អត្ថបទសិក្សា ៥
ចម្រៀងលេខ១០៨ សេចក្ដីស្រឡាញ់ស្មោះត្រង់របស់ព្រះ
ប្រយោជន៍ដែលយើងទទួលពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា
«គ្រិស្តយេស៊ូបានចូលក្នុងពិភពលោក ដើម្បីសង្គ្រោះអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង»។—១ធី. ១:១៥
ចំណុចផ្ដោត
ប្រយោជន៍ដែលយើងទទួលពីថ្លៃលោះ និងរបៀបដែលយើងអាចដឹងគុណព្រះយេហូវ៉ា។
១. តើយើងអាចធ្វើអ្វីដើម្បីនាំឲ្យព្រះយេហូវ៉ាសប្បាយ?
សូមស្រមៃថា អ្នកឲ្យអំណោយដ៏ស្រស់ស្អាតនិងមានប្រយោជន៍ដល់បុគ្គលដែលអ្នកស្រឡាញ់។ អ្នកប្រាកដជាខកចិត្តជាខ្លាំង បើបុគ្គលនោះទុកអំណោយនោះចោល ហើយមិនគិតអំពីអំណោយនោះទៀត! ផ្ទុយទៅវិញ អ្នកប្រាកដជាសប្បាយបើគាត់ប្រើអំណោយរបស់អ្នក ហើយអរគុណអ្នក។ តើឧទាហរណ៍នេះជាប់ទាក់ទងនឹងថ្លៃលោះដែលជាអំណោយពីព្រះយេហូវ៉ាយ៉ាងដូចម្ដេច? ព្រះយេហូវ៉ាបានផ្ដល់បុត្ររបស់លោកឲ្យស្លាប់ដើម្បីយើង។ ដូច្នេះ ព្រះយេហូវ៉ាច្បាស់ជាសប្បាយពេលយើងមានចិត្តកតញ្ញូចំពោះអំណោយដ៏ថ្លៃវិសេសនោះ និងចំពោះសេចក្ដីស្រឡាញ់របស់លោកដែលជំរុញចិត្តលោកឲ្យផ្ដល់ថ្លៃលោះ។—យ៉ូន. ៣:១៦; រ៉ូម ៥:៧, ៨
២. តើយើងនឹងពិចារណាអ្វីនៅក្នុងអត្ថបទនេះ?
២ យូរៗទៅ ចិត្តកតញ្ញូរបស់យើងចំពោះថ្លៃលោះអាចរសាយទៅ។ ប៉ុន្តែ បើយើងបាត់បង់ចិត្តកតញ្ញូចំពោះថ្លៃលោះ នេះហាក់ដូចជាយើងទុកអំណោយដ៏ស្រស់ស្អាតដែលព្រះឲ្យយើងនៅកន្លែងដែលយើងមិនអាចមើលឃើញ ឬនឹកមិនដល់។ ដើម្បីកុំឲ្យនេះកើតឡើង យើងត្រូវគិតជារឿយៗអំពីអ្វីដែលព្រះនិងលោកយេស៊ូគ្រិស្តបានធ្វើសម្រាប់យើង។ អត្ថបទនេះអាចជួយយើងឲ្យធ្វើដូច្នេះ។ យើងនឹងពិចារណារបៀបដែលយើងអាចទទួលប្រយោជន៍ពីថ្លៃលោះនៅឥឡូវ និងរបៀបដែលយើងអាចទទួលប្រយោជន៍ពីថ្លៃលោះនៅថ្ងៃអនាគត។ យើងក៏នឹងពិចារណារបៀបដែលយើងអាចបង្ហាញចិត្តកតញ្ញូចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា ជាពិសេសក្នុងអំឡុងរដូវពិធីរំលឹកនេះ។
របៀបដែលយើងទទួលប្រយោជន៍នៅឥឡូវ
៣. តើរបៀបមួយដែលយើងទទួលប្រយោជន៍ពីថ្លៃលោះនៅឥឡូវគឺជាអ្វី?
