លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ដើម​កំណើត​និង​គោល​បំណង​នៃ​អាពាហ៍ពិពាហ៍

ដើម​កំណើត​និង​គោល​បំណង​នៃ​អាពាហ៍ពិពាហ៍

​«​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​បន្ទូល​ថា​៖ ‹ដែល​មនុស្ស​នេះ​នៅ​តែ​ម្នាក់​ឯង នោះ​មិន​ស្រួល​ទេ។ អញ​នឹង​ធ្វើ​ឲ្យ​មាន​ម្នាក់​ជា​ជំនួយ​សំ​រាប់​ជួយ​វា›​»។—លោកុប្បត្ដិ ២:១៨

ចម្រៀង​លេខ: ៣៦, ១១

១, ២​. (​ក​) តើ​អាពាហ៍ពិពាហ៍​បាន​ចាប់​ផ្ដើម​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​បុរស​ស្ដ្រី​ដំបូង​ច្បាស់​ជា​បាន​ទទួល​ស្គាល់​អ្វី​អំពី​អាពាហ៍ពិពាហ៍? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

គឺ​ជា​ការ​ធម្មតា​ទេ​ដែល​មនុស្ស​រៀប​ការ។ ប៉ុន្ដែ តើ​អាពាហ៍ពិពាហ៍​បាន​ចាប់​ផ្ដើម​យ៉ាង​ដូច​ម្ដេច ហើយ​តើ​អ្វី​ជា​គោល​បំណង​នៃ​អាពាហ៍ពិពាហ៍? ការ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​នឹង​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​អាពាហ៍ពិពាហ៍​និង​ពរ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍។ ព្រះ​បាន​បង្កើត​មនុស្ស​ដំបូង ពោល​គឺ​អាដាម ហើយ​បាន​សុំ​គាត់​ឲ្យ​ដាក់​ឈ្មោះ​សត្វ​ផ្សេង​ៗ។ អាដាម​បាន​ឃើញ​ថា​សត្វ​ទាំង​អស់​មាន​គូ ​«​តែ​មិន​ឃើញ​មាន​ជំនួយ​ណា​សំ​រាប់​ឲ្យ​ជួយ​គាត់​សោះ​»។ ដូច្នេះ ព្រះ​បាន​ធ្វើ​ឲ្យ​អាដាម​ដេក​លក់​ស៊ប់ ហើយ​បាន​ដក​យក​ឆ្អឹង​ជំ​នីមួយ​ពី​គាត់​ដើម្បី​បង្កើត​ស្ដ្រី​ម្នាក់។ ព្រះ​យេហូវ៉ា​បាន​នាំ​ស្ដ្រី​នេះ​មក​ឲ្យ​អាដាម ហើយ​នាង​បាន​ទៅ​ជា​ប្រពន្ធ​របស់​គាត់។ (​សូម​អាន លោកុប្បត្ដិ ២:២០​-​២៤) យើង​អាច​ឃើញ​ថា អាពាហ៍ពិពាហ៍​គឺ​ជា​អំណោយ​មួយ​ពី​ព្រះ​យេហូវ៉ា។

ច្រើន​ឆ្នាំ​ក្រោយ​មក លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​នៅ​សួន​អេដែន ដែល​ថា​៖ ​«​បុរស​នឹង​ចាក​ចេញ​ពី​ឪ​ពុក​និង​ម្ដាយ​ខ្លួន ហើយ​នឹង​នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់ រួច​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ​»។ (​ម៉ាថាយ ១៩:៤, ៥​) ដោយ​សារ​ព្រះ​បាន​យក​ឆ្អឹង​ជំ​នី​ពី​អាដាម​ដើម្បី​បង្កើត​ស្ដ្រី​ដំបូង គូ​អាពាហ៍ពិពាហ៍​នោះ​ច្បាស់​ជា​បាន​ទទួល​ស្គាល់​ថា​ពួក​គេ​ជា​គូ​នឹង​គ្នា។ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​ប្ដី​ប្រពន្ធ​លែង​លះ​គ្នា ឬ​មាន​គូ​លើស​ពី​មួយ​នៅ​ពេល​ដំណាល​គ្នា​ឡើយ។

អាពាហ៍ពិពាហ៍​គឺ​ជា​ផ្នែក​នៃ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា

៣​. តើ​អ្វី​ជា​គោល​បំណង​ដ៏​សំខាន់​មួយ​នៃ​អាពាហ៍ពិពាហ៍?

