អត្ថបទសិក្សា ៣២
ចម្រៀងលេខ៤៤ សេចក្ដីអធិដ្ឋានរបស់មនុស្សទន់ទាប
ព្រះយេហូវ៉ាចង់ឲ្យមនុស្សទាំងអស់ប្រែចិត្ត
«ព្រះយេហូវ៉ា . . . មិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោលឡើយ តែចង់ឲ្យមនុស្សទាំងអស់មានឱកាសប្រែចិត្ត»។—២ពេ. ៣:៩
ចំណុចផ្ដោត
ដើម្បីយល់អត្ថន័យនៃការប្រែចិត្ត មូលហេតុដែលនោះសំខាន់ និងរបៀបដែលព្រះយេហូវ៉ាជួយមនុស្សគ្រប់ប្រភេទឲ្យប្រែចិត្ត។
១. តើការប្រែចិត្តរួមបញ្ចូលអ្វីខ្លះ?
ពេលយើងធ្វើខុសគឺសំខាន់ចំបាច់ឲ្យយើងប្រែចិត្ត។ នៅក្នុងគម្ពីរបុគ្គលដែលប្រែចិត្ត គឺជាបុគ្គលដែលបានផ្លាស់ប្ដូរគំនិតចំពោះទង្វើណាមួយដែលគាត់បានប្រព្រឹត្ត ឈប់ធ្វើទង្វើនោះ ហើយតាំងចិត្តមិនប្រព្រឹត្តទង្វើនោះទៀត (សូមមើលនិយមន័យពាក្យ«ប្រែចិត្ត»)។
២. ហេតុអ្វីយើងទាំងអស់គ្នាត្រូវរៀនអំពីការប្រែចិត្ត? (នេហេមា ៨:៩-១១)
២ មនុស្សទាំងអស់ត្រូវរៀនអំពីការប្រែចិត្ត។ ហេតុអ្វី? ដោយសារយើងទាំងអស់គ្នាធ្វើខុសរាល់ថ្ងៃ។ ក្នុងនាមជាកូនចៅរបស់អាដាមនិងអេវ៉ា យើងម្នាក់ៗបានឆ្លងភាពខុសឆ្គងនិងសេចក្ដីស្លាប់។ (រ៉ូម ៣:២៣; ៥:១២) គ្មានយើងណាម្នាក់អាចគេចផុតបានទេ។ សូម្បីតែបុរសដែលមានជំនឿរឹងមាំដូចជាសាវ័កប៉ូល ក៏ត្រូវតយុទ្ធនឹងការខុសឆ្គងដែរ។ (រ៉ូម ៧:២១-២៤) តើនេះមានន័យថាយើងគួរពិបាកចិត្តគ្រប់ពេលដោយសារការខុសឆ្គងរបស់យើងឬទេ? មិនមែនទេ។ ព្រះយេហូវ៉ាមានសេចក្ដីមេត្តាករុណា ហើយលោកចង់ឲ្យយើងមានចិត្តសប្បាយ។ សូមគិតអំពីបទពិសោធន៍របស់ជនជាតិយូដានៅសម័យនេហេមា។ (សូមអាន នេហេមា ៨:៩-១១) ព្រះយេហូវ៉ាមិនចង់ឲ្យពួកគេកើតទុក្ខពន់ពេកចំពោះកំហុសនៅអតីតកាលទេ តែលោកចង់ឲ្យពួកគេគោរពប្រណិប័តន៍លោកដោយអំណរ។ ព្រះយេហូវ៉ាដឹងថាការប្រែចិត្តនាំឲ្យយើងធូរស្រាលនិងសប្បាយចិត្ត។ ដូច្នេះ លោកបង្រៀនយើងអំពីរឿងនេះ។ បើយើងប្រែចិត្តពីការខុសឆ្គងរបស់យើង យើងអាចជឿជាក់ថាបិតារបស់យើងដែលមានសេចក្ដីមេត្តាករុណានឹងអភ័យទោសឲ្យយើង។
៣. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៣ សូមយើងរៀនថែមទៀតអំពីការប្រែចិត្ត។ នៅក្នុងអត្ថបទនេះយើងនឹងពិចារណាចំណុចបីយ៉ាង។ ដំបូង យើងនឹងរៀនអំពីអ្វីដែលព្រះយេហូវ៉ាបង្រៀនជនជាតិអ៊ីស្រាអែលអំពីការប្រែចិត្ត។ បន្ទាប់មក យើងនឹងផ្ដោតអារម្មណ៍លើរបៀបដែលព្រះយេហូវ៉ា ជួយមនុស្សឲ្យប្រែចិត្ត និងចុងក្រោយ យើងនឹងពិចារណាអ្វីដែលលោកយេស៊ូបង្រៀនពួកអ្នកកាន់តាមលោកអំពីការប្រែចិត្ត។
អ្វីដែលព្រះយេហូវ៉ាបង្រៀនជនជាតិអ៊ីស្រាអែលអំពីការប្រែចិត្ត
៤. តើព្រះយេហូវ៉ាបានបង្រៀនអ្វីដល់ប្រជាជាតិអ៊ីស្រាអែលអំពីការប្រែចិត្ត?
