លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៦

ចូរ​កាន់​ជំហរ​មាំ​មួន​ចំពោះ​សេចក្ដី​ពិត​អំពី​ស្ថានភាព​មនុស្ស​ស្លាប់

ចូរ​កាន់​ជំហរ​មាំ​មួន​ចំពោះ​សេចក្ដី​ពិត​អំពី​ស្ថានភាព​មនុស្ស​ស្លាប់

​«​យើង​អាច​សម្គាល់​បណ្ដាំ​ដែល​ពិត​និង​បណ្ដាំ​បោក​បញ្ឆោត​បាន​»។—១យ៉ូន. ៤:៦

ចម្រៀង​លេខ​៧៣ សូម​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន

សេចក្ដី​សង្ខេប *

ជា​ជាង​ធ្វើ​តាម​ទំនៀម​ទម្លាប់​ដែល​ព្រះ​មិន​ពេញ​ចិត្ត ចូរ​សម្រាល​ទុក្ខ​សាច់​ញាតិ​របស់​អ្នក​ដែល​បាន​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់ (​សូម​មើល​វគ្គ​១​-​២​) *

១​-​២. (​ក​) តើ​សាថាន​បាន​បោក​បញ្ឆោត​មនុស្ស​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

សាថាន​ដែល​ជា​«​ឪ​ពុក​នៃ​ការ​ភូត​ភរ​»​បាន​បោក​បញ្ឆោត​មនុស្ស​តាំង​ពី​សម័យ​អាដាម​និង​អេវ៉ា។ (​យ៉ូន. ៨:៤៤​) ការ​កុហក​របស់​វា​រួម​បញ្ចូល​សេចក្ដី​បង្រៀន​មិន​ពិត​អំពី​សេចក្ដី​ស្លាប់​និង​អំពី​ការ​បន្ត​រស់​នៅ​ក្រោយ​ពី​ស្លាប់។ ទំនៀម​ទម្លាប់​និង​អបិយជំនឿ​ជា​ច្រើន​ដែល​ពេញ​និយម​មាន​មូលដ្ឋាន​លើ​សេចក្ដី​បង្រៀន​ទាំង​នោះ។ ជា​លទ្ធផល បង​ប្អូន​មួយ​ចំនួន​របស់​យើង​បាន​«​តស៊ូ​ដើម្បី​ការ​ពារ​ជំនឿ​»​ ពេល​សមាជិក​ក្រុម​គ្រួសារ​ឬ​មនុស្ស​ក្នុង​សហគមន៍​បាន​ស្លាប់។—យូ. ៣

បើ​អ្នក​ប្រឈម​មុខ​នឹង​ស្ថានភាព​បែប​នោះ តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​កាន់​ជំហរ​មាំ​មួន​ចំពោះ​អ្វី​ដែល​គម្ពីរ​បង្រៀន​អំពី​សេចក្ដី​ស្លាប់? (​អេភ. ៦:១១​) តើ​តាម​របៀប​ណា​អ្នក​អាច​សម្រាល​ទុក្ខ​និង​ពង្រឹង​កម្លាំង​របស់​បង​ប្អូន​រួម​ជំនឿ​ដែល​ទទួល​ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​តាម​ទំនៀម​ទម្លាប់​ដែល​ព្រះ​មិន​ពេញ​ចិត្ត? ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ការ​ណែនាំ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង។ មុន​ដំបូង សូម​យើង​ពិចារណា​អ្វី​ដែល​គម្ពីរ​ចែង​អំពី​សេចក្ដី​ស្លាប់។

សេចក្ដី​ពិត​អំពី​ស្ថានភាព​មនុស្ស​ស្លាប់

៣. តើ​ការ​កុហក​ដំបូង​បង្អស់​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

ព្រះ​មិន​មាន​គោល​បំណង​ឲ្យ​មនុស្ស​ស្លាប់​ទេ។ ប៉ុន្តែ​ដើម្បី​រស់​ជា​រៀង​រហូត អាដាម​និង​អេវ៉ា​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ លោក​បាន​ឲ្យ​បង្គាប់​ដ៏​សាមញ្ញ​មួយ​ដល់​ពួក​គេ គឺ​ថា​៖ ​«​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។ (​លោ. ២:១៦, ១៧​) ប៉ុន្តែ សាថាន​បាន​នាំ​ឲ្យ​មាន​បញ្ហា។ តាម​រយៈ​សត្វ​ពស់ វា​និយាយ​ទៅ​កាន់​អេវ៉ា​ថា​៖ ​«​អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ​»។ គួរ​ឲ្យ​ស្ដាយ​ណាស់ គាត់​បាន​ជឿ​ការ​កុហក​នោះ ហើយ​បាន​បរិភោគ​ផ្លែ​នោះ។ ក្រោយ​មក ប្ដី​របស់​គាត់​ក៏​បាន​បរិភោគ​ផ្លែ​ពី​ដើម​នោះ​ដែរ។ (​លោ. ៣:៤,​) តាម​របៀប​នេះ ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​បាន​ចូល​ក្នុង​ពិភព​លោក។—រ៉ូម ៥:១២

៤​-​៥. តើ​សាថាន​បាន​បន្ត​បោក​បញ្ឆោត​មនុស្ស​យ៉ាង​ដូច​ម្ដេច?

