លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ៤៣

ចម្រៀង​លេខ​៩០ ចូរ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក

តើ​យើង​គួរ​ធ្វើ​អ្វី​ពេល​យើង​សង្ស័យ?

តើ​យើង​គួរ​ធ្វើ​អ្វី​ពេល​យើង​សង្ស័យ?

«​ចូរ​ពិចារណា​អ្វី​ៗ​ទាំង​អស់​ឲ្យ​ប្រាកដ​ថា​ត្រឹម​ត្រូវ​»។១ថែ. ៥:២១

ចំណុច​ផ្ដោត

របៀប​បំបាត់​ចោល​ការ​សង្ស័យ​ដែល​អាច​មាន​ឥទ្ធិពល​លើ​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។

១​-​២. (​ក​) តើ​អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​យេហូវ៉ា​ប្រហែល​ជា​សង្ស័យ​អំពី​រឿង​ណា​ខ្លះ? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

 ជួន​កាល​យើង​ទាំង​អស់​គ្នា​សង្ស័យ aមិន​ថា​ក្មេង​ឬ​ចាស់។ តើ​យើង​សង្ស័យ​អំពី​រឿង​អ្វី​ខ្លះ? ឧបមា​ថា អ្នក​ផ្សាយ​វ័យ​ក្មេង​ម្នាក់​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​គាត់​ទេ។ នេះ​ប្រហែល​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក។ ឥឡូវ សូម​គិត​អំពី​បង​ប្រុស​ម្នាក់​ដែល​មាន​វ័យ​កណ្ដាល។ ពេល​គាត់​នៅ​វ័យ​ក្មេង​គាត់​បាន​សម្រេច​ចិត្ត​ស្វែង​រក​រាជាណាចក្រ​ព្រះ​ជា​មុន​សិន ជា​ជាង​ចាប់​យក​អាជីព​ការ​ងារ​ក្នុង​ពិភព​លោក​នេះ។ ប៉ុន្តែ ឥឡូវ​គាត់​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​ៗ ហើយ​គាត់​ឃើញ​ថា​គាត់​គ្រាន់​តែ​មាន​លទ្ធភាព​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ គាត់​ឆ្ងល់​ថា​តើ​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​កាល​ដែល​គាត់​នៅ​ក្មេង​ឬ​ទេ? សូម​ស្រមៃ​គិត​អំពី​បង​ស្រី​ម្នាក់​ទៀត​ដែល​មាន​វ័យ​ចាស់។ គាត់​មិន​សូវ​មាន​កម្លាំង​កំហែង​ដូច​ពី​មុន​ទេ។ ហេតុ​នេះ គាត់​មិន​អាច​ធ្វើ​ច្រើន​ដូច​ដែល​គាត់​ធ្លាប់​ធ្វើ​ពី​មុន​ឡើយ។ នេះ​នាំ​ឲ្យ​គាត់​ធ្លាក់​ទឹក​ចិត្ត។ ចុះ​តើ​អ្នក​ធ្លាប់​សួរ​សំណួរ​ដូច​ជា​៖ ‹តើ​ព្រះ​យេហូវ៉ា​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​ឬ​ទេ? តើ​ការ​សម្រេច​ចិត្ត​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ដើម្បី​ព្រះ​យេហូវ៉ា​គឺ​ត្រឹម​ត្រូវ​ឬ? តើ​ខ្ញុំ​នៅ​តែ​មាន​ប្រយោជន៍​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​ទេ?›។

បើ​យើង​មាន​ការ​សង្ស័យ​ទាំង​នោះ ហើយ​មិន​ព្យាយាម​រក​វិធី​បំបាត់​ចោល​វា​ទេ នេះ​អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​ជំនឿ​លើ​ព្រះ​យេហូវ៉ា ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​យើង​ឈប់​គោរព​ប្រណិប័តន៍​លោក​ទៀត​ផង។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​គោល​ការណ៍​គម្ពីរ​ខ្លះ​ៗ​ដែល​អាច​ជួយ​យើង បើ​យើង​មាន​ការ​សង្ស័យ​ដូច​ត​ទៅ​នេះ​៖ (​១​) ព្រះ​យេហូវ៉ា​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង (​២​) ការ​សម្រេច​ចិត្ត​របស់​យើង​ពី​មុន​មិន​ត្រឹម​ត្រូវ ឬ​(​៣​) យើង​លែង​មាន​ប្រយោជន៍​ចំពោះ​ព្រះ​យេហូវ៉ា។

ពេល​យើង​សង្ស័យ តើ​យើង​អាច​ធ្វើ​អ្វី?

