Privacy Settings

ដើម្បីផ្ដល់ជូនលោកអ្នកនូវភាពងាយស្រួលក្នុងការប្រើប្រាស់គេហទំព័ររបស់យើង យើងប្រើឃូគីនិងបច្ចេកវិទ្យាស្រដៀងនេះ។ ឃូគីខ្លះគឺពិតជាសំខាន់សម្រាប់ឲ្យគេហទំព័រយើងដំណើរការបានល្អហើយឃូគីនោះមិនអាចបិទបានទេ។ លោកអ្នកអាចទទួលឬបដិសេធ ប្រើប្រាស់កម្មវីធីឃូគីឯទៀតដែលយើងប្រើសម្រាប់តែផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការប្រើប្រាស់គេហទំព័ររបស់យើងប៉ុណ្ណោះ។ ទិន្នន័យរបស់លោកអ្នកនឹងមិនប្រើប្រាស់ក្នុងគោលបំណងធ្វើពាណិជ្ជកម្មឬលក់ឡើយ។ ដើម្បីរៀនថែមទៀត សូមអាន Global Policy on Use of Cookies and Similar Technologies។ លោកអ្នកក៏អាចកែប្រែការកំណត់នោះនៅពេលណាក៏បានដោយចូលទៅកាន់ Privacy Settings

លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ២៤

ចម្រៀង​លេខ​៩៨ បទ​គម្ពីរ​គឺ​មក​ពី​ព្រះ

មេ​រៀន​យើង​អាច​រៀន​ពី​ទំនាយ​របស់​យ៉ាកុប​ពេល​គាត់​ជិត​ស្លាប់ ភាគ​ទី​១

មេ​រៀន​យើង​អាច​រៀន​ពី​ទំនាយ​របស់​យ៉ាកុប​ពេល​គាត់​ជិត​ស្លាប់ ភាគ​ទី​១

«​ចូរ​ពួក​កូន​មក​ជិត​ពុក​មក ដើម្បី​ពុក​អាច​ប្រាប់​កូន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ពួក​កូន នៅ​គ្រា​អនាគត​»។ដក. ៤៩:១

ចំណុច​ផ្ដោត

មេ​រៀន​ដ៏​សំខាន់​ដែល​យើង​អាច​រៀន​ពី​ទំនាយ​របស់​យ៉ាកុប​ពេល​គាត់​ជិត​ស្លាប់​ដែល​ទាក់​ទង​នឹង​រូបេន ស៊ីម្មាន លេវី និង​យូដា។

១​-​២. តើ​យ៉ាកុប​បាន​ធ្វើ​អ្វី​មុន​ពេល​គាត់​ស្លាប់ ហើយ​ហេតុ​អ្វី? (​សូម​មើល​រូប​ភាពផង​ដែរ​)

 ពេល​យ៉ាកុប​មាន​វ័យ​ចាស់​ជរា គាត់​បាន​ធ្វើ​ដំណើរ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​អស់​ពី​ស្រុក​កាណាន​ទៅ​ស្រុក​អេហ្ស៊ីប។ នៅ​ទី​នោះ គាត់​បាន​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​អស់​១៧​ឆ្នាំ​ទៀត។ (​ដក. ៤៧:២៨​) នៅ​ក្នុង​អំឡុង​ពេល​នោះ គាត់​ពិត​ជា​សប្បាយ​ដែល​គាត់​បាន​ជួប​យ៉ូសែប​ដែល​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​គាត់​ម្ដង​ទៀត និង​ឃើញ​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល​ជួប​ជុំ​គ្នា​ឡើង​វិញ។ ប៉ុន្តែ​ឥឡូវ យ៉ាកុប​ដឹង​ថា​ខ្លួន​គាត់​ជិត​ស្លាប់​ហើយ។ ដូច្នេះ គាត់​បាន​ហៅ​កូន​ប្រុស​ទាំង​អស់​របស់​គាត់​ឲ្យ​មក​ជួប​គាត់ ដោយ​សារ​គាត់​មាន​រឿង​សំខាន់​ចង់​ប្រាប់​ពួក​គេ។—ដក. ៤៩:២៨