៤ ពេលព្រះយេហូវ៉ារៀបចំឲ្យជនជាតិអ៊ីស្រាអែលទៅជាប្រជាជាតិមួយ លោកបានធ្វើកិច្ចព្រមព្រៀងជាមួយពួកគេ។ បើពួកគេធ្វើតាមច្បាប់របស់លោក លោកនឹងការពារ ហើយផ្ដល់ពរដល់ពួកគេ។ ស្ដីអំពីច្បាប់ទាំងនោះ ព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្តរបស់ពួកគេថា៖ «បញ្ញត្តិទាំងនេះដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ មិនមែនពិបាកពេក ហើយក៏មិននៅឆ្ងាយពីអ្នករាល់គ្នាដែរ»។ (បច. ៣០:១១, ១៦) ប៉ុន្តែ បើពួកគេមិនធ្វើតាមច្បាប់របស់លោកឬបើពួកគេសម្រេចចិត្តគោរពបូជាព្រះឯទៀត លោកនឹងលែងការពារពួកគេទៀត ហើយពួកគេនឹងរងទុក្ខ។ ទោះជាយ៉ាងនោះក៏ដោយ ពួកគេនៅតែអាចទទួលការពេញចិត្តពីព្រះម្ដងទៀត។ ពួកគេអាច«ត្រឡប់មករកព្រះយេហូវ៉ាជាព្រះនៃ[ពួកគេ]វិញ ព្រមទាំងធ្វើតាមបង្គាប់ទាំងអស់របស់លោក»។ (បច. ៣០:១-៣, ១៧-២០) និយាយឲ្យចំទៅពួកគេអាចប្រែចិត្ត។ បើពួកគេធ្វើដូច្នេះ ព្រះយេហូវ៉ានឹងចូលទៅជិតពួកគេ ហើយផ្ដល់ពរដល់ពួកគេម្ដងទៀត។
៥. តើព្រះយេហូវ៉ាបានបង្ហាញយ៉ាងណាថាលោកមិនអស់សង្ឃឹមចំពោះរាស្ត្ររបស់លោក? (បណ្ដាស្ដេចទី២ ១៧:១៣, ១៤)
៥ រាស្ត្រដែលព្រះយេហូវ៉ាបានជ្រើសរើសបានបះបោរប្រឆាំងលោកម្ដងហើយម្ដងទៀត។ ក្រៅពីគោរពបូជារូបព្រះ ពួកគេបានប្រព្រឹត្តអំពើអាក្រក់ៗជាច្រើន។ ជាលទ្ធផលពួកគេរងទុក្ខ។ ប៉ុន្តែ ព្រះយេហូវ៉ាបន្តព្យាយាមជួយពួកគេឲ្យបម្រើលោកម្ដងទៀត។ លោកបានចាត់អ្នកប្រកាសទំនាយម្ដងហើយម្ដងទៀតដើម្បីដាស់តឿនរាស្ត្ររបស់លោកឲ្យប្រែចិត្ត ហើយត្រឡប់មករកលោកវិញ។—សូមអាន បណ្ដាស្ដេចទី២ ១៧:១៣, ១៤