អាដាម​និង​អេវ៉ា​បាន​ស្លាប់ ដូច​ដែល​ព្រះ​បាន​មាន​ប្រសាសន៍។ ប៉ុន្តែ សាថាន​មិន​ឈប់​កុហក​អំពី​សេចក្ដី​ស្លាប់​ទេ។ ក្រោយ​មក វា​ចាប់​ផ្ដើម​ប្រើ​ពាក្យ​កុហក​ផ្សេង​ទៀត។ ការ​ភូត​ភរ​មួយ​គឺ​សេចក្ដី​បង្រៀន​ថា​រូប​កាយ​ស្លាប់ ប៉ុន្តែ​ព្រលឹង​របស់​បុគ្គល​នោះ​បន្ត​រស់​នៅ ប្រហែល​ជា​នៅ​ក្នុង​ពិភព​នៃ​ពួក​វិញ្ញាណ។ ការ​កុហក​ស្រដៀង​នឹង​នេះ​បាន​បោក​បញ្ឆោត​មនុស្ស​ជា​ច្រើន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។—១ធី. ៤:១

ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​ចាញ់​ការ​បោក​បញ្ឆោត​នេះ? សាថាន​ដឹង​អំពី​អារម្មណ៍​ធម្មជាតិ​របស់​មនុស្ស​ចំពោះ​សេចក្ដី​ស្លាប់ ដូច្នេះ​វា​ប្រើ​អារម្មណ៍​បែប​នេះ​ដើម្បី​បំភាន់​មនុស្ស។ ដោយ​សារ​ព្រះ​បាន​បង្កើត​យើង​ឲ្យ​រស់​ជា​រៀង​រហូត យើង​មិន​ចង់​ស្លាប់​ទេ។ (​សាស្ដ. ៣:១១​) យើង​ចាត់​ទុក​សេចក្ដី​ស្លាប់​ជា​សត្រូវ។—១កូ. ១៥:២៦

៦​-​៧. (​ក​) តើ​សាថាន​អាច​លាក់​បាំង​ការ​ពិត​អំពី​មនុស្ស​ស្លាប់​ឬ​ទេ? សូម​ពន្យល់។ (​ខ​) តើ​សេចក្ដី​ពិត​ពី​គម្ពីរ​ជួយ​យើង​ឲ្យ​មិន​ភ័យ​ខ្លាច​យ៉ាង​ដូច​ម្ដេច?

ទោះ​ជា​សាថាន​ខំ​ព្យាយាម​យ៉ាង​ណា​ក្ដី សេចក្ដី​ពិត​អំពី​សេចក្ដី​ស្លាប់​មិន​បាន​ត្រូវ​លាក់​បាំង​ទេ។ តាម​ការ​ពិត មនុស្ស​ច្រើន​ជាង​សម័យ​មុន​ៗ​ទៅ​ទៀត​ដឹង​និង​ប្រកាស​ប្រាប់​អំពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ស្តី​អំពី​ស្ថានភាព​មនុស្ស​ស្លាប់​និង​សេចក្ដី​សង្ឃឹម​ចំពោះ​ពួក​គេ។ (​សាស្ដ. ៩:៥, ១០; សកម្ម. ២៤:១៥​) សេចក្ដី​បង្រៀន​ទាំង​នេះ​សម្រាល​ទុក្ខ​យើង ហើយ​ជួយ​យើង​មិន​ឲ្យ​ភ័យ​ខ្លាច​ឬ​ឆ្ងល់​អំពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​មនុស្ស​ស្លាប់។ ជា​ឧទាហរណ៍ យើង​មិន​ខ្លាច​មនុស្ស​ដែល​បាន​ស្លាប់ ហើយ​យើង​ក៏​មិន​ខ្លាច​ថា​អ្វី​អាក្រក់​នឹង​កើត​ឡើង​ចំពោះ​ពួក​គេ​ដែរ។ យើង​ដឹង​ថា​ពួក​គេ​លែង​មាន​ជីវិត​រស់​នៅ ហើយ​មិន​អាច​ធ្វើ​បាប​អ្នក​ណា​បាន​ឡើយ។ គឺ​ប្រៀប​ដូច​ជា​ពួក​គេ​កំពុង​ដេក​លក់​ស៊ប់។ (​យ៉ូន. ១១:១១​-​១៤​) យើង​ក៏​ដឹង​ដែរ​ថា​មនុស្ស​ស្លាប់​មិន​ដឹង​អំពី​ពេល​វេលា​ដែល​កន្លង​ទៅ​តាំង​ពី​ពួក​គេ​បាន​ស្លាប់។ ដូច្នេះ​ក្នុង​អំឡុង​ពេល​ដែល​មនុស្ស​ស្លាប់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ សូម្បី​តែ​ពួក​អ្នក​ដែល​បាន​ស្លាប់​រាប់​រយ​ឆ្នាំ​ហើយ ក៏​នឹង​គិត​ថា​ពេល​វេលា​ដែល​បាន​កន្លង​ទៅ​នោះ​គឺ​តែ​មួយ​ភ្លែត ដូច​ជា​មួយ​ប៉ប្រិច​ភ្នែក។

