លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ៤៥

ចម្រៀង​លេខ​១៣៨ សក់​ស្កូវ​ជា​មកុដ

ចូរ​រៀន​ពី​បណ្ដាំ​ចុង​ក្រោយ​របស់​បុរស​ស្មោះ​ត្រង់

ចូរ​រៀន​ពី​បណ្ដាំ​ចុង​ក្រោយ​របស់​បុរស​ស្មោះ​ត្រង់

«​មនុស្ស​ចាស់​តែង​មាន​ប្រាជ្ញា ហើយ​មនុស្ស​ដែល​មាន​អាយុ​វែង​តែង​មាន​ការ​យល់​ដឹង មែន​ទេ?​»។យ៉ូប ១២:១២

ចំណុច​ផ្ដោត

ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​ទទួល​ពរ​នៅ​ឥឡូវ​នេះ និង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ថ្ងៃ​អនាគត។

១. ហេតុ​អ្វី​យើង​គួរ​រៀន​ពី​បង​ប្អូន​វ័យ​ចាស់?

 យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ការ​ណែនាំ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ក្នុង​ជីវិត។ យើង​អាច​ទទួល​ការ​ណែនាំ​ភាគ​ច្រើន​ពី​អ្នក​ចាស់​ទុំ​និង​បង​ប្អូន​ដែល​មាន​ភាព​ចាស់​ទុំ។ ក្នុង​ចំណោម​ពួក​គាត់ មាន​បង​ប្អូន​ខ្លះ​មាន​វ័យ​ចាស់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​មិន​គួរ​គិត​ថា​យោបល់​របស់​ពួក​គាត់​ហួស​សម័យ​ឡើយ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​រៀន​ពី​បង​ប្អូន​វ័យ​ចាស់ ពីព្រោះ​ពួក​គាត់​មាន​បទ​ពិសោធន៍ ចំណេះ និង​ប្រាជ្ញា​ច្រើន​ជាង​យើង។—យ៉ូប ១២:១២

២. តើ​យើង​នឹង​ពិនិត្យ​មើល​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

នៅ​សម័យ​គម្ពីរ ព្រះ​យេហូវ៉ា​ប្រើ​មនុស្ស​វ័យ​ចាស់​ដែល​មាន​ភាព​ស្មោះ​ត្រង់​ឲ្យ​លើក​ទឹក​ចិត្ត​និង​ណែនាំ​រាស្ត្រ​របស់​លោក។ សូម​ពិចារណា​អំពី​ម៉ូសេ ដាវីឌ និង​សាវ័ក​យ៉ូហាន។ ពួក​គាត់​រស់​នៅ​សម័យ​ខុស​ៗ​គ្នា ហើយ​ស្ថានភាព​របស់​ពួក​គាត់​ម្នាក់​ៗ​ក៏​ខុស​គ្នា​ឆ្ងាយ​ណាស់​ដែរ។ ប៉ុន្តែ ពេល​ដែល​ពួក​គាត់​ជិត​ស្លាប់ ពួក​គាត់​បាន​ផ្ដល់​យោបល់​ប្រកប​ដោយ​ប្រាជ្ញា​ដល់​អស់​អ្នក​ដែល​ក្មេង​ជាង​ពួក​គាត់។ បុរស​ដ៏​ស្មោះ​ទាំង​នេះ​បាន​លើក​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​ស្ដាប់​បង្គាប់​ព្រះ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​កត់​ទុក​ក្នុង​គម្ពីរ​នូវ​ពាក្យ​សម្ដី​ដែល​ប្រកប​ដោយ​ប្រាជ្ញា​របស់​ពួក​គាត់​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ ដូច្នេះ មិន​ថា​យើង​ក្មេង​ឬ​ចាស់ យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​ពិចារណា​ឱវាទ​របស់​ពួក​គាត់។ (​រ៉ូម ១៥:៤; ២ធី. ៣:១៦​) ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិនិត្យ​មើល​បណ្ដាំ​ចុង​ក្រោយ​របស់​បុរស​វ័យ​ចាស់​ទាំង​បី​នាក់​នេះ ព្រម​ទាំង​មេ​រៀន​ដែល​យើង​អាច​រៀន​ពី​ពាក្យ​សម្ដី​របស់​ពួក​គាត់។

​«​លោក​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​យូរ​អង្វែង​»​

៣. តើ​ម៉ូសេ​មាន​មុខ​ងារ​អ្វី​ខ្លះ?

ម៉ូសេ​ប្រឹង​ប្រែង​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​មួយ​ជីវិត។ គាត់​មាន​មុខ​ងារ​ជា​អ្នក​ប្រកាស​ទំនាយ អ្នក​សម្រេច​ក្ដី អ្នក​ដឹក​នាំ និង​អ្នក​ប្រវត្តិសាស្ត្រ។ ម៉ូសេ​មាន​បទ​ពិសោធន៍​ច្រើន​ណាស់! ជា​ឧទាហរណ៍ គាត់​បាន​ដឹក​នាំ​ប្រជា​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ភាព​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេហ្ស៊ីប ព្រម​ទាំង​ឃើញ​ព្រះ​យេហូវ៉ា​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន​ដោយ​ផ្ទាល់​ភ្នែក។ ព្រះ​យេហូវ៉ា​ក៏​បាន​ប្រើ​គាត់​ឲ្យ​សរសេរ​សៀវភៅ​ប្រាំ​ក្បាល​ដំបូង​ក្នុង​គម្ពីរ ព្រម​ទាំង​ចម្រៀង​សរសើរ​ព្រះ បទ​ទី​៩០ និង​ប្រហែល​ជា​បទ​ទី​៩១ ហើយ​ទំនង​ជា​សៀវភៅ​យ៉ូប​ដែរ។

៤. តើ​ម៉ូសេ​បាន​លើក​ទឹក​ចិត្ត​អ្នក​ណា ហើយ​ហេតុ​អ្វី?