៣. តើ​យើង​អាច​ធ្វើ​អ្វី​ពេល​យើង​សង្ស័យ?

របៀប​មួយ​ដែល​យើង​អាច​បំបាត់​ចោល​ការ​សង្ស័យ​គឺ​ដោយ​ស្វែង​រក​ភស្តុ​តាង​ក្នុង​បណ្ដាំ​របស់​ព្រះ។ បើ​យើង​ធ្វើ​ដូច្នេះ ជំនឿ​របស់​យើង​លើ​ព្រះ​យេហូវ៉ា​និង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក​នឹង​កាន់​តែ​រឹង​មាំ​ឡើង ហើយ​យើង​នឹង​កាន់​តែ​អាច​«​កាន់​ជំហរ​មាំ​មួន​ក្នុង​ជំនឿ​»។—១កូ. ១៦:១៣

៤. តើ​តាម​របៀប​ណា​យើង​អាច​«​ពិចារណា​អ្វី​ៗ​ទាំង​អស់​ឲ្យ​ប្រាកដ​ថា​ត្រឹម​ត្រូវ​»​? (​ថែស្សាឡូនិច​ទី​១ ៥:២១​)

សូម​អាន ថែស្សាឡូនិច​ទី​១ ៥:២១ គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​ពិចារណា​អ្វី​ៗ​ទាំង​អស់​ឲ្យ​ប្រាកដ​ថា​ត្រឹម​ត្រូវ​»។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ប្រៀប​ធៀប​អ្វី​ដែល​យើង​ជឿ​ទៅ​នឹង​អ្វី​ដែល​គម្ពីរ​ចែង។ ជា​ឧទាហរណ៍ សូម​គិត​អំពី​អ្នក​ផ្សាយ​វ័យ​ក្មេង​ដែល​បាន​រៀប​រាប់​នៅ​ខាង​លើ​ដែល​សង្ស័យ​ថា​ខ្លួន​គ្មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។ តើ​គាត់​គួរ​ព្រងើយ​កន្តើយ​ចំពោះ​ការ​សង្ស័យ​របស់​គាត់​ឬ? មិន​គួរ​ទេ។ គាត់​គួរ​«​ពិចារណា​អ្វី​ៗ​ទាំង​អស់​ឲ្យ​ប្រាកដ​ថា​ត្រឹម​ត្រូវ​»​ ដោយ​គិត​អំពី​ទស្សនៈ​ព្រះ​យេហូវ៉ា។

៥. ដើម្បី​ទទួល​ចម្លើយ​ចំពោះ​ចម្ងល់​របស់​យើង តើ​យើង​គួរ​ធ្វើ​អ្វី?

