អត្ថបទសិក្សា ៣១
«ចូរពង្រឹងជំហរឲ្យមាំមួនឡើង និងមិនត្រូវរង្គោះរង្គើឡើយ»
«បងប្អូនជាទីស្រឡាញ់អើយ ចូរពង្រឹងជំហរឲ្យមាំមួនឡើង និងមិនត្រូវរង្គោះរង្គើឡើយ»។—១កូ. ១៥:៥៨
ចម្រៀងលេខ១២២ ចូរពង្រឹងជំហរឲ្យមាំមួនឡើង!
សេចក្ដីសង្ខេប a
១-២. តើគ្រិស្តសាសនិកអាចស្រដៀងនឹងអគារដ៏ខ្ពស់ក្នុងន័យយ៉ាងណា? (កូរិនថូសទី១ ១៥:៥៨)
នៅឆ្នាំ១៩៧៨ អគារដ៏ខ្ពស់មួយបានត្រូវសង់ឡើងនៅទីក្រុងតូក្យូ នាប្រទេសជប៉ុន។ មនុស្សឆ្ងល់ថាតើអគារនោះនឹងអាចបន្តឈរយ៉ាងម៉េចបាន ដោយសារមានរញ្ជួយដីជាច្រើននៅក្រុងនោះ។ តើអ្នករចនាប្លង់អគារនោះបានធ្វើអ្វីដើម្បីឲ្យវានៅឈរបាន? អ្នកវិស្វករបានគ្រោងសង់វាឲ្យរឹងមាំយ៉ាងខ្លាំង តែក៏ឲ្យវាចេះបត់បែនល្មមដើម្បីអាចនៅឈរបាន ទោះជាមានការរង្គោះរង្គើពីរញ្ជួយដីក្ដី។ គ្រិស្តសាសនិកប្រៀបដូចជាអគារនោះ។ តើតាមរបៀបណា?
២ គ្រិស្តសាសនិកត្រូវរក្សាឲ្យមានតុល្យភាពរវាងការមានចិត្តគំនិតនឹងធឹងនិងការចេះបត់បែន។ គាត់ត្រូវរឹងមាំនិងមិនរង្គោះរង្គើក្នុងការកាន់ជំហរតាមខ្នាតតម្រានិងច្បាប់របស់ព្រះយេហូវ៉ា។ (សូមអាន កូរិនថូសទី១ ១៥:៥៨) គាត់«រង់ចាំធ្វើតាមបង្គាប់» ហើយមិនបន្ធូរបន្ថយនោះទេ។ ប៉ុន្តែ គាត់ត្រូវចេះ«សមហេតុសមផល»ឬចេះបត់បែនពេលអាចធ្វើបាន ឬពេលសំខាន់ចាំបាច់។ (យ៉ា. ៣:១៧) គ្រិស្តសាសនិកដែលបានរៀនឲ្យមានតុល្យភាព នឹងជៀសវាងពីការបណ្ដែតបណ្ដោយឬពីការតឹងរ៉ឹងហួសហេតុពេក។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចមាំមួនមិនរង្គោះរង្គើ។ យើងក៏នឹងពិចារណាដែរអំពីវិធីប្រាំយ៉ាងដែលសាថានព្យាយាមធ្វើឲ្យយើងមិនសូវតាំងចិត្តរក្សាជំហរមាំមួន ហើយរៀនអំពីរបៀបដែលយើងអាចទប់ទល់នឹងការព្យាយាមរបស់វា។
តើយើងអាចពង្រឹងជំហរឲ្យមាំមួនឡើងយ៉ាងដូចម្ដេច?
៣. នៅសកម្មភាព ១៥:២៨, ២៩ តើមានច្បាប់អ្វីពីអ្នកតែងច្បាប់ដ៏ខ្ពង់ខ្ពស់?