៦. តើតាមរបៀបណាព្រះយេហូវ៉ាប្រើពួកអ្នកប្រកាសទំនាយរបស់លោកដើម្បីបង្រៀនរាស្ត្រលោកអំពីសារៈសំខាន់នៃការប្រែចិត្ត? (សូមមើលរូបភាពផងដែរ)
៦ ព្រះយេហូវ៉ាច្រើនតែប្រើពួកអ្នកប្រកាសទំនាយរបស់លោកដើម្បីព្រមាននិងកែតម្រង់រាស្ត្ររបស់លោក។ ជាឧទាហរណ៍ ព្រះបានមានប្រសាសន៍តាមរយៈយេរេមាថា៖ «ឱអ៊ីស្រាអែលដែលក្បត់ជំនឿអើយ! ចូរត្រឡប់មករកខ្ញុំវិញ . . . ខ្ញុំនឹងមិនមើលទៅអ្នកដោយកំហឹងទេ ព្រោះខ្ញុំមានភក្ដីភាព . . . ខ្ញុំនឹងមិនខឹង អ្នករហូតឡើយ។ ចូរទទួលស្គាល់កំហុសរបស់ខ្លួនទៅ ព្រោះអ្នកបានធ្វើខុសចំពោះខ្ញុំជាយេហូវ៉ា»។ (យេ. ៣:១២, ១៣) តាមរយៈយ៉ូអែល ព្រះយេហូវ៉ាបានប្រាប់ថា៖ «ចូរត្រឡប់មករកខ្ញុំវិញ ដោយអស់ពីចិត្ត»។ (យ៉ូល. ២:១២, ១៣) ព្រះយេហូវ៉ាបានឲ្យអេសាយប្រកាសថា៖ «ចូរជម្រះខ្លួនឲ្យស្អាតបរិសុទ្ធ កុំឲ្យខ្ញុំឃើញអំពើទុច្ចរិតរបស់អ្នករាល់គ្នាទៀត ចូរឈប់ធ្វើអំពើអាក្រក់ទៅ»។ (អេ. ១:១៦-១៩) តាមរយៈអេសេគាលព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ខ្ញុំមិនត្រេកអរទេ ពេលឃើញមនុស្សទុច្ចរិតស្លាប់។ ប៉ុន្តែ ខ្ញុំពេញចិត្តណាស់ពេលឃើញពួកគេកែខ្លួន ហើយរស់រានមានជីវិតតទៅទៀត។ ខ្ញុំមិនរីករាយពេលឃើញអ្នកណាម្នាក់ស្លាប់ទេ។ ដូច្នេះ ចូរកែខ្លួនហើយរស់រានមានជីវិតតទៅទៀតចុះ»។ (អេគ. ១៨:២៣, ៣២) ព្រះយេហូវ៉ាពិតជាសប្បាយចិត្តពេលឃើញមនុស្សប្រែចិត្ត ដោយសារលោកចង់ឲ្យពួកគេរស់ជារៀងរហូត។ ដូច្នេះ ព្រះយេហូវ៉ាមិនរង់ចាំរហូតដល់មនុស្សកែប្រែហើយ ទើបលោកជួយពួកគេនោះទេ។ សូមយើងមើលឧទាហរណ៍ផ្សេងទៀតអំពីរឿងនេះ។
៧. ដោយប្រើកំណត់ហេតុរបស់អ្នកប្រកាសទំនាយហូសេនិងប្រពន្ធរបស់គាត់ តើព្រះយេហូវ៉ាបង្រៀនរាស្ត្ររបស់លោកអំពីអ្វី?