ពេល​ម៉ូសេ​មាន​អាយុ​១២០​ឆ្នាំ មុន​គាត់​ជិត​ស្លាប់​គាត់​បាន​ហៅ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​មក​ជួប​ជុំ​គ្នា។ ហេតុ​អ្វី? ដោយ​សារ​គាត់​ចង់​រំលឹក​ពួក​គេ​អំពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​ពួក​គេ។ អស់​ជា​ច្រើន​ឆ្នាំ ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​បាន​ឃើញ​អព្ភូតហេតុ​ជា​ច្រើន​ដែល​មក​ពី​ព្រះ​យេហូវ៉ា និង​របៀប​ដែល​លោក​ដាក់​ទោស​ជន​ជាតិ​អេហ្ស៊ីប។ (​ដច. ៧:៣, ៤​) ពួក​គេ​បាន​ឃើញ​ព្រះ​យេហូវ៉ា​ញែក​សមុទ្រ​ក្រហម ហើយ​បាន​ដើរ​កាត់​បាត​សមុទ្រ​នោះ និង​ឃើញ​ព្រះ​យេហូវ៉ា​បំផ្លាញ​ផារ៉ូ​រួម​ទាំង​កង​ទ័ព​ទាំង​អស់​របស់​ផារ៉ូ។ (​ដច. ១៤:២៩​-​៣១​) បន្ថែម​ទៅ​ទៀត នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ ពួក​គេ​ក៏​បាន​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ថែ​រក្សា​ការ​ពារ​ពួក​គេ​ដែរ។ (​បច. ៨:៣, ៤​) ឥឡូវ​កាល​ដែល​ពួក​គេ​ហៀប​នឹង​ចូល​ស្រុក​ដែល​ព្រះ​បាន​សន្យា ម៉ូសេ​ឆ្លៀត​យក​ឱកាស​ចុង​ក្រោយ​នេះ​ដើម្បី​លើក​ទឹក​ចិត្ត​បណ្ដា​ជន។ a

៥. តើ​បណ្ដាំ​ចុង​ក្រោយ​របស់​ម៉ូសេ​នៅ​ការ​បំភ្លឺ​ច្បាប់ ៣០:១៩, ២០ ផ្ដល់​ទំនុក​ចិត្ត​យ៉ាង​ណា​ដល់​ជន​ជាតិ​អ៊ីស្រាអែល?

តើ​ម៉ូសេ​បាន​និយាយ​អ្វី? (​សូម​អាន ការ​បំភ្លឺ​ច្បាប់ ៣០:១៩, ២០) គាត់​និយាយ​ថា ប្រជា​ជាតិ​អ៊ីស្រាអែល​នឹង​មាន​អនាគត​ដ៏​ភ្លឺ​ស្វាង ព្រោះ​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​ពួក​គេ។ យ៉ាង​នេះ ពួក​គេ​អាច​រស់​នៅ​យ៉ាង​យូរ​អង្វែង​ក្នុង​ទឹក​ដី​ដែល​ព្រះ​បាន​សន្យា​ឲ្យ​ពួក​គេ។ ទឹក​ដី​នោះ​ស្រស់​ស្អាត​និង​សម្បូរ​ភោគ​ផល​ណាស់! ម៉ូសេ​រៀប​រាប់​ប្រាប់​ពួក​គេ​ថា​៖ ​«​មាន​ក្រុង​ល្អ​ៗ​និង​ធំ​ៗ ដែល​អ្នក​រាល់​គ្នា​មិន​បាន​សង់ មាន​ផ្ទះ​ដែល​ពេញ​ទៅ​ដោយ​របស់​របរ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ប្រមូល មាន​អណ្ដូង​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ជីក មាន​ចម្ការ​ទំពាំង​បាយ​ជូរ​និង​ចម្ការ​អូលីវ ដែល​អ្នក​រាល់​គ្នា​មិន​បាន​ដាំ​»។—បច. ៦:១០, ១១

៦. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​ជន​ជាតិ​ផ្សេង​ៗ​វាយ​ឈ្នះ​ជន​ជាតិ​អ៊ីស្រាអែល?