៣ ក្នុងនាមជាអ្នកតែងច្បាប់ដ៏ខ្ពង់ខ្ពស់ ព្រះយេហូវ៉ាតែងតែបានឲ្យច្បាប់ដែលស្រួលយល់ដល់រាស្ត្រលោក។ (អេ. ៣៣:២២) ជាឧទាហរណ៍ គណៈអភិបាលនៅ សតវត្សរ៍ទី១បានលើកឡើងអំពីរបៀបបីយ៉ាងដែលគ្រិស្តសាសនិកត្រូវរក្សាខ្លួនឲ្យមាំមួនគឺ៖ (១) ដោយបដិសេធការគោរពបូជារូបព្រះ ហើយគោរពប្រណិប័តន៍តែព្រះយេហូវ៉ាប៉ុណ្ណោះ (២) ដោយគោរពភាពពិសិដ្ឋនៃឈាម និង(៣) ដោយធ្វើតាមខ្នាតតម្រាសីលធម៌ដ៏ខ្ពង់ខ្ពស់ពីគម្ពីរ។ (សូមអាន សកម្មភាព ១៥:២៨, ២៩) តើគ្រិស្តសាសនិកនៅសព្វថ្ងៃនេះអាចកាន់ជំហរមាំមួនតាមរបៀបទាំងបីនេះយ៉ាងដូចម្ដេច?
៤. តើយើងបង្ហាញយ៉ាងណាថាយើងមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា? (ការបើកបង្ហាញ ៤:១១)
៤ យើងបដិសេធការគោរពបូជារូបព្រះ ហើយគោរពប្រណិប័តន៍តែព្រះយេហូវ៉ាប៉ុណ្ណោះ។ លោកបានបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យមានភក្ដីភាពផ្ដាច់មុខចំពោះលោក។ (បច. ៥:៦-១០) ម្យ៉ាងទៀត ពេលមេកំណាចល្បួងលោកយេស៊ូ លោកបានមានប្រសាសន៍យ៉ាងច្បាស់ថា យើងត្រូវគោរពប្រណិប័តន៍តែព្រះយេហូវ៉ាប៉ុណ្ណោះ។ (ម៉ាថ. ៤:៨-១០) ដូច្នេះ យើងមិនគោរពបូជារូបព្រះទេ។ យើងក៏មិនគោរពប្រណិប័តន៍មនុស្សដោយប្រព្រឹត្តទៅលើពួកគេហាក់ដូចជាព្រះនោះទេ មិនថាពួកគេជាអ្នកដឹកនាំសាសនា អ្នកនយោបាយ ឬអ្នកល្បីខាងកីឡានិងសិល្បៈក៏ដោយ។ យើងឈរខាងព្រះយេហូវ៉ា ហើយគោរពប្រណិប័តន៍តែលោកប៉ុណ្ណោះ ដែលជាអ្នក«បង្កើតអ្វីៗទាំងអស់»។—សូមអាន ការបើកបង្ហាញ ៤:១១
៥. ហេតុអ្វីយើងធ្វើតាមច្បាប់របស់ព្រះយេហូវ៉ាស្ដីអំពីភាពពិសិដ្ឋនៃជីវិតនិងឈាម?
៥ យើងធ្វើតាមច្បាប់របស់ព្រះយេហូវ៉ាស្ដីអំពីភាពពិសិដ្ឋនៃជីវិតនិងឈាម។ ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍ថាឈាមជាតំណាងជីវិត ដែលជាអំណោយដ៏មានតម្លៃពីលោក។ (ចល. ១៧:១៤) ពេលព្រះយេហូវ៉ាបានអនុញ្ញាតឲ្យមនុស្សបរិភោគសាច់សត្វជាលើកដំបូង លោកបានប្រាប់ពួកគេមិនឲ្យបរិភោគឈាម។ (ដក. ៩:៤) លោកបានឲ្យបង្គាប់នេះម្ដងទៀតពេលលោកឲ្យច្បាប់ម៉ូសេដល់ជនជាតិអ៊ីស្រាអែល។ (ចល. ១៧:១០) ម្យ៉ាងទៀត លោកបានណែនាំគណៈអភិបាលនៅសតវត្សរ៍ទី១ឲ្យប្រាប់ថាគ្រិស្តសាសនិកទាំងអស់ត្រូវ«ជៀសវាងជាដាច់ខាត . . . ពីឈាម»។ (សកម្ម. ១៥:២៨, ២៩) យើងធ្វើតាមបង្គាប់នេះយ៉ាងខ្ជាប់ខ្ជួនពេលយើងធ្វើការសម្រេចចិត្តអំពីវិធីព្យាបាល។ b
៦. តើយើងធ្វើអ្វីដើម្បីរស់នៅស្របតាមខ្នាតតម្រាសីលធម៌ដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ា?
