លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការ​ជ្រមុជ​ទឹក​គឺ​ជា​តម្រូវ​ការ​ដើម្បី​ធ្វើ​ជា​គ្រិស្ដ​សាសនិក

ការ​ជ្រមុជ​ទឹក​គឺ​ជា​តម្រូវ​ការ​ដើម្បី​ធ្វើ​ជា​គ្រិស្ដ​សាសនិក

​«​អ្វី​ដែល​កំពុង​សង្គ្រោះ​អ្នក​រាល់​គ្នា​ឥឡូវ​នេះ . . . គឺ​ការ​ជ្រមុជ​ទឹក​»។—ពេត្រុស​ទី១ ៣:២១

ចម្រៀង​លេខ: ៥២, ៤១

១, ២. (​ក​) តើ​ឪ​ពុក​ម្ដាយ​ខ្លះ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​កូន​របស់​ពួក​គេ​ចង់​ទទួល​ការ​ជ្រមុជ​ទឹក? (​ខ​) ហេតុ​អ្វី​អ្នក​ដែល​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​បាន​ត្រូវ​សួរ​ថា​តើ​ពួក​គេ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ហើយ​ឬ​នៅ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ឪ​ពុក​ម្ដាយ​របស់​ម៉ារៀ​សម្លឹង​មើល​កូន​ស្រី​របស់​ពួក​គាត់ កាល​ដែល​នាង​ក្រោក​ឈរ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ដែល​នឹង​ទទួល​ការ​ជ្រមុជ​ទឹក។ អ្នក​ថ្លែង​សុន្ទរកថា​បាន​សួរ​សំណួរ​ពីរ។ ប្អូន​ម៉ារៀ​បាន​ឆ្លើយ​យ៉ាង​ឮ​ៗ​និង​ច្បាស់។ មិន​យូរ​ក្រោយ​ពី​នោះ នាង​បាន​ទទួល​ការ​ជ្រមុជ​ទឹក។

ឪ​ពុក​ម្ដាយ​របស់​ប្អូន​ម៉ារៀ​មាន​មោទនភាព​ជា​ខ្លាំង​ដែល​កូន​ស្រី​របស់​ពួក​គាត់​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ប៉ុន្ដែ​មុន​ពេល​នោះ ម្ដាយ​របស់​ប្អូន​ម៉ារៀ​បាន​ព្រួយ​បារម្ភ​បន្ដិច។ គាត់​បាន​ឆ្ងល់​ថា ‹តើ​ម៉ារៀ​នៅ​ក្មេង​ពេក​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? តើ​នាង​ពិត​ជា​យល់​អំពី​សារៈសំខាន់​នៃ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ឬ? តើ​នាង​គួរ​រង់​ចាំ​យូរ​ជាង​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ?›។ ឪ​ពុក​ម្ដាយ​ជា​ច្រើន​ដែល​ស្រឡាញ់​កូន សួរ​ខ្លួន​ឯង​នូវ​សំណួរ​ស្រដៀង​នឹង​នេះ ពេល​ដែល​កូន​របស់​ពួក​គេ​ប្រាប់​ថាគាត់​ចង់​ទទួល​ការ​ជ្រមុជ​ទឹក។ (​សាស្តា ៥:៥​) យ៉ាង​ណា​មិញ ការ​សម្រេច​ចិត្ដ​ដ៏​សំខាន់​បំផុត​ដែល​បុគ្គល​គ្រប់​រូប​អាច​ធ្វើ​គឺ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ តើ​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ហើយ​ឬ​នៅ?​»​)។

៣, ៤. (​ក​) តើ​តាម​របៀប​ណា​សាវ័ក​ពេត្រុស​បង្រៀន​យើង​ថា​ការ​ជ្រមុជ​ទឹក​គឺ​សំខាន់​ណាស់? (​ខ​) ហេតុ​អ្វី​ពេត្រុស​បាន​ប្រៀប​ប្រដូច​ការ​ជ្រមុជ​ទឹក​ទៅ​នឹង​ការ​ដែល​ណូអេ​សង់​ទូក​ធំ?