៣ យើងកំពុងទទួលប្រយោជន៍រួចហើយពីគ្រឿងបូជាលោះរបស់លោកយេស៊ូគ្រិស្ត។ ជាឧទាហរណ៍ ដោយមានមូលដ្ឋានលើថ្លៃលោះ ព្រះយេហូវ៉ាអភ័យទោសចំពោះការខុសឆ្គងរបស់យើង។ ទោះជាលោកមិនចាំបាច់ធ្វើដូច្នោះក្ដី លោកចង់អភ័យ ទោសឲ្យយើង។ អ្នកតែងចម្រៀងសរសើរព្រះបានបង្ហាញចិត្តកតញ្ញូចំពោះការអភ័យទោសរបស់ព្រះយេហូវ៉ា ដោយនិយាយថា៖ «ឱព្រះយេហូវ៉ា លោកល្អពិតមែន ហើយលោកបម្រុងតែនឹងអភ័យទោស»។—ចសព. ៨៦:៥; ១០៣:៣, ១០-១៣
៤. តើព្រះយេហូវ៉ាផ្ដល់ថ្លៃលោះសម្រាប់អ្នកណា? (លូកា ៥:៣២; ធីម៉ូថេទី១ ១:១៥)
៤ មនុស្សខ្លះមានអារម្មណ៍ថា ពួកគេមិនសមទទួលការអភ័យទោសពីព្រះយេហូវ៉ា។ តាមពិត យើងទាំងអស់គ្នាមិនសមនឹងទទួលមែន។ សាវ័កប៉ូលយល់ថា គាត់«មិនសមនឹងហៅថាសាវ័ក»។ ប៉ុន្តែ គាត់បានបន្ថែមថា៖ «ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ ខ្ញុំមានមុខងារនេះ»។ (១កូ. ១៥:៩, ១០) ពេលយើងប្រែចិត្តពីការខុសឆ្គងរបស់យើង ព្រះយេហូវ៉ាអភ័យទោសឲ្យយើង។ ហេតុអ្វី? មិនមែនដោយសារយើងសមនឹងទទួលការអភ័យទោសទេ ប៉ុន្តែដោយសារលោកស្រឡាញ់យើង។ បើអ្នកមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ សូមចាំថាព្រះយេហូវ៉ាផ្ដល់ថ្លៃលោះមិនមែនសម្រាប់មនុស្សដែលគ្មានការខុសឆ្គងទេ តែសម្រាប់មនុស្សដែលមានការខុសឆ្គងដែលប្រែចិត្ត។—សូមអាន លូកា ៥:៣២; ធីម៉ូថេទី១ ១:១៥
៥. តើព្រះយេហូវ៉ាត្រូវបង្ហាញសេចក្ដីមេត្តាករុណាដល់យើងឬទេ? សូមពន្យល់។
៥ គ្មានយើងណាម្នាក់គួរគិតថា យើងមានសិទ្ធិទទួលសេចក្ដីមេត្តាករុណាពីព្រះយេហូវ៉ាទេ មិនថាយើងបានបម្រើព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំក៏ដោយ។ ព្រះយេហូវ៉ាពិតជានឹកចាំអ្វីទាំងអស់ដែលយើងបានធ្វើចំពោះលោក។ (ហេ. ៦:១០) លោកបានផ្ដល់បុត្ររបស់លោកជាអំណោយដោយឥតគិតថ្លៃដល់យើង តែនេះមិនមែនជាការបង់ថ្លៃចំពោះកិច្ចបម្រើរបស់យើងទេ។ ដូច្នេះ គឺជាការខុសឲ្យយើងគិតថា ដោយសារយើងបានធ្វើអ្វីៗជាច្រើនដើម្បីព្រះយេហូវ៉ា យើងសមនឹងទទួលការអភ័យទោសពីលោក។ បើយើងជឿបែបនោះ នោះហាក់ដូចជាយើងគិតថា យើងមិនត្រូវការថ្លៃលោះទេ។—សូមពិនិត្យបន្ថែម កាឡាទី ២:២១
៦. ហេតុអ្វីបានជាប៉ូលខំធ្វើការយ៉ាងនឿយហត់ក្នុងកិច្ចបម្រើព្រះយេហូវ៉ា?
