អត្ថបទសិក្សា ៤០
ចូរជាប់រវល់ក្នុងកិច្ចការរបស់ព្រះនៅចុងបញ្ចប់នៃ«គ្រាចុងក្រោយបង្អស់»
«ចូរពង្រឹងជំហរឲ្យមាំមួនឡើង ដោយមិនឲ្យរង្គោះរង្គើឡើយ ហើយចូរជាប់រវល់ក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់»។—១កូ. ១៥:៥៨
ចម្រៀងលេខ៥៨ ចូរស្វែងរកអ្នកដែលចង់បានសេចក្ដីសុខ
សេចក្ដីសង្ខេប *
១. តើអ្វីធ្វើឲ្យយើងជឿជាក់ថាយើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់»?
តើអ្នកបានកើតក្រោយឆ្នាំ១៩១៤ឬទេ? បើដូច្នេះ អ្នកបានរស់នៅក្នុងអំឡុង«គ្រាចុងក្រោយបង្អស់»នៃរបៀបរបបពិភពលោកនេះ។ (២ធី. ៣:១) យើងទាំងអស់គ្នាធ្លាប់ឮអំពីព្រឹត្ដិការណ៍ដែលលោកយេស៊ូបានប្រាប់ទុកជាមុនស្តីអំពីគ្រានោះ។ ព្រឹត្ដិការណ៍ទាំងនេះរួមមានសង្គ្រាម ការអត់ឃ្លាន ការរញ្ជួយដី រោគរាតត្បាត ការប្រឆាំងច្បាប់ដែលមានកាន់តែច្រើន និងការបៀតបៀនរាស្ត្ររបស់ព្រះយេហូវ៉ា។ (ម៉ាថ. ២៤:៣, ៧-៩, ១២; លូក. ២១:១០-១២) យើងក៏បានឃើញថាការប្រព្រឹត្តរបស់មនុស្សគឺដូចអ្វីដែលសាវ័កប៉ូលបានរៀបរាប់ទុកជាមុន។ (សូមមើលប្រអប់ដែលមានចំណងជើងថា « លក្ខណៈរបស់មនុស្សនៅសម័យនេះ») យើងដែលជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា ជឿជាក់ថាយើងកំពុងរស់នៅក្នុងអំឡុងគ្រា«ជាន់ក្រោយ»។—មីកា ៤:១
២. តើយើងត្រូវដឹងចម្លើយចំពោះសំណួរអ្វីខ្លះ?
២ ដោយសារច្រើនឆ្នាំបានកន្លងទៅតាំងពីឆ្នាំ១៩១៤ យើងច្បាស់ជាកំពុងរស់នៅចុងបញ្ចប់នៃ«គ្រាចុងក្រោយបង្អស់»។ ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះគឺជិតមកដល់ហើយ ដូច្នេះយើងត្រូវដឹងចម្លើយចំពោះសំណួរសំខាន់មួយចំនួនដូចជា៖ តើព្រឹត្ដិការណ៍អ្វីខ្លះនឹងកើតឡើងនៅចុងបញ្ចប់នៃ«គ្រាចុងក្រោយបង្អស់»? តើព្រះយេហូវ៉ាចង់ឲ្យយើងធ្វើអ្វីកាលដែលយើងកំពុងទន្ទឹងរង់ចាំព្រឹត្ដិការណ៍ទាំងនោះ?
តើអ្វីនឹងកើតឡើងនៅចុងបញ្ចប់នៃ«គ្រាចុងក្រោយបង្អស់»?
៣. យោងទៅតាមទំនាយនៅថែស្សាឡូនិចទី១ ៥:១-៣ តើប្រជាជាជាតិនានានឹងប្រកាសអំពីអ្វី?