សាវ័ក​ពេត្រុស​បាន​ប្រៀប​ប្រដូច​ការ​ជ្រមុជ​ទឹក​ទៅ​នឹង​ការ​ដែល​ណូអេ​សង់​ទូក​ធំ។ គាត់​បាន​និយាយ​ថា​៖ ​«​ព្រឹត្ដិការណ៍​នោះ​ជា​និមិត្ដរូប​នៃ​អ្វី​ដែល​កំពុង​សង្គ្រោះ​អ្នក​រាល់​គ្នា​ឥឡូវ​នេះ ពោល​គឺ​ការ​ជ្រមុជ​ទឹក​»។ (​សូម​អាន ពេត្រុស​ទី១ ៣:២០, ២១) ទូក​ធំ​នោះ​ផ្ដល់​ភ័ស្ដុតាង​ច្បាស់​លាស់​ដល់​អ្នក​ឯ​ទៀត​ថា​ណូអេ​ចង់​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យ៉ាង​អស់​ពី​ចិត្ដ។ ដោយ​ស្មោះ​ត្រង់ ណូអេ​បាន​ធ្វើ​កិច្ច​ការ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​គាត់។ ដោយ​សារ​ជំនឿ​របស់​ណូអេ ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​ក្នុង​អំឡុង​ពេល​មាន​ទឹក​ជំនន់។ ដូច្នេះ តើ​ពេត្រុស​ចង់​បង្រៀន​យើង​អំពី​អ្វី?

ពេល​មនុស្ស​បាន​ឃើញ​ទូក​ធំ​នោះ ពួក​គេ​បាន​ដឹង​ថា​ណូអេ​មាន​ជំនឿ​លើ​ព្រះ។ ពេល​មនុស្ស​ឃើញ​បុគ្គល​ណា​ម្នាក់​ទទួល​ការ​ជ្រមុជ​ទឹក ពួក​គេ​ដឹង​ថា​គាត់​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ ដោយ​សារ​គាត់​មាន​ជំនឿ​លើ​គ្រិស្ដ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ដូច​ណូអេ អ្នក​ដែល​ទទួល​ការ​ជ្រមុជ​ទឹក ស្តាប់​បង្គាប់​ព្រះ​និង​ធ្វើ​កិច្ច​ការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ពួក​គេ។ ម្យ៉ាង​ទៀត ដូច​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ណូអេ​ក្នុង​អំឡុង​ពេល​មាន​ទឹក​ជំនន់ លោក​ក៏​នឹង​សង្គ្រោះ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ ពេល​លោក​បំផ្លាញ​ពិភព​លោក​ដ៏​អាក្រក់​នេះ។ (​ម៉ាកុស ១៣:១០; ការ​បើក​បង្ហាញ ៧:៩, ១០​) យើង​អាច​ឃើញ​ច្បាស់​ថា គឺ​សំខាន់​ណាស់​ដែល​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។ តាម​ពិត បើ​បុគ្គល​ណាម្នាក់​បង្អែ​បង្អង់​ទទួល​ការ​ជ្រមុជ​ទឹក គាត់​អាច​បាត់​បង់​ឱកាស​រស់​ជា​រៀង​រហូត។

៥. តើ​យើង​នឹង​រៀន​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ដោយ​សារ​ឥឡូវ​យើង​ដឹង​ថា​ការ​ជ្រមុជ​ទឹក​គឺ​សំខាន់​ណាស់ នោះ​យើង​ត្រូវ​ដឹង​អំពី​ចម្លើយ​ចំពោះ​សំណួរ​ទាំង​បី​នេះ​គឺ​៖ តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​ជ្រមុជ​ទឹក? តើ​បុគ្គល​ម្នាក់​ត្រូវ​ធ្វើ​អ្វី​មុន​គាត់​អាច​ទទួល​ការ​ជ្រមុជ​ទឹក? ហេតុ​អ្វី​យើង​គួរ​ចាំ​ជា​និច្ច​អំពី​សារៈសំខាន់​នៃ​ការ​ជ្រមុជ​ទឹក​ពេល​ដែល​យើង​បង្រៀន​កូន​ៗ​របស់​យើង​ឬ​សិស្ស​គម្ពីរ?