ពេល​យើង​អាន​បណ្ដាំ​របស់​ព្រះ យើង​ហាក់​ដូច​ជា​ឮ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​យើង។ ប៉ុន្តែ ការ​អាន​គម្ពីរ​ប៉ុណ្ណោះ​មិន​អាច​បក​ស្រាយ​ចម្ងល់​ឬ​ការ​សង្ស័យ​របស់​យើង​ទេ។ យើង​ត្រូវ​ធ្វើ​លើស​ពី​នេះ គឺ​យើង​ត្រូវ​ស្វែង​រក​និង​សិក្សា​បទ​គម្ពីរ​ដែល​នឹង​ជួយ​យើង​រក​ចម្លើយ​ចំពោះ​ការ​សង្ស័យ​របស់​យើង។ ដើម្បី​ធ្វើ​ដូច្នេះ យើង​អាច​ស្រាវ​ជ្រាវ​ក្នុង​សៀវភៅ​របស់​អង្គការ​យើង។ (​សុភ. ២:៣​-​៦​) មុន​ធ្វើ​ការ​ស្រាវ​ជ្រាវ យើង​ត្រូវ​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​យើង​ឲ្យ​រក​ឃើញ​ព័ត៌មាន​ដែល​យើង​ត្រូវ​ការ។ បន្ទាប់​មក យើង​អាច​ស្វែង​រក​គោល​ការណ៍​គម្ពីរ​និង​ព័ត៌មាន​ដែល​ត្រូវ​នឹង​ស្ថានភាព​របស់​យើង។ យើង​ក៏​អាច​ទទួល​ប្រយោជន៍​ពី​ការ​ពិនិត្យ​មើល​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​បុគ្គល​ដែល​មាន​ស្ថានភាព​ស្រដៀង​យើង។

៦. តើ​ការ​ចូល​រួម​កិច្ច​ប្រជុំ​ជួយ​បំបាត់​ការ​សង្ស័យ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

នៅ​កិច្ច​ប្រជុំ យើង​ក៏​ហាក់​ដូច​ជា​ឮ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​យើង​ដែរ។ បើ​យើង​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់ នោះ​ចំណុច​ណា​មួយ​ក្នុង​សុន្ទរកថា ឬ​ចម្លើយ​របស់​បង​ប្អូន​អាច​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​បំបាត់​ការ​សង្ស័យ​របស់​យើង។ (​សុភ. ២៧:១៧​) ឥឡូវ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​នឹង​ជួយ​យើ​ឲ្យ​បំបាត់​ចោល​ការ​សង្ស័យ​មួយ​ចំនួន។

ពេល​អ្នក​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក

៧. តើ​អ្នក​ខ្លះ​ប្រហែល​ជា​ឆ្ងល់​អ្វី?

តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា ‹តើ​ព្រះ​យេហូវ៉ា​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​ឬ​ទេ›? បើ​អ្នក​ធ្លាប់​ឆ្ងល់​ដូច្នេះ​មែន នេះ​ប្រហែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​មិន​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​មិន​សម​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​អ្នក​បង្កើត​សកល​លោក។ ស្ដេច​ដាវីឌ​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​នេះ​ដែរ។ គាត់​កោត​ស្ងើច​ព្រះ​យេហូវ៉ា ដោយ​សារ​លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស។ ដូច្នេះ​ហើយ​បាន​ជា​គាត់​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា តើ​មនុស្ស​ជា​អ្វី​ដែល​លោក​ត្រូវ​ចាប់​អារម្មណ៍? ហើយ​តើ​កូន​មនុស្ស​ជា​អ្នក​ណា​បាន​ជា​លោក​ត្រូវ​យក​ចិត្ត​ទុក​ដាក់?​»។ (​ចសព. ១៤៤:៣​) បើ​អ្នក​ធ្លាប់​ឆ្ងល់​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ចំពោះ​មនុស្ស​ម្នាក់​ៗ​ឬ​យ៉ាង​ណា តើ​អ្នក​អាច​រក​ចម្លើយ​ចំពោះ​សំណួរ​នេះ​នៅ​ឯ​ណា?

៨. យោង​ទៅ​តាម​សាំយូអែល​ទី​១ ១៦:៦, ៧, ១០​-​១២ តើ​ព្រះ​យេហូវ៉ា​កត់​សម្គាល់​អ្វី​អំពី​មនុស្ស?