៧ សូមកត់សម្គាល់អ្វីដែលព្រះយេហូវ៉ាបង្រៀនរាស្ត្ររបស់លោកតាមរយៈអ្នកប្រកាសទំនាយហូសេ និងប្រពន្ធរបស់គាត់កូមឺ។ ក្រោយពីប្រព្រឹត្តអំពើផិតក្បត់ នាងបានចុះចោលហូសេ ហើយទៅតាមប្រុសផ្សេង។ តើនាងកែលែងឡើងឬ? ព្រះយេហូវ៉ាដែលជាព្រះដែលអាចជ្រាបអ្វីដែលនៅក្នុងចិត្តប្រាប់ហូសេថា៖ «ចូរទៅស្រឡាញ់ស្ត្រីនោះម្ដងទៀត ដែលជាគូស្នេហ៍របស់បុរសផ្សេង ហើយកំពុងប្រព្រឹត្តអំពើផិតក្បត់ គឺស្រឡាញ់នាង ដូចខ្ញុំយេហូវ៉ាស្រឡាញ់ជនជាតិអ៊ីស្រាអែល កាលដែលពួកគេបែរទៅរកព្រះឯទៀត»។ (ហូ. ៣:១; សុភ. ១៦:២) សូមកត់សម្គាល់ថាប្រពន្ធរបស់ហូសេនៅតែប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ប៉ុន្តែព្រះយេហូវ៉ាប្រាប់ហូសេឲ្យអភ័យទោសឲ្យនាង ហើយទទួលយកនាងជាប្រពន្ធម្ដងទៀត។ a ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាមិនគិតថារាស្ត្ររបស់លោកដែលជាមនុស្សរឹងរូស កែលែងឡើងនោះទេ។ ទោះជាពួកគេប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរក្ដី លោកនៅតែស្រឡាញ់ពួកគេ។ លោកបានចាត់ពួកអ្នកប្រកាសទំនាយម្ដងហើយម្ដងទៀតដើម្បីជួយពួកគេឲ្យប្រែចិត្ត ហើយផ្លាស់ប្ដូរការប្រព្រឹត្តរបស់ពួកគេ។ តើនេះបង្ហាញយ៉ាងណាអំពីព្រះយេហូវ៉ាដែល«ជាអ្នកពិនិត្យមើលចិត្ត»? តើលោកនឹងខំព្យាយាមជួយបុគ្គលណាម្នាក់ដែលនៅតែប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរឲ្យប្រែចិត្តឬទេ? (សុភ. ១៧:៣) សូមយើងពិចារណាចម្លើយចំពោះសំណួរទាំងនេះ។
របៀបព្រះយេហូវ៉ាព្យាយាមជំរុញចិត្តពួកអ្នកប្រព្រឹត្តអំពើខុសឆ្គងឲ្យប្រែចិត្ត
៨. តើព្រះយេហូវ៉ាបានធ្វើអ្វីដើម្បីជួយកាអ៊ីនឲ្យប្រែចិត្ត? (ដើមកំណើត ៤:៣-៧) (សូមមើលរូបភាពផងដែរ)
៨ កាអ៊ីនជាកូនប្រុសច្បងរបស់អាដាមនិងអេវ៉ា។ ដូចកូនៗទាំងអស់របស់អាដាមនិងអេវ៉ា កាអ៊ីនបានឆ្លងទំនោរចិត្តឲ្យចង់ធ្វើអ្វីដែលខុសពីឪពុកម្ដាយរបស់គាត់។ កាអ៊ីនក៏មិនបានទប់ទល់នឹងបំណងចិត្តទាំងនោះទេ។ គម្ពីរបានចែងអំពីគាត់ថា៖ «អំពើដែលគាត់បានធ្វើសុទ្ធតែទុច្ចរិត»។ (១យ៉ូន. ៣:១២) នេះប្រហែលជាមូលហេតុដែលព្រះយេហូវ៉ា«មិនពេញចិត្តនឹងកាអ៊ីន និងគ្រឿងបូជារបស់គាត់ទេ»។ ជាជាងផ្លាស់ប្ដូរការប្រព្រឹត្តរបស់គាត់«កាអ៊ីនខឹងយ៉ាងខ្លាំង ហើយមានទឹកមុខក្រញូវ»។ ដូច្នេះ តើព្រះយេហូវ៉ាបានធ្វើអ្វី? លោកបាននិយាយទៅកាន់កាអ៊ីន។ (សូមអាន ដើមកំណើត ៤:៣-៧) សូមកត់សម្គាល់ថាព្រះយេហូវ៉ាបានវែកញែកលើកហេតុផលជាមួយកាអ៊ីនដោយក្ដីសប្បុរស ហើយបានប្រាប់គាត់ថា លោកនឹងឲ្យពរគាត់បើគាត់ធ្វើអ្វីល្អ។ ប៉ុន្តែ ព្រះយេហូវ៉ាក៏ព្រមានកាអ៊ីនថាកំហឹងរបស់គាត់អាចនាំឲ្យគាត់ធ្វើអ្វីដែលអាក្រក់។ គួរឲ្យស្ដាយ កាអ៊ីនមិនព្រមស្ដាប់តាមព្រះយេហូវ៉ាទេ។ គាត់មិនបានអនុញ្ញាតឲ្យព្រះយេហូវ៉ាជួយគាត់ឲ្យប្រែចិត្តឡើយ។ ដោយសារកាអ៊ីនមិនបានស្ដាប់តាមប្រសាសន៍របស់ព្រះយេហូវ៉ានៅពេលនោះ តើព្រះយេហូវ៉ាឈប់ព្យាយាមជួយពួកអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងឯទៀតឲ្យប្រែចិត្តឬ? គឺមិនមែនទាល់តែសោះ!