អ្នក​ប្រាកដ​ជា​យល់​ស្រប​ថា​សេចក្ដី​ពិត​អំពី​ស្ថានភាព​មនុស្ស​ស្លាប់​គឺ​ច្បាស់ ស្រួល​យល់ និង​សម​ហេតុ​ផល។ នេះ​គឺ​ផ្ទុយ​ស្រឡះ​ពី​ការ​ភូត​ភរ​ដ៏​ស្មុគ​ស្មាញ​របស់​សាថាន! ក្រៅ​ពី​ការ​បំភាន់​មនុស្ស សាថាន​ក៏​បង្កាច់​បង្ខូច​ព្រះ​ដែល​ជា​អ្នក​បង្កើត​ដែរ។ ដើម្បី​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ការ​ពិបាក​ដែល​សាថាន​បាន​បង្ក​ឡើង យើង​នឹង​ពិចារណា​សំណួរ​ដូច​ត​ទៅ​នេះ​៖ តើ​ការ​កុហក​របស់​សាថាន​បាន​បង្កាច់​បង្ខូច​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? តើ​ការ​កុហក​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​គិត​ថា​គ្រឿង​បូជា​លោះ​របស់​គ្រិស្ត​គឺ​មិន​សំខាន់​ចាំ​បាច់​យ៉ាង​ដូច​ម្ដេច? តើ​តាម​របៀប​ណា​ការ​កុហក​ទាំង​នោះ​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​កើត​ទុក្ខ​និង​ឈឺ​ចាប់?

ការ​កុហក​របស់​សាថាន​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ជា​ច្រើន

៨. ដូច​ដែល​បាន​ចែង​នៅ​យេរេមា ១៩:៥ តើ​ការ​កុហក​របស់​សាថាន​អំពី​សេចក្ដី​ស្លាប់​បង្កាច់​បង្ខូច​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

ការ​ភូត​ភរ​របស់​សាថាន​អំពី​ស្ថានភាព​មនុស្ស​ស្លាប់ បង្កាច់​បង្ខូច​ព្រះ​យេហូវ៉ា។ ការ​កុហក​ទាំង​នោះ​រួម​បញ្ចូល​សេចក្ដី​បង្រៀន​មិន​ពិត​ដែល​ថា​មនុស្ស​ស្លាប់​រង​ទារុណកម្ម​ក្នុង​ភ្លើង។ សេចក្ដី​បង្រៀន​បែប​នេះ​បង្កាច់​បង្ខូច​ព្រះ! តើ​តាម​របៀប​ណា? សេចក្ដី​បង្រៀន​បែប​នេះ​នាំ​ឲ្យ​មនុស្ស​ជឿ​ថា​ព្រះ​មាន​បុគ្គលិក​លក្ខណៈ​ដូច​មេ​កំណាច ទោះ​ជា​តាម​ពិត​លោក​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់​ក្ដី។ (​១យ៉ូន. ៤:៨​) តើ​នេះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? សំខាន់​ជាង​នេះ​ទៅ​ទៀត តើ​នេះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា? តាម​ពិត លោក​ស្អប់​អំពើ​ឃោរ​ឃៅ​គ្រប់​បែប​យ៉ាង។—សូម​អាន យេរេមា ១៩:៥

៩. តើ​ការ​ភូត​ភរ​របស់​សាថាន​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ណា​ទៅ​លើ​ជំនឿ​លើ​គ្រឿង​បូជា​លោះ​របស់​គ្រិស្ត​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​យ៉ូហាន ៣:១៦ និង​១៥:១៣?

ការ​ភូត​ភរ​របស់​សាថាន​អំពី​សេចក្ដី​ស្លាប់​ធ្វើ​ឲ្យ​មនុស្ស​គិត​ថា​គ្រឿង​បូជា​លោះ​របស់​គ្រិស្ត​គឺ​មិន​សំខាន់​ចាំ​បាច់​ទេ។ (​ម៉ាថ. ២០:២៨​) ការ​កុហក​មួយ​ទៀត​របស់​សាថាន​គឺ​ថា​មនុស្ស​មាន​ព្រលឹង​អមតៈ។ បើ​នេះ​ជា​ការ​ពិត មនុស្ស​នឹង​រស់​នៅ​ជា​រៀង​រហូត ហើយ​គ្រិស្ត​មិន​ចាំ​បាច់​ឲ្យ​ជីវិត​របស់​លោក​ជា​ថ្លៃ​លោះ​ដើម្បី​ឲ្យ​យើង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ទេ។ សូម​ចាំ​ថា​គ្រឿង​បូជា​របស់​គ្រិស្ត​គឺ​ជា​ទង្វើ​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​បំផុត​ចំពោះ​មនុស្សជាតិ។ (​សូម​អាន យ៉ូហាន ៣:១៦; ១៥:១៣) សូម​ស្រមៃ​គិត​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​ចំពោះ​សេចក្ដី​បង្រៀន​ដែល​ធ្វើ​ឲ្យ​អំណោយ​ដ៏​វិសេស​វិសាល​នេះ​ទៅ​ជា​អ្វី​ដែល​មិន​ចាំ​បាច់​ទៅ​វិញ!

១០. តើ​ការ​ភូត​ភរ​របស់​សាថាន​អំពី​សេចក្ដី​ស្លាប់​នាំ​ឲ្យ​មនុស្ស​កាន់​តែ​កើត​ទុក្ខ​និង​ឈឺ​ចាប់​យ៉ាង​ដូច​ម្ដេច?

