អត្ថបទសិក្សា ៥
គុណសម្បត្ដិផ្សេងៗដែលជំរុញចិត្តយើងឲ្យចូលរួមកិច្ចប្រជុំ
«[ចូរ]ប្រកាសមរណភាពរបស់លោកម្ចាស់រហូតដល់លោកមកដល់»។—១កូ. ១១:២៦
ចម្រៀងលេខ១៨ ចូរដឹងគុណព្រះសម្រាប់ថ្លៃលោះ
សេចក្ដីសង្ខេប *
១-២. (ក) តើព្រះយេហូវ៉ាឃើញអ្វីពេលមនុស្សរាប់លាននាក់ជួបជុំគ្នា ធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់? (សូមមើលរូបភាពនៅក្រប) (ខ) តើយើងនឹងពិចារណាសំណួរអ្វីក្នុងអត្ថបទនេះ?
សូមស្រមៃគិតអំពីអ្វីដែលព្រះយេហូវ៉ាឃើញពេលមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកជួបជុំគ្នា ដើម្បីធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់។ លោកមិនគ្រាន់តែមើលឃើញចំនួនមនុស្សជាច្រើនទេ តែលោកក៏កត់សម្គាល់បុគ្គលម្នាក់ៗដែលមានវត្តមាននៅទីនោះ។ ជាឧទាហរណ៍ លោកឃើញពួកអ្នកដែលមកចូលរួមជារៀងរាល់ឆ្នាំ។ ក្នុងចំណោមមនុស្សទាំងនោះ ប្រហែលជាមានបុគ្គលខ្លះដែលមកចូលរួម ទោះជាប្រឈមមុខនឹងការបៀតបៀនជាខ្លាំងក្ដី។ អ្នកខ្លះទៀតមិនបានចូលរួមកិច្ចប្រជុំផ្សេងទៀតជាទៀងទាត់ទេ ប៉ុន្តែពួកគេចាត់ទុកការចូលរួមពិធីរំលឹកជាភារកិច្ចដែលសំខាន់។ ព្រះយេហូវ៉ាក៏កត់សម្គាល់ពួកអ្នកដែលចូលរួមពិធីរំលឹកជាលើកដំបូង ដែលប្រហែលជាដោយសារពួកគេចង់ដឹងអំពីពិធីនោះ។
២ មែនហើយ ព្រះយេហូវ៉ាពេញចិត្តពេលឃើញមនុស្សជាច្រើនចូលរួមពិធីរំលឹក។ (លូក. ២២:១៩) ប៉ុន្តែ ព្រះយេហូវ៉ាមិនមែនចាត់ទុកចំនួនមនុស្សដែលចូលរួមជាអ្វីដែលសំខាន់បំផុតទេ។ ចំពោះព្រះយេហូវ៉ា បំណងចិត្តគឺសំខាន់ ដូច្នេះលោកចាប់អារម្មណ៍ច្រើនជាងទៅលើមូលហេតុដែលពួកគេមកចូលរួមពិធីនោះ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាសំណួរដ៏សំខាន់មួយគឺ៖ ហេតុអ្វីយើងមិនគ្រាន់តែចូលរួមពិធីរំលឹកប្រចាំឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចូលរួមកិច្ចប្រជុំជារៀងរាល់សប្ដាហ៍ដែលព្រះយេហូវ៉ារៀបចំឡើងសម្រាប់ពួកអ្នកដែលស្រឡាញ់លោក?
ចិត្តរាបទាបជំរុញចិត្តយើងឲ្យចូលរួមកិច្ចប្រជុំ
៣-៤. (ក) ហេតុអ្វីយើងចូលរួមកិច្ចប្រជុំ? (ខ) តើការចូលរួមកិច្ចប្រជុំបង្ហាញថាយើងមានគុណសម្បត្ដិអ្វីខ្លះ? (គ) យោងតាមអ្វីដែលបានចែងនៅកូរិនថូសទី១ ១១:២៣-២៦ ហេតុអ្វីយើងគួរចូលរួមពិធីរំលឹក?
