៤) ពួកគេបានឃើញជនជាតិបាប៊ីឡូនបំផ្លាញក្រុងយេរូសាឡិម ហើយចាប់អ្នកក្រុងនោះធ្វើជាឈ្លើយ។ (អេ. ៣៩:៥-៧) ពួកគេដឹងថាស្ដេចស្រុកបាប៊ីឡូនបានចាក់ភ្នែករបស់ស្ដេចសេដេគា រួចបញ្ជូនទៅស្រុកបាប៊ីឡូន។ (យេ. ៣៩:៧; អេគ. ១២:១២, ១៣) អ្វីទាំងអស់ដែលព្រះយេហូវ៉ាបានប្រាប់ទុកជាមុនបានក្លាយជាការពិត។ (អេ. ៤២:៩; ៤៦:១០) អ្វីទាំងអស់នេះ ប្រាកដជាពង្រឹងជំនឿរបស់ពួកគេថាសេចក្ដីសន្យារបស់ព្រះយេហូវ៉ាអំពីការរំដោះពួកគេក៏នឹងក្លាយជាការពិតដែរ!
១០. តើអ្វីជួយយើងឲ្យរក្សាសេចក្ដីសង្ឃឹមក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ?
១០ តើយើងរៀនអ្វី? ពេលយើងធ្លាក់ទឹកចិត្ត សេចក្ដីសង្ឃឹមអាចសម្រាលទុក្ខយើងនិងជួយយើងឲ្យមានកម្លាំងឡើងវិញ។ យើងរស់នៅក្នុងគ្រាដ៏លំបាកណាស់ ហើយសត្រូវដ៏ខ្លាំងក្លារបស់ព្រះកំពុងប្រឆាំងយើង។ ប៉ុន្តែ យើងមិនត្រូវអស់សង្ឃឹមឡើយ។ ព្រះយេហូវ៉ាបានផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យដល់យើង ពោលគឺជីវិតដែលគ្មានទីបញ្ចប់ដែលមានសន្តិសុខនិងសន្តិភាពពិតប្រាកដ។ យើងត្រូវបន្ដផ្ដោតអារម្មណ៍ទៅលើសេចក្ដីសង្ឃឹមនោះ ដើម្បីយើងនៅតែអាចឃើញសេចក្ដីសង្ឃឹមនោះច្បាស់ក្នុងគំនិត។ នេះដោយសារសេចក្ដីសង្ឃឹមរបស់យើងប្រៀបដូចជាទេសភាពដ៏ស្រស់ស្អាតដែលយើងមើលតាមកញ្ចក់បង្អួច។ ប៉ុន្តែ បើកញ្ចក់បង្អួចនោះទៅជាស្រអាប់ យើងនឹងមិនអាចមើលឃើញទេសភាពនោះច្បាស់ទេ។ ស្រដៀងគ្នាដែរ បើយើងមិនបន្តផ្ដោតអារម្មណ៍លើសេចក្ដីសង្ឃឹមរបស់យើងទេ នោះយើងនឹងមិនអាចឃើញសេចក្ដីសង្ឃឹមនោះច្បាស់ឡើយ។ តើតាមរបៀបណាយើងអាចរក្សាសេចក្ដីសង្ឃឹមរបស់យើងឲ្យរឹងមាំដែលប្រៀបដូចជាជូតកញ្ចក់បង្អួច? យើងអាចលៃទុកពេលជារឿយៗដើម្បីស្រមៃគិតអំពីជីវិតដ៏អស្ចារ្យរបស់យើងនៅក្នុងពិភពលោកថ្មី។ យើងអាចអានអត្ថបទផ្សេងៗ ទស្សនាវីដេអូ និងស្ដាប់ចម្រៀងអំពីសេចក្ដីសង្ឃឹមរបស់យើង។ ក្នុងសេចក្ដីអធិដ្ឋាន យើងអាចនិយាយជាមួយព្រះយេហូវ៉ាអំពីសេចក្ដីសន្យាដែលយើងទន្ទឹងរង់ចាំឲ្យសម្រេច។
១១. តើអ្វីជួយបងស្រីម្នាក់ដែលមានជំងឺរ៉ាំរ៉ៃឲ្យមានកម្លាំងឡើងវិញ?