៦ ប៉ូលដឹងថាទោះជាគាត់ខំប្រឹងខ្លាំងយ៉ាងណាក្ដី នោះមិនធ្វើឲ្យគាត់សមនឹងទទួលការពេញចិត្តពីព្រះទេ។ ដូច្នេះ ហេតុអ្វីបានជាគាត់ខំធ្វើការយ៉ាងនឿយហត់ក្នុងកិច្ចបម្រើព្រះយេហូវ៉ា? មិនមែនដើម្បីបង្ហាញថាគាត់សមនឹងទទួលការពេញចិត្តពីព្រះទេ ប៉ុន្តែដើម្បីបង្ហាញចិត្តកតញ្ញូចំពោះគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា។ (អេភ. ៣:៧) ដូចប៉ូលដែរ យើងបន្តបម្រើព្រះយេហូវ៉ាដោយចិត្តខ្នះខ្នែង មិនមែនដើម្បីធ្វើឲ្យខ្លួនសមនឹងទទួលសេចក្ដីមេត្តាករុណារបស់លោកទេ ប៉ុន្តែដើម្បីបង្ហាញចិត្តកតញ្ញូចំពោះសេចក្ដីមេត្តាករុណារបស់លោក។
៧. តើយើងអាចទទួលប្រយោជន៍អ្វីទៀតពីថ្លៃលោះនៅឥឡូវនេះ? (រ៉ូម ៥:១; យ៉ាកុប ២:២៣)
៧ របៀបមួយទៀតដែលយើងអាចទទួលប្រយោជន៍ពីថ្លៃលោះនៅឥឡូវនេះ គឺយើងអាចមានចំណងមិត្តភាពជិតស្និទ្ធដោយផ្ទាល់ជាមួយនឹងព្រះយេហូវ៉ា។ a ដូចបានលើកឡើងនៅអត្ថបទមុន ពេលយើងកើតមក យើងមិនស្រាប់តែមានចំណងមិត្តភាពជាមួយនឹងព្រះនោះទេ។ ប៉ុន្តែដោយសារថ្លៃលោះ យើងអាចមាន«សន្តិភាពជាមួយនឹងព្រះ» ហើយយ៉ាងនេះយើងអាចចូលទៅជិតលោក។—សូមអាន រ៉ូម ៥:១; យ៉ាកុប ២:២៣
៨. ហេតុអ្វីយើងគួរមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ាសម្រាប់ឯកសិទ្ធិអធិដ្ឋាន?
៨ សូមគិតអំពីផ្នែកមួយនៃចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា គឺឯកសិទ្ធិក្នុងការអធិដ្ឋាន។ ព្រះយេហូវ៉ាមិនគ្រាន់តែស្ដាប់រាស្ត្រលោកអធិដ្ឋានជាសាធារណៈពេលយើងជួបជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ស្ដាប់សេចក្ដីអធិដ្ឋានរបស់យើងពេលនៅម្នាក់ឯងដែរ។ ការអធិដ្ឋានអាចជួយយើងឲ្យមានចិត្តស្ងប់ និងមានសេចក្ដីសុខសាន្តក្នុងចិត្ត។ ប៉ុន្តែ ការអធិដ្ឋានមិនគ្រាន់តែផ្ដល់ប្រយោជន៍ទាំងនេះដល់យើងប៉ុណ្ណោះទេ តែក៏អាចពង្រឹងចំណងមិត្តភាពរបស់យើងជាមួយព្រះដែរ។ (ចសព. ៦៥:២; យ៉ា. ៤:៨; ១យ៉ូន. ៥:១៤) ពេលលោកយេស៊ូនៅផែនដី លោកអធិដ្ឋានជារឿយៗ ដោយសារលោកដឹងថាព្រះយេហូវ៉ាស្ដាប់លោក ហើយថាសេចក្ដីអធិដ្ឋានជួយលោករក្សា ចំណងមិត្តភាពរឹងមាំជាមួយបិតាលោក។ (លូក. ៥:១៦) យើងមានចិត្តកតញ្ញូខ្លាំងណាស់ ដោយសារគ្រឿងបូជារបស់លោកយេស៊ូ ទើបយើងអាចធ្វើជាមិត្តរបស់ព្រះយេហូវ៉ា ហើយថែមទាំងនិយាយទៅកាន់លោកក្នុងសេចក្ដីអធិដ្ឋាន។
របៀបដែលយើងអាចទទួលប្រយោជន៍នៅថ្ងៃអនាគត
៩. តើអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់នឹងទទួលប្រយោជន៍យ៉ាងណាពីថ្លៃលោះនៅថ្ងៃអនាគត?