៣ សូមអាន ថែស្សាឡូនិចទី១ ៥:១-៣។ ប៉ូលបានរៀបរាប់អំពី«ថ្ងៃរបស់ព្រះយេហូវ៉ា»។ ក្នុងបទគម្ពីរនេះ «ថ្ងៃរបស់ព្រះយេហូវ៉ា»សំដៅទៅលើគ្រាមួយដែលចាប់ផ្ដើមដោយការវាយប្រហារលើ«បាប៊ីឡូនដ៏ខ្លាំងក្លា»ដែលជាសាសនាមិនពិតទាំងឡាយនៅទូទាំង ពិភពលោក ហើយដែលបញ្ចប់ដោយសង្គ្រាមហាម៉ាគេដូន។ (បប. ១៦:១៤, ១៦; ១៧:៥) មុន«ថ្ងៃ»នោះចាប់ផ្ដើម ប្រជាជាតិនានានឹងប្រកាសថា៖ «មានសន្ដិភាពនិងសន្ដិសុខហើយ!» (សេចក្ដីបកប្រែខ្លះចែងថា៖ «មានសេចក្ដីសុខសាន្ត មានសេចក្ដីរៀបរយហើយ»)។ ពេលខ្លះ អ្នកដឹកនាំពិភពលោកប្រើពាក្យស្រដៀងនឹងនេះ ពេលដែលពួកគេនិយាយអំពីការពង្រឹងសម្ព័ន្ធភាពរវាងប្រជាជាតិនានា។ * ប៉ុន្តែការប្រកាសថា«មានសន្ដិភាពនិងសន្ដិសុខហើយ»ដែលគម្ពីររៀបរាប់គឺផ្សេងពីនេះ។ ហេតុអ្វី? ពីព្រោះពេលនេះកើតឡើង មនុស្សជាច្រើននឹងគិតថាពួកអ្នកដឹកនាំបានធ្វើឲ្យពិភពលោកកាន់តែមានសន្ដិសុខ។ ប៉ុន្តែតាមការពិត គ្រា«ទុក្ខវេទនាជាខ្លាំង»នឹងចាប់ផ្ដើម ហើយបន្ទាប់មក«ស្រាប់តែសេចក្ដីហិនវិនាសនឹងកើតមានដល់ពួកគេភ្លាម»។—ម៉ាថ. ២៤:២១
៤. (ក) តើយើងនៅតែត្រូវដឹងអំពីអ្វីខ្លះ ស្តីអំពីការប្រកាសថា «មានសន្ដិភាពនិងសន្ដិសុខហើយ»? (ខ) ស្តីអំពីរឿងនេះ តើយើងបានដឹងអ្វីខ្លះរួចហើយ?
៤ យើងដឹងខ្លះៗអំពីការប្រកាសថា «មានសន្ដិភាពនិងសន្ដិសុខហើយ»។ ប៉ុន្តែ មានអ្វីខ្លះទៀតដែលយើងមិនដឹង។ យើងមិនដឹងអំពីអ្វីដែលនឹងនាំឲ្យពួកអ្នកគ្រប់គ្រងប្រកាសដូច្នេះ ឬរបៀបដែលពួកគេនឹងប្រកាសអំពីរឿងនេះឡើយ។ យើងក៏មិនដឹងថានឹងមានការប្រកាសតែម្ដង ឬក៏មានការប្រកាសប៉ុន្មានដងទេ។ ប៉ុន្តែ យើងដឹងថាយើងមិនគួរចាញ់ការបោកបញ្ឆោតរបស់ពួកអ្នកគ្រប់គ្រង ដែលនាំឲ្យយើងគិតថា ពួកគេអាចធ្វើឲ្យមានសន្ដិភាពទូទាំងពិភពលោកឡើយ។ ផ្ទុយទៅវិញ នោះគឺជាការប្រកាសដែលគម្ពីរប្រាប់យើងឲ្យចាំយាម។ នេះជាសញ្ញាសម្គាល់ថា«ថ្ងៃរបស់ព្រះយេហូវ៉ា»គឺហៀបនឹងចាប់ផ្ដើម!
៥. តើថែស្សាឡូនិចទី១ ៥:៤-៦ ជួយយើងយ៉ាងដូចម្ដេចឲ្យត្រៀមខ្លួនសម្រាប់«ថ្ងៃរបស់ព្រះយេហូវ៉ា»?
៥ សូមអាន ថែស្សាឡូនិចទី១ ៥:៤-៦។ ពាក្យដាស់តឿនរបស់ប៉ូលប្រាប់យើងអំពីអ្វីដែលយើងគួរធ្វើ ដើម្បីត្រៀមខ្លួនសម្រាប់«ថ្ងៃរបស់ព្រះយេហូវ៉ា»។ យើងមិនគួរ«ដេកលង់លក់ដូចអ្នកឯទៀត»ទេ។ យើងត្រូវ«ភ្ញាក់ហើយដឹងខ្លួនជានិច្ច»។ ជាឧទាហរណ៍ យើងត្រូវរក្សាអព្យាក្រឹតភាពដោយមិនរួមចំណែកក្នុងរឿងនយោបាយ។ បើយើងចូលរួមក្នុងរឿងបែបនោះ យើងកំពុង«រួមចំណែកក្នុងពិភពលោក»។ (យ៉ូន. ១៥:១៩) យើងដឹងថាមានតែរាជាណាចក្ររបស់ព្រះប៉ុណ្ណោះដែលអាចធ្វើឲ្យមានសន្ដិភាពទូទាំងពិភពលោក។
៦. តើយើងចង់ជួយអ្នកឯទៀតឲ្យធ្វើអ្វី ហើយហេតុអ្វី?
