សេចក្ដីពិតអំពីអនាគត
តើអ្នកធ្លាប់ឆ្ងល់ថាថ្ងៃអនាគតនឹងទៅជាយ៉ាងណាឬទេ? គម្ពីរប្រាប់យើងថា បន្តិចទៀតនឹងមានព្រឹត្តិការណ៍ដ៏សំខាន់កើតឡើងដែលនឹងប៉ះពាល់ដល់មនុស្សទាំងអស់នៅផែនដី។
លោកយេស៊ូបានពន្យល់អំពីរបៀបដែលយើងអាច«ដឹងថារាជាណាចក្ររបស់ព្រះគឺជិតដល់ហើយ»។ (លូកា ២១:៣១) ក្នុងចំណោមអ្វីជាច្រើន លោកបានប្រាប់ទុកជាមុនថានឹងមានសង្គ្រាម រញ្ជួយដីជាខ្លាំង ថែមទាំងរោគរាតត្បាតនិងការអត់ឃ្លាន គឺជាអ្វីដែលយើងឃើញជាក់ស្ដែងសព្វថ្ងៃនេះ។—លូកា ២១:១០-១៧
គម្ពីរក៏បង្ហាញដែរថា«គ្រាចុងក្រោយបង្អស់»នៃការគ្រប់គ្រងរបស់មនុស្សនឹងត្រូវសម្គាល់តាមរបៀបដែលមនុស្សប្រព្រឹត្ត។ អ្នកអាចអានការពណ៌នានៅសៀវភៅធីម៉ូថេទី២ ៣:១-៥។ ពេលអ្នកឃើញចិត្តគំនិតនិងការប្រព្រឹត្តរបស់មនុស្សសព្វថ្ងៃនេះ អ្នកពិតជាយល់ស្របថាអ្វីដែលគម្ពីរប្រាប់គឺពិតជាកំពុងកើតឡើងមែន។
តើនេះមានន័យអ្វី? គឺជិតដល់ពេលដែលរាជាណាចក្ររបស់ព្រះនឹងធ្វើការកែប្រែយ៉ាងធំដែលនឹងជួយឲ្យយើងមានជីវិតដ៏ល្អប្រសើរជាង។ (លូកា ២១:៣៦) ក្នុងគម្ពីរ ព្រះសន្យាអ្វីដ៏ល្អសម្រាប់ផែនដី និងមនុស្សដែលនឹងរស់នៅផែនដី។ សូមមើលឧទាហរណ៍ខ្លះ។
ការគ្រប់គ្រងល្អ
«គាត់[លោកយេស៊ូ]បានទទួលអំណាចគ្រប់គ្រង កិត្តិយស និងរាជាណាចក្រមួយ។ ហេតុនេះ មនុស្សទាំងអស់ដែលមកពីគ្រប់ជាតិសាសន៍គ្រប់ភាសាត្រូវបម្រើគាត់។ អំណាចគ្រប់គ្រងរបស់គាត់នឹងមិនសាបសូន្យទេ គឺនៅស្ថិតស្ថេរជារៀងរហូត ហើយរាជាណាចក្ររបស់គាត់នឹងមិនត្រូវបំផ្លាញឡើយ»។—ដានីយ៉ែល ៧:១៤
នេះមានន័យថា៖ អ្នកអាចរស់នៅយ៉ាងសប្បាយក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលដ៏ប្រសើរជាង ដែលព្រះបានរៀបចំដោយមានបុត្ររបស់លោកជាស្ដេច។
សុខភាពល្អ
«បណ្ដាជនដែលរស់នៅក្នុងស្រុក ពួកគេនឹងមិននិយាយថា៖ ‹ខ្ញុំឈឺ›ទៀតឡើយ»។—អេសាយ ៣៣:២៤
នេះមានន័យថា៖ អ្នកនឹងមិនឈឺឬពិការឡើយ ព្រមទាំងអាចរស់ដោយមិនចេះស្លាប់ដែរ។
សន្តិភាពនៅគ្រប់កន្លែង
«លោកនឹងធ្វើឲ្យផែនដីទាំងមូលលែងមានសង្គ្រាមទៀត»។—ចម្រៀងសរសើរព្រះ ៤៦:៩
នេះមានន័យថា៖ លែងមានសង្គ្រាម និងទុក្ខវេទនាទាំងអស់ដែលមកពីសង្គ្រាម។
ផែនដីនឹងពោរពេញទៅដោយមនុស្សល្អ
«នឹងលែងមានមនុស្សអាក្រក់ទៀត . . . ប៉ុន្តែ មនុស្សដែលមានចិត្តសុភាពនឹងបានផែនដីជាមត៌ក»។—ចម្រៀងសរសើរព្រះ ៣៧:១០, ១១
នេះមានន័យថា៖ មិនមានមនុស្សអាក្រក់ទៀតឡើយ មានតែមនុស្សដែលស្ដាប់បង្គាប់ព្រះប៉ុណ្ណោះ។
ផែនដីទាំងមូលនឹងក្លាយទៅជាសួនឧទ្យាន
«គ្រានោះ ពួកគេនឹងសង់ផ្ទះ ហើយរស់នៅក្នុងនោះ ពួកគេនឹងដាំដំណាំទំពាំងបាយជូរ ហើយក៏បរិភោគផលផ្លែពីនោះដែរ»។—អេសាយ ៦៥:២១, ២២
នេះមានន័យថា៖ ផែនដីទាំងមូលនឹងមានភាពស្រស់ស្អាតឡើងវិញ។ ព្រះនឹងធ្វើតាមសេចក្ដីអធិដ្ឋានរបស់យើងដែលថាសូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច«នៅផែនដី»។—ម៉ាថាយ ៦:១០