លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​គម្ពីរ​នៅ​តែ​កែ​ប្រែ​ជីវិត​របស់​អ្នក​ឬ​ទេ?

តើ​គម្ពីរ​នៅ​តែ​កែ​ប្រែ​ជីវិត​របស់​អ្នក​ឬ​ទេ?

​«​ចូរ​ទទួល​ការ​កែ​ប្រែ​ទាំង​ស្រុង ដោយ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​អ្នក​រាល់​គ្នា​»។—រ៉ូម ១២:២

ចម្រៀង​លេខ: ២៩, ៥២

១​-​៣​. (​ក​) ក្រោយ​ទទួល​ការ​ជ្រមុជ​ទឹក តើ​យើង​ប្រហែល​ជា​ពិបាក​ធ្វើ​ការ​កែ​ប្រែ​អ្វី​ខ្លះ? (​ខ​) ពេល​ការ​ជឿន​ទៅ​មុខ​គឺ​ពិបាក​ជាង​អ្វី​ដែល​យើង​បាន​រំពឹង​ទុក តើ​យើង​ប្រហែល​ជា​ឆ្ងល់​អំពី​សំណួរ​អ្វី​ខ្លះ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

អស់​ជា​ច្រើន​ឆ្នាំ បង​ប្រុស​ខេវិន​បាន​លេង​ល្បែង​ស៊ីសង ជក់​បារី ប្រមឹក​ស្រា និង​ប្រើ​គ្រឿង​ញៀន។ [១] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​) ក្រោយ​មក គាត់​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា ហើយ​ចង់​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​លោក។ ប៉ុន្ដែ ដើម្បី​ធ្វើ​ដូច្នេះ គាត់​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ដ៏​ធំ​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​គាត់។ គាត់​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​សារ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​និង​ឫទ្ធានុភាព​នៃ​បណ្ដាំ​របស់​លោក ពោល​គឺ​គម្ពីរ។—ហេប្រឺ ៤:១២

បន្ទាប់​ពី​បង​ខេវិន​បាន​ទទួល​ការ​ជ្រមុជ​ទឹក គាត់​នៅ​តែ​ត្រូវ​កែ​ប្រែ​បុគ្គលិក​លក្ខណៈ​របស់​គាត់​ដើម្បី​ក្លាយ​ទៅ​ជា​គ្រិស្ដ​សាសនិក​កាន់​តែ​ល្អ​ប្រសើរ។ (​អេភេសូរ ៤:៣១, ៣២​) ជា​ឧទាហរណ៍ គាត់​ធ្លាប់​ជា​មនុស្ស​ឆាប់​ខឹង។ គាត់​ភ្ញាក់​ផ្អើល​ពេល​គាត់​ឃើញ​ថា​ការ​រៀន​ឲ្យ​ចេះ​ទប់​កំហឹង​គឺ​ជា​អ្វី​ដែល​ពិបាក​ណាស់។ តាម​ពិត បង​ខេវិន​បាន​និយាយ​ថា​ការ​រៀន​ឲ្យ​ចេះ​ទប់​កំហឹង​របស់​ខ្លួន​គឺ​ពិបាក​ជាង​ការ​ឈប់​ធ្វើ​អ្វី​ដ៏​អាក្រក់​ដែល​គាត់​បាន​ធ្វើ​មុន​គាត់​ទទួល​ការ​ជ្រមុជ​ទឹក​ទៅ​ទៀត! ប៉ុន្ដែ គាត់​អាច​ធ្វើ​ការ​កែ​ប្រែ​ផ្សេង​ៗ​បាន​ដោយ​សារ​គាត់​បាន​អធិដ្ឋាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​គាត់ និង​ដោយ​សារ​គាត់​បាន​សិក្សា​គម្ពីរ​យ៉ាង​យក​ចិត្ដ​ទុក​ដាក់។