៩ តើអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ានឹងទទួលប្រយោជន៍យ៉ាងណាពីថ្លៃលោះនៅថ្ងៃអនាគត? ព្រះយេហូវ៉ានឹងផ្ដល់ឲ្យពួកគេនូវជីវិតដែលគ្មានទីបញ្ចប់។ មនុស្សជាច្រើនគិតថានេះគឺមិនអាចទៅរួចទេ ដោយសារអស់រាប់ពាន់ឆ្នាំមកហើយមនុស្សតែងតែស្លាប់។ ប៉ុន្តែ គោលបំណងដើមរបស់ព្រះយេហូវ៉ាគឺឲ្យមនុស្សរស់ជារៀងរហូត។ បើសិនជាអាដាមមិនបានប្រព្រឹត្តអំពើខុសឆ្គងទេ នោះគ្មានអ្នកណាម្នាក់គិតថាជីវិតរស់ជារៀងរហូតមិនអាចទៅរួចនោះឡើយ ហើយមនុស្សគ្រប់រូបនឹងមានជីវិតដែលគ្មានទីបញ្ចប់។ ម្យ៉ាងទៀត ទោះជានៅឥឡូវនេះយើងពិបាកស្រមៃគិតអំពីការរស់ជារៀងរហូតក្ដី យើងអាចជឿថានោះនឹងកើតឡើងមែន ដោយសារយើងដឹងថាព្រះយេហូវ៉ាបានបង់ថ្លៃដ៏ខ្ពស់បំផុត គឺជីវិតរបស់បុត្រលោកផ្ទាល់ដើម្បីឲ្យយើងអាចមានជីវិតជារៀងរហូត។—រ៉ូម ៨:៣២
១០. តើពួកអ្នករើសតាំងនិងចៀមឯទៀតទន្ទឹងរង់ចាំអ្វី?
១០ ទោះជាជីវិតដែលគ្មានទីបញ្ចប់គឺជាសេចក្ដីសង្ឃឹមសម្រាប់ថ្ងៃអនាគតក្ដី ព្រះយេហូវ៉ាចង់ឲ្យយើងទន្ទឹងរង់ចាំជីវិតបែបនោះនៅឥឡូវនេះ។ ពួកអ្នករើសតាំងទន្ទឹងរង់ចាំជីវិតដ៏មានន័យនៅស្ថានសួគ៌ កាលដែលពួកគេគ្រប់គ្រងផែនដីជាមួយលោកយេស៊ូគ្រិស្ត។ (បប. ២០:៦) ចំណែកឯចៀមឯទៀត ពួកគេទន្ទឹងរង់ចាំរស់នៅផែនដីដែលជាសួនឧទ្យានដោយគ្មានការឈឺចាប់ ហើយលែងកើតទុក្ខ។ (បប. ២១:៣, ៤) តើអ្នកនៅក្នុងចំណោមចៀមឯទៀតដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីឬទេ? សេចក្ដីសង្ឃឹមនេះ មិនមែនជារង្វាន់ដែលអន់ជាងសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅស្ថានសួគ៌ឡើយ។ ព្រះយេហូវ៉ាបានបង្កើតមនុស្សឲ្យរស់នៅផែនដី ដូច្នេះការរស់ជារៀងរហូតនៅផែនដីនឹងធ្វើឲ្យយើងសប្បាយយ៉ាងពេញលេញ។
១១-១២. តើយើងអាចទន្ទឹងរង់ចាំពរអ្វីខ្លះនៅក្នុងសួនឧទ្យាន? (សូមមើលរូបភាពផងដែរ)
១១ សូមស្រមៃគិតថាជីវិតរបស់អ្នកនៅសួនឧទ្យាននឹងទៅជាយ៉ាងណា។ អ្នកនឹងមិនបារម្ភអំពីជំងឺឬសេចក្ដីស្លាប់ទេ។ (អេ. ២៥:៨; ៣៣:២៤) ព្រះយេហូវ៉ានឹងបំពេញបំណងប្រាថ្នាដែលសមត្រឹមត្រូវទាំងអស់របស់អ្នក។ ចុះអ្នកវិញ តើអ្នកចង់រៀនអ្វី? រូបវិទ្យា? គីមីវិទ្យា? តន្ត្រី ឬគំនូរ? នៅក្នុងសួនឧទ្យាន យើងនឹងត្រូវការបុគ្គលដែលចេះរចនាប្លង់ អ្នកសាងសង់ និងកសិករ។ នៅពេលនោះ យើងក៏នឹងត្រូវការបុគ្គលដែលចេះដាំដុះ និងរៀបចំម្ហូប ធ្វើឧបករណ៍ ព្រមទាំងរៀបចំនិងថែទាំសួន។ (អេ. ៣៥:១; ៦៥:២១) ពេលអ្នករស់ជារៀងរហូត អ្នកនឹងមានពេលដើម្បីធ្វើកិច្ចការទាំងអស់នោះ ហើយច្រើនជាងនោះទៅទៀត។