អាដាម​ពេញ​ចិត្ដ​នឹង​ប្រពន្ធ​របស់​គាត់​ណាស់ ហើយ​ក្រោយ​មក​គាត់​បាន​ដាក់​ឈ្មោះ​នាង​ថា​អេវ៉ា។ នាង​គឺ​ជា​ជំនួយ​របស់​គាត់ ហើយ​នាង​មាន​សមត្ថភាព​ដែល​អាដាម​មិន​មាន ប៉ុន្ដែ​សមត្ថភាព​នោះ​គឺ​ចាំ​បាច់​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួក​គេ​មាន​ជោគ​ជ័យ។ អាដាម​និង​អេវ៉ា​នឹង​មាន​សុភមង្គល​ជា​មួយ​គ្នា​ជា​ប្ដី​ប្រពន្ធ។ (​លោកុប្បត្ដិ ២:១៨​) គោល​បំណង​ដ៏​សំខាន់​មួយ​នៃ​អាពាហ៍ពិពាហ៍​គឺ​ឲ្យ​មនុស្ស​មាន​ពេញ​ពាស​លើ​ផែន​ដី។ (​លោកុប្បត្ដិ ១:២៨​) កូន​ប្រុស​និង​កូន​ស្រី​ស្រឡាញ់​ឪ​ពុក​ម្ដាយ​របស់​ពួក​គេ ប៉ុន្ដែ​នៅ​ទី​បំផុត​ពួក​គេ​នឹង​ត្រូវ​ចាក​ចេញ​ពី​ពួក​គាត់​ដើម្បី​រៀប​ការ ហើយ​មាន​ក្រុម​គ្រួសារ​ដោយ​ខ្លួន​ឯង។ មនុស្សជាតិ​នឹង​បង្កើត​កូន​ឲ្យ​មាន​ពេញ​ពាស​ផែន​ដី ហើយ​ធ្វើ​ឲ្យ​ផែន​ដី​ទាំង​មូល​ទៅ​ជា​សួន​ឧទ្យាន។

៤​. តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​អាពាហ៍ពិពាហ៍​ដំបូង?

អាពាហ៍ពិពាហ៍​ដំបូង​លែង​មាន​សុភមង្គល ពេល​ដែល​អាដាម​និង​អេវ៉ា​មិន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ​«​ពស់​ដំបូង​បង្អស់​»​ដែល​ជា​មេ​កំណាច​សាថាន បាន​បោក​បញ្ឆោត​អេវ៉ា​ដោយ​ប្រាប់​នាង​ថា​ការ​បរិភោគ​ផ្លែ​ពី​«​ដើម​ដឹង​ខុស​ត្រូវ​»​នឹង​ធ្វើ​ឲ្យ​នាង​មាន​ចំណេះ​ដឹង​ដ៏​ពិសេស។ សាថាន​បាន​អះអាង​ថា​បើ​នាង​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​នោះ នោះ​នឹង​ឲ្យ​នាង​សម្រេច​ចិត្ដ​អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់។ អេវ៉ា​មិន​បាន​គោរព​អាដាម​ដែល​ជា​ប្រមុខ​របស់​នាង​ទេ ពេល​ដែល​នាង​បាន​សម្រេច​ចិត្ដ​បរិភោគ​ផ្លែ​ឈើ​នោះ​ដោយ​មិន​និយាយ​ជា​មួយ​គាត់​ជា​មុន។ ម្យ៉ាង​ទៀត អាដាម​មិន​បាន​ស្តាប់​បង្គាប់​ព្រះ​ឡើយ ពេល​គាត់​ទទួល​យក​ផ្លែ​ឈើ​ពី​ប្រពន្ធ​របស់​គាត់។—ការ​បើក​បង្ហាញ ១២:៩; លោកុប្បត្ដិ ២:៩, ១៦, ១៧; ៣:១​-​៦

ដើម្បី​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​បាន​ជោគ​ជ័យ ប្ដី​ប្រពន្ធ​ត្រូវ​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រព្រឹត្ដ​របស់​ខ្លួន

៥​. តើ​យើង​អាច​រៀន​អ្វី​ពី​ការ​តប​ឆ្លើយ​របស់​អាដាម​និង​អេវ៉ា​ទៅ​កាន់​ព្រះ​យេហូវ៉ា?

ពេល​ព្រះ​យេហូវ៉ា​បាន​សួរ​ពួក​គេ អាដាម​បាន​ទម្លាក់​កំហុស​ទៅ​លើ​ប្រពន្ធ​របស់​គាត់។ គាត់​បាន​និយាយ​ថា​៖ ​«​ស្ដ្រី​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​នៅ​ជា​មួយ​នឹង​ទូល​បង្គំ វា​ឲ្យ​ផ្លែ​ឈើ​នោះ​មក​ទូល​បង្គំ ទូល​បង្គំ​ក៏​ទទួល​ទាន​ទៅ​»។ រីឯ​អេវ៉ា​បាន​ទម្លាក់​កំហុស​ទៅ​លើ​សត្វ​ពស់​ដែល​បាន​បោក​បញ្ឆោត​នាង។ (​លោកុប្បត្ដិ ៣:១២, ១៣​) អាដាម​និង​អេវ៉ា​បាន​រក​លេស​ចំពោះ​ការ​មិន​ស្តាប់​បង្គាប់​របស់​ពួក​គេ ហើយ​ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​ពួក​បះ​បោរ​ទាំង​នោះ។ គំរូ​របស់​ពួក​គេ​គឺ​ជា​ការ​ព្រមាន​សម្រាប់​យើង! ដើម្បី​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​បាន​ជោគ​ជ័យ ប្ដី​ប្រពន្ធ​ត្រូវ​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រព្រឹត្ដ​របស់​ខ្លួន។

៦​. តើ​អ្នក​នឹង​ពន្យល់​លោកុប្បត្ដិ ៣:១៥​យ៉ាង​ដូច​ម្ដេច?

