ចូរអរសប្បាយកាលដែលរង់ចាំព្រះយេហូវ៉ាដោយចិត្តអត់ធ្មត់
តើអ្នកទន្ទឹងរង់ចាំពេលដែលព្រះយេហូវ៉ានឹងបំបាត់ចោលអំពើទុច្ចរិតទាំងអស់ ហើយធ្វើអ្វីៗទាំងអស់ថ្មីឬទេ? (បប. ២១:១-៥) អ្នកប្រាកដជារង់ចាំគ្រានោះ! ប៉ុន្តែគឺមិនតែងតែងាយស្រួលឲ្យបន្ដរង់ចាំព្រះយេហូវ៉ាដោយចិត្តអត់ធ្មត់ទេ ជាពិសេសពេលយើងកំពុងប្រឈមមុខនឹងការពិបាកផ្សេងៗ។ សេចក្ដីសង្ឃឹមដែលក្រនឹងកើតឡើងអាចនាំឲ្យក្រៀមក្រំចិត្ត។—សុភ. ១៣:១២
ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាតម្រូវឲ្យយើងរង់ចាំលោកដោយចិត្តអត់ធ្មត់ដើម្បីឲ្យលោកចាត់វិធានការនៅពេលកំណត់របស់លោក។ ហេតុអ្វីលោកតម្រូវឲ្យយើងធ្វើដូច្នេះ? តើអ្វីអាចជួយយើងឲ្យអរសប្បាយកាលដែលយើងរង់ចាំ?
ហេតុអ្វីព្រះយេហូវ៉ាតម្រូវឲ្យយើងរង់ចាំ?
គម្ពីរចែងថា៖ «ព្រះយេហូវ៉ាកំពុងរង់ចាំដោយចិត្តអត់ធ្មត់ដើម្បីបង្ហាញការពេញចិត្តដល់អ្នករាល់គ្នា ហើយលោកនឹងក្រោកឡើងដើម្បីបង្ហាញសេចក្ដីមេត្តាករុណាចំពោះអ្នករាល់គ្នា។ ព្រោះព្រះយេហូវ៉ាជាព្រះនៃយុត្តិធម៌។ មានសុភមង្គលហើយ! អស់អ្នកដែលទន្ទឹងរង់ចាំលោកដោយចិត្តរំភើប»។ (អេ. ៣០:១៨) នៅដើមដំបូង ពាក្យទាំងនេះរបស់អេសាយ គឺទៅកាន់ជនជាតិយូដាដែលរឹងចចេស។ (អេ. ៣០:១) ប៉ុន្តែមានបុគ្គលស្មោះត្រង់មួយចំនួនក្នុងចំណោមជនជាតិយូដា ហើយពាក្យទាំងនេះផ្ដល់សេចក្ដីសង្ឃឹមដល់ពួកគេ។ ពាក្យទាំងនេះក៏ផ្ដល់សេចក្ដីសង្ឃឹមដល់អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះដែរ។
ដូច្នេះយើងត្រូវរង់ចាំដោយចិត្តអត់ធ្មត់ ពីព្រោះព្រះយេហូវ៉ាកំពុងរង់ចាំដោយចិត្តអត់ធ្មត់។ លោកមានពេលកំណត់ដើម្បីបំផ្លាញរបៀបរបបពិភពលោកនេះចោល ហើយលោកកំពុងរង់ចាំឲ្យថ្ងៃនិងម៉ោងនោះមកដល់។ (ម៉ាថ. ២៤:៣៦) នៅពេលនោះ នឹងសឲ្យឃើញច្បាស់ថាការចោទប្រកាន់របស់មេកំណាចចំពោះព្រះយេហូវ៉ា និងពួកអ្នកដែលបម្រើលោកគឺមិនពិត។ ពេលនោះ លោកនឹងដកសាថាននិងអ្នកណាដែលនៅខាងវាចេញ តែលោកនឹង«បង្ហាញសេចក្ដីមេត្តាករុណាចំពោះ[យើង]»។
មុនពេលនោះ ព្រះយេហូវ៉ាប្រហែលជាមិនលុបបំបាត់ទុក្ខលំបាករបស់យើងទេ។ ប៉ុន្តែលោកពង្រឹងទំនុកចិត្តយើងថាយើងអាចអរសប្បាយកាលដែលរង់ចាំ។ ដូចអេសាយបានប្រាប់ យើងអាចមានសុភមង្គលកាលដែលយើងទន្ទឹងរង់ចាំឬសង្ឃឹមឲ្យរឿងល្អណាមួយកើតឡើង។ (អេ. ៣០:១៨) តើយើងអាចមានសុភមង្គលនោះតាមរបៀបណា? មានអ្វីបួនយ៉ាងដែលអាចជួយយើង។
របៀបរង់ចាំដោយអរសប្បាយ
សូមគិតអំពីអ្វីល្អៗដែលកំពុងកើតឡើងក្នុងជីវិតរបស់អ្នក។ ស្ដេចដាវីឌបានឃើញអំពើទុច្ចរិតជាច្រើនក្នុងជីវិតរបស់គាត់។ (ចសព. ៣៧:៣៥) ប៉ុន្តែ គាត់បានសរសេរថា៖ «ចូរនៅស្ងៀមចំពោះមុខព្រះយេហូវ៉ា ហើយរង់ចាំលោកដោយចិត្តអត់ធ្មត់។ កុំក្ដៅក្រហាយពេលដែលអ្នកណាម្នាក់បានសម្រេចផែនការអាក្រក់របស់ខ្លួន»។ (ចសព. ៣៧:៧) ដាវីឌផ្ទាល់បានធ្វើតាមយោបល់នេះ ដោយផ្ដោតអារម្មណ៍ទៅលើសេចក្ដីសង្ឃឹមនៃសេចក្ដីសង្គ្រោះ។ គាត់ក៏ឲ្យតម្លៃចំពោះពរទាំងអស់ដែលគាត់បានទទួលពីព្រះយេហូវ៉ា។ (ចសព. ៤០:៥) បើយើងក៏ ផ្ដោតអារម្មណ៍ទៅលើចំណុចល្អៗនៃស្ថានភាពរបស់យើង មិនមែនទៅលើបញ្ហា យើងនឹងងាយស្រួលជាងរង់ចាំព្រះយេហូវ៉ា។