ធម្មតា​នៅ​សម័យ​នោះ ឪពុក​ដែល​ជា​មេ​គ្រួសារ​ច្រើន​តែ​ហៅ​សមាជិក​ក្រុម​គ្រួសារ​ឲ្យ​មក​ជួប​ជុំ​គ្នា ដើម្បី​ផ្ដែ​ផ្ដាំ​ពួក​គេ​ជា​លើក​ចុង​ក្រោយ​មុន​គាត់​ស្លាប់។ (​អេ. ៣៨:១​) នៅ​ពេល​នោះ គាត់​ប្រហែល​ជា​ប្រាប់​សមាជិក​ក្រុម​គ្រួសារ​ថា អ្នក​ណា​នឹង​ទៅ​ជា​ប្រមុខ​គ្រួសារ​ក្រោយ​ពី​គាត់​ស្លាប់។

ពេល​យ៉ាកុប​ដេក​លើ​គ្រែ​ជិត​ស្លាប់ គាត់​ប្រាប់​ទំនាយ​ដល់​កូន​ប្រុស​ទាំង​១២​នាក់​របស់​គាត់ (​សូម​មើល​វគ្គ​១​-​២​)​


៣. តើ​យើង​រៀន​អ្វី​ពី​ដើម​កំណើត ៤៩:១, ២?

សូម​អាន ដើម​កំណើត ៤៩:១, ២ ប៉ុន្តែ ការ​ជួប​ជុំ​នេះ​មិន​ដូច​ការ​ជួប​ជុំ​ក្រុម​គ្រួសារ​ធម្មតា​ទេ។ យ៉ាកុប​ជា​អ្នក​បម្រើ​ព្រះ​និង​ជា​អ្នក​ប្រកាស​ទំនាយ ដូច្នេះ​ក្នុង​អំឡុង​ពេល​ជួប​ជុំ​នោះ ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​គាត់​ឲ្យ​និយាយ​អំពី​ព្រឹត្តិការណ៍​សំខាន់​ៗ​នៅ​ថ្ងៃ​អនាគត ដែល​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​កូន​ចៅ​របស់​គាត់។ ដូច្នេះ ពាក្យ​របស់​យ៉ាកុប​ទៅ​កាន់​កូន​ប្រុស​ៗ​របស់​គាត់​គឺ​ជា​ទំនាយ។

៤. តើ​យ៉ាកុប​បាន​ប្រាប់​ទុក​ជា​មុន​អំពី​អ្វី ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​ពាក្យ​សម្ដី​របស់​គាត់? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ក្រុម​គ្រួសារ​របស់​យ៉ាកុប​»​)

នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ពាក្យ​ដែល​យ៉ាកុប​បាន​និយាយ​ទៅ​កាន់​កូន​ប្រុស​បួន​នាក់​របស់​គាត់​គឺ​រូបេន ស៊ីម្មាន លេវី និង​យូដា។ នៅ​ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​ពាក្យ​ដែល​យ៉ាកុប​បាន​និយាយ​ទៅ​កាន់​កូន​ប្រុស​របស់​គាត់​៨​នាក់​ទៀត។ យើង​នឹង​ឃើញ​ថា យ៉ាកុប​មិន​គ្រាន់​តែ​និយាយ​អំពី​កូន​ប្រុស​របស់​គាត់​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​និយាយ​អំពី​កូន​ចៅ​របស់​ពួក​គេ​ដែល​ក្រោយ​មក​នឹង​ទៅ​ជា​ប្រជា​ជាតិ​អ៊ីស្រាអែល។ ពេល​យើង​ពិនិត្យ​មើល​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ប្រជា​ជាតិ​អ៊ីស្រាអែល​នៅ​អតីតកាល យើង​នឹង​ឃើញ​អំពី​របៀប​ដែល​ពាក្យ​របស់​យ៉ាកុប​បាន​ក្លាយ​ទៅ​ជា​ការ​ពិត។ ម្យ៉ាង​ទៀត ពេល​យើង​ពិចារណា​ពាក្យ​របស់​គាត់ យើង​នឹង​រៀន​មេ​រៀន​ដ៏​សំខាន់​ដែល​អាច​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ត។

តារាង​ដែល​បង្ហាញ​អំពី​ក្រុម​គ្រួសារ​យ៉ាកុប។ គាត់​មាន​ប្រពន្ធ​ពីរ គឺ​លេអា​និង​រ៉ាជែល ព្រម​ទាំង​ប្រពន្ធ​បន្ទាប់​ពីរ​នាក់ គឺ​ប៊ីលហា​និង​ស៊ីលផា។ កូន​របស់​យ៉ាកុប​ដែល​កើត​ពី​លេអា​គឺ រូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សេប៊ូឡូន និង​ឌីណា។ កូន​របស់​យ៉ាកុប​ដែល​កើត​ពី​រ៉ាជែល​គឺ យ៉ូសែប​និង​បេនយ៉ាមីន។ កូន​របស់​យ៉ាកុប​ដែល​កើត​ពី​ប៊ីលហា​គឺ ដាន់​និង​ណែបថាលី។ កូន​របស់​យ៉ាកុប​ដែល​កើត​ពី​ស៊ីលផា​គឺ កាដ​និង​អេស៊ើរ។

