អត្ថបទសិក្សា ៧
យើងស្រឡាញ់ព្រះយេហូវ៉ាជាបិតាយើងខ្លាំងណាស់
«យើងបង្ហាញសេចក្ដីស្រឡាញ់ ពីព្រោះព្រះបានស្រឡាញ់យើងជាមុន»។ —១យ៉ូន. ៤:១៩
ចម្រៀងលេខ៣ ព្រះជាកម្លាំង ជាសេចក្ដីសង្ឃឹម និងជាទីពឹងរបស់យើង
សេចក្ដីសង្ខេប *
១-២. ហេតុអ្វីព្រះយេហូវ៉ាបានបើកឱកាសឲ្យយើងចូលក្នុងក្រុមគ្រួសាររបស់លោក ហើយតើលោកបានធ្វើដូច្នេះយ៉ាងដូចម្ដេច?
ព្រះយេហូវ៉ាបានអញ្ជើញយើងឲ្យចូលក្នុងក្រុមគ្រួសាររបស់លោកដែលជាអ្នកគោរពប្រណិប័តន៍លោក។ នេះពិតជាការអញ្ជើញដ៏អស្ចារ្យមែន! យើងនៅក្នុងក្រុមគ្រួសារដ៏រីករាយមួយ។ សមាជិកក្រុមគ្រួសាររបស់យើងគឺជាបុគ្គលដែលបានប្រគល់ខ្លួនជូនព្រះ ហើយដែលបានបង្ហាញជំនឿលើគ្រឿងបូជាលោះរបស់បុត្រលោក។ យើងមានជីវិតដែលមានន័យខ្លឹមសារនៅឥឡូវនេះ ហើយយើងសប្បាយរីករាយដោយសារយើងមានសេចក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់ មិនថានៅស្ថានសួគ៌ឬនៅផែនដីជាសួនឧទ្យានក្ដី។
២ ដោយហេតុថាព្រះយេហូវ៉ាស្រឡាញ់យើងខ្លាំងណាស់ លោកបានបើកឱកាសឲ្យយើងចូលក្នុងក្រុមគ្រួសាររបស់លោក ទោះជានេះតម្រូវឲ្យលោកធ្វើការលះបង់ដ៏ធំមួយក្ដី។ (យ៉ូន. ៣:១៦) យើង«បានត្រូវទិញក្នុងតម្លៃថ្លៃណាស់»។ (១កូ. ៦:២០) តាមរយៈថ្លៃលោះ ព្រះយេហូវ៉ាផ្ដល់ឱកាសឲ្យយើងមានចំណងមិត្តភាពជាមួយនឹងលោក។ យើងមានឯកសិទ្ធិហៅបុគ្គលដ៏ឧត្តុង្គឧត្តមបំផុតក្នុងសកលលោកថាបិតា ហើយដូចដែលយើងបានពិចារណាក្នុងអត្ថបទមុន ព្រះយេហូវ៉ាជាបិតាដ៏ល្អបំផុត។
៣. តើយើងប្រហែលជាសួរសំណួរអ្វីខ្លះ? (សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា « តើព្រះយេហូវ៉ាកត់សម្គាល់ខ្ញុំឬទេ?»)
៣ ដូចអ្នកសរសេរគម្ពីរម្នាក់ យើងប្រហែលជាសួរខ្លួនឯងថា៖ «តើត្រូវឲ្យខ្ញុំយកអ្វីតបស្នងព្រះយេហូវ៉ាចំពោះព្រះគុណដែលទ្រង់បានផ្ដល់មកខ្ញុំទាំងប៉ុន្មាន?»។ (ទំនុក. ១១៦:១២) ចម្លើយគឺថា យើងមិនអាចតបស្នងដល់បិតារបស់យើងនៅស្ថានសួគ៌ទេ។ តែសេចក្ដីស្រឡាញ់របស់លោកចំពោះយើង ជំរុញចិត្តយើងឲ្យស្រឡាញ់លោកវិញ។ សាវ័កយ៉ូហានបានសរសេរថា៖ «យើងបង្ហាញសេចក្ដីស្រឡាញ់ ពីព្រោះព្រះបានស្រឡាញ់យើងជាមុន»។ (១យ៉ូន. ៤:១៩) តើយើងអាចបង្ហាញបិតារបស់យើងនៅស្ថានសួគ៌ថាយើងស្រឡាញ់លោកតាមរបៀបណា?