គម្ពីរ​បង្រៀន​យើង​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ដែល​អ្នក​ឯ​ទៀត​ចាត់​ទុក​ថា​មិន​សំខាន់។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​ចាត់​សាំយូអែល​ឲ្យ​ទៅ​ផ្ទះ​របស់​អ៊ីសាយ ដើម្បី​តែង​តាំង​កូន​ប្រុស​ម្នាក់​របស់​គាត់​ឲ្យ​ធ្វើ​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ពេល​សាំយូអែល​ទៅ​ដល់ អ៊ីសាយ​បាន​ហៅ​កូន​ប្រុស​៧​នាក់​ឲ្យ​មក​ជួប​សាំយូអែល លើក​លែង​តែ​ដាវីឌ​ដែល​ជា​កូន​ប្រុស​ទី​៨។ b ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​ជ្រើស​រើស​កូន​ប្រុស​៧​នាក់​នោះ​ទេ លោក​បាន​ជ្រើស​រើស​ដាវីឌ​វិញ។ (​សូម​អាន សាំយូអែល​ទី​១ ១៦:៦, ៧, ១០​-​១២) ព្រះ​យេហូវ៉ា​ឃើញ​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​របស់​ដាវីឌ ហើយ​លោក​ឃើញ​ថា​ដាវីឌ​ពិត​ជា​ស្រឡាញ់​លោក​ខ្លាំង​ណាស់។

៩. ហេតុ​អ្វី​អ្នក​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

សូម​គិត​អំពី​របៀប​មួយ​ដែល​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក។ តើ​នោះ​ជា​អ្វី? គឺ​លោក​ផ្ដល់​ឱវាទ​ចំ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​អ្នក។ (​ចសព. ៣២:៨​) បើ​លោក​មិន​ស្គាល់​អ្នក​ច្បាស់ តើ​លោក​អាច​ធ្វើ​ដូច្នេះ​ម្ដេច​បាន? (​ចសព. ១៣៩:​១​) ពេល​អ្នក​ធ្វើ​តាម​ឱវាទ​ពី​ព្រះ​យេហូវ៉ា ហើយ​ឃើញ​ថា​ឱវាទ​នោះ​បាន​ជួយ​អ្នក អ្នក​នឹង​កាន់​តែ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក។ (​១ប្រ. ២៨:៩; សកម្ម. ១៧:​២៦, ២៧​) ព្រះ​យេហូវ៉ា​ឃើញ​ការ​ខំ​ប្រឹង​របស់​អ្នក​ដើម្បី​បម្រើ​លោក​និង​ស្ដាប់​បង្គាប់​លោក។ លោក​ឃើញ​គុណ​សម្បត្តិ​របស់​អ្នក ហើយ​នេះ​ជំរុញ​ចិត្ត​លោក​ឲ្យ​ជួយ​អ្នក។ (​យេ. ១៧:​១០​) លោក​សង្ឃឹម​ថា​នេះ​នឹង​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ចង់​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក។—១យ៉ូន. ៤:១៩

​«​បើ​កូន​ស្វែង​រក​[​ព្រះ​យេហូវ៉ា​] នោះ​លោក​នឹង​ឲ្យ​កូន​រក​លោក​ឃើញ​»។—១ប្រ. ២៨:៩ ​(​សូម​មើល​វគ្គ​៩​)​ c


ពេល​អ្នក​សង្ស័យ​ថា​ការ​សម្រេច​ចិត្ត​របស់​អ្នក​ពី​មុន​មិន​ត្រឹម​ត្រូវ

១០. ពេល​យើង​គិត​អំពី​ការ​សម្រេច​ចិត្ត​ដែល​យើង​ធ្វើ​ពី​មុន តើ​យើង​ប្រហែល​ជា​ឆ្ងល់​អំពី​អ្វី?