៣ មូលហេតុសំខាន់បំផុតដែលយើងចូលរួមកិច្ចប្រជុំក្រុមជំនុំ គឺដោយសារនោះជាផ្នែកនៃការគោរពប្រណិប័តន៍របស់យើង។ យើងក៏ចូលរួម ដោយសារព្រះយេហូវ៉ាបង្រៀនយើងតាម៣យ៉ូន. ៩) ខុសពីពួកគេ យើងពិតជាចង់ឲ្យព្រះយេហូវ៉ានិងអង្គការរបស់លោកបង្រៀនយើង។—អេ. ៤៨:១៧, ១៨; យ៉ូន. ៦:៤៥
រយៈកិច្ចប្រជុំ។ មនុស្សដែលមានអំណួតមិនជឿថាពួកគេត្រូវការអ្នកណាបង្រៀនពួកគេទេ។ (៤ ពេលដែលយើងចូលរួមកិច្ចប្រជុំនានា នោះបង្ហាញថាយើងមានចិត្តរាបទាប ពោលគឺបានត្រៀមខ្លួននិងសុខចិត្តទទួលការបង្ហាត់បង្រៀន។ នៅយប់ពិធីរំលឹកមរណភាពរបស់លោកយេស៊ូ យើងចូលរួមពិធីដ៏សំខាន់នេះមិនគ្រាន់តែដោយសារយើងគិតថានេះជាភារកិច្ចរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារយើងមានចិត្តរាបទាបធ្វើតាមបង្គាប់របស់លោកយេស៊ូ ដែលថា៖ «ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកពីខ្ញុំ»។ (សូមអាន កូរិនថូសទី១ ១១:២៣-២៦) កិច្ចប្រជុំនោះពង្រឹងសេចក្ដីសង្ឃឹមរបស់យើងសម្រាប់ថ្ងៃអនាគត ហើយរំលឹកយើងអំពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលព្រះយេហូវ៉ាមានចំពោះយើង។ ប៉ុន្តែ ព្រះយេហូវ៉ាដឹងថាយើងត្រូវការការលើកទឹកចិត្តនិងការពង្រឹងកម្លាំងចិត្តច្រើនជាងមួយឆ្នាំម្ដង។ ដូច្នេះ លោករៀបចំកិច្ចប្រជុំជារៀងរាល់សប្ដាហ៍សម្រាប់យើង ហើយដាស់តឿនយើងឲ្យចូលរួមកិច្ចប្រជុំទាំងនោះ។ ចិត្តរាបទាបជំរុញយើងឲ្យស្ដាប់បង្គាប់លោក។ យើងចំណាយពេលច្រើនម៉ោងជារៀងរាល់សប្ដាហ៍ដើម្បីរៀបចំនិងចូលរួមកិច្ចប្រជុំទាំងនោះ។
៥. ហេតុអ្វីមនុស្សដែលមានចិត្តរាបទាបព្រមទទួលការអញ្ជើញរបស់ព្រះយេហូវ៉ា?
