លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២២

ចូរបង្ហាញថាអ្នកឲ្យតម្លៃចំពោះអំណោយដែលមើលមិនឃើញ

ចូរបង្ហាញថាអ្នកឲ្យតម្លៃចំពោះអំណោយដែលមើលមិនឃើញ

«​[​ចូរ​]​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វីដែល​យើង​មើល​មិន​ឃើញ . . . ព្រោះ​អ្វីដែល​យើង​មើល​ឃើញ គឺ​គ្រាន់​តែ​បណ្ដោះ​អាសន្ន តែ​អ្វីដែល​យើង​មើល​មិន​ឃើញ នោះ​ស្ថិតស្ថេរ​ជា​រៀង​រហូត​»។—២កូ. ៤:១៨

ចម្រៀង​លេខ​៤៥ ការ​រំពឹង​គិត​ក្នុង​ចិត្ត

សេចក្ដី​សង្ខេប *

១. តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​ទ្រព្យ​សម្បត្តិ​នៅ​ស្ថាន​សួគ៌?

មិន​មែន​អ្វី​ល្អ​ៗ​ទាំង​អស់​អាច​មើល​ឃើញ​ឡើយ។ តាម​ការ​ពិត អ្វី​ដ៏​ល្អ​បំផុត​ដែល​យើង​ទទួល​គឺ​យើង​មើល​មិន​ឃើញ​ទេ។ ក្នុង​សុន្ទរកថា​របស់​លោក​យេស៊ូ​នៅ​លើ​ភ្នំ លោក​បាន​លើក​ឡើង​អំពី​ទ្រព្យ​សម្បត្តិ​នៅ​ស្ថាន​សួគ៌​ដែល​ប្រសើរ​ជាង​ទ្រព្យ​សម្បត្តិ​នៅផែន​ដី។ បន្ទាប់​មក លោក​បាន​បន្ថែម​ថា​៖ ​«​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ​»។ (​ម៉ាថ. ៦:១៩​-​២១​) បើ​យើង​ចាត់​ទុក​ថា​អ្វី​មួយ​មាន​តម្លៃ យើង​នឹង​ស្វែង​រក​អ្វី​នោះ។ យើង​ប្រមូល​«​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ឯ​ស្ថាន​សួគ៌​»​ ដោយ​សាង​កេរ្តិ៍​ឈ្មោះ​ល្អ​នៅ​ចំពោះ​ព្រះ។ លោក​យេស៊ូ​បាន​ពន្យល់​ថា​ច្រែះ​មិន​អាច​ស៊ី​បំផ្លាញ ហើយ​ចោរ​មិន​អាច​ចូល​លួច​ទ្រព្យ​សម្បត្តិ​នេះ​បាន​ឡើយ។

២. (​ក​) យោង​ទៅ​តាម​កូរិនថូស​ទី២ ៤:១៧, ១៨ តើ​ប៉ូល​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

សាវ័ក​ប៉ូល​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វីដែល​យើង​មើល​មិន​ឃើញ​»។ (​សូម​អាន កូរិនថូស​ទី២ ៤:១៧, ១៨) អ្វីដែល​យើង​មើល​មិន​ឃើញ​ទាំង​នេះ រួម​បញ្ចូល​អ្វី​ល្អ​ទាំង​អស់​ដែល​យើង​នឹង​ទទួល​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ។ ប៉ុន្តែ​នៅ​ឥឡូវ​នេះ យើង​អាច​ទទួល​អំណោយ​ដ៏​ពិសេស​បួន​យ៉ាង​ដែល​យើង​មើល​មិន​ឃើញ ពោល​គឺ​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ សេចក្ដី​អធិដ្ឋាន ជំនួយ​ពីស​កម្ម​ពល​បរិសុទ្ធ​របស់​ព្រះ និង​ការ​គាំ​ទ្រ​ពី​ស្ថាន​សួគ៌​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អំណោយ​ដែល​យើង​មើល​មិន​ឃើញ​ទាំង​នេះ និង​របៀប​ដែល​យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ទាំង​នេះ។

មិត្តភាព​ជា​មួយ​ព្រះយេហូវ៉ា

៣. តើ​អំណោយ​ដ៏​វិសេស​បំផុត​គឺ​ជា​អ្វី ហើយ​ហេតុ​អ្វី​យើង​អាច​ទទួល​អំណោយ​នេះ​បាន?

