អត្ថបទសិក្សា ៨
ចូរស្វែងរកអ្វីដែលនាំឲ្យមានសន្ដិភាពដោយលត់ដំខ្លួនមិនឲ្យមានចិត្តច្រណែន
«ចូរយើងស្វែងរកអ្វីដែលនាំឲ្យមានសន្ដិភាព និងអ្វីដែលជួយគ្នាទៅវិញទៅមកឲ្យមានភាពរឹងមាំ»។—រ៉ូម ១៤:១៩
ចម្រៀងលេខ១១៣ យើងមានសេចក្ដីសុខសាន្ត
សេចក្ដីសង្ខេប *
១. តើចិត្តច្រណែនមានឥទ្ធិពលយ៉ាងណាទៅលើក្រុមគ្រួសាររបស់យ៉ូសែប?
យ៉ាកុបស្រឡាញ់កូនទាំងអស់របស់គាត់ តែកូនដែលគាត់ស្រឡាញ់ជាងគេ គឺយ៉ូសែបដែលមានអាយុ១៧ឆ្នាំ។ តើបងប្រុសៗរបស់យ៉ូសែបមានប្រតិកម្មយ៉ាងណា? ពួកគេបានច្រណែនគាត់ ហើយការច្រណែននោះនាំឲ្យពួកគេស្អប់គាត់។ យ៉ូសែបមិនបានធ្វើអ្វីសោះដែលសមឲ្យបងប្រុសៗរបស់គាត់ស្អប់គាត់។ ទោះជាយ៉ាងនេះក្ដី ពួកគេបានលក់យ៉ូសែបឲ្យទៅជាខ្ញុំបម្រើ ហើយកុហកឪពុករបស់ពួកគេថាកូនសំណព្វរបស់គាត់បានត្រូវសត្វសាហាវសម្លាប់។ ចិត្តច្រណែនបាននាំឲ្យក្រុមគ្រួសារនោះលែងមានសេចក្ដីសុខ ហើយធ្វើឲ្យឪពុករបស់ពួកគេឈឺចិត្ត។—លោ. ៣៧:៣, ៤, ២៧-៣៤
២. យោងទៅតាមកាឡាទី ៥:១៩-២១ ហេតុអ្វីការច្រណែននាំឲ្យមានគ្រោះថ្នាក់?
២ ក្នុងគម្ពីរ ការច្រណែន *បានត្រូវរៀបរាប់ក្នុងចំណោម«ការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គង» ដែលអាចរារាំងបុគ្គលណាម្នាក់មិនឲ្យទទួលរាជាណាចក្ររបស់ព្រះជាមត៌ក។ (សូមអាន កាឡាទី ៥:១៩-២១) ចិត្តច្រណែនគឺច្រើនតែបង្កើតគុណវិបត្ដិដូចជាការស្អប់គ្នា ការឈ្លោះប្រកែកគ្នា និងការច្រឡោតខឹង។
៣. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៣ គំរូរបស់បងប្រុសៗយ៉ូសែបបង្ហាញថាការច្រណែនអាចបង្ខូចទំនាក់ទំនងជាមួយនឹងអ្នកឯទៀត និងប៉ះពាល់ដល់សន្ដិភាពក្នុងក្រុមគ្រួសារ។ ទោះជាយើងមិនប្រព្រឹត្តដូចបងប្រុសៗរបស់យ៉ូសែបក្ដី យើងទាំងអស់គ្នាមានចិត្តមិនល្អឥតខ្ចោះដែលអាចបញ្ឆោតយើង។ (យេ. ១៧:៩) ហេតុនេះហើយ ជួនកាលយើងប្រហែលជាចាប់ផ្ដើមច្រណែនអ្នកឯទៀត។ សូម យើងពិចារណាអំពីគំរូខ្លះក្នុងគម្ពីរដែលទុកជាការព្រមាន ដើម្បីជួយយើងឲ្យដឹងអំពីមូលហេតុដែលការច្រណែនអាចចាក់ឫសក្នុងចិត្តរបស់យើង។ បន្ទាប់មក យើងនឹងពិចារណាអំពីរបៀបខ្លះដែលយើងអាចលត់ដំខ្លួនមិនឲ្យមានចិត្តច្រណែន ហើយធ្វើឲ្យមានសន្ដិភាព។
តើអ្វីអាចបណ្ដាលឲ្យមានចិត្តច្រណែន?
៤. ហេតុអ្វីជនជាតិភីលីស្ទីនច្រណែនអ៊ីសាក?