៥ ព្រះយេហូវ៉ាអញ្ជើញមនុស្សឲ្យទទួលការបង្ហាត់បង្រៀនពីលោក។ ជារៀងរាល់ឆ្នាំ មនុស្សជាច្រើននាក់ដែលមានចិត្តរាបទាបព្រមទទួលការអញ្ជើញនោះ។ (អេ. ៥០:៤) ពេលដែលពួកគេចូលរួមពិធីរំលឹក ពួកគេមានចិត្តត្រេកអរ ហើយចាប់ផ្ដើមចូលរួមកិច្ចប្រជុំឯទៀត។ (សាក. ៨:២០-២៣) ទាំងយើងទាំងពួកគេសប្បាយទទួលការបង្ហាត់បង្រៀននិងការណែនាំពីព្រះយេហូវ៉ាដែលជា«ជំនួយ ហើយជាអ្នកប្រោសឲ្យ[យើង]រួចផង»។ (ទំនុក. ៤០:១៧) គ្មានអ្វីអាចធ្វើឲ្យយើងត្រេកអរជាងការទទួលការអញ្ជើញឲ្យមកទទួលការបង្ហាត់បង្រៀនពីព្រះយេហូវ៉ានិងលោកយេស៊ូដែលជាបុត្រជាទីស្រឡាញ់របស់លោកទេ ហើយក៏គ្មានអ្វីសំខាន់ជាងនេះដែរ មែនទេ?—ម៉ាថ. ១៧:៥; ១៨:២០; ២៨:២០
៦. តើការមានចិត្តរាបទាបបានជួយបុរសម្នាក់ឲ្យចូលរួមពិធីរំលឹកយ៉ាងដូចម្ដេច?
៦ រៀងរាល់ឆ្នាំ យើងខំព្យាយាមអញ្ជើញមនុស្សឲ្យបានច្រើនបំផុតឲ្យចូលរួមពិធីរំលឹកមរណភាពរបស់លោកយេស៊ូ។ មនុស្សជាច្រើនដែលមានចិត្តរាបទាបបានទទួលប្រយោជន៍ពេលពួកគេព្រមទទួលការអញ្ជើញរបស់យើង។ សូមពិចារណាអំពីគំរូមួយ។ ប៉ុន្មានឆ្នាំមុន បុរសម្នាក់បានទទួលលិខិតអញ្ជើញឲ្យចូលរួមពិធីរំលឹក តែគាត់បានប្រាប់បងប្រុសដែលបានឲ្យលិខិតអញ្ជើញដល់គាត់ថា គាត់មិនអាចចូលរួមបានទេ។ ប៉ុន្តែនៅយប់ពិធីរំលឹក បងប្រុសយើងបានភ្ញាក់ផ្អើលពេលឃើញបុរសនោះដើរចូលសាលប្រជុំ។ បុរសនោះបានកោតស្ងើចជាខ្លាំងដោយសារបងប្អូនបានស្វាគមន៍គាត់យ៉ាងកក់ក្ដៅ ដូច្នេះគាត់ចាប់ផ្ដើមចូលរួមកិច្ចប្រជុំនីមួយៗជារៀងរាល់សប្ដាហ៍។ ពេញមួយឆ្នាំ មានតែបីដងប៉ុណ្ណោះដែលគាត់មិនបានចូលរួមកិច្ចប្រជុំ។ តើអ្វីបានជួយគាត់ឲ្យចូលរួមកិច្ចប្រជុំទាំងអស់របស់យើង? ចិត្តសុភាពជំរុញចិត្តគាត់ឲ្យផ្លាស់ប្ដូរគំនិត។ ក្រោយមក បងប្រុសដែលបានអញ្ជើញគាត់បាននិយាយថា៖ «គាត់មានចិត្តរាបទាបណាស់»។ ព្រះយេហូវ៉ាច្បាស់ជាបានទាញនាំបុរសនេះឲ្យមកគោរពប្រណិប័តន៍លោក ហើយឥឡូវគាត់ជាបងប្រុសដែលបានទទួលការជ្រមុជទឹករួចហើយ។—១ពេ. ៥:៥; យ៉ូន. ៦:៤៤
៧. តើអ្វីដែលយើងរៀននៅកិច្ចប្រជុំនិងអ្វីដែលយើងអានពីគម្ពីរជួយយើងឲ្យមានចិត្តរាបទាបយ៉ាងដូចម្ដេច?