៦ យើងកាន់ខ្ជាប់យ៉ាងមុតមាំតាមខ្នាតតម្រាសីលធម៌ដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ា។ (ហេ. ១៣:៤) សាវ័កប៉ូលប្រាប់យើងឲ្យ«រម្ងាប់»ភាពទោរទន់ដែលមានក្នុងអវយវៈរូបកាយរបស់យើង ពោលគឺយើងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបំបាត់ចោលបំណងប្រាថ្នាមិនត្រឹមត្រូវ។ យើងជៀសវាងពីការមើលឬពីការធ្វើអ្វីដែលអាចនាំឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ (កូឡ. ៣:៥; យ៉ូប ៣១:១) ពេលយើងជួបការល្បួង យើងបដិសេធភ្លាមៗនូវគំនិតឬការប្រព្រឹត្តណាក៏ដោយដែលអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយព្រះ។
៧. តើយើងគួរតាំងចិត្តធ្វើអ្វី ហើយហេតុអ្វី?
៧ ព្រះយេហូវ៉ាតម្រូវឲ្យយើង«ស្ដាប់បង្គាប់[លោក]យ៉ាងស្មោះអស់ពីចិត្ត»។ (រ៉ូម ៦:១៧) ការណែនាំរបស់លោកតែងតែផ្ដល់ប្រយោជន៍ដល់យើង ហើយយើងមិនអាចផ្លាស់ប្ដូរច្បាប់របស់លោកបានឡើយ។ (អេ. ៤៨:១៧, ១៨; ១កូ. ៦:៩, ១០) យើងខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ហើយបង្ហាញចិត្តគំនិតដូចអ្នកតែងចម្រៀងសរសើរព្រះ ដែលប្រកាសថា៖ «ខ្ញុំបានប្ដេជ្ញាចិត្តធ្វើតាមក្រឹត្យក្រមរបស់លោក គ្រប់ពេលវេលា រហូតដល់ខ្ញុំអស់ជីវិត»។ (ចសព. ១១៩:១១២) ប៉ុន្តែ សាថាននឹងព្យាយាមធ្វើឲ្យយើងមិនសូវមានការតាំងចិត្ត។ តើវាប្រើវិធីអ្វីខ្លះ?
តើសាថានព្យាយាមធ្វើឲ្យយើងមិនសូវមានការតាំងចិត្តតាមរបៀបណា?
៨. តើសាថានប្រើការបៀតបៀនដើម្បីធ្វើឲ្យយើងមិនសូវមានការតាំងចិត្តយ៉ាងដូចម្ដេច?
៨ ការបៀតបៀន។ មេកំណាចប្រើអំពើឃោរឃៅនិងការ បង្ខិតបង្ខំដើម្បីធ្វើឲ្យយើងមិនសូវមានការតាំងចិត្ត។ គោលដៅរបស់វាគឺ«លេបត្របាក់»យើង ក្នុងន័យថាបង្ខូចចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា។ (១ពេ. ៥:៨) គ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានត្រូវគេគំរាមកំហែង វាយដំ និងសម្លាប់ ដោយសារពួកគេបានតាំងចិត្តកាន់ជំហរមាំមួន។ (សកម្ម. ៥:២៧, ២៨, ៤០; ៧:៥៤-៦០) សាថានបន្តប្រើការបៀតបៀននៅសព្វថ្ងៃនេះ។ យើងឃើញនេះកើតឡើងនៅប្រទេសរុស្ស៊ីនិងប្រទេសឯទៀត។ នៅកន្លែងទាំងនេះ ពួកអ្នកប្រឆាំងប្រព្រឹត្តយ៉ាងសាហាវឃោរឃៅមកលើសាក្សីព្រះយេហូវ៉ា ឬវាយប្រហារបងប្អូនយើងតាមរបៀបផ្សេងទៀត។
៩. សូមលើកឧទាហរណ៍អំពីមូលហេតុដែលយើងត្រូវប្រយ័ត្ននឹងការបង្ខិតបង្ខំដែលមិនងាយកត់សម្គាល់។