១២ យើងនឹងអរសប្បាយទទួលស្វាគមន៍មនុស្សដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញ! (សកម្ម. ២៤:១៥) ម្យ៉ាងទៀត សូមស្រមៃគិតថាអ្នកនឹងមានអំណរខ្លាំងយ៉ាងណាពេលអ្នករៀនថែមទៀតអំពីព្រះយេហូវ៉ា ដោយពិនិត្យមើលអ្វីៗជាច្រើនដែលលោកបានបង្កើត។ (ចសព. ១០៤:២៤; អេ. ១១:៩) សំខាន់បំផុត អ្នកនឹងអរសប្បាយជាខ្លាំងក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយមិនបន្ទោសខ្លួនទាល់តែសោះ ព្រោះអ្នកលែងធ្វើអ្វីដែលខុសទៀត។ តើអ្នកនឹងបោះបង់ឱកាសរស់នៅក្នុងសួនឧទ្យានដើម្បី«សប្បាយមួយរយៈពេលខ្លីនឹងអំពើខុសឆ្គង»នៅសព្វថ្ងៃនេះឬ? (ហេ. ១១:២៥) ច្បាស់ជាមិនមែនទេ! ជីវិតដ៏អស្ចារ្យដែលយើងនឹងមាន នឹងល្អប្រសើរជាងអ្វីណាក៏ដោយដែលយើងអាចទទួលក្នុងពិភពលោកនៅឥឡូវនេះ។ សូមចាំថា សួនឧទ្យាននៅផែនដីនឹងមិនតែងតែជាអ្វីដែលយើងត្រូវទន្ទឹងរង់ចាំទេ ព្រោះនឹងមានថ្ងៃមួយដែលនោះនឹងសម្រេច ហើយយើងនឹងរស់នៅក្នុងសួនឧទ្យាន។ អ្វីទាំងអស់នេះអាចកើតឡើងបាន ដោយសារព្រះយេហូវ៉ាស្រឡាញ់យើងខ្លាំងដល់ម្ល៉េះ រហូតដល់លោកឲ្យបុត្ររបស់លោកស្លាប់ដើម្បីយើង។
ចូរបង្ហាញចិត្តកតញ្ញូចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា
១៣. តើយើងអាចបង្ហាញចិត្តកតញ្ញូយ៉ាងដូចម្ដេចចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា? (កូរិនថូសទី២ ៦:១)
១៣ តើយើងអាចបង្ហាញចិត្តកតញ្ញូចំពោះព្រះយេហូវ៉ាដែលផ្ដល់ថ្លៃលោះដល់យើងយ៉ាងដូចម្ដេច? គឺដោយចាត់ទុកការបម្រើលោកជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើង។ (ម៉ាថ. ៦:៣៣) ព្រោះលោកយេស៊ូបានស្លាប់ដើម្បីមនុស្សទាំងអស់ «ដើម្បីឲ្យអ្នកដែលរស់ អាចរស់ដើម្បីលោកដែលបានស្លាប់ជំនួសពួកគេ ហើយដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ មិនមែនរស់ដើម្បីខ្លួនឯងទៀតទេ»។ (២កូ. ៥:១៥) យើងប្រាកដជាមិនចង់ទទួលគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ាដោយឥតប្រយោជន៍ឡើយ។—សូមអាន កូរិនថូសទី២ ៦:១
១៤. តើយើងអាចបង្ហាញទំនុកចិត្តលើព្រះយេហូវ៉ានិងការណែនាំរបស់លោកយ៉ាងដូចម្ដេច?