រូបេន

៥. តើ​រូបេន​ប្រហែល​ជា​រំពឹង​ថា​គាត់​នឹង​ទទួល​អ្វី​ពី​ឪពុក​របស់​គាត់?

ដំបូង យ៉ាកុប​បាន​និយាយ​ទៅ​កាន់​រូបេន​ថា​៖ ​«​រូបេន​[​កូន​ជា​]​កូន​ច្បង​របស់​ពុក​»។ (​ដក. ៤៩:៣​) ដោយ​សារ​រូបេន​ជា​កូន​ច្បង គាត់​ទំនង​ជា​រំពឹង​ថា​គាត់​នឹង​ទទួល​មត៌ក​លើស​ពី​ប្អូន​ប្រុស​ៗ​របស់​គាត់​មួយ​ជា​ពីរ។ គាត់​ក៏​ប្រហែល​ជា​រំពឹង​ថា គាត់​នឹង​ទៅ​ជា​ប្រមុខ​គ្រួសារ​បន្ទាប់​ពី​ឪពុក​របស់​គាត់​ស្លាប់ ហើយ​ថា​ឯកសិទ្ធិ​នោះ​នឹង​ត្រូវ​ផ្ទេរ​ឲ្យ​កូន​ចៅ​របស់​គាត់​នៅ​ពេល​ក្រោយ​មក។

៦. ហេតុ​អ្វី​រូបេន​បាន​បាត់​បង់​សិទ្ធិ​ជា​កូន​ច្បង? (​ដើម​កំណើត ៤៩:៣, ៤​)

ប៉ុន្តែ រូបេន​បាន​បាត់​បង់​សិទ្ធិ​ជា​កូន​ច្បង។ (​១ប្រ. ៥:១​) តើ​មាន​អ្វី​កើត​ឡើង​ដែល​នាំ​ឲ្យ​គាត់​បាត់​បង់​សិទ្ធិ​នោះ? ច្រើន​ឆ្នាំ​មុន រ៉ាជែល​ដែល​ជា​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​យ៉ាកុប​បាន​ឲ្យ​ប៊ីលហា​ដែល​ជា​អ្នក​បម្រើ​គាត់ ធ្វើ​ជា​ប្រពន្ធ​បន្ទាប់​របស់​យ៉ាកុប។ ក្រោយ​មក រ៉ាជែល​បាន​ស្លាប់។ បន្ទាប់​ពី​នោះ រូបេន​បាន​រួម​ដំណេក​ជា​មួយ​នឹង​ប៊ីលហា។ (​ដក. ៣៥:១៩, ២២​) ហេតុ​អ្វី​បាន​ជា​រូបេន​រួម​ដំណេក​ជា​មួយ​នឹង​ប៊ីលហា? រូបេន​គឺ​ជា​កូន​ប្រុស​របស់​លេអា​ជា​ប្រពន្ធ​មួយ​ទៀត​របស់​យ៉ាកុប។ ដូច្នេះ រូបេន​ប្រហែល​ជា​ចង់​ឲ្យ​យ៉ាកុប​ស្អប់​ប៊ីលហា ហើយ​កាន់​តែ​ស្រឡាញ់​ម្ដាយ​របស់​គាត់ ឬ​ប្រហែល​ជា​រូបេន​ចាប់​ចិត្ត​ស្រឡាញ់​ប៊ីលហា ហើយ​មិន​បាន​គ្រប់​គ្រង​ចំណង់​ផ្លូវ​ភេទ​របស់​គាត់។ មិន​ថា​មាន​មូលហេតុ​ណា​ក៏​ដោយ អ្វី​ដែល​គាត់​បាន​ប្រព្រឹត្ត​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា និង​ឪពុក​របស់​គាត់​មិន​ពេញ​ចិត្ត​ជា​ខ្លាំង។—សូម​អាន ដើម​កំណើត ៤៩:៣, ៤

៧. តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​រូបេន​និង​កូន​ចៅ​របស់​គាត់? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ទំនាយ​របស់​យ៉ាកុប​ពេល​គាត់​ជិត​ស្លាប់​»​)