មុន​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក យើង​ជា​ច្រើន​នាក់​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ដ៏​ធំ​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​យើង​ដើម្បី​មាន​របៀប​រស់​នៅ​សម​ស្រប​តាម​គម្ពីរ។ ប៉ុន្ដែ​សូម្បី​តែ​នៅ​ឥឡូវ​នេះ យើង​ទទួល​ស្គាល់​ថា​យើង​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​តូច​ៗ​ដើម្បី​ឲ្យ​យើង​កាន់​តែ​ដូច​ព្រះ​និង​គ្រិស្ដ។ (​អេភេសូរ ៥:១, ២; ពេត្រុស​ទី១ ២:២១​) ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​កត់​សម្គាល់​ថា​យើង​ពូកែ​ត្អូញត្អែរ ឬ​ថា​យើង​ច្រើន​តែ​និយាយ​ដើម​គេ។ ឬ​ក៏​ជួន​កាល​យើង​ប្រហែល​ជា​គិត​អំពី​ទស្សនៈ​និង​ពាក្យ​សម្ដី​របស់​អ្នក​ឯ​ទៀត​ខ្លាំង​ដល់​ម៉្លេះ​បាន​ជា​យើង​មិន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ យើង​ប្រហែល​ជា​ព្យាយាម​ធ្វើ​ការ​កែ​ប្រែ​ផ្សេង​ៗ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ប៉ុន្ដែ​យើង​នៅ​តែ​បន្ដ​ធ្វើ​ខុស​ដដែល​ៗ។ ដូច្នេះ យើង​ប្រហែល​ជា​ឆ្ងល់​ថា ‹ហេតុ​អ្វី​ការ​កែ​ប្រែ​តូច​ៗ​បែប​នេះ​ពិបាក​ធ្វើ​ម៉្លេះ? តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ ជា​ប្រយោជន៍​ឲ្យ​ខ្ញុំ​អាច​បន្ដ​ធ្វើ​ឲ្យ​បុគ្គលិក​លក្ខណៈ​របស់​ខ្ញុំ​កាន់​តែ​ប្រសើរ​ឡើង?›។

អ្នក​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ

៤​. ហេតុ​អ្វី​យើង​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​ចំពោះ​ការ​ប្រព្រឹត្ដ​ទាំង​អស់​របស់​យើង?

យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​យើង​ពិត​ជា​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ដ។ ប៉ុន្ដែ គួរ​ឲ្យ​ស្តាយ​ណាស់ យើង​មិន​អាច​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ដ​គ្រប់​ពេល​វេលា​បាន​ទេ ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ យើង​ច្រើន​តែ​មាន​អារម្មណ៍​ដូច​សាវ័ក​ប៉ូល​ដែល​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​សមត្ថភាព​ប៉ង​ប្រាថ្នា ប៉ុន្ដែ​គ្មាន​សមត្ថភាព​ធ្វើ​ការ​ល្អ​ប្រសើរ​ឡើយ​»។—រ៉ូម ៧:១៨; យ៉ាកុប ៣:២

៥​. មុន​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក តើ​យើង​បាន​ធ្វើ​ការ​កែ​ប្រែ​អ្វី​ខ្លះ ប៉ុន្ដែ​តើ​យើង​ប្រហែល​ជា​នៅ​តែ​តយុទ្ធ​នឹង​ភាព​ទន់​ខ្សោយ​ណា​ខ្លះ?

មុន​យើង​អាច​ធ្វើ​ជា​សមាជិក​ក្រុម​ជំនុំ យើង​ត្រូវ​ឈប់​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់។ (​កូរិនថូស​ទី១ ៦:៩, ១០​) ក៏​ប៉ុន្ដែ យើង​នៅ​តែ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ (​កូឡុស ៣:៩, ១០​) ដូច្នេះ យើង​បន្ដ​ធ្វើ​ខុស ទោះ​ជា​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ។ ម្ដង​ម្កាល យើង​ប្រហែល​ជា​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​និង​អារម្មណ៍​មិន​ត្រឹម​ត្រូវ ឬ​យើង​ប្រហែល​ជា​ពិបាក​គ្រប់​គ្រង​ភាព​ទន់​ខ្សោយ​ក្នុង​បុគ្គលិក​លក្ខណៈ​របស់​យើង។ តាម​ការ​ពិត យើង​ប្រហែល​ជា​ត្រូវ​តយុទ្ធ​នឹង​ភាព​ទន់​ខ្សោយ​ដដែល​ៗ​អស់​ជា​ច្រើន​ឆ្នាំ។

៦, ៧​. (​ក​) ទោះ​ជា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី តើ​អ្វី​បាន​បើក​ឱកាស​ឲ្យ​យើង​អាច​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា? (​ខ​) ហេតុ​អ្វី​យើង​មិន​គួរ​ស្ទាក់​ស្ទើរ​សុំ​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា?