៧ អ្វីដែលយើងរៀននៅកិច្ចប្រជុំនិងអ្វីដែលយើងអានពីគម្ពីរអាចជួយយើងឲ្យមានចិត្តរាបទាប។ ជាច្រើនដងនៅប៉ុន្មានសប្ដាហ៍មុនពិធីរំលឹក កិច្ចប្រជុំរបស់យើងផ្ដោតអារម្មណ៍ទៅលើគំរូរបស់លោកយេស៊ូនិងចិត្តរាបទាបដែលលោកបានបង្ហាញដោយឲ្យជីវិតរបស់លោកជាថ្លៃលោះ។ ម្យ៉ាងទៀតក្នុងអំឡុងប៉ុន្មានថ្ងៃមុនពិធីរំលឹក យើងបានត្រូវលើកទឹកចិត្តឲ្យអានកំណត់ហេតុក្នុងគម្ពីរអំពីព្រឹត្ដិការណ៍មុននិងក្រោយការស្លាប់និងការប្រោសឲ្យរស់ឡើងវិញរបស់លោកយេស៊ូ។ អ្វីដែលយើងរៀននៅកិច្ចប្រជុំក្នុងអំឡុងពេលនោះនិងអ្វីដែលយើងអានក្នុងកំណត់ហេតុទាំងនោះពីគម្ពីរធ្វើឲ្យយើងកាន់តែឲ្យតម្លៃចំពោះគ្រឿងបូជាដែលលោកយេស៊ូបានបង់សម្រាប់យើង។ អ្វីទាំងនោះជំរុញចិត្តយើងឲ្យមានចិត្តរាបទាបដូចលោកនិងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា ទោះជាពេលដែលយើងពិបាកធ្វើដូច្នេះក៏ដោយ។—លូក. ២២:៤១, ៤២
ការមានចិត្តក្លាហានជួយយើង ឲ្យចូលរួមកិច្ចប្រជុំ
៨. តើលោកយេស៊ូបានបង្ហាញចិត្តក្លាហានយ៉ាងដូចម្ដេច?
៨ យើងក៏ព្យាយាមយកតម្រាប់លោកយេស៊ូក្នុងការបង្ហាញចិត្តក្លាហាន។ សូមគិតអំពីចិត្តក្លាហានដែលលោកបានបង្ហាញនៅប៉ុន្មានថ្ងៃមុនលោកស្លាប់។ លោកដឹងច្បាស់ថាមិនយូរទៀតសត្រូវរបស់លោកនឹងប្រមាថមើលងាយ វាយលោក និងប្រហារជីវិតលោក។ (ម៉ាថ. ២០:១៧-១៩) ទោះជាយ៉ាងនោះក៏ដោយ លោកនៅតែសុខចិត្តប្រឈមមុខនឹងសេចក្ដីស្លាប់។ កាលដែលដល់ពេលកំណត់ លោកបានមានប្រសាសន៍ទៅកាន់ពួកសាវ័កដ៏ស្មោះត្រង់ដែលនៅជាមួយនឹងលោកនៅសួនហ្គេតសេម៉ានីថា៖ «ចូរក្រោកឡើង យើងនាំគ្នាទៅ។ មើល! អ្នកដែលក្បត់ខ្ញុំបានមកជិតដល់ហើយ»។ (ម៉ាថ. ២៦:៣៦, ៤៦) ពេលមនុស្សមួយក្រុមដែលប្រដាប់ដោយអាវុធបានមកចាប់ខ្លួនលោក លោកបានចេញមក រួចប្រាប់ពួកគេថាលោកជាអ្នកណា ហើយបង្គាប់ទាហានឲ្យដោះលែងពួកសាវ័ករបស់លោក។ (យ៉ូន. ១៨:៣-៨) លោកយេស៊ូពិតជាបានបង្ហាញចិត្តក្លាហានជាខ្លាំង! សព្វថ្ងៃនេះ គ្រិស្តសាសនិកដែលបានត្រូវរើសតាំងនិងចៀមឯទៀតខំព្យាយាមយ៉ាងខ្លាំងដើម្បីយកតម្រាប់លោកយេស៊ូក្នុងការបង្ហាញចិត្តក្លាហាន។ តើតាមរបៀបណា?