ចូរនៅជាប់នឹងព្រះយេហូវ៉ាជានិច្ច
៤. យោងទៅតាមយ៉ាកុប ៤:៨ ហេតុអ្វីយើងគួរខំចូលទៅជិតព្រះយេហូវ៉ា?
៤ ព្រះយេហូវ៉ាចង់ឲ្យយើងចូលទៅជិតលោក ហើយប្រាស្រ័យទាក់ទងជាមួយនឹងលោក។ (សូមអាន យ៉ាកុប ៤:៨) លោកលើកទឹកចិត្តយើងឲ្យ«តស៊ូក្នុងការអធិដ្ឋាន» ហើយលោកស្ដាប់យើងនៅគ្រប់ពេលវេលា។ (រ៉ូម ១២:១២) លោកមិនដែលជាប់រវល់ពេកឬអស់កម្លាំងពេក រហូតដល់មិនអាចស្ដាប់យើងនោះទេ។ រីឯយើងវិញ យើងស្ដាប់លោកដោយអានគម្ពីរដែលជាបណ្ដាំរបស់លោក ព្រមទាំងសៀវភៅផ្សេងៗដែលជួយយើងឲ្យយល់គម្ពីរ។ យើងក៏ស្ដាប់លោក ដោយយកចិត្តទុកដាក់ស្ដាប់នៅកិច្ចប្រជុំរបស់យើង។ ដូចការប្រាស្រ័យទាក់ទងជាញឹកញាប់ ជួយកូនឲ្យនៅជិតស្និទ្ធនឹងឪពុកម្ដាយ ការប្រាស្រ័យទាក់ទងជារឿយៗជាមួយនឹងព្រះយេហូវ៉ា ជួយយើងឲ្យបន្តនៅជិតស្និទ្ធនឹងលោក។
៥. តើយើងអាចធ្វើអ្វីខ្លះ ដើម្បីឲ្យព្រះយេហូវ៉ាកាន់តែពេញចិត្តនឹងសេចក្ដីអធិដ្ឋានរបស់យើង?
៥ តើការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយនឹងព្រះគឺល្អយ៉ាងណា? ព្រះយេហូវ៉ាចង់ឲ្យយើងអធិដ្ឋានជម្រាបលោកអំពីអ្វីទាំងអស់ដែលមាននៅក្នុងចិត្តរបស់យើង។ (ទំនុក. ៦២:៨) យើងគួរសួរខ្លួនយើងនូវសំណួរនេះថា ‹តើខ្ញុំមិនសូវអធិដ្ឋានចេញពីចិត្ត ឬតើខ្ញុំអធិដ្ឋានអស់ពីចិត្ត?›។ អ្នកច្បាស់ជាស្រឡាញ់ព្រះយេហូវ៉ាយ៉ាងខ្លាំង ហើយចង់រក្សាចំណងមិត្តភាពរបស់អ្នកជាមួយនឹងលោកឲ្យរឹងមាំ។ ដើម្បីធ្វើដូច្នេះ អ្នកត្រូវប្រាស្រ័យទាក់ទងជាមួយនឹងលោកជារឿយៗ។ ចូរប្រាប់លោកអំពីអារម្មណ៍ដែលកប់ជ្រៅក្នុងចិត្តរបស់អ្នក។ ចូរប្រាប់លោកអំពីអ្វីដែលនាំឲ្យអ្នកមានអំណរ និងអ្វីដែលធ្វើឲ្យអ្នកខ្វល់ខ្វាយឬកើតទុក្ខ។ ចូរមានទំនុកចិត្តថាអ្នកអាចសុំជំនួយពីលោក។
៦. តើយើងត្រូវធ្វើអ្វីដើម្បីរក្សាខ្លួនឲ្យនៅជិតស្និទ្ធនឹងបិតារបស់យើងនៅស្ថានសួគ៌?