ម៉ូសេ​ក៏​បាន​ព្រមាន​ជន​ជាតិ​អ៊ីស្រាអែល​ដែរ​ថា ពួក​គេ​ត្រូវ​ធ្វើ​តាម​បញ្ញត្តិ​ព្រះ​យេហូវ៉ា បើ​ពួក​គេ​ចង់​បន្ត​រស់​នៅ​ក្នុង​ទឹក​ដី​ដ៏​សម្បូរ​ហូរ​ហៀ​នោះ។ ម៉ូសេ​បាន​ដាស់​តឿន​ពួក​គេ​ឲ្យ​«​ជ្រើស​យក​ជីវិត​»។ តើ​នេះ​មាន​ន័យ​អ្វី? នេះ​មាន​ន័យ​ថា​ពួក​គេ​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា និង​«​នៅ​ជាប់​ជា​មួយ​លោក​ជា​និច្ច​»។ ប៉ុន្តែ ពួក​អ៊ីស្រាអែល​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ទេ។ ដូច្នេះ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពួក​អាស៊ីរី​វាយ​ឈ្នះ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ចាប់​យក​ពួក​គេ​ធ្វើ​ជា​ឈ្លើយ។ ក្រោយ​មក​ទៀត លោក​បាន​ឲ្យ​ពួក​បាប៊ីឡូន​វាយ​បំផ្លាញ​ពួក​គេ ហើយ​និរទេស​ពួក​គេ​ទៅ​ក្រុង​បាប៊ីឡូន។—២បស. ១៧:៦​-​៨, ១៣, ១៤; ២ប្រ. ៣៦:១៥​-​១៧, ២០

៧. តើ​យើង​អាច​រៀន​អ្វី​ពី​ពាក្យ​របស់​ម៉ូសេ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

តើ​មាន​មេ​រៀន​អ្វី​សម្រាប់​យើង? ការ​ស្ដាប់​បង្គាប់​នាំ​ឲ្យ​បាន​ជីវិត។ ដូច​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ហៀប​នឹង​ចូល​ស្រុក​ដែល​ព្រះ​បាន​សន្យា យើង​ក៏​ជិត​ចូល​ពិភព​លោក​ថ្មី​ដែល​ព្រះ​បាន​សន្យា​ដែរ។ ពេល​នោះ ផែន​ដី​ទាំង​មូល​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន។ (​អេ. ៣៥:១; លូក. ២៣:៤៣​) នៅ​ទី​នោះ នឹង​លែង​មាន​មេ​កំណាច​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​ទៀត។ (​បប. ២០:២, ៣​) នឹង​លែង​មាន​សាសនា​មិន​ពិត​ដែល​នាំ​មនុស្ស​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា។ (​បប. ១៧:១៦​) នឹង​លែង​មាន​រដ្ឋាភិបាល​ដែល​ជិះ​ជាន់​សង្កត់​សង្កិន​ប្រជាជន។ (​បប. ១៩:១៩, ២០​) ក៏​នឹង​លែង​មាន​មនុស្ស​បះ​បោរ​ទៀត​ដែរ។ (​ចសព. ៣៧:១០, ១១​) មនុស្ស​គ្រប់​រូប​នឹង​ស្រឡាញ់​គ្នា ហើយ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សារ​ពួក​គេ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា ដែល​នាំ​ឲ្យ​មាន​សាមគ្គីភាព​និង​សេចក្ដី​សុខ​សាន្ត។ (​អេ. ១១:៩​) យើង​ទន្ទឹង​រង់​ចាំ​គ្រា​ដ៏​អស្ចារ្យ​នោះ! បន្ថែម​ទៅ​ទៀត បើ​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា យើង​អាច​បន្ត​រស់​នៅ​ក្នុង​សួន​ឧទ្យាន​មិន​គ្រាន់​តែ​ប៉ុន្មាន​រយ​ឆ្នាំ​ប៉ុណ្ណោះ​ទេ តែ​ជា​រៀង​រហូត។—ចសព. ៣៧:២៩; យ៉ូន. ៣:១៦

បើ​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​យើង​មិន​គ្រាន់​តែ​អាច​រស់​ប៉ុន្មាន​រយ​ឆ្នាំ​ប៉ុណ្ណោះ​ទេ តែ​យើង​អាច​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន ​(​សូម​មើល​វគ្គ​៧​)​


៨. តើ​សេចក្ដី​សន្យា​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​បាន​ជួយ​សាសនទូត​ម្នាក់​យ៉ាង​ដូច​ម្ដេច? (​យូដាស ២០, ២១​)

ប្រសិន​បើ​យើង​ចង​ចាំ​ជា​និច្ច​នូវ​សេចក្ដី​សន្យា​របស់​ព្រះ​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ នោះ​យើង​ចង់​បន្ត​នៅ​ជាប់​ជា​មួយ​លោក​ជា​និច្ច មិន​ថា​យើង​ជួប​បញ្ហា​ណា​ក៏​ដោយ។ (​សូម​អាន យូដាស ២០, ២១) សេចក្ដី​សន្យា​នោះ​ក៏​អាច​ជួយ​យើង​ឲ្យ​ត​ស៊ូ​នឹង​ភាព​ទន់​ខ្សោយ​របស់​ខ្លួន​ដែរ។ បង​ប្រុស​ម្នាក់​ដែល​បម្រើ​ជា​សាសនទូត​អស់​ជា​យូរ​ឆ្នាំ​នៅ​ទ្វីប​អាហ្វ្រិក គាត់​មាន​បញ្ហា​មួយ គឺ​គាត់​ពិបាក​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​របស់​ខ្លួន។ គាត់​បាន​និយាយ​ថា​៖ ​«​បើ​ខ្ញុំ​មិន​ប្រយ័ត្ន ខ្ញុំ​អាច​ភ្លាត់​ធ្វើ​ខុស​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​បាត់​បង់​ឱកាស​រស់​នៅ​ក្នុង​សួន​ឧទ្យាន។ ការ​គិត​អំពី​រឿង​នេះ​ជួយ​ខ្ញុំ​ឲ្យ​ខំ​ប្រឹង​ត​យុទ្ធ​នឹង​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ ហើយ​ក៏​ព្យាយាម​អធិដ្ឋាន​អំពី​រឿង​នេះ​ម្ដង​ហើយ​ម្ដង​ទៀត។ ទី​បំផុត ខ្ញុំ​បាន​យក​ឈ្នះ!​»។

​«​កូន​នឹង​ទទួល​ជោគ​ជ័យ​»​

៩. តើ​ដាវីឌ​បាន​ជួប​ប្រទះ​ទុក្ខ​លំបាក​អ្វី​ខ្លះ?