៤ ពេលអ្នកឯទៀតមានទ្រព្យសម្បត្ដិច្រើន។ អ៊ីសាកជាអ្នកមាន ហើយជនជាតិភីលីស្ទីនច្រណែននឹងភាពមានបានរបស់គាត់។ (លោ. ២៦:១២-១៤) ពួកគេថែមទាំងបានចាក់ដីលុបអណ្ដូងដែលអ៊ីសាកប្រើដើម្បីផ្ដល់ទឹកដល់ហ្វូងសត្វរបស់គាត់ទៀតផង។ (លោ. ២៦:១៥, ១៦, ២៧) ដូចជនជាតិភីលីស្ទីនទាំងនោះ មនុស្សខ្លះនៅសព្វថ្ងៃនេះច្រណែនពួកអ្នកដែលមានទ្រព្យសម្បត្ដិច្រើនជាងពួកគេ។ ពួកគេមិនគ្រាន់តែចង់បានអ្វីដែលអ្នកឯទៀតមានប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មិនចង់ឲ្យអ្នកនោះមានអ្វីទាំងនោះដែរ។
៥. ហេតុអ្វីពួកអ្នកដឹកនាំសាសនាច្រណែនលោកយេស៊ូ?
៥ ពេលអ្នកឯទៀតមានអ្នកចូលចិត្តច្រើន។ ពួកអ្នកដឹកនាំសាសនាយូដាបានច្រណែនលោកយេស៊ូ ដោយសារមនុស្សជាច្រើនចូលចិត្តលោក។ (ម៉ាថ. ៧:២៨, ២៩) លោកយេស៊ូជាតំណាងរបស់ព្រះ ហើយលោកបានបង្រៀនសេចក្ដីពិត។ ទោះជាយ៉ាងនេះក្ដី អ្នកដឹកនាំសាសនាទាំងនេះបាននិយាយកុហកដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះរបស់លោកយេស៊ូ។ (ម៉ាក. ១៥:១០; យ៉ូន. ១១:៤៧, ៤៨; ១២:១២, ១៣, ១៩) តើយើងអាចទាញយកមេរៀនដែលទុកជាការព្រមានអ្វីពីកំណត់ហេតុនេះ? យើងត្រូវធ្វើឲ្យប្រាកដថាយើងមិនចាប់ផ្ដើមច្រណែនបុគ្គលដែលមានបងប្អូនជាច្រើនស្រឡាញ់ ដោយសារគុណសម្បត្ដិផ្សេងៗរបស់បុគ្គលនោះឡើយ។ ផ្ទុយទៅវិញ យើងគួរព្យាយាមធ្វើតាមការប្រព្រឹត្តដែលប្រកបដោយសេចក្ដីស្រឡាញ់របស់បុគ្គលនោះ។—១កូ. ១១:១; ៣យ៉ូន. ១១
៦. តើឌីអូត្រែបបានបង្ហាញយ៉ាងណាថាគាត់មានចិត្តច្រណែន?
៦ ពេលអ្នកឯទៀតទទួលភារកិច្ចក្នុងក្រុមជំនុំ។ នៅសតវត្សរ៍ទី១ ឌីអូត្រែបបានច្រណែនពួកអ្នកដែលនាំមុខក្នុងក្រុមជំនុំគ្រិស្តសាសនិក។ គាត់ចង់«ធ្វើជាអ្នកធំជាងគេ»ក្នុងក្រុមជំនុំ ដូច្នេះគាត់ចេះតែនិយាយអាក្រក់អំពីសាវ័កយ៉ូហាននិងបងប្រុសឯទៀតដើម្បីឲ្យបងប្អូនក្នុងក្រុមជំនុំលែងគោរពពួកគេ។ (៣យ៉ូន. ៩, ១០) ទោះជាយើងមិនប្រព្រឹត្តដូចឌីអូត្រែបក្ដី យើងនៅតែអាចចាប់ផ្ដើមច្រណែនគ្រិស្តសាសនិកឯទៀតដែលទទួលភារកិច្ចដែលយើងសង្ឃឹមចង់បាន ជាពិសេសបើយើងមានអារម្មណ៍ថាយើងក៏អាចបំពេញភារកិច្ចនោះដូចគាត់ ឬថែមទាំងអាចធ្វើប្រសើរជាងគាត់ទៅទៀត។
៧. តើចិត្តច្រណែនអាចមានឥទ្ធិពលយ៉ាងណាមកលើយើង?