អំណោយ​ដ៏​វិសេស​បំផុត​គឺ​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះយេហូវ៉ា។ (​ទំនុក. ២៥:​១៤​) តើ​ព្រះ​អាច​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​មនុស្ស​ដែល​មាន​ភាព​ខុស​ឆ្គង ហើយ​នៅតែ​រក្សា​ភាព​បរិសុទ្ធ​របស់​លោក​យ៉ាង​ដូច​ម្ដេច​បាន? លោក​អាច​ធ្វើ​ដូច្នេះ ដោយ​សារ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​«​ដក​យក​ភាព​ខុស​ឆ្គង​របស់​ពិភព​លោក​ចេញ​»។ (​យ៉ូន. ១:២៩​) ព្រះយេហូវ៉ា​បាន​ដឹង​ទុក​ជា​មុន​ថា​គោល​បំណង​របស់​លោក​ដើម្បី​សង្គ្រោះ​មនុស្សជាតិ​នឹង​ត្រូវ​សម្រេច។ ហេតុ​នេះ​ហើយ ព្រះ​អាច​ធ្វើ​ជា​មិត្ត​សម្លាញ់​ជា​មួយ​នឹង​មនុស្ស​ដែល​រស់​នៅ​មុន​ពេល​លោក​យេស៊ូ​គ្រិស្ត​ស្លាប់។—រ៉ូម ៣:២៥

៤. តើ​អ្នក​ណា​ខ្លះ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​មុន​សម័យ​លោក​យេស៊ូ?

សូម​គិត​អំពី​បុរស​មួយ​ចំនួន​ដែល​បាន​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​មុន​សម័យ​លោក​យេស៊ូ។ ជា​ឧទាហរណ៍ អាប្រាហាំ​មាន​ជំនឿ​មុត​មាំ។ ជាង​មួយ​ពាន់​ឆ្នាំ​ក្រោយ​ពី​អាប្រាហាំ​បាន​ស្លាប់ ព្រះយេហូវ៉ា​បាន​ហៅ​គាត់​ថា​«​សំឡាញ់​របស់​អញ​»។ (​អេ. ៤១:៨​) នេះ​មាន​ន័យ​ថា​សូម្បីតែ​ពេល​មនុស្ស​ស្លាប់ ក៏​ព្រះយេហូវ៉ា​នៅតែ​ចាត់​ទុក​ពួក​គេ​ថា​ជា​មិត្ត​សម្លាញ់​របស់​លោក។ ចំពោះ​ព្រះយេហូវ៉ា អាប្រាហាំ​នៅតែ​នៅ​រស់។ (​លូក. ២០:៣៧, ៣៨​) មិត្ត​សម្លាញ់​របស់​ព្រះយេហូវ៉ា​ម្នាក់​ទៀត​គឺ​យ៉ូប។ កាល​ដែល​ទេវតា​ទាំង​អស់​ជួប​ជុំ​គ្នា​នៅ​ស្ថាន​សួគ៌ ព្រះយេហូវ៉ា​បាន​និយាយ​ដោយ​មាន​ទំនុក​ចិត្ត​អំពី​យ៉ូប ថា​គាត់​«​ជា​អ្នក​ដែល​គ្រប់​លក្ខណ៍​ហើយ​ទៀង​ត្រង់ ក៏​កោត​ខ្លាច​ដល់​ព្រះ ហើយ​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​ផង​»។ (​យ៉ូប ១:៦​-​៨​) សូម​គិត​អំពី​អារម្មណ៍​របស់​ព្រះយេហូវ៉ា​ចំពោះ​ដានីយ៉ែល។ គាត់​បាន​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់​នៅ​ស្រុក​ដែល​គេ​មិន​គោរព​ប្រណិប័តន៍​ព្រះ​ពិត ប្រហែល​ជា​អស់​រយៈ​ពេល​៨០​ឆ្នាំ។ អស់​បី​ដង ទេវតា​បាន​ពង្រឹង​ទំនុក​ចិត្ត​បុរស​វ័យ​ចាស់​នោះ​ថា​គាត់​ជា​«​មនុស្ស​សំណប់​យ៉ាង​សំខាន់​»​ចំពោះ​ព្រះ។ (​ដាន. ៩:២៣; ១០:១១, ១៩​) យើង​អាច​ប្រាកដ​ថា​ព្រះយេហូវ៉ា​ទន្ទឹង​រង់​ចាំ​ពេល​ដែល​លោក​នឹង​ប្រោស​មិត្ត​សម្លាញ់​របស់​លោក​ដែល​បាន​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។—យ៉ូប ១៤:១៥

តើ​តាម​របៀប​ណា​ខ្លះ​យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​អំណោយ​ដែល​យើង​មើល​មិន​ឃើញ? (​សូម​មើល​វគ្គ​៥​) *

៥. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​មាន​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា?