៩. តើព្រះយេហូវ៉ាជួយដាវីឌឲ្យប្រែចិត្តតាមរបៀបណា?
៩ ព្រះយេហូវ៉ាស្រឡាញ់ស្ដេចដាវីឌខ្លាំងណាស់។ លោកថែមទាំងហៅដាវីឌថា៖ «ជាអ្នកដែលខ្ញុំពេញចិត្ត»។ (សកម្ម. ១៣:) ប៉ុន្តែ ដាវីឌបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរដូចជាផិតក្បត់ និងឃាតកម្មជាដើម។ យោងទៅតាមច្បាប់ម៉ូសេ ដាវីឌសមនឹងស្លាប់។ ( ២២ចល. ២០:១០; ជប. ៣៥:៣១) ប៉ុន្តែ ព្រះយេហូវ៉ាចង់ជួយដាវីឌឲ្យប្រែចិត្ត។ b លោកបានចាត់អ្នកប្រកាសទំនាយណាថាន់ឲ្យទៅជួបស្ដេចដាវីឌ ទោះជាដាវីឌមិនទាន់ប្រែចិត្តពីអំពើខុសឆ្គងក៏ដោយ។ ណាថាន់បានលើកឧទាហរណ៍ដើម្បីជួយដាវីឌឲ្យយល់ថាគាត់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ នោះធ្វើឲ្យដាវីឌរំជួលចិត្ត ហើយគាត់បានប្រែចិត្ត។ (២សាំ. ១២:១-១៤) ដាវីឌបានតែងបទចម្រៀងសរសើរព្រះមួយដែលបង្ហាញអំពីអារម្មណ៍សោកស្ដាយរបស់គាត់អំពីអ្វីដែលគាត់បានធ្វើ។ (ចសព. ៥១, ពាក្យផ្ដើម) បទចម្រៀងនោះបានសម្រាលទុក្ខមនុស្សច្រើនឥតគណនាដែលប្រព្រឹត្តអំពើខុសឆ្គង ហើយជំរុញចិត្តពួកគេឲ្យប្រែចិត្ត។ យើងពិតជាសប្បាយណាស់ដែលព្រះយេហូវ៉ាបានជួយដាវីឌឲ្យប្រែចិត្តមែនទេ?
១០. តើអ្នកមានអារម្មណ៍យ៉ាងណាអំពីចិត្តអត់ធ្មត់និងការអភ័យទោសរបស់ព្រះយេហូវ៉ាចំពោះយើង?
