លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មនុស្ស​ត្រូវ​ឮ​ការ​ព្រមាន​កាល​ដែល​ព្យុះ​នៃ​ព្រះ​ជិត​មក​ដល់!

ស្តី​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ តើ​លោក​តែង​តែ​ឲ្យ​ការ​ព្រមាន​យូរ​ល្មម​ឬ​ទេ?

ស្តី​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ តើ​លោក​តែង​តែ​ឲ្យ​ការ​ព្រមាន​យូរ​ល្មម​ឬ​ទេ?

អ្នក​ព្យាករណ៍​អាកាសធាតុ​ពិនិត្យ​មើល​រូប​ភាព​ពី​ប្រព័ន្ធ​រ៉ា​ដា។ គាត់​ឃើញ​ខ្យល់​ព្យុះ​ដែល​កំពុង​បក់​យ៉ាង​លឿន​ឆ្ពោះ​ទៅ​តំបន់​មួយ​ដែល​មាន​មនុស្ស​ជា​ច្រើន​រស់​នៅ។ ដោយ​សារ​គាត់​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​មនុស្ស​នៅ​ទី​នោះ គាត់​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​អាច​ធ្វើ​បាន​ដើម្បី​ព្រមាន​ពួក​គេ​មុន​ព្យុះ​នោះ​មក​ដល់។

ស្រដៀង​គ្នា​ដែរ សព្វ​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​ព្រមាន​មនុស្ស​អំពី​អ្វី​មួយ​ដែល​ប្រៀប​ដូច​ជា​ព្យុះ ហើយ​មាន​គ្រោះ​ថ្នាក់​ជាង​អ្វី​ដែល​ឮ​តាម​រយៈ​សេចក្ដី​រាយ​ការណ៍​អំពី​អាកាសធាតុ​ទៅ​ទៀត។ តើ​លោក​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​លោក​ទុក​ពេល​យូរ​ល្មម​ឲ្យ​មនុស្ស​ចាត់​វិធានការ​ដើម្បី​ធ្វើ​តាម​ការ​ព្រមាន​នោះ? ដើម្បី​ឆ្លើយ​សំណួរ​ទាំង​នេះ មុន​ដំបូង​សូម​យើង​ពិចារណា​អំពី​ការ​ព្រមាន​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​នៅ​អតីតកាល។

ពេល​ដែល​ព្រះ​ផ្ដល់​ការ​ព្រមាន

នៅ​សម័យ​គម្ពីរ ព្រះ​យេហូវ៉ា​បាន​ព្រមាន​អំពី​អ្វី​ផ្សេង​ៗ​ដែល​ហាក់​ដូច​ជា​ព្យុះ ឬ​ការ​វិនិច្ឆ័យ​របស់​លោក​ចំពោះ​ពួក​អ្នក​ដែល​មិន​ធ្វើ​តាម​បង្គាប់​របស់​លោក​ដោយ​ចេតនា។ (​សុភ. ១០:២៥; យេ. ៣០:២៣​) រាល់​ដង លោក​បាន​ព្រមាន​មនុស្ស​ទុក​ជា​មុន ហើយ​បាន​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដើម្បី​ស្ដាប់​បង្គាប់​លោក។ (​២ព. ១៧:១២​-​១៥; នេហ. ៩:២៩, ៣០​) ដើម្បី​ជួយ​មនុស្ស​ឲ្យ​ចង់​ធ្វើ​ការ​កែ​ប្រែ​ដែល​ចាំ​បាច់ លោក​ច្រើន​តែ​ប្រើ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​ផែន​ដី​ឲ្យ​ប្រកាស​អំពី​ការ​វិនិច្ឆ័យ​របស់​លោក ហើយ​ជួយ​មនុស្ស​ឲ្យ​យល់​ថា​ពួក​គេ​ត្រូវ​ចាត់​វិធានការ​ភ្លាម​ៗ។—អេម. ៣:៧

