លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ពី​អ្នក​អាន

សំណួរ​ពី​អ្នក​អាន

ហេតុ​អ្វី​ការ​បង្ហោះ​សៀវភៅ​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​លើ​គេហទំព័រ​ផ្សេង​ទៀត ឬ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា គឺ​មិន​បាន​ត្រូវ​អនុញ្ញាត?

អ្នក​ខ្លះ​គិត​ថា​ដោយ​សារ​យើង​ស្នើ​ផ្ដល់​សៀវភៅ​របស់​យើង​ដោយ​ឥត​គិត​ថ្លៃ ពួក​គេ​អាច​ថត​ចម្លង ឬ​បង្ហោះ​សៀវភៅ​ទាំង​នេះ​នៅ​លើ​គេហទំព័រ​ផ្សេង ឬ​នៅ​លើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា។ ប៉ុន្ដែ នេះ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ធ្ងន់​ធ្ងរ ហើយ​ក៏​ប្រឆាំង​នឹង​ល័ក្ខខ័ណ្ឌ​ក្នុង​ការ​ប្រើ​ប្រាស់ * (​សូម​មើល​កំណត់​សម្គាល់​) របស់​គេហទំព័រ​យើង។ ល័ក្ខខ័ណ្ឌ​ទាំង​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្មាន​អ្នក​ណា​ម្នាក់​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​បង្ហោះ​ឬ​«​ចម្លង​ព័ត៌មាន​ពី​គេហទំព័រ​នេះ​ទៅ​ដាក់​បញ្ចូល​ប្រព័ន្ធ​ណា​ផ្សេង​ទៀត (​ដូច​ជា​គេហទំព័រ គេហទំព័រ​ចែក​ចាយ​ព័ត៌មាន ឬ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា​ជា​ដើម​)​»។ ព័ត៌មាន​ទាំង​នេះ​រួម​បញ្ចូល​«​គំនូរ​ដែល​បាន​ត្រូវ​រក្សា​សិទ្ធិ សៀវភៅ​ជា​អេឡិចត្រូនិក ចម្រៀង រូប​ភាព អត្ថបទ និង​វីដេអូ​»។ ហេតុ​អ្វី​ច្បាប់​នេះ​បាន​ត្រូវ​បង្កើត​ឡើង?