៩ ការបង្ខិតបង្ខំដែលមិនងាយកត់សម្គាល់។ ក្រៅពីការបៀតបៀន សាថានប្រើ«កលល្បិច»ផ្សេងៗ។ (អេភ. ៦:១១) សូមគិតអំពីអ្វីដែលបានកើតឡើងចំពោះបងប្រុសម្នាក់ឈ្មោះបប ដែលសម្រាកនៅមន្ទីរពេទ្យដើម្បីទទួលការវះកាត់កម្រិតធំ។ គាត់បានប្រាប់ក្រុមគ្រូពេទ្យថា គាត់នឹងមិនព្រមទទួលការចាក់បញ្ចូលឈាមជាដាច់ខាត។ គ្រូពេទ្យវះកាត់យល់ព្រមគោរពតាមការសម្រេចចិត្តរបស់គាត់។ ប៉ុន្តែនៅយប់មុនវះកាត់ គ្រូពេទ្យម្នាក់ទៀតបានមកជួបបងបបក្រោយពីក្រុមគ្រួសាររបស់បងបបបានទៅផ្ទះ។ គ្រូពេទ្យនោះបានប្រាប់បងបបថាក្រុមគ្រូពេទ្យទំនងជាមិនប្រើឈាមទេ តែពួកគេនឹងបម្រុងឈាមទុកបើត្រូវការ។ ប្រហែលជាគ្រូពេទ្យនោះបានគិតថាបងបបនឹងផ្លាស់ប្ដូរគំនិតរបស់គាត់បើគ្មានក្រុមគ្រួសារនៅជាមួយ។ ប៉ុន្តែ បងបបបានរក្សាចិត្តរឹងប៉ឹង ហើយបញ្ជាក់ថាគាត់នឹងមិនព្រមទទួលឈាមទេ ទោះជាមានអ្វីកើតឡើងក៏ដោយ។
១០. ហេតុអ្វីការវែកញែករបស់មនុស្សគឺជាអន្ទាក់មួយ? (កូរិនថូសទី១ ៣:១៩, ២០)
១០ ការវែកញែករបស់មនុស្ស។ បើយើងមានទស្សនៈដូចមនុស្សដែលមិនឲ្យតម្លៃច្បាប់ព្រះយេហូវ៉ា យើងអាចចាប់ផ្ដើមមិនអើពើនឹងព្រះយេហូវ៉ានិងខ្នាតតម្រារបស់លោក។ (សូមអាន កូរិនថូសទី១ ៣:១៩, ២០) «ប្រាជ្ញារបស់ពិភពលោកនេះ»ច្រើនតែនាំឲ្យមនុស្សមិនស្ដាប់បង្គាប់ព្រះ។ គ្រិស្តសាសនិកមួយចំនួននៅក្រុងពើកាម៉ុមនិងក្រុងធាទេរ៉ាបានទទួលឥទ្ធិពលពីមនុស្សជុំវិញពួកគេដែលគោរពបូជារូបព្រះនិងដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ លោកយេស៊ូបានឲ្យឱវាទយ៉ាងម៉ឺងម៉ាត់ដល់ក្រុមជំនុំទាំងពីរនោះ ដោយសារពួកគេបានបណ្ដោយឲ្យមានអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ (បប. ២:១៤, ២០) សព្វថ្ងៃនេះ មនុស្សជុំវិញយើងអាចព្យាយាមធ្វើឲ្យយើងមានគំនិតមិនត្រឹមត្រូវ។ សមាជិកក្រុមគ្រួសារនិងអ្នកស្គាល់គ្នាប្រហែលជាព្យាយាមវែកញែកដើម្បីធ្វើឲ្យយើងគិតថាយើងជាមនុស្សតឹងរ៉ឹងពេក ហើយថាយើងគួរតែបំពានច្បាប់របស់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ ពួកគេប្រហែលជានិយាយថាការមានសីលធម៌ស្អាតស្អំគឺមិនសំខាន់ទេ ហើយថាគោលការណ៍សីលធម៌ក្នុងគម្ពីរគឺហួសសម័យ។
១១. កាលដែលយើងកាន់ជំហរមាំមួន តើយើងត្រូវជៀសវាងពីអ្វី?
១១ ជួនកាល យើងប្រហែលជាវែកញែកថាការណែនាំដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើងគឺមិនគ្រប់គ្រាន់ទេ។ យើងប្រហែលជាថែមទាំងចង់«ធ្វើលើសពីអ្វីដែលបានត្រូវសរសេរទុក»។ (១កូ. ៤:៦) ពួកអ្នកដឹកនាំសាសនានៅសម័យលោកយេស៊ូបានប្រព្រឹត្តអំពើខុសឆ្គងនេះ។ ពួកគេបានបន្ថែមច្បាប់របស់ខ្លួនទៅលើច្បាប់របស់ព្រះ ហើយនោះធ្វើឲ្យមនុស្សសាមញ្ញធម្មតាពិបាកធ្វើតាម។ (ម៉ាថ. ២៣:៤) ព្រះយេហូវ៉ាឲ្យយើងការណែនាំច្បាស់តាមរយៈបណ្ដាំលោកនិងអង្គការលោក។ យើងគ្មានហេតុបន្ថែមការណែនាំលើការណែនាំដែលលោកផ្ដល់ឲ្យទេ។ (សុភ. ៣:៥-៧) ដូច្នេះ យើងមិនធ្វើលើសពីអ្វីដែលបានត្រូវសរសេរទុកក្នុងគម្ពីរ ឬបង្កើតច្បាប់អំពីរឿងផ្ទាល់ខ្លួនសម្រាប់បងប្អូនឯទៀតឡើយ។
១២. តើសាថានលើកស្ទួយ«ការបោកបញ្ឆោតអសារឥតការ»តាមរបៀបណា?
