លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គម្ពីរ​ជា​ប្រភព​នៃ​សេចក្ដី​ពិត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត

គម្ពីរ​ជា​ប្រភព​នៃ​សេចក្ដី​ពិត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត

ក្នុង​ប្រវត្ដិសាស្ត្រ មនុស្ស​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​បាន​ចាត់​ទុក​គម្ពីរ​ជា​ប្រភព​នៃ​សេចក្ដី​ពិត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ សព្វ​ថ្ងៃ​នេះ មនុស្ស​រាប់​លាន​នាក់​ធ្វើ​តាម​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ ប៉ុន្តែ អ្នក​ឯ​ទៀត​បាន​សន្និដ្ឋាន​ថា​គម្ពីរ​មិន​ទាក់​ទង​នឹង​ពួក​គេ ឬ​ជា​រឿង​ព្រេង។ តើ​អ្នក​គិត​យ៉ាង​ណា? តើ​អ្នក​អាច​រក​ឃើញ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​បាន​ទេ?

មូលហេតុ​ដែល​អ្នក​អាច​ទុក​ចិត្ត​គម្ពីរ

តើ​អ្នក​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​អ្នក​គួរ​ទុក​ចិត្ត​គម្ពីរ​ឬ​យ៉ាង​ណា? សូម​គិត​ឧទាហរណ៍​មួយ បើ​មិត្ត​ភក្ដិ​ម្នាក់​តែង​តែ​ប្រាប់​សេចក្ដី​ពិត​ដល់​អ្នក អ្នក​ទំនង​ជា​ចាត់​ទុក​គាត់​ថា​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ តើ​គម្ពីរ​តែង​តែ​ប្រាប់​សេចក្ដី​ពិត ដូច​ជា​មិត្ត​ភក្ដិ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ឬ​ទេ? សូម​កត់​សម្គាល់​ឧទាហរណ៍​ខ្លះ។

អ្នក​សរសេរ​មាន​ភាព​ទៀង​ត្រង់

អ្នក​សរសេរ​គម្ពីរ​គឺ​ទៀង​ត្រង់​ណាស់ ហើយ​ច្រើន​តែ​សារភាព​កំហុស​និង​ការ​បរាជ័យ​របស់​ពួក​គេ។ ជា​ឧទាហរណ៍ អ្នក​ប្រកាស​ទំនាយ​យ៉ូណាស​បាន​សរសេរ​អំពី​ការ​មិន​ស្ដាប់​បង្គាប់​របស់​គាត់។ (​យ៉ូណាស ១:១​-​៣​) តាម​ពិត គាត់​បាន​បញ្ចប់​សៀវភៅ​គាត់​ដោយ​ប្រាប់​អំពី​របៀប​ដែល​ព្រះ​បាន​ដាក់​ទោស​គាត់ តែ​គាត់​មិន​បាន​ប្រាប់​អំពី​របៀប​ដែល​គាត់​បាន​កែ​ប្រែ​ចិត្ត​គំនិត​របស់​គាត់​ទេ។ (​យ៉ូណាស ៤:១, ៤, ១០, ១១​) ភាព​ទៀង​ត្រង់​របស់​អ្នក​សរសេរ​គម្ពីរ​ទាំង​អស់​បញ្ជាក់​ថា​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ស្ដី​អំពី​ការ​ពិត។

សេចក្ដី​ពិត​ដែល​មាន​ប្រយោជន៍

តើ​គម្ពីរ​តែង​តែ​ផ្ដល់​ឱវាទ​ដែល​នាំ​ឲ្យ​មាន​ប្រយោជន៍​ឬ​ទេ? មាន​មែន។ ជា​ឧទាហរណ៍ សូម​កត់​សម្គាល់​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ការ​មាន​ចំណង​មិត្តភាព​ល្អ​ថា​៖ ​«​ម្ល៉ោះ​ហើយ អ្នក​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក អ្នក​ក៏​ត្រូវ​ប្រព្រឹត្ត​យ៉ាង​នោះ​ចំពោះ​ពួក​គេ​ដែរ​»។ (​ម៉ាថាយ ៧:១២​) គម្ពីរ​ក៏​ចែង​ដែរ​ថា​៖ ​«​សម្ដី​ទន់ភ្លន់​រម្ងាប់​កំហឹង តែ​ពាក្យ​គំរោះ​គំរើយ​ធ្វើ​ឲ្យ​មាន​កំហឹង​កាន់​តែ​ខ្លាំង​»។ (​សុភាសិត ១៥:១​) ត្រូវ​មែន សេចក្ដី​ពិត​ក្នុង​គម្ពីរ​នៅ​តែ​មាន​ប្រយោជន៍​នៅ​សព្វ​ថ្ងៃ​នេះ។