៦ យើងមិនគ្រាន់តែត្រូវភ្ញាក់ហើយដឹងខ្លួនជានិច្ចប៉ុណ្ណោះទេ តែយើងក៏ត្រូវជួយអ្នកឯទៀតឲ្យភ្ញាក់ហើយដឹងខ្លួនដែរ ពោលគឺជួយពួកគេឲ្យរៀនអំពីអ្វីដែលគម្ពីរបានប្រាប់ទុកជាមុនថានឹងកើតឡើងក្នុងពិភពលោក។ សូមចាំថា កាលដែលគ្រាទុក្ខវេទនាជាខ្លាំងមកដល់ គឺហួសពេលដើម្បីឲ្យមនុស្សចាប់ផ្ដើមបម្រើព្រះយេហូវ៉ា។ នេះជាមូលហេតុដែលកិច្ចបម្រើផ្សាយរបស់យើងគឺជាកិច្ចការបន្ទាន់! *
ចូរបន្តជាប់រវល់ក្នុងកិច្ចការផ្សព្វផ្សាយ
៧. តើព្រះយេហូវ៉ាតម្រូវឲ្យយើងធ្វើអ្វីនៅឥឡូវនេះ?
៧ ក្នុងរយៈពេលខ្លីដែលនៅសល់មុន«ថ្ងៃរបស់ព្រះយេហូវ៉ា»មកដល់ លោកចង់ឲ្យយើងជាប់រវល់ក្នុងកិច្ចបម្រើផ្សាយ។ យើងត្រូវធ្វើឲ្យប្រាកដថាយើង«ជាប់រវល់ក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់»។ (១កូ. ១៥:៥៨) លោកយេស៊ូបានប្រកាសទុកជាមុនអំពីអ្វីដែលយើងនឹងធ្វើ។ ពេលលោកបានមានប្រសាសន៍អំពីព្រឹត្ដិការណ៍សំខាន់ៗដែលនឹងកើតឡើងនៅគ្រាចុងក្រោយបង្អស់ លោកបានបន្តថា៖ «បន្ថែមទៅទៀត ជាការចាំបាច់ដែលដំណឹងល្អត្រូវផ្សព្វផ្សាយដល់គ្រប់ប្រជាជាតិជាមុនសិន»។ (ម៉ាក. ១៣:៤, ៨, ១០; ម៉ាថ. ២៤:១៤) ម្ល៉ោះហើយ រាល់ពេលដែលអ្នកចូលរួមក្នុងកិច្ចផ្សព្វផ្សាយ អ្នកកំពុងជួយធ្វើឲ្យទំនាយនេះសម្រេច។
៨. តើកិច្ចការផ្សព្វផ្សាយកំពុងរីកចម្រើនយ៉ាងដូចម្ដេច?
៨ តើកិច្ចការផ្សព្វផ្សាយបានទទួលលទ្ធផលយ៉ាងណា? រាល់ឆ្នាំមនុស្សកាន់តែច្រើនឮអំពីដំណឹងល្អនៃរាជាណាចក្រព្រះ។ ជាឧទាហរណ៍ សូមគិតអំពីការរីកចម្រើននៃចំនួនអ្នកផ្សាយនៅទូទាំងពិភពលោកនៅគ្រាចុងក្រោយបង្អស់នេះ។ នៅឆ្នាំ១៩១៤ មានអ្នកផ្សាយចំនួន៥.១៥៥នាក់ នៅ៤៣ប្រទេស។ សព្វថ្ងៃនេះ មានអ្នកផ្សាយប្រហែលជា៨លាន៥សែននាក់ នៅ២៤០ប្រទេស! តែកិច្ចការនេះមិនទាន់ចប់ទេ។ យើងត្រូវបន្តប្រកាសថាមានតែរាជាណាចក្រព្រះប៉ុណ្ណោះ ដែលអាចដោះស្រាយបញ្ហាទាំងអស់របស់មនុស្សជាតិ។—ទំនុក. ១៤៥:១១-១៣
៩. ហេតុអ្វីយើងត្រូវបន្តផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ?
៩ កិច្ចបម្រើផ្សាយរបស់យើងអំពីរាជាណាចក្រនឹងបន្តធ្វើរហូតដល់ព្រះយេហូវ៉ាប្រាប់ថាកិច្ចការនោះចប់ហើយ។ តើនៅសល់ពេលប៉ុន្មានទៀតដើម្បីឲ្យមនុស្សស្គាល់ព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្ត? (យ៉ូន. ១៧:៣) យើងមិនដឹងទេ។ ក៏ប៉ុន្តែ យើងដឹងថាទម្រាំដល់គ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម អ្នកដែល«មានចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់»នៅតែអាចទទួលយកដំណឹងល្អ ហើយសម្រេចចិត្តបម្រើព្រះយេហូវ៉ា។ (សកម្ម. ១៣:៤៨) មុនគ្រានោះមកដល់ តើយើងអាចជួយមនុស្សទាំងនេះយ៉ាងដូចម្ដេច?