យ៉ាកុប​បាន​ប្រាប់​រូបេន​ថា​៖ ​«​កូន​នឹង​មិន​ប្រសើរ​ជាង​ប្អូន​ៗ​របស់​កូន​ទេ​»។ ពាក្យ​នេះ​បាន​ក្លាយ​ទៅ​ជា​ការ​ពិត។ គម្ពីរ​មិន​បាន​ចែង​ថា កូន​ចៅ​របស់​រូបេន​ណា​ម្នាក់​បាន​ក្លាយ​ទៅ​ជា​ស្ដេច សង្ឃ ឬ​អ្នក​ប្រកាស​ទំនាយ​ទេ។ ប៉ុន្តែ យ៉ាកុប​នៅ​តែ​ទទួល​ស្គាល់​រូបេន​ជា​កូន ហើយ​កូន​ចៅ​របស់​រូបេន​បាន​ទៅ​ជា​កុលសម្ព័ន្ធ​មួយ​ក្នុង​ចំណោម​ពួក​អ៊ីស្រាអែល។ (​យ៉ូស. ១២:៦​) រូបេន​បាន​បង្ហាញ​គុណ​សម្បត្តិ​នៅ​ក្នុង​ស្ថានភាព​ផ្សេង​ទៀត ហើយ​គម្ពីរ​មិន​បាន​ចែង​ថា គាត់​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ម្ដង​ទៀត​ឡើយ។—ដក. ៣៧:២០​-​២២; ៤២:៣៧

៨. តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​រូបេន?

តើ​យើង​អាច​រៀន​អ្វី? យើង​ត្រូវ​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ចេះ​ទប់​ចិត្ត ហើយ​បដិសេធ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ បើ​យើង​បាន​ត្រូវ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង យើង​គួរ​តែ​គិត​ជា​មុន​សិន​ថា ការ​ប្រព្រឹត្ត​របស់​យើង​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា ក្រុម​គ្រួសារ និង​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត​ខ្លាំង​យ៉ាង​ណា។ យើង​ក៏​គួរ​ចាំ​ដែរ​ថា ​«​មនុស្ស​ទទួល​ផល​តាម​តែ​អ្វី​ដែល​គេ​សាប​ព្រោះ​»។ (​កាឡ. ៦:៧​) ម្យ៉ាង​ទៀត អ្វី​ដែល​បាន​កើត​ឡើង​ដល់​រូបេន រំលឹក​យើង​អំពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​យេហូវ៉ា។ យើង​ប្រហែល​ជា​នៅ​តែ​រង​ទុក្ខ​ដោយ​សារ​កំហុស​របស់​យើង តែ​បើ​យើង​ប្រែ​ចិត្ត ហើយ​ខំ​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ នោះ​ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​យើង​និង​ឲ្យ​ពរ​យើង។

ស៊ីម្មាន និង​លេវី

៩. ហេតុ​អ្វី​បាន​ជា​យ៉ាកុប​មិន​ពេញ​ចិត្ត​នឹង​ស៊ីម្មាន​និង​លេវី? (​ដើម​កំណើត ៤៩:៥​-​៧​)

សូម​អាន ដើម​កំណើត ៤៩:៥​-​៧ បន្ទាប់​មក យ៉ាកុប​បាន​និយាយ​ចំ​ៗ​ទៅ​កាន់​ស៊ីម្មាន​និង​លេវី​ដើម្បី​បង្ហាញ​ថា គាត់​មិន​ពេញ​ចិត្ត​នឹង​ពួក​គាត់។ ច្រើន​ឆ្នាំ​មុន បុរស​ម្នាក់​ពី​ស្រុក​កាណាន​ឈ្មោះ​ស៊ីគឹម បាន​រំលោភ​ឌីណា​ដែល​ជា​កូន​ស្រី​របស់​យ៉ាកុប។ យើង​ច្បាស់​ជា​យល់​មូលហេតុ​ដែល​កូន​ប្រុស​ៗ​របស់​យ៉ាកុប​ខឹង​យ៉ាង​ខ្លាំង អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ប្អូន​ស្រី​របស់​ពួក​គេ។ ប៉ុន្តែ ស៊ីម្មាន​និង​លេវី​មិន​បាន​ទប់​កំហឹង​របស់​ពួក​គាត់​ទេ។ ពួក​គាត់​បាន​ប្រើ​ឧបាយ​កល​ថា​នឹង​ចង​សម្ព័ន្ធភាព​ជា​មួយ​ពួក​បុរស​ក្រុង​ស៊ីគឹម បើ​បុរស​ទាំង​អស់​នោះ​យល់​ព្រម​ទទួល​ការ​កាត់​ចុង​ស្បែក។ បុរស​ទាំង​នោះ​បាន​យល់​ព្រម ហើយ​បាន​កាត់​ចុង​ស្បែក។ កាល​ដែល​ពួក​បុរស​ទាំង​អស់​នៅ​ក្នុង​ក្រុង​កំពុង​នៅ​ឈឺ ហើយ​មិន​បាន​ត្រៀម​ខ្លួន​នៅ​ឡើយ ស៊ីម្មាន​និង​លេវី​«​បាន​កាន់​ដាវ​ចូល​ទៅ​សម្លាប់​ពួក​គេ​ទាំង​អស់​ទៅ​»។—ដក. ៣៤:២៥​-​២៩