ណូអេ​គឺ​ជា​គំរូ​មួយ​ស្តី​អំពី​បុគ្គល​ដែល​ព្រះ​បាន​ប្រើ​ដើម្បី​ប្រកាស​អំពី​ការ​វិនិច្ឆ័យ​របស់​លោក។ អស់​ជា​ច្រើន​ឆ្នាំ ដោយ​ចិត្ត​អង់អាច គាត់​បាន​ព្រមាន​អំពី​ទឹក​ជំនន់​ដល់​មនុស្ស​នៅ​សម័យ​គាត់​ដែល​ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ​និង​អំពើ​ប្រាស​ចាក​សីលធម៌។ (​លោ. ៦:៩​-​១៣, ១៧​) គាត់​ក៏​បាន​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដើម្បី​រួច​ជីវិត​ដែរ។ ដូច្នេះ​ហើយ​នៅ​ពេល​ក្រោយ​មក គាត់​បាន​ត្រូវ​គេ​ហៅ​ថា​«​អ្នក​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សុចរិត​»។—២ពេ. ២:៥

ទោះ​ជា​ណូអេ​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដោយ មនុស្ស​ដែល​រស់​នៅ​មុន​សម័យ​ទឹក​ជំនន់ មិន​បាន​អើពើ​នឹង​ដំណឹង​ពី​ព្រះ​ដែល​គាត់​បាន​ផ្សព្វ​ផ្សាយ​ទេ។ ពួក​គេ​បាន​បង្ហាញ​ថា​ពួក​គេ​គ្មាន​ជំនឿ​ទាល់​តែ​សោះ។ ជា​លទ្ធផល ពួក​គេ​បាន​ស្លាប់​ពេល​«​ទឹក​ជន់​ឡើង កញ្ឆក់​យក​គេ​ទាំង​អស់​គ្នា​ទៅ​»។ (​ម៉ាថ. ២៤:៣៩; ហេ. ១១:៧​) កាល​ដែល​ពួក​គេ​ជិត​ស្លាប់ ពួក​គេ​មិន​អាច​និយាយ​ថា​ព្រះ​មិន​បាន​ព្រមាន​ពួក​គេ​នោះ​ទេ។

នៅ​ពេល​ផ្សេង​ទៀត ព្រះ​យេហូវ៉ា​បាន​ព្រមាន​មនុស្ស​មួយ​រយៈ​ពេល​ខ្លី​មុន​ការ​វិនិច្ឆ័យ​របស់​លោក។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ លោក​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​មនុស្ស​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​កែ​ប្រែ។ បើ​ពួក​គេ​មិន​ធ្វើ​ដូច្នេះ​ទេ ពួក​គេ​នឹង​ត្រូវ​រង​ទុក្ខ។ ជា​ឧទាហរណ៍ លោក​បាន​ឲ្យ​ការ​ព្រមាន​ក្នុង​អំឡុង​គ្រា​ដែល​មាន​សេចក្ដី​វេទនា​១០​ប្រការ​នៅ​ស្រុក​អេស៊ីប​សម័យ​បុរាណ។ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​បាន​ចាត់​ម៉ូសេ​និង​អេរ៉ុន​ឲ្យ​ទៅ​ព្រមាន​ផារ៉ូ​និង​ពួក​អ្នក​បម្រើ​របស់​គាត់​អំពី​សេចក្ដី​វេទនា​ទី​៧ គឺ​ព្យុះ​ដុំ​ព្រិល​ដែល​នាំ​ឲ្យ​មាន​ការ​ខូច​ខាត​ជា​ច្រើន។ ដោយ​សារ​ដុំ​ព្រិល​នឹង​ចាប់​ផ្ដើម​ធ្លាក់​នៅ​ថ្ងៃ​បន្ទាប់ តើ​ព្រះ​បាន​ឲ្យ​ការ​ព្រមាន​ទុក​ជា​មុន​យូរ​ល្មម ដើម្បី​ពួក​គេ​អាច​ស្វែង​រក​ទី​ជ្រក​កោន​និង​គេច​ខ្លួន​ពី​ព្យុះ​នោះ​ឬ​ទេ? គម្ពីរ​រៀប​រាប់​ថា​៖ ​«​ពួក​មហាតលិក​ណា​មួយ​របស់​ផារ៉ោន[​ផារ៉ូ​]ដែល​កោត​ខ្លាច​ដល់​ព្រះ​បន្ទូល​ព្រះ​យេហូវ៉ា គេ​ក៏​ឲ្យ​ពួក​បាវ​នឹង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​រត់​ចូល​មក​ជ្រក​ក្នុង​ផ្ទះ​ទាំង​អស់។ ប៉ុន្តែ​ពួក​អ្នក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ​បន្ទូល​ព្រះ​យេហូវ៉ា​សោះ គេ​ក៏​ទុក​ឲ្យ​ពួក​បាវ​នឹង​ហ្វូង​សត្វ​នៅ​ឯ​វាល​វិញ​»។ (​និក្ខ. ៩:១៨​-​២១​) ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ឲ្យ​ការ​ព្រមាន​ទុក​ជា​មុន​យូរ​ល្មម ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ឆាប់​ធ្វើ​តាម មិន​ត្រូវ​រង​ទុក្ខ​ដូច​អ្នក​ឯ​ទៀត​ឡើយ។