ព័ត៌មាន​ទាំង​អស់​នៅ​គេហទំព័រ​របស់​យើង​បាន​ត្រូវ​រក្សា​សិទ្ធិ ហើយ​នេះ​មាន​ន័យ​ថា​បាន​ត្រូវ​ការពារ​តាម​ផ្លូវ​ច្បាប់។ នេះ​គឺ​សំខាន់​ដោយ​សារ​នេះ​ការពារ​មិន​ឲ្យ​អ្នក​ណា​ប្រើ​ប្រាស់​តាម​ផ្លូវ​ខុស។ ជួន​កាល ពួក​អ្នក​ក្បត់​ជំនឿ​និង​អ្នក​ឯ​ទៀត​ដែល​ចង់​បង្ខូច​កិច្ច​ការ​របស់​យើង ដាក់​សៀវភៅ​របស់​យើង​នៅ​លើ​គេហទំព័រ​របស់​ពួក​គេ​ដើម្បី​ទាក់​ទាញ​សាក្សី​ព្រះ​យេហូវ៉ា​និង​អ្នក​ឯ​ទៀត។ ប៉ុន្ដែ នៅ​លើ​គេហទំព័រ​ទាំង​នោះ ពួក​គេ​ក៏​ដាក់​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​ការ​សង្ស័យ។ (​ទំនុក​តម្កើង ២៦:៤; សុភាសិត ២២:៥​) អ្នក​ខ្លះ​ទៀត​បាន​ប្រើ​ព័ត៌មាន​ពី​គេហទំព័រ​របស់​យើង ឬ​និមិត្ដ​សញ្ញា​របស់​យើង​ពោល​គឺ​jw.org ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម ក្នុង​កម្ម​វិធី​តាម​គ្រឿង​អេឡិចត្រូនិក និង​នៅ​លើ​ផលិតផល​ផ្សេង​ៗ​ដែរ។ ប៉ុន្ដែ ដោយ​សារ​ព័ត៌មាន​ពី​គេហទំព័រ​យើង ឬ​និមិត្ដ​សញ្ញា​របស់​យើង​បាន​ត្រូវ​ការពារ​តាម​ផ្លូវ​ច្បាប់ យើង​អាច​ប្ដឹង​ពួក​គេ​ទៅ​តុលាការ​បាន ហើយ​បញ្ឈប់​ពួក​គេ​ពី​ការ​ធ្វើ​ដូច្នេះ។ (​សុភាសិត ២៧:១២​) ក៏​ប៉ុន្ដែ បើ​យើង​អនុញ្ញាត​ឲ្យ​អ្នក​ខ្លះ ទោះ​ជា​គាត់​ជា​បង​ប្អូន​របស់​យើង​ក្ដី បង្ហោះ​ឬ​ថត​ចម្លង​សៀវភៅ​ទៅ​ដាក់​តាម​គេហទំព័រ​ផ្សេង​ទៀត ឬ​ឲ្យ​ពួក​គេ​ប្រើ​និមិត្ដ​សញ្ញា​jw.org​ដើម្បី​លក់​ផលិតផល​ផ្សេង​ៗ ប្រហែល​ជា​តុលាការ​នឹង​មិន​គាំ​ទ្រ​យើង​ទេ។

ការ​ថត​ចម្លង​សៀវភៅ​របស់​យើង​ពី​គេហទំព័រ​ផ្សេង​ពី​jw.org​អាច​មាន​គ្រោះ​ថ្នាក់។ ព្រះ​យេហូវ៉ា​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​តាម​រយៈ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​តែ​ប៉ុណ្ណោះ។ (​ម៉ាថាយ ២៤:៤៥​) ដើម្បី​ផ្ដល់​សេចក្ដី​បង្រៀន ​«​ខ្ញុំ​បម្រើ​»​នោះ​ប្រើ​តែ​គេហទំព័រ​ផ្លូវ​ការ​របស់​អង្គ​ការ​យើង​ប៉ុណ្ណោះ ពោល​គឺ​www.jw.org tv.jw.org និង​wol.jw.org។ ម្យ៉ាង​ទៀត យើង​មាន​តែ​កម្ម​វិធី​ផ្លូវ​ការ​បី​ប៉ុណ្ណោះ​សម្រាប់​ទូរស័ព្ទ​និង​កុំព្យូទ័រ​បន្ទះ​ស្ដើង ពោល​គឺ​JW​ភាសា (​JW Language®​) JW​បណ្ណាល័យ (​JW Library®​) និង​JW​បណ្ណាល័យ​ភាសា​សញ្ញា (​JW Library Sign Language®​)។ គ្មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឬ​អ្វី​ណា​ពី​ពិភព​លោក​របស់​សាថាន​នៅ​គេហទំព័រ​និង​តាម​កម្ម​វិធី​ទាំង​នេះ​ទេ។ ប៉ុន្ដែ បើ​យើង​ថត​ចម្លង​សៀវភៅ​របស់​យើង​ពី​គេហទំព័រ​ឬ​កម្ម​វិធី​ផ្សេង​ទៀត យើង​មិន​អាច​ប្រាកដ​ថា​សៀវភៅ​ទាំង​នេះ​មិន​បាន​ត្រូវ​ផ្លាស់​ប្ដូរ​ឡើយ។—ទំនុក​តម្កើង ១៨:២៦; ១៩:៨