១០ ព្រះយេហូវ៉ាស្អប់ការខុសឆ្គងគ្រប់ប្រភេទ។ (ចសព. ៥:៤, ៥) លោកដឹងថាយើងទាំងអស់គ្នាចេះធ្វើខុស ប៉ុន្តែដោយសារព្រះយេហូវ៉ាស្រឡាញ់យើង លោកសម្រេចចិត្តជួយយើងឲ្យតយុទ្ធនឹងការខុសឆ្គង។ សូម្បីតែពួកអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ក៏លោកតែងតែព្យាយាមជួយពួកគេឲ្យប្រែចិត្ត ហើយចូលទៅជិតលោកដែរ។ នេះសម្រាលទុក្ខយើងខ្លាំងណាស់! ពេលយើងគិតអំពីចិត្តអត់ធ្មត់និងការអភ័យទោសរបស់ព្រះយេហូវ៉ា នោះជំរុញចិត្តយើងឲ្យតាំងចិត្តរក្សាភាពស្មោះត្រង់នឹងលោក ហើយឆាប់ប្រែចិត្តពេលយើងធ្វើខុស។ ឥឡូវ យើងនឹងរៀនអំពីអ្វីដែលលោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកអំពីការប្រែចិត្ត។
អ្វីដែលអ្នកកាន់តាមលោកយេស៊ូបានរៀនអំពីការប្រែចិត្ត
១១-១២. តើលោកយេស៊ូបានប្រើឧទាហរណ៍អ្វីដើម្បីបង្រៀនយើងថាព្រះយេហូវ៉ាចង់អភ័យទោសឲ្យយើង? (សូមមើលរូបភាព)
១១ ដូចបានត្រូវរៀបរាប់នៅអត្ថបទមុន នៅឆ្នាំ២៩ គ.ស. ព្រះយេហូវ៉ាបានប្រើយ៉ូហានដែលជាអ្នកជ្រមុជទឹកនិងលោកយេស៊ូគ្រិស្តឲ្យបង្រៀនមនុស្សអំពីសារៈសំខាន់នៃការប្រែចិត្ត។—ម៉ាថ. ៣:១, ២; ៤:១៧
១២ ក្នុងអំឡុងកិច្ចបម្រើរបស់លោកយេស៊ូនៅផែនដី លោកបានបង្រៀនបណ្ដាជនថាបិតារបស់លោកចង់អភ័យទោសឲ្យយើង ពេលយើងធ្វើខុស។ លោកយេស៊ូបង្រៀនមេរៀនដ៏សំខាន់នេះ ពេលលោកប្រាប់ឧទាហរណ៍អំពីកូនដែលវង្វេងបាត់។ បុរសវ័យក្មេងក្នុងឧទាហរណ៍នោះសម្រេចចិត្តចាកចេញពីផ្ទះ ហើយមានរបៀបរស់នៅដែលខុសឆ្គងអស់មួយរយៈ។ ប៉ុន្តែក្រោយមក «គាត់ភ្ញាក់ខ្លួន»ហើយត្រឡប់មកផ្ទះវិញ។ តើឪពុកគាត់មានប្រតិកម្មយ៉ាងណា? លោកយេស៊ូបានមានប្រសាសន៍ថា ពេលកូននោះ«នៅឆ្ងាយនៅឡើយ ឪពុកគាត់ក្រឡេកទៅឃើញ ក៏មានចិត្តក្ដួលអាណិត រួចរត់ទៅឱបកូន ហើយថើបដោយក្ដីស្រឡាញ់»។ កូនប្រុសនោះមានបំណងចង់សុំឪពុកឲ្យគាត់ធ្វើជាខ្ញុំបម្រើក្នុងផ្ទះនោះ។ ប៉ុន្តែ ឪពុកបានហៅគាត់ថា៖ «កូនប្រុសខ្ញុំ» ហើយទទួលគាត់ជាសមាជិកក្រុមគ្រួសារវិញ។ ឪពុកគាត់និយាយថា៖ «កូនប្រុសខ្ញុំនេះ . . . បានបាត់ តែបានត្រូវរកឃើញវិញហើយ»។ (លូក. ១៥:១១-៣២) លោកយេស៊ូទំនងជាបានឃើញបិតារបស់លោកបង្ហាញចិត្តអាណិតមេត្តាដូចនេះចំពោះមនុស្សជាច្រើនដែលប្រព្រឹត្តអំពើខុសឆ្គងដែលប្រែចិត្ត កាលដែលលោកនៅស្ថានសួគ៌ជាមួយបិតាលោកមុនមកផែនដី។ ឧទាហរណ៍ដែលលោកយេស៊ូបានរៀបរាប់នេះពិតជាសម្រាលទុក្ខយើង ហើយបង្ហាញថាព្រះយេហូវ៉ាដែលជាបិតារបស់យើងមានសេចក្ដីមេត្តាករុណាជាខ្លាំង!