៩. (ក) ហេតុអ្វីយើងប្រហែលជាត្រូវការចិត្តក្លាហានដើម្បីចូលរួមកិច្ចប្រជុំជាទៀងទាត់? (ខ) តើគំរូរបស់យើងអាចមានឥទ្ធិពលយ៉ាងណាទៅលើបងប្អូនរបស់យើងដែលជាប់គុកដោយសារជំនឿ?
៩ ដើម្បីចូលរួមកិច្ចប្រជុំជាទៀងទាត់ យើងប្រហែលជាត្រូវបង្ហាញចិត្តក្លាហានពេលជួបនឹងកាលៈទេសៈពិបាក។ បងប្អូនខ្លះចូលរួមកិច្ចប្រជុំ ទោះជាពួកគេកំពុងកើតទុក្ខជាខ្លាំង ធ្លាក់ទឹកចិត្ត ឬមានបញ្ហាសុខភាពក្ដី។ បងប្អូនខ្លះទៀត ចូលរួមកិច្ចប្រជុំដោយចិត្តក្លាហានទោះជាមានការប្រឆាំងយ៉ាងខ្លាំងពីសមាជិកក្រុមគ្រួសារឬរដ្ឋាភិបាលក៏ដោយ។ តើគំរូរបស់យើងមានឥទ្ធិពលយ៉ាងណាលើបងប្អូនរបស់យើងដែលជាប់គុកដោយសារជំនឿ? (ហេ. ១៣:៣) ពេលពួកគេឮថាយើងបន្តបម្រើព្រះយេហូវ៉ាទោះជាយើងមានទុក្ខលំបាកក្ដី នោះពង្រឹងកម្លាំងចិត្តរបស់ពួកគេឲ្យបន្តរក្សាជំនឿ មានចិត្តក្លាហាន និងចិត្តស្មោះគ្រប់លក្ខណៈ។ សាវ័កប៉ូលមានបទពិសោធន៍ស្រដៀងនឹងនេះ។ ពេលគាត់ជាប់គុកនៅក្រុងរ៉ូម គាត់មានអំណរពេលឮថាបងប្អូនរបស់គាត់កំពុងបម្រើព្រះយ៉ាងស្មោះត្រង់។ (ភី. ១:៣-៥, ១២-១៤) មិនយូរមុនឬមិនយូរក្រោយពីគាត់បានត្រូវគេដោះលែង ប៉ូលបានសរសេរសំបុត្រទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺ។ ក្នុងសំបុត្រនោះ គាត់បានដាស់តឿនគ្រិស្តសាសនិកដ៏ស្មោះត្រង់ទាំងនោះឲ្យ«បន្តស្រឡាញ់គ្នាជាបងប្អូន» ហើយកុំឲ្យគេចវេះពីការប្រជុំគ្នាឡើយ។—ហេ. ១០:២៤, ២៥; ១៣:១
១០-១១. (ក) តើយើងគួរអញ្ជើញអ្នកណាខ្លះឲ្យចូលរួមពិធីរំលឹក? (ខ) តើអេភេសូរ ១:៧ផ្ដល់មូលហេតុអ្វីឲ្យយើងគួរដូច្នេះ?