១០ ជួន​កាល អ្នក​ខ្លះ​ប្រហែល​ជា​គិត​ឡើង​វិញ​អំពី​ការ​សម្រេច​ចិត្ត​ពី​មុន​របស់​ខ្លួន ហើយ​សង្ស័យ​ថា​តើ​ពួក​គេ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា។ ប្រហែល​ជា​ពួក​គេ​បាន​សម្រេច​ចិត្ត​លះ​ចោល​ការ​ងារ​ដែល​អាច​ទទួល​ប្រាក់​ខែ​ច្រើន ឬ​សម្រេច​ចិត្ត​មិន​ចាប់​ផ្ដើម​មុខ​របរ​រក​ស៊ីណា​មួយ ដើម្បី​ពួក​គេ​អាច​បម្រើ​ព្រះ​យេហូវ៉ា​ច្រើន​ជាង។ ប៉ុន្តែ អស់​ជា​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ ពួក​គេ​ប្រហែល​ជា​ឃើញ​ថា​អ្នក​ឯ​ទៀត​ដែល​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេង​ពី​ពួក​គេ មាន​ជីវិត​សុខ​ស្រួល​និង​សម្បូរ​សប្បាយ។ នេះ​ប្រហែល​ជា​នាំ​ឲ្យ​ពួក​គេ​ឆ្ងល់​ថា ‹តើ​ការ​លះ​បង់​របស់​ខ្ញុំ​ដើម្បី​ព្រះ​យេហូវ៉ា​សម​ត្រឹម​ត្រូវ​ឬ​ទេ? ឬ​តើ​ការ​សម្រេច​ចិត្ត​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ខាន​ឱកាស​ល្អ​ជាង​ឬ​ទេ?›។

១១. តើ​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ ៧៣​មាន​អារម្មណ៍​យ៉ាង​ណា?

១១ បើ​អ្នក​ធ្លាប់​ឆ្ងល់​សំណួរ​ទាំង​នេះ សូម​គិត​អំពី​អារម្មណ៍​របស់​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ ៧៣។ គាត់​ឃើញ​មនុស្ស​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា​មើល​ទៅ​មាន​សុខភាព​ល្អ សម្បូរ​សប្បាយ ហើយ​មិន​មាន​ទុក្ខ​កង្វល់​អ្វី​សោះ។ (​ចសព ៧៣:៣​-​៥, ១២​) ពេល​គាត់​ឃើញ​ដូច្នេះ គាត់​មាន​អារម្មណ៍​ថា​ការ​ខំ​ប្រឹង​បម្រើ​ព្រះ​យេហូវ៉ា​គឺ​ជា​ការ​សម្រេច​ចិត្ត​មិន​ត្រឹម​ត្រូវ។ ទស្សនៈ​នេះ​ធ្វើ​ឲ្យ​គាត់​«​ជួប​ការ​ពិបាក​ពេញ​មួយ​ថ្ងៃ​»។ (​ចសព. ៧៣:១៣, ១៤​) តើ​គាត់​បាន​បំបាត់​ចោល​ទស្សនៈ​ដូច​នេះ​យ៉ាង​ដូច​ម្ដេច?

១២. ស្រប​ទៅ​តាម​ចម្រៀង​សរសើរ​ព្រះ ៧៣:១៦​-​១៨ តើ​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​ធ្វើ​អ្វី​ដើម្បី​បំបាត់​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​របស់​គាត់?

១២ សូម​អាន ចម្រៀង​សរសើរ​ព្រះ ៧៣:១៦​-​១៨ អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​ទៅ​ទី​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។ នៅ​ទី​នោះ គាត់​អាច​គិត​ពិចារណា​យ៉ាង​ច្បាស់​លាស់។ ហេតុ​នេះ គាត់​យល់​ឃើញ​ថា​ទោះ​ជា​ពួក​អ្នក​ទាំង​នោះ​មាន​ជីវិត​សុខ​ស្រួល​នៅ​ពេល​ឥឡូវ​ក្ដី ពួក​គេ​មិន​មាន​សេចក្ដី​សង្ឃឹម​សម្រាប់​ថ្ងៃ​អនាគត​ទេ។ ដោយ​យល់​ដូច្នេះ គាត់​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត ហើយ​ទទួល​ស្គាល់​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត។ ដូច្នេះ គាត់​តាំង​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា​ត​ទៅ​មុខ​ទៀត។—ចសព. ៧៣:២៣​-​២៨