ទោះ​ជា​សាថាន​បាន​ធ្វើ​អ្វី​ក៏​ដោយ​នៅ​សួន​អេដែន ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​មនុស្សជាតិ​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​ពេល​អនាគត។ សេចក្ដី​សង្ឃឹម​នេះ​គឺ​មាន​ក្នុង​ទំនាយ​ដំបូង​នៅ​ក្នុង​គម្ពីរ។ (​សូម​អាន លោកុប្បត្ដិ ៣:១៥) ទំនាយ​នោះ​បាន​បើក​បង្ហាញ​ថា​«​ពូជ​»​របស់​«​ស្ដ្រី​»​នឹង​កិន​កម្ទេច​សាថាន។ ទេវតា​ដ៏​សុចរិត​ជា​ច្រើន​រូប​ដែល​បម្រើ​នៅ​ស្ថាន​សួគ៌​មាន​ចំណង​មិត្ដភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ។ ពួក​គាត់​គឺ​ប្រៀប​ដូច​ជា​ភរិយា​របស់​ព្រះ​យេហូវ៉ា។ លោក​នឹង​ចាត់​បុគ្គល​ម្នាក់​ពី​ចំណោម​បុគ្គល​វិញ្ញាណ​ទាំង​នោះ​ដែល​នៅ​ស្ថាន​សួគ៌​ដើម្បី​«​កិន​»​មេ​កំណាច។ ពូជ​នោះ​នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​មនុស្ស​ដែល​ស្តាប់​បង្គាប់​ទទួល​អ្វី​ដែល​ប្ដី​ប្រពន្ធ​ដំបូង​បាន​បាត់​បង់។ មនុស្ស​ដែល​ស្តាប់​បង្គាប់​នឹង​មាន​ឱកាស​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី ដូច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។—យ៉ូហាន ៣:១៦

៧​. (​ក​) តាំង​ពី​អាដាម​និង​អេវ៉ា​បាន​បះ​បោរ តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​អាពាហ៍ពិពាហ៍? (​ខ​) តើ​គម្ពីរ​តម្រូវ​អ្វី​ពី​ប្ដី​និង​ប្រពន្ធ?

ការ​បះ​បោរ​របស់​អាដាម​និង​អេវ៉ា​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​និង​អាពាហ៍ពិពាហ៍​ក្រោយ​មក​ទាំង​អស់។ ជា​ឧទាហរណ៍ អេវ៉ា​និង​ស្ដ្រី​ទាំង​អស់​ដែល​ជា​កូន​ចៅ​របស់​នាង​ទទួល​រង​ការ​ឈឺ​ចាប់​ពេល​មាន​ផ្ទៃ​ពោះ​និង​ពេល​សម្រាល​កូន។ ស្ដ្រី​ចង់​ទទួល​យ៉ាង​ខ្លាំង​នូវ​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ដ​ទុក​ដាក់​ពី​ប្ដី​របស់​ពួក​គេ ប៉ុន្ដែ​ប្ដី​ត្រួត​ត្រា​លើ​ប្រពន្ធ ហើយ​ដូច​ដែល​យើង​ឃើញ​នៅ​សព្វ​ថ្ងៃ​នេះ​ជួន​កាល​ពួក​គេ​ថែម​ទាំង​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ។ (​លោកុប្បត្ដិ ៣:១៦​) ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ប្ដី​ធ្វើ​ជា​ប្រមុខ​គ្រួសារ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​លោក​តម្រូវ​ឲ្យ​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី​របស់​ពួក​គេ។ (​អេភេសូរ ៥:៣៣​) ពេល​ប្ដី​ប្រពន្ធ​ដែល​ជា​គ្រិស្ដ​សាសនិក​សហការ​គ្នា នោះ​ពួក​គេ​អាច​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន។

អាពាហ៍ពិពាហ៍​ចាប់​ពី​សម័យ​អាដាម​រហូត​ដល់​សម័យ​ទឹក​ជំនន់

៨​. តើ​អាពាហ៍ពិពាហ៍​មាន​ប្រវត្ដិ​យ៉ាង​ណា​ចាប់​ពី​សម័យ​អាដាម​រហូត​ដល់​សម័យ​ទឹក​ជំនន់?

មុន​អាដាម​និង​អេវ៉ា​បាន​ស្លាប់ ពួក​គេ​មាន​កូន​ប្រុស​និង​កូន​ស្រី។ (​លោកុប្បត្ដិ ៥:៤​) កាអ៊ីន​ដែល​ជា​កូន​ប្រុស​ច្បង​របស់​ពួក​គេ បាន​រៀប​ការ​ជា​មួយ​នឹង​សាច់​ញាតិ​ម្នាក់។ ឡាមេក​ដែល​ជា​កូន​ចៅ​របស់​កាអ៊ីន​គឺ​ជា​បុរស​ទី១​ដែល​គម្ពីរ​បាន​រៀប​រាប់​ថា​មាន​ប្រពន្ធ​ពីរ។ (​លោកុប្បត្ដិ ៤:១៧, ១៩​) ចាប់​ពី​សម័យ​អាដាម​រហូត​ដល់​សម័យ​ណូអេ មាន​មនុស្ស​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​ស្មោះ​ត្រង់​ទាំង​នោះ​គឺ អេបិល អេណុក ព្រម​ទាំង​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់។ នៅ​សម័យ​ណូអេ គម្ពីរ​ចែង​ថា​៖ ​«​ពួក​កូន​ប្រុស​របស់​ព្រះ​គេ​ឃើញ​កូន​ស្រី​របស់​មនុស្ស​ថា​ជា​ស្រស់​ល្អ​»។ ដូច្នេះ ពួក​គេ​«​ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ដ​គេ​ទៅ​»។ ប៉ុន្ដែ នេះ​ខុស​ពី​ធម្មជាតិ ហើយ​ពួក​ទេវតា​និង​ស្ដ្រី​ទាំង​នោះ​មាន​កូន​ដែល​ជា​មនុស្ស​ធំ​សម្បើម​ដ៏​ឃោរ​ឃៅ​ដែល​បាន​ត្រូវ​ហៅ​ថា​ពួក​នីហ្វីលីម។ ក្នុង​អំឡុង​ពេល​នោះ ​«​ការ​អាក្រក់​របស់​មនុស្ស​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ផែន​ដី ហើយ​អស់​ទាំង​គំនិត​ក្នុង​ចិត្ដ​គេ​ក៏​សុទ្ធតែ​អាក្រក់​ជា​និច្ច​ដូច្នោះ​»។—លោកុប្បត្ដិ ៦:១​-​៥