១២ ការបោកបញ្ឆោត។ សាថានប្រើ«ការបោកបញ្ឆោតអសារឥតការ»និង«ទស្សនៈទូទៅរបស់ពិភពលោកនេះ» ដើម្បីបំភាន់មនុស្សនិងធ្វើឲ្យពួកគេបែកបាក់គ្នា។ (កូឡ. ២:៨) នៅសតវត្សរ៍ទី១ អ្វីទាំងនេះរួមមានទស្សនវិជ្ជាដែលមានមូលដ្ឋានលើការវែកញែករបស់មនុស្ស សេចក្ដីបង្រៀនរបស់ជនជាតិយូដាដែលគ្មានមូលដ្ឋានលើបទគម្ពីរ និងសេចក្ដីបង្រៀនដែលថាគ្រិស្តសាសនិកត្រូវកាន់តាមច្បាប់ម៉ូសេ។ អ្វី ទាំងនេះបានបោកបញ្ឆោតមនុស្ស ដោយសារវាបំបែរអារម្មណ៍មនុស្សចេញពីប្រភពពិតនៃប្រាជ្ញា ពោលគឺព្រះយេហូវ៉ា។ សព្វថ្ងៃ សាថានប្រើប្រព័ន្ធផ្សាយព័ត៌មាននិងបណ្ដាញសង្គមសម្រាប់ទាក់ទងគ្នាដើម្បីចែកចាយពាក្យចចាមអារ៉ាមផ្សេងៗ និងផ្សាយព័ត៌មានមិនពិតដែលពួកអ្នកដឹកនាំនយោបាយលើកស្ទួយ។ យើងបានឃើញអ្វីទាំងនេះជាច្រើនក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩។ c សាក្សីព្រះយេហូវ៉ាដែលស្ដាប់តាមការណែនាំពីអង្គការយើងបានជៀសវាងការខ្វល់ខ្វាយហួសហេតុពេកដែលពួកអ្នកដែលស្ដាប់រឿងមិនពិតមាន។—ម៉ាថ. ២៤:៤៥
១៣. ហេតុអ្វីយើងត្រូវប្រុងប្រយ័ត្នកុំឲ្យមានអ្វីមកបំបែរអារម្មណ៍យើង?
១៣ ការបំបែរអារម្មណ៍។ យើងត្រូវបន្តផ្ដោតអារម្មណ៍ទៅលើ«អ្វីដែលសំខាន់ជាង»។ (ភី. ១:៩, ១០) ពេលយើងបានត្រូវបំបែរអារម្មណ៍ យើងបង្ខាតពេលវេលានិងកម្លាំងជាច្រើនរបស់យើង។ អ្វីៗដែលយើងធ្វើធម្មតាដូចជា ការបរិភោគ ការផឹក ការកម្សាន្ត និងការងារអាចបំបែរអារម្មណ៍ បើយើងចាត់ទុកអ្វីទាំងនេះថាសំខាន់បំផុតក្នុងជីវិតយើង។ (លូក. ២១:៣៤, ៣៥) បន្ថែមទៅទៀត រាល់ថ្ងៃយើងឮនិងអានអំពីបាតុកម្មនិងវិវាទនយោបាយ។ យើងត្រូវធ្វើឲ្យប្រាកដថាយើងមិនឲ្យអ្វីទាំងនេះបំបែរអារម្មណ៍យើង។ បើពុំនោះទេ យើងប្រហែលជាចាប់ផ្ដើមគាំទ្រម្ខាងៗក្នុងចិត្តគំនិតរបស់យើង។ សាថានប្រើវិធីខាងលើទាំងអស់នេះដើម្បីធ្វើឲ្យយើងមិនសូវតាំងចិត្តធ្វើអ្វីដែលត្រឹមត្រូវ។ សូមយើងពិចារណាអំពីរបៀបដែលយើងអាចទប់ទល់នឹងការខំប្រឹងរបស់វា ហើយរក្សាខ្លួនឲ្យរឹងមាំ។
តើយើងអាចកាន់ជំហររឹងមាំយ៉ាងដូចម្ដេច?