១៤ យើងក៏អាចបង្ហាញចិត្តកតញ្ញូចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា ដោយទុកចិត្តលោកនិងធ្វើតាមការណែនាំរបស់លោក។ តើតាមរបៀបណា? ពេលយើងត្រូវធ្វើការសម្រេចចិត្តដូចជាត្រូវទទួលការអប់រំច្រើនប៉ុណ្ណា ឬការងារបែបណាដែលយើងគួរធ្វើ យើងត្រូវពិចារណាអ្វីដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើ។ (១កូ. ១០:៣១; ២កូ. ៥:៧) ពេលយើងធ្វើការសម្រេចចិត្តដោយមានមូលដ្ឋានលើជំនឿរបស់យើងទៅលើព្រះយេហូវ៉ា នោះជំនឿរបស់យើងលើលោក និងចំណងមិត្តភាពរបស់យើងជាមួយលោកកាន់តែរឹងមាំឡើង ហើយសេចក្ដីសង្ឃឹមរបស់យើងដើម្បីរស់ជារៀងរហូតនឹងកាន់តែពិតប្រាកដ។—រ៉ូម ៥:៣-៥; យ៉ា. ២:២១, ២២
១៥. តើយើងអាចបង្ហាញចិត្តកតញ្ញូរបស់យើងយ៉ាងដូចម្ដេចក្នុងអំឡុងរដូវពិធីរំលឹក?
១៥ របៀបផ្សេងទៀតដែលយើងអាចបង្ហាញចិត្តកតញ្ញូចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា គឺដោយខំអស់ពីសមត្ថភាពក្នុងរដូវពិធីរំលឹកនេះ ដើម្បីបង្ហាញព្រះយេហូវ៉ាថាយើងមានចិត្តកតញ្ញូជាខ្លាំងចំពោះថ្លៃលោះ។ ក្រៅពីមានគម្រោងចូលរួមពិធីរំលឹកដោយផ្ទាល់ យើងក៏អាចអញ្ជើញអ្នកឯទៀតឲ្យចូលរួមដែរ។ (១ធី. ២:៤) សូមពន្យល់ពួកអ្នកដែលអ្នកអញ្ជើញអំពីអ្វីដែលនឹងធ្វើឡើងនៅពិធីរំលឹក។ អ្នកនឹងឃើញថាមានប្រយោជន៍ បើអ្នកបង្ហាញវីដេអូហេតុអ្វីលោកយេស៊ូបានស្លាប់? និងចូរនឹកចាំមរណភាពលោកយេស៊ូនៅគេហទំព័រjw.org/km។ ពួកអ្នកចាស់ទុំគួរធ្វើឲ្យប្រាកដថា ពួកគេអញ្ជើញពួកអ្នកអសកម្ម។ សូមស្រមៃថានៅស្ថានសួគ៌និងនៅផែនដីនឹងមានអំណរខ្លាំងយ៉ាងណា បើចៀមដែលវង្វេងបាត់របស់ព្រះយេហូវ៉ាខ្លះត្រឡប់មកវិញ! (លូក. ១៥:៤-៧) នៅពិធីរំលឹក សូមយើងព្យាយាមស្វាគមន៍មិនគ្រាន់តែបងប្អូនរួមជំនឿប៉ុណ្ណោះទេ ប៉ុន្តែស្វាគមន៍ជាពិសេសនូវពួកអ្នកថ្មី ឬពួកអ្នកដែលខានចូលរួមអស់ជាយូរមកហើយ។ យើងចង់ធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្ដៅ។—រ៉ូម ១២:១៣
១៦. ហេតុអ្វីយើងគួរគិតពិចារណាអំពីការបង្កើនកិច្ចបម្រើរបស់យើងក្នុងរដូវពិធីរំលឹក?