សេចក្ដី​ពិត​ខាង​ប្រវត្ដិសាស្ត្រ

ជា​ច្រើន​ឆ្នាំ​មក​ហើយ ការ​រក​ឃើញ​ខាង​បុរាណ​វត្ថុ​វិទូ​បាន​បញ្ជាក់​ថា​អ្វី​ដែល​គម្ពីរ​រៀប​រាប់​អំពី​មនុស្ស ទី​កន្លែង និង​ព្រឹត្តិការណ៍​គឺ​ត្រឹម​ត្រូវ។ ជា​ឧទាហរណ៍ សូម​ពិចារណា​ភ័ស្តុតាង​អំពី​រឿង​តូច​មួយ។ គម្ពីរ​រៀប​រាប់​ថា​នៅ​សម័យ​នេហេមា មនុស្ស​ពី​ក្រុង​ទីរ៉ុស (​គឺ​ជន​ជាតិ​ភេនីស៊ី​ពី​ក្រុង​ទីរ៉ុស​) ដែល​រស់​នៅ​ក្នុង​យេរូសាឡិម​បាន​«​យក​ត្រី​និង​ទំនិញ​គ្រប់​ប្រភេទ​»​មក​លក់។—នេហេមា ១៣:១៦

តើ​មាន​ភ័ស្តុតាង​ដែល​គាំទ្រ​បទ​គម្ពីរ​នេះ​ឬ​ទេ? មាន​មែន។ បុរាណ​វត្ថុ​វិទូ​បាន​រក​ឃើញ​របស់​របរ​ផ្សេង​ៗ​របស់​ជន​ជាតិ​ភេនីស៊ី​នៅ​ប្រទេស​អ៊ីស្រាអែល នេះ​បង្ហើប​ឲ្យ​ដឹង​ថា​ប្រទេស​ទាំង​ពីរ​ពី​សម័យ​បុរាណ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​គ្នា។ មួយ​វិញ​ទៀត នៅ​ក្រុង​យេរូសាឡិម គេ​បាន​រក​ឃើញ​សំណល់​ត្រី​ពី​តំបន់​មេឌីទែរ៉ានេ។ បុរាណ​វត្ថុ​វិទូ​ជឿ​ថា​ត្រី​នេះ​បាន​នាំ​ចូល​ពី​កន្លែង​ឆ្ងាយ​ដោយ​អ្នក​ជួញ​ដូរ។ ក្រោយ​បាន​វិភាគ​មើល​ភ័ស្តុតាង អ្នក​ប្រាជ្ញ​ម្នាក់​បាន​សន្និដ្ឋាន​ថា​៖ ​«​ការ​រៀប​រាប់​នៅ​នេហេមា ១៣:១៦ ដែល​ថា​មនុស្ស​ពី​ក្រុង​ទីរ៉ុស​បាន​លក់​ត្រី​នៅ​ក្រុង​យេរូសាឡិម គឺ​ជា​អ្វី​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​»។

សេចក្ដី​ពិត​ខាង​វិទ្យា​សាស្ត្រ

ជា​ចម្បង គម្ពីរ​គឺ​ជា​សៀវភៅ​ខាង​សាសនា​និង​ខាង​ប្រវត្ដិសាស្ត្រ។ ប៉ុន្តែ កាល​ណា​គម្ពីរ​រៀប​រាប់​អំពី​រឿង​វិទ្យា​សាស្ត្រ នោះ​តែង​តែ​ស្រប​នឹង​ការ​ពិត​នៃ​វិទ្យា​សាស្ត្រ។ សូម​គិត​អំពី​ឧទាហរណ៍​មួយ។

ប្រហែល​៣.៥០០​ឆ្នាំ​មុន គម្ពីរ​ចែង​ថា​ផែន​ដី​នៅ​ក្នុង​លម្ហ​ដោយ​«​មិន​ភ្ជាប់​នឹង​អ្វី​ឡើយ​»។ (​យ៉ូប ២៦:៧​) នេះ​ខុស​ឆ្ងាយ​ពី​រឿង​ព្រេង​ដែល​ថា​ផែន​ដី​អណ្ដែត​លើ​ទឹក​ឬ​ទ្រ​ដោយ​សត្វ​អណ្ដើក​ធំ​មួយ។ ប្រហែល​១.១០០​ឆ្នាំ​ក្រោយ​សៀវភៅ​យ៉ូប​បាន​ត្រូវ​សរសេរ មនុស្ស​នៅ​តែ​ជឿ​ថា​ផែន​ដី​មិន​អាច​នៅ​កណ្ដាល​នៃ​លំហ​អាកាស​បាន​ទេ តែ​ត្រូវ​មាន​អ្វី​មួយ​ទ្រ​វិញ។ គ្រាន់​តែ​បី​រយ​ឆ្នាំ​មុន​ប៉ុណ្ណោះ គឺ​នៅ​ឆ្នាំ​១៦៨៧ អ៊ីសាក ញូវថិន​បាន​បោះ​ពុម្ព​ផ្សាយ​ការ​ស្រាវ​ជ្រាវ​របស់​គាត់​អំពី​ទំនាញ ហើយ​ពន្យល់​ថា​មាន​ថាមពល​ដែល​មិន​អាច​មើល​ឃើញ​ធ្វើ​ឲ្យ​ផែន​ដី​មាន​រង្វិល​ជុំ។ ព្រឹត្តិការណ៍​ដ៏​សំខាន់​ខាង​វិទ្យា​សាស្ត្រ​នេះ​បាន​បញ្ជាក់​អ្វី​ដែល​គម្ពីរ​បាន​រៀប​រាប់​ច្រើន​ជាង​៣.០០០​ឆ្នាំ​មុន!