ទោះ​ជា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី យើង​នៅ​តែ​អាច​មាន​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​បម្រើ​លោក។ ចូរ​នឹក​ចាំ​ជា​និច្ច​អំពី​របៀប​ដែល​អ្នក​បាន​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​នៅ​ដើម​ដំបូង។ លោក​គឺ​ជា​បុគ្គល​ដែល​បាន​ឃើញ​លក្ខណៈ​ល្អ​របស់​អ្នក ហើយ​ចង់​ឲ្យ​អ្នក​ស្គាល់​លោក។ (​យ៉ូហាន ៦:៤៤​) លោក​ក៏​ដឹង​ថា​អ្នក​មាន​កំហុស​និង​ភាព​ទន់​ខ្សោយ ហើយ​ថា​អ្នក​នឹង​ធ្វើ​ខុស។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​នៅ​តែ​ចង់​ឲ្យ​អ្នក​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​លោក។

ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ខ្លាំង​ដល់​ម៉្លេះ​បាន​ជា​លោក​បាន​ផ្ដល់​ឲ្យ​យើង​នូវ​អំណោយ​ដ៏​វិសេស​មួយ។ លោក​បាន​បញ្ជូន​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក​ឲ្យ​មក​ផែន​ដី​ដើម្បី​ផ្ដល់​ជីវិត​ជា​ថ្លៃ​លោះ​សម្រាប់​ភាព​ខុស​ឆ្គង​របស់​យើង។ (​យ៉ូហាន ៣:១៦​) ពេល​យើង​ធ្វើ​ខុស យើង​អាច​សុំ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង។ ម្យ៉ាង​ទៀត ដោយ​សារ​ថ្លៃ​លោះ យើង​អាច​ប្រាកដ​ថា​លោក​នឹង​អភ័យ​ទោស​ឲ្យ​យើង ហើយ​ថា​យើង​នៅ​តែ​ជា​មិត្ដ​សម្លាញ់​របស់​លោក។ (​រ៉ូម ៧:២៤, ២៥; យ៉ូហាន​ទី១ ២:១, ២​) សូម​ចាំ​ថា លោក​យេស៊ូ​បាន​ស្លាប់​ដើម្បី​ពួក​អ្នក​ធ្វើ​ខុស​ដែល​ប្រែ​ចិត្ដ។ ដូច្នេះ ទោះ​ជា​យើង​មាន​អារម្មណ៍​ថា​អ្វី​ដែល​យើង​បាន​ធ្វើ​គឺអាក្រក់​ណាស់​ក៏​ដោយ យើង​មិន​ត្រូវ​ឈប់​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​សុំ​ការ​អភ័យ​ទោស​ឡើយ។ បើ​យើង​មិន​សុំ​លោក​អភ័យ​ទោស​ឲ្យ​យើង​ទេ នេះ​ប្រៀប​ដូច​ជា​យើង​មិន​ព្រម​លាង​សម្អាត​ដៃ​របស់​យើង​ពេល​វា​កខ្វក់។ យើង​មាន​ចិត្ដ​កតញ្ញូ​យ៉ាង​ខ្លាំង​ដែល​ព្រះ​យេហូវ៉ា​បាន​បើក​ឱកាស​ឲ្យ​យើង​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​លោក​ទោះ​ជា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ!—សូម​អាន ធីម៉ូថេ​ទី១ ១:១៥

បើ​យើង​ចង់​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា យើង​ត្រូវ​បន្ដ​ព្យាយាម​យក​តម្រាប់​លោក​និង​បុត្រ​របស់​លោក

៨​. ហេតុ​អ្វី​យើង​គួរ​ទទួល​ស្គាល់​ភាព​ទន់​ខ្សោយ​របស់​យើង?

យើង​មិន​អាច​បន្ដ​រក​លេស​ឬ​មិន​ព្រម​ទទួល​ស្គាល់​ថា​យើង​មាន​ភាព​ទន់​ខ្សោយ​ទេ។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​យើង​ថា​លោក​ចង់​ឲ្យ​មនុស្ស​បែប​ណា​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​លោក។ (​ទំនុក​តម្កើង ១៥:១​-​៥​) ដូច្នេះ បើ​យើង​ចង់​ចូល​កាន់​តែ​ជិត​លោក យើង​ត្រូវ​បន្ដ​ព្យាយាម​យក​តម្រាប់​លោក​និង​បុត្រ​របស់​លោក។ យើង​ក៏​ត្រូវ​ព្យាយាម​គ្រប់​គ្រង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​របស់​យើង ហើយ​យើង​ប្រហែល​ជា​អាច​បំបាត់​សេចក្ដី​ប៉ង​ប្រាថ្នា​ទាំង​នោះ​ខ្លះ។ ទោះ​ជា​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​យូរ​ប៉ុណ្ណា​ក៏​ដោយ យើង​ត្រូវ​បន្ដ​ធ្វើ​ឲ្យ​បុគ្គលិក​លក្ខណៈ​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង។—កូរិនថូស​ទី២ ១៣:១១

