លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទង្វើ​មួយ​ដែល​បង្ហាញ​សេចក្ដី​សប្បុរស

ទង្វើ​មួយ​ដែល​បង្ហាញ​សេចក្ដី​សប្បុរស

នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ នៅ​ក្រុង​តូច​មួយ នា​រដ្ឋ​ហ្គូចារ៉េទ ប្រទេស​ឥណ្ឌា ឪ​ពុក​របស់​បង​ចន​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ​បង​ចន បង​ប្អូន​របស់​គាត់​ទាំង​ប្រាំ​នាក់ និង​ម្ដាយ​របស់​ពួក​គាត់​ជា​អ្នក​កាន់​សាសនា​កាតូលិក​យ៉ាង​ខ្ជាប់​ខ្ជួន។ ហេតុ​នេះ​ហើយ ពួក​គាត់​បាន​ប្រឆាំង​នឹង​ជំនឿ​របស់​ឪ​ពុក។

នៅ​ថ្ងៃ​មួយ ឪ​ពុក​របស់​បង​ចន​បាន​សុំ​គាត់​ឲ្យ​យក​សំបុត្រ​មួយ​ទៅ​ឲ្យ​បង​ប្រុស​ម្នាក់​ក្នុង​ក្រុម​ជំនុំ។ ប៉ុន្ដែ នៅ​ព្រឹក​នោះ ពេល​ដែល​បង​ចន​បើក​ធុង​ដែក​ធំ​មួយ គាត់​បាន​មុត​ម្រាម​ដៃ​យ៉ាង​ជ្រៅ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គាត់​ចង់​ធ្វើ​តាម​បង្គាប់​របស់​ឪ​ពុក​គាត់ ដូច្នេះ​គាត់​បាន​យក​ក្រណាត់​មក​រុំ​ម្រាម​ដៃ​ដែល​គាត់​បាន​មុត​នោះ ហើយ​យក​សំបុត្រ​នោះ​ទៅ​ឲ្យ​មិត្ដ​ភក្ដិ​របស់​ឪ​ពុក​គាត់។

ពេល​បង​ចន​បាន​ទៅ​ដល់​ផ្ទះ​នោះ បង​ចន​បាន​ឲ្យ​សំបុត្រ​ទៅ​ប្រពន្ធ​របស់​បង​ប្រុស​នោះ។ បង​ស្រី​នោះ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ គាត់​បាន​ឃើញ​របួស​លើ​ម្រាម​ដៃ​របស់​បង​ចន រួច​គាត់​ស្នើ​សុំ​ជួយ។ គាត់​បាន​យក​ប្រអប់​ដាក់​សម្ភារៈ​សង្គ្រោះ​បន្ទាន់​មក បាន​លាង​សម្អាត​មុខ​របួស​នោះ ហើយ​បាន​យក​បង់​បិទ​ដំបៅ​មក​បិទ​លើ​ម្រាម​ដៃ​នោះ។ បន្ទាប់​មក គាត់​បាន​ឆុង​តែ​ក្ដៅ​មួយ​កែវ​ឲ្យ​បង​ចន។ ក្នុង​អំឡុង​ពេល​នោះ គាត់​បាន​និយាយ​យ៉ាង​រាក់​ទាក់​ទៅ​កាន់​បង​ចន​អំពី​គម្ពីរ។

ដោយ​សារ​គាត់​បាន​បង្ហាញ​សេចក្ដី​សប្បុរស នោះ​បាន​ធ្វើ​ឲ្យ​បង​ចន​ចាប់​ផ្ដើម​កែ​ប្រែ​ទស្សនៈ​ចំពោះ​សាក្សី។ ដូច្នេះ បង​ចន​បាន​សួរ​សំនួរ​ពីរ​អំពី​ជំនឿ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ដែល​ខុស​គ្នា​ពី​ជំនឿ​របស់​សាសនា​កាតូលិក។ បង​ចន​បាន​សួរ​ថា តើ​លោក​យេស៊ូ​ជា​ព្រះ​ឬ ហើយ​តើ​គ្រិស្ដ​សាសនិក​គួរ​តែ​អធិដ្ឋាន​ទៅ​ម៉ារៀ​ឬ​ទេ? បង​ស្រី​នោះ​បាន​រៀន​ភាសា​ហ្គូចារ៉ាទី ដូច្នេះ​គាត់​អាច​ប្រាប់​ចម្លើយ​ដល់​បង​ចន​ជា​ភាសា​ហ្គូចារ៉ាទី​ដែល​ជា​ភាសា​កំណើត​របស់​បង​ចន។ គាត់​បាន​បង្ហាញ​ចម្លើយ​ពី​គម្ពីរ ហើយ​បាន​ជូន​កូន​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​ព្រះ​»​ (​“This Good News of the Kingdom”​) ដល់​បង​ចន។

ក្រោយ​មក ពេល​បង​ចន​អាន​កូន​សៀវភៅ​នោះ គាត់​បាន​ដឹង​ថា​អ្វី​ដែល​គាត់​កំពុង​អាន​គឺ​ជា​សេចក្ដី​ពិត។ គាត់​បាន​ទៅ​ជួប​បូជា​ចារ្យ​របស់​គាត់ ហើយ​បាន​សួរ​បូជា​ចារ្យ​នោះ​នូវ​សំនួរ​ពីរ​ដូច​គ្នា។ បូជា​ចារ្យ​នោះ​បាន​ខឹង​ជា​ខ្លាំង ហើយ​បាន​គប់​គម្ពីរ​ដាក់​គាត់ រួច​ស្រែក​ថា​៖ ​«​ឯង​ក្លាយ​ទៅ​ជា​សាថាន​ហើយ! ឯង​បង្ហាញ​ខ្ញុំ​មក កន្លែង​ណា​ដែល​គម្ពីរ​ចែង​ថា​លោក​យេស៊ូ​មិន​មែន​ជា​ព្រះ ហើយ​កន្លែង​ណា​ដែល​គម្ពីរ​ចែង​ថា​យើង​មិន​គួរ​គោរព​ប្រណិប័តន៍​ម៉ារៀ។ ឯង​បង្ហាញ​មក!​»។ បង​ចន​បាន​ភ្ញាក់​ផ្អើល​ដែល​បូជា​ចារ្យ​នោះ​បាន​ប្រព្រឹត្ដ​ដូច្នេះ។ គាត់​បាន​ប្រាប់​បូជា​ចារ្យ​នោះ​ថា​គាត់​នឹង​មិន​ចូល​វិហារ​សាសនា​កាតូលិក​ម្ដង​ទៀត​ទេ ហើយ​គាត់​មិន​ដែល​ទៅ​មែន!

បង​ចន​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា បាន​ទទួល​យក​សេចក្ដី​ពិត ហើយ​បាន​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា។ ក្រោយ​មក សមាជិក​ខ្លះ​ទៀត​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ ប្រហែល​ជា​៦០​ឆ្នាំ​ក្រោយ​មក ស្លាកស្នាម​នៅ​លើ​ម្រាម​ដៃ​របស់​បង​ចន នៅ​តែ​រំលឹក​គាត់​អំពី​ទង្វើ​ដែល​បង្ហាញ​អំពី​សេចក្ដី​សប្បុរស​របស់​គ្រិស្ដ​សាសនិក​ពិត ដែល​បាន​ជំរុញ​ចិត្ដ​គាត់​ឲ្យ​ចំណាយ​ពេល​អស់​មួយ​ជីវិត​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។—កូរិនថូស​ទី២ ៦:៤,