១៤. តើអ្វីអាចជួយយើងឲ្យកាន់ជំហរមាំមួននៅខាងព្រះយេហូវ៉ា?
១៤ ចូររំពឹងគិតអំពីការប្រគល់ខ្លួនជូនព្រះនិងការជ្រមុជទឹករបស់អ្នក។ អ្នកបានធ្វើតាមជំហានទាំងនេះ ដោយសារអ្នកចង់នៅខាងព្រះយេហូវ៉ា។ សូមនឹកចាំអំពីអ្វីដែលបានជួយអ្នកឲ្យជឿជាក់ថាអ្នកបានរកឃើញសេចក្ដីពិត។ អ្នកបានទទួលចំណេះត្រឹមត្រូវអំពីព្រះយេហូវ៉ា ហើយចាប់ផ្ដើមគោរពនិងស្រឡាញ់លោកជាបិតានៅស្ថានសួគ៌។ អ្នកបណ្ដុះឲ្យមានជំនឿលើលោក ហើយចង់ប្រែចិត្ត។ អ្នកឈប់ធ្វើអ្វីដែលព្រះយេហូវ៉ាស្អប់ ហើយចាប់ផ្ដើមធ្វើអ្វីដែលលោកពេញចិត្ត។ អ្នកបានធូរចិត្តពេលអ្នកដឹងថាព្រះអភ័យទោសឲ្យអ្នក។ (ចសព. ៣២:១, ២) អ្នកបានចូលរួមកិច្ចប្រជុំ ហើយចាប់ផ្ដើម ប្រាប់អ្នកឯទៀតអំពីអ្វីដ៏អស្ចារ្យដែលអ្នកបានរៀន។ ឥឡូវអ្នកជាគ្រិស្តសាសនិកដែលបានប្រគល់ខ្លួនជូនព្រះនិងទទួលការជ្រមុជទឹក ហើយអ្នកកំពុងដើរនៅលើផ្លូវដែលនាំទៅឯជីវិត ព្រមទាំងតាំងចិត្តថាអ្នកនឹងមិនបែរចេញពីផ្លូវនេះទេ។—ម៉ាថ. ៧:១៣, ១៤
១៥. ហេតុអ្វីការសិក្សានិងការរំពឹងគិតគឺមានប្រយោជន៍?
១៥ ចូរសិក្សានិងរំពឹងគិតអំពីបណ្ដាំរបស់ព្រះ។ ដូចដើមឈើអាចឈររឹងមាំបានបើវាចាក់ឫសជ្រៅ យើងអាចរក្សាខ្លួនឲ្យរឹងមាំបើជំនឿរបស់យើងចាក់ឫសជ្រៅលើបណ្ដាំព្រះ។ កាលដែលដើមឈើលូតលាស់ធំឡើង ឫសរបស់វាកាន់តែជ្រៅ ហើយបាចសាចថែមទៀត។ ពេលដែលយើងសិក្សានិងរំពឹងគិត យើងពង្រឹងជំនឿរបស់យើង ហើយយើងកាន់តែជឿជាក់ថាផ្លូវរបស់ព្រះគឺល្អបំផុត។ (កូឡ. ២:៦, ៧) សូមគិតអំពីរបៀបដែលការណែនាំ យោបល់ និងការការពារពីព្រះយេហូវ៉ាបានជួយរាស្ត្រលោកនៅសម័យបុរាណ។ ជាឧទាហរណ៍ អេសេគាលបានមើលយ៉ាងយកចិត្តទុកដាក់កាលដែលទេវតាមួយរូបបានវាស់យ៉ាងល្អិតល្អន់នូវផ្នែកផ្សេងៗនៃវិហារដែលគាត់ឃើញក្នុងគំនិត។ ការឃើញក្នុងគំនិតនេះពង្រឹងកម្លាំងអេសេគាល ហើយនោះផ្ដល់ឲ្យយើងនូវមេរៀនដ៏សំខាន់អំពីរបៀបដែលយើងអាចគាំទ្រខ្នាតតម្រារបស់ព្រះយេហូវ៉ាចំពោះការគោរពប្រណិប័តន៍ពិត។ d (អេគ. ៤០:១-៤; ៤៣:១០-១២) យើងក៏ទទួលប្រយោជន៍ដែរពេលយើងលៃទុកពេលដើម្បីសិក្សានិងរំពឹងគិតអំពីអ្វីដ៏ជ្រាលជ្រៅក្នុងបណ្ដាំព្រះ។
១៦. តើចិត្តរឹងប៉ឹងបានការពារបងបបយ៉ាងដូចម្ដេច? (ចម្រៀងសរសើរព្រះ ១១២:៧)