ចុះ​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ? តើ​មាន​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ប៉ុន្មាន​នាក់​ដែល​ជា​មិត្ត​សម្លាញ់​របស់​ព្រះយេហូវ៉ា? គឺ​មាន​រាប់​លាន​នាក់​ដែល​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ត​ថា​ពួក​គេ​ចង់​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ។ គម្ពីរ​ចែង​ថា​៖ ‹មនុស្ស​ទៀង​ត្រង់ នោះ​ជា​មិត្រ​នឹង›​ព្រះយេហូវ៉ា។ (​សុភ. ៣:៣២​) ពួក​គេ​មាន​ចំណង​មិត្តភាព​នេះ​បាន ដោយ​សារ​ពួក​គេ​មាន​ជំនឿ​លើ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ។ អាស្រ័យ​ហេតុ​នេះ យើង​អាច​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះយេហូវ៉ា ប្រគល់​ខ្លួន​ជូន​លោក ព្រម​ទាំង​ទទួល​ការ​ជ្រមុជ​ទឹក។ ពេល​យើង​ធ្វើ​អ្វី​ដ៏​សំខាន់​ទាំង​នេះ យើង​ចូល​ក្នុង​ក្រុម​គ្រិស្ត​សាសនិក​រាប់​លាន​នាក់​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ និង​ទទួល​ការ​ជ្រមុជ​ទឹក។ យើង​ជា​មិត្ត​នឹង​ព្រះ​ដែល​ជា​បុគ្គល​ដ៏​ឧត្ដម​បំផុត​ក្នុង​សកល​លោក!

៦. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ?

តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ? ដូច​អាប្រាហាំ​និង​យ៉ូប​ជា​មនុស្ស​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អស់​ជាង​១០០​ឆ្នាំ នោះ​យើង​ត្រូវ​រក្សា​ភាព​ស្មោះ​ត្រង់ មិន​ថា​យើង​បម្រើ​ព្រះយេហូវ៉ា​យូរ​យ៉ាង​ណា​ក៏​ដោយ​ក្នុង​របៀប​របប​ពិភព​លោក​នេះ។ ដូច​ដានីយ៉ែល យើង​ត្រូវ​ឲ្យ​តម្លៃ​ចំពោះ​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​ច្រើន​ជាង​ជីវិត។ (​ដាន. ៦:៧, ១០, ១៦, ២២​) ដោយ​មាន​ជំនួយ​ពី​ព្រះយេហូវ៉ា យើង​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក។ យ៉ាង​នេះ យើង​អាច​រក្សា​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។—ភី. ៤:១៣

សេចក្ដី​អធិដ្ឋាន

៧. (​ក​) យោង​ទៅ​តាម​សុភាសិត ១៥:៨ តើ​ព្រះយេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង? (​ខ​) តើ​ព្រះយេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​យ៉ាង​ដូច​ម្ដេច?

អំណោយ​មួយ​ទៀត​ដែល​យើង​មើល​មិន​ឃើញ​គឺ​សេចក្ដី​អធិដ្ឋាន។ តាម​ធម្មតា មិត្ត​សម្លាញ់​ចូល​ចិត្ត​ប្រាប់​គ្នា​ទៅវិញ​ទៅ​មក​អំពី​អារម្មណ៍​និង​គំនិត។ ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះយេហូវ៉ា​ក៏​ដូច​គ្នា​ដែរ។ ព្រះយេហូវ៉ា​ប្រាប់​យើង​អំពី​គំនិត​និង​អារម្មណ៍​របស់​លោក​នៅ​ក្នុង​គម្ពីរ។ យើង​និយាយ​ទៅ​កាន់​លោក​ក្នុង​សេចក្ដី​អធិដ្ឋាន ហើយ​យើង​អាច​ប្រាប់​លោក​អំពី​គំនិត​និង​អារម្មណ៍​កប់​ជ្រៅ​របស់​យើង។ ព្រះយេហូវ៉ា​ពេញ​ចិត្ត​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង។ (​សូម​អាន សុភាសិត ១៥:៨) ក្នុង​នាម​ជា​មិត្ត​ដែល​ស្រឡាញ់​យើង ព្រះយេហូវ៉ា​មិន​គ្រាន់​តែ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​តប​ឆ្លើយ​ដែរ។ ជួន​កាល លោក​តប​ឆ្លើយ​ភ្លាម​ៗ។ នៅ​ពេល​ផ្សេង​ទៀត យើង​ប្រហែល​ជា​ត្រូវ​បន្ត​អធិដ្ឋាន​អំពី​រឿង​ណា​មួយ។ ទោះ​ជា​យ៉ាង​ណា​ក្ដី យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះយេហូវ៉ា​នឹង​តប​ឆ្លើយ​នៅ​ពេល​ត្រឹម​ត្រូវ​និង​តាម​របៀប​ដ៏​ល្អ​បំផុត។ ប៉ុន្តែ ជួន​កាល​ព្រះ​ប្រហែល​ជាត​ប​ឆ្លើយ​ខុស​ពី​អ្វីដែល​យើង​រំពឹង​ទុក។ ជា​ឧទាហរណ៍ ជា​ជាង​បំបាត់​ចោល​ទុក្ខ​លំបាក​ណា​មួយ លោក​ប្រហែល​ជា​ផ្ដល់​ឲ្យ​យើង​នូវ​ប្រាជ្ញា​និង​កម្លាំង​ដើម្បី​យើង​អាច​«​ស៊ូ​ទ្រាំ​»។—១កូ. ១០:១៣