៩​. ហេតុ​អ្វី​យើង​ដឹង​ថា​យើង​អាច​បន្ដ​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី?

សាវ័ក​ប៉ូល​បាន​ប្រាប់​គ្រិស្ដ​សាសនិក​ថា​៖ ​«​ចូរ​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់​និង​ការ​ប្រព្រឹត្ដ​របស់​វា រួច​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី ដែល​កំពុង​ត្រូវ​កែ​ប្រែ​ឲ្យ​ថ្មី​ឡើង​តាម​រយៈ​ចំណេះ​ត្រឹម​ត្រូវ ស្រប​តាម​លក្ខណៈ​របស់​លោក​ដែល​បាន​បង្កើត​បុគ្គលិក​លក្ខណៈ​ថ្មី​នោះ​»។ (​កូឡុស ៣:៩, ១០​) ពាក្យ​«​កំពុង​ត្រូវ​កែ​ប្រែ​ឲ្យ​ថ្មី​ឡើង​»​បញ្ជាក់​ថា​ការ​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី​គឺ​ជា​អ្វី​ដែល​ត្រូវ​បន្ដ​ធ្វើ​ជា​និច្ច។ ដូច្នេះ ទោះ​ជា​យើង​បាន​បម្រើ​ព្រះ​យេហូវ៉ា​យូរ​យ៉ាង​ណា​ក៏​ដោយ យើង​តែង​តែ​អាច​រៀន​ថែម​ទៀត​អំពី​គុណ​សម្បត្ដិ​របស់​លោក។ ម្យ៉ាង​ទៀត គម្ពីរ​អាច​ជួយ​យើង​ឲ្យ​បន្ដ​កែ​ប្រែ​បុគ្គលិក​លក្ខណៈ​របស់​យើង​ឲ្យ​កាន់​តែ​ដូច​លោក។

ហេតុ​អ្វី​នេះ​ពិបាក​ដល់​ម៉្លេះ?

១០​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​បន្ដ​ធ្វើ​ការ​កែ​ប្រែ​ដោយ​មាន​ជំនួយ​ពី​គម្ពីរ ហើយ​តើ​យើង​អាច​សួរ​សំណួរ​អ្វី​ខ្លះ?

១០ យើង​ទាំង​អស់​គ្នា​ចង់​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង។ ប៉ុន្ដែ យើង​ត្រូវ​ខំ​ប្រឹង​បើ​យើង​ចង់​បន្ដ​កែ​ប្រែ។ ហេតុ​អ្វី​យើង​ត្រូវ​ខំ​ប្រឹង​ដូច្នេះ? តើ​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​បាន​ឬ​ទេ?

១១​-​១៣​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ខំ​ប្រឹង​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​របស់​យើង?

១១ ពេល​យើង​គិត​អំពី​សកល​លោក​និង​អ្វី​ទាំង​អស់​ដែល​នៅ​ក្នុង​សកល​លោក យើង​ជឿ​ជាក់​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ធ្វើ​អ្វី​ៗ​ទាំង​អស់។ ជា​ឧទាហរណ៍ លោក​បាន​បង្កើត​ព្រះ​អាទិត្យ​ដែល​មាន​ថាមពល​ខ្លាំង​ក្លា។ រាល់​មួយ​វិនាទី ព្រះ​អាទិត្យ​ផលិត​ថាមពល​ពន្លឺ​និង​កម្ដៅ​ដ៏​ខ្លាំង​ក្រៃ​លែង ប៉ុន្ដែ​ដើម្បី​ទ្រ​ទ្រង់​ជីវិត​នៅ​ផែន​ដី ត្រូវ​មាន​ថាមពល​នេះ​តែ​បន្ដិច​បន្ដួច​ប៉ុណ្ណោះ។ (​ទំនុក​តម្កើង ៧៤:១៦; អេសាយ ៤០:២៦​) ព្រះ​យេហូវ៉ា​ក៏​ផ្ដល់​ឫទ្ធានុភាព​ដល់​អ្នក​បម្រើ​របស់​លោក​នៅ​ផែន​ដី​ពេល​ដែល​ពួក​គេ​ត្រូវ​ការ​ដែរ។ (​អេសាយ ៤០:២៩​) យើង​ឃើញ​ច្បាស់​ថា បើ​ព្រះ​យេហូវ៉ា​ចង់​ធ្វើ លោក​អាច​ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល​តយុទ្ធ​នឹង​ភាព​ទន់​ខ្សោយ​របស់​យើង​និង​ឈប់​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ។ ដូច្នេះ ហេតុ​អ្វី​លោក​មិន​ធ្វើ​ដូច្នេះ?