១០. តើព្រះយេហូវ៉ាផ្ដល់ជំនួយអ្វីឲ្យយើងដើម្បីបង្រៀនសេចក្ដីពិតដល់មនុស្ស?
១០ តាមរយៈអង្គការរបស់លោក ព្រះយេហូវ៉ាកំពុងផ្ដល់ឲ្យយើងនូវអ្វីៗដែលយើងត្រូវការដើម្បីបង្រៀនសេចក្ដីពិតដល់មនុស្ស។ ជាឧទាហរណ៍ យើងទទួលការបង្ហាត់បង្រៀនរាល់សប្ដាហ៍នៅកិច្ចប្រជុំសម្រាប់កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក។ កិច្ចប្រជុំនេះ ជួយយើងឲ្យដឹងថាយើងគួរនិយាយយ៉ាងណាពេលជួបមនុស្សនៅលើកដំបូង និងពេលត្រឡប់ទៅជួប ហើយក៏បង្រៀនយើង
អំពីរបៀបដឹកនាំការសិក្សាគម្ពីរ។ អង្គការរបស់ព្រះយេហូវ៉ាក៏បានផ្ដល់ឲ្យយើងនូវឧបករណ៍ដើម្បីបង្រៀនគម្ពីរ។ អ្វីទាំងនេះជួយយើងឲ្យ . . .-
ចាប់ផ្ដើមការសន្ទនា
-
បង្កើនចំណាប់អារម្មណ៍របស់មនុស្សដែលយើងជួប
-
ជំរុញចិត្តមនុស្សឲ្យចង់រៀនថែមទៀត
-
បង្រៀនសេចក្ដីពិតដល់សិស្សគម្ពីរ
-
អញ្ជើញមនុស្សដែលមានចំណាប់អារម្មណ៍ឲ្យចូលគេហទំព័រនិងមកសាលប្រជុំរបស់យើង។
យើងមិនត្រូវទុកឧបករណ៍ទាំងនេះចោលទេ យើងត្រូវប្រើវា។ * ជាឧទាហរណ៍ ប្រសិនបើអ្នកបានឲ្យខិត្តប័ណ្ណមួយ ឬទស្សនាវដ្ដីមួយដល់អ្នកចាប់អារម្មណ៍ក្រោយពីអ្នកបានសន្ទនាជាមួយនឹងគាត់ នោះគាត់អាចមានព័ត៌មានដើម្បីអានថែមទៀត រហូតដល់អ្នកអាចទាក់ទងគាត់ម្ដងទៀត។ យើងម្នាក់ៗត្រូវខំប្រឹងអស់ពីសមត្ថភាពដើម្បីបន្តជាប់រវល់ក្នុងកិច្ចការផ្សព្វផ្សាយជារៀងរាល់ខែ។
១១. ហេតុអ្វីយើងបង្កើតវគ្គសិក្សាគម្ពីរតាមអ៊ីនធឺណិត?
១១ ឧទាហរណ៍មួយទៀតអំពីរបៀបដែលព្រះយេហូវ៉ាកំពុងជួយមនុស្សឲ្យរៀនសេចក្ដីពិតគឺវគ្គសិក្សាគម្ពីរតាមអ៊ីនធឺណិតនៅគេហទំព័រjw.org®។ ហេតុអ្វីយើងបង្កើតវគ្គសិក្សានេះ? ជារៀងរាល់ខែ មនុស្សរាប់ម៉ឺននាក់នៅទូទាំងពិភពលោកស្វែងរកវគ្គសិក្សាគម្ពីរតាមអ៊ីនធឺណិត។ វគ្គសិក្សាទាំងនោះអាចជួយមនុស្សឲ្យចាប់ផ្ដើមស្គាល់សេចក្ដីពិតពីបណ្ដាំរបស់ព្រះ។ បុគ្គលខ្លះដែលយើងជួបប្រហែលជាស្ទាក់ស្ទើររៀនគម្ពីរជាមួយនឹងយើង។ បើដូច្នេះ សូមបង្ហាញពួកគេនូវផ្នែកនេះនៅគេហទំព័រយើង ឬផ្ញើគេហទំព័រយើងដែលពួកគេអាចចុចភ្ជាប់ទៅវគ្គសិក្សាទាំងនោះ។ បើអាចធ្វើបាន សូមឲ្យពួកគេមើលវគ្គសិក្សាទាំងនោះជាភាសាដែលពួកគេចេះ។ *
១២. តើមនុស្សអាចរៀនអ្វីពីវគ្គសិក្សាគម្ពីរតាមអ៊ីនធឺណិត?
