អ្វីដែលពួកអ្នកវិទ្យាសាស្ត្រមិនដឹង
ពួកអ្នកវិទ្យាសាស្ត្រមើលទៅបានរៀនអ្វីគ្រប់បែបយ៉ាងនៅសកលវិទ្យាល័យ។ ប៉ុន្តែ មានសំណួរសំខាន់ៗជាច្រើនដែលពួកគេមិនអាចឆ្លើយបាន។
តើពួកអ្នកវិទ្យាសាស្ត្រអាចពន្យល់អំពីរបៀបដែលសកលលោកនិងជីវិតបានចាប់ផ្ដើមឬទេ? ចម្លើយដ៏សាមញ្ញគឺទេ។ មនុស្សមួយចំនួននិយាយថាអ្នកវិទ្យាសាស្ត្រខាងតារាសាស្ត្រអាចពន្យល់ពីទីចាប់ផ្ដើមនៃសកលលោក។ ប៉ុន្តែ សាស្ត្រាចារ្យផ្នែកតារាវិទ្យានៃសកលវិទ្យាល័យមួយឈ្មោះម៉ាសេឡូ ក្លេសើ ដែលជាអ្នកមិនជឿលើសាសនា បានតបឆ្លើយថា៖ «ពួកយើងមិនបានពន្យល់អំពីដើមកំណើតនៃសកលលោកទាល់តែសោះ» (Dartmouth College)។
ស្រដៀងគ្នាដែរស្ដីអំពីដើមកំណើតនៃជីវិត អត្ថបទក្នុងទស្សនាវដ្ដីមួយដែលទាក់ទងនឹងព័ត៌មានវិទ្យាសាស្ត្របានចែងថា៖ «យើងប្រហែលជាមិនអាចដឹងអំពីរបៀបដែលជីវិតបានចាប់ផ្ដើមនៅលើផែនដីនោះទេ ព្រោះថ្មនិងផូស៊ីលភាគច្រើនដែលអាចបង្ហាញអ្វីដែលបានកើតឡើងនៅដំបូងនៃកំណើតផែនដីបានបាត់បង់អស់ហើយ»។ (Science News) ពាក្យទាំងនេះបង្ហើបឲ្យដឹងថាវិទ្យាសាស្ត្រមិនទាន់ឆ្លើយសំណួរដែលថា តើសកលលោកនិងជីវិតបានចាប់ផ្ដើមឡើងយ៉ាងដូចម្ដេច?
ប៉ុន្តែប្រហែលជាអ្នកឆ្ងល់ថា ‹បើជីវិតនៅលើផែនដីមានអ្នកគ្រោងបង្កើត តើបុគ្គលនោះជាអ្នកណា?›។ អ្នកក៏ប្រហែលជាធ្លាប់សួរសំណួរដូចជា៖ ‹បើមានអ្នកគ្រោងបង្កើតដែលមានប្រាជ្ញាហើយប្រកបដោយសេចក្ដីស្រឡាញ់ ហេតុអ្វីលោកអនុញ្ញាតឲ្យយើងរងទុក្ខវេទនា? ហេតុអ្វីបានជាមានសាសនាច្រើនម្ល៉េះ? ហេតុអ្វីលោកអនុញ្ញាតឲ្យអ្នកគោរពប្រណិប័តន៍លោក ធ្វើអំពើអាក្រក់ច្រើនដល់ម្ល៉េះ?›។
វិទ្យាសាស្ត្រមិនអាចផ្ដល់ចម្លើយចំពោះសំណួរទាំងនេះបានឡើយ។ ប៉ុន្តែ នេះមិនមានន័យថាអ្នកមិនអាចរកឃើញចម្លើយដែលសមហេតុផលបាននោះទេ។ តាមពិត មនុស្សជាច្រើនបានរកឃើញចម្លើយដែលធ្វើឲ្យពួកគេស្កប់ចិត្តក្នុងគម្ពីរ។
អ្នកវិទ្យាសាស្ត្រខ្លះបានសិក្សាគម្ពីរ ហើយជឿថាមានអ្នកបង្កើតមែន។ បើអ្នកចង់ដឹងអំពីមូលហេតុដែលពួកគេជឿដូច្នេះ សូមចូលគេហទំព័រjw.org/km។ សូមស្វែងរកវីដេអូតភាគទស្សនៈអំពីដើមកំណើតនៃជីវិត។