អ្វី​ដែល​គម្ពីរ​ចែង​អំពី​ការ​ជ្រមុជ​ទឹក

៦, ៧. (​ក​) ហេតុ​អ្វី​មនុស្ស​បាន​មក​ឯ​យ៉ូហាន​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក? (​ខ​) តើ​ការ​ជ្រមុជ​ទឹក​របស់​អ្នក​ណា​គឺ​ខុស​គ្នា​ពី​មនុស្ស​ឯ​ទៀត​ទាំង​អស់ ហើយ​ហេតុ​អ្វី?

យើង​ឃើញ​ក្នុង​គម្ពីរ​ថា យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​គឺ​ជា​បុគ្គល​ដំបូង​ដែល​បាន​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ឯ​ទៀត។ (​ម៉ាថាយ ៣:១​-​៦​) ហេតុ​អ្វី​មនុស្ស​បាន​មក​ឯ​គាត់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក? ពួក​គេ​ធ្វើ​ដូច្នេះ ដើម្បី​បង្ហាញ​ថា​ពួក​គេ​បាន​ប្រែ​ចិត្ដ​ពី​អំពើ​ខុស​ឆ្គង ពោល​គឺ​ពួក​គេ​បាន​សារភាព​ថា​ពួក​គេ​មិន​បាន​ធ្វើ​តាម​ច្បាប់​ម៉ូសេ ហើយ​ស្តាយ​ក្រោយ​យ៉ាង​ខ្លាំង។ ប៉ុន្ដែ មាន​មូលហេតុ​ផ្សេង​ទៀត​សម្រាប់​ការ​ជ្រមុជ​ទឹក​ដ៏​សំខាន់​បំផុត​ដែល​បាន​ធ្វើ​ឡើង​ដោយ​យ៉ូហាន។ យ៉ូហាន​មាន​កិត្ដិ​យស​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ការ​ជ្រមុជ​ទឹក​ឲ្យ​លោក​យេស៊ូ ដែល​ជា​បុត្រ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ។ (​ម៉ាថាយ ៣:១៣​-​១៧​) លោក​យេស៊ូ​មិន​ដែល​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ទាល់​តែ​សោះ។ យ៉ាង​នេះ លោក​មិន​ចាំ​បាច់​ប្រែ​ចិត្ដ​ទេ។ (​ពេត្រុស​ទី១ ២:២២​) ដូច្នេះ ហេតុ​អ្វី​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក? គឺ​ដើម្បី​បង្ហាញ​ថា​លោក​ចង់​ប្រើ​ជីវិត​របស់​លោក​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។—ហេប្រឺ ១០:៧

ក្រោយ​ពី​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ អ្នក​កាន់​តាម​លោក​បាន​ចាប់​ផ្ដើម​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ឯ​ទៀត។ (​យ៉ូហាន ៣:២២; ៤:១, ២​) បុគ្គល​ទាំង​នោះ​ក៏​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដែរ​ដោយ​សារ​ពួក​គេ​បាន​ប្រែ​ចិត្ដ​ពី​ការ​បំពាន​ច្បាប់​ម៉ូសេ។ ប៉ុន្ដែ ក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់ ហើយ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​កាន់​តាម​លោក ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​មាន​មូលហេតុ​ផ្សេង​ទៀត។

៨. (​ក​) ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ តើ​លោក​បាន​បង្គាប់​អ្វី​ដល់​អ្នក​កាន់​តាម​លោក? (​ខ​) ហេតុ​អ្វី​គ្រិស្ដ​សាសនិក​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក?