ផារ៉ូ​និង​ពួក​អ្នក​បម្រើ​របស់​គាត់​ក៏​បាន​ទទួល​ការ​ព្រមាន​មុន​សេចក្ដី​វេទនា​ទី​១០​ដែរ។ ក៏​ប៉ុន្តែ ដោយ​ឆោត​ល្ងង់ ពួក​គេ​មិន​ព្រម​ធ្វើ​តាម​ការ​ព្រមាន​នោះ​ទេ។ (​និក្ខ. ៤:២២, ២៣​) ជា​លទ្ធផល កូន​ប្រុស​ច្បង​របស់​ពួក​គេ​បាន​ស្លាប់។ នេះ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​ណាស់! (​និក្ខ. ១១:៤​-​១០; ១២:២៩​) តើ​ពួក​គេ​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​តាម​ការ​ព្រមាន​ឬ​ទេ? មែន ពួក​គេ​មាន​ពេល​គ្រប់​គ្រាន់! ម៉ូសេ​បាន​ព្រមាន​ជន​ជាតិ​អ៊ីស្រាអែល​ភ្លាម​ៗ​អំពី​សេចក្ដី​វេទនា​ទី​១០ ហើយ​ប្រាប់​ពួក​គេ​អំពី​របៀប​ដែល​ពួក​គេ​អាច​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​ពួក​គេ។ (​និក្ខ. ១២:២១​-​២៨​) តើ​មនុស្ស​ប៉ុន្មាន​នាក់​បាន​ធ្វើ​តាម​ការ​ព្រមាន​នោះ? យោងទៅ​តាម​ការ​ប៉ាន់​ស្មាន​មួយ​ចំនួន មនុស្ស​ជាង​បី​លាន​នាក់ រួម​មាន​ជន​ជាតិ​អ៊ីស្រាអែល និង​«​មនុស្ស​សន្ធឹក​គ្រប់​បែប​»​ដែល​រួម​បញ្ចូល​ជន​ជាតិ​អេស៊ីប​និង​អ្នក​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល បាន​រួច​ផុត​ពី​ការ​វិនិច្ឆ័យ​របស់​ព្រះ ហើយ​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។—និក្ខ. ១២:៣៨

ដូច​ឧទាហរណ៍​ទាំង​នេះ​បាន​បង្ហាញ ព្រះ​យេហូវ៉ា​តែង​តែ​ទុក​ពេល​យូរ​ល្មម ដើម្បី​ឲ្យ​មនុស្ស​ធ្វើ​តាម​ការ​ព្រមាន​របស់​លោក។ (​ចោ. ៣២:៤​) តើ​អ្វី​ជំរុញ​ចិត្ត​លោក​ឲ្យ​ធ្វើ​ដូច្នេះ? សាវ័ក​ពេត្រុស​បាន​ពន្យល់​ថា​ព្រះ​យេហូវ៉ា​«​មិន​ចង់​ឲ្យ​អ្នក​ណា​ត្រូវ​បំផ្លាញ​ចោល​ឡើយ តែ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ឱកាស​ប្រែ​ចិត្ត​»។ (​២ពេ. ៣:៩​) មែន​ហើយ ព្រះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស។ លោក​ចង់​ឲ្យ​ពួក​គេ​ប្រែ​ចិត្ត និង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដ៏​សំខាន់​ចាំ​បាច់ មុន​គ្រា​ដែល​ការ​វិនិច្ឆ័យ​របស់​លោក​មក​ដល់។—អេ. ៤៨:១៧, ១៨; រ៉ូម ២:៤