(​សូម​មើល​វគ្គ​៨​) *

៨. តើ​យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​អធិដ្ឋាន​យ៉ាង​ដូច​ម្ដេច?

តើ​យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​អំណោយ​ដ៏​វិសេស​នេះ​យ៉ាង​ដូច​ម្ដេច? របៀប​មួយ​គឺ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​ដែល​ឲ្យ​«​អធិដ្ឋាន​ឥត​ឈប់​»។ (​១ថែ. ៥:១៧​) ព្រះ​យេហូវ៉ា​គោរព​សិទ្ធិ​សេរី​ភាព​របស់​យើង ដោយ​មិន​បង្ខំ​យើង​ឲ្យ​អធិដ្ឋាន​ទេ តែ​លោក​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​តស៊ូ​ក្នុង​ការ​អធិដ្ឋាន​»។ (​រ៉ូម ១២:១២​) ដូច្នេះ យើង​អាច​បង្ហាញ​ចិត្ត​កតញ្ញូ​របស់​យើង​ដោយ​អធិដ្ឋាន​រាល់​ថ្ងៃ​ជា​រឿយ​ៗ។ ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​យើង យើង​គួរ​រួម​បញ្ចូល​ពាក្យ​ថ្លែង​អំណរ​គុណ​និង​ពាក្យ​សរសើរ​តម្កើង​ចំពោះ​ព្រះយេហូវ៉ា។—ទំនុក. ១៤៥:២, ៣

៩. តើ​បង​ប្រុស​ម្នាក់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​សេចក្ដី​អធិដ្ឋាន ហើយ​ចុះ​យ៉ាង​ណា​អ្នក​វិញ?

ពេល​យើង​បម្រើ​ព្រះយេហូវ៉ា​កាន់​តែ​យូរ ហើយ​មាន​បទ​ពិសោធន៍​កាន់​តែ​ច្រើន​អំពី​របៀប​ដែល​លោក​តប​ឆ្លើយ​ចំពោះ​សំណូម​ពរ​របស់​យើង នោះ​យើង​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​អធិដ្ឋាន។ ជា​ឧទាហរណ៍ សូម​គិត​អំពី​គំរូ​របស់​បង​ប្រុស​គ្រីស​ដែល​បម្រើ​ពេញ​ពេល​អស់​រយៈ​ពេល​៤៧​ឆ្នាំ​មក​ហើយ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​ក្រោក​ពី​ព្រលឹម​ដើម្បី​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ ខ្ញុំ​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ​ដោយ​អធិដ្ឋាន​យ៉ាង​យូរ​ទៅ​ព្រះ​យេហូវ៉ា កាល​ដែល​ថ្ងៃ​កំពុង​រះ ហើយ​អ្វី​ៗ​ទាំង​អស់​មាន​ភាព​ស្រស់​បំព្រង! នេះ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​អរគុណ​លោក​ចំពោះ​អំណោយ​ទាំង​អស់​ពី​លោក រួម​បញ្ចូល​ឯកសិទ្ធិ​អធិដ្ឋាន។ ខ្ញុំ​ក៏​អធិដ្ឋាន​មុន​ចូល​គេង ហើយ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​គេង​ដោយ​មាន​អារម្មណ៍​ស្រួល​និង​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​»។

សកម្មពល​បរិសុទ្ធ

១០. ហេតុ​អ្វី​យើង​គួរ​ឲ្យ​តម្លៃ​ចំពោះ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ?

១០ អំណោយ​មួយ​ទៀត​ដែល​យើង​គួរ​ឲ្យ​តម្លៃ​គឺ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ លោក​យេស៊ូ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បន្ត​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ។ (​លូក. ១១:៩, ១៣​) ព្រះ​យេហូវ៉ា​ប្រើស​កម្ម​ពល​របស់​លោក ដើម្បី​ផ្ដល់​ឲ្យ​យើង​នូវ​«​ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​»។ (​២កូ. ៤:៧; សកម្ម. ១:៨​) ដោយ​មាន​ជំនួយ​ពីស​កម្ម​ពល​របស់​ព្រះ យើង​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដែល​យើង​ជួប​ប្រទះ។

(​សូម​មើល​វគ្គ​១១​) *

១១. តើ​សកម្មពល​បរិសុទ្ធ​អាច​ជួយ​យើង​តាម​របៀប​ណា?