សេចក្ដី​ពិត​ខាង​ទំនាយ

តើ​ទំនាយ​ជា​ច្រើន​ក្នុង​គម្ពីរ​គឺ​ត្រឹម​ត្រូវ​ដល់​កម្រិត​ណា? សូម​ពិចារណា​ឧទាហរណ៍​មួយ​ស្ដី​អំពី​ទំនាយ​របស់​អេសាយ ពោល​គឺ​ការ​ដួល​រលំ​នៃ​ក្រុង​បាប៊ីឡូន។

ទំនាយ​៖ ក្នុង​សតវត្សរ៍​ទី​៨ មុន​គ.ស. អេសាយ​ជា​អ្នក​សរសេរ​គម្ពីរ​បាន​ប្រកាស​ថា​ក្រុង​បាប៊ីឡូន ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​រដ្ឋធានី​នៃ​ចក្រភព​ដ៏​ខ្លាំង​ក្លា​មួយ នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​ទី​បំផុត​នឹង​គ្មាន​អ្នក​ណា​រស់​នៅ​ក្នុង​ក្រុង​នោះ​ឡើយ។ (​អេសាយ ១៣:១៧​-​២០​) អេសាយ​បាន​ប្រាប់​ថា​បុរស​ម្នាក់​ឈ្មោះ​ស៊ីរូស​នឹង​ចាប់​យក​ក្រុង​នោះ។ គាត់​ក៏​បាន​ពណ៌នា​អំពី​យុទ្ធសាស្ត្រ​របស់​ស៊ីរូស ដោយ​ថា​ទន្លេ​នឹង​ត្រូវ​«​រីង​ស្ងួត​អស់​»។ មួយ​ទៀត គាត់​បាន​ទាយ​ទុក​ថា​ខ្លោង​ទ្វារ​ក្រុង​នឹង​នៅ​បើក​ចំហ។—អេសាយ ៤៤:២៧–៤៥:១

ការ​សម្រេច​៖ ប្រមាណ​២០០​ឆ្នាំ​ក្រោយ​ពី​អេសាយ​បាន​ទាយ ស្ដេច​ពើស៊ី​ម្នាក់​បាន​វាយ​យក​ក្រុង​បាប៊ីឡូន។ តើ​គាត់​មាន​ឈ្មោះ​អ្វី? គឺ​ស៊ីរូស។ ដោយ​សារ​ពិបាក​ចូល​ទៅ​ក្នុង​ក្រុង​បាប៊ីឡូន ស៊ីរូស​បាន​រក​វិធី​ចូល​តាម​ទន្លេ​អឺប្រាត ដែល​ហូរ​កាត់​ក្រុង​នោះ។ ទ័ព​ស៊ីរូស​បាន​ជីក​ប្រឡាយ​ដើម្បី​បង្វែរ​ទឹក​ចេញ​ពី​ទន្លេ​ចូល​ក្នុង​វាល​ភក់។ នេះ​បាន​ធ្វើ​ឲ្យ​ទឹក​ស្រក​រហូត​ដល់​ទ័ព​ស៊ីរូស​អាច​ដើរ​ឆ្លង​កាត់​ទៅ​ដល់​កំពែង​ក្រុង​បាន។ មិន​គួរ​ឲ្យ​ជឿ​សោះ ពួក​បាប៊ីឡូន​បាន​ទុក​ទ្វារ​ក្រុង​នៅ​ចំហ​ចោល! ទ័ព​ស៊ីរូស​បាន​ចូល​ក្នុង​ក្រុង​បាប៊ីឡូន​តាម​ទ្វារ​នោះ ហើយ​ចាប់​យក​ក្រុង។

ក៏​ប៉ុន្តែ នៅ​មាន​ទំនាយ​មួយ​ទៀត ពោល​គឺ​តើ​ពិត​ជា​គ្មាន​អ្នក​ណា​រស់​នៅ​ក្រុង​បាប៊ីឡូន​មែន​ឬ? អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​ក្រោយ​មក មនុស្ស​នៅ​តែ​រស់​នៅ​ក្នុង​ក្រុង​នោះ។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ គំនរ​បែក​បាក់​របស់​ក្រុង​បាប៊ីឡូន ដែល​នៅ​ជិត​ទី​ក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ បង្ហាញ​ភ័ស្តុតាង​ថា​ទំនាយ​ក្នុង​គម្ពីរ​បាន​សម្រេច​ទាំង​ស្រុង។ មែន​ហើយ សូម្បី​តែ​ពេល​រៀប​រាប់​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​ឡើង​នៅ​អនាគត​ក៏​ដោយ គម្ពីរ​គឺ​ជា​ប្រភព​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។