ចូរបន្តជាប់រវល់ក្នុងការសរសើរព្រះយេហូវ៉ា។ អ្នកតែងចម្រៀងសរសើរព្រះ ៧១ ដែលទំនងជាដាវីឌ បាននិយាយទៅកាន់ព្រះយេហូវ៉ាថា៖ «ខ្ញុំនឹងបន្តរង់ចាំលោក ខ្ញុំនឹងលើកតម្កើងលោកថែមទៀត»។ (ចសព. ៧១:១៤) តើគាត់សរសើរតម្កើងព្រះយេហូវ៉ាតាមរបៀបណា? គាត់ប្រាប់អ្នកឯទៀតអំពីព្រះយេហូវ៉ា ហើយច្រៀងសរសើរលោក។ (ចសព. ៧១:១៦, ២៣) ដូចដាវីឌ យើងអាចមានអំណរកាលដែលរង់ចាំព្រះយេហូវ៉ា។ យើងសរសើរលោកតាមរយៈកិច្ចបម្រើផ្សាយ ការសន្ទនាប្រចាំថ្ងៃរបស់យើង និងដោយច្រៀងចម្រៀងគោរពប្រណិប័តន៍។ នៅលើកក្រោយ ពេលដែលអ្នកច្រៀងចម្រៀងរាជាណាចក្រ សូមគិតយ៉ាងយកចិត្តទុកដាក់អំពីពាក្យចម្រៀងនិងរបៀបដែលពាក្យនោះធ្វើឲ្យអ្នកអរសប្បាយ។
ចូរទទួលការលើកទឹកចិត្តដោយចំណាយពេលជាមួយបងប្អូន។ ពេលដាវីឌប្រឈមមុខនឹងការពិបាក គាត់បាននិយាយទៅព្រះយេហូវ៉ាថា៖ «នៅមុខអ្នកដែលមានភក្ដីភាពចំពោះលោក ខ្ញុំនឹងទុកចិត្តនាមរបស់លោក»។ (ចសព. ៥២:៩) យើងក៏អាចទទួលការលើកទឹកចិត្តពីពួកអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់គ្នីគ្នា មិនគ្រាន់តែនៅកិច្ចប្រជុំនិងក្នុងកិច្ចបម្រើផ្សាយប៉ុណ្ណោះទេ ប៉ុន្តែក៏ក្នុងអំឡុងការសេពគប់ដែរ។—រ៉ូម ១:១១, ១២
ចូរពង្រឹងសេចក្ដីសង្ឃឹមរបស់អ្នក។ ចម្រៀងសរសើរព្រះ ៦២:៥ចែងថា៖ «ខ្ញុំរង់ចាំព្រះដោយចិត្តអត់ធ្មត់ ព្រោះលោកជាសេចក្ដីសង្ឃឹមរបស់ខ្ញុំ»។ សេចក្ដីសង្ឃឹមដ៏មុតមាំរួមបញ្ចូលការរំពឹងទុកដោយមានទំនុកចិត្ត ហើយនេះជាអ្វីដ៏សំខាន់ចាំបាច់ បើយើងត្រូវស៊ូទ្រាំនឹងរបៀបរបបពិភពលោកនេះយូរជាងយើងនឹកស្មាន។ យើងត្រូវជឿជាក់ថាសេចក្ដីសន្យារបស់ព្រះយេហូវ៉ានឹងក្លាយទៅជាការពិត មិនថាយើងត្រូវរង់ចាំយូរយ៉ាងណាក្ដី។ យើងអាចពង្រឹងសេចក្ដីសង្ឃឹមរបស់យើងដោយសិក្សាបណ្ដាំរបស់ព្រះ ពោលគឺទំនាយផ្សេងៗ ភាពស្របគ្នានៃគម្ពីរ និងព័ត៌មានដែលព្រះយេហូវ៉ាប្រាប់អំពីខ្លួនលោក។ (ចសព. ១:២, ៣) យើងក៏ត្រូវបន្ត«អធិដ្ឋានដោយនូវឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ[យេហូវ៉ា]» ដើម្បីរក្សាចំណងមិត្តភាពរបស់យើងជាមួយលោក កាលដែលយើងរង់ចាំឲ្យសេចក្ដីសន្យារបស់លោកអំពីជីវិតដែលគ្មានទីបញ្ចប់សម្រេច។—យូ. ២០, ២១
ដូចស្ដេចដាវីឌ សូមមានទំនុកចិត្តថាព្រះយេហូវ៉ាតាមមើលអស់អ្នកដែលរង់ចាំលោក ហើយបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកចំពោះពួកគេ។ (ចសព. ៣៣:១៨, ២២) សូមបន្តរង់ចាំព្រះយេហូវ៉ាយ៉ាងអត់ធ្មត់ដោយផ្ដោតអារម្មណ៍ទៅលើអ្វីល្អៗក្នុងជីវិតរបស់អ្នក ដោយសរសើរលោក ដោយទទួលការលើកទឹកចិត្តពីបងប្អូនរួមជំនឿ និងដោយរក្សាសេចក្ដីសង្ឃឹមដ៏មានតម្លៃឲ្យមាំមួន។