បន្ថែម​ទៅ​ទៀត បើ​យើង​បង្ហោះ​ព័ត៌មាន​ពី​គេហទំព័រ​របស់​យើង​នៅ​លើ​គេហទំព័រ​ផ្សេង​ទៀត​ដែល​មនុស្ស​អាច​ដាក់​យោបល់ នេះ​អាច​បើក​ឱកាស​ឲ្យ​ពួក​អ្នក​ក្បត់​ជំនឿ​និង​អ្នក​ឯ​ទៀត រិះ​គន់​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា។ បង​ប្អូន​ខ្លះ​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​នឹង​មនុស្ស​បែប​នោះ ហើយ​នេះ​កាន់​តែ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​អាប់​ឱន​កិត្ដិ​យស។ ការ​សន្ទនា​បែប​នេះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​គឺ​មិន​មែន​ជា​វិធី​ត្រឹម​ត្រូវ​ដើម្បី​កែ​តម្រូវ​ទស្សនៈ​របស់​អ្នក​ណា​ម្នាក់​និង​ជួយ​គាត់​ឲ្យ​យល់​សេចក្ដី​ពិត​ទេ។ (​ធីម៉ូថេ​ទី១ ៦:៣​-​៥; ធីម៉ូថេ​ទី២ ២:២៣​-​២៥​) ម្យ៉ាង​ទៀត មនុស្ស​ខ្លះ​បង្កើត​គេហទំព័រ​និង​គណនី​តាម​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា​ដែល​មើល​ទៅ​ដូច​ជា​មក​ពី​អង្គ​ការ​របស់​ព្រះ ឬ​ពី​បង​ប្រុស​ៗ​ដែល​ជា​សមាជិក​គណៈ​អភិបាល។ ប៉ុន្ដែ​អ្វី​ទាំង​នេះ​គឺ​ក្លែង​ក្លាយ។ សមាជិក​នីមួយ​ៗ​នៃ​គណៈ​អភិបាល​មិន​មាន​គេ​ទំព័រ​ផ្ទាល់​ខ្លួន ហើយ​ក៏​មិន​មាន​គណនី​ណា​ក៏​ដោយ​តាម​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា​ដែរ។

យើង​គាំ​ទ្រ​ការ​ផ្សព្វ​ផ្សាយ​«​ដំណឹង​ល្អ​»​ ពេល​យើង​ណែនាំ​មនុស្ស​ឲ្យ​ចូល​គេហទំព័រ​jw.org។ (​ម៉ាថាយ ២៤:១៤​) គេហទំព័រ​និង​កម្ម​វិធី​របស់​យើង​កាន់​តែ​ល្អ​ទៅ​ៗ។ យើង​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ទទួល​ប្រយោជន៍​ពី​អ្វី​ទាំង​នេះ។ ដូច្នេះ យើង​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ផ្ញើ​អ៊ីមែល ឬ​ផ្ញើ​ព័ត៌មាន​ដែល​អាច​ចុច​ភ្ជាប់​ទៅ​គេហទំព័រ​របស់​យើង។ តាម​របៀប​នេះ យើង​ណែនាំ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​វិធី​តែ​មួយ​គត់​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ដើម្បី​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ គឺ​តាម​រយៈ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។

^ វគ្គ 1 អ្នក​អាច​រក​ឃើញ​ល័ក្ខខ័ណ្ឌ​ក្នុង​ការ​ប្រើ​ប្រាស់ បើ​អ្នក​ចុច​លើ​ពាក្យ​ដែល​ថា​«​ល័ក្ខខ័ណ្ឌ​ក្នុង​ការ​ប្រើ​ប្រាស់​»​នៅ​ខាង​ក្រោម​ទំព័រ​ដើម​នៃ​គេហទំព័រ​jw.org។ ច្បាប់​ទាំង​នេះ​គឺ​សម្រាប់​អ្វី​ៗ​ទាំង​អស់​ដែល​មាន​នៅ​គេហទំព័រ​របស់​យើង។