១២ វគ្គសិក្សាគម្ពីរតាមអ៊ីនធឺណិតមានប្រធានបទផ្សេងៗដូចជា៖ «គម្ពីរនិងអ្នកនិពន្ធគម្ពីរ» «បុគ្គលសំខាន់ៗក្នុងគម្ពីរ» និង«ដំណឹងក្នុងគម្ពីរដែលផ្ដល់សេចក្ដីសង្ឃឹម»ជាដើម។ ក្នុងប្រធានបទទាំងនោះ មនុស្សអាចរៀនអំពី . . .
-
របៀបដែលគម្ពីរអាចជួយមនុស្ស
-
ព្រះយេហូវ៉ា លោកយេស៊ូ និងពួកទេវតាជាបុគ្គលបែបណា
-
មូលហេតុដែលព្រះបានបង្កើតមនុស្ស
-
មូលហេតុដែលមានទុក្ខវេទនានិងអំពើអាក្រក់
វគ្គសិក្សាទាំងនោះក៏បង្រៀនអំពីរបៀបដែលព្រះយេហូវ៉ានឹង . . .
-
បំបាត់ចោលទុក្ខវេទនានិងសេចក្ដីស្លាប់
-
ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ
-
ជំនួសរដ្ឋាភិបាលរបស់មនុស្សដោយរាជាណាចក្រព្រះ។
១៣. តើវគ្គសិក្សាគម្ពីរតាមអ៊ីនធឺណិតជំនួសកម្មវិធីសិក្សាគម្ពីរឬទេ? សូមពន្យល់។
១៣ វគ្គសិក្សាគម្ពីរតាមអ៊ីនធឺណិតមិនមែនជំនួសកម្មវិធីសិក្សាគម្ពីរទេ។ លោកយេស៊ូបានផ្ដល់ឲ្យយើងនូវឯកសិទ្ធិបង្រៀនអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោក។ យើងសង្ឃឹមថាអ្នកដែលចាប់អារម្មណ៍នឹងរៀនវគ្គសិក្សាគម្ពីរតាមអ៊ីនធឺណិត ឲ្យតម្លៃទៅលើអ្វីដែលពួកគេរៀន និងចង់រៀនថែមទៀត។ បើដូច្នេះ ពួកគេប្រហែលជានឹងយល់ព្រមសិក្សាគម្ពីរ។ រាល់ចុងបញ្ចប់នៃមេរៀននីមួយៗ ពួកគេអាចស្នើសុំរៀនគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ាណាម្នាក់។ រាល់ថ្ងៃ នៅទូទាំងពិភពលោកមានអ្នកស្នើសុំរៀនគម្ពីរជាង២៣០នាក់តាមរយៈគេហទំព័ររបស់អង្គការយើង! ការជួបដោយផ្ទាល់ដើម្បីបង្រៀនគម្ពីរគឺសំខាន់ណាស់!
ចូរបន្តព្យាយាមជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្ត
១៤. យោងទៅតាមការណែនាំរបស់លោកយេស៊ូ ដែលបានត្រូវកត់ទុកនៅម៉ាថាយ ២៨:១៩, ២០ តើយើងត្រូវខំអស់ពីសមត្ថភាពដើម្បីធ្វើអ្វី ហើយហេតុអ្វី?
១៤ សូមអាន ម៉ាថាយ ២៨:១៩, ២០។ យើងត្រូវខំអស់ពីសមត្ថភាពដើម្បី«បង្រៀនមនុស្ស . . . ឲ្យក្លាយទៅជាអ្នកកាន់តាម [លោកយេស៊ូ] . . . ហើយបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែល[លោក]បានបង្គាប់»។ យើងត្រូវជួយមនុស្សឲ្យយល់ថាគឺជាការសំខាន់ដែលពួកគេសម្រេចចិត្តបម្រើព្រះយេហូវ៉ា និងគាំទ្ររាជាណាចក្ររបស់លោក។ នេះមានន័យថាយើងត្រូវព្យាយាមធ្វើឲ្យសេចក្ដីពិតជ្រាបចូលក្នុងចិត្តរបស់មនុស្សឯទៀត ដើម្បីឲ្យពួកគេធ្វើតាមអ្វីដែលពួកគេរៀន ប្រគល់ខ្លួនជូនព្រះយេហូវ៉ា និងទទួលការជ្រមុជទឹក។ ពួកគេត្រូវតែធ្វើដូច្នេះ ដើម្បីរួចជីវិតនៅថ្ងៃរបស់ព្រះយេហូវ៉ា។—១ពេ. ៣:២១
១៥. តើយើងមិនមានពេលសម្រាប់ធ្វើអ្វី ហើយហេតុអ្វី?