៦ ដើម្បីរក្សាខ្លួនឲ្យនៅជិតស្និទ្ធនឹងបិតារបស់យើងនៅស្ថានសួគ៌ យើងត្រូវមានចិត្តកតញ្ញូជានិច្ច។ យើងយល់ស្របនឹងអ្នកតែងទំនុកតម្កើងដែលបានសរសេរថា៖ «ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ការអស្ចារ្យដែលទ្រង់បានធ្វើ នោះមានច្រើនណាស់ ព្រមទាំងគំនិតដែលទ្រង់នឹកដល់យើងខ្ញុំផង។ គ្មានអ្នកណាអាចនឹងរៀបរាប់ដោយលំដាប់ពីការទាំងនោះ នៅចំពោះទ្រង់បានឡើយ បើទូលបង្គំនឹងចង់និទានប្រាប់ នោះមានច្រើនហួសកំណត់នឹងរាប់បាន»។ (ទំនុក. ៤០:៥) យើងមិនគ្រាន់តែមានចិត្តកតញ្ញូប៉ុណ្ណោះទេ តែយើងបង្ហាញចិត្តកតញ្ញូរបស់យើងចំពោះព្រះយេហូវ៉ាតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ត។ នេះធ្វើឲ្យយើងខុសប្លែកពីមនុស្សជាច្រើននៅសព្វថ្ងៃនេះ។ យើងរស់នៅក្នុងពិភពលោកមួយដែលមនុស្សមិនឲ្យតម្លៃទៅលើអ្វីដែលព្រះបានធ្វើសម្រាប់ពួកគេ។ តាមការពិត សញ្ញាសម្គាល់មួយដែលបញ្ជាក់ថាយើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់»គឺថាមនុស្សរមិលគុណ។ (២ធី. ៣:១, ២) យើងមិនចង់មានចិត្តគំនិតបែបនោះទេ!
៧. តើព្រះយេហូវ៉ាចង់ឲ្យយើងធ្វើអ្វី ហើយហេតុអ្វី?
៧ ឪពុកម្ដាយមិនចង់ឲ្យកូនឈ្លោះប្រកែកគ្នាទេ តែចង់ឲ្យពួកគេរាប់អានគ្នា។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាចង់ឲ្យកូនទាំងអស់របស់លោករាប់អានគ្នា។ តាមការពិត សេចក្ដីស្រឡាញ់ដែលយើងមានចំពោះគ្នាទៅវិញទៅមកគឺជាសញ្ញាសម្គាល់ដែលបញ្ជាក់ថាយើងជាគ្រិស្តសាសនិកពិត។ (យ៉ូន. ១៣:៣៥) យើងយល់ស្របនឹងអ្វីដែលអ្នកតែងទំនុកតម្កើងបានសរសេរ ដែលថា៖ «បងប្អូននៅមូលជាមួយគ្នាដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ»។ (ទំនុក. ១៣៣:១) ពេលយើងស្រឡាញ់បងប្អូនរួមជំនឿរបស់យើង យើងបង្ហាញព្រះយេហូវ៉ាថាយើងស្រឡាញ់លោក។ (១យ៉ូន. ៤:២០) យើងពិតជាសប្បាយចិត្តដែលយើងនៅក្នុងក្រុមគ្រួសារមួយដែលមានបងប្អូនដែល‹ប្រព្រឹត្តដោយសប្បុរសដល់គ្នាទៅវិញទៅមក និងមានសេចក្ដីអាណិតមេត្ដា›។—អេភ. ៤:៣២
ចូរបង្ហាញសេចក្ដីស្រឡាញ់ដោយស្ដាប់បង្គាប់លោក
៨. តាមយ៉ូហានទី១ ៥:៣ តើអ្វីជាមូលហេតុចម្បងដែលយើងស្ដាប់បង្គាប់ព្រះយេហូវ៉ា?
