អត្ថបទសិក្សា ១៩
ចម្រៀងលេខ២២ សូមឲ្យរាជាណាចក្រព្រះមកដល់!
តើយើងដឹងអ្វីខ្លះអំពីការវិនិច្ឆ័យរបស់ព្រះយេហូវ៉ានៅថ្ងៃអនាគត?
«ព្រះយេហូវ៉ា . . . មិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោលឡើយ»។—២ពេ. ៣:៩
ចំណុចផ្ដោត
យើងអាចជឿជាក់ថាការវិនិច្ឆ័យរបស់ព្រះយេហូវ៉ានៅថ្ងៃអនាគតនឹងសុចរិតនិងយុត្តិធម៌។
១. ហេតុអ្វីយើងអាចនិយាយថាយើងកំពុងរស់នៅគ្រាដ៏រំភើប?
យើងកំពុងរស់នៅគ្រាដ៏រំភើប! ជារៀងរាល់ថ្ងៃ យើងឃើញទំនាយនៅក្នុងគម្ពីរកំពុងសម្រេច។ ជាឧទាហរណ៍ យើងឃើញថា«ស្ដេចខាងជើង»និង«ស្ដេចខាងត្បូង»កំពុងប្រកួតប្រជែងគ្នាដើម្បីកាន់អំណាចលើពិភពលោក។ (ដាន. ១១:៤០) យើងឃើញថាដំណឹងល្អអំពីរាជាណាចក្រព្រះកំពុងផ្សព្វផ្សាយនៅទូទាំងពិភពលោក ហើយមនុស្សរាប់លាននាក់បានសម្រេចចិត្តបម្រើព្រះយេហូវ៉ា។ (អេ. ៦០:២២; ម៉ាថ. ២៤:១៤) ម្យ៉ាងទៀត យើងកំពុងទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារជាបរិបូរ«នៅពេលត្រឹមត្រូវ»។—ម៉ាថ. ២៤:៤៥-៤៧
២. តើយើងអាចប្រាកដអំពីអ្វី? ប៉ុន្តែ តើយើងត្រូវទទួលស្គាល់អ្វី?
២ ព្រះយេហូវ៉ាបន្តជួយយើងឲ្យយល់ច្បាស់ជាងអំពីព្រឹត្តិការណ៍ដ៏សំខាន់ៗ ដែលនឹងកើតឡើងនៅពេលឆាប់ៗខាងមុខនេះ។ (សុភ. ៤:១៨; ដាន. ២:២៨) យើងអាចប្រាកដថា កាលដែលគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម យើងនឹងដឹងអ្វីទាំងអស់ដែលយើងត្រូវដឹងដើម្បីស៊ូទ្រាំយ៉ាងស្មោះត្រង់ ហើយរក្សាសាមគ្គីភាពក្នុងគ្រាដ៏លំបាកនោះ។ ប៉ុន្តែ យើងត្រូវទទួលស្គាល់ថា មានអ្វីខ្លះដែលយើងមិនដឹងអំពីថ្ងៃអនាគត។ នៅក្នុងអត្ថបទនេះ ដំបូងយើងនឹងពិចារណាអំពីមូលហេតុដែលយើងបានកែតម្រូវអ្វីដែលយើងធ្លាប់និយាយអំពីព្រឹត្តិការណ៍ខ្លះទាំងនោះ។ រួចមក យើងនឹងមើលឡើងវិញអំពីអ្វីមួយចំនួនដែលយើងដឹងស្ដីអំពីថ្ងៃអនាគត និងរបៀបដែលបិតានៅស្ថានសួគ៌របស់យើងនឹងប្រព្រឹត្ត។
អ្វីដែលយើងមិនដឹង
៣. តើយើងធ្លាប់និយាយយ៉ាងណាអំពីពេលដែលមនុស្សនឹងលែងមានឱកាសបង្ហាញជំនឿលើព្រះយេហូវ៉ា ហើយហេតុអ្វីយើងយល់ដូច្នេះ?