១៣-១៤. តើសាវ័កពេត្រុសបានរៀនអ្វីអំពីការប្រែចិត្ត ហើយតើគាត់បានបង្រៀនអ្នកឯទៀតយ៉ាងណាអំពីរឿងនេះ? (សូមមើលរូបភាពផងដែរ)
១៣ សាវ័កពេត្រុសបានរៀនមេរៀនដ៏សំខាន់ពីលោកយេស៊ូស្ដីអំពីការប្រែចិត្តនិងការអភ័យទោស។ ពេត្រុសបានធ្វើខុសអស់ជាច្រើនដង តែលោកយេស៊ូតែងតែអភ័យទោសឲ្យគាត់។ ជាឧទាហរណ៍ ក្រោយពីពេត្រុសបានបដិសេធមិនទទួលស្គាល់លោកម្ចាស់របស់គាត់អស់បីដង គាត់មានចិត្តខ្ទេចខ្ទាំជាខ្លាំងចំពោះអ្វីដែលគាត់បានធ្វើ។ (ម៉ាថ. ២៦:៣៤, ៣៥, ៦៩-៧៥) ប៉ុន្តែ ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានលេចមកជួបពេត្រុស តាមមើលទៅនៅដោយឡែកពីគេ។ (លូក. ២៤:៣៣, ៣៤; ១កូ. ១៥:៣-៥) លោកយេស៊ូដឹងថាពេត្រុសបានប្រែចិត្ត ហើយលោកទំនងជាចង់ពង្រឹងទំនុកចិត្តគាត់ថាលោកបានអភ័យទោសឲ្យគាត់ហើយ។
១៤ ដោយសារបទពិសោធន៍ដែលពេត្រុសបានឆ្លងកាត់ គាត់អាចបង្រៀនអ្នកឯទៀតអំពីការប្រែចិត្តនិងការអភ័យទោស។ ក្រោយបុណ្យថ្ងៃទី៥០ ពេត្រុសបានពន្យល់ជនជាតិយូដាមួយក្រុមថា បុគ្គលដែលពួកគេបានសម្លាប់គឺជាមេស្ស៊ី។ ទោះជា យ៉ាងនោះក៏ដោយ គាត់បានលើកទឹកចិត្តពួកគេថា៖ «ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកវិញចុះ ដើម្បីឲ្យការខុសឆ្គងរបស់អ្នករាល់គ្នាត្រូវលុបចោល។ យ៉ាងនេះ ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តក្នុងចិត្ត»។ (សកម្ម. ៣:១៤, ១៥, ១៧, ១៩) ពេត្រុសបង្ហាញថាការប្រែចិត្ត ជំរុញចិត្តបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងឲ្យវិលមកវិញ ពោលគឺកែប្រែរបៀបគិតគូរ និងការប្រព្រឹត្តខុសនោះ ហើយចាប់ផ្ដើមមានរបៀបរស់នៅដែលព្រះពេញចិត្ត។ គាត់ក៏បង្ហាញថាព្រះយេហូវ៉ានឹងលុបចោលការខុសឆ្គងរបស់ពួកគេ ឬធ្វើឲ្យការខុសឆ្គងនោះបាត់សូន្យទៅ។ ម្យ៉ាងទៀត នៅច្រើនឆ្នាំក្រោយមក ពេត្រុសបានពង្រឹងទំនុកចិត្តគ្រិស្តសាសនិកថា៖ «ព្រះយេហូវ៉ា . . . អត់ធ្មត់នឹងអ្នករាល់គ្នា ពីព្រោះលោកមិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោលឡើយ តែចង់ឲ្យមនុស្សទាំងអស់មានឱកាសប្រែចិត្ត»។ (២ពេ. ៣:៩) នេះជាសេចក្ដីសង្ឃឹមដ៏អស្ចារ្យសម្រាប់គ្រិស្តសាសនិកពេលដែលធ្វើខុស សូម្បីតែនោះជាអំពើខុសឆ្គងធ្ងន់ធ្ងរក៏ដោយ។
១៥-១៦. (ក) តើសាវ័កប៉ូលបានរៀនអ្វីអំពីការអភ័យទោស? (ធីម៉ូថេទី១ ១:១២-១៥) (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទបន្ទាប់?