១០ ការ​កុហក​របស់​សាថាន​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​កើត​ទុក្ខ​និង​ឈឺ​ចាប់។ ជួន​កាល​មាន​គេ​ប្រាប់​ឪ​ពុក​ម្ដាយ​ដែល​កំពុង​កើត​ទុក្ខ​ពេល​កូន​របស់​ពួក​គេ​បាន​ស្លាប់​ថា ព្រះ​យក​កូន​នោះ​ទៅ​ស្ថាន​សួគ៌​ដើម្បី​ធ្វើ​ជា​ទេវតា។ តើ​ការ​ភូត​ភរ​នេះ​របស់​សាថាន​កាត់​បន្ថយ ឬ​ក៏​បន្ថែម​ការ​ឈឺ​ចាប់​របស់​ពួក​គេ? ម្យ៉ាង​ទៀត មនុស្ស​ធ្លាប់​ប្រើ​សេចក្ដី​បង្រៀន​មិន​ពិត​អំពី​ភ្លើង​នរក​ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ការ​ដាក់​ទារុណកម្ម​អ្នក​ឯ​ទៀត ដូច​ជា​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​សេចក្ដី​បង្រៀន​របស់​សាសនា​កាតូលិក​បាន​ត្រូវ​គេ​ដុត​ទាំង​រស់។ យោង​ទៅ​តាម​សៀវភៅ​មួយ​អំពី​សាលា​ក្ដី​របស់​សាសនា​កាតូលិក​នៅ​ប្រទេស​អេស្ប៉ាញ​សម័យ​បុរាណ អ្នក​ខ្លះ​ដែល​ជា​អ្នក​ចាត់​ចែង​អំពើ​ឃោរ​ឃៅ​នោះ ប្រហែល​ជា​បាន​ជឿ​ថា​ពួក​គេ​គ្រាន់​តែ​ឲ្យ​អ្នក​ក្បត់​ជំនឿ​នោះ​«​ភ្លក់​ឲ្យ​ដឹង​ថា​ការ​រង​ទុក្ខ​ក្នុង​ភ្លើង​នរក​ជា​រៀង​រហូត​គឺ​យ៉ាង​ណា​»​ដើម្បី​ឲ្យ​អ្នក​នោះ​អាច​ប្រែ​ចិត្ត​មុន​នឹង​ស្លាប់ ហើយ​មិន​ចាំ​បាច់​ចូល​ក្នុង​ភ្លើង​នរក​ទេ។ មួយ​វិញ​ទៀត នៅ​ប្រទេស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ មនុស្ស​គិត​ថា​ពួក​គេ​ត្រូវ​គោរព​និង​សែន​ជីដូន​ជីតា ព្រម​ទាំង​សុំ​សេចក្ដី​សុខ​និង​ភាព​ចម្រុង​ចម្រើន​ពី​ពួក​គេ។ មនុស្ស​ខ្លះ​ទៀត​ធ្វើ​អ្វី​ផ្សេង​ៗ​ដើម្បី​កុំ​ឲ្យ​ដូន​តា​កាច់​ពួក​គេ។ គួរ​ឲ្យ​ស្ដាយ​ណាស់ ជំនឿ​ដែល​មាន​មូលដ្ឋាន​លើ​ការ​ភូត​ភរ​របស់​សាថាន​មិន​ផ្ដល់​ការ​សម្រាល​ទុក្ខ​ពិត​ប្រាកដ​ដល់​មនុស្ស​ទេ។ ផ្ទុយ​ទៅ​វិញ នោះ​នាំ​ឲ្យ​មនុស្ស​ខ្វល់​ខ្វាយ​ឬ​ថែម​ទាំង​នាំ​ឲ្យ​ភ័យ​ខ្លាច​ទៀត​ផង។

របៀប​យើង​អាច​កាន់​ជំហរ​មាំ​មួន ចំពោះ​សេចក្ដី​ពិត​ពី​គម្ពីរ

១១. តើ​សាច់​ញាតិ​ឬ​មិត្ត​ភក្ដិ​ដែល​មាន​បំណង​ល្អ​ប្រហែល​ជា​ព្យាយាម​បង្ខិត​បង្ខំ​យើង​ឲ្យ​ធ្វើ​ខុស​ពី​បណ្ដាំ​របស់​ព្រះ​តាម​របៀប​ណា?

១១ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​បណ្ដាំ​របស់​លោក​ពង្រឹង​កម្លាំង​យើង​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ទោះ​ជា​សាច់​ញាតិ​ឬ​មិត្ត​ភក្ដិ​ដែល​មាន​បំណង​ល្អ ព្យាយាម​បង្ខិត​បង្ខំ​យើង​ឲ្យ​រួម​ចំណែក​ក្នុង​ទំនៀម​ទម្លាប់​ខុស​ពី​គោល​ការណ៍​គម្ពីរ​ចំពោះ​មនុស្ស​ស្លាប់​ក្ដី។ ពួក​គេ​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​អាម៉ាស់​មុខ​ដោយ​និយាយ​ថា យើង​មិន​ស្រឡាញ់​និង​គោរព​បុគ្គល​ដែល​បាន​ស្លាប់​នោះ​ទេ។ ឬ​ពួក​គេ​ប្រហែល​ជា​និយាយ​ថា​ការ​ប្រព្រឹត្ត​របស់​យើង​នឹង​នាំ​ឲ្យ​អ្នក​ដែល​បាន​ស្លាប់​នោះ​ធ្វើ​បាប​អ្នក​ដែល​នៅ​រស់។ តើ​យើង​អាច​កាន់​ជំហរ​មាំ​មួន​ចំពោះ​សេចក្ដី​ពិត​ពី​គម្ពីរ​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ដូច​ខាង​ក្រោម​នេះ។

១២. តើ​ទំនៀម​ទម្លាប់​អ្វី​ខ្លះ​ដែល​ជាប់​ទាក់​ទង​នឹង​មនុស្ស​ស្លាប់​ច្បាស់​ជា​មិន​សម​ស្រប​នឹង​គម្ពីរ?