៣ នៅអតីតកាលយើងបាននិយាយថា កាលដែលគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម អ្នកដែលមិនជឿនឹងលែងមានឱកាសមានជំនឿលើព្រះយេហូវ៉ានិងរួចជីវិតពីសង្គ្រាមអាម៉ាគេដូន។ យើងសន្និដ្ឋានដូចនេះ ដោយសារយើងយល់ថាកំណត់ហេតុអំពីទឹកជំនន់ជាតំណាងអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត។ ជាឧទាហរណ៍ យើងបានគិតថា ដូចព្រះយេហូវ៉ាបានបិទទ្វារទូកធំបន្តិចមុនទឹកជំនន់ចាប់ផ្ដើម នោះលោកក៏នឹងបិទឱកាសមិនឲ្យអ្នកឯទៀតទទួលសេចក្ដីសង្គ្រោះ កាលដែលគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើមដែរ។—ម៉ាថ. ២៤:៣៧-៣៩
៤. ហេតុអ្វីយើងលែងគិតថាអ្វីទាំងអស់ដែលកើតឡើងនៅសម័យណូអេនឹងកើតឡើងក្នុងកម្រិតធំជាងនៅថ្ងៃអនាគត?
៤ តើគឺជាការត្រឹមត្រូវឬទេដែលយើងនិយាយថា អ្វីនីមួយៗដែលបានកើតឡើងនៅសម័យណូអេ ជាតំណាងអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត? មិនមែនទេ។ ហេតុអ្វី? ដោយសារគម្ពីរមិនបានចែងដូច្នេះទេ។ a ពិតមែនថា លោកយេស៊ូបានប្រដូច«សម័យណូអេ»ទៅនឹងវត្តមានរបស់លោក ប៉ុន្តែលោកមិនបាននិយាយថាអ្វីទាំងអស់ដែលកើតឡើងនៅសម័យនោះនឹងកើតឡើងក្នុងកម្រិតធំជាងនៅថ្ងៃអនាគត ដូចជាពេលព្រះយេហូវ៉ាបិទទ្វារទូកធំនោះទេ។ ប៉ុន្តែ នេះមិនមានន័យថាយើងមិនអាចរៀនពីកំណត់ហេតុអំពីណូអេនិងទឹកជំនន់ឡើយ។
៥. (ក) តើណូអេបានបង្ហាញជំនឿយ៉ាងដូចម្ដេចមុនទឹកជំនន់? (ហេប្រឺ ១១:៧; ពេត្រុសទី១ ៣:២០) (ខ) ស្ដីអំពីកិច្ចការផ្សព្វផ្សាយ តើស្ថានភាពរបស់យើងសព្វថ្ងៃនេះស្រដៀងនឹងស្ថានភាពនៅសម័យណូអេយ៉ាងដូចម្ដេច?
៥ ពេលណូអេឮការព្រមានពីព្រះយេហូវ៉ា គាត់បានបង្ហាញជំនឿដោយសង់ទូកធំ។ (សូមអាន ហេប្រឺ ១១:៧; ពេត្រុស) ស្រដៀងគ្នាដែរ មនុស្សដែលឮដំណឹងល្អអំពីរាជាណាចក្រព្រះ ត្រូវធ្វើតាមអ្វីដែលពួកគេបានឮ។ ( ទី១ ៣:២០សកម្ម. ៣:១៧-២០) ពេត្រុសបានហៅណូអេថា៖ «អ្នកផ្សព្វផ្សាយអំពីសេចក្ដីសុចរិត»។ (២ពេ. ២:៥) ប៉ុន្តែ ដូចយើងបានពិចារណាក្នុងអត្ថបទមុន យើងមិនដឹងថាណូអេព្យាយាមផ្សព្វផ្សាយដល់មនុស្សទាំងអស់នៅទូទាំងផែនដីមុនទឹកជំនន់មកដល់ឬយ៉ាងណាទេ។ សព្វថ្ងៃនេះ យើងចូលរួមក្នុងកិច្ចការផ្សព្វផ្សាយនៅទូទាំងពិភពលោក ហើយយើងព្យាយាមធ្វើកិច្ចការនោះដោយចិត្តខ្នះខ្នែង។ ប៉ុន្តែ ទោះជាយើងខំប្រឹងយ៉ាងណាក៏ដោយ យើងនឹងមិនអាចផ្សព្វផ្សាយដល់មនុស្សទាំងអស់មុនទីបញ្ចប់មកដល់ទេ។ ហេតុអ្វី?