១០ យើងបង្ហាញចិត្តក្លាហានពេលយើងអញ្ជើញសាច់ញាតិ អ្នករួមការងារ និងអ្នកជិតខាងរបស់យើងឲ្យចូលរួមពិធីរំលឹក។ ប៉ុន្តែ ហេតុអ្វីយើងអញ្ជើញអ្នកទាំងនោះ? ពីព្រោះយើងមានចិត្តកតញ្ញូជាខ្លាំងចំពោះអ្វីដែលព្រះយេហូវ៉ានិងលោកយេស៊ូបានធ្វើសម្រាប់យើង ដូច្នេះយើងពិតជាចង់អញ្ជើញអ្នកឯទៀតឲ្យចូលរួមពិធីរំលឹក។ យើងក៏ចង់ឲ្យពួកគេរៀនអំពីរបៀបដែលពួកគេអាចទទួលប្រយោជន៍ដូចយើងដែរ ពី«គុណដ៏វិសេសលើសលប់»របស់ព្រះយេហូវ៉ាតាមរយៈថ្លៃលោះ។—សូមអាន អេភេសូរ ១:៧; បប. ២២:១៧
១១ ពេលយើងបង្ហាញចិត្តក្លាហានដោយជួបជុំគ្នា យើងក៏បង្ហាញគុណសម្បត្ដិដ៏វិសេសមួយទៀតដែរ ជាគុណសម្បត្ដិដែលព្រះនិងបុត្ររបស់លោកបង្ហាញតាមរបៀបដ៏ល្អប្រសើរ។
សេចក្ដីស្រឡាញ់ជំរុញចិត្តយើងឲ្យចូលរួមកិច្ចប្រជុំ
១២. (ក) តើតាមរបៀបណាកិច្ចប្រជុំរបស់យើងធ្វើឲ្យយើងកាន់តែស្រឡាញ់ព្រះយេហូវ៉ានិងលោកយេស៊ូ? (ខ) តើកូរិនថូសទី២ ៥:១៤, ១៥លើកទឹកចិត្តយើងឲ្យធ្វើអ្វីដូចលោកយេស៊ូ?
១២ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានិងលោកយេស៊ូជំរុញចិត្តយើងឲ្យចូលរួមកិច្ចប្រជុំ។ ជាលទ្ធផល អ្វីដែលយើងរៀននៅកិច្ចប្រជុំធ្វើឲ្យយើងកាន់តែស្រឡាញ់ព្រះយេហូវ៉ានិងបុត្ររបស់លោក។ នៅកិច្ចប្រជុំ យើងបានត្រូវរំលឹកជាទៀងទាត់អំពីអ្វីដែលលោកទាំងពីរបានធ្វើសម្រាប់យើង។ (រ៉ូម ៥:៨) ជាពិសេសពិធីរំលឹក រំលឹកយើងថាលោកទាំងពីរស្រឡាញ់យើងខ្លាំងណាស់ ហើយថាសេចក្ដីស្រឡាញ់នោះក៏មានចំពោះពួកអ្នកដែលមិនទាន់ឲ្យតម្លៃទៅលើថ្លៃលោះដែរ។ ដោយសារយើងមានចិត្តកតញ្ញូយ៉ាងជ្រាលជ្រៅ យើងព្យាយាមយកតម្រាប់លោកយេស៊ូក្នុងរបៀបរស់នៅប្រចាំថ្ងៃរបស់យើង។ (សូមអាន កូរិនថូសទី២ ៥:១៤, ១៥) បន្ថែមទៅទៀត ដោយសារព្រះយេហូវ៉ាបានផ្ដល់ថ្លៃលោះឲ្យយើង នោះជំរុញចិត្តយើងឲ្យសរសើរលោក។ របៀបមួយដែលយើងអាចសរសើរលោក គឺដោយឆ្លើយអស់ពីចិត្តនៅកិច្ចប្រជុំ។
១៣. តើតាមរបៀបណាយើងអាចបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ានិងបុត្ររបស់លោក? សូមពន្យល់។
១៣ យើងអាចបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ានិងបុត្ររបស់លោកខ្លាំងយ៉ាងណា ដោយសុខចិត្តធ្វើការលះបង់សម្រាប់លោកទាំងពីរ។ ជាច្រើនដង យើងត្រូវធ្វើការលះបង់ផ្សេងៗដើម្បីចូលរួមកិច្ចប្រជុំ។ ក្រុមជំនុំជាច្រើនមានកិច្ចប្រជុំនៅពេលល្ងាចក្រោយពីធ្វើការ ជាពេលដែលបងប្អូនភាគច្រើនទំនងជាអស់កម្លាំង។ កិច្ចប្រជុំមួយទៀតធ្វើឡើងនៅចុងសប្ដាហ៍ ជាពេលដែលមនុស្សឯទៀតឈប់សម្រាក។ តើព្រះយេហូវ៉ាកត់សម្គាល់ពេលយើងចូលរួមកិច្ចប្រជុំទោះជាយើងអស់កម្លាំងឬទេ? លោកពិតជាកត់សម្គាល់! ព្រះយេហូវ៉ាឃើញនិងឲ្យតម្លៃចំពោះការខំព្យាយាមរបស់យើងដើម្បីចូលរួមកិច្ចប្រជុំ។—ម៉ាក. ១២:៤១-៤៤
១៤. តើលោកយេស៊ូបានទុកគំរូក្នុងការបង្ហាញសេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ខ្លួនយ៉ាងដូចម្ដេច?