ដាវីឌ​ជា​ស្ដេច​ល្អ​ម្នាក់ ហើយ​គាត់​ក៏​ជា​តន្ត្រីករ អ្នក​តែង​កំណាព្យ អ្នក​ចម្បាំង និង​ជា​អ្នក​ប្រកាស​ទំនាយ។ ប៉ុន្តែ គាត់​បាន​ឆ្លង​កាត់​ទុក្ខ​លំបាក​ជា​ច្រើន។ អស់​ជា​ច្រើន​ឆ្នាំ​មុន​គាត់​ឡើង​ធ្វើ​ជា​ស្ដេច គាត់​ត្រូវ​រស់​នៅ​លាក់​ខ្លួន​ដើម្បី​គេច​ពី​សុល​ដែល​ជា​ស្ដេច​ដ៏​ច្រណែន​ឈ្នានីស។ ក្រោយ​ពី​ដាវីឌ​ក្លាយ​ជា​ស្ដេច គាត់​ក៏​ត្រូវ​រត់​គេច​ខ្លួន​ម្ដង​ទៀត ដោយ​សារ​អាប់សាឡំ​ដែល​ជា​កូន​ប្រុស​របស់​គាត់​បាន​ធ្វើ​រដ្ឋ​ប្រហារ​ដណ្ដើម​រាជ្យ។ ទោះ​ជា​ដាវីឌ​ជួប​បញ្ហា​ទាំង​អស់​នេះ​និង​ធ្លាប់​ធ្វើ​ខុស​ផ្សេង​ៗ​ក៏​ដោយ គាត់​នៅ​តែ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​រហូត​ដល់​គាត់​ស្លាប់។ ព្រះ​យេហូវ៉ា​បាន​ហៅ​ដាវីឌ​ថា​៖ ​«​អ្នក​ដែល​[​លោក​]​ពេញ​ចិត្ត​»។ ម្ល៉ោះ​ហើយ យើង​គួរ​ស្ដាប់​តាម​ដំបូន្មាន​ប្រកប​ដោយ​ប្រាជ្ញា​របស់​គាត់។—សកម្ម. ១៣:២២; ១បស. ១៥:៥

១០. ហេតុ​អ្វី​បាន​ជា​ដាវីឌ​ឲ្យ​ឱវាទ​ដល់​សាឡូម៉ូន?

១០ ជា​ឧទាហរណ៍ សូម​គិត​អំពី​មូលហេតុ​ដែល​ដាវីឌ​បាន​ឲ្យ​ឱវាទ​ដល់​សាឡូម៉ូន​ជា​កូន ពីព្រោះ​ពេល​នោះ​សាឡូម៉ូន​ជា​អ្នក​ដែល​នឹង​ត្រូវ​ស្នង​តំណែង​ពី​គាត់។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​សាឡូម៉ូន​ឲ្យ​សង់​វិហារ ដើម្បី​ឲ្យ​បណ្ដា​ជន​អាច​មក​គោរព​ប្រណិប័តន៍​លោក។ (​១ប្រ. ២២:៥​) ដូច្នេះ សាឡូម៉ូន​មុខ​ជា​ប្រឈម​មុខ​ការ​ពិបាក​ជា​ច្រើន។ ម្ល៉ោះ​ហើយ តើ​ដាវីឌ​នឹង​ជូន​ឱវាទ​អ្វី​ដល់​កូន​ប្រុស​របស់​គាត់? សូម​មើល​ជា​មួយ​គ្នា។