១៦ តើអ្នកអាចបង្កើនកិច្ចបម្រើព្រះយេហូវ៉ាក្នុងអំឡុងរដូវពិធីរំលឹកនេះឬទេ? ការធ្វើដូចនេះគឺជារបៀបដ៏ល្អមួយដើម្បីបង្ហាញចិត្តកតញ្ញូចំពោះអ្វីទាំងអស់ដែលព្រះ និងលោកយេស៊ូគ្រិស្តបានធ្វើដើម្បីយើង។ កាលដែលយើងកាន់តែផ្សព្វផ្សាយ យើងនឹងកាន់តែឃើញជំនួយពីព្រះយេហូវ៉ា ហើយទំនុកចិត្តរបស់យើងទៅលើលោកនឹងកាន់តែរឹងមាំឡើង។ (១កូ. ៣:៩) ម្យ៉ាងទៀត សូមធ្វើឲ្យប្រាកដថាអ្នកអានគម្ពីរតាមកាលវិភាគអំណានគម្ពីរសម្រាប់ពិធីរំលឹកដែលមាននៅក្នុងសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ ឬក្នុងកិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ។ អ្នកប្រហែលជាថែមទាំងប្រើបទគម្ពីរទាំងនោះជាមូលដ្ឋានដើម្បីធ្វើការសិក្សាស្រាវជ្រាវផ្ទាល់ខ្លួន។
១៧. តើអ្វីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត? (សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា « របៀបបង្ហាញចិត្តកតញ្ញូចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា»)
១៧ ពិតណាស់ ស្ថានភាពរបស់អ្នកប្រហែលជាមិនអនុញ្ញាតឲ្យអ្នកធ្វើអ្វីៗទាំងអស់ដូចដែលបានរៀបរាប់ក្នុងអត្ថបទនេះទេ។ ប៉ុន្តែសូមចាំថា ព្រះយេហូវ៉ាមិនប្រៀបធៀបអ្វីដែលអ្នកធ្វើទៅនឹងអ្វីដែលអ្នកឯទៀតធ្វើឡើយ។ លោកឃើញអ្វីដែលមាននៅក្នុងចិត្តរបស់អ្នក។ លោកពេញចិត្តពេលលោកឃើញថា អ្នកមានចិត្តកតញ្ញូចំពោះអំណោយដ៏ថ្លៃវិសេសរបស់លោក ពោលគឺថ្លៃលោះ។—១សាំ. ១៦:៧; ម៉ាក. ១២:៤១-៤៤
១៨. ហេតុអ្វីយើងដឹងគុណព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្ត?
១៨ គឺដោយសារតែថ្លៃលោះ យើងអាចទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់យើង មានចំណងមិត្តភាពជាមួយព្រះយេហូវ៉ា និងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត។ សូមឲ្យយើងតែងតែបង្ហាញចិត្តកតញ្ញូចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាដែលជំរុញចិត្តលោកឲ្យផ្ដល់ពរទាំងនេះដល់យើង។ (១យ៉ូន. ៤:១៩) ម្យ៉ាងទៀត សូមឲ្យយើងបង្ហាញចិត្តកតញ្ញូចំពោះលោកយេស៊ូដែលស្រឡាញ់យើងខ្លាំងដល់ម្ល៉េះ រហូតដល់លោកឲ្យជីវិតដើម្បីយើង!—យ៉ូន. ១៥:១៣
ចម្រៀងលេខ១៥៤ សេចក្ដីស្រឡាញ់មិនចេះសាបសូន្យ
a ព្រះយេហូវ៉ាបានអភ័យទោសឲ្យពួកអ្នកគោរពប្រណិប័តន៍របស់លោក មុនលោកយេស៊ូផ្ដល់ថ្លៃលោះ។ ព្រះយេហូវ៉ាអាចធ្វើដូចនេះ ដោយសារលោកទុកចិត្តថាបុត្ររបស់លោកនឹងស្មោះត្រង់រហូតដល់ស្លាប់។ យ៉ាងនេះ តាមទស្សនៈរបស់ព្រះ គឺហាក់ដូចជាថ្លៃលោះបានត្រូវបង់យូរមុនលោកយេស៊ូស្លាប់ទៅទៀត។—រ៉ូម ៣:២៥