១២ ចូរ​តាំង​ចិត្ត​«​ញែក​ខ្លួន​ចេញ​»​ពី​ទំនៀម​ទម្លាប់​ឬ​សេចក្ដី​បង្រៀន​ដែល​មិន​សម​ស្រប​តាម​គម្ពីរ។ (​២កូ. ៦:១៧​) នៅ​ប្រទេស​មួយ​នា​សមុទ្រ​ការីប មនុស្ស​ជា​ច្រើន​ជឿ​ថា​ក្រោយ​ពី​មនុស្ស​ស្លាប់ ​«​ព្រលឹង​»​របស់​គាត់​នៅ​វិល​វល់​នៅ​ម្ដុំ​នោះ ហើយ​តាម​ចង​ពៀរ​ពួក​អ្នក​ដែល​ធ្លាប់​ធ្វើ​បាប​គាត់។ ឯកសារ​យោង​មួយ​បាន​ចែង​ថា​៖ ​«​ព្រលឹង​»​នោះ ប្រហែល​ជា​ថែម​ទាំង​«​ធ្វើ​ឲ្យ​សហគមន៍​មាន​ភាព​ច្របូក​ច្របល់​»។ នៅ​ទ្វីប​អាហ្វ្រិក​មនុស្ស​មាន​ទម្លាប់​យក​អ្វី​មក​គ្រប​កញ្ចក់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ស្លាប់ ហើយ​បែរ​រូប​ថត​ផ្ទប់​នឹង​ជញ្ជាំង។ ហេតុ​អ្វី? អ្នក​ខ្លះ​និយាយ​ថា​អ្នក​ស្លាប់​មិន​ត្រូវ​ឃើញ​រូប​ខ្លួន​ឯង​ទេ! ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា យើង​ច្បាស់​ជា​មិន​ជឿ​សេចក្ដី​បង្រៀន​មិន​ពិត ឬ​រួម​ចំណែក​ក្នុង​ទំនៀម​ទម្លាប់​ដែល​លើក​ស្ទួយ​ការ​ភូត​ភរ​របស់​សាថាន​ឡើយ!—១កូ. ១០:២១, ២២

ការ​ស្រាវ​ជ្រាវ​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ព័ត៌មាន​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ និង​ការ​ប្រាស្រ័យ​ទាក់​ទង​ល្អ​ជា​មួយ​នឹង​សាច់​ញាតិ​ដែល​មិន​មែន​ជា​សាក្សី អាច​ជួយ​អ្នក​ឲ្យ​ជៀស​វាង​ពី​បញ្ហា​ផ្សេង​ៗ​ (​សូម​មើល​វគ្គ​១៣​-​១៤​) *

១៣. យោង​ទៅ​តាម​យ៉ាកុប ១:៥ បើ​អ្នក​មិន​ដឹង​ច្បាស់​អំពី​ទំនៀម​ទម្លាប់​និង​ការ​ប្រព្រឹត្ត​ណា​មួយ តើ​អ្នក​គួរ​ធ្វើ​អ្វី?

១៣ បើ​អ្នក​មិន​ដឹង​ច្បាស់​អំពី​ទំនៀម​ទម្លាប់​និង​ការ​ប្រព្រឹត្ត​ណា​មួយ ចូរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​ដោយ​ជំនឿ​ចូរ​សុំ​ប្រាជ្ញា​ពី​លោក។ (​សូម​អាន យ៉ាកុប ១:៥) ក្រោយ​មក​សូម​ធ្វើ​ការ​ស្រាវ​ជ្រាវ​ក្នុង​សៀវភៅ​របស់​យើង។ បើ​ចាំ​បាច់ សូម​សុំ​យោបល់​ពី​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។ ពួក​គេ​នឹង​មិន​ប្រាប់​អ្នក​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ទេ តែ​ពួក​គេ​អាច​ជួយ​អ្នក​ឲ្យ​រក​ឃើញ​គោល​ការណ៍​គម្ពីរ​ផ្សេង​ៗ​ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​អត្ថបទ​នេះ​ជា​ដើម។ កាល​ដែល​អ្នក​ធ្វើ​អ្វី​ទាំង​នេះ អ្នក​បង្វឹក​បង្ហាត់​«​សមត្ថភាព​យល់​ដឹង​»​របស់​អ្នក ហើយ​សមត្ថភាព​នេះ​នឹង​ជួយ​អ្នក​ឲ្យ​«​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​»។—ហេ. ៥:១៤

១៤. តើ​យើង​អាច​ជៀស​វាង​ពី​ការ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជំពប់​ដួល​យ៉ាង​ដូច​ម្ដេច?

១៤ ‹ចូរ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង។ កុំ​បង្ក​ហេតុ​ឲ្យ​អ្នក​ឯ​ទៀត​ជំពប់​ដួល›។ (​១កូ. ១០:៣១, ៣២​) ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​យើង​គួរ​រួម​ចំណែក​ក្នុង​ទំនៀម​ទម្លាប់​ណា​មួយ​ឬ​យ៉ាង​ណា យើង​ក៏​គួរ​គិត​អំពី​ឥទ្ធិពល​ដែល​ការ​សម្រេច​ចិត្ត​របស់​យើង​អាច​មាន​លើ​អ្នក​ឯ​ទៀត ជា​ពិសេស​បង​ប្អូន​រួម​ជំនឿ។ យើង​មិន​ចង់​បណ្ដាល​ឲ្យ​អ្នក​ណា​ម្នាក់​ជំពប់​ដួល​ឡើយ! (​ម៉ាក. ៩:៤២​) យើង​ក៏​ចង់​ជៀស​វាង​ពី​ការ​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​មែន​ជា​សាក្សី​ទើស​ចិត្ត​បើ​មិន​ចាំ​បាច់​នោះ​ទេ។ សេចក្ដី​ស្រឡាញ់​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​និយាយ​ទៅ​កាន់​ពួក​គេ​ដោយ​ការ​គោរព ហើយ​នេះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង។ យើង​ច្បាស់​ជា​មិន​ឈ្លោះ​ប្រកែក​ជា​មួយ​អ្នក​ឯ​ទៀត​ឬ​រិះ​គន់​ទំនៀម​ទម្លាប់​របស់​ពួក​គេ​ទេ។ សូម​ចាំ​ថា សេចក្ដី​ស្រឡាញ់​មាន​ឥទ្ធិពល​ខ្លាំង! ពេល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ចេះ​គិត​អំពី​អ្នក​ឯ​ទៀត​និង​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​គេ យើង​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឆាំង​ទន់​ចិត្ត។