៩​. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ចំពោះ​មនុស្ស​អាក្រក់​នៅ​សម័យ​ណូអេ ហើយ​តើ​យើង​គួរ​ទាញ​មេ​រៀន​យ៉ាង​ណា​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សម័យ​នោះ?

ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​លិច​ផែន​ដី​ដើម្បី​បំផ្លាញ​មនុស្ស​អាក្រក់​ទាំង​អស់។ ​«​ណូអេ ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សុចរិត​»​បាន​ប្រាប់​មនុស្ស​ទាំង​នោះ​អំពី​ទឹក​ជំនន់​ដែល​នឹង​មក​ដល់។ (​ពេត្រុស​ទី២ ២:៥​) ប៉ុន្ដែ ពួក​គេ​មិន​បាន​ស្តាប់​ណូអេ​ទេ ដោយ​សារ​ពួក​គេ​រវល់​ពេក​នឹង​កិច្ច​ការ​ប្រចាំ​ថ្ងៃ ដូច​ជា​រៀប​ការ​ជា​ដើម។ លោក​យេស៊ូ​បាន​ប្រៀប​ប្រដូច​សម័យ​ណូអេ​ទៅ​នឹង​សម័យ​យើង។ (​សូម​អាន ម៉ាថាយ ២៤:៣៧​-​៣៩) សព្វ​ថ្ងៃ​នេះ មនុស្ស​ភាគ​ច្រើន​មិន​ស្តាប់​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ដែល​យើង​ផ្សាយ​ទេ។ យើង​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​នេះ​មុន​ពិភព​លោក​ដ៏​អាក្រក់​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល។ តើ​យើង​រៀន​អ្វី​ពី​សម័យ​ទឹក​ជំនន់? យើង​មិន​គួរ​ឲ្យ​អ្វី​ផ្សេង​ៗ​ដូច​ជា​ការ​រៀប​អាពាហ៍ពិពាហ៍​និង​ការ​មាន​កូន ទៅ​ជា​អ្វី​ដែល​សំខាន់​ដល់​ម៉្លេះ​ចំពោះ​យើង បាន​ជា​យើង​ភ្លេច​ថា​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​នោះ​ទេ។

អាពាហ៍ពិពាហ៍​ចាប់​ពី​សម័យ​ទឹក​ជំនន់​រហូត​ដល់​សម័យ​លោក​យេស៊ូ

១០​. (​ក​) តើ​វប្បធម៌​ជា​ច្រើន​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​ការ​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ? (​ខ​) តើ​អាប្រាហាំ​និង​សារ៉ា​បាន​ទុក​គំរូ​ល្អ​យ៉ាង​ណា​ក្នុង​អាពាហ៍ពិពាហ៍​របស់​ពួក​គាត់?

១០ ណូអេ​មាន​ប្រពន្ធ​តែ​ម្នាក់ ហើយ​កូន​ប្រុស​បី​នាក់​របស់​គាត់​មាន​ប្រពន្ធ​តែ​ម្នាក់​រៀង​ៗ​ខ្លួន។ ប៉ុន្ដែ​ក្រោយ​ទឹក​ជំនន់ បុរស​ជា​ច្រើន​នាក់​មាន​ប្រពន្ធ​លើស​ពី​មួយ។ ក្នុង​វប្បធម៌​ជា​ច្រើន ការ​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​គឺ​ជា​អ្វី​ដែល​គេ​បាន​ធ្វើ​ជា​ទូ​ទៅ ហើយ​ថែម​ទាំង​ជា​ផ្នែក​មួយ​នៃ​ទំនៀម​ទម្លាប់សាសនា​ទៀត​ផង។ ពេល​អាប្រាហាំ​និង​សារ៉ា​បាន​រើ​ទៅ​ស្រុក​កាណាន នៅ​ជុំ​វិញ​ពួក​គាត់​គឺ​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​ប្រាស​ចាក​សីលធម៌​ដែល​មិន​ឲ្យ​តម្លៃ​ចំពោះ​អាពាហ៍ពិពាហ៍។ ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា ដោយ​សារ​មនុស្ស​នៅ​ទី​នោះ​បាន​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌។ អាប្រាហាំ​គឺ​ខុស​គ្នា​ពី​មនុស្ស​ទាំង​នោះ។ គាត់​គឺ​ជា​ប្រមុខ​គ្រួសារ​ដ៏​ល្អ ហើយ​សារ៉ា​បាន​ទុក​គំរូ​ល្អ​ក្នុង​នាម​ជា​ប្រពន្ធ​ដែល​ចុះ​ចូល​នឹង​ប្ដី។ (​សូម​អាន ពេត្រុស​ទី១ ៣:៣​-​៦) អាប្រាហាំ​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ៊ីសាក​ដែល​ជា​កូន​ប្រុស​របស់​គាត់​រៀប​ការ​ជា​មួយ​នឹង​ស្ដ្រី​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត អ៊ីសាក​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ​ចំពោះ​យ៉ាកុប​ដែល​ជា​កូន​ប្រុស​របស់​គាត់ ហើយ​កូន​ប្រុស​របស់​យ៉ាកុប​បាន​ទៅ​ជា​បុព្វ​បុរស​នៃ​កុលសម្ព័ន្ធ​១២​របស់​អ៊ីស្រាអែល។

