របៀបធ្វើជាមិត្តពិត
តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនប្រឈមមុខនឹងបញ្ហាតែម្នាក់ឯងឬទេ? យើងកំពុងរស់នៅ‹គ្រាដ៏លំបាកខ្លាំងណាស់›ដែលអាចធ្វើឲ្យយើងធ្លាក់ទឹកចិត្ត និងមានអារម្មណ៍ថានៅតែឯង។ (២ធី. ៣:១) ប៉ុន្តែ យើងមិនចាំបាច់ប្រឈមមុខនឹងការពិបាកក្នុងជីវិតតែម្នាក់ឯងទេ។ គម្ពីរលើកបញ្ជាក់សារៈសំខាន់នៃការមានមិត្តពិត«នៅពេលមានទុក្ខលំបាក»។—សុភ. ១៧:១៧
របៀបដែលមិត្តពិតអាចជួយ
សាវ័កប៉ូលទទួលប្រយោជន៍ពីការមានចំណងមិត្តភាពជាមួយអ្នករួមដំណើរជាមួយគាត់។ (កូឡ. ៤:៧-១១) ពេលប៉ូលជាប់ឃុំនៅក្រុងរ៉ូម មិត្តភក្ដិរបស់គាត់បានធ្វើកិច្ចការផ្សេងៗដែលប៉ូលមិនអាចធ្វើដោយខ្លួនឯងបាន។ ជាឧទាហរណ៍ អេប៉ាប្រូឌីតបានផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ប៉ូលដោយឲ្យគាត់នូវអ្វីដែលបងប្អូននៅទីក្រុងភីលីពផ្ញើមក។ (ភី. ៤:១៨) ចំណែកឯទីឃីកុសវិញ គាត់បាននាំសំបុត្ររបស់ប៉ូលទៅក្រុមជំនុំផ្សេងៗ។ (កូឡ. ៤:៧) ដោយមានជំនួយពីមិត្តភក្ដិ ប៉ូលបានបំពេញកិច្ចបម្រើទោះជាគាត់ជាប់ឃុំនៅផ្ទះឬជាប់គុកនៅពេលក្រោយមកក្ដី។ នៅសព្វថ្ងៃនេះ តើអ្នកអាចធ្វើជាមិត្តពិតយ៉ាងដូចម្ដេច?
នៅសព្វថ្ងៃនេះ មានគំរូល្អៗជាច្រើនដែលបង្ហាញអំពីសារៈសំខាន់នៃការធ្វើជាមិត្តពិត។ សូមគិតអំពីបងស្រីម្នាក់ដែលបានធ្វើជាមិត្តពិតរបស់បងអេលីសាបិតដែលជាអ្នកត្រួសត្រាយនៅប្រទេសអេស្ប៉ាញ។ ពេលម្ដាយរបស់បងអេលីសាបិត បានត្រូវគេរកឃើញថាមានជំងឺមហារីកដំណាក់កាលចុងក្រោយ បងស្រីនោះបានផ្ញើសារទៅបងអេលីសាបិតជាច្រើនដង ដែលមានមូលដ្ឋានលើគម្ពីរដើម្បីលើកទឹកចិត្តគាត់។ បងអេលីសាបិតនិយាយថា៖ «ពេលខ្ញុំឃើញសារទាំងនោះ ខ្ញុំសប្បាយដែលដឹងថាមានអ្នកគិតអំពីខ្ញុំ ហើយខ្ញុំមានកម្លាំងធ្វើអ្វីដែលខ្ញុំត្រូវធ្វើ»។—សុភ. ១៨:២៤
យើងអាចពង្រឹងចំណងមិត្តភាពជាមួយបងប្អូនដោយគាំទ្រពួកគេក្នុងសកម្មភាពផ្សេងៗរបស់ក្រុមជំនុំ។ ជាឧទាហរណ៍ អ្នកអាចស្នើសុំទៅយកបងប្អូនវ័យចាស់ឲ្យចូលរួមកិច្ចប្រជុំឬកិច្ចបម្រើផ្សាយ។ បើអ្នកធ្វើដូចនោះ អ្នកទំនងជាអាចលើកទឹកចិត្តគ្នាទៅវិញទៅមក។ (រ៉ូម ១:១២) ប៉ុន្តែ គ្រិស្តសាសនិកខ្លះមិនអាចចេញពីផ្ទះរបស់ពួកគេបានទេ។ ដូច្នេះ តើតាមរបៀបណាយើងអាចធ្វើជាមិត្តពិតរបស់ពួកគេ?