១១ សូមគិតអំពីរបៀបដែលសេចក្ដីសង្ឃឹមបានសម្រាលទុក្ខនិងពង្រឹងកម្លាំងបងស្រីម្នាក់ឈ្មោះជយដែលមានជំងឺរ៉ាំរ៉ៃ។ គាត់បាននិយាយថា៖ «ពេលដែលបញ្ហារបស់ខ្ញុំធ្វើឲ្យខ្ញុំធ្លាក់ទឹកចិត្ត ខ្ញុំប្រាប់អារម្មណ៍កប់ជ្រៅរបស់ខ្ញុំទៅព្រះយេហូវ៉ា ហើយខ្ញុំដឹងថាព្រះយេហូវ៉ាយល់អំពីខ្ញុំ។ ព្រះយេហូវ៉ាបានតបឆ្លើយខ្ញុំដោយឲ្យខ្ញុំនូវ‹ឫទ្ធានុភាពដែលលើសពីធម្មតា›»។ (២កូ. ៤:៧) បងជយក៏ស្រមៃឃើញខ្លួននៅក្នុងពិភពលោកថ្មីជាកន្លែងដែល«បណ្ដាជន . . . នឹងមិននិយាយថា៖ ‹ខ្ញុំឈឺ› ទៀតឡើយ»។ (អេ. ៣៣:២៤) ដូចបងជយដែរ បើយើងប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍កប់ជ្រៅរបស់យើង ហើយបន្តផ្ដោតអារម្មណ៍ទៅលើសេចក្ដីសង្ឃឹម យើងអាចមានកម្លាំងឡើងវិញ។
១២. តើយើងមានមូលហេតុអ្វីខ្លះឲ្យទុកចិត្តសេចក្ដីសន្យារបស់ព្រះយេហូវ៉ា? (សូមមើលរូបភាពផងដែរ)
១២ ដូចព្រះយេហូវ៉ាបានធ្វើចំពោះនិរទេសជនទាំងនោះ លោកក៏បានផ្ដល់មូលហេតុជាច្រើនដើម្បីឲ្យយើងទុកចិត្តសេចក្ដីសន្យារបស់លោកដែរ។ សូមគិតអំពីទំនាយដែលយើងឃើញថាកំពុងសម្រេច។ ជាឧទាហរណ៍ យើងឃើញមហាអំណាចមួយដែល«មានផ្នែកខ្លាំង ហើយមានផ្នែកខ្សោយ»។ (ដាន. ២:៤២, ៤៣) យើងក៏ឮអំពី«រញ្ជួយដីពីកន្លែងមួយទៅកន្លែងមួយទៀត» ហើយយើងកំពុងរួមចំណែកក្នុងការផ្សព្វផ្សាយដល់«ប្រជាជាតិទាំងឡាយ»។ (ម៉ាថ. ២៤:៧, ១៤) ដោយសារយើងឃើញទំនាយទាំងនេះនិងទំនាយឯទៀតកំពុងសម្រេច យើងជឿជាក់ទាំងស្រុងថា អ្វីល្អៗទាំងអស់ដែលព្រះយេហូវ៉ាបានសន្យានឹងក្លាយទៅជាការពិត។
ទំនាយដែលយើងឃើញថាកំពុងសម្រេចនៅសព្វថ្ងៃនេះផ្ដល់មូលហេតុឲ្យយើងទុកចិត្តទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា (សូមមើលវគ្គ១២)
ព្រះយេហូវ៉ាជួយយើងមិនឲ្យភ័យខ្លាច
១៣. (ក) តើជនជាតិយូដាជួបការពិបាកអ្វីខ្លះនៅពេលពួកគេបានត្រូវដោះលែង? (ខ) ដូចបានរៀបរាប់នៅអេសាយ ៤១:១០-១៣ តើព្រះយេហូវ៉ាបានសម្រាលទុក្ខជនជាតិយូដាដែលជានិរទេសជនយ៉ាងដូចម្ដេច?