១៣. បើ​អ្នក​ស្ដាយ​ក្រោយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ពី​មុន តើ​អ្វី​អាច​ជួយ​អ្នក? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៣ ដូច​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ អ្នក​ក៏​អាច​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​បាន​ដែរ​ដោយ​មាន​ជំនួយ​ពី​បណ្ដាំ​ព្រះ។ តើ​តាម​របៀប​ណា? សូម​គិត​អំពី​អ្វី​ល្អ​ៗ​ដែល​អ្នក​មាន រួម​ទាំង​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ អ្នក​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា​មិន​ទទួល​ជំនួយ​ពី​លោក​ទេ។ ពួក​គេ​ភាគ​ច្រើន​ពឹង​ផ្អែក​ទៅ​លើ​អ្វី​ដែល​ពួក​គេ​មាន​ក្នុង​ជីវិត​ប៉ុណ្ណោះ តែ​ពួក​គេ​មិន​មាន​សេចក្ដី​សង្ឃឹម​សម្រាប់​ថ្ងៃ​អនាគត​ឡើយ។ ខុស​ពី​ពួក​គេ អ្នក​មាន​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង។ ម្ល៉ោះ​ហើយ លោក​សន្យា​ថា​អ្នក​នឹង​ទទួល​ពរ​ជា​ច្រើន​ដែល​អស្ចារ្យ​ជាង​អ្នក​នឹក​ស្មាន​ទៅ​ទៀត។ (​ចសព. ១៤៥:១៦​) សូម​គិត​អំពី​ចំណុច​នេះ​៖ ទោះ​បើ​អ្នក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេង​ក្នុង​ជីវិត​ក្ដី តើ​អ្នក​នឹង​ដឹង​ថា​ជីវិត​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ? ប្រាកដ​ជា​មិន​ដឹង​ទេ។ ប៉ុន្តែ អ្វី​មួយ​ដែល​អ្នក​អាច​ដឹង​ប្រាកដ​គឺ បើ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ផ្អែក​លើ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​ព្រះ​យេហូវ៉ា​និង​អ្នក​ឯ​ទៀត នោះ​អ្នក​នឹង​ទទួល​អ្វី​ដ៏​ល្អ​បំផុត​ក្នុង​ជីវិត។

សូម​ស្រមៃ​ឃើញ​ខ្លួន​នៅ​ក្នុង​ពិភព​លោក​ថ្មី ​(​សូម​មើល​វគ្គ​១៣​)​ d


ពេល​អ្នក​សង្ស័យ​ថា​អ្នក​លែង​មាន​ប្រយោជន៍​ចំពោះ​ព្រះ​យេហូវ៉ា

១៤. តើ​បង​ប្អូន​ខ្លះ​មាន​ស្ថានភាព​បែប​ណា ហើយ​តើ​ពួក​គេ​ប្រហែល​ជា​ឆ្ងល់​អំពី​អ្វី?

១៤ អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​យេហូវ៉ា​មិន​អាច​ធ្វើ​អ្វី​ជា​ច្រើន​ដូច​ដែល​គេ​ចង់​ទេ ដោយ​សារ​មាន​វ័យ​ចាស់ បញ្ហា​សុខភាព ឬ​ពិការភាព​ជា​ដើម។ នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ខ្លួន​ជា​មនុស្ស​ទុក​មិន​ចំណេញ ដក​ចេញ​ក៏​មិន​ខាត។ ពួក​គេ​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​ខ្ញុំ​នៅ​តែ​មាន​ប្រយោជន៍​ចំពោះ​ព្រះ​យេហូវ៉ា​ឬ?›។

១៥. តើ​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ ៧១​ជឿ​ជាក់​អំពី​អ្វី?