ចូរ​ធ្វើ​តាម​ការ​ព្រមាន​ពី​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ

នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ទាំង​អស់​ក៏​ត្រូវ​ស្ដាប់​តាម​ការ​ព្រមាន​ដ៏​សំខាន់​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​ពួក​គេ។ កាល​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ព្រមាន​ថា​របៀប​របប​ពិភព​លោក​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល ក្នុង​អំឡុង​គ្រា​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»។ (​ម៉ាថ. ២៤:២១​) ស្តី​អំពី​ការ​វិនិច្ឆ័យ​នៅ​ថ្ងៃ​អនាគត លោក​បាន​ប្រាប់​ទំនាយ​មួយ​ដែល​រៀប​រាប់​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​អ្នក​កាន់​តាម​លោក​នឹង​ឃើញ ហើយ​ជួប​ប្រទះ​កាល​ដែល​គ្រា​នោះ​ជិត​មក​ដល់។ លោក​យេស៊ូ​បាន​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ពិភព​លោក​ដ៏​សំខាន់​ៗ​ដែល​យើង​កំពុង​ឃើញ​នៅ​សព្វ​ថ្ងៃ​នេះ។—ម៉ាថ. ២៤:៣​-​១២; លូក. ២១:១០​-​១៣

ស្រប​តាម​ទំនាយ​នោះ ព្រះ​យេហូវ៉ា​កំពុង​លើក​ទឹក​ចិត្ត​មនុស្ស​ទាំង​អស់​នៅ​ឥឡូវ​នេះ ឲ្យ​ចុះ​ចូល​នឹង​ការ​គ្រប់​គ្រង​របស់​លោក​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ លោក​ចង់​ឲ្យ​មនុស្ស​ដែល​ស្ដាប់​បង្គាប់​លោក​មាន​ជីវិត​ល្អ​ប្រសើរ​នៅ​ឥឡូវ​នេះ ព្រម​ទាំង​ទទួល​ពរ​ពី​លោក​នៅ​ថ្ងៃ​អនាគត​ក្នុង​ពិភព​លោក​ថ្មី​ដែល​ពោរ​ពេញ​ដោយ​សេចក្ដី​សុចរិត។ (​២ពេ. ៣:១៣​) ព្រះ​យេហូវ៉ា​ចង់​ជួយ​មនុស្ស​ឲ្យ​មាន​ជំនឿ​លើ​សេចក្ដី​សន្យា​របស់​លោក។ លោក​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នេះ ដោយ​ផ្ដល់​ដំណឹង​មួយ​ដែល​សង្គ្រោះ​ជីវិត​របស់​ពួក​គេ ពោល​គឺ‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ›ដែល​លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​ថា​នឹង​ត្រូវ​«​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ​»។ (​ម៉ាថ. ២៤:១៤​) ព្រះ​បាន​រៀប​ចំពួក​អ្នក​គោរព​ប្រណិប័តន៍​លោក ដើម្បី​ឲ្យ​ពួក​គេ​ផ្សព្វ​ផ្សាយ​អំពី​ដំណឹង​ដែល​មក​ពី​លោក នៅ​ប្រហែល​ជា​២៤០​ប្រទេស។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​ច្រើន​បំផុត​ធ្វើ​តាម​ការ​ព្រមាន​នោះ ហើយ​រួច​ផុត​ពី​ការ​វិនិច្ឆ័យ​ដ៏​សុចរិត​របស់​លោក​ដែល​នឹង​មក​ប្រៀប​ដូច​ជា​ព្យុះ។—សេផ. ១:១៤, ១៥; ២:២, ៣

ដូច្នេះ សំណួរ​ដ៏​សំខាន់​បំផុត​គឺ​មិន​មែន​ថា​តើ​ព្រះ​យេហូវ៉ា​ទុក​ពេល​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​មនុស្ស​ស្ដាប់​តាម​ការ​ព្រមាន​របស់​លោក​ឬ​យ៉ាង​ណា​ឡើយ។ យើង​ឃើញ​ច្បាស់​ថា​លោក​តែង​តែ​ធ្វើ​ដូច្នេះ។ ផ្ទុយ​ទៅ​វិញ សំណួរ​ដ៏​សំខាន់​គឺ​ថា តើ​មនុស្ស​នឹង​ធ្វើ​តាម​ការ​ព្រមាន​របស់​ព្រះ​ឬ​ទេ កាល​ដែល​នៅ​តែ​មាន​ពេល? ក្នុង​នាម​យើង​ជា​អ្នក​ផ្សាយ​ដំណឹង​របស់​ព្រះ សូម​យើង​បន្ត​ជួយ​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត ដើម្បី​ពួក​គេ​អាច​រួច​ជីវិត​ពី​ទី​បញ្ចប់​នៃ​របៀប​របប​របស់​ពិភព​លោក​នេះ។