៨ ព្រះយេហូវ៉ាតម្រូវឲ្យកូនស្ដាប់បង្គាប់ឪពុកម្ដាយ ហើយលោកក៏តម្រូវឲ្យយើងស្ដាប់បង្គាប់លោកដែរ។ (អេភ. ៦:១) លោកសមនឹងទទួលការស្ដាប់បង្គាប់ពីយើង ដោយសារលោកជាអ្នកបង្កើតយើង ជាអ្នកផ្គត់ផ្គង់ជីវិតយើង និងមានប្រាជ្ញាលើសជាងឪពុកម្ដាយទាំងឡាយ។ ក៏ប៉ុន្តែ មូលហេតុចម្បងដែលយើងស្ដាប់បង្គាប់ព្រះយេហូវ៉ាគឺដោយសារយើងស្រឡាញ់ លោក។ (សូមអាន យ៉ូហានទី១ ៥:៣) ទោះជាមានមូលហេតុជាច្រើនដែលយើងគួរស្ដាប់បង្គាប់ព្រះយេហូវ៉ាក៏ដោយ លោកមិនបង្ខំយើងឲ្យធ្វើដូច្នេះទេ។ ព្រះយេហូវ៉ាបានឲ្យយើងអំណោយមួយ ពោលគឺចិត្តសេរី ដូច្នេះលោកសប្បាយចិត្តពេលដែលយើងសម្រេចចិត្តស្ដាប់បង្គាប់លោកដោយសារយើងស្រឡាញ់លោក។
៩-១០. ហេតុអ្វីគឺសំខាន់ដែលយើងស្គាល់និងមានរបៀបរស់នៅស្របតាមខ្នាតតម្រារបស់ព្រះ?
៩ ឪពុកម្ដាយចង់ឲ្យកូនៗមានសុវត្ថិភាព។ ហេតុនេះពួកគេបង្កើតច្បាប់គ្រួសារដែលមានប្រយោជន៍ចំពោះកូន។ ពេលកូនធ្វើតាមច្បាប់ទាំងនោះ ពួកគេបង្ហាញថាពួកគេទុកចិត្តនិងគោរពឪពុកម្ដាយ។ ដូច្នេះគឺរឹតតែសំខាន់ជាងនេះទៅទៀត ដែលយើងស្គាល់និងរស់នៅសមស្របតាមខ្នាតតម្រារបស់បិតាយើងនៅស្ថានសួគ៌។ ពេលយើងធ្វើនេះ យើងបង្ហាញព្រះយេហូវ៉ាថាយើងស្រឡាញ់និងគោរពលោក ហើយយើងផ្ទាល់ក៏ទទួលប្រយោជន៍ដែរ។ (អេ. ៤៨:១៧, ១៨) ផ្ទុយទៅវិញ ពួកអ្នកដែលមិនព្រមធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ានាំឲ្យខ្លួនឯងរងទុក្ខ។—កាឡ. ៦:៧, ៨
១០ ពេលយើងមានរបៀបរស់នៅដែលព្រះយេហូវ៉ាពេញចិត្ត នេះការពារយើងពីអ្វីដែលអាចនាំឲ្យយើងឈឺចាប់ខាងរូបកាយនិងខាងផ្លូវចិត្ត ឬពីអ្វីដែលអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងលោក។ ព្រះយេហូវ៉ាដឹងអំពីអ្វីដែលល្អបំផុតសម្រាប់យើង។ បងស្រីម្នាក់ឈ្មោះអារូអាដែលរស់នៅសហរដ្ឋអាមេរិកនិយាយថា៖ «ខ្ញុំដឹងថាការស្ដាប់បង្គាប់ព្រះយេហូវ៉ាតែងតែនាំឲ្យមានជីវិតដ៏ល្អបំផុត»។ យើងទាំងអស់គ្នាក៏មានទស្សនៈដូចគាត់ដែរ។ តើអ្នកបានទទួលប្រយោជន៍អ្វីខ្លះពីការធ្វើតាមការណែនាំដែលព្រះយេហូវ៉ាបានឲ្យដោយសេចក្ដីស្រឡាញ់?
១១. តើសេចក្ដីអធិដ្ឋានជួយយើងយ៉ាងដូចម្ដេច?
១១ ការអធិដ្ឋានជួយយើងឲ្យចេះស្ដាប់បង្គាប់ ទោះជានៅពេលពិបាកក្ដី។ ទំនុក. ៥១:១២, ព.ថ.) បងស្រីដឺនីសដែលជាអ្នកត្រួសត្រាយពេញពេលនិយាយថា៖ «បើខ្ញុំពិបាកធ្វើតាមបង្គាប់ណាមួយរបស់ព្រះយេហូវ៉ា ខ្ញុំអធិដ្ឋានសុំកម្លាំងពីលោកដើម្បីធ្វើអ្វីដែលត្រឹមត្រូវ»។ យើងអាចប្រាកដថាព្រះយេហូវ៉ាតែងតែតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានបែបនេះ។—លូក. ១១:៩-១៣
ជួនកាល យើងពិបាកស្ដាប់បង្គាប់ព្រះយេហូវ៉ាដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ ប៉ុន្តែយើងត្រូវខំព្យាយាមស្ដាប់បង្គាប់លោកជានិច្ច។ អ្នកតែងទំនុកតម្កើងបានអង្វរសុំព្រះថា៖ «សូមធ្វើឲ្យខ្ញុំមានចិត្តចង់ស្ដាប់បង្គាប់លោក»។ (ចូរជួយអ្នកឯទៀតឲ្យស្រឡាញ់បិតារបស់យើង
១២. យោងទៅតាមអេភេសូរ ៥:១ តើយើងគួរធ្វើអ្វី?