១១ សកម្មពល​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​បំពេញ​ភារកិច្ច​របស់​យើង​ក្នុង​កិច្ច​បម្រើ​ព្រះ។ សកម្មពល​របស់​ព្រះ​ក៏​អាច​បង្កើន​សមត្ថភាព​និង​ទេព​កោសល្យ​របស់​យើង​ដែរ។ យើង​ដឹង​ថា​យើង​អាច​ទទួល​លទ្ធផល​ល្អ​ក្នុង​កិច្ច​បម្រើ​ព្រះ គឺ​ដោយ​សារ​តែ​សកម្មពល​របស់​ព្រះ​ជួយ​យើង។

១២. យោង​ទៅ​តាម​ទំនុក​តម្កើង ១៣៩:២៣, ២៤ តើ​យើង​អាច​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី?

១២ របៀប​មួយ​ទៀត​ដែល​យើង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ គឺ​ដោយ​អធិដ្ឋាន​សុំ​ព្រះយេហូវ៉ា​ជួយ​យើង​ឲ្យ​រក​ឃើញ​ចិត្ត​គំនិត​ឬ​បំណង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​របស់​យើង។ (​សូម​អាន ទំនុក​តម្កើង ១៣៩:២៣, ២៤) បើ​យើង​អធិដ្ឋាន​សុំ​បែប​នេះ នោះ​តាម​រយៈ​សកម្មពល​របស់​លោក ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​យើង​ដឹង​អំពី​គំនិត​និង​បំណង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​របស់​យើង។ បើ​យើង​ដឹង​ថា​យើង​មាន​គំនិត​ឬ​បំណង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ យើង​គួរ​សុំ​ព្រះ​ផ្ដល់​សកម្មពល​របស់​លោក​ឲ្យ​យើង​មាន​កម្លាំង​ទប់​ទល់​បាន។ យ៉ាង​នេះ យើង​បង្ហាញ​ថា​យើង​តាំង​ចិត្ត​ជៀស​វាង​ពី​ការ​ធ្វើ​អ្វី​ណា​ក៏​ដោយ ដែល​អាច​បណ្ដាល​ឲ្យ​ព្រះយេហូវ៉ា​ឈប់​ផ្ដល់​សកម្មពល​បរិសុទ្ធ​ឲ្យ​យើង។—អេភ. ៤:៣០

១៣. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​សកម្មពល​បរិសុទ្ធ?

១៣ ពេល​យើង​គិត​អំពី​អ្វីដែល​សកម្មពល​បរិសុទ្ធ​កំពុង​សម្រេច​នៅ​សម័យ​យើង​នេះ យើង​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​សកម្មពល​នោះ។ មុន​លោក​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌ លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធានុភាព កាល​ដែល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ . . . រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅផែន​ដី​»។ (​សកម្ម. ១:៨​) ពាក្យ​ទាំង​នេះ​កំពុង​សម្រេច​នៅ​សព្វ​ថ្ងៃ​នេះ។ ដោយ​មាន​ជំនួយ​ពីស​កម្ម​ពល​បរិសុទ្ធ មនុស្ស​ជាង​៨​លាន​៥​សែន​នាក់​ដែល​មក​ពី​ទូ​ទាំង​ពិភព​លោក​បាន​ទៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះយេហូវ៉ា។ មួយ​វិញ​ទៀត ក្នុង​នាម​ជា​រាស្ត្រ​របស់​ព្រះ យើង​មាន​សាមគ្គី​ភាព​ជា​បង​ប្អូន​រួម​ជំនឿ ពី​ព្រោះ​សកម្មពល​របស់​ព្រះ​ជួយ​យើង​ឲ្យ​មាន​គុណ​សម្បត្តិ​ផ្សេង​ៗ​ដូច​ជា​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត ចិត្ត​ធ្ងន់ សេចក្ដី​សប្បុរស គុណធម៌ ជំនឿ ចិត្ត​ស្លូត​បូត និង​ការ​ចេះ​ទប់​ចិត្ត។ គុណ​សម្បត្តិ​ទាំង​នេះ​ជា​លក្ខណៈ​នៃ​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​»។ (​កាឡ. ៥:២២, ២៣​) សកម្មពល​បរិសុទ្ធ​គឺ​ជា​អំណោយ​ដ៏​វិសេស​វិសាល​មែន!