១១. យោង​ទៅ​តាម​បណ្ដា​ស្ដេច​ទី​១ ២:២, ៣ តើ​ដាវីឌ​បាន​ឲ្យ​ឱវាទ​អ្វី​ដល់​សាឡូម៉ូន ហើយ​ពេល​សាឡូម៉ូន​ធ្វើ​តាម តើ​មាន​លទ្ធផល​យ៉ាង​ណា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១១ តើ​ដាវីឌ​បាន​និយាយ​អ្វី? (​សូម​អាន បណ្ដា​ស្ដេច​ទី​១ ២:២, ៣) ដាវីឌ​បាន​ប្រាប់​សាឡូម៉ូន​ថា បើ​គាត់​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា គាត់​នឹង​ទទួល​ជោគ​ជ័យ។ សាឡូម៉ូន​បាន​ធ្វើ​តាម​ឱវាទ​របស់​ឪពុក។ ដូច្នេះ​អស់​ជា​ច្រើន​ឆ្នាំ គាត់​បាន​ទទួល​ជោគ​ជ័យ​មែន! (​១ប្រ. ២៩:២៣​-​២៥​) ជា​ឧទាហរណ៍ គាត់​បាន​សង់​វិហារ​ដ៏​រុង​រឿង ហើយ​សរសេរ​សៀវភៅ​ខ្លះ​ក្នុង​គម្ពីរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​មាន​ប្រាជ្ញា ទ្រព្យ​ស្ដុក​ស្ដម្ភ និង​កេរ្តិ៍​ឈ្មោះ​ល្បី​សុសសាយ។ (​១បស. ៤:៣៤​) ប៉ុន្តែ ដូច​ដាវីឌ​បាន​ទូន្មាន ដរាប​ណា​សាឡូម៉ូន​បន្ត​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ដរាប​នោះ​គាត់​នឹង​មាន​ជីវិត​ល្អ​ប្រសើរ។ គួរ​ឲ្យ​ស្ដាយ​ណាស់ ក្រោយ​មក​សាឡូម៉ូន​បាន​បែរ​ទៅ​គោរព​បូជា​ព្រះ​មិន​ពិត នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​លែង​ពេញ​ចិត្ត​គាត់​ទៀត។ ដូច្នេះ សាឡូម៉ូន​ក៏​លែង​មាន​ប្រាជ្ញា​ក្នុង​ការ​ដឹក​នាំ​បណ្ដា​ជន​ដោយ​សុចរិត​យុត្តិធម៌​ទៀត​ដែរ។—១បស. ១១:៩, ១០; ១២:៤

ដាវីឌ​បាន​ផ្ដែ​ផ្ដាំ​ចុង​ក្រោយ​ដល់​សាឡូម៉ូន​ជា​កូន ហើយ​បណ្ដាំ​របស់​គាត់​ជួយ​យើង​ឲ្យ​ឃើញ​ថា​បើ​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​លោក​នឹង​ផ្ដល់​ប្រាជ្ញា​ដើម្បី​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ ​(​សូម​មើល​វគ្គ​១១​-​១២​)​ b


១២. តើ​យើង​រៀន​អ្វី​ពី​បណ្ដាំ​របស់​ដាវីឌ?

១២ តើ​មាន​មេ​រៀន​អ្វី​សម្រាប់​យើង? ការ​ស្ដាប់​បង្គាប់​នាំ​ឲ្យ​បាន​ជោគ​ជ័យ។ (​ចសព. ១:១​-​៣​) ពិត​ណាស់ ព្រះ​យេហូវ៉ា​មិន​សន្យា​ឲ្យ​យើង​មាន​ស្ដុក​ស្ដម្ភ​ឬ​កេរ្តិ៍​ឈ្មោះ​ល្បី​ដូច​សាឡូម៉ូន​ទេ។ ប៉ុន្តែ បើ​យើង​ស្ដាប់​បង្គាប់​លោក នោះ​លោក​នឹង​ឲ្យ​យើង​នូវ​ប្រាជ្ញា​ដែល​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។ (​សុភ. ២:៦, ៧; យ៉ា. ១:៥​) ជា​ឧទាហរណ៍ លោក​ផ្ដល់​គោល​ការណ៍​គម្ពីរ​ដែល​អាច​ជួយ​យើង​ទាក់​ទង​នឹង​រឿង​ការ​ងារ ការ​អប់រំ ការ​កម្សាន្ត និង​លុយ​កាក់។ ពេល​យើង​ធ្វើ​តាម​ប្រាជ្ញា​ពី​ព្រះ យើង​អាច​ការ​ពារ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក ហើយ​យើង​ក៏​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដែរ។ (​សុភ. ២:១០, ១១​) បន្ថែម​ទៀត គោល​ការណ៍​គម្ពីរ​ក៏​អាច​ជួយ​យើង​ឲ្យ​មាន​មិត្ត​ភក្ដិ​ល្អ និង​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ។

១៣. តើ​អ្វី​បាន​ជួយ​បង​ខាមែន​ឲ្យ​រក​ឃើញ​ភាព​ជោគ​ជ័យ​ក្នុង​ជីវិត?

១៣ បង​ស្រី​ម្នាក់​ឈ្មោះ​ខាមែន​ដែល​រស់​នៅ​ប្រទេស​ម៉ូសំប៊ិក​គិត​ថា ការ​អប់រំ​ខ្ពស់​ជា​គន្លឹះ​ដែល​នាំ​ឲ្យ​មាន​អនាគត​ភ្លឺ​ស្វាង។ ដូច្នេះ គាត់​បាន​ទៅ​រៀន​សាកលវិទ្យាល័យ​ផ្នែក​ស្ថាបត្យកម្ម។ គាត់​និយាយ​ថា​៖ ​«​ដំបូង ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​រៀន​មុខ​វិជ្ជា​នោះ។ ប៉ុន្តែ វា​ស៊ី​ពេល​វេលា​និង​កម្លាំង​ខ្ញុំ​ច្រើន​ណាស់ ពីព្រោះ​ខ្ញុំ​ត្រូវ​ទៅ​រៀន​តាំង​ពី​ម៉ោង​៧:៣០​ព្រឹក រហូត​ដល់​ម៉ោង​៦​ល្ងាច។ ពេល​នោះ​ខ្ញុំ​ខក​ខាន​ចូល​រួម​កិច្ច​ប្រជុំ ហើយ​នេះ​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​របស់​ខ្ញុំ​ជា​មួយ​ព្រះ​យេហូវ៉ា​ចុះ​ខ្សោយ។ ក្រោយ​មក ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​កំពុង​បម្រើ​ម្ចាស់​ពីរ​»។ (​ម៉ាថ. ៦:២៤​) ម្ល៉ោះ​ហើយ គាត់​បាន​អធិដ្ឋាន​អំពី​ស្ថានភាព​របស់​ខ្លួន ហើយ​ស្រាវ​ជ្រាវ​ព័ត៌មាន​អំពី​រឿង​នោះ​ក្នុង​សៀវភៅ​ផ្សេង​ៗ​របស់​អង្គការ​យើង។ គាត់​និយាយ​ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​យោបល់​ល្អ​ពី​បង​ប្អូន​ដែល​មាន​ភាព​ចាស់​ទុំ​និង​ពី​ម្ដាយ​របស់​ខ្ញុំ។ រួច​មក ខ្ញុំ​សម្រេច​ចិត្ត​ឈប់​រៀន​សាកលវិទ្យាល័យ ហើយ​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល។ ខ្ញុំ​មិន​ដែល​ស្ដាយ​ក្រោយ​ទាល់​តែ​សោះ​ដែល​ខ្ញុំ​សម្រេច​ចិត្ត​បែប​នេះ ព្រោះ​ខ្ញុំ​បាន​រក​ឃើញ​ភាព​ជោគ​ជ័យ​ក្នុង​ជីវិត!​»។