១២ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ចិត្ដ​សេរី។ លោក​អនុញ្ញាត​ឲ្យ​យើង​សម្រេច​ចិត្ដ​ដោយ​ខ្លួន​ឯង​ថា​យើង​នឹង​ស្តាប់​បង្គាប់​ឬ​មិន​ស្តាប់​បង្គាប់​លោក។ ពេល​យើង​សម្រេច​ចិត្ដ​ស្តាប់​បង្គាប់​លោក​និង​ខំ​ប្រឹង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​លោក​និង​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ដ។ សាថាន​និយាយ​ថា​ព្រះ​យេហូវ៉ា​គ្មាន​សិទ្ធិ​គ្រប់​គ្រង​ទេ។ ប៉ុន្ដែ ពេល​យើង​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា យើង​បង្ហាញ​ថា​យើង​ចង់​ឲ្យ​លោក​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​របស់​យើង។ ម្យ៉ាង​ទៀត យើង​អាច​ប្រាកដ​ថា​បិតា​របស់​យើង​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​ទាំង​អស់​របស់​យើង​ដើម្បី​ស្តាប់​បង្គាប់​លោក។ (​យ៉ូប ២:៣​-​៥; សុភាសិត ២៧:១១​) ពេល​យើង​ខំ​ព្យាយាម​គ្រប់​គ្រង​ភាព​ទន់​ខ្សោយ​របស់​យើង​ទោះ​ជា​ការ​ធ្វើ​ដូច្នេះ​គឺ​មិន​ងាយ​ស្រួល​ក្ដី នោះ​យើង​បង្ហាញ​ថា​យើង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ថា​យើង​ចង់​ឲ្យ​លោក​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​យើង។

១៣ ព្រះ​យេហូវ៉ា​ប្រាប់​យើង​ថា​យើង​គួរ​ខំ​ព្យាយាម​ដើម្បី​មាន​គុណ​សម្បត្ដិ​ដូច​លោក។ (​កូឡុស ៣:១២; សូម​អាន ពេត្រុស​ទី២ ១:៥​-​៧) លោក​ក៏​តម្រូវ​ឲ្យ​យើង​ខំ​ប្រឹង​គ្រប់​គ្រង​គំនិត​និង​អារម្មណ៍​របស់​យើង​ដែរ។ (​រ៉ូម ៨:៥; ១២:៩​) កាល​ណា​យើង​ត្រូវ​ខំ​ព្យាយាម​ធ្វើ​ការ​កែ​ប្រែ​ណា​មួយ ហើយ​យើង​ទទួល​ជោគ​ជ័យ នោះ​យើង​សប្បាយ​ចិត្ដ​យ៉ាង​ខ្លាំង។

ចូរ​ឲ្យ​បណ្ដាំ​របស់​ព្រះ​បន្ដ​កែ​ប្រែ​អ្នក

១៤, ១៥​. តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ គម្ពីរ​និង​សេចក្ដី​អធិដ្ឋាន​បាន​កែ​ប្រែ​ជីវិត​របស់​ពួក​គាត់​»​)