១០. តើ​ពាក្យ​របស់​យ៉ាកុប​ទៅ​កាន់​ស៊ីម្មាន​និង​លេវី​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ទំនាយ​របស់​យ៉ាកុប​ពេល​គាត់​ជិត​ស្លាប់​»​)

១០ យ៉ាកុប​ខឹង​យ៉ាង​ខ្លាំង​ដែល​កូន​ប្រុស​ពីរ​នាក់​របស់​គាត់​បាន​សម្លាប់​មនុស្ស​ជា​ច្រើន។ គាត់​បាន​ប្រកាស​ទុក​ជា​មុន​ថា ពួក​គាត់​នឹង​ត្រូវ​បំបែក​និង​កំចាត់​កំចាយ​នៅ​ពេញ​ស្រុក​អ៊ីស្រាអែល។ ទំនាយ​នោះ​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​ជាង​២០០​ឆ្នាំ​ក្រោយ​មក ពេល​ដែល​ប្រជា​ជាតិ​អ៊ីស្រាអែល​ចូល​ស្រុក​ដែល​ព្រះ​បាន​សន្យា។ កុលសម្ព័ន្ធ​ស៊ីម្មាន​បាន​ទទួល​ក្រុង​ខ្លះ​ៗ​ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា​ជា​មត៌ក។ (​យ៉ូស. ១៩:១​) កុលសម្ព័ន្ធ​លេវី​បាន​ទទួល​៤៨​ក្រុង​ជា​មត៌ក​នៅ​កន្លែង​ផ្សេង​ៗ​ក្នុង​ស្រុក​អ៊ីស្រាអែល។—យ៉ូស. ២១:៤១

១១. តើ​កុលសម្ព័ន្ធ​ស៊ីម្មាន​និង​លេវី​បាន​ធ្វើ​ល្អ​អ្វី​ខ្លះ?

១១ កូន​ចៅ​របស់​ស៊ីម្មាន​និង​លេវី​មិន​បាន​ធ្វើ​ខុស​ដូច​បុព្វ​បុរស​របស់​ពួក​គេ​ទេ។ កុលសម្ព័ន្ធ​លេវី​បាន​បង្ហាញ​ភក្ដី​ភាព​យ៉ាង​ខ្លាំង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត។ ពេល​ម៉ូសេ​បាន​ទទួល​ច្បាប់​ពី​ព្រះ​យេហូវ៉ា​នៅ​លើ​ភ្នំ​ស៊ីណាយ ជន​ជាតិ​អ៊ីស្រាអែល​ជា​ច្រើន​នាក់​បាន​គោរព​បូជា​រូប​កូន​គោ។ ប៉ុន្តែ ពួក​លេវី​បាន​គាំទ្រ​និង​ជួយ​ម៉ូសេ​សម្លាប់​ពួក​អ្នក​ដែល​គោរព​បូជា​រូប​កូន​គោ​នោះ។ (​ដច. ៣២:២៦​-​២៩​) ព្រះ​យេហូវ៉ា​បាន​សម្រេច​ចិត្ត​ញែក​កុលសម្ព័ន្ធ​លេវី​ដោយ​ឡែក ដើម្បី​ផ្ដល់​ឯកសិទ្ធិ​ដ៏​ថ្លៃ​ថ្លា​ឲ្យ​ពួក​គេ​ធ្វើ​ជា​សង្ឃ។ (​ដច. ៤០:១២​-​១៥; ជប. ៣:១១, ១២​) ក្រោយ​មក ពេល​ដណ្ដើម​យក​ស្រុក​សន្យា កុលសម្ព័ន្ធ​ស៊ីម្មាន​រួម​ដៃ​ជា​មួយ​កុលសម្ព័ន្ធ​យូដា​ក្នុង​ចម្បាំង ហើយ​នោះ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។—អសក. ១:៣, ១៧

១២. តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ស៊ីម្មាន​និង​លេវី?