១៥​-​១៦. (​ក​) ហេតុ​អ្វី​ការ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​អ្នក​គឺ​ជា​ការ​ឈ្លាស​វៃ? សូម​លើក​ឧទាហរណ៍​មួយ។ (​ខ​) តើ​ពាក្យ​របស់​ប៉ូល​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​រ៉ូម ១:១៦​ជាប់​ទាក់​ទង​នឹង​យើង​យ៉ាង​ដូច​ម្ដេច?

១៥ ចូរ​ប្រាប់​មនុស្ស​ដែល​នៅ​ជុំ​វិញ​អ្នក​ឲ្យ​ដឹង​ថា​អ្នក​ជា​សាក្សី​ព្រះ​យេហូវ៉ា។ (​អេ. ៤៣:១០​) កាល​ដែល​សាច់​ញាតិ​និង​អ្នក​ជិត​ខាងរបស់​អ្នក​ដឹង​ថា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា អ្នក​ទំនង​ជា​ស្រួល​ជាង​ពេល​ប្រឈម​មុខ​នឹង​រឿង​ខ្លោច​ផ្សារ។ បង​ប្រុស​ហ្វ្រានស៊ីស្កូ​ដែល​រស់​នៅ​ប្រទេស​ម៉ូសំប៊ិក សរសេរ​ថា​៖ ​«​ពេល​ខ្ញុំ​និង​ការ៉ូលលីណា​ដែល​ជា​ប្រពន្ធ​របស់​ខ្ញុំ​បាន​រៀន​សេចក្ដី​ពិត យើង​បាន​ប្រាប់​ក្រុម​គ្រួសារ​របស់​យើង​ថា យើង​នឹង​លែង​ធ្វើ​អ្វី​ដែល​ជាប់​ទាក់​ទង​នឹង​ការ​គោរព​បូជា​មនុស្ស​ស្លាប់។ ការ​សម្រេច​ចិត្ត​របស់​យើង​បាន​ត្រូវ​សាកល្បង​ពេល​ដែល​បង​ស្រី​របស់​ការ៉ូលលីណា​បាន​ស្លាប់។ នៅ​តំបន់​ដែល​យើង​រស់​នៅ គេ​សម្អាត​សាក​សព​ឲ្យ​ស្អាត​បរិសុទ្ធ​តាម​បែប​សាសនា រួច​មក​សាច់​ញាតិ​ម្នាក់​ដែល​ជិត​ដិត​បំផុត​ត្រូវ​ដេក​អស់​បី​ថ្ងៃ​នៅ​កន្លែង​ដែល​គេ​ចាក់​ទឹក​លាង​សម្អាត​សាក​សព​នោះ។ ទំនៀម​ទម្លាប់​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ព្រលឹង​របស់​មនុស្ស​ស្លាប់​នោះ​មិន​ខឹង​សម្បា។ ក្រុម​គ្រួសារ​របស់​ការ៉ូលលីណា​បាន​រំពឹង​ថា​គាត់​នឹង​បំពេញ​ភារកិច្ច​នេះ​»។

១៦ តើ​បង​ហ្វ្រានស៊ីស្កូ​និង​ប្រពន្ធ​របស់​គាត់​បាន​ធ្វើ​អ្វី? បង​ហ្វ្រានស៊ីស្កូ​ពន្យល់​ថា​៖ ​«​ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត យើង​មិន​ព្រម​ចូល​រួម​ធ្វើ​អ្វី​បែប​នោះ​ទេ។ ក្រុម​គ្រួសារ​របស់​ការ៉ូលលីណា​ខឹង​ជា​ខ្លាំង។ ពួក​គេ​ចោទ​ប្រកាន់​ថា​យើង​មិន​បង្ហាញ​ការ​គោរព​ចំពោះ​មនុស្ស​ស្លាប់ ហើយ​ថា​ពួក​គាត់​នឹង​ឈប់​មក​លេង​និង​ជួយ​យើង​ទៀត។ ដោយ​សារ​យើង​បាន​ពន្យល់​អំពី​ជំនឿ​របស់​យើង​មុន​ពេល​នោះ​រួច​ហើយ យើង​មិន​បាន​និយាយ​អំពី​រឿង​នេះ​ជា​មួយ​នឹង​ពួក​គេ​ម្ដង​ទៀត​នៅ​ពេល​ដែល​ពួក​គេ​ខឹង​ទេ។ សាច់​ញាតិ​ខ្លះ​ថែម​ទាំង​បាន​គាំ​ទ្រ​យើង ដោយ​និយាយ​ថា​យើង​បាន​ពន្យល់​អំពី​ជំនឿ​របស់​យើង​រួច​ហើយ។ យូរ​ៗ​ទៅ សាច់​ញាតិ​របស់​ការ៉ូលលីណា​បាន​ត្រជាក់​ចិត្ត ហើយ​យើង​អាច​មាន​សន្ដិ​ភាព។ សាច់​ញាតិ​ខ្លះ​ថែម​ទាំង​បាន​មក​ផ្ទះ​យើង​ដើម្បី​សុំ​សៀវភៅ​របស់​យើង​អំពី​គម្ពីរ​»។ សូម​កុំ​ឲ្យ​យើង​អៀន​ខ្មាស​ពេល​យើង​ការ​ពារ​សេចក្ដី​ពិត​អំពី​ស្ថានភាព​មនុស្ស​ស្លាប់​ឡើយ។—សូម​អាន រ៉ូម ១:១៦