១៤ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់? ជា​ជាង​ធ្វើ​ការ​សម្រេច​ចិត្ដ​ដោយ​ខ្លួន​ឯង​អំពី​អ្វី​ដែល​យើង​ត្រូវ​កែ​ប្រែ យើង​ត្រូវ​ឲ្យ​បណ្ដាំ​របស់​ព្រះ​ណែនាំ​យើង។ រ៉ូម ១២:២​ចែង​ថា​៖ ​«​ឈប់យក​តម្រាប់​តាម​របៀប​របប​ពិភព​លោក​នេះ តែ​ចូរ​ទទួល​ការ​កែ​ប្រែ​ទាំង​ស្រុង ដោយ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ពិសោធ​មើល​ដោយ​ខ្លួន​អ្នក​ឲ្យ​ដឹង​នូវ​បំណង​ប្រាថ្នា​ដ៏​ប្រសើរ សមរម្យ និង​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​»។ ដូច្នេះ ដើម្បី​ដឹង​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ យើង​ត្រូវ​ពឹង​ផ្អែក​លើ​ជំនួយ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​យើង។ យើង​ត្រូវ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន ហើយ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​សកម្មពល​បរិសុទ្ធ​របស់​លោក។ (​លូកា ១១:១៣; កាឡាទី ៥:២២, ២៣​) តាម​របៀប​ទាំង​នេះ ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​យល់​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ដ ហើយ​យើង​អាច​រៀន​ឲ្យ​មាន​ទស្សនៈ​ដូច​លោក។ ជា​លទ្ធផល អ្វី​ដែល​យើង​គិត ធ្វើ និង​និយាយ​នឹង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​កាន់​តែ​ពេញ​ចិត្ដ ហើយ​យើង​នឹង​រៀន​អំពី​របៀប​គ្រប់​គ្រង​ភាព​ទន់​ខ្សោយ​របស់​យើង។ ប៉ុន្ដែ ទោះ​ជា​យ៉ាង​នោះ​ក្ដី យើង​នឹង​ត្រូវ​បន្ដ​តយុទ្ធ​នឹង​ភាព​ទន់​ខ្សោយ​នោះ។—សុភាសិត ៤:២៣

ចូរ​ប្រមូល​អត្ថបទ​ដែល​នៅ​ក្នុង​សៀវភៅ​របស់​យើង ឬ​ខ​គម្ពីរ​ដែល​ជួយ​អ្នក​តយុទ្ធ​នឹង​ភាព​ទន់​ខ្សោយ​របស់​អ្នក ហើយ​យូរ​ៗ​ម្ដង​អាន​អ្វី​ៗ​ទាំង​នោះ​ម្ដង​ទៀត (​សូម​មើល​វគ្គ​១៥​)

១៥ ក្រៅ​ពី​ការ​អាន​គម្ពីរ​រាល់​ថ្ងៃ យើង​ត្រូវ​សិក្សា​គម្ពីរ​ដោយ​មាន​ជំនួយ​ពី​សៀវភៅ​ផ្សេង​ៗ​របស់​យើង ដូច​ជា​ទស្សនាវដ្ដី​ប៉ម​យាម​ជា​ដើម។ អត្ថបទ​ជា​ច្រើន​ក្នុង​ទស្សនាវដ្ដី​នេះ​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​មាន​គុណ​សម្បត្ដិ​ដូច​ព្រះ​យេហូវ៉ា និង​របៀប​តយុទ្ធ​នឹង​ភាព​ទន់​ខ្សោយ​របស់​យើង។ យើង​ប្រហែល​ជា​អាច​រក​អត្ថបទ​ឬ​ខ​គម្ពីរ​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​ជា​ពិសេស​សម្រាប់​យើង។ យើង​អាច​ប្រមូល​ខ​គម្ពីរ​និង​អត្ថបទ​ទាំង​នេះ​ទុក​ដើម្បី​យូរ​ៗ​ម្ដង​យើង​អាច​អាន​ម្ដង​ទៀត។

១៦​. ហេតុ​អ្វី​យើង​មិន​គួរ​ធ្លាក់​ទឹក​ចិត្ដ​បើ​យើង​មិន​អាច​ធ្វើ​ការ​កែ​ប្រែ​ភ្លាម​ៗ​?

១៦ យើង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​រៀន​ឲ្យ​មាន​គុណ​សម្បត្ដិ​ដូច​ព្រះ​យេហូវ៉ា។ ដូច្នេះ ចូរ​មាន​ចិត្ដ​អត់​ធ្មត់ បើ​អ្នក​យល់​ថា​អ្នក​មិន​បាន​ធ្វើ​ការ​កែ​ប្រែ​ច្រើន​ដូច​ដែល​អ្នក​ចង់​ធ្វើ។ ដំបូង អ្នក​ប្រហែល​ជា​ត្រូវ​បង្ខំ​ខ្លួន​អ្នក​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង។ ប៉ុន្ដែ កាល​ដែល​អ្នក​កាន់​តែ​មាន​គំនិត​និង​ការ​ប្រព្រឹត្ដ​ដូច​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​មាន នោះ​អ្នក​នឹង​កាន់​តែ​ស្រួល​មាន​ទស្សនៈ​ដូច​លោក ហើយ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។—ទំនុក​តម្កើង ៣៧:៣១; សុភាសិត ២៣:១២; កាឡាទី ៥:១៦, ១៧