១៤. តើ​អ្វី​ជា​បណ្ដាំ​ចុង​ក្រោយ​របស់​ម៉ូសេ​និង​ដាវីឌ?

១៤ ម៉ូសេ​និង​ដាវីឌ​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ពួក​គាត់​ដឹង​ថា​ការ​ស្ដាប់​បង្គាប់​លោក​ជា​អ្វី​ដែល​សំខាន់​បំផុត។ នៅ​ក្នុង​បណ្ដាំ​ចុង​ក្រោយ ពួក​គាត់​បាន​ផ្ដែ​ផ្ដាំ​និង​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​បន្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ដូច​ពួក​គាត់​ដែរ។ ពួក​គាត់​ទាំង​ពីរ​ក៏​បាន​ព្រមាន​ដែរ​ថា បើ​អ្នក​ណា​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា អ្នក​នោះ​នឹង​បាត់​បង់​ការ​ពេញ​ចិត្ត​ពី​លោក ព្រម​ទាំង​លែង​ទទួល​រង្វាន់​ពី​លោក​ទៀត។ ពាក្យ​ប្រៀន​ប្រដៅ​របស់​ពួក​គាត់​នៅ​តែ​មាន​តម្លៃ​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ រាប់​រយ​ឆ្នាំ​ក្រោយ​មក អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ម្នាក់​ទៀត​បាន​ប្រាប់​អំពី​សារៈ​សំខាន់​នៃ​ការ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ។

​‹គ្មាន​អ្វី​ធ្វើ​ឲ្យ​ខ្ញុំ​អរ​សប្បាយ​ជាង​នេះ​ឡើយ›

១៥. តើ​សាវ័ក​យ៉ូហាន​មាន​បទ​ពិសោធន៍​អ្វី​ខ្លះ?

១៥ យ៉ូហាន​គឺ​ជា​សាវ័ក​ជា​ទី​ស្រឡាញ់​របស់​លោក​យេស៊ូ​គ្រិស្ត។ (​ម៉ាថ. ១០:២; យ៉ូន. ១៩:២៦​) តើ​យ៉ូហាន​មាន​បទ​ពិសោធន៍​អ្វី​ខ្លះ? គាត់​បាន​រួម​ដំណើរ​ជា​មួយ​លោក​យេស៊ូ​ក្នុង​ពេល​ដែល​លោក​បំពេញ​កិច្ច​បម្រើ​ផ្សាយ។ គាត់​នៅ​ជាប់​ជា​មួយ​នឹង​លោក​យេស៊ូ ទោះ​ជា​ពេល​លោក​ជួប​ការ​ពិបាក​ផ្សេង​ៗ​ក្ដី។ គាត់​ក៏​បាន​ឃើញ​អព្ភូតហេតុ​របស់​លោក ឃើញ​គេ​ប្រហារ​ជីវិត​លោក និង​បាន​ជួប​លោក​ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​បាន​ឃើញ​ការ​រីក​ចម្រើន​នៃ​គ្រិស្ត​សាសនា​នៅ​សតវត្សរ៍​ទី​១ ពោល​គឺ​ចាប់​ពី​មាន​តែ​អ្នក​កាន់​តាម​គ្រិស្ត​ដ៏​ស្មោះ​ត្រង់​មួយ​ក្រុម​តូច រហូត​ដល់​ដំណឹង​ល្អ​«​បាន​ត្រូវ​ប្រកាស​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​នៅ​ក្រោម​មេឃ​»។—កូឡ. ១:២៣

១៦. តើ​អ្នក​ណា​ខ្លះ​បាន​ទទួល​ប្រយោជន៍​ពី​សំបុត្រ​របស់​យ៉ូហាន?