៧ ចិត្តច្រណែនប្រៀបដូចជារុក្ខជាតិពុល។ កាលណាគ្រាប់ពូជនៃចិត្តច្រណែនចាប់ផ្ដើមចាក់ឫសក្នុងចិត្តរបស់យើង នោះយើងប្រហែលជាពិបាកដកវាចេញណាស់។ អារម្មណ៍មិនត្រឹមត្រូវដូចជាការឈ្នានីស អំណួត និងការគិតតែប្រយោជន៍ផ្ទាល់ខ្លួនអាចធ្វើឲ្យចិត្តច្រណែនកាន់តែដុះឡើង។ ដូចរុក្ខជាតិពុលដែលរុំព័ទ្ធផ្កាមិនឲ្យដុះលូតលាស់ឡើង ចិត្តច្រណែនអាចរារាំងយើងមិនឲ្យបណ្ដុះគុណសម្បត្ដិផ្សេងៗដូចជាសេចក្ដីស្រឡាញ់ ចិត្តអាណិតមេត្ដា និងចិត្តសប្បុរសជាដើម។ ពេលយើងឃើញថាចិត្តច្រណែនចាប់ផ្ដើមដុះឡើង យើងត្រូវប្រញាប់ដកវាចេញពីចិត្តរបស់យើង។ តើយើងអាចជម្រុះចិត្តច្រណែនយ៉ាងដូចម្ដេច?
ចូរបណ្ដុះឲ្យមានចិត្តរាបទាបនិងការស្កប់ចិត្ត
៨. តើគុណសម្បត្ដិអ្វីខ្លះអាចជួយយើងមិនឲ្យមានចិត្តច្រណែន?
៨ យើងអាចលត់ដំខ្លួនមិនឲ្យមានចិត្តច្រណែនបាន ដោយបណ្ដុះឲ្យមានចិត្តរាបទាបនិងការស្កប់ចិត្ត។ ពេលយើងមានគុណសម្បត្ដិទាំងនេះ យើងនឹងមិនមានចិត្តច្រណែនទេ។ ចិត្តរាបទាបនឹងជួយយើងមិនឲ្យគិតច្រើនពេកអំពីខ្លួនឯង។ បុគ្គលដែលមានចិត្តរាបទាបមិនគិតថាគាត់សមនឹងទទួលច្រើនជាងមនុស្សឯទៀតឡើយ។ (កាឡ. ៦:៣, ៤) បុគ្គលដែលចេះស្កប់ចិត្តគឺពេញចិត្តនឹងអ្វីដែលគាត់មាន ហើយមិនប្រៀបធៀបខ្លួនជាមួយនឹងអ្នកឯទៀតទេ។ (១ធី. ៦:៧, ៨) ពេលបុគ្គលដែលមានចិត្តរាបទាបនិងស្កប់ចិត្តឃើញអ្នកណាម្នាក់ទទួលអ្វីល្អ គាត់អរសប្បាយជាមួយនឹងអ្នកនោះ។
៩. យោងទៅតាមកាឡាទី ៥:១៦ និងភីលីព ២:៣, ៤ តើសកម្មពលបរិសុទ្ធនឹងជួយយើងឲ្យធ្វើអ្វី?
៩ យើងត្រូវការសកម្មពលបរិសុទ្ធរបស់ព្រះដើម្បីជួយយើងមិនកាឡាទី ៥:១៦; ភីលីព ២:៣, ៤) សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាអាចជួយយើងឲ្យពិនិត្យមើលគំនិតនិងបំណងចិត្តរបស់យើងដែលកប់ជ្រៅ។ ដោយមានជំនួយពីព្រះ យើងអាចជំនួសចិត្តគំនិតមិនត្រឹមត្រូវ ដោយចិត្តគំនិតដែលជួយគ្នាឲ្យមានភាពរឹងមាំ។ (ទំនុក. ២៦:២; ៥១:១០) សូមពិចារណាអំពីគំរូរបស់ម៉ូសេនិងប៉ូល ដែលបានយកឈ្នះភាពទោរទន់ទៅរកការច្រណែន។
ឲ្យមានចិត្តច្រណែន ហើយបណ្ដុះឲ្យមានចិត្តរាបទាបនិងការស្កប់ចិត្ត។ (សូមអាន១០. តើស្ថានភាពអ្វីអាចនាំឲ្យម៉ូសេមានចិត្តច្រណែន? (សូមមើលរូបភាពនៅក្រប)