ចូរធ្វើជាមិត្តពិតរបស់ពួកអ្នក ដែលមិនអាចចេញពីផ្ទះ
បងប្អូនរួមជំនឿខ្លះ មានបញ្ហាខុសភាពឬស្ថានភាពផ្សេងៗ ដែលរារាំងពួកគេពីការចូលរួមកិច្ចប្រជុំដោយផ្ទាល់។ សូមគិតអំពីបទពិសោធន៍របស់បងប្រុសដាវីឌ ដែលបានត្រូវគេរកឃើញថាមានជំងឺមហារីកកូនកណ្ដុរ។ អស់ជាង៦ខែ គាត់ទទួលការព្យាបាលដោយចាក់គីមី។ ក្នុងអំឡុងការព្យាបាលនោះ បងដាវីឌនិងប្រពន្ធរបស់គាត់បងលីឌាចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិត។
តើបងប្អូនក្នុងក្រុមជំនុំបានជួយពួកគាត់យ៉ាងដូចម្ដេច? ក្រោយពីកិច្ចប្រជុំនីមួយៗ បងប្អូនខ្លះនៅឯសាលប្រជុំព្យាយាមនិយាយជាមួយបងដាវីឌនិងបងលីឌាតាមប្រព័ន្ធវីដេអូ។ បន្ថែមទៅ
ទៀត ពេលបងដាវីឌនិងបងលីឌាឆ្លើយចម្លើយនៅកិច្ចប្រជុំ បងប្អូនបានផ្ញើសារនៅពេលក្រោយមកដើម្បីអរគុណពួកគាត់។ តើនេះនាំឲ្យមានលទ្ធផលអ្វី? បងដាវីឌនិងបងលីឌាមានអារម្មណ៍ជិតស្និទ្ធជាមួយបងប្អូន។ប្រហែលជាយើងអាចរៀបចំផ្សព្វផ្សាយជាមួយបងប្អូនដែលមិនអាចចេញពីផ្ទះ។ បើយើងធ្វើការកែប្រែតិចតួចក្នុងកាលវិភាគរបស់យើងដើម្បីផ្សព្វផ្សាយជាមួយពួកគេ យើងអាចបង្ហាញថាយើងមិនភ្លេចពួកគេឡើយ។ (សុភ. ៣:២៧) អ្នកប្រហែលជាអាចសរសេរសំបុត្រឬផ្សព្វផ្សាយតាមទូរស័ព្ទជាមួយពួកគេ។ ពួកអ្នកដែលមិនអាចចេញពីផ្ទះ ប្រហែលជាអាចចូលរួមកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធវីដេអូ។ បងដាវីឌនិងបងលីឌាសប្បាយដែលមានការរៀបចំនេះ។ បងដាវីឌពន្យល់ថា៖ «ការចូលរួមក្រុមផ្សព្វផ្សាយសម្រាប់ការពិគ្រោះដ៏ខ្លីនិងសេចក្ដីអធិដ្ឋាន ពិតជាលើកទឹកចិត្តយើងណាស់»។ បន្ថែមទៅទៀត បើសមរម្យនិងមានសុវត្ថិភាព ម្ដងម្កាលអ្នកអាចសុំបងប្អូនដែលមិនអាចចេញពីផ្ទះថា តើអ្នកអាចយកសិស្សគម្ពីររបស់អ្នកមករៀននៅផ្ទះរបស់គាត់បានឬទេ?
ពេលយើងចំណាយពេលជាមួយបងប្អូនដែលមិនអាចចេញពីផ្ទះ ហើយឃើញគុណសម្បត្តិរបស់ពួកគេ យើងកាន់តែជិតស្និទ្ធជាមួយនឹងពួកគេ។ ជាឧទាហរណ៍ ពេលអ្នកផ្សព្វផ្សាយជាមួយនឹងពួកគេ ហើយកត់សម្គាល់របៀបដែលពួកគេប្រើបណ្ដាំរបស់ព្រះយ៉ាងប៉ិនប្រសប់ដើម្បីមានឥទ្ធិពលទៅលើចិត្តនរណាម្នាក់ នោះអ្នកទំនងជានឹងកោតស្ងើចពួកគេ។ ពេលអ្នកជួយបងប្អូនឲ្យចូលរួមកិច្ចប្រជុំនិងផ្សព្វផ្សាយ អ្នកអាចទៅជាមិត្តនឹងគ្នា។—២កូ. ៦:១៣
ពេលប៉ូលជួបការពិបាក គាត់បានទទួលការសម្រាលទុក្ខដោយសារមានទីតុសជាមិត្តភក្ដិរបស់គាត់នៅក្បែរ។ (២កូ. ៧:៥-៧) កំណត់ហេតុនេះរំលឹកយើងថា យើងអាចផ្ដល់ការសម្រាលទុក្ខមិនគ្រាន់តែដោយនិយាយថា យើងអាណិតអាសូរចំពោះពួកអ្នកដែលមានសេចក្ដីត្រូវការប៉ុណ្ណោះទេ តែក៏ដោយនៅជាមួយពួកគេនិងធ្វើអ្វីដើម្បីគាំទ្រពួកគេដែរ។—១យ៉ូន. ៣:១៨
ចូរធ្វើជាមិត្តពិតនៅគ្រាដែលមានការបៀតបៀន
បងប្អូនរបស់យើងនៅប្រទេសរុស្ស៊ីបានទុកគំរូដ៏ល្អ ក្នុងការបង្ហាញការគាំទ្រចំពោះគ្នាទៅវិញទៅមក។ សូមគិតអំពីបទពិសោធន៍របស់បងប្រុសស៊ែហ្គេនិងប្រពន្ធរបស់គាត់បងថាត់យ៉ាណា។ ក្រោយពីប៉ូលិសឆែកឆេរផ្ទះរបស់ពួកគាត់ ប៉ូលិសបានចាប់ពួកគាត់យកទៅប៉ុស្តិ៍ប៉ូលិសដើម្បីសួរចម្លើយ។ បងថាត់យ៉ាណាបានត្រូវដោះលែង ហើយត្រឡប់មកផ្ទះមុនប្ដីរបស់គាត់។ បងស៊ែហ្គេរៀបរាប់ថា៖ «ភ្លាមៗក្រោយពីថាត់យ៉ាណាមកដល់ផ្ទះ បងស្រីដ៏ក្លាហានម្នាក់បានមកសួរសុខទុក្ខគាត់។ មិនយូរក្រោយមក បងប្អូនជាច្រើនទៀតបានមក ហើយជួយរៀបចំផ្ទះយើងឲ្យមានរបៀបរៀបរយឡើងវិញ»។
បងស៊ែហ្គេបន្ថែមថា៖ «ខ្ញុំចូលចិត្តសុភាសិត ១៧:១៧តាំងពីយូរមកហើយ។ ខនោះថា៖ ‹មិត្តពិតបង្ហាញសេចក្ដីស្រឡាញ់គ្រប់ពេលវេលា ហើយគាត់ប្រៀបដូចជាបងប្អូនដែលកើតមក ដើម្បីជួយគ្នានៅពេលមានទុក្ខលំបាក›។ ក្នុងអំឡុងគ្រាដែលមានការបៀតបៀននេះ ខ្ញុំត្រូវការជំនួយពីមិត្តភក្ដិរបស់ខ្ញុំខ្លាំងណាស់។ ខ្ញុំបានរៀនថាពាក្យនៅសុភាសិត ១៧:១៧គឺជាការពិតមែន។ ព្រះយេហូវ៉ាបានផ្ដល់មិត្តភក្ដិដែលមានចិត្តក្លាហានឲ្យនៅក្បែរខ្ញុំ»។
កាលដែលយើងជួបស្ថានភាពដែលកាន់តែលំបាក យើងត្រូវការមិត្តភក្ដិ។ ម្យ៉ាងទៀត យើងនឹងត្រូវការមិត្តភក្ដិកាន់តែខ្លាំងឡើងនៅគ្រាទុក្ខវេទនាជាខ្លាំង។ ដូច្នេះ សូមឲ្យយើងខំព្យាយាមធ្វើជាមិត្តពិតនៅពេលឥឡូវនេះ!—១ពេ. ៤:៧, ៨