១៦ ពេល​យ៉ូហាន​ចាស់​ណាស់​ហើយ គាត់​មាន​ឯកសិទ្ធិ​សរសេរ​សៀវភៅ​ការ​បើក​បង្ហាញ​ដែល​ជា​កំណត់​ហេតុ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត។ (​បប. ១:១​) បន្ថែម​ទៅ​ទៀត យ៉ូហាន​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ដែល​ដាក់​តាម​ឈ្មោះ​របស់​គាត់។ គាត់​ក៏​បាន​សរសេរ​សំបុត្រ​បី​ទៀត​ដែរ។ នៅ​ក្នុង​សំបុត្រ​ទី​៣ គាត់​បាន​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ​កៃយុស ដែល​គាត់​ស្រឡាញ់​ដូច​កូន។ (​៣យ៉ូន. ១​) នៅ​ពេល​នោះ ច្បាស់​ជា​មាន​បង​ប្អូន​ច្រើន​នាក់​ទៀត​ដែល​គាត់​ស្រឡាញ់​ដូច​កូន។ ពិត​ណាស់ សំណេរ​របស់​បុរស​វ័យ​ចាស់​ដ៏​ស្មោះ​ត្រង់​ម្នាក់​នេះ បាន​លើក​ទឹក​ចិត្ត​អ្នក​កាន់​តាម​លោក​យេស៊ូ​ទាំង​អស់​រហូត​មក​ដល់​សម័យ​យើង។

១៧. យោង​ទៅ​តាម​យ៉ូហាន​ទី​៣ ខ​៤ តើ​អ្វី​នាំ​ឲ្យ​យ៉ូហាន​អរ​សប្បាយ?

១៧ តើ​យ៉ូហាន​បាន​សរសេរ​អ្វី? (​សូម​អាន យ៉ូហាន​ទី​៣ ខ​៤) ក្នុង​សំបុត្រ​ទី​៣ យ៉ូហាន​បាន​សរសេរ​ថា គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​អរ​សប្បាយ​ជាង​ឃើញ​បង​ប្អូន​ស្ដាប់​បង្គាប់​ព្រះ​នោះ​ទេ។ នៅ​ពេល​នោះ អ្នក​ខ្លះ​បាន​ផ្សាយ​សេចក្ដី​បង្រៀន​មិន​ពិត ហើយ​បង្ក​ឲ្យ​មាន​ការ​បែក​បាក់​គ្នា។ ប៉ុន្តែ អ្នក​ខ្លះ​ទៀត​បន្ត​«​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​»។ ពួក​គេ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​​«​កាន់​តាម​បញ្ញត្តិ​របស់​លោក​»។ (​២យ៉ូន. ៤,​) បង​ប្អូន​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​យ៉ូហាន​និង​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។—សុភ. ២៧:១១

១៨. តើ​យើង​អាច​រៀន​អ្វី​ពី​សំណេរ​របស់​យ៉ូហាន?

១៨ តើ​មាន​មេ​រៀន​អ្វី​សម្រាប់​យើង? ភាព​ស្មោះ​ត្រង់​នាំ​ឲ្យ​អរ​សប្បាយ។ (​១យ៉ូន. ៥:៣​) ជា​ឧទាហរណ៍ យើង​សប្បាយ​ចិត្ត​ដោយ​ដឹង​ថា​ការ​ប្រព្រឹត្ត​របស់​យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ លោក​ក៏​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែរ ពេល​ឃើញ​យើង​ព្យាយាម​យក​ឈ្នះ​ការ​ល្បង​ល​និង​បន្ត​ស្ដាប់​បង្គាប់​លោក។ (​សុភ. ២៣:១៥​) សូម្បី​តែ​ទេវតា​ក៏​ត្រេក​អរ​ដែរ ពេល​ឃើញ​ដូច្នេះ។ (​លូក. ១៥:១០​) ម្យ៉ាង​ទៀត យើង​សប្បាយ​ចិត្ត​ពេល​ឃើញ​បង​ប្អូន​ឯ​ទៀត​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ទោះ​ជា​ពួក​គេ​ជួប​ការ​ល្បង​ល​ឬ​ការ​បៀតបៀន​ក៏​ដោយ។ (​២ថែ. ១:៤​) នៅ​ទី​បំផុត ពេល​របៀប​របប​ពិភព​លោក​នេះ​កន្លង​ផុត​ទៅ យើង​នឹង​សប្បាយ​ចិត្ត​កាន់​តែ​ខ្លាំង​ដោយ​ដឹង​ថា​យើង​បន្ត​នៅ​ស្មោះ​ត្រង់​ចំពោះ​ព្រះ។

១៩. តើ​បង​រេឆឺល​និយាយ​យ៉ាង​ណា​អំពី​ការ​បង្រៀន​សេចក្ដី​ពិត​ដល់​អ្នក​ឯ​ទៀត? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៩ យើង​កាន់​តែ​អរ​សប្បាយ​ពេល​បង្រៀន​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត។ ជា​ឧទាហរណ៍ បង​ស្រី​ម្នាក់​ឈ្មោះ​រេឆឺល​ដែល​រស់​នៅ​សាធារណរដ្ឋ​ដូមីនីក​មាន​អារម្មណ៍​ថា ការ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា​គឺ​ជា​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​ណាស់។ ពេល​គិត​អំពី​មនុស្ស​មួយ​ចំនួន​ដែល​គាត់​បាន​ជួយ​ឲ្យ​ក្លាយ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា គាត់​បាន​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​ឃើញ​អ្នក​ដែល​ខ្ញុំ​បង្រៀន​កាន់​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា កាន់​តែ​ទុក​ចិត្ត​លោក និង​ព្រម​កែ​ប្រែ​របៀប​រស់​នៅ​ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត ខ្ញុំ​ពិត​ជា​សប្បាយ​រក​ពាក្យ​ថ្លែង​ពុំ​បាន​ឡើយ។ មិន​ថា​ខ្ញុំ​ខំ​ប្រឹង​ប្រែង​ឬ​លះ​បង់​ច្រើន​ប៉ុន​ណា​ទេ វា​មិន​ស្មើ​នឹង​អំណរ​ដែល​មក​ពី​ការ​បង្រៀន​ពួក​គេ​អំពី​សេចក្ដី​ពិត​ឡើយ!​»។