ការ​គាំ​ទ្រ​ពី​ស្ថាន​សួគ៌​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង

១៤. តើ​យើង​មាន​ការ​គាំ​ទ្រ​ពី​អ្នក​ណា​ខ្លះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

១៤ យើង​មាន​ឯកសិទ្ធិ​«​រួម​ធ្វើ​ការ​ជា​មួយ​នឹង​»​ព្រះយេហូវ៉ា លោក​យេស៊ូ និង​ពួក​ទេវតា។ (​២កូ. ៦:១​) យើង​រួម​ធ្វើ​ការ​ជា​មួយ​នឹង​បុគ្គល​ទាំង​នោះ ពេល​យើង​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ប៉ូល​បាន​និយាយ​អំពី​ខ្លួន​គាត់​និង​អ្នក​ឯ​ទៀត​ដែល​រួម​ចំណែក​ក្នុង​កិច្ច​ការ​នេះ​ថា​៖ ​«​យើង​ជា​អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​ព្រះ​»។ (​១កូ. ៣:៩​) ពេល​យើង​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ យើង​ក៏​ជា​អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​លោក​យេស៊ូ។ ហេតុ​អ្វី? ពី​ព្រោះ​ក្រោយ​ពី​លោក​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​លោក​ឲ្យ​«​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​»​ នោះ​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​»។ (​ម៉ាថ. ២៨:១៩, ២០​) ចុះ​យ៉ាង​ណា​ពួក​ទេវតា? ពួក​ទេវតា​ណែនាំ​យើង​ពេល​យើង​ប្រាប់​អំពី​«​ដំណឹង​ល្អ​ដែល​ស្ថិត​ស្ថេរ​ជា​និរន្តរ៍ . . . ដល់​អស់​អ្នក​ដែល​អាស្រ័យ​នៅផែន​ដី​»​ នេះ​នាំ​ឲ្យ​យើង​សប្បាយ​ចិត្ត​មែន!—បប. ១៤:៦

១៥. សូម​លើក​ឧទាហរណ៍​មួយ​ពី​គម្ពីរ​ដែល​បង្ហាញ​ថា​ព្រះយេហូវ៉ា​មាន​ចំណែក​ដ៏​សំខាន់​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។

១៥ ដោយ​មាន​ការ​គាំ​ទ្រ​ទាំង​នេះ​ពី​ស្ថាន​សួគ៌ តើ​យើង​អាច​សម្រេច​អ្វី​ខ្លះ? កាល​ដែល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ មនុស្ស​ខ្លះ​ចង់​ស្ដាប់ ហើយ​រីក​ចម្រើន។ (​ម៉ាថ. ១៣:១៨, ២៣​) ហេតុ​អ្វី​បុគ្គល​នោះ​បើក​ចិត្ត​ទទួល​យក​ដំណឹង​ល្អ​អំពី​រាជាណាចក្រ ហើយ​រីក​ចម្រើន? លោក​យេស៊ូ​ពន្យល់​ថា គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ទៅ​ជា​អ្នក​កាន់​តាម​លោក​បាន​ឡើយ លុះ​ត្រា​តែ​«​អ្នក​នោះ​បាន​ត្រូវ​ទាញ​នាំ​មក​ដោយ​បិតា​នៅ​ស្ថាន​សួគ៌​»។ (​យ៉ូន. ៦:៤៤​) សូម​គិត​អំពី​ឧទាហរណ៍​មួយ​ក្នុង​គម្ពីរ​ស្ដី​អំពី​រឿង​នេះ។ មាន​ពេល​មួយ​ប៉ូល​បាន​ផ្សព្វ​ផ្សាយ​ដល់​ស្ត្រី​មួយ​ក្រុម​នៅ​ខាង​ក្រៅ​ក្រុង​ភីលីព។ សូម​កត់​សម្គាល់​អ្វីដែល​គម្ពីរ​ចែង​អំពី​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ដែល​មាន​ឈ្មោះ​លីឌា ថា​៖ ​«​ព្រះយេហូវ៉ា​បាន​បើក​ចិត្ត​នាង​ទាំង​ស្រុង​ឲ្យ​ទទួល​យក​អ្វីដែល​ប៉ូល​កំពុង​និយាយ​»។ (​សកម្ម. ១៦:១៣​-​១៥​) ដូច​លីឌា ព្រះយេហូវ៉ា​ក៏​បាន​ទាញ​នាំ​មនុស្ស​រាប់​លាន​នាក់​ដែរ។

១៦. តើ​អ្នក​ណា​សម​នឹង​ទទួល​សេចក្ដី​សរសើរ​ចំពោះ​លទ្ធផល​ល្អ​ដែល​យើង​ទទួល​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