១៣ ទោះបីជាព្រះយេហូវ៉ាសម្រាលទុក្ខនិរទេសជនទាំងនោះដោយផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យក្ដី លោកដឹងថាពួកគេនឹងជួបការពិបាកនៅពេលដែលពួកគេបានត្រូវដោះលែង។ ព្រះយេហូវ៉ាបានប្រាប់ទុកជាមុនថា ពេលដែលការជាប់ជាឈ្លើយរបស់ជនជាតិយូដាជិតដល់ទីបញ្ចប់ នោះនឹងមានស្ដេចខ្លាំងក្លាមួយរូបច្បាំងឈ្នះប្រជាជាតិដែលនៅជុំវិញស្រុកបាប៊ីឡូន ហើយវាយប្រហារលើស្រុកបាប៊ីឡូន។ (អេ. ៤១:២-៥) តើជនជាតិយូដាត្រូវភ័យខ្លាចទេ? ព្រះយេហូវ៉ាបានសម្រាលទុក្ខរាស្ត្ររបស់លោកទុកជាមុនដោយមានប្រសាសន៍ថា៖ «កុំខ្លាចឡើយ ព្រោះខ្ញុំនៅជាមួយនឹងអ្នក។ កុំបារម្ភឡើយ ព្រោះខ្ញុំជាព្រះរបស់អ្នក»។ (សូមអាន អេសាយ ៤១:១០-១៣) តើព្រះយេហូវ៉ាចង់មានន័យយ៉ាងណាពេលលោកមានប្រសាសន៍ថា៖ «ខ្ញុំជាព្រះរបស់អ្នក»? លោកមិនបានរំលឹកជនជាតិយូដាឲ្យគោរពប្រណិប័តន៍លោកទេ ព្រោះពួកគេដឹងថាត្រូវតែធ្វើដូច្នោះ។ ផ្ទុយទៅវិញ លោកបានរំលឹកពួកគេថាលោកនៅតែនៅខាងពួកគេ។—ចសព. ១១៨:៦
១៤. តើព្រះយេហូវ៉ាបានធ្វើអ្វីទៀតដើម្បីជួយនិរទេសជនទាំងនោះមិនឲ្យភ័យខ្លាច?
១៤ ព្រះយេហូវ៉ាក៏បានជួយជនជាតិយូដាដែលបានត្រូវនិរទេសមិនឲ្យភ័យខ្លាច ដោយរំលឹកពួកគេអំពីឫទ្ធានុភាពនិងចំណេះដែលគ្មានកម្រិតរបស់លោក។ លោកបានឲ្យពួកគេមើលទៅផ្កាយ។ លោកប្រាប់ពួកគេថា លោកមិនគ្រាន់តែបានបង្កើត ផ្កាយប៉ុណ្ណោះទេ តែលោកក៏ស្គាល់ឈ្មោះផ្កាយទាំងឡាយដែរ។ (អេ. ៤០:២៥-២៨) បើព្រះយេហូវ៉ាស្គាល់ឈ្មោះផ្កាយនីមួយៗ នោះលោកច្បាស់ជាស្គាល់ឈ្មោះអ្នកបម្រើរបស់លោកម្នាក់ៗជាងនោះទៅទៀត! ម្យ៉ាងទៀត បើព្រះយេហូវ៉ាមានឫទ្ធានុភាពបង្កើតផ្កាយ នោះលោកច្បាស់ជាមានឫទ្ធានុភាពដើម្បីជួយរាស្ត្ររបស់លោក។ ពិតមែនហើយ ជនជាតិយូដាដែលបានត្រូវនិរទេសគ្មានហេតុឲ្យខ្វល់ខ្វាយឬភ័យខ្លាចឡើយ។
១៥. តើព្រះយេហូវ៉ាបានជួយជនជាតិយូដាឲ្យត្រៀមខ្លួនសម្រាប់អ្វីដែលកើតឡើងនៅថ្ងៃខាងមុខយ៉ាងដូចម្ដេច?
១៥ ព្រះយេហូវ៉ាក៏បានជួយរាស្ត្ររបស់លោកឲ្យត្រៀមខ្លួនចំពោះអ្វីដែលនឹងកើតឡើងនៅថ្ងៃខាងមុខដែរ។ នៅក្នុងសៀវភៅអេសាយ ព្រះយេហូវ៉ាបានប្រាប់រាស្ត្ររបស់លោកថា៖ «ចូរចូលទៅបន្ទប់ខាងក្នុង ហើយបិទទ្វារឲ្យជិតទៅ។ ចូរលាក់ខ្លួនមួយរយៈរហូតដល់កំហឹងខ្ញុំកន្លងផុតទៅ»។ (អេ. ២៦:២០) ពាក្យនោះប្រហែលជាបានសម្រេចជាលើកដំបូងពេលស្ដេចស៊ីរូសច្បាំងឈ្នះបាប៊ីឡូន។ ប្រវត្តិវិទូជនជាតិក្រិចម្នាក់និយាយថា ពេលស៊ីរូសចូលបាប៊ីឡូន គាត់«បង្គាប់[ទាហាន]ឲ្យសម្លាប់អស់អ្នកដែលនៅក្រៅផ្ទះ»។ សូមស្រមៃគិតអំពីអារម្មណ៍របស់ពួកអ្នកនៅបាប៊ីឡូន ថាពួកគេភ័យខ្លាចយ៉ាងណា! ប៉ុន្តែ ជនជាតិយូដាទំនងជារួចជីវិតដោយសារពួកគេធ្វើតាមការណែនាំពីព្រះយេហូវ៉ា។