១២ សូមអាន អេភេសូរ ៥:១។ ក្នុងនាមជា«កូនជាទីស្រឡាញ់»របស់ព្រះយេហូវ៉ា យើងខំអស់ពីសមត្ថភាពដើម្បីយកតម្រាប់លោក។ យើងបង្ហាញគុណសម្បត្ដិដូចលោក ពេលយើងប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ សេចក្ដីសប្បុរស និងអភ័យទោសឲ្យអ្នកឯទៀត។ កាលដែលពួកអ្នកដែលមិនស្គាល់ព្រះឃើញការប្រព្រឹត្តល្អរបស់យើង នេះអាចជំរុញចិត្តពួកគេឲ្យចង់រៀនថែមទៀតអំពីលោក។ (១ពេ. ២:១២) ឪពុកម្ដាយដែលជាគ្រិស្តសាសនិក គួរព្យាយាមយកតម្រាប់ព្រះយេហូវ៉ាស្តីអំពីរបៀបដែលពួកគេប្រព្រឹត្តទៅលើកូន។ ពេលពួកគេធ្វើដូច្នេះ កូនៗប្រហែលជានឹងចង់បង្កើតចំណងមិត្តភាពផ្ទាល់ជាមួយនឹងបិតារបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់។
១៣. តើយើងត្រូវផ្ដោតអារម្មណ៍ទៅលើអ្វី?
១៣ តាមធម្មតា កូនតូចៗតែងតែមានមោទនភាពចំពោះឪពុករបស់ខ្លួន ហើយចូលចិត្តនិយាយអំពីគាត់។ ស្រដៀងគ្នាដែរ យើងមានមោទនភាពចំពោះព្រះយេហូវ៉ាដែលជាបិតារបស់យើងនៅស្ថានសួគ៌ ហើយចង់ឲ្យអ្នកឯទៀតស្គាល់លោក។ យើងទាំងអស់គ្នាមានអារម្មណ៍ទំនុក. ៣៤:២) ប៉ុន្តែ ចុះយ៉ាងណាបើយើងជាមនុស្សអៀនខ្មាស? តើយើងអាចមានចិត្តក្លាហានយ៉ាងដូចម្ដេច? ពេលយើងផ្ដោតអារម្មណ៍ទៅលើអំណរដែលព្រះយេហូវ៉ាមានដោយសារយើងនិយាយអំពីលោក និងប្រយោជន៍ដែលអ្នកឯទៀតនឹងទទួលពេលរៀនអំពីលោក នោះយើងកាន់តែមានចិត្តក្លាហាន។ ព្រះយេហូវ៉ានឹងផ្ដល់ចិត្តក្លាហានឲ្យយើងពេលយើងត្រូវការ។ លោកបានជួយបងប្អូននៅសតវត្សរ៍ទី១ឲ្យមានចិត្តក្លាហាន ហើយលោកក៏នឹងជួយយើងផងដែរ។—១ថែ. ២:២
ដូចស្តេចដាវីឌដែលបានសរសេរថា៖ «ខ្ញុំនឹងអួតតែពីព្រះយេហូវ៉ា»។ (១៤. ហេតុអ្វីគឺសំខាន់ឲ្យយើងចូលរួមក្នុងកិច្ចការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ?