នៅ​ឆ្នាំ​៣៣ គ.ស. មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​មនុស្ស​ជាង​៥០០​នាក់​ដែល​មាន​បុរស ស្ដ្រី និង​ប្រហែល​ជា​កូន​ក្មេង​ផង​ដែរ។ គឺ​ប្រហែល​ជា​នៅ​ពេល​នោះ​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ដូច្នេះ ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​សកម្មពល​បរិសុទ្ធ​របស់​លោក។ ហើយ​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​»។ (​ម៉ាថាយ ២៨:១៩, ២០; កូរិនថូស​ទី១ ១៥:៦​) លោក​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​លោក​ឲ្យ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ បុគ្គល​ណា​ម្នាក់​ដែល​ចង់​យក​«​នឹម​»​របស់​លោក ឬ​ដែល​ចង់​ធ្វើ​ជា​អ្នក​កាន់​តាម​លោក ត្រូវ​តែ​ទទួល​ការ​ជ្រមុជ​ទឹក។ (​ម៉ាថាយ ១១:២៩, ៣០​) ដើម្បី​បម្រើ​ព្រះ​តាម​របៀប​ដែល​លោក​ពេញ​ចិត្ដ បុគ្គល​ម្នាក់​ៗ​ត្រូវ​ទទួល​ស្គាល់​តួនាទី​របស់​លោក​យេស៊ូ​ក្នុង​ការ​ធ្វើ​ឲ្យ​គោល​បំណង​របស់​ព្រះ​បាន​សម្រេច។ យ៉ាង​នេះ បុគ្គល​នោះ​អាច​ទទួល​ការ​ជ្រមុជ​ទឹក​ដែល​ព្រះ​ពេញ​ចិត្ដ។ គម្ពីរ​ផ្ដល់​ភ័ស្ដុតាង​ជា​ច្រើន​ដែល​បញ្ជាក់​ថា​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សម័យ​ដើម​បាន​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ទទួល​ការ​ជ្រមុជ​ទឹក។ ពួក​គេ​មិន​បាន​គិត​ថា​ពួក​គេ​គួរ​រង់​ចាំ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ពេល​ក្រោយ​ទេ។—សកម្មភាព ២:៤១; ៩:១៨; ១៦:១៤, ១៥, ៣២, ៣៣

សូម​កុំ​បង្អែ​បង្អង់​ទទួល​ការ​ជ្រមុជ​ទឹក

៩, ១០. ស្ដី​អំពី​ការ​ជ្រមុជ​ទឹក តើ​យើង​អាច​រៀន​អ្វី​ពី​សុល​និង​បុរស​ជន​ជាតិ​អេចូពី​ម្នាក់?

សូម​អាន សកម្មភាព ៨:៣៥, ៣៦បុរស​ជន​ជាតិ​អេចូពី​ម្នាក់​ដែល​បាន​ចូល​សាសនា​យូដា បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្រោយ​ពី​គោរព​ប្រណិប័តន៍​ព្រះ​នៅ​វិហារ​នា​ក្រុង​យេរូសាឡិម។ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ចាត់​ភីលីព​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ដល់​គាត់ ហើយ​ភីលីព​បាន​បង្រៀន​គាត់​នូវ​«​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​»។ តើ​បុរស​ជន​ជាតិ​អេចូពី​នោះ​មាន​ប្រតិកម្ម​យ៉ាង​ណា? គាត់​បាន​យល់​អំពី​សារៈសំខាន់​នៃ​ការ​ទទួល​ស្គាល់​ថា​លោក​យេស៊ូ​ជា​លោក​ម្ចាស់ ហើយ​គាត់​ចង់​ធ្វើ​តាម​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​គ្រិស្ដ​សាសនិក​ធ្វើ។ ដូច្នេះ គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​មិន​បង្អែ​បង្អង់​ឡើយ។