១៦. ហេតុអ្វីយើងមិនគួរភ័យខ្លាចចំពោះអ្វីដែលនឹងកើតឡើងក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង? (សូមមើលរូបភាពផងដែរ)
១៦ តើយើងរៀនអ្វី? មិនយូរទៀត យើងនឹងជួបទុក្ខលំបាកខ្លាំងបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្ស។ ពេលព្រឹត្តិការណ៍នេះចាប់ផ្ដើម មនុស្សនៅក្នុងពិភពលោកនឹងជ្រួលច្របល់ ហើយភ័យខ្លាច។ ប៉ុន្តែ រាស្ត្ររបស់ព្រះយេហូវ៉ាមិនដូច្នោះទេ។ យើងដឹងថាព្រះយេហូវ៉ាជាព្រះរបស់យើង។ យើងនឹងឈរឲ្យត្រង់ខ្លួនដោយដឹងថា «សេចក្ដីសង្គ្រោះ[របស់យើង]គឺជិតដល់ហើយ»។ (លូក. ២១:២៨) សូម្បីតែពេលប្រជាជាតិនានាដែលចងសម្ព័ន្ធភាពគ្នាវាយប្រហារយើងក៏ដោយ ក៏យើងនឹងបន្តទុកចិត្តព្រះយេហូវ៉ា។ ព្រះយេហូវ៉ានឹងប្រើពួកទេវតាដើម្បីការពារយើង ហើយលោកនឹងផ្ដល់ការណែនាំដល់យើងដែលនឹងសង្គ្រោះជីវិតយើង។ តើតាមរបៀបណាលោកនឹងផ្ដល់ការណែនាំទាំងនោះ? យើងមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែ យើងទំនងជានឹងទទួលការណែនាំទាំងនោះតាមរយៈក្រុមជំនុំរបស់យើង។ នោះប្រហែលជា«បន្ទប់ខាងក្នុង»ដែលជាកន្លែងមានសុវត្ថិភាព។ តើតាមរបៀបណាយើងអាចត្រៀមខ្លួនសម្រាប់អ្វីដែលនឹងកើតឡើងនៅថ្ងៃខាងមុខ? យើងត្រូវចូលទៅជិតបងប្អូនរបស់យើង ធ្វើតាមការណែនាំពីអង្គការព្រះយេហូវ៉ា និងទុកចិត្តថាព្រះយេហូវ៉ាកំពុងនាំមុខអង្គការរបស់យើង។—ហេ. ១០:២៤, ២៥; ១៣:១៧
យើងដឹងថាព្រះយេហូវ៉ាមានឫទ្ធានុភាពនិងសមត្ថភាពដើម្បីសង្គ្រោះយើង ដូច្នេះយើងមិនចាំបាច់ភ័យខ្លាចអំពីអ្វីដែលនឹងកើតឡើងចំពោះយើងក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងឡើយ (សូមមើលវគ្គ១៦) b
១៧. តើអ្នកអាចស្វែងរកការសម្រាលទុក្ខពីព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៧ ទោះបីជាជីវិតរបស់ជនជាតិយូដានៅស្រុកបាប៊ីឡូនមិនស្រួលក្ដី ព្រះយេហូវ៉ាបានផ្ដល់ការសម្រាលទុក្ខដែលពួកគេត្រូវការ។ លោកក៏នឹងធ្វើដូច្នេះចំពោះយើងដែរ។ ដូច្នេះ មិនថាអ្វីកើតឡើងក្នុងជីវិតរបស់អ្នកក្ដី សូមបន្តស្វែងរកការសម្រាលទុក្ខពីព្រះយេហូវ៉ា។ សូមទុកចិត្តលើសេចក្ដីមេត្តាករុណាដ៏ធំធេងរបស់ព្រះយេហូវ៉ា។ សូមរក្សាសេចក្ដីសង្ឃឹមឲ្យរឹងមាំ។ សូមចាំថា ដោយសារព្រះយេហូវ៉ាជាព្រះរបស់អ្នក នោះអ្នកមិនចាំបាច់ភ័យខ្លាចឡើយ។
ចម្រៀងលេខ៣ ព្រះជាកម្លាំង ជាសេចក្ដីសង្ឃឹម និងជាទីពឹងរបស់យើង
a ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
b ការពណ៌នាអំពីរូបភាព៖ បងប្អូនរួមជំនឿមួយក្រុមតូចជួបជុំគ្នា។ ពួកគេមានទំនុកចិត្តថាព្រះយេហូវ៉ាមានឫទ្ធានុភាពនិងសមត្ថភាពដើម្បីកាពាររាស្ត្ររបស់លោក មិនថាពួកគេរស់នៅកន្លែងណាក៏ដោយនៅផែនដី។