១៦ តើ​អ្នក​ណា​សម​នឹង​ទទួល​សេចក្ដី​សរសើរ​ចំពោះ​លទ្ធផល​ល្អ​ក្នុង​កិច្ច​បម្រើ​ផ្សាយ? ប៉ូល​បាន​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​នេះ ពេល​ដែល​គាត់​បាន​សរសេរ​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ក្រុង​កូរិនថូស​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​ដាំ អាប៉ូឡុស​ជា​អ្នក​ស្រោច តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ដុះ​លូត​លាស់ ដូច្នេះ អ្នក​ដាំ​និង​អ្នក​ស្រោច​មិន​មែន​ជា​អ្នក​ដែល​សំខាន់​ទេ គឺ​ព្រះ​វិញ​ដែល​ធ្វើ​ឲ្យ​ដុះ​ឡើង​»។ (​១កូ. ៣:៦, ៧​) ដូច​ប៉ូល យើង​គួរ​ផ្ដល់​សេចក្ដី​សរសើរ​ដល់​ព្រះយេហូវ៉ា​ជា​និច្ច​ចំពោះ​លទ្ធផល​ល្អ​ដែល​យើង​ទទួល​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

១៧. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ការ​«​រួម​ធ្វើ​ការ​»​ជា​មួយ​នឹង​ព្រះ គ្រិស្ត​យេស៊ូ និង​ពួក​ទេវតា?

១៧ តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​​«​រួម​ធ្វើ​ការ​»​ជា​មួយ​នឹង​ព្រះ គ្រិស្ត​យេស៊ូ និង​ពួក​ទេវតា? គឺ​ដោយ​ខំ​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត​ឲ្យ​អស់​ពី​សមត្ថភាព​តាម​របៀប​ផ្សេង​ៗ ដូច​ជា​ផ្សព្វ​ផ្សាយ​«​ជា​សាធារណៈ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​»។ (​សកម្ម. ២០:២០​) បង​ប្អូន​ជា​ច្រើន​នាក់​ក៏​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​ដែរ។ ពេល​ពួក​គេ​ជួប​បុគ្គល​ណា​ម្នាក់ ពួក​គេ​សួរ​សុខ​ទុក្ខ​គាត់​ដោយ​រាក់​ទាក់ ហើយ​ព្យាយាម​បន្ត​ការ​សន្ទនា។ បើ​បុគ្គល​នោះ​តប​ឆ្លើយ បង​ប្អូន​យើង​ខំ​រក​ឱកាស​ដើម្បី​ប្រាប់​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។

(​សូម​មើល​វគ្គ​១៨​) *

១៨​-​១៩. (​ក​) តើ​យើង​ស្រោច​ទឹក​លើ​គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច? (​ខ​) សូម​លើក​ឧទាហរណ៍​អំពី​របៀប​ដែល​ព្រះយេហូវ៉ា​បាន​ជួយ​សិស្ស​គម្ពីរ​ម្នាក់។

១៨ ក្នុង​នាម​ជា​«​អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​ព្រះ​»​ យើង​មិន​គ្រាន់​តែ​ត្រូវ​សាប​ព្រោះ​គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ស្រោច​ទឹក​ដែរ។ ពេល​បុគ្គល​ណា​ម្នាក់​ចាប់​អារម្មណ៍ យើង​ចង់​ជួប​គាត់​ម្ដង​ទៀត ឬ​ឲ្យ​អ្នក​ផ្សេង​ត្រឡប់​ទៅ​ជួប​បុគ្គល​នោះ​ដោយ​មាន​គោល​ដៅ​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ យើង​ពិត​ជា​សប្បាយ​ណាស់​ពេល​យើង​ឃើញ​ព្រះយេហូវ៉ា​កំពុង​ជួយ​សិស្ស​គម្ពីរ​ឲ្យ​កែ​ប្រែ​របៀប​គិត​គូរ​និង​អារម្មណ៍​របស់​គាត់។

១៩ សូម​គិត​អំពី​គំរូ​របស់​បង​ប្រុស​ម្នាក់​ដែល​ធ្លាប់​ជា​គ្រូ​មន្ត​អាគម​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ គាត់​ចូល​ចិត្ត​អ្វីដែល​គាត់​រៀន​ពី​គម្ពីរ​ខ្លាំង​ណាស់។ ប៉ុន្តែ​គាត់​ពិបាក​ទទួល​យក​អ្វីដែល​គម្ពីរ​ចែង​អំពី​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​ដូន​តា​ដែល​បាន​ស្លាប់។ (​ចោ. ១៨:១០​-​១២​) បន្តិច​ម្ដង​ៗ គាត់​បាន​អនុញ្ញាត​ឲ្យ​ព្រះ​កែ​ប្រែ​របៀប​គិត​គូរ​របស់​គាត់។ ក្រោយ​មក គាត់​ឈប់​ធ្វើ​គ្រូ​មន្តអាគម ទោះ​ជា​នេះ​ជា​ការ​ងារ​តែ​មួយ​គត់​របស់​គាត់​ក្ដី។ ឥឡូវ​បង​ប្រុស​នេះ​មាន​អាយុ​៦០​ឆ្នាំ ហើយ​គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​អរគុណ​សាក្សី​ព្រះយេហូវ៉ា​ដែល​បាន​ជួយ​ខ្ញុំ​តាម​របៀប​ផ្សេង​ៗ​ដូច​ជា ជួយ​ខ្ញុំ​ឲ្យ​រក​ការ​ងារ​ធ្វើ។ ខ្ញុំ​អរគុណ​ព្រះយេហូវ៉ា​ខ្លាំង​ជាង​គេ ដោយ​សារ​លោក​បាន​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត ដូច្នេះ​ឥឡូវ​ខ្ញុំ​អាច​ផ្សព្វ​ផ្សាយ​ជា​សាក្សីដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​»។

២០. តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

២០ ក្នុង​អត្ថបទ​នេះ យើង​បាន​ពិចារណា​អំពី​អំណោយ​បួន​ដែល​យើង​មើល​មិន​ឃើញ។ អំណោយ​ដ៏​អស្ចារ្យ​បំផុត​គឺ​ការ​មាន​ព្រះយេហូវ៉ា​ជា​មិត្ត​ជិត​ស្និទ្ធ​ជាង​គេ។ នេះ​បើក​ឱកាស​ឲ្យ​យើង​ទទួល​អំណោយ​ផ្សេង​ទៀត​ដែល​យើង​មើល​មិន​ឃើញ​ពោល​គឺ អធិដ្ឋាន​ទៅ​លោក ទទួល​ជំនួយ​ពីស​កម្ម​ពល​បរិសុទ្ធ​របស់​លោក និង​ការ​គាំ​ទ្រ​ពី​ស្ថាន​សួគ៌​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។ សូម​យើង​តាំង​ចិត្ត​ឲ្យ​តម្លៃ​កាន់​តែ​ខ្លាំង​ចំពោះ​អំណោយ​ទាំង​នេះ។ យើង​តែង​តែ​ចង់​អរគុណ​ព្រះយេហូវ៉ា​ដែល​លោក​ធ្វើ​ជា​មិត្ត​ដ៏​អស្ចារ្យ​របស់​យើង។

ចម្រៀង​លេខ​១៤៥ សេចក្ដី​សន្យា​របស់​ព្រះ​អំពី​សួន​ឧទ្យាន

^ វគ្គ 5 ក្នុងអត្ថបទមុន យើងបានពិចារណាអំពីអំណោយមួយចំនួនពីព្រះដែលយើងមើលឃើញ។ ក្នុងអត្ថបទនេះ យើងនឹងផ្ដោតអារម្មណ៍ទៅលើអំណោយដែលយើងមើលមិនឃើញ ហើយអំពីរបៀបដែលយើងអាចបង្ហាញថាយើងឲ្យតម្លៃចំពោះអំណោយទាំងនោះ។ អត្ថបទនេះក៏នឹងជួយយើងឲ្យមានចិត្តកតញ្ញូកាន់តែខ្លាំងចំពោះព្រះយេហូវ៉ាដែលជាអ្នកឲ្យអំណោយដ៏ថ្លៃវិសេសនោះ។

^ វគ្គ 58 ការពណ៌នាអំពីរូបភាព: (​១​) កាល​ដែល​បង​ស្រី​ម្នាក់​កំពុង​មើល​អ្វី​ៗ​ដែល​ព្រះយេហូវ៉ា​បាន​បង្កើត គាត់​រំពឹង​គិត​អំពី​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​លោក។

^ វគ្គ 60 ការពណ៌នាអំពីរូបភាព: (​២​) បង​ស្រី​នោះ​សុំ​ព្រះយេហូវ៉ា​ផ្ដល់​កម្លាំង​ឲ្យ​គាត់​ដើម្បី​ផ្សព្វ​ផ្សាយ។

^ វគ្គ 62 ការពណ៌នាអំពីរូបភាព: (​៣​) សកម្មពល​បរិសុទ្ធ​ជួយ​បង​ស្រី​នោះ​ឲ្យ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​អំពី​ដំណឹង​រាជាណាចក្រ​ព្រះ។

^ វគ្គ 64 ការពណ៌នាអំពីរូបភាព: (​៤​) បង​ស្រី​នោះ​បង្រៀន​គម្ពីរ​ដល់​បុគ្គល​ដែល​គាត់​បាន​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ បង​ស្រី​នោះ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក ដោយ​មាន​ជំនួយ​ពី​ពួក​ទេវតា។