យើង​មាន​អំណរ​ពេល​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ស្រឡាញ់​និង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ​(​សូម​មើល​វគ្គ​១៩​)​


ប្រយោជន៍​ដែល​មក​ពី​បណ្ដាំ​ចុង​ក្រោយ​របស់​បុរស​ស្មោះ​ត្រង់

២០. តើ​យើង​មាន​អ្វី​ខ្លះ​ដូច​ម៉ូសេ ដាវីឌ និង​យ៉ូហាន?

២០ ម៉ូសេ ដាវីឌ និង​យ៉ូហាន​រស់​នៅ​ក្នុង​សម័យ​ដែល​ខុស​ពី​សម័យ​របស់​យើង ហើយ​ស្ថានភាព​របស់​ពួក​គាត់​ក៏​ខុស​គ្នា​ពី​ស្ថានភាព​របស់​យើង​ដែរ។ ប៉ុន្តែ មាន​អ្វី​ជា​ច្រើន​ដែល​យើង​ដូច​ពួក​គាត់។ ជា​ឧទាហរណ៍ យើង​បម្រើ​ព្រះ​ពិត​តែ​មួយ​ដូច​ពួក​គាត់។ យើង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា យើង​ទុក​ចិត្ត​លោក និង​ស្វែង​រក​ការ​ណែនាំ​ពី​លោក​ដូច​ពួក​គាត់។ ម្យ៉ាង​ទៀត យើង​មាន​ទំនុក​ចិត្ត​ដូច​ពួក​គាត់​ថា ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ដល់​ពួក​អ្នក​ដែល​ស្ដាប់​បង្គាប់​លោក។

២១. បើ​យើង​ធ្វើ​តាម​បណ្ដាំ​ចុង​ក្រោយ​របស់​បុរស​វ័យ​ចាស់​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ តើ​យើង​នឹង​មាន​ជីវិត​បែប​ណា?

២១ សូម​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ដូច​បុរស​វ័យ​ចាស់​ទាំង​នោះ​បាន​ផ្ដែ​ផ្ដាំ។ បើ​យើង​ធ្វើ​តាម យើង​នឹង​ទទួល​ជោគ​ជ័យ​ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​យើង​នឹង​«​រស់​នៅ​យូរ​អង្វែង​»​ ពោល​គឺ​រស់​ជា​រៀង​រហូត! (​បច. ៣០:២០​) បន្ថែម​ទៅ​ទៀត យើង​នឹង​មាន​អំណរ​ដែល​មក​ពី​ការ​ធ្វើ​ឲ្យ​បិតា​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ត ហើយ​លោក​នឹង​ផ្ដល់​រង្វាន់​ដល់​យើង​ហួស​ពី​ការ​ដែល​យើង​នឹក​ស្មាន។—អេភ. ៣:២០

ចម្រៀង​លេខ​១២៩ យើង​នឹង​ស៊ូ​ទ្រាំ

a បណ្ដា​ជន​អ៊ីស្រាអែល​ភាគ​ច្រើន​ដែល​បាន​ឃើញ​អព្ភូតហេតុ​របស់​ព្រះ​យេហូវ៉ា​នៅ​សមុទ្រ​ក្រហម បាន​ស្លាប់​មុន​ចូល​ស្រុក​ដែល​លោក​បាន​សន្យា។ (​ជប. ១៤:២២, ២៣​) នេះ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​សម្រេច​ថា​អស់​អ្នក​ដែល​មាន​អាយុ​២០​ឆ្នាំ​ឡើង នឹង​ស្លាប់​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ។ (​ជប. ១៤:២៩​) ក៏​ប៉ុន្តែ លោក​បាន​អនុញ្ញាត​ឲ្យ​យ៉ូស្វេ កាលែប និង​ក្មេង​ៗ​ជំនាន់​ក្រោយ​ជា​ច្រើន​នាក់ រួម​ទាំង​មនុស្ស​ជា​ច្រើន​ពី​កុលសម្ព័ន្ធ​លេវី ឆ្លង​ទន្លេ​យ៉ូដាន់ ហើយ​ចូល​ទៅ​ស្រុក​ដែល​លោក​បាន​សន្យា។—បច. ១:២៤​-​៤០

b ការ​ពណ៌នា​អំពី​រូប​ភាព​៖ ខាង​ឆ្វេង​៖ ដាវីឌ​ផ្ដែ​ផ្ដាំ​ពាក្យ​ចុង​ក្រោយ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ដល់​សាឡូម៉ូន។ ខាង​ស្ដាំ​៖ បង​ប្អូន​បាន​ទទួល​ការ​អប់រំ​ល្អ​បំផុត​ពី​ព្រះ​យេហូវ៉ា​នៅ​សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ។