លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​ព្យាយាម​យល់​ថា​បង​ប្អូន​យើង ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ដ​បែប​ណា​ពី​គម្ពីរ ការ​យក​ចិត្ដ​ទុក​ដាក់ ឬ​ជំនួយ​បែប​ណា

តើ​អ្នក​អាច​ជួយ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​ឬ​ទេ?

តើ​អ្នក​អាច​ជួយ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​ឬ​ទេ?

មុន​ពេល​លោក​យេស៊ូ​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ . . . រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី​»។ (​សកម្មភាព ១:៨​) តើ​តាម​របៀប​ណា​ពួក​គេ​អាច​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ផែន​ដី?

ម៉ាធិន ហ្គោតមិន ដែល​ជា​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​អុកហ្វត និយាយ​ថា​៖ ​«​គ្រិស្ដ​សាសនិក​ដឹង​ថា​ខ្លួន​មាន​ភារកិច្ច​សំខាន់ ដូច្នេះ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ខុស​ប្លែក​ពី​ក្រុម​សាសនា​ផ្សេង​ទៀត ដូច​ជា​សាសនា​យូដា​នៅ​ចក្រភព​រ៉ូម​ពី​សម័យ​មុន​»។ លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ គ្រិស្ដ​សាសនិក​ពិត​ត្រូវ​ធ្វើ​តាម​គំរូ​របស់​លោក ហើយ​ផ្សព្វ​ផ្សាយ​«​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​»​នៅ​គ្រប់​ទី​កន្លែង។ ពួក​គេ​ត្រូវ​ស្វែង​រក​មនុស្ស​ដែល​ចង់​ស្គាល់​សេចក្ដី​ពិត។ (​លូកា ៤:៤៣​) នេះ​គឺ​ជា​មូលហេតុ​ដែល​នៅ​សតវត្សរ៍​ទី១​មាន​«​សាវ័ក​»​ ពាក្យ​នេះ​មាន​ន័យ​ថា​ពួក​អ្នក​ដែល​បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​អ្វី​មួយ។ (​ម៉ាកុស ៣:១៤​) លោក​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ​»។—ម៉ាថាយ ២៨:១៨​-​២០

សាវ័ក​១២​របស់​លោក​យេស៊ូ​មិន​នៅ​ផែន​ដី​ទៀត​ទេ ប៉ុន្ដែ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​បាន​ធ្វើ​តាម​គំរូ​របស់​ពួក​គាត់​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ សព្វ​ថ្ងៃ​នេះ ពេល​ដែល​អ្នក​បម្រើ​ព្រះ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង ពួក​គេ​បាន​ធ្វើ​ដូច្នេះ ហើយ​នេះ​ហាក់​ដូច​ជា​ពួក​គេ​និយាយ​ថា​៖ ​«​ទូល​បង្គំ​នៅ​ឯ​ណេះ​ហើយ! សូម​ចាត់​ទូល​បង្គំ​ចុះ!​»។ (​អេសាយ ៦:៨​) បង​ប្អូន​ខ្លះ ដូច​ជា​បង​ប្អូន​រាប់​ពាន់​នាក់​ដែល​បាន​រៀន​ចប់​ពី​សាលា​គីលាត​បាន​រើ​ទៅ​ប្រទេស​ឆ្ងាយ​ៗ។ បង​ប្អូន​ផ្សេង​ទៀត​បាន​រើ​ទៅ​តំបន់​មួយ​ទៀត​ក្នុង​ប្រទេស​របស់​ពួក​គេ។ បង​ប្អូន​ជា​ច្រើន​នាក់​បាន​រៀន​ភាសា​ថ្មី​ដើម្បី​ជួយ​ក្រុម​ឬ​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង។ នេះ​គឺ​មិន​តែង​តែ​ងាយ​ស្រួល​ទេ ប៉ុន្ដែបង​ប្អូន​ទាំង​អស់​នេះ​សុខ​ចិត្ដ​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​មនុស្ស​ឯ​ទៀត។ ដូច្នេះ​ពួក​គេ​បាន​រៀប​ចំ​គម្រោង​យ៉ាង​ហ្មត់​ចត់ ហើយ​ប្រើ​ពេល​វេលា កម្លាំង និង​លុយ ដើម្បី​ជួយ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង។ (​លូកា ១៤:២៨​-​៣០​) អ្វី​ដែល​បង​ប្អូន​ទាំង​នេះ​កំពុង​ធ្វើ​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់។

មិន​មែន​យើង​ទាំង​អស់​គ្នា​អាច​រៀន​ភាសា​ថ្មី ឬ​រើ​ទៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង​ឡើយ។ ប៉ុន្ដែ យើង​ទាំង​អស់​គ្នា​អាច​ប្រៀប​ដូច​ជា​សាសនា​ទូត​ក្នុង​ក្រុម​ជំនុំ​របស់​យើង។

ចូរ​ធ្វើ​ជា​សាសនទូត​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក

ចូរ​ផ្ដល់​ជំនួយ​ដល់​បង​ប្អូន​ឯ​ទៀត

នៅ​សតវត្សរ៍​ទី១ គ្រិស្ដ​សាសនិក​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង ទោះ​ជា​ពួក​គេ​ភាគ​ច្រើន​រស់​នៅ​ក្នុង​ស្រុក​កំណើត​របស់​ពួក​គេ ហើយ​មិន​មែន​ជា​សាសនទូត​ក៏​ដោយ។ ប៉ូល​បាន​ប្រាប់​ធីម៉ូថេ​ថា​៖ ‹ចូរ​បំពេញ​កិច្ច​ការ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​បំពេញ​កិច្ច​បម្រើ​របស់​អ្នក​គ្រប់​ជំពូក›។ (​ធីម៉ូថេ​ទី២ ៤:៥​) ពាក្យ​នេះ​របស់​ប៉ូល​ក៏​បាន​ជាប់​ទាក់​ទង​នឹង​គ្រិស្ដ​សាសនិក​នៅ​សតវត្សរ៍​ទី១​ដែរ ហើយ​នៅ​តែ​ជាប់​ទាក់​ទង​នឹង​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ គ្រិស្ដ​សាសនិក​ទាំង​អស់​ត្រូវ​ធ្វើ​តាម​បង្គាប់​ដែល​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ ម្យ៉ាង​ទៀត សូម្បី​តែ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង មាន​វិធី​ជា​ច្រើន​ដែល​យើង​អាច​ធ្វើ​ដូច​ជា​សាសនទូត។

ជា​ឧទាហរណ៍ ពេល​ដែល​សាសនទូត​រើ​ទៅ​ប្រទេស​មួយ​ទៀត ពួក​គេ​ត្រូវ​តែ​សម្រប​ខ្លួន​នឹង​របៀប​រស់​នៅ​ថ្មី។ ទោះ​ជា​យើង​មិន​អាច​រើ​ទៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង​ក្ដី តើ​យើង​អាច​រក​វិធី​ថ្មី​ដើម្បី​ផ្សព្វ​ផ្សាយ​ទៅ​មនុស្ស​ឯ​ទៀត​ឬ​ទេ? ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩៤០ បង​ប្អូន​របស់​យើង​បាន​ត្រូវ​លើក​ទឹក​ចិត្ដ​ឲ្យ​ផ្សព្វ​ផ្សាយ​នៅ​តាម​ផ្លូវ មួយ​ថ្ងៃ​ម្ដង​ជា​រៀង​រាល់​សប្ដាហ៍។ តើ​អ្នក​បាន​សាកល្បង​ផ្សព្វ​ផ្សាយ​នៅ​តាម​ផ្លូវ​ឬ​ទេ? តើ​អ្នក​ធ្លាប់​ប្រើ​រទេះ​រុញ​សម្រាប់​ដាក់​តាំង​សៀវភៅ​ឬ​ទេ? ចំណុច​សំខាន់​គឺ តើ​អ្នក​សុខ​ចិត្ដ​សាកល្បង​វិធី​ថ្មី​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ឬ​ទេ?

ដោយ​លើក​ទឹក​ចិត្ដ​ពួក​គាត់​ឲ្យ​«​បំពេញ​កិច្ច​ការ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​»​

បើ​អ្នក​មាន​ទស្សនៈ​ត្រឹម​ត្រូវ អ្នក​នឹង​ពេញ​ចិត្ដ​ចូល​រួម​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង។ ពួក​អ្នក​ដែល​រើ​ទៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង ឬ​ពួក​អ្នក​ដែល​រៀន​ភាសា​ថ្មី​ច្រើន​តែ​ជា​អ្នក​ផ្សាយ​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់ ហើយ​អាច​ជួយ​ក្រុម​ជំនុំ​បាន​យ៉ាង​ច្រើន។ ជា​ឧទាហរណ៍ ពួក​គេ​នាំ​មុខ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ សាសនទូត​ច្រើន​តែ​នាំ​មុខ​ក្រុម​ជំនុំ​រហូត​ដល់​មាន​បង​ប្អូន​នៅ​តំបន់​នោះ​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​នាំ​មុខ។ បើ​អ្នក​ជា​បង​ប្អូន​ប្រុស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ តើ​អ្នក​«​កំពុង​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​»​ ពោល​គឺ​តើ​អ្នក​សុខ​ចិត្ដ​បម្រើបង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដោយ​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ឬ​ជា​អ្នក​ចាស់​ទុំ​ឬ​ទេ?—ធីម៉ូថេ​ទី១ ៣:១

ចូរ​ធ្វើ​ជា​«​អ្នក​ពង្រឹង​កម្លាំង​»​

ដោយ​ផ្ដល់​ជំនួយ​ផ្សេង​ៗ​ដែល​ពួក​គាត់​ត្រូវ​ការ

យើង​ក៏​អាច​ជួយ​ក្រុម​ជំនុំ​របស់​យើង​តាម​វិធី​ផ្សេង​ៗ​ទៀត​ដែរ។ យើង​ទាំង​អស់​គ្នា ទាំង​ចាស់​ទាំង​ក្មេង ទាំង​ប្រុស​ទាំង​ស្រី​អាច​«​ពង្រឹង​កម្លាំង​»​បង​ប្អូន​រួម​ជំនឿ​ដែល​ត្រូវ​ការ​ជំនួយ។—កូឡុស ៤:១១

បើ​យើង​ចង់​ជួយ​បង​ប្អូន​របស់​យើង យើង​ត្រូវ​ស្គាល់​ពួក​គាត់​ឲ្យ​ច្បាស់។ គម្ពីរ​លើក​ទឹក​ចិត្ដ​យើង​ឲ្យ​«​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក​»​ ឬ​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​បង​ប្អូន​យើង ពេល​ដែល​យើង​ជួប​ជុំ​គ្នា។ (​ហេប្រឺ ១០:២៤​) នេះ​មិន​មាន​ន័យ​ថា​យើង​គួរ​ជ្រៀត​ជ្រែក​ក្នុង​ជីវិត​របស់​ពួក​គាត់​ឡើយ។ ប៉ុន្ដែ នេះ​មាន​ន័យ​ថា​យើង​គួរ​តែ​ព្យាយាម​យល់​អំពី​ស្ថានភាព​របស់​បង​ប្អូន​យើង និង​អំពី​អ្វី​ដែល​ពួក​គាត់​ត្រូវ​ការ។ ពួក​គាត់​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ ការ​យក​ចិត្ដ​ទុក​ដាក់ ឬ​ការ​លើក​ទឹក​ចិត្ដ​ពី​គម្ពីរ។ ពិត​មែន ក្នុង​ករណី​ខ្លះ​មាន​តែ​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ប៉ុណ្ណោះ​ដែល​អាច​ជួយ​ពួក​គាត់​បាន។ (​កាឡាទី ៦:១​) ប៉ុន្ដែ យើង​ទាំង​អស់​គ្នា​ប្រហែល​ជា​អាច​ជួយ​បង​ប្អូន​ដែល​មាន​វ័យ​ចាស់ ឬ​ក្រុម​គ្រួសារ​ឯ​ទៀត ដែល​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា។

ដោយ​លើក​ទឹក​ចិត្ដ​ពួក​អ្នក​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ក្នុង​ជីវិត

បង​ប្រុស​សាល់វ៉ាតូរ៉េ​បាន​ទទួល​ជំនួយ​បែប​នេះ។ ដោយ​សារ​មាន​បញ្ហា​យ៉ាង​ខ្លាំង​ខាង​លុយ​កាក់ គាត់​ត្រូវ​លក់​មុខ​ជំនួញ​របស់​គាត់ ផ្ទះ​របស់​គាត់ និង​អ្វី​ៗ​ជា​ច្រើន​ដែល​ក្រុម​គ្រួសារ​របស់​គាត់​មាន។ គាត់​បារម្ភ​ច្រើន​អំពី​ក្រុម​គ្រួសារ​គាត់។ ក្រុម​គ្រួសារ​មួយ​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ​បាន​ឃើញ​ថា​ពួក​គាត់​ត្រូវ​ការ​ជំនួយ។ ក្រុម​គ្រួសារ​នោះ​បាន​ឲ្យ​លុយ​ខ្លះ​ដល់​បង​សាល់វ៉ាតូរ៉េ ហើយ​បាន​ជួយ​រក​ការ​ងារ​ឲ្យ​គាត់​និង​ប្រពន្ធ​គាត់។ ជា​ច្រើន​ដង​នៅ​ពេល​ល្ងាច ពួក​គេ​ក៏​បាន​ចំណាយ​ពេល​ស្តាប់​និង​លើក​ទឹក​ចិត្ដ​ក្រុម​គ្រួសារ​របស់​គាត់​ដែរ។ ពួក​គាត់​បាន​ទៅ​ជា​មិត្ដ​ដ៏​ល្អ​នឹង​គ្នា។ ឥឡូវ​នេះ ក្រុម​គ្រួសារ​ទាំង​ពីរ​នេះ​មាន​អនុស្សាវរីយ៍​ដ៏​សប្បាយ​រីក​រាយ​ដែល​ពួក​គាត់​បាន​ចំណាយ​ពេល​ជា​មួយ​គ្នា​ក្នុង​អំឡុង​ពេល​ដ៏​ពិបាក​នោះ។

គ្រិស្ដ​សាសនិក​ពិត​មិន​ស្ទាក់​ស្ទើរ​ប្រាប់​អំពី​ជំនឿ​របស់​ខ្លួន​ដល់​អ្នក​ឯ​ទៀត​ឡើយ។ យើង​ត្រូវ​យក​តម្រាប់​លោក​យេស៊ូ ហើយ​ប្រាប់​មនុស្ស​ទាំង​អស់​អំពី​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​របស់​ព្រះ។ ទោះ​បី​ជា​យើង​អាច​រើ​ទៅ​កន្លែង​ផ្សេង​ឬ​មិន​អាច​ក៏​ដោយ យើង​ទាំង​អស់​គ្នា​អាច​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​របស់​យើង។ (​កាឡាទី ៦:១០​) ពេល​យើង​ឲ្យ​អ្នក​ឯ​ទៀត នោះ​យើង​នឹង​មាន​សុភមង្គល ហើយ​យើង​នឹង​«​បន្ដ​បង្កើត​ផល​ក្នុង​គ្រប់​ការ​ល្អ​ទាំង​អស់​»។—កូឡុស ១:១០; សកម្មភាព ២០:៣៥