១១​. តើ​ច្បាប់​ម៉ូសេ​បាន​ការពារ​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ដូច​ម្ដេច?

១១ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង ឬ​កិច្ច​សន្យា​មួយ​ជា​មួយ​នឹង​ប្រជា​ជាតិ​អ៊ីស្រាអែល។ លោក​បាន​ផ្ដល់​ច្បាប់​ម៉ូសេ​ឲ្យ​ពួក​គេ ហើយ​ច្បាប់​នោះ​បាន​ជួយ​ការពារ​ប្ដី​ប្រពន្ធ​ក្នុង​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​ចំពោះ​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ មាន​ច្បាប់​ស្ដី​អំពី​ទំនៀម​ទម្លាប់​អាពាហ៍ពិពាហ៍ ដែល​រួម​មាន​ការ​មាន​គូ​អាពាហ៍ពិពាហ៍​លើស​ពី​មួយ ហើយ​ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​រៀប​ការ​ជា​មួយ​នឹង​អ្នក​គោរព​បូជា​ព្រះ​មិន​ពិត​ឡើយ។ (​សូម​អាន ចោទិយកថា ៧:៣, ៤) ពេល​មាន​បញ្ហា​ធ្ងន់​ធ្ងរ​កើត​ឡើង​ក្នុង​អាពាហ៍ពិពាហ៍ ពួក​បុរស​ចាស់​ទុំ​បាន​ជួយ។ ម្យ៉ាង​ទៀត ក៏​មាន​ច្បាប់​ដែល​ប្រឆាំង​នឹង​ការ​ផិត​ក្បត់ ប្រចណ្ឌ និង​ការ​សង្ស័យ​ដែរ។ ច្បាប់​ម៉ូសេ​អនុញ្ញាត​ឲ្យ​មាន​ការ​លែង​លះ​គ្នា ប៉ុន្ដែ​មាន​ច្បាប់​ដើម្បី​ការពារ​គូ​ម្នាក់​ៗ។ ជា​ឧទាហរណ៍ បុរស​អាច​លែង​លះ​ប្រពន្ធ​របស់​គាត់​បាន​ចំពោះ​«​សេចក្ដី​ណា​ដែល​មិន​គប្បី​»។ (​ចោទិយកថា ២៤:១​) គម្ពីរ​មិន​ពន្យល់​ថា​អ្វី​ជា​«​មិន​គប្បី​»​ទេ ប៉ុន្ដែ​ប្ដី​មិន​គួរ​យក​កំហុស​តូច​តាច​ធ្វើ​ជា​មូលហេតុ​ដើម្បី​លែង​លះ​ប្រពន្ធ​របស់​គាត់​ឡើយ។—លេវីវិន័យ ១៩:១៨

ចូរ​ស្មោះ​ត្រង់​ចំពោះ​គូ​របស់​អ្នក

១២, ១៣​. (​ក​) នៅ​សម័យ​ម៉ាឡាគី តើ​បុរស​ខ្លះ​បាន​ប្រព្រឹត្ដ​យ៉ាង​ណា​ទៅ​លើ​ប្រពន្ធ​របស់​ពួក​គេ? (​ខ​) សព្វ​ថ្ងៃ​នេះ បើ​បុគ្គល​ម្នាក់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​យក​ប្ដី​ឬ​ប្រពន្ធ​របស់​អ្នក​ឯ​ទៀត តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា?

១២ នៅ​សម័យ​ម៉ាឡាគី​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ប្ដី​ជា​ច្រើន​នាក់​ដែល​ជា​ជន​ជាតិ​យូដា​បាន​រក​លេស​គ្រប់​បែប​យ៉ាង​ដើម្បី​លែង​លះ​ប្រពន្ធ​របស់​ពួក​គេ។ បុរស​ទាំង​នោះ​លែង​លះ​ប្រពន្ធ​របស់​ពួក​គេ​ដើម្បី​ពួក​គេ​អាច​រៀប​ការ​ជា​មួយ​នឹង​ស្ដ្រី​វ័យ​ក្មេង​ជាង ឬ​ស្ដ្រី​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា។ ក្នុង​អំឡុង​គ្រា​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី បុរស​ជន​ជាតិ​យូដា​នៅ​តែ​លែង​លះ​ប្រពន្ធ​របស់​ពួក​គេ​«​ដោយ​មូលហេតុ​អ្វី​ក៏​ដោយ​»។ (​ម៉ាថាយ ១៩:៣​) ព្រះ​យេហូវ៉ា​ស្អប់​ការ​លែង​លះ​គ្នា​ទាំង​នោះ​ដែល​ខុស​ពី​ច្បាប់។—សូម​អាន ម៉ាឡាគី ២:១៣​-​១៦