១៤ ព្រះយេហូវ៉ាមិនរើសមុខទេ ហើយលោកសប្បាយចិត្តពេលដែលលោកឃើញយើងបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកឯទៀត ទោះជាពួកគេមានកាលៈទេសៈបែបណាឬមកពីណាក្ដី។ (សកម្ម. ១០:៣៤, ៣៥) របៀបដ៏ល្អបំផុតមួយដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកឯទៀត គឺដោយផ្សព្វផ្សាយដំណឹងល្អដល់ពួកគេ។ (ម៉ាថ. ២៨:១៩, ២០) តើកិច្ចការនេះមានប្រយោជន៍អ្វី? អ្នកដែលស្ដាប់យើង អាចមានជីវិតដ៏ល្អប្រសើរនៅឥឡូវនេះ និងអាចមានសេចក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់នៅថ្ងៃអនាគត។—១ធី. ៤:១៦
ចូរស្រឡាញ់បិតារបស់យើង ហើយអរសប្បាយ
១៥-១៦. ហេតុអ្វីយើងសប្បាយចិត្ត?
១៥ ព្រះយេហូវ៉ាជាបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ ដូច្នេះលោកចង់ឲ្យក្រុមគ្រួសាររបស់លោកមានសុភមង្គល។ (អេ. ៦៥:១៤) មានមូលហេតុជាច្រើនដែលយើងអាចអរសប្បាយនៅឥឡូវនេះ ទោះជាយើងមានការពិបាកក៏ដោយ។ ជាឧទាហរណ៍ យើងដឹងច្បាស់ថាបិតារបស់យើងនៅស្ថានសួគ៌ស្រឡាញ់យើងខ្លាំងណាស់។ មួយវិញទៀត យើងមានចំណេះត្រឹមត្រូវពីគម្ពីរដែលជាបណ្ដាំរបស់ព្រះ។ (យេ. ១៥:១៦) ម្យ៉ាងទៀត យើងនៅក្នុងក្រុមគ្រួសារដ៏ពិសេសមួយ ដែលពោរពេញទៅដោយបងប្អូនដែលស្រឡាញ់ព្រះយេហូវ៉ានិងខ្នាតតម្រាខ្ពង់ខ្ពស់របស់លោក ធ្វើតាមខ្នាតតម្រាទាំងនោះ ព្រមទាំងស្រឡាញ់គ្នាទៅវិញទៅមក។—ទំនុក. ១០៦:៤, ៥
១៦ យើងអាចរក្សាអំណររបស់យើង ដោយសារយើងមានសេចក្ដីសង្ឃឹមដ៏ពិតប្រាកដមួយថានៅពេលអនាគត យើងនឹងមានជីវិតល្អប្រសើរជាង។ យើងដឹងថាមិនយូរទៀត ព្រះយេហូវ៉ានឹងបំផ្លាញមនុស្សអាក្រក់ទាំងអស់ ហើយនៅក្រោមការគ្រប់គ្រងរបស់រាជាណាចក្រលោក ផែនដីនឹងទៅជាសួនឧទ្យាន។ យើងក៏មានសេចក្ដីសង្ឃឹមដ៏អស្ចារ្យមួយ គឺថាមនុស្សដែលបានស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយជួបជុំជាមួយបុគ្គលជាទីស្រឡាញ់ម្ដងទៀត។ (យ៉ូន. ៥:២៨, ២៩) នោះពិតជាគ្រាដ៏សប្បាយមែន! សំខាន់បំផុត យើងជឿជាក់ថាមិនយូរទៀត បុគ្គលគ្រប់រូបនៅស្ថានសួគ៌និងនៅផែនដីនឹងលើកតម្កើង សរសើរ និងគោរពប្រណិប័តន៍បិតារបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់។ លោកសមនឹងទទួលអ្វីទាំងនេះ!
ចម្រៀងលេខ១២ ព្រះយេហូវ៉ាខ្លាំងក្លាមហិមា
^ វគ្គ 5 យើងដឹងថាព្រះយេហូវ៉ាដែលជាបិតារបស់យើងស្រឡាញ់យើងខ្លាំងណាស់ ហើយលោកបាននាំយើងចូលក្នុងក្រុមគ្រួសាររបស់លោកដែលជាអ្នកគោរពប្រណិប័តន៍លោក។ ជាលទ្ធផល យើងស្រឡាញ់លោកវិញ។ តើយើងអាចបង្ហាញយ៉ាងណាថាយើងស្រឡាញ់បិតារបស់យើង? ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីមួយចំនួនដែលយើងអាចធ្វើ។