១៥ ដូចដែលបានត្រូវរៀបរាប់នៅខាងលើ គឺសល់ពេលតែបន្ដិចបន្តួចរវាងគ្រាឥឡូវនេះនិងទីបញ្ចប់នៃរបៀបរបបពិភពលោក។ ហេតុនេះហើយ យើងមិនមានពេលសម្រាប់បន្តសិក្សាគម្ពីរជាមួយនឹងបុគ្គលដែលមិនធ្វើការកែប្រែក្នុងជីវិតដើម្បីទៅជាអ្នកបម្រើព្រះយេហូវ៉ាឡើយ។ (១កូ. ៩:២៦) កិច្ចការរបស់យើងគឺជាកិច្ចការបន្ទាន់! មានមនុស្សជាច្រើនដែលត្រូវឮអំពីដំណឹងល្អអំពីរាជាណាចក្រព្រះមុនដែលកិច្ចការនោះបានត្រូវបញ្ចប់។
ចូរជៀសចេញពីសាសនាមិនពិតទាំងអស់
១៦. យោងតាមការបើកបង្ហាញ ១៨:២, ៤, ៥, ៨ តើយើងទាំងអស់គ្នាត្រូវធ្វើអ្វី? (សូមមើលកំណត់សម្គាល់ផងដែរ)
១៦ សូមអាន ការបើកបង្ហាញ ១៨:២, ៤, ៥, ៨។ ខទាំងនេះបញ្ជាក់អំពីអ្វីមួយទៀតដែលព្រះយេហូវ៉ាតម្រូវពីអ្នកគោរពប្រណិប័តន៍លោក។ គ្រិស្តសាសនិកពិតទាំងអស់ត្រូវធ្វើឲ្យប្រាកដថាពួកគេមិនរួមចំណែកនឹងសាសនាមិនពិតក្នុងរឿងណាមួយឡើយ។ មុនរៀនសេចក្ដីពិត សិស្សគម្ពីរប្រហែលជាធ្លាប់ជាសមាជិកសាសនាមិនពិតមួយ។ គាត់ប្រហែលជាបានចូលរួមសកម្មភាពនិងពិធីរបស់សាសនានោះ។ ឬក៏គាត់ប្រហែលជាបានឲ្យលុយដើម្បីគាំទ្រសាសនានោះ។ មុនសិស្សគម្ពីរអាចទៅជាអ្នកផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក គាត់ត្រូវធ្វើឲ្យប្រាកដថាគាត់ឈប់ពាក់ព័ន្ធនឹងសាសនាមិនពិតទាំងស្រុងទៀត។ គាត់គួរសរសេរសំបុត្រទៅវិហារ ឬអង្គការដែលជាប់ពាក់ព័ន្ធនឹងសាសនាមិនពិតដែលគាត់ធ្លាប់ចូលរួម ដើម្បីបញ្ជាក់ថាគាត់លែងធ្វើជាសមាជិកទៀត។ *
១៧. តើគ្រិស្តសាសនិកត្រូវជៀសវាងការងារបែបណា ហើយហេតុអ្វី?
១៧ គ្រិស្តសាសនិកពិតត្រូវធ្វើឲ្យប្រាកដថា ការងាររបស់គាត់មិនជាប់ទាក់ទងទាល់តែសោះនឹងសាសនាមិនពិត។ (២កូ. ៦:១៤-១៧) ជាឧទាហរណ៍ គាត់នឹងមិនធ្វើការនៅវិហារទេ។ គ្រិស្តសាសនិកដែលធ្វើការឲ្យក្រុមហ៊ុន ក៏នឹងមិនចង់ធ្វើកិច្ចការច្រើននៅអគារដែលបានត្រូវប្រើសម្រាប់ការគោរពប្រណិប័តន៍មិនពិតឡើយ។ ម្យ៉ាងទៀត បើគាត់មានក្រុមហ៊ុនផ្ទាល់ខ្លួន គាត់ច្បាស់ជាមិនចង់ទទួលការងារ ឬចុះកិច្ចសន្យាការងារដើម្បីធ្វើការឲ្យសាសនាមិនពិតទេ។ ហេតុអ្វីយើងត្រូវកាន់ជំហរមាំមួនក្នុងរឿងបែបនេះ? ពីព្រោះយើងមិនចង់រួមចំណែកក្នុងកិច្ចការនិងអំពើខុស ឆ្គងរបស់អង្គការសាសនាដែលមិនស្អាតស្អំតាមទស្សនៈរបស់ព្រះឡើយ។—អេ. ៥២:១១ *
១៨. តើបងប្រុសម្នាក់បានកាន់ខ្ជាប់តាមគោលការណ៍គម្ពីរយ៉ាងដូចម្ដេចស្តីអំពីការងាររបស់គាត់?