១២ តើ​យើង​អាច​រៀន​អ្វី? ចូរ​កុំ​ឲ្យ​កំហឹង​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​និង​ការ​ប្រព្រឹត្ត​របស់​អ្នក​ឡើយ។ បើ​យើង​ឬ​បុគ្គល​ជា​ទី​ស្រឡាញ់​បាន​ត្រូវ​គេ​ធ្វើ​បាប តាម​ធម្មតា​យើង​នឹង​ខឹង។ (​ចសព. ៤:៤​) ប៉ុន្តែ យើង​ត្រូវ​ចាំ​ថា ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ដែល​ផុស​ចេញ​ពី​ការ​ខឹង​សម្បា​ទេ។ (​យ៉ា. ១:២០​) ពេល​យើង​រង​អំពើ​អយុត្តិធម៌ មិន​ថា​នៅ​ក្នុង​ក្រុម​ជំនុំ​ឬ​ក្រៅ​ក្រុម​ជំនុំ​ក្ដី យើង​ប្រព្រឹត្ត​ស្រប​តាម​គោល​ការណ៍​គម្ពីរ។ យ៉ាង​នេះ យើង​ជៀស​វាង​ពី​បញ្ហា​ដែល​បណ្ដាល​មក​ពី​ការ​មិន​ចេះ​គ្រប់​គ្រង​កំហឹង។ (​រ៉ូម ១២:១៧, ១៩; ១ពេ. ៣:៩​) ម្យ៉ាង​ទៀត ទោះ​ជា​ឪពុក​ម្ដាយ​របស់​អ្នក​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ក្ដី សូម​ចាំ​ថា​អ្នក​មិន​ចាំ​បាច់​ធ្វើ​តាម​គំរូ​របស់​ពួក​គេ​ទេ។ សូម​កុំ​អស់​សង្ឃឹម​ចំពោះ​ខ្លួន ឬ​សន្និដ្ឋាន​ថា​អ្នក​មិន​អាច​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​ឡើយ។ ព្រះ​យេហូវ៉ា​នឹង​តែង​តែ​ឲ្យ​រង្វាន់​ចំពោះ​ការ​ខំ​ព្យាយាម​របស់​អ្នក ដើម្បី​ជឿន​ទៅ​មុខ​និង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។

យូដា

១៣. ហេតុ​អ្វី​យូដា​ប្រហែល​ជា​ព្រួយ​បារម្ភ​ពេល​ដល់​វេន​ដែល​ឪពុក​គាត់​និយាយ​ទៅ​កាន់​គាត់?

១៣ បន្ទាប់​មក​ទៀត យ៉ាកុប​បាន​និយាយ​ទៅ​កាន់​យូដា។ ក្រោយ​ពី​ឮ​អ្វី​ដែល​យ៉ាកុប​បាន​និយាយ​ទៅ​កាន់​បង​ប្រុស​ៗ​របស់​គាត់ យូដា​ប្រហែល​ជា​ព្រួយ​ចិត្ត។ ហេតុ​អ្វី? ពីព្រោះ​គាត់​ក៏​បាន​ធ្វើ​ខុស​ធ្ងន់​ធ្ងរ​ដែរ។ តាម​មើល​ទៅ គាត់​បាន​ចូល​រួម​ក្នុង​ការ​ចាប់​យក​របស់​របរ​ពី​ក្រុង​ស៊ីគឹម។ (​ដក. ៣៤:២៧​) ម្យ៉ាង​ទៀត គាត់​ចូល​រួម​ជា​មួយ​បង​ប្អូន​ប្រុស​របស់​គាត់​ក្នុង​ការ​លក់​យ៉ូសែប​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ និង​ក្នុង​ការ​បោក​បញ្ឆោត​ឪពុក​របស់​ពួក​គេ​អំពី​រឿង​នោះ។ (​ដក. ៣៧:៣១​-​៣៣​) មួយ​វិញ​ទៀត នៅ​ពេល​ក្រោយ​មក គាត់​បាន​រួម​ដំណេក​ជា​មួយ​នឹង​ថេម៉ា​ដែល​ជា​កូន​ប្រសា​ស្រី​របស់​គាត់ ដោយ​ស្មាន​ថា​នាង​ជា​ស្រី​ពេស្យា។—ដក. ៣៨:១៥​-​១៨