១៦ ចូរបណ្ដុះឲ្យមានចិត្តរឹងប៉ឹង។ ស្ដេចដាវីឌបានប្រកាសថាគាត់នឹងមិនបាត់បង់សេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះយេហូវ៉ា ដោយច្រៀងថា៖ «ឱព្រះអើយ ចិត្តរបស់ខ្ញុំមិនប្រែប្រួលឡើយ»។ (ចសព. ៥៧:៧) យើងក៏អាចមានចិត្តរឹងប៉ឹង ដោយទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា។ (សូមអាន ចម្រៀងសរសើរព្រះ ១១២:៧) សូមគិតអំពីរបៀបដែលនេះបានជួយបងបបដែលបានត្រូវរៀបរាប់នៅខាងលើ។ ពេលគាត់បានត្រូវគេប្រាប់ថាមានឈាមត្រៀមទុកបើត្រូវការ គាត់បានតបឆ្លើយភ្លាមៗថាបើគ្រូពេទ្យគិតថាមានហេតុបញ្ចូលឈាមគាត់ គាត់នឹងចាកចេញពីមន្ទីរពេទ្យនោះភ្លាមៗតែម្ដង។ ក្រោយមក បងបបបាននិយាយថា៖ «ខ្ញុំមិនស្ទាក់ស្ទើរនិងមិនបារម្ភទាល់តែសោះ»។
១៧. តើយើងអាចរៀនអ្វីពីបទពិសោធន៍របស់បងបប? (សូមមើលរូបភាពផងដែរ)
១៧ បងបបមានចិត្តរឹងប៉ឹង ដោយសារគាត់បានធ្វើការសម្រេចចិត្តឲ្យកាន់ជំហរមាំមួនយូរមុនដែលគាត់ចូលមន្ទីរពេទ្យ។ ហេតុអ្វីគាត់ធ្វើដូច្នេះ? ទី១ គាត់ចង់ធ្វើឲ្យព្រះយេហូវ៉ាសប្បាយរីករាយ។ ទី២ គាត់បានសិក្សាយ៉ាងយកចិត្តទុកដាក់អំពីអ្វីដែលគម្ពីរនិងសៀវភៅរបស់យើងដែលមានមូលដ្ឋានលើគម្ពីរចែងអំពីភាពពិសិដ្ឋនៃជីវិតនិងឈាម។ ទី៣ គាត់បានជឿជាក់ថាការធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ានឹងនាំឲ្យទទួលប្រយោជន៍ដែលស្ថិតស្ថេរ។ យើងក៏អាចមានចិត្តរឹងប៉ឹងដែរ ទោះជាយើងជួបទុក្ខលំបាកណាក៏ដោយ។
១៨. តើគំរូរបស់បារ៉ាក់បង្រៀនយើងយ៉ាងណាឲ្យទុកចិត្តទៅលើព្រះយេហូវ៉ា? (សូមមើលរូបភាពនៅក្រប)
១៨ ចូរទុកចិត្តទៅលើព្រះយេហូវ៉ា។ សូមគិតអំពីរបៀបដែលបារ៉ាក់បានទទួលជោគជ័យ ដោយសារគាត់បានទុកចិត្តទៅលើការណែនាំពីព្រះយេហូវ៉ា។ ទោះជាពុំឃើញមានខែលឬលំពែងណាមួយនៅក្នុងស្រុកក្ដី ព្រះយេហូវ៉ាបានបង្គាប់គាត់ឲ្យទៅប្រយុទ្ធនឹងកងទ័ពដែលមានអាវុធជាច្រើនរបស់មេទ័ពស៊ីសេរ៉ាដែលជាជនជាតិកាណាន។ (អសក. ៥:៨) អ្នកប្រកាសទំនាយដេបូរ៉ាបានប្រាប់បារ៉ាក់ឲ្យចុះពីភ្នំទៅដីរាបស្មើដើម្បីប្រយុទ្ធនឹងស៊ីសេរ៉ានិងរទេះចម្បាំងចំនួន៩០០របស់គាត់។ ទោះជាពិបាកឲ្យជនជាតិអ៊ីស្រាអែលប្រយុទ្ធនឹងរទេះចម្បាំងដ៏លឿនទាំងនោះនៅលើដីរាបស្មើក្ដី បារ៉ាក់បានស្ដាប់បង្គាប់។ កាលដែលពួកទាហានបានចុះពីភ្នំថេបោ ព្រះយេហូវ៉ាបានបង្អុរភ្លៀងមក។ នេះបានធ្វើឲ្យរទេះចម្បាំងរបស់ស៊ីសេរ៉ាផុងជាប់ក្នុងភក់ ហើយព្រះយេហូវ៉ាបានឲ្យបារ៉ាក់ទទួលជ័យជម្នះ។ (អសក. ៤:១-៧, ១០, ១៣-១៦) ស្រដៀងគ្នាដែរ ព្រះយេហូវ៉ានឹងឲ្យយើងទទួលជ័យជម្នះបានដែរបើយើងទុកចិត្តទៅលើលោកនិងការណែនាំដែលលោកផ្ដល់ឲ្យតាមរយៈអង្គការលោក។—បច. ៣១:៦
ចូរតាំងចិត្តបន្តពង្រឹងជំហរមាំមួនឡើង
១៩. ហេតុអ្វីអ្នកចង់រក្សាភាពមាំមួន?
១៩ យើងនឹងត្រូវបន្តតយុទ្ធដើម្បីរក្សាភាពមាំមួន ដរាបណាយើងកំពុងរស់នៅក្នុងរបៀបរបបពិភពលោកនេះ។ (១ធី. ៦:១១, ១២; ២ពេ. ៣:១៧) សូមយើងតាំងចិត្តមិនមានគំនិតរេចុះរេឡើង ដោយសារការបៀតបៀន ការបង្ខិតបង្ខំដែលមិនងាយកត់សម្គាល់ ការវែកញែករបស់មនុស្ស ការបោកបញ្ឆោត និងអ្វីៗដែលអាចបំបែរអារម្មណ៍។ (អេភ. ៤:១៤) ផ្ទុយទៅវិញ សូមយើងកាន់ជំហរមាំមួនដោយមានចិត្តរឹងប៉ឹងក្នុងការរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា និងមិនមានចិត្តរារេក្នុងការធ្វើតាមបង្គាប់របស់លោក។ នៅពេលដំណាលគ្នា យើងត្រូវធ្វើជាមនុស្សសមហេតុសមផល។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ានិងលោកយេស៊ូគឺជាគំរូដ៏ល្អឥតខ្ចោះស្ដីអំពីបុគ្គលដែលសមហេតុសមផល។
ចម្រៀងលេខ១២៩ យើងនឹងស៊ូទ្រាំ
a តាំងពីសម័យអាដាមនិងអេវ៉ា សាថានបានលើកស្ទួយគំនិតថាមនុស្សគួរសម្រេចចិត្តដោយខ្លួនឯងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ វាចង់ឲ្យយើងមានទស្សនៈបែបនេះចំពោះច្បាប់របស់ព្រះយេហូវ៉ានិងចំពោះការណែនាំណាក៏ដោយដែលយើងទទួលពីអង្គការលោក។ អត្ថបទនេះនឹងជួយយើងធ្វើឲ្យប្រាកដថាយើងមិនព្រងើយកន្តើយនឹងច្បាប់របស់ព្រះយេហូវ៉ាដូចដែលពួកអ្នកកាន់តាមសាថានធ្វើ ហើយនឹងជួយយើងឲ្យតាំងចិត្តស្ដាប់បង្គាប់ព្រះយេហូវ៉ាជានិច្ច។
b ដើម្បីបានព័ត៌មានអំពីរបៀបដែលគ្រិស្តសាសនិកអាចគាំទ្រទស្សនៈរបស់ព្រះយេហូវ៉ាចំពោះឈាម សូមមើលសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! នៅមេរៀនទី៣៩។
c សូមមើលវីដេអូដែលមានចំណងជើងថា «ចូរការពារខ្លួនពីព័ត៌មានមិនត្រឹមត្រូវ»នៅគេហទំព័រjw.org/km។
d ដើម្បីបានព័ត៌មានបន្ថែម សូមមើលសៀវភៅការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ! ជំពូកទី១៣និង១៤។