១៨ ច្រើនឆ្នាំមុន អ្នកម៉ៅការម្នាក់បានសុំអ្នកចាស់ទុំដែលជាជាងឈើឲ្យធ្វើការងារតិចតួចនៅវិហារមួយក្នុងតំបន់ដែលគាត់រស់នៅ។ អ្នកម៉ៅការនោះដឹងថាបងប្រុសរបស់យើងតែងតែនិយាយថាគាត់មិនធ្វើការឲ្យវិហារទេ។ ប៉ុន្តែលើកនេះ អ្នកម៉ៅការនោះពិតជាពិបាករកអ្នកផ្សេងឲ្យធ្វើការងារនោះណាស់។ ទោះជាយ៉ាងណាក៏ដោយ បងប្រុសយើងបានកាន់ខ្ជាប់តាមគោលការណ៍គម្ពីរយ៉ាងមុតមាំ ហើយមិនទទួលយកការងារនោះទេ។ នៅសប្ដាហ៍បន្ទាប់ កាសែតក្នុងតំបន់នោះបានចុះផ្សាយអំពីរូបថតរបស់ជាងឈើផ្សេងទៀតដែលកំពុងដាក់ឈើឆ្កាងលើវិហារនោះ។ បើបងប្រុសរបស់យើងបានទទួលយកការងារនោះ ប្រហែលជារូបថតរបស់គាត់នឹងនៅក្នុងកាសែតនោះ។ សូមគិត បើរឿងនោះកើតឡើង នោះអាចបង្ខូចកេរ្ដិ៍ឈ្មោះរបស់គាត់ក្នុងចំណោមគ្រិស្តសាសនិកឯទៀតយ៉ាងណាទៅ! សូមគិតដែរថា ព្រះយេហូវ៉ានឹងមានអារម្មណ៍យ៉ាងណាចំពោះរឿងនោះ!
តើយើងបានរៀនអ្វីខ្លះ?
១៩-២០. (ក) មកដល់ត្រឹមនេះ តើយើងបានរៀនអ្វីខ្លះ? (ខ) តើយើងត្រូវរៀនអ្វីថែមទៀត?
១៩ យោងទៅតាមគម្ពីរ ទំនាយដ៏សំខាន់បន្ទាប់ដែលមិនយូរទៀតនឹងត្រូវសម្រេច គឺអ្នកគ្រប់គ្រងពិភពលោកនឹងប្រកាសថា៖ «មានសន្ដិភាពនិងសន្ដិសុខហើយ»។ ដោយសារព្រះយេហូវ៉ាបានបង្រៀនយើង នោះយើងដឹងថាប្រជាជាតិនានានឹងមិនអាចធ្វើឲ្យមានសន្ដិភាពពិតប្រាកដនិងយូរអង្វែងបានទេ។ យើងដឹងថាក្រោយព្រឹត្ដិការណ៍នោះកើតឡើង នោះស្រាប់តែសេចក្ដីហិនវិនាសនឹងកើតឡើងភ្លាមៗ។ ដូច្នេះតើយើងគួរធ្វើអ្វីមុនព្រឹត្ដិការណ៍ទាំងនោះកើតឡើង? ព្រះយេហូវ៉ាតម្រូវឲ្យយើងជាប់រវល់ក្នុងកិច្ចការផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រ ហើយព្យាយាមជួយមនុស្សកាន់តែច្រើនឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។ យើងក៏ត្រូវញែកខ្លួនចេញពីសាសនាមិនពិតទាំងអស់ដែរ ក្នុងន័យថាយើងគួរឈប់ធ្វើជាសមាជិកសាសនាទាំងនោះ និងមិនធ្វើការងារដែលជាប់ពាក់ព័ន្ធនឹងបាប៊ីឡូនដ៏ខ្លាំងក្លាឡើយ។
២០ មានព្រឹត្ដិការណ៍ជាបន្តបន្ទាប់ទៀតនឹងកើតឡើងនៅចុងបញ្ចប់នៃ«គ្រាចុងក្រោយបង្អស់» ហើយមានអ្វីផ្សេងទៀតដែលព្រះយេហូវ៉ាក៏តម្រូវឲ្យយើងធ្វើដែរ។ តើនោះជាអ្វី ហើយតើយើងអាចត្រៀមខ្លួនយ៉ាងដូចម្ដេចសម្រាប់អ្វីទាំងអស់ដែលនឹងកើតឡើងនៅថ្ងៃខាងមុខ? យើងនឹងពិចារណាចម្លើយចំពោះសំណួរទាំងនេះនៅអត្ថបទបន្ទាប់។
ចម្រៀងលេខ៧១ យើងជាទ័ពព្រះយេហូវ៉ា!
^ វគ្គ 5 មិនយូរទៀត យើងរំពឹងថាយើងនឹងឮប្រជាជាតិនានាប្រកាសថា ពួកគេបានធ្វើឲ្យពិភពលោក«មានសន្ដិភាពនិងសន្ដិសុខហើយ!»។ នេះជាសញ្ញាសម្គាល់ដែលបញ្ជាក់ថាគ្រាទុក្ខវេទនាជាខ្លាំងហៀបនឹងចាប់ផ្ដើម។ ទម្រាំដល់ការប្រកាសនោះ តើព្រះយេហូវ៉ាចង់ឲ្យយើងធ្វើអ្វី? ក្នុងអត្ថបទនេះ យើងនឹងទទួលចម្លើយចំពោះសំណួរនេះ។
^ វគ្គ 3 ជាឧទាហរណ៍ នៅគេហទំព័ររបស់អង្គការសហប្រជាជាតិ ពួកគេបានអះអាងថាពួកគេមានទិសដៅដើម្បី«រក្សាសន្ដិភាព និងសន្ដិសុខពិភពលោក»។
^ វគ្គ 6 សូមមើលអត្ថបទដែលមានចំណងជើងថា «ស្តីអំពីការវិនិច្ឆ័យរបស់ព្រះ តើលោកតែងតែឲ្យការព្រមានយូរល្មមឬទេ?» ក្នុងទស្សនាវដ្ដីលេខនេះ។
^ វគ្គ 10 ដើម្បីមើលព័ត៌មានអំពីរបៀបប្រើឧបករណ៍ដើម្បីបង្រៀនគម្ពីរ សូមមើលអត្ថបទដែលមានចំណងជើងថា «ចូរបង្រៀនសេចក្ដីពិត» ក្នុងទស្សនាវដ្ដីប៉មយាម ខែតុលា ឆ្នាំ២០១៨។
^ វគ្គ 11 ឥឡូវនេះ វគ្គសិក្សាទាំងនោះមានជាភាសាអង់គ្លេសនិងព័រទុយហ្គាល់ ហើយមិនយូរទៀតនឹងមានជាភាសាឯទៀតដែរ។
^ វគ្គ 16 យើងក៏ត្រូវជៀសវាងពីសកម្មភាពរបស់អង្គការផ្សេងៗដូចជាការបោះជំរំយុវជន ឬកន្លែងកម្សាន្តដែលជាប់ទាក់ទងនឹងសាសនាមិនពិត រួមបញ្ចូលសមាគមយុវជនសាសនាគ្រិស្ត(YMCA) និងសមាគមយុវនារីសាសនាគ្រិស្ត(YWCA)។ ទោះជាសមាគមទាំងនេះប្រហែលជាអះអាងថាសកម្មភាពរបស់ពួកគេមិនមែនជាប់ទាក់ទងនឹងសាសនាក្ដី តាមការពិតអង្គការទាំងនោះលើកស្ទួយទស្សនៈនិងគោលដៅរបស់សាសនា។
^ វគ្គ 17 ដើម្បីបានព័ត៌មានថែមទៀតអំពីបទគម្ពីរស្តីអំពីការងារដែលជាប់ទាក់ទងនឹងអង្គការសាសនា សូមមើលសៀវភៅ«ព្រះស្រឡាញ់» នៅជំពូកទី១៥ វគ្គ១៤-១៧ និងប្រអប់ នៅទំព័រ២០២-២០៤។
^ វគ្គ 83 ការពណ៌នាអំពីរូបភាព: ភ្ញៀវនៅហាងកាហ្វេបញ្ចេញប្រតិកម្មចំពោះ«ព័ត៌មានថ្មីទាន់ហេតុការណ៍»តាមទូរទស្សន៍ អំពីការប្រកាសថា «មានសន្ដិភាពនិងសន្ដិសុខហើយ»។ ប្ដីប្រពន្ធមួយគូដែលជាសាក្សីកំពុងសម្រាកពីកិច្ចបម្រើផ្សាយនៅទីនោះ។ ពួកគេមិនបានចាញ់បោកនឹងសេចក្ដីរាយការណ៍នេះឡើយ។