១៤ លោកយេស៊ូបានទុកគំរូឲ្យយើងក្នុងការបង្ហាញសេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ខ្លួន។ លោកមិនគ្រាន់តែសុខចិត្តស្លាប់ដើម្បីពួកអ្នកកាន់តាមលោកប៉ុណ្ណោះទេ ប៉ុន្តែជារៀងរាល់ថ្ងៃពេលលោកនៅផែនដី លោកក៏បានគិតអំពីប្រយោជន៍របស់អ្នកឯទៀតច្រើនជាងប្រយោជន៍ផ្ទាល់ខ្លួន។ ជាឧទាហរណ៍ លោកបានជួបជុំជាមួយនឹងពួកអ្នកកាន់តាមលោក ទោះជាលោកអស់កម្លាំងឬកើតទុក្ខជាខ្លាំងក្ដី។ (លូក. ២២:៣៩-៤៦) ម្យ៉ាងទៀត លោកបានផ្ដោតអារម្មណ៍ទៅលើអ្វីដែលលោកអាចឲ្យអ្នកឯទៀត មិនមែនទៅលើអ្វីដែលលោកអាចទទួលពីពួកគេឡើយ។ (ម៉ាថ. ២០:២៨) ពេលយើងមាន សេចក្ដីស្រឡាញ់ជាខ្លាំងចំពោះព្រះយេហូវ៉ានិងចំពោះបងប្អូនរបស់យើងដូចដែលលោកយេស៊ូមាន យើងនឹងខំអស់ពីសមត្ថភាពដើម្បីចូលរួមពិធីអាហារល្ងាចរបស់លោកម្ចាស់ ព្រមទាំងចូលរួមកិច្ចប្រជុំផ្សេងៗទៀតរបស់យើង។
១៥. តើយើងចាប់អារម្មណ៍ចង់ជួយអ្នកណាជាពិសេស?
១៥ យើងជាសមាជិករបស់អង្គការគ្រិស្តសាសនិកពិតតែមួយ ដែលពិតជាស្រឡាញ់គ្នាទៅវិញទៅមកជាបងប្អូន ហើយយើងរីករាយចំណាយពេលឲ្យបានច្រើនបំផុតដើម្បីអញ្ជើញអ្នកថ្មីឲ្យចូលរួមជាមួយនឹងយើង។ ប៉ុន្តែ ជាពិសេសយើងចាប់អារម្មណ៍ចង់ជួយ«បងប្អូនរួមជំនឿរបស់យើង»ដែលបានទៅជាអសកម្ម។ (កាឡ. ៦:១០) យើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះពួកគេដោយលើកទឹកចិត្តពួកគេឲ្យចូលរួមកិច្ចប្រជុំរបស់យើង ជាពិសេសពិធីរំលឹក។ ដូចព្រះយេហូវ៉ានិងលោកយេស៊ូ យើងសប្បាយចិត្តជាខ្លាំងពេលបងប្អូនណាម្នាក់ដែលអសកម្មត្រឡប់មកឯព្រះយេហូវ៉ាដែលជាគង្វាលនិងជាបិតាដ៏ប្រកបដោយសេចក្ដីស្រឡាញ់វិញ។—ម៉ាថ. ១៨:១៤
១៦. (ក) តើយើងអាចលើកទឹកចិត្តគ្នាទៅវិញទៅមកតាមរបៀបណា ហើយតើកិច្ចប្រជុំជួយយើងយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីនេះជាឱកាសល្អដើម្បីរំលឹកអំពីពាក្យរបស់លោកយេស៊ូនៅយ៉ូហាន ៣:១៦?