១៣ សព្វ​ថ្ងៃ​នេះ ភាព​មិន​ស្មោះ​ត្រង់​ក្នុង​អាពាហ៍ពិពាហ៍​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ក្នុង​ចំណោម​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​ឡើយ ហើយ​រឿង​នេះ​មិន​សូវ​កើត​ឡើង​ទេ។ ប៉ុន្ដែ ឧបមា​ថា​បុគ្គល​ម្នាក់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ដែល​បាន​រៀប​ការ​បាន​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់ រួច​បាន​លែង​លះ​ដើម្បី​រៀប​ការ​ជា​មួយ​នឹង​អ្នក​ផ្សេង។ បើ​បុគ្គល​នោះ​មិន​បាន​ប្រែ​ចិត្ដ នោះ​គាត់​នឹង​ត្រូវ​បណ្ដាច់​មិត្ដភាព​ដើម្បី​រក្សា​ក្រុម​ជំនុំ​ឲ្យ​ស្អាត​ស្អំ​និង​បរិសុទ្ធ។ (​កូរិនថូស​ទី១ ៥:១១​-​១៣​) បុគ្គល​នោះ​ត្រូវ‹ប្រព្រឹត្ដ​យ៉ាង​ណា​ដែល​បង្ហាញ​ថា​គាត់​បាន​ប្រែ​ចិត្ដ› មុន​នឹង​ទទួល​គាត់​ជា​សមាជិក​ក្រុម​ជំនុំ​វិញ។ (​លូកា ៣:៨; កូរិនថូស​ទី២ ២:៥​-​១០​) គ្មាន​ពេល​ដែល​បាន​ត្រូវ​កំណត់​ជាក់​លាក់ ដើម្បី​ឲ្យ​បុគ្គល​នោះ​អាច​ត្រូវ​ទទួល​ស្គាល់​ជា​សមាជិក​ក្រុម​ជំនុំ​វិញ​ឡើយ។ តាម​ពិត អ្នក​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ប្រហែល​ជា​ត្រូវ​ការ​មួយ​រយៈ​ពេល ដូច​ជា​មួយ​ឆ្នាំ​ឬ​ច្រើន​ជាង​ដើម្បី​បង្ហាញ​ថា​គាត់​ពិត​ជា​បាន​ប្រែ​ចិត្ដ ហើយ​ដើម្បី​បាន​ត្រូវ​ទទួល​ជា​សមាជិក​ក្រុម​ជំនុំ​វិញ។ សូម្បី​តែ​នៅ​ពេល​នោះ​ក្ដី បុគ្គល​នោះ​នឹង​នៅ​តែ​ត្រូវ​«​ឈរ​នៅ​មុខ​កន្លែង​កាត់​ក្ដី​របស់​ព្រះ​»។—រ៉ូម ១៤:១០​-​១២

អាពាហ៍ពិពាហ៍​ក្នុង​ចំណោម​គ្រិស្ដ​សាសនិក

១៤​. តើ​ច្បាប់​ម៉ូសេ​មាន​គោល​បំណង​អ្វី?

១៤ ប្រជា​ជាតិ​អ៊ីស្រាអែល​នៅ​ក្រោម​ច្បាប់​ម៉ូសេ​អស់​រយៈ​ពេល​ជាង​១.៥០០​ឆ្នាំ។ ច្បាប់​នោះ​បាន​ជួយ​រាស្ដ្រ​របស់​ព្រះ​តាម​របៀប​ជា​ច្រើន។ ជា​ឧទាហរណ៍ ច្បាប់​នោះ​បាន​ផ្ដល់​គោល​ការណ៍​ដល់​បណ្ដា​ជន​ដើម្បី​ជួយ​ពួក​គេ​ដោះ​ស្រាយ​បញ្ហា​ក្នុង​ក្រុម​គ្រួសារ។ ម្យ៉ាង​ទៀត ច្បាប់​នោះ​ក៏​បាន​ធ្វើ​ជា​គ្រូ​ដែល​នាំ​ពួក​គេ​ទៅ​ដល់​មេស្ស៊ី​ដែរ។ (​កាឡាទី ៣:២៣, ២៤​) ច្បាប់​នោះ​បាន​ចប់​ក្រោយ​លោក​យេស៊ូ​ស្លាប់ ហើយ​ព្រះ​បាន​ធ្វើ​ការ​រៀប​ចំ​ថ្មី។ (​ហេប្រឺ ៨:៦​) ប៉ុន្ដែ មាន​អ្វី​ខ្លះ​ដែល​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ក្រោម​ច្បាប់​ម៉ូសេ ដែល​គ្រិស្ដ​សាសនិក​លែង​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ។

១៥​. (​ក​) ក្នុង​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក តើ​មាន​ខ្នាត​តម្រា​អ្វី​សម្រាប់​អាពាហ៍ពិពាហ៍? (​ខ​) តើ​គ្រិស្ដ​សាសនិក​គួរ​ពិចារណា​អ្វី​ខ្លះ​ពេល​គិត​អំពី​ការ​លែង​លះ​គ្នា?