៦-៧. ហេតុអ្វីយើងអាចសន្និដ្ឋានថាយើងនឹងមិនផ្សព្វផ្សាយដំណឹងល្អដល់មនុស្សទាំងអស់នៅផែនដីមុនទីបញ្ចប់មកដល់?
៦ សូមពិចារណាអ្វីដែលលោកយេស៊ូបានមានប្រសាសន៍អំពីកិច្ចការផ្សព្វផ្សាយរបស់យើង។ លោកបានប្រាប់ទុកជាមុនថា ដំណឹងល្អអំពីរាជាណាចក្រ«នឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ»។ (ម៉ាថ. ២៤:១៤) ទំនាយនេះកំពុងសម្រេចនៅសព្វថ្ងៃច្រើនជាងពេលណាៗទាំងអស់។ យើងកំពុងផ្សព្វផ្សាយដំណឹងល្អជាង១.០០០ភាសានៅទូទាំងពិភពលោក ហើយតាមរយៈគេហទំព័រjw.org មនុស្សភាគច្រើននៅផែនដីអាចរៀនដំណឹងល្អអំពីរាជាណាចក្រព្រះ។
៧ ប៉ុន្តែ លោកយេស៊ូក៏បានប្រាប់ពួកអ្នកកាន់តាមលោកដែរថា ពួកគេនឹងមិន«ទៅដល់គ្រប់ក្រុងគ្រប់ភូមិ»ឬផ្សព្វផ្សាយដល់មនុស្សទាំងអស់មុនលោកមកឡើយ។ (ម៉ាថ. ១០:២៣; ២៥:៣១-៣៣) ពាក្យរបស់លោកយេស៊ូនឹងក្លាយជាការពិតនៅសព្វថ្ងៃនេះ។ មនុស្សរាប់លាននាក់នៅសព្វថ្ងៃ កំពុងរស់នៅកន្លែងដែលយើងមិនអាចផ្សព្វផ្សាយដោយសេរីបាន។ បន្ថែមទៅទៀត កូនង៉ែតរាប់រយនាក់កើតមកជារៀងរាល់នាទី។ យើងខំអស់ពីសមត្ថភាពដើម្បីប្រាប់ដំណឹងល្អដល់មនុស្សពី«គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ [និង]គ្រប់ភាសា»។ (បប. ១៤:៦) ទោះជាយ៉ាងនោះក៏ដោយ យើងនឹងមិនអាចផ្សព្វផ្សាយដំណឹងល្អដល់បុគ្គលម្នាក់ៗនៅផែនដីមុនទីបញ្ចប់មកដល់ឡើយ។
៨. តើយើងប្រហែលជាឆ្ងល់អ្វីអំពីការវិនិច្ឆ័យរបស់ព្រះយេហូវ៉ានៅថ្ងៃអនាគត? (សូមមើលរូបភាពផងដែរ)
៨ នេះប្រហែលជានាំឲ្យយើងឆ្ងល់ថា ចុះយ៉ាងណាពួកអ្នកដែលប្រហែលជាមិនមានឱកាសឮដំណឹងល្អមុនដែលគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម តើព្រះយេហូវ៉ានិងបុត្រដែលលោកបានតែងតាំងឲ្យវិនិច្ឆ័យនឹងប្រព្រឹត្តយ៉ាងណាចំពោះពួកគេ? (យ៉ូន. ៥:១៩, ២២, ២៧; សកម្ម. ១៧:៣១) បទគម្ពីរជាមូលដ្ឋានសម្រាប់អត្ថបទនេះចែងថាព្រះយេហូវ៉ា«មិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោលឡើយ»។ ផ្ទុយទៅវិញ លោក«ចង់ឲ្យមនុស្សទាំងអស់មានឱកាសប្រែចិត្ត»។ (២ពេ. ៣:៩; ១ធី. ២:៤) ទោះជាយើងដឹងអ្វីទាំងនេះអំពីព្រះយេហូវ៉ាក៏ដោយ លោកមិនទាន់បានប្រាប់យើងថាលោកនឹងវិនិច្ឆ័យពួកអ្នកដែលមិនមានឱកាសឮដំណឹងល្អយ៉ាងណាទេ។ ម្យ៉ាងទៀត លោកមិនចាំបាច់ប្រាប់យើងអំពីអ្វីដែលលោកបានធ្វើឬនឹងធ្វើទេ។
៩. តើព្រះយេហូវ៉ាបានប្រាប់យើងអ្វីខ្លះក្នុងគម្ពីរ?