១៦ ក្នុងអំឡុងប៉ុន្មានសប្ដាហ៍នេះ សូមអញ្ជើញមនុស្សឲ្យបានច្រើនបំផុតឲ្យចូលរួមពិធីរំលឹកនៅល្ងាចថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩។ (សូមមើលប្រអប់ដែលមានចំណងជើងថា « តើអ្នកនឹងអញ្ជើញពួកគេឬទេ?») ក្នុងអំឡុងឆ្នាំនេះ សូមយើងលើកទឹកចិត្តគ្នាទៅវិញទៅមកដោយចូលរួមកិច្ចប្រជុំទាំងអស់ដែលព្រះយេហូវ៉ារៀបចំសម្រាប់យើង។ កាលដែលទីបញ្ចប់នៃរបៀបរបបពិភពលោកនេះកាន់តែជិតមកដល់ យើងត្រូវការកិច្ចប្រជុំរបស់យើងដើម្បីជួយយើងឲ្យរក្សាចិត្តរាបទាប ចិត្តក្លាហាន និងសេចក្ដីស្រឡាញ់។ (១ថែ. ៥:៨-១១) ដោយអស់ពីដួងចិត្ត សូមយើងបង្ហាញសេចក្ដីស្រឡាញ់ដែលយើងមានចំពោះព្រះយេហូវ៉ានិងបុត្ររបស់លោកដែលស្រឡាញ់យើងយ៉ាងខ្លាំង!—សូមអាន យ៉ូហាន ៣:១៦
ចម្រៀងលេខ១២៦ ត្រូវដឹងខ្លួន រឹងមាំ ហើយខ្លាំងក្លា
^ វគ្គ 5 ពិធីរំលឹកមរណភាពរបស់គ្រិស្តដែលនឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩ គឺជាកិច្ចប្រជុំដ៏សំខាន់បំផុតប្រចាំឆ្នាំនេះ។ តើអ្វីជំរុញចិត្តយើងឲ្យចូលរួមពិធីនោះ? ច្បាស់ជា ដោយសារយើងចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ នៅក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីគុណសម្បត្ដិផ្សេងៗដែលជំរុញចិត្តយើងឲ្យចូលរួមពិធីរំលឹកនិងកិច្ចប្រជុំជារៀងរាល់សប្ដាហ៍របស់យើង។
^ វគ្គ 52 ការពណ៌នាអំពីរូបភាព: បងប្រុសម្នាក់ដែលជាប់គុកដោយសារជំនឿបានទទួលការលើកទឹកចិត្តពីសំបុត្រដែលមកពីក្រុមគ្រួសាររបស់គាត់។ គាត់ដឹងថាពួកគេមិនបានភ្លេចគាត់ទេ ហើយគាត់មានអំណរដោយទទួលដំណឹងថាក្រុមគ្រួសាររបស់គាត់ ក៏រក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា ទោះជាមានភាពច្របូកច្របល់ខាងនយោបាយក្នុងតំបន់ដែលពួកគេរស់នៅក្ដី។