ចូរ​សម្រាល​ទុក្ខ​និង​គាំ​ទ្រ​ពួក​អ្នក​ដែល​កើត​ទុក្ខ

មិត្ត​ពិត​សម្រាល​ទុក្ខ​និង​គាំ​ទ្រ ពួក​អ្នក​ដែល​បាន​បាត់​បង់ បុគ្គល​ជា​ទី​ស្រឡាញ់ (​សូម​មើល​វគ្គ​១៧​-​១៩​) *

១៧. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ជា​មិត្ត​សម្លាញ់​ពិត​របស់​បង​ប្អូន​គ្រិស្ត​សាសនិក​ពិត​ដែល​កំពុង​កើត​ទុក្ខ?

១៧ ពេល​បង​ប្អូន​រួម​ជំនឿ​បាន​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់ យើង​គួរ​ព្យាយាម​ធ្វើ​ជា​«​មិត្រ​សំឡាញ់​»​ពិត ‹ជា​បង​ប្អូន​ដែល​កើត​មក​សំ​រាប់​គ្រា​លំបាក›។ (​សុភ. ១៧:១៧​) តើ​យើង​អាច​ធ្វើ​ជា​«​មិត្រ​សំឡាញ់​»​ពិត​របស់​បង​ប្អូន​ដែល​កើត​ទុក្ខ​យ៉ាង​ដូច​ម្ដេច ជា​ពិសេស​បើ​គេ​កំពុង​ព្យាយាម​បង្ខិត​បង្ខំ​គាត់​ឲ្យ​ចូល​រួម​ធ្វើ​អ្វី​ដែល​មិន​សម​ស្រប​នឹង​គម្ពីរ? សូម​គិត​អំពី​គោល​ការណ៍​គម្ពីរ​ពីរ​ដែល​អាច​ជួយ​យើង​ឲ្យ​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​កើត​ទុក្ខ។

១៨. តើ​អ្វី​ជំរុញ​ចិត្ត​លោក​យេស៊ូ​ឲ្យ​ស្រក់​ទឹក​ភ្នែក ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​លោក?

១៨ ​«​ចូរ​យំ​ជា​មួយ​នឹង​អ្នក​ដែល​កំពុង​យំ​»។ (​រ៉ូម ១២:១៥​) យើង​ប្រហែល​ជា​មិន​ដឹង​ថា​យើង​គួរ​និយាយ​អ្វី​ទៅ​កាន់​បង​ប្អូន​ដែល​កំពុង​កើត​ទុក្ខ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពេល​យើង​យំ​ជា​មួយ​នឹង​បង​ប្អូន​នោះ គាត់​ដឹង​ថា​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។ ពេល​ឡាសា​ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក​យេស៊ូ​បាន​ស្លាប់ ម៉ារៀ ម៉ាថា និង​អ្នក​ឯ​ទៀត​បាន​យំ​ដោយ​សារ​ពួក​គេ​បាន​បាត់​បង់​ប្អូន​ប្រុស​និង​មិត្ត​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ។ បួន​ថ្ងៃ​ក្រោយ​មក​ពេល​លោក​យេស៊ូ​បាន​ទៅ​ដល់ លោក​ក៏​បាន​«​ស្រក់​ទឹក​ភ្នែក​»​ដែរ ទោះ​ជា​លោក​ដឹង​ថា​បន្ដិច​ទៀត​លោក​នឹង​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ​ក្ដី។ (​យ៉ូន. ១១:១៧, ៣៣​-​៣៥​) ការ​ដែល​លោក​យេស៊ូ​ស្រក់​ទឹក​ភ្នែក នោះ​បង្ហាញ​អំពី​អារម្មណ៍​របស់​បិតា​លោក។ នេះ​ក៏​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​ដែល​លោក​យេស៊ូ​មាន​ចំពោះ​ក្រុម​គ្រួសារ​នោះ ហើយ​នេះ​ច្បាស់​ជា​បាន​សម្រាល​ទុក្ខ​ម៉ារៀ​និង​ម៉ាថា។ ស្រដៀង​គ្នា​ដែរ ពេល​ដែល​បង​ប្អូន​ដឹង​ថា​យើង​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ នោះ​ពួក​គេ​ដឹង​ថា​ពួក​គេ​មិន​នៅ​ម្នាក់​ឯង​ទេ ប៉ុន្តែ​មាន​មិត្ត​ភក្ដិ​ជា​ច្រើន​ដែល​គាំ​ទ្រ​និង​គិត​អំពី​ពួក​គេ។

១៩. តើ​យើង​អាច​ធ្វើ​តាម​សាស្ដា ៣:៧​យ៉ាង​ដូច​ម្ដេច ពេល​យើង​សម្រាល​ទុក្ខ​បង​ប្អូន​ដែល​កើត​ទុក្ខ?