១៥ អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ ៧១ ក៏​មាន​អារម្មណ៍​ស្រដៀង​នឹង​នេះ​ដែរ។ គាត់​បាន​អធិដ្ឋាន​ថា​៖ ​«​ពេល​ខ្ញុំ​លែង​មាន​កម្លាំង សូម​កុំ​ទុក​ខ្ញុំ​ចោល​ឡើយ​»។ (​ចសព. ៧១:៩, ១៨​) យ៉ាង​ណា​ក៏​ដោយ គាត់​ជឿ​ជាក់​ថា​បើ​គាត់​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ភក្ដី នោះ​លោក​នឹង​គាំទ្រ​គាត់។ អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​រៀន​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​អ្នក​ដែល​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បម្រើ​លោក ទោះ​ជា​ពួក​គេ​ធ្វើ​មិន​បាន​ច្រើន​សម្រាប់​លោក​ក៏​ដោយ។—ចសព. ៣៧:២៣​-​២៥

១៦. តើ​បង​ប្អូន​វ័យ​ចាស់​មាន​ប្រយោជន៍​សម្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ន័យ​អ្វី? (​ចម្រៀង​សរសើរ​ព្រះ ៩២:១២​-​១៥​)

១៦ បើ​អ្នក​ជា​បង​ប្អូន​វ័យ​ចាស់ សូម​គិត​អំពី​អារម្មណ៍​ដែល​ព្រះ​យេហូវ៉ា​មាន​ចំពោះ​អ្នក។ លោក​អាច​ជួយ​អ្នក​ឲ្យ​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់​ទោះ​ជា​សុខភាព​អ្នក​ចុះ​ខ្សោយ​ក៏ដោយ។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៩២:១២​-​១៥) ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​វិញ។ ជា​ឧទាហរណ៍ គំរូ​ដ៏ស្មោះ​ត្រង់​របស់​អ្នក​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​ចំពោះ​អ្នក​ឯ​ទៀត អាច​លើក​ទឹក​ចិត្ត​ពួក​គេ។ អ្នក​អាច​ប្រាប់​អ្នក​ឯ​ទៀត​អំពី​បទ​ពិសោធន៍​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ និង​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​ដែល​អ្នក​ទន្ទឹង​រង់​ចាំ។ មួយ​វិញ​ទៀត សូម​កុំ​ភ្លេច​ថា​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​សម្រាប់​បង​ប្អូន​ឯ​ទៀត​គឺ​មាន​ប្រយោជន៍​ណាស់។ (​១ពេ. ៣:​១២​) មិន​ថា​យើង​មាន​ស្ថានភាព​យ៉ាង​ណា​ក៏​ដោយ យើង​ទាំង​អស់​គ្នា​នៅ​តែ​មាន​អ្វី​មួយ​ដែល​អាច​ជូន​ព្រះ​យេហូវ៉ា​និង​ឲ្យ​អ្នក​ឯ​ទៀត។

១៧. ហេតុ​អ្វី​យើង​មិន​គួរ​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​អ្នក​ឯ​ទៀត?

១៧ បើ​អ្នក​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​អ្នក​មិន​អាច​ធ្វើ​ច្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា សូម​ជឿ​ជាក់​ថា​អ្វី​ណា​ក៏​ដោយ​ដែល​អ្នក​ធ្វើ​គឺ​មាន​តម្លៃ​ណាស់​សម្រាប់​លោក។ អ្នក​ប្រហែល​ជា​មាន​ទំនោរ​ចិត្ត​ប្រៀប​ធៀប​អ្វី​ដែល​ខ្លួន​ធ្វើ​ទៅ​នឹង​អ្វី​ដែល​អ្នក​ឯ​ទៀត​ធ្វើ តែ​សូម​កុំ​ឲ្យ​នោះ​កើត​ឡើង​ឡើយ។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេហូវ៉ា​មិន​ប្រៀប​ធៀប​ទេ។ (​កាឡ. ៦:៤​) ជា​ឧទាហរណ៍ ម៉ារៀ​បាន​ចាក់​ប្រេង​ក្រអូប​ដែល​មាន​តម្លៃ​ថ្លៃ​ណាស់​ទៅ​លើ​រូប​កាយ​លោក​យេស៊ូ។ (​យ៉ូន. ១២:៣​-​៥​) រីឯ​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​វិញ​ដាក់​កាក់​តូច​ពីរ​ដែល​មាន​តម្លៃ​តិច​ណាស់​ជា​វិភាគទាន​នៅ​វិហារ។ (​លូក. ២១:១​-​៤​) ទោះ​ជា​ស្ត្រី​ទាំង​ពីរ​នាក់​នេះ​ឲ្យ​ចំនួន​ខុស​គ្នា​ក្ដី លោក​យេស៊ូ​ចាត់​ទុក​អំណោយ​របស់​ពួក​គាត់​ថា​ជា​ការ​បង្ហាញ​ជំនឿ។ អ្នក​ប្រហែល​ជា​គិត​ថា​អ្វី​ដែល​អ្នក​ធ្វើ​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​តិច​តួច​ណាស់។ ប៉ុន្តែ បើ​អ្នក​ធ្វើ​ដោយ​សារ​ស្រឡាញ់​និង​មាន​ភក្ដី​ភាព​ចំពោះ​លោក នោះ​ព្រះ​យេហូវ៉ា​ពិត​ជា​ឲ្យ​តម្លៃ​ណាស់។