សូម​គិត​អំពី​អនាគត​ដ៏​អស្ចារ្យ​របស់​យើង

១៧​. បើ​យើង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា តើ​យើង​អាច​ទន្ទឹង​រង់​ចាំ​អនាគត​ដ៏​អស្ចារ្យ​បែប​ណា?

១៧ យើង​ទន្ទឹង​រង់​ចាំ​ពេល​ដែល​យើង​នឹង​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​បម្រើ​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត។ នៅ​ពេល​នោះ យើង​នឹង​មិន​ចាំ​បាច់​តយុទ្ធ​នឹង​ភាព​ទន់​ខ្សោយ​ណា​មួយ​ឡើយ ហើយ​យើង​នឹង​កាន់​តែ​ស្រួល​យក​តម្រាប់​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ សូម្បី​តែ​ឥឡូវ​នេះ​ក្ដី យើង​នៅ​តែ​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ដោយ​សារ​លោក​បាន​ផ្ដល់​ថ្លៃ​លោះ​ដែល​ជា​អំណោយ​មួយ​ដល់​យើង។ ទោះ​ជា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ យើង​អាច​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ដ បើ​យើង​បន្ដ​ខំ​ព្យាយាម​កែ​ប្រែ​និង​ធ្វើ​តាម​អ្វី​ដែល​លោក​បង្រៀន​យើង​ក្នុង​គម្ពីរ។

១៨, ១៩​. តើ​យើង​អាច​ប្រាកដ​យ៉ាង​ណា​ថា​គម្ពីរ​មាន​ឫទ្ធានុភាព​ដើម្បី​បន្ដ​កែ​ប្រែ​ជីវិត​របស់​យើង?

១៨ បង​ខេវិន​បាន​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​រៀន​ឲ្យ​ចេះ​គ្រប់​គ្រង​កំហឹង​របស់​គាត់។ គាត់​បាន​រំពឹង​គិត​អំពី​អ្វី​ដែល​គាត់​អាន​ក្នុង​គម្ពីរ ហើយ​ព្យាយាម​ធ្វើ​ការ​កែ​ប្រែ​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​គាត់។ គាត់​ក៏​បាន​ធ្វើ​តាម​ឱវាទ​ដែល​បង​ប្អូន​រួម​ជំនឿ​បាន​ឲ្យ​គាត់​ដែរ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ បង​ខេវិន​បាន​រីក​ចម្រើន​ក្នុង​ការ​គ្រប់​គ្រង​កំហឹង​របស់​គាត់ ហើយ​ក្រោយ​មក​គាត់​អាច​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ ម្យ៉ាង​ទៀត អស់​រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ គាត់​បាន​បម្រើ​ជា​អ្នក​ចាស់​ទុំ។ ប៉ុន្ដែ សូម្បី​តែ​ឥឡូវ​នេះ​ក្ដី គាត់​ដឹង​ថា​គាត់​ត្រូវ​បន្ដ​តយុទ្ធ​នឹង​ភាព​ទន់​ខ្សោយ​របស់​គាត់។

១៩ ដូច​បង​ខេវិន យើង​អាច​បន្ដ​ធ្វើ​ឲ្យ​បុគ្គលិក​លក្ខណៈ​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង។ បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​បន្ដ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ (​ទំនុក​តម្កើង ២៥:១៤​) ម្យ៉ាង​ទៀត ពេល​យើង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ការ​កែ​ប្រែ​ដែល​នាំ​ឲ្យ​លោក​ពេញ​ចិត្ដ លោក​នឹង​ជួយ​យើង​ឲ្យ​ទទួល​ជោគ​ជ័យ។ យើង​អាច​ប្រាកដ​ថា​ដោយ​មាន​ជំនួយ​ពី​គម្ពីរ យើង​អាច​បន្ដ​ធ្វើ​ការ​កែ​ប្រែ​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​យើង។—ទំនុក​តម្កើង ៣៤:៨

^ [​១​] (​វគ្គ​១​) ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។