១៩ ​«​មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម ហើយ​ពេល​សំ​រាប់​និយាយ​»។ (​សាស្ដ. ៣:៧​) របៀប​មួយ​ទៀត​ដើម្បី​សម្រាល​ទុក្ខ​បង​ប្អូន​ណា​ម្នាក់​ដែល​កំពុង​កើត​ទុក្ខ គឺ​ដោយ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​គាត់។ សូម​ឲ្យ​គាត់​និយាយ​អស់​ពី​ចិត្ត ហើយ​កុំ​ទើស​ចិត្ត​ពេល​គាត់​និយាយ​អ្វី​ដែល​«​ជ្រួស​ហួស​»។ (​យ៉ូប ៦:២, ៣​) គាត់​ប្រហែល​ជា​មាន​ការ​តាន​តឹង​ចិត្ត​ថែម​ទៀត​ដោយ​សារ​ការ​បង្ខិត​បង្ខំ​ពី​សាច់​ញាតិ​ដែល​មិន​មែន​ជា​សាក្សី។ ដូច្នេះ សូម​អធិដ្ឋាន​ជា​មួយ​នឹង​គាត់។ ចូរ​អង្វរ​សុំ​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​»​ឲ្យ​ផ្ដល់​កម្លាំង​និង​ជួយ​គាត់​ឲ្យ​ដឹង​ច្បាស់​អំពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ។ (​ទំនុក. ៦៥:២​) បើ​អាច​ធ្វើ​បាន សូម​អាន​គម្ពីរ​ជា​មួយ​គាត់។ ឬ​សូម​អាន​អត្ថបទ​មួយ​ពី​សៀវភៅ​របស់​យើង ដូច​ជា​ជីវប្រវត្ដិ​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ជា​ដើម។

២០. តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​អត្ថបទ​បន្ទាប់?

២០ យើង​មាន​ឯកសិទ្ធិ​មែន​ដែល​យើង​ស្គាល់​សេចក្ដី​ពិត​អំពី​ស្ថានភាព​មនុស្ស​ស្លាប់​និង​អនាគត​ដ៏​អស្ចារ្យ​ចំពោះ​ពួក​អ្នក​ដែល​នៅ​ក្នុង​ផ្នូរ​សម្រាប់​ជា​ទី​រំលឹក។ (​យ៉ូន. ៥:២៨, ២៩​) ដូច្នេះ តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង សូម​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន​ក្នុង​ការ​កាន់​ជំហរ​មាំ​មួន​ចំពោះ​សេចក្ដី​ពិត​ពី​គម្ពីរ ហើយ​ប្រាប់​សេចក្ដី​ពិត​នេះ​ដល់​អ្នក​ឯ​ទៀត​នៅ​គ្រប់​ឱកាស។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​អ្វី​មួយ​ទៀត​ដែល​សាថាន​ប្រើ​ដើម្បី​រា​រាំង​មនុស្ស​មិន​ឲ្យ​ស្គាល់​សេចក្ដី​ពិត ពោល​គឺ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់។ យើង​នឹង​ឃើញ​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​និង​ការ​កម្សាន្ត​ដែល​ជាប់​ទាក់​ទង​នឹង​អន្ទាក់​នេះ​របស់​ពួក​វិញ្ញាណ​អាក្រក់។

ចម្រៀង​លេខ​២៤ ចូរ​ឡើង​ទៅ​ភ្នំ​របស់​ព្រះ​យេហូវ៉ា

^ វគ្គ 5 សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ប្រើ​ការ​កុហក​ដើម្បី​បោក​បញ្ឆោត​មនុស្ស​អំពី​ស្ថានភាព​មនុស្ស​ស្លាប់។ ការ​កុហក​ទាំង​នោះ​បាន​នាំ​ឲ្យ​មនុស្ស​ធ្វើ​តាម​ទំនៀម​ទម្លាប់​ដែល​មិន​សម​ស្រប​នឹង​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ អត្ថបទ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា ពេល​អ្នក​ឯ​ទៀត​ព្យាយាម​បង្ខិត​បង្ខំ​អ្នក​ឲ្យ​ធ្វើ​តាម​ទំនៀម​ទម្លាប់​បែប​នោះ។

^ វគ្គ 55 ការ​ពណ៌នា​អំពី​រូប​ភាព: សាក្សី​ព្រះ​យេហូវ៉ា​សម្រាល​ទុក្ខ​សាច់​ញាតិ​ម្នាក់​ដែល​កំពុង​កើត​ទុក្ខ​ដោយ​សារ​គាត់​បាន​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់។

^ វគ្គ 57 ការ​ពណ៌នា​អំពី​រូប​ភាព: ក្រោយ​ពី​បង​ប្រុស​ម្នាក់​ដែល​ជា​សាក្សី​បាន​ស្រាវ​ជ្រាវ​អំពី​ទំនៀម​ទម្លាប់​ស្តី​អំពី​ពិធី​បុណ្យ​សព គាត់​ពន្យល់​អំពី​ជំនឿ​របស់​គាត់​យ៉ាង​សប្បុរស​ដល់​សាច់​ញាតិ​របស់​គាត់។

^ វគ្គ 59 ការ​ពណ៌នា​អំពី​រូប​ភាព: ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​ផ្ដល់​ការ​សម្រាល​ទុក្ខ​និង ការ​គាំ​ទ្រ​ដល់​សាក្សី​ម្នាក់​ដែល​បាន​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់។