១៥ សុលដែលជាអ្នកក្រុងតើសុសបានប្រព្រឹត្តអ្វីដ៏អាក្រក់ជាច្រើន។ គាត់បានបៀតបៀនអ្នកកាន់តាមគ្រិស្តយ៉ាងសាហាវឃោរឃៅ។ គ្រិស្តសាសនិកភាគច្រើនទំនងជាមានទស្សនៈថាគាត់កែលែងឡើងហើយ។ ប៉ុន្តែ លោកយេស៊ូដឹងថាសុលអាចផ្លាស់ប្ដូរ ហើយប្រែចិត្តបាន។ លោកនិងបិតារបស់លោកឃើញគុណសម្បត្តិរបស់សុល។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «បុរសនេះប្រៀបដូចជាភាជនៈដែលខ្ញុំបានជ្រើសរើស»។ (សកម្ម. ៩:១៥) លោកយេស៊ូថែមទាំងបានធ្វើអព្ភូតហេតុដើម្បីជួយសុលឲ្យប្រែចិត្តទៀតផង។ (សកម្ម. ៧:៥៨–៨:៣; ៩:១-៩, ១៧-២០)។ ក្រោយពីសុលដែលក្រោយមកបានត្រូវគេស្គាល់ថាជាសាវ័កប៉ូលបានក្លាយទៅជាគ្រិស្តសាសនិក គាត់ច្រើនតែនិយាយអំពីចិត្តកតញ្ញូរបស់គាត់ចំពោះសេចក្ដីសប្បុរសនិងសេចក្ដីមេត្តាករុណាដែលគាត់បានទទួល។ (សូមអាន ធីម៉ូថេទី១ ១:១២-១៥) សាវ័កដែលមានចិត្តកតញ្ញូនោះបានបង្រៀនបងប្អូនថា៖ «សេចក្ដីសប្បុរសរបស់ព្រះកំពុងព្យាយាមជំរុញអ្នកឲ្យប្រែចិត្ត»។—រ៉ូម ២:៤
១៦ នៅពេលមួយប៉ូលបានឮថាក្រុមជំនុំនៅក្រុងកូរិនថូស បានអនុញ្ញាតឲ្យបុរសដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទបន្តនៅក្នុងក្រុមជំនុំ។ តើគាត់បានធ្វើអ្វី? អ្វីដែលគាត់បានធ្វើបង្រៀនយើងច្រើនអំពីការប្រៀនប្រដៅដែលប្រកបដោយសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ា និងអំពីសារៈសំខាន់នៃការបង្ហាញសេចក្ដីមេត្តាករុណា។ យើងនឹងពិចារណាកំណត់ហេតុនេះឲ្យបានល្អិតល្អន់ជាងនៅក្នុងអត្ថបទបន្ទាប់។
ចម្រៀងលេខ៣៣ ចូរផ្ទេរបន្ទុកទៅលើព្រះយេហូវ៉ា
a ករណីនេះគឺខុសប្លែកពីធម្មតា។ នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាមិនតម្រូវឲ្យគូដែលគ្មានកំហុសបន្តរួមរស់ជាមួយនឹងគូដែលប្រព្រឹត្តអំពើផិតក្បត់នោះទេ។ តាមការពិត ព្រះយេហូវ៉ាណែនាំបុត្ររបស់លោកឲ្យបង្រៀនថា ប្ដីឬប្រពន្ធដែលបានត្រូវគូផិតក្បត់ អាចសម្រេចចិត្តលែងលះគូរបស់ពួកគេ បើពួកគេចង់។—ម៉ាថ. ៥:៣២; ១៩:៩
b សូមមើលអត្ថបទដែលមានចំណងជើងថា «តើការអភ័យទោសរបស់ព្រះយេហូវ៉ាផ្ដល់ប្រយោជន៍អ្វីដល់អ្នក?» ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ទំ.២១-២៣ វ.៣-១០។