១៥ នៅ​ថ្ងៃ​មួយ ពួក​ផារិស៊ី​បាន​សួរ​លោក​យេស៊ូ​នូវ​សំណួរ​អំពី​អាពាហ៍ពិពាហ៍។ លោក​យេស៊ូ​បាន​តប​ឆ្លើយ​ថា​ក្រោម​ច្បាប់​ម៉ូសេ​ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​លែង​លះ​គ្នា​បាន ទោះ​ជា​នោះ​មិន​មែន​ជា​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​ធ្វើ​ពី​ដំបូង​ក៏​ដោយ។ (​ម៉ាថាយ ១៩:៦​-​៨​) ចម្លើយ​របស់​លោក​យេស៊ូ​បាន​បង្ហាញ​ថា​ខ្នាត​តម្រា​ដើម​ដំបូង​របស់​ព្រះ​សម្រាប់​អាពាហ៍ពិពាហ៍ គឺ​ជា​ខ្នាត​តម្រា​សម្រាប់​គ្រិស្ដ​សាសនិក។ (​ធីម៉ូថេ​ទី១ ៣:២, ១២​) ដោយ​សារ​គូ​អាពាហ៍ពិពាហ៍​គឺ​ជា​«​សាច់​ឈាម​តែ​មួយ​»​ នោះ​ពួក​គេ​ត្រូវ​នៅ​ជា​មួយ​គ្នា​រហូត។ សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​នឹង​រក្សា​ពួក​គេ​ឲ្យ​មាន​សាមគ្គី​ភាព។ គូ​អាពាហ៍ពិពាហ៍​ដែល​លែង​លះ​គ្នា​ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​មិន​អាច​រៀប​ការ​ជា​មួយ​អ្នក​ផ្សេង​បាន​ទេ។ (​ម៉ាថាយ ១៩:៩​) បុគ្គល​ម្នាក់​អាច​សម្រេច​ចិត្ដ​អភ័យ​ទោស​ឲ្យ​គូ​ដែល​បាន​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌ តែ​បាន​ប្រែ​ចិត្ដ។ នេះ​គឺ​ដូច​ហូសេ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ បាន​អភ័យ​ទោស​ឲ្យ​កូមើរ​ដែល​ជា​ប្រពន្ធ​របស់​គាត់​ដែល​បាន​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌ ហើយ​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​បាន​ប្រែ​ចិត្ដ។ (​ហូសេ ៣:១​-​៥​) ម្យ៉ាង​ទៀត បើ​បុគ្គល​ម្នាក់​ដឹង​ថា​គូ​អាពាហ៍ពិពាហ៍​របស់​គាត់​បាន​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ហើយ​សម្រេច​ចិត្ដ​បន្ដ​រួម​ដំណេក​ជា​មួយ​នឹង​គូ​ដែល​បាន​ធ្វើ​ខុស នោះ​មាន​ន័យ​ថា​គាត់​បាន​អភ័យ​ទោស​ឲ្យ​គូ​នោះ។ បើ​ដូច្នេះ គាត់​លែង​មាន​មូលហេតុ​ស្រប​តាម​គម្ពីរ​ដើម្បី​លែង​លះ​គ្នា​ទៀត។

១៦​. តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​ភាព​នៅ​លីវ?

១៦ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា សម្រាប់​គ្រិស្ដ​សាសនិក​ពិត មាន​មូលហេតុ​តែ​មួយ​គត់​ដើម្បី​លែង​លះ​គ្នា​គឺ​ការ​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ បន្ទាប់​មក លោក​បាន​និយាយ​អំពី​«​អ្នក​ដែល​បាន​ទទួល​អំណោយ​ទាន​»​ដែល​ជា​ភាព​នៅ​លីវ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​អាច​ទទួល​យក​អ្វី​បែប​នេះ​បាន ចូរ​ទទួល​យក​ចុះ​»។ (​ម៉ាថាយ ១៩:១០​-​១២​) បង​ប្អូន​ជា​ច្រើន​នាក់​បាន​សម្រេច​ចិត្ដ​មិន​រៀប​ការ ដោយ​សារ​ពួក​គេ​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​គ្មាន​អ្វី​មក​បំបែរ​អារម្មណ៍ ហើយ​ពួក​គេ​គួរ​ទទួល​ការ​សរសើរ​ចំពោះ​ការ​សម្រេច​ចិត្ដ​របស់​ពួក​គេ!

១៧​. តើ​អ្វី​អាច​ជួយ​គ្រិស្ដ​សាសនិក​ឲ្យ​សម្រេច​ចិត្ដ​ថា​រៀប​ការ​ឬ​នៅ​លីវ?

១៧ តើ​អ្វី​អាច​ជួយ​បុគ្គល​ម្នាក់​ឲ្យ​សម្រេច​ចិត្ដ​ថា​នៅ​លីវ​ឬ​រៀប​ការ? បុគ្គល​ម្នាក់​ៗ​ត្រូវ​សម្រេច​ចិត្ដ​ថា​គាត់​អាច​រក្សា​ភាព​នៅ​លីវ​បាន​ឬ​យ៉ាង​ណា។ សាវ័ក​ប៉ូល​បាន​បញ្ជាក់​ថា​ភាព​នៅ​លីវ​គឺ​ជា​អ្វី​ល្អ​ប្រសើរ។ ប៉ុន្ដែ គាត់​ក៏​បាន​និយាយ​ដែរ​ថា​៖ ​«​ដោយ​សារ មាន​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​កើត​ឡើង​ជា​រឿយ​ៗ ចូរ​ឲ្យ​បុរស​ម្នាក់​ៗ មាន​ប្រពន្ធ​រៀង​ៗ​ខ្លួន ហើយ​ស្ដ្រី​ម្នាក់​ៗ​មាន​ប្ដី​រៀង​ៗ​ខ្លួន​ចុះ​»។ ប៉ូល​បាន​បន្ថែម​ទៀត​ថា​៖ ​«​ប្រសិន​បើ​ពួក​គាត់​ទប់​ចិត្ដ​មិន​បាន ចូរ​រៀប​ការ​ទៅ​ចុះ ព្រោះ​បើ​រៀប​ការ នោះ​គឺ​ប្រសើរ​ជាង​មាន​តណ្ហា​រោល​រាល​»។ ដូច្នេះ បុគ្គល​ម្នាក់​ប្រហែល​ជា​សម្រេច​ចិត្ដ​រៀប​ការ​ដើម្បី​មិន​ឲ្យ​មាន​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង​ខាង​ផ្លូវ​ភេទ​នាំ​ឲ្យ​គាត់​មាន​ទម្លាប់​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​ខ្លួន​ដើម្បី​បំពេញចំណង់​ផ្លូវ​ភេទ ឬ​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ដែល​នៅ​លីវ​ត្រូវ​ពិចារណា​ថា​ពួក​គេ​មាន​អាយុ​ល្មម​នឹង​រៀប​ការ​បាន​ឬ​យ៉ាង​ណា។ ប៉ូល​បាន​និយាយ​ថា​៖ ​«​ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​គិត​ថា​ការ​ប្រព្រឹត្ដ​របស់​ខ្លួន​គឺ​មិន​សមរម្យ​ព្រោះ​នៅ​លីវ ហើយ​បើ​អ្នក​នោះ​មិន​ក្មេង​ពេក អ្នក​នោះ​ត្រូវ​ធ្វើ​ដូច​ត​ទៅ​នេះ​៖ ចូរ​ឲ្យ​អ្នក​នោះ​រៀប​ការ​ទៅ បើ​ចង់​រៀប​ការ។ នោះ​មិន​មែន​ជា​ការ​ខុស​ឆ្គង​ទេ​»។ (​កូរិនថូស​ទី១ ៧:២, ៩, ៣៦; ធីម៉ូថេ​ទី១ ៤:១​-​៣​) បុគ្គល​ម្នាក់​មិន​គួរ​ទទួល​ការ​លើក​ទឹក​ចិត្ដ​ឲ្យ​រៀប​ការ​ដោយ​សារ​តែ​គាត់​មាន​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង​ខាង​ផ្លូវ​ភេទ​ដែល​មនុស្ស​ជា​ច្រើន​មាន​ក្នុង​អំឡុង​គ្រា​យុវវ័យ។ បុគ្គល​នោះ​ប្រហែល​ជា​មិន​មាន​ភាព​ចាស់​ទុំ​ល្មម​ដើម្បី​បំពេញ​ភារកិច្ច​ក្នុង​អាពាហ៍ពិពាហ៍​ឡើយ។

១៨, ១៩​. (​ក​) តើ​អាពាហ៍ពិពាហ៍​របស់​គ្រិស្ដ​សាសនិក​គួរ​ចាប់​ផ្ដើម​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៨ អាពាហ៍ពិពាហ៍​របស់​គ្រិស្ដ​សាសនិក​គួរ​តែ​ចាប់​ផ្ដើម​ដោយ​បុរស​ម្នាក់​និង​ស្ដ្រី​ម្នាក់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ដួង​ចិត្ដ។ ពួក​គេ​ក៏​គួរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​ចង់​រស់​នៅ​ជា​មួយ​គ្នា​អស់​មួយ​ជីវិត។ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ឲ្យ​ពួក​គេ ដោយ​សារ​ពួក​គេ​បាន​ធ្វើ​តាម​ឱវាទ​ដែល​ឲ្យ​រៀប​ការ​តែ​ជា​មួយ​នឹង​«​អ្នក​កាន់​តាម​លោក​ម្ចាស់​»​ប៉ុណ្ណោះ។ (​កូរិនថូស​ទី១ ៧:៣៩​) ម្យ៉ាង​ទៀត ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​នឹង​ជោគ​ជ័យ បើ​ពួក​គេ​បន្ដ​ធ្វើ​តាម​ឱវាទ​ពី​គម្ពីរ។

១៩ សព្វ​ថ្ងៃ​នេះ យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ ហើយ​មនុស្ស​ជា​ច្រើន​មិន​មាន​គុណ​សម្បត្ដិ​ដែល​ពួក​គេ​ត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បី​ឲ្យ​អាពាហ៍ពិពាហ៍​ទទួល​ជោគ​ជ័យ​ឡើយ។ (​ធីម៉ូថេ​ទី២ ៣:១​-​៥​) ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​គោល​ការណ៍​ដ៏​ល្អ​ប្រសើរ​ពី​គម្ពីរ​ដែល​អាច​ជួយ​គ្រិស្ដ​សាសនិក​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ដែល​ជោគ​ជ័យ​និង​ដ៏​សប្បាយ​រីក​រាយ ទោះ​ជា​មាន​ការ​ពិបាក​ផ្សេង​ៗ​នៅ​ជុំ​វិញ​ពួក​គេ​ក៏​ដោយ។ នេះ​នឹង​ជួយ​ពួក​គេ​ឲ្យ​បន្ដ​ដើរ​នៅ​លើ​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—ម៉ាថាយ ៧:១៣, ១៤