១០ គំរូ​មួយ​ទៀត​គឺ​បុរស​ជន​ជាតិ​យូដា​ម្នាក់​ឈ្មោះ​សុល។ ប្រជា​ជាតិ​យូដា​ជា​ប្រជា​ជាតិ​មួយ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ ប៉ុន្ដែ​ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​ជន​ជាតិ​យូដា​ជា​រាស្ដ្រ​របស់​លោក ដោយ​សារ​ពួក​គេ​មិន​បាន​ស្តាប់​បង្គាប់​លោក។ សុល​បាន​ជឿ​ថា​ជន​ជាតិ​យូដា​នៅ​តែ​បម្រើ​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ ដូច្នេះ​គាត់​បាន​បៀត​បៀន​គ្រិស្ដ​សាសនិក។ ប៉ុន្ដែ​នៅ​ថ្ងៃ​មួយ លោក​យេស៊ូ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ដែល​សុល​គិត​ថា​នៅ​តែ​ស្លាប់​នៅ​ឡើយ បាន​មាន​ប្រសាសន៍​ពី​ស្ថាន​សួគ៌​ទៅ​កាន់​សុល។ តើ​សុល​មាន​ប្រតិកម្ម​យ៉ាង​ណា? គាត់​សប្បាយ​ចិត្ដ​ទទួល​យក​ជំនួយ​ពី​អាណានាស​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ដ។ គម្ពីរ​ចែង​ថា​៖ ​«​[​សុល​]បាន​ក្រោក​ឡើង​ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​»។ (​សកម្មភាព ៩:១៧, ១៨; កាឡាទី ១:១៤​) ក្រោយ​មក គាត់​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​សាវ័ក​ប៉ូល។ សូម​កត់​សម្គាល់​ថា ពេល​គាត់​បាន​យល់​ថា​ព្រះ​កំពុង​ប្រើ​លោក​យេស៊ូ​ដើម្បី​ធ្វើ​ឲ្យ​គោល​បំណង​របស់​លោក​បាន​សម្រេច សុល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​មិន​បង្អែ​បង្អង់។—សូម​អាន សកម្មភាព ២២:១២​-​១៦

សិស្ស​គម្ពីរ​មាន​ចិត្ដ​កតញ្ញូ​ចំពោះ​សេចក្ដី​ពិត​ដែល​ពួក​គេ​បាន​រៀន ហើយ​ចង់​ទទួល​ការ​ជ្រមុជ​ទឹក

១១. (​ក​) នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្វី​ជំរុញ​ចិត្ដ​សិស្ស​គម្ពីរ​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក? (​ខ​) តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​បុគ្គល​ណា​ម្នាក់​ទទួល​ការ​ជ្រមុជ​ទឹក?

១១ នេះ​គឺ​ស្រដៀង​គ្នា​ដែរ​ចំពោះ​សិស្ស​គម្ពីរ​ទាំង​ចាស់​ទាំង​ក្មេង​ជា​ច្រើន​នាក់​នៅ​សព្វ​ថ្ងៃ​នេះ។ ពួក​គេ​ចង់​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក ដោយ​សារ​ពួក​គេ​ស្រឡាញ់​និង​មាន​ទំនុក​ចិត្ដ​ទៅ​លើ​អ្វី​ដែល​គម្ពីរ​ចែង។ សុន្ទរកថា​សម្រាប់​ការ​ជ្រមុជ​ទឹក​តែង​តែ​ជា​អ្វី​ដ៏​ពិសេស​នៅ​ឯ​សន្និបាត​និង​មហា​សន្និបាត។ សាក្សី​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ដ​ពេល​សិស្ស​គម្ពីរ​ទទួល​យក​សេចក្ដី​ពិត ហើយ​សម្រេច​ចិត្ដ​ទទួល​ការ​ជ្រមុជ​ទឹក។ ឪ​ពុក​ម្ដាយ​សប្បាយ​ចិត្ដ​ខ្លាំង​ណាស់​ពេល​ដែល​កូន​របស់​ពួក​គេ​សម្រេច​ចិត្ដ​ធ្វើ​ដូច្នេះ។ ក្នុង​អំឡុង​ឆ្នាំ​កិច្ច​បម្រើ​២០១៧ បង​ប្អូន​ថ្មី​ជាង​២៨៤.០០០​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដើម្បី​បង្ហាញ​ថា​ពួក​គេ​បាន​ប្រគល់​ជីវិត​របស់​ពួក​គេ​ជូន​ព្រះ​យេហូវ៉ា។ (​សកម្មភាព ១៣:៤៨​) ពួក​គេ​បាន​យល់​ថា​យ៉ាង​ច្បាស់​ថា​ការ​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​ជា​អ្វី​ដ៏​សំខាន់​ចាំ​បាច់​ចំពោះ​គ្រិស្ដ​សាសនិក។ ប៉ុន្ដែ តើ​ពួក​គេ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​មុន​ពួក​គេ​អាច​ទទួល​ការ​ជ្រមុជ​ទឹក?

១២. តើ​សិស្ស​គម្ពីរ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​មុន​ពួក​គេ​អាច​ទទួល​ការ​ជ្រមុជ​ទឹក?

១២ មុន​សិស្ស​គម្ពីរ​អាច​ទទួល​ការ​ជ្រមុជ​ទឹក ពួក​គេ​ត្រូវ​រៀន​សេចក្ដី​ពិត​អំពី​ព្រះ គោល​បំណង​របស់​លោក​សម្រាប់​មនុស្សជាតិ​និង​ផែន​ដី ហើយ​អ្វី​ដែល​លោក​បាន​ធ្វើ​ដើម្បី​សង្គ្រោះ​មនុស្សជាតិ។ (​ធីម៉ូថេ​ទី១ ២:៣​-​៦​) បន្ទាប់​មក ពួក​គេ​ត្រូវ​មាន​ជំនឿ នេះ​នឹង​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ ហើយ​ឈប់​ធ្វើ​អ្វី​ដែល​លោក​ស្អប់។ (​សកម្មភាព ៣:១៩​) នេះ​គឺ​សំខាន់ ពី​ព្រោះ​ព្រះ​យេហូវ៉ា​នឹង​មិន​ទទួលយក​ការ​ប្រគល់​ខ្លួន​របស់​បុគ្គល​ដែល​បន្ដ​ធ្វើ​អ្វី​ដែល​លោក​ស្អប់​ឡើយ។ (​កូរិនថូស​ទី១ ៦:៩, ១០​) បន្ថែម​ពី​នេះ​ទៅ​ទៀត អ្នក​ដែល​ចង់​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ត្រូវ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​និង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជា​ទៀង​ទាត់ ហើយ​បង្រៀន​អ្នក​ឯ​ទៀត។ នេះ​ជា​តម្រូវ​ការ​សម្រាប់​បុគ្គល​គ្រប់​រូប​ដែល​ចង់​ធ្វើ​ជា​អ្នក​កាន់​តាម​គ្រិស្ដ។ (​សកម្មភាព ១:៨​) ដំបូង សិស្ស​គម្ពីរ​ត្រូវ​ធ្វើ​អ្វី​ៗ​ទាំង​អស់​នេះ។ បន្ទាប់​មក គាត់​អាច​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ក្នុង​សេចក្ដី​អធិដ្ឋាន​ផ្ទាល់​ខ្លួន​មួយ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។

ចូរ​ជួយ​សិស្ស​គម្ពីរ​ឲ្យ​មាន​គោល​ដៅ

ពេល​អ្នក​បង្រៀន​អ្នក​ឯ​ទៀត តើ​អ្នក​ព្យាយាម​រក​ឱកាស​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​យល់​ថា​ការ​ជ្រមុជ​ទឹក​គឺ​សំខាន់​ចាំ​បាច់​ឬ​ទេ? (​សូម​មើល​វគ្គ​១៣​)

១៣. ពេល​យើង​បង្រៀន​អ្នក​ឯ​ទៀត ហេតុ​អ្វី​យើង​ត្រូវ​ចាំ​ថា​ពួក​គេ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​ដើម្បី​ក្លាយ​ទៅ​ជា​គ្រិស្ដ​សាសនិក​ពិត?

១៣ ពេល​យើង​ជួយ​កូន​របស់​យើង​និង​សិស្ស​គម្ពីរ​ឯ​ទៀត​ឲ្យ​ធ្វើ​អ្វី​ៗ​ដ៏​ចាំ​បាច់​ទាំង​នេះ យើង​ត្រូវ​ចាំ​ថា​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​កាន់​តាម​ពិត​របស់​លោក​យេស៊ូ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក។ យ៉ាង​នេះ នៅ​ពេល​សម​ត្រឹម​ត្រូវ យើង​នឹង​មិន​ខ្លាច​ប្រាប់​ពួក​គេ​អំពី​សារៈសំខាន់​នៃ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ យើង​ចង់​ឲ្យ​កូន​របស់​យើង​និង​សិស្ស​គម្ពីរ​ឯ​ទៀត​បន្ដ​រីក​ចម្រើន ហើយ​ទទួល​ការ​ជ្រមុជ​ទឹក!

១៤. ហេតុ​អ្វី​យើង​មិន​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក?

១៤ គ្មាន​អ្នក​ណា​ម្នាក់​គួរ​បង្ខំ​កូន​ឬ​សិស្ស​គម្ពីរ​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​ឡើយ។ ព្រះ​យេហូវ៉ា​មិន​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​បម្រើ​លោក​ទេ។ (​យ៉ូហាន​ទី១ ៤:៨​) ពេល​យើង​បង្រៀន​អ្នក​ឯ​ទៀត យើង​ត្រូវ​ជួយ​ពួក​គេ​ឲ្យ​យល់​ថា​គឺ​សំខាន់​ណាស់​ដែល​ពួក​គេ​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ក្រោយ​មក បើ​សិស្ស​គម្ពីរ​ពិត​ជា​មាន​ចិត្ដ​កតញ្ញូ​ចំពោះ​ការ​ស្គាល់​សេចក្ដី​ពិត​អំពី​ព្រះ ហើយ​ពិត​ជា​ចង់​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​គ្រិស្ដ​សាសនិក​ពិត​គួរ​ធ្វើ នោះ​គាត់​នឹង​ចង់​ទទួល​ការ​ជ្រមុជ​ទឹក។—កូរិនថូស​ទី២ ៥:១៤, ១៥

១៥, ១៦. (​ក​) តើ​មាន​ការ​កំណត់​អាយុ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? សូម​ពន្យល់។ (​ខ​) ហេតុ​អ្វី​សិស្ស​គម្ពីរ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ ទោះ​ជា​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ​ក្នុង​សាសនា​ផ្សេង​ក្ដី?

១៥ គ្មាន​ការ​កំណត់​អាយុ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ បុគ្គល​គ្រប់​រូប​គឺ​ខុស​ៗ​គ្នា ហើយ​សិស្ស​គម្ពីរ​ខ្លះ​រីក​ចម្រើន​លឿន​ជាង​សិស្ស​គម្ពីរ​ឯ​ទៀត។ មនុស្ស​ជា​ច្រើន​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​ដែល​ពួក​គេ​នៅ​ក្មេង ហើយ​បន្ដ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​រហូត​ដល់​ពួក​គេ​ចាស់។ អ្នក​ឯ​ទៀត​មាន​វ័យ​ចាស់​រួច​ទៅ​ហើយ​ពេល​ដែល​ពួក​គេ​រៀន​សេចក្ដី​ពិត​ពី​គម្ពីរ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។ អ្នក​ខ្លះ​ថែម​ទាំង​មាន​អាយុ​ជាង​១០០​ឆ្នាំ​ទៀត​ផង!

១៦ ស្ដ្រី​ម្នាក់​ដែល​បាន​សិក្សា​គម្ពីរ បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ​នៅ​សាសនា​មួយ​ចំនួន។ ហេតុ​នេះ​ហើយ គាត់​បាន​សួរ​អ្នក​បង្រៀន​គម្ពីរ​ថា​តើ​ពិត​ជា​ចាំ​បាច់​ឲ្យ​គាត់​ទទួល​ការ​ជ្រមុជ​ទឹក​ម្ដង​ទៀត​ឬ​ទេ? អ្នក​បង្រៀន​គម្ពីរ​បាន​បង្ហាញ​គាត់​នូវ​ខ​គម្ពីរ​មួយ​ចំនួន​ដែល​មាន​ចម្លើយ​ចំពោះ​សំណួរ​របស់​គាត់។ ពេល​ដែល​ស្ដ្រី​នោះ​បាន​យល់​អំពី​តម្រូវ​ការ​ក្នុង​គម្ពីរ​អំពី​រឿង​នេះ គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក ទោះ​ជា​គាត់​មាន​អាយុ​ជិត​៨០​ឆ្នាំ​ក្ដី។ តើ​យើង​រៀន​អ្វី​ពី​គំរូ​នេះ? ព្រះ​យេហូវ៉ា​នឹង​ព្រម​ទទួល​ការ​ជ្រមុជ​ទឹក​របស់​យើង លុះ​ត្រា​តែ​យើង​ស្គាល់​សេចក្ដី​ពិត​អំពី​បំណង​ប្រាថ្នា​របស់​លោក។ ដូច្នេះ ទោះ​ជា​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​សាសនា​ផ្សេង​ទៀត​ក៏​ដោយ យើង​នៅ​តែ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់។—សូម​អាន សកម្មភាព ១៩:៣​-​៥

១៧. តើ​បុគ្គល​ម្នាក់​គួរ​គិត​អំពី​អ្វី​នៅ​ថ្ងៃ​ដែល​គាត់​ទទួល​ការ​ជ្រមុជ​ទឹក?

១៧ ថ្ងៃ​ដែល​បុគ្គល​ម្នាក់​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​ជា​ថ្ងៃ​ដ៏​សប្បាយ​រីក​រាយ​ណាស់។ នៅ​ពេល​នោះ​ក៏​សំខាន់​ដែល​គាត់​គិត​ឲ្យ​បាន​ដិត​ដល់​អំពី​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ការ​ជ្រមុជ​ទឹក​រួម​បញ្ចូល​អ្វី​ខ្លះ។ ការ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​គ្រិស្ដ​សាសនិក​ពិត​ត្រូវ​ធ្វើ គឺ​តម្រូវ​ឲ្យ​ខំ​ប្រឹង​យ៉ាង​ខ្លាំង។ អ្នក​កាន់​តាម​លោក​យេស៊ូ​ត្រូវ​«​រស់​ដើម្បី​លោក​ដែល​បាន​ស្លាប់ ហើយ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ មិន​មែន​រស់​ដើម្បី​ខ្លួន​ឯង​ទៀត​ទេ​»។—កូរិនថូស​ទី២ ៥:១៥; ម៉ាថាយ ១៦:២៤

១៨. តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ​នៅ​អត្ថបទ​បន្ទាប់?

១៨ ដូច​ដែល​យើង​បាន​រៀន​នៅ​អត្ថបទ​នេះ ការ​សម្រេច​ចិត្ដ​ធ្វើ​ជា​គ្រិស្ដ​សាសនិក​ពិត​ម្នាក់​គឺ​ជា​អ្វី​ដ៏​សំខាន់​ណាស់។ នេះ​គឺ​ជា​មូលហេតុ​ដែល​ម្ដាយ​របស់​ម៉ារៀ​បាន​សួរ​ខ្លួន​គាត់​នូវ​សំណួរ​ដូច​ដែល​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ។ បើ​អ្នក​ជា​ឪ​ពុក​ម្ដាយ អ្នក​ប្រហែល​ជា​បាន​សួរ​ខ្លួន​អ្នក​ថា ‹តើ​កូន​របស់​ខ្ញុំ​ពិត​ជា​មាន​អាយុ​និង​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? តើ​កូន​របស់​ខ្ញុំ​ស្គាល់​ព្រះ​យេហូវ៉ា​គ្រប់​គ្រាន់​ដើម្បី​ប្រគល់​ខ្លួន​ជូន​លោក​ឬ​ទេ? តើ​កូន​របស់​ខ្ញុំ​គួរ​ទទួល​ការ​អប់រំ​ខ្ពស់​និង​មាន​ការ​ងារ​ល្អ​មុន​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? ចុះ​យ៉ាង​ណា​បើ​កូន​របស់​ខ្ញុំ​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក?›។ យើង​នឹង​ពិចារណា​សំណួរ​ទាំង​នេះ​នៅ​អត្ថបទ​បន្ទាប់ ហើយ​យើង​នឹង​រៀន​អំពី​របៀប​ដែល​ឪ​ពុក​ម្ដាយ​អាច​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ជ្រមុជ​ទឹក។