៩ ក្នុងបណ្ដាំរបស់ព្រះយេហូវ៉ា លោកបានប្រាប់អ្វីមួយចំនួនដែលលោកនឹងធ្វើ។ ជាឧទាហរណ៍ គម្ពីរប្រាប់យើងថាព្រះយេហូវ៉ានឹងប្រោស«មនុស្សមិនសុចរិត»ឲ្យរស់ឡើងវិញ គឺមនុស្សដែលមិនមានឱកាសរៀនដំណឹងល្អ ហើយកែប្រែការប្រព្រឹត្តរបស់ខ្លួន។ (សកម្ម. ២៤:១៥; លូក. ២៣:៤២, ៤៣) នេះប្រហែលជានាំឲ្យយើងសួរសំណួរដ៏សំខាន់ឯទៀត។
១០. តើយើងប្រហែលជាមានចម្ងល់អំពីអ្វីទៀត?
១០ តើអស់អ្នកដែលស្លាប់នៅក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងនឹងត្រូវបំផ្លាញចោលជារៀងរហូតដោយគ្មានសេចក្ដីសង្ឃឹមប្រោសឲ្យរស់ឡើងវិញឬ? បទគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ថាពួកអ្នកដែលប្រឆាំងព្រះយេហូវ៉ា ហើយដែលបានត្រូវបំផ្លាញដោយព្រះយេហូវ៉ានិងកងទ័ពលោកនៅសង្គ្រាមអាម៉ាគេដូន នឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញទេ។ (២ថែ. ១:៦-១០) ចុះយ៉ាងណាអ្នកឯទៀត ដូចជាអ្នកដែលស្លាប់ដោយសារជំងឺ ភាពចាស់ជរា គ្រោះថ្នាក់ ឬត្រូវគេសម្លាប់ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង? (អទ. ៩:១១; សាក. ១៤:១៣) តើពួកអ្នកខ្លះទាំងនេះអាចនៅក្នុងចំណោម«មនុស្សមិនសុចរិត» ដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញក្នុងពិភពលោកថ្មីឬទេ? យើងមិនដឹងទេ។
អ្វីដែលយើងដឹង
១១. តើមនុស្សនឹងត្រូវវិនិច្ឆ័យនៅសង្គ្រាមអាម៉ាគេដូនដោយផ្អែកទៅលើអ្វី?
១១ មានអ្វីមួយចំនួនដែលយើងដឹងអំពីព្រឹត្តិការណ៍នៅថ្ងៃអនាគត។ ជាឧទាហរណ៍ យើងដឹងថានៅសង្គ្រាមអាម៉ាគេដូន មនុស្សនឹងទទួលការវិនិច្ឆ័យស្របតាមរបៀបដែលពួកគេបានប្រព្រឹត្តមកលើបងប្អូនរបស់គ្រិស្ត។ (ម៉ាថ. ២៥:៤០) ពួកអ្នកដែលបានត្រូវវិនិច្ឆ័យថាជាចៀម ជាអ្នកដែលបានបង្ហាញការគាំទ្រចំពោះពួកអ្នករើសតាំងនិងគ្រិស្ត។ យើងក៏ដឹងដែរថា ពួកអ្នកដែលបានត្រូវរើសតាំងជាបងប្អូនរបស់គ្រិស្តមួយចំនួននឹងបន្តនៅផែនដីក្រោយគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម ហើយពួកគេនឹងមិនទាន់យកទៅស្ថានសួគ៌រហូតដល់បន្តិចមុនសង្គ្រាមអាម៉ាគេដូនចាប់ផ្ដើម។ ដរាបណាមានបងប្អូនរបស់គ្រិស្តនៅតែនៅផែនដី ដរាបនោះបុគ្គលដែលមានចិត្តស្មោះប្រហែលជានឹងមានឱកាសគាំទ្រពួកគេនិងកិច្ចការរបស់ពួកគេ។ (ម៉ាថ. ២៥:៣១, ៣២; បប. ១២:១៧) ហេតុអ្វីបានជាអ្វីទាំងនេះគួរឲ្យកត់សម្គាល់?
១២-១៣. តើបុគ្គលខ្លះប្រហែលជាមានប្រតិកម្មយ៉ាងណាបន្ទាប់ពីឃើញការបំផ្លាញនៃ«បាប៊ីឡូនដ៏ខ្លាំងក្លា»? (សូមមើលរូបភាពផងដែរ)
១២ សូម្បីតែក្រោយពីគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម ក៏ប្រហែលជាអ្នកខ្លះដែលឃើញការបំផ្លាញនៃ«បាប៊ីឡូនដ៏ខ្លាំងក្លា»នឹងនឹកចាំថាសាក្សីព្រះយេហូវ៉ាធ្លាប់និយាយជាយូរមកហើយថា អ្វីនេះនឹងកើតឡើង។ តើបុគ្គលខ្លះដែលឃើញព្រឹត្តិការណ៍ទាំងនេះនឹងបែរមកមានជំនឿលើព្រះយេហូវ៉ាឬទេ?—បប. ១៧:៥; អេគ. ៣៣:៣៣
១៣ បើអ្វីខាងលើនោះកើតឡើង នោះគឺស្រដៀងនឹងអ្វីដែលបានកើតឡើងនៅស្រុកអេហ្ស៊ីបនាសម័យម៉ូសេ។ សូមនឹកចាំថា«មានជនជាតិផ្សេងៗ»បានចាកចេញពីស្រុកអេហ្ស៊ីបជាមួយនឹងជនជាតិអ៊ីស្រាអែល។ បុគ្គលទាំងនេះខ្លះ ប្រហែលជាចាប់ផ្ដើមមានជំនឿពេលពួកគេឃើញការព្រមានរបស់ម៉ូសេស្ដីអំពីសេចក្ដីវេទនា១០ប្រការក្លាយជាការពិត។ (ដច. ១២:៣៨) បើអ្វីស្រដៀងនឹងនោះកើតឡើងក្រោយពីការបំផ្លាញបាប៊ីឡូនដ៏ខ្លាំងក្លា ហើយមនុស្សឯទៀតចាប់ផ្ដើមចូលរួមជាមួយយើងនៅបន្តិចមុនទីបញ្ចប់មកដល់ តើយើងនឹងគិតថានោះគឺជាអ្វីដែលអយុត្តិធម៌ឬ? ច្បាស់ជាអត់ទេ! យើងចង់យកតម្រាប់បិតាស្ថានសួគ៌របស់យើងដែល«ជាព្រះនៃសេចក្ដី មេត្តាករុណានិងសេចក្ដីអាណិតអាសូរ។ លោកយឺតនឹងខឹង ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងសេចក្ដីពិតជាបរិបូរ»។ b—ដច. ៣៤:៦
១៤-១៥. តើឱកាសរស់ជារៀងរហូតរបស់មនុស្សម្នាក់អាស្រ័យលើពេលណាដែលគាត់ស្លាប់ឬកន្លែងណាដែលគាត់រស់នៅឬទេ? សូមពន្យល់។ (ចម្រៀងសរសើរព្រះ ៣៣:៤, ៥)
១៤ ពេលខ្លះយើងឮនរណាម្នាក់និយាយថា «បើសាច់ញាតិរបស់ខ្ញុំស្លាប់មុនគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម នោះគឺល្អជាង ដោយសារគាត់អាចមានសេចក្ដីសង្ឃឹមរស់ឡើងវិញ»។ ពាក្យបែបនេះច្បាស់ជាផុសចេញពីបំណងចិត្តល្អ។ ប៉ុន្តែ ឱកាសរស់ជារៀងរហូតរបស់មនុស្សម្នាក់មិនអាស្រ័យទៅលើពេលណាដែលគាត់ស្លាប់ទេ។ ព្រះយេហូវ៉ាគឺជាចៅក្រមដ៏ល្អឥតខ្ចោះ។ ការសម្រេចចិត្តរបស់លោកតែងតែត្រឹមត្រូវនិងយុត្តិធម៌។ (សូមអាន ចម្រៀងសរសើរព្រះ ៣៣:៤, ៥) យើងអាចជឿជាក់ថា «ចៅក្រមនៃផែនដី»តែងតែប្រព្រឹត្តដោយយុត្តិធម៌ជានិច្ច។—ដក. ១៨:២៥
១៥ គឺជាការសមហេតុផលដែរឲ្យសន្និដ្ឋានថា ឱកាសរស់ជារៀងរហូតរបស់មនុស្សម្នាក់មិនអាស្រ័យលើកន្លែងណាដែលគាត់រស់នៅទេ។ ព្រះយេហូវ៉ានឹងមិនវិនិច្ឆ័យមនុស្សរាប់លាននាក់ថាជា«ពពែ»ដោយសារតែពួកគេរស់នៅកន្លែងដែលពួកគេគ្មានឱកាសរៀនអំពីដំណឹងរាជាណាចក្រនោះទេ។ (ម៉ាថ. ២៥:៤៦) ចៅក្រមដ៏សុចរិតនៃផែនដី យកចិត្តទុកដាក់ចំពោះបុគ្គលម្នាក់ៗទាំងនេះខ្លាំងជាងយើងឆ្ងាយណាស់។ យើងមិនដឹងអំពីរបៀបដែលព្រះយេហូវ៉ានឹងធ្វើឲ្យព្រឹត្តិការណ៍ផ្សេងៗកើតឡើងក្នុងគ្រាទុក្ខវេទនាជាខ្លាំងទេ។ អ្វីដែលបុគ្គលទាំងនេះឃើញកើតឡើងក្នុងគ្រាទុក្ខវេទនាជាខ្លាំង ប្រហែលជានឹងជំរុញចិត្តពួកគេឲ្យមានជំនឿលើព្រះយេហូវ៉ា ពេលដែលលោកញែកខ្លួនជាបរិសុទ្ធនៅមុខប្រជាជាតិទាំងអស់។—អេគ. ៣៨:១៦
ក្រោយពីគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម . . . តើអ្នកខ្លះដែលឃើញព្រឹត្តិការណ៍ទាំងនេះនឹងប្ដូរចិត្តឬទេ?
១៦. តើយើងយល់អ្វីអំពីព្រះយេហូវ៉ា? (សូមមើលរូបភាពផងដែរ)
១៦ តាមរយៈការសិក្សាគម្ពីរ យើងយល់ថាព្រះយេហូវ៉ាឲ្យតម្លៃយ៉ាងខ្លាំងចំពោះមនុស្ស។ លោកបានឲ្យជីវិតរបស់បុត្រលោកដើម្បីយើងទាំងអស់គ្នាអាចមានឱកាសរស់ជារៀងរហូត។ (យ៉ូន. ៣:១៦) យើងទាំងអស់គ្នាទទួលសេចក្ដីស្រឡាញ់យ៉ាងកក់ក្ដៅពីព្រះយេហូវ៉ា។ (អេ. ៤៩:១៥) លោកស្គាល់ឈ្មោះយើងម្នាក់ៗ។ តាមពិត លោកស្គាល់យើងយ៉ាងច្បាស់រហូតដល់សូម្បីតែយើងស្លាប់ ក៏លោកអាចប្រោសយើងឲ្យរស់ឡើងវិញ ដោយសារលោកចងចាំព័ត៌មានទាំងអស់អំពីយើង និងអនុស្សាវរីយ៍ទាំងអស់ដែលយើងមាន! (ម៉ាថ. ១០:២៩-៣១) យ៉ាងនេះ យើងមានហេតុជឿជាក់ថា បិតានៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់នឹងវិនិច្ឆ័យបុគ្គលម្នាក់ៗតាមរបៀបដ៏ល្អឥតខ្ចោះ ដោយសារលោកសុចរិត មានប្រាជ្ញា និងមេត្តាករុណា។—យ៉ា. ២:១៣
១៧. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទបន្ទាប់?
១៧ តាមពិត ការកែតម្រូវទាំងនេះជួយយើងឲ្យយល់ថាកិច្ចការផ្សព្វផ្សាយជាអ្វីដ៏បន្ទាន់ជាងពេលមុនៗទាំងអស់។ ហេតុអ្វីយើងអាចនិយាយដូច្នេះ ហើយតើអ្វីជំរុញចិត្តយើងឲ្យបន្តផ្សព្វផ្សាយដំណឹងល្អឥតឈប់? យើងនឹងពិចារណាចម្លើយចំពោះសំណួរទាំងនេះនៅអត្ថបទបន្ទាប់។
ចម្រៀងលេខ៧៦ តើអ្នកសប្បាយចិត្តទេ?
a ដើម្បីបានការពន្យល់អំពីមូលហេតុដែលមានការផ្លាស់ប្ដូរនេះ សូមមើលអត្ថបទដែលមានចំណងជើងថា «នេះគឺសមស្របតាមបំណងប្រាថ្នារបស់លោក» ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ ទំ.៣-៨។
b ក្រោយពីបាប៊ីឡូនដ៏ខ្លាំងក្លាបានត្រូវបំផ្លាញ រាស្ត្ររបស់ព្រះយេហូវ៉ាទាំងអស់នឹងត្រូវសាកល្បងក្នុងអំឡុងការវាយប្រហារពីកូកនៃស្រុកម៉ាកូក។ អ្នកណាដែលមកខាងរាស្ត្រព្រះយេហូវ៉ា បន្ទាប់ពីការបំផ្លាញបាប៊ីឡូនដ៏ខ្លាំងក្លាក៏នឹងត្រូវសាកល្បងដែរ។
c ការពណ៌នាអំពីរូបភាព៖ រូបភាពបីយ៉ាងបង្ហាញអំពីមូលហេតុដែលអ្នកខ្លះប្រហែលជាមិនឮដំណឹងដែលយើងផ្សព្វផ្សាយនៅទូទាំងពិភពលោក (១) ស្ត្រីម្នាក់រស់នៅតំបន់ដែលសាសនាដែលគេកាន់ជាទូទៅបង្កគ្រោះថ្នាក់ (២) ប្ដីប្រពន្ធមួយគូរស់នៅតំបន់ដែលប្រព័ន្ធនយោបាយបច្ចុប្បន្ននេះធ្វើឲ្យកិច្ចការផ្សព្វផ្សាយយើងខុសច្បាប់និងនាំឲ្យមានគ្រោះថ្នាក់ និង(៣) បុរសម្នាក់រស់នៅតំបន់មួយដែលពិបាកទៅដល់ដោយសារភូមិសាស្ត្រ ហើយជាទីតាំងដាច់ស្រយាល។
d ការពណ៌នាអំពីរូបភាព៖ ស្ត្រីវ័យក្មេងម្នាក់ដែលបានចាកចេញពីសេចក្ដីពិត នឹកចាំអំពីអ្វីដែលគាត់បានរៀនអំពីការបំផ្លាញនៃ«បាប៊ីឡូនដ៏ខ្លាំងក្លា»។ គាត់ប្រែចិត្ត ហើយត្រឡប់ទៅឪពុកម្ដាយរបស់គាត់ដែលជាសាក្សី។ បើអ្វីបែបនេះកើតឡើង យើងចង់មានបុគ្គលិកលក្ខណៈដូចបិតារបស់យើងនៅស្ថានសួគ៌ ជាបុគ្គលដែលមានចិត្តមេត្តាករុណានិងអាណិតអាសូរ ហើយអរសប្បាយពេលអ្នកប្រព្រឹត្តការខុសឆ្គងត្រឡប់មកលោកវិញ។