១៨. តើ​អ្វី​ជួយ​យើង​ឲ្យ​បំបាត់​ការ​សង្ស័យ? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ បណ្ដាំ​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ​បំបាត់​ការ​សង្ស័យ​»​)

១៨ ជួន​កាល​យើង​ទាំង​អស់​គ្នា​សង្ស័យ។ ប៉ុន្តែ ដូច​យើង​បាន​រៀន​រួច​មក​ហើយ បណ្ដាំ​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ​លែង​មាន​ការ​សង្ស័យ។ ដូច្នេះ សូម​ខំ​ព្យាយាម​ដើម្បី​បំបាត់​ការ​សង្ស័យ​របស់​អ្នក។ យ៉ាង​នេះ អ្នក​នឹង​មាន​ទំនុក​ចិត្ត​ឡើង​វិញ។ ព្រះ​យេហូវ៉ា​ស្គាល់​យើង​ម្នាក់​ៗ​ច្បាស់ លោក​ឲ្យ​តម្លៃ​ចំពោះ​ការ​លះ​បង់​របស់​យើង ហើយ​លោក​សន្យា​ថា​នឹង​ផ្ដល់​រង្វាន់​ដល់​យើង។ សូម​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​បម្រើ​ដ៏​ស្មោះ​ភក្ដី​ទាំង​អស់​របស់​លោក។

ចម្រៀង​លេខ​១១១ មូលហេតុ​ដែល​យើង​មាន​អំណរ

a ការ​ពន្យល់​ពាក្យ​៖ ក្នុង​អត្ថបទ​នេះ យើង​កំពុង​ពិចារណា​អំពី​ការ​សង្ស័យ​ថា​យើង​គ្មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា ឬ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​មិន​ប្រកប​ដោយ​ប្រាជ្ញា។ ការ​សង្ស័យ​ទាំង​នេះ​មិន​មែន​ជា​ការ​សង្ស័យ​ដែល​បង្ហាញ​ថា​យើង​ខ្វះ​ជំនឿ​លើ​ព្រះ​យេហូវ៉ា​និង​សេចក្ដី​សន្យា​របស់​លោក​ទេ។

b ទោះ​បី​ជា​គម្ពីរ​មិន​បាន​ប្រាប់​អំពី​អាយុ​ជាក់​លាក់​របស់​ដាវីឌ​ពេល​ព្រះ​យេហូវ៉ា​ជ្រើស​រើស​គាត់​ក្ដី គាត់​ទំនង​ជា​មាន​វ័យ​ជំទង់។

c ការ​ពណ៌នា​អំពី​រូប​ភាព​៖ សាក្សី​វ័យ​ក្មេង​ម្នាក់​កំពុង​រក​មើល​បទ​គម្ពីរ​ដើម្បី​ស្វែង​យល់​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។

d ការ​ពណ៌នា​អំពី​រូប​ភាព​៖ បង​ប្រុស​ម្នាក់ ដៃ​កំពុង​ធ្វើ​ការ តែ​ចិត្ត​គិត​ដល់​ជីវិត​ក្នុង​សួន​ឧទ្យាន។