១៤. តើ​យូដា​បាន​ប្រព្រឹត្ត​ល្អ​អ្វី​ខ្លះ? (​ដើម​កំណើត ៤៩:៨, ៩​)

១៤ ប៉ុន្តែ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ យ៉ាកុប​ឲ្យ​តែ​ពរ​និង​សរសើរ​យូដា​ប៉ុណ្ណោះ។ (​សូម​អាន ដើម​កំណើត ៤៩:៨, ៩) យូដា​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ឪពុក​វ័យ​ចាស់​របស់​គាត់។ គាត់​ក៏​បាន​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ដល់​បេនយ៉ាមីន​ដែល​ជា​ប្អូន​ប្រុស​ពៅ​របស់​គាត់​ដែរ។—ដក. ៤៤:១៨, ៣០​-​៣៤

១៥. តើ​យូដា​បាន​ទទួល​ពរ​តាម​របៀប​ណា​ខ្លះ?

១៥ យ៉ាកុប​បាន​ប្រាប់​ទុក​ជា​មុន​ថា យូដា​នឹង​ធ្វើ​ជា​អ្នក​នាំ​មុខ​បង​ប្អូន​ប្រុស​របស់​គាត់។ ប៉ុន្តែ ត្រូវ​ការ​ពេល​យូរ​ដើម្បី​ឲ្យ​ទំនាយ​នោះ​បាន​សម្រេច។ ប្រមាណ​២០០​ឆ្នាំ​ក្រោយ​មក ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប។ ក្នុង​អំឡុង​ពេល​នោះ កុលសម្ព័ន្ធ​យូដា​បាន​នាំ​មុខ​ពួក​គេ ពេល​ឆ្លង​កាត់​តំបន់​ស្ងាត់​ជ្រងំ​ឆ្ពោះ​ទៅ​ស្រុក​សន្យា។ (​ជប. ១០:១៤​) ច្រើន​ឆ្នាំ​ក្រោយ​មក កុលសម្ព័ន្ធ​យូដា​បាន​នាំ​មុខ​ក្នុង​ការ​ចាប់​យក​ស្រុក​សន្យា។ (​អសក. ១:១, ២​) ម្យ៉ាង​ទៀត ដាវីឌ​គឺ​ជា​ស្ដេច​ដំបូង​គេ​ដែល​មក​ពី​កុលសម្ព័ន្ធ​យូដា។ ប៉ុន្តែ ទំនាយ​អំពី​យូដា​បាន​សម្រេច​តាម​របៀប​ផ្សេង​ទៀត។

១៦. តើ​ទំនាយ​នៅ​ដើម​កំណើត ៤៩:១០​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ទំនាយ​របស់​យ៉ាកុប​ពេល​គាត់​ជិត​ស្លាប់​»​)

១៦ យ៉ាកុប​បាន​បង្ហាញ​ថា កូន​ចៅ​ម្នាក់​របស់​យូដា​នឹង​ទៅ​ជា​អ្នក​គ្រប់​គ្រង​លើ​មនុស្សជាតិ​ជា​រៀង​រហូត។ (​សូម​អាន ដើម​កំណើត ៤៩:១០ និង​កំណត់​សម្គាល់​) អ្នក​គ្រប់​គ្រង​នោះ​គឺ​ជា​លោក​យេស៊ូ​គ្រិស្ត ជា​អ្នក​ដែល​យ៉ាកុប​ហៅ​ថា​ស៊ីឡូរ។ ស្ដី​អំពី​លោក​យេស៊ូ ទេវតា​មួយ​រូប​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​បល្ល័ង្ក​របស់​ដាវីឌ​ជា​បុព្វ​បុរស ឲ្យ​ដល់​បុត្រ​នោះ​»។ (​លូក. ១:៣២, ៣៣​) លោក​យេស៊ូ​ក៏​បាន​ត្រូវ​ហៅ​ថា​៖ ​«​ជា​តោ​ពី​កុលសម្ព័ន្ធ​យូដា​»​ដែរ។—បប. ៥:៥

១៧. តើ​យើង​អាច​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

១៧ តើ​យើង​អាច​រៀន​អ្វី? ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​យូដា សូម្បី​តែ​គាត់​បាន​ធ្វើ​ខុស​ធ្ងន់​ធ្ងរ​ក៏​ដោយ។ បង​ប្អូន​ប្រុស​របស់​យូដា​ប្រហែល​ជា​បាន​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​គាត់? យើង​មិន​ដឹង​ថា​ពួក​គេ​គិត​យ៉ាង​ណា​ទេ តែ​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ឃើញ​ចំណុច​ល្អ​របស់​យូដា ហើយ​ឲ្យ​ពរ​គាត់។ តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា? ពេល​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់​ទទួល​ឯកសិទ្ធិ​ពិសេស​មួយ ដំបូង​យើង​ប្រហែល​ជា​ផ្ដោត​អារម្មណ៍​លើ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​បុគ្គល​នោះ។ ប៉ុន្តែ គឺ​ជា​ការ​ល្អ​ឲ្យ​យើង​ចាំ​ថា ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​គុណ​សម្បត្តិ​របស់​បុគ្គល​នោះ។ ព្រះ​យេហូវ៉ា​ស្វែង​រក​ចំណុច​ល្អ​របស់​អ្នក​គោរព​ប្រណិប័តន៍​លោក។ សូម​ឲ្យ​យើង​ព្យាយាម​ធ្វើ​ដូច​លោក​ដែរ។

១៨. ហេតុ​អ្វី​យើង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់?

១៨ មេ​រៀន​មួយ​ទៀត​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​យូដា​គឺ យើង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់។ ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក តែ​លោក​មិន​តែង​តែ​ធ្វើ​ដូច្នោះ​តាម​របៀប​ឬ​ពេល​ដែល​យើង​បាន​រំពឹង​ទុក​នោះ​ទេ។ កូន​ចៅ​របស់​យូដា​មិន​បាន​ចាប់​ផ្ដើម​នាំ​មុខ​រាស្ត្រ​របស់​ព្រះ​ភ្លាម​ៗ​ឡើយ។ ប៉ុន្តែ ពួក​គេ​មាន​ភក្ដី​ភាព ដោយ​គាំទ្រ​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ឲ្យ​នាំ​មុខ មិន​ថា​ម៉ូសេ​ពី​កុលសម្ព័ន្ធ​លេវី យ៉ូស្វេ​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម ឬ​ស្ដេច​សុល​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ក្ដី។ យើង​ក៏​គួរ​គាំទ្រ​អ្នក​ណា​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​ជ្រើស​រើស​ឲ្យ​នាំ​មុខ​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។—ហេ. ៦:១២

១៩. ដោយ​ពិចារណា​ទំនាយ​របស់​យ៉ាកុប​ពេល​គាត់​ជិត​ស្លាប់ តើ​យើង​អាច​រៀន​អ្វី​អំពី​ព្រះ​យេហូវ៉ា?

១៩ មក​ដល់​ត្រឹម​នេះ តើ​យើង​បាន​រៀន​អ្វី​ពី​ទំនាយ​របស់​យ៉ាកុប​ពេល​គាត់​ជិត​ស្លាប់? យើង​ឃើញ​ច្បាស់​ថា ​«​របៀប​ដែល​មនុស្ស​មើល គឺ​ខុស​ពី​របៀប​ដែល​ព្រះ​មើល​»។ (​១សាំ. ១៦:៧​) ព្រះ​យេហូវ៉ា​មាន​ចិត្ត​អត់​ធ្មត់​យ៉ាង​ខ្លាំង និង​អភ័យ​ទោស។ លោក​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ ពេល​ដែល​យើង​ប្រព្រឹត្ត​អ្វី​ដែល​អាក្រក់ ប៉ុន្តែ​លោក​ក៏​មិន​តម្រូវ​ឲ្យ​យើង​ល្អ​ឥត​ខ្ចោះ​ដែរ។ លោក​ក៏​ថែម​ទាំង​អាច​ផ្ដល់​ពរ​ដល់​បុគ្គល​ដែល​បាន​ធ្វើ​ខុស​ធ្ងន់​ធ្ងរ​នៅ​អតីតកាល​ទៀត​ផង បើ​ពួក​គេ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ហើយ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ នៅ​ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អ្វី​ដែល​យ៉ាកុប​បាន​និយាយ​ទៅ​កាន់​កូន​ប្រុស​ៗ​របស់​គាត់​៨​នាក់​ទៀត។

ចម្រៀង​លេខ​១២៤ ចូរ​មាន​ភក្ដី​ភាព​ជា​និច្ច