១០ ម៉ូសេមានអំណាចខ្លាំងលើរាស្ត្ររបស់ព្រះ ក៏ប៉ុន្តែគាត់មិនបានព្យាយាមហួងហែងអំណាចនោះពីអ្នកឯទៀតឡើយ។ ជាឧទាហរណ៍ នៅពេលមួយ ព្រះយេហូវ៉ាបានដកយកសកម្មពលបរិសុទ្ធខ្លះរបស់លោកចេញពីម៉ូសេ ហើយឲ្យទៅបុរសចាស់ទុំជនជាតិអ៊ីស្រាអែលមួយក្រុមដែលឈរនៅក្បែរត្រសាលជំនុំ។ មិនយូរក្រោយពីនោះ ម៉ូសេបានឮថាបុរសចាស់ទុំពីរនាក់ដែលមិនបាននៅត្រសាលជំនុំ ក៏បានទទួលសកម្មពលបរិសុទ្ធដែរ ហើយបានចាប់ផ្ដើមប្រព្រឹត្តដូចជាអ្នកប្រកាសទំនាយ។ តើម៉ូសេមានប្រតិកម្មយ៉ាងណាពេលយ៉ូស្វេបានសុំគាត់ឲ្យបញ្ឈប់បុរសចាស់ទុំពីរនាក់នោះ? ម៉ូសេមិនបានច្រណែនពេលឃើញថាព្រះយេហូវ៉ាបានឲ្យឯកសិទ្ធិដល់បុរសទាំងពីរនាក់នោះឡើយ។ ផ្ទុយទៅវិញ ដោយចិត្តរាបទាបគាត់បានអរសប្បាយដែលពួកគេបានទទួលឯកសិទ្ធិនោះ។ (ជន. ១១:២៤-២៩) តើយើងអាចទាញមេរៀនអ្វីពីម៉ូសេ?
១១. តើពួកអ្នកចាស់ទុំអាចយកតម្រាប់ម៉ូសេយ៉ាងដូចម្ដេច?
១១ បើអ្នកជាអ្នកចាស់ទុំ តើអ្នកធ្លាប់បានត្រូវសុំឲ្យបង្ហាត់បង្រៀនបងប្អូនឯទៀតឲ្យបំពេញភារកិច្ចដែលអ្នកពិតជាចូលចិត្តឬទេ? ជាឧទាហរណ៍ អ្នកប្រហែលជាចូលចិត្តឯកសិទ្ធិដឹកនាំការសិក្សាទស្សនាវដ្ដីប៉មយាមរៀងរាល់សប្ដាហ៍។ ប៉ុន្តែបើអ្នកមានចិត្តរាបទាបដូចម៉ូសេ អ្នកនឹងមិនមានអារម្មណ៍ថាខ្លួនមិនសូវសំខាន់ បើអ្នកបានត្រូវសុំឲ្យបង្ហាត់បង្រៀនបងប្រុសម្នាក់ទៀតដើម្បីក្រោយមកគាត់អាចបំពេញឯកសិទ្ធិនោះឡើយ។ ផ្ទុយទៅវិញ អ្នកនឹងសប្បាយចិត្តជួយបងប្អូនរបស់អ្នក។
១២. តើគ្រិស្តសាសនិកជាច្រើននាក់នៅសព្វថ្ងៃនេះបង្ហាញយ៉ាងណាថាពួកគេស្កប់ចិត្តនិងមានចិត្តរាបទាប?
១២ សូមពិចារណាអំពីស្ថានភាពមួយទៀតដែលបងប្រុសវ័យចាស់ជាច្រើនកំពុងជួបប្រទះ។ អស់ជាច្រើនឆ្នាំ ពួកគាត់បានបម្រើជាអ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំ។ ប៉ុន្តែពេលដែលពួកគាត់ឈានដល់អាយុ៨០ឆ្នាំ ពួកគាត់សុខចិត្តឈប់ពីភារកិច្ចនោះ។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលដែលឈានចូលដល់អាយុ៧០ឆ្នាំបង្ហាញចិត្តរាបទាបដោយសុខចិត្តលះបង់ឯកសិទ្ធិនោះ ហើយទទួលយកភារកិច្ចផ្សេង។ នៅប៉ុន្មានឆ្នាំថ្មីៗនេះ សមាជិកក្រុមគ្រួសារបេតអែលជាច្រើននាក់នៅទូទាំងពិភពលោកបានចាប់ផ្ដើមបំពេញភារកិច្ចថ្មីក្នុងកិច្ចបម្រើផ្សាយ។ បងប្អូនស្មោះត្រង់ទាំងនេះមិនខឹងឬអន់ចិត្តនឹងពួកអ្នកដែលឥឡូវកំពុងបំពេញភារកិច្ចដែលពួកគាត់ធ្លាប់ធ្វើនោះទេ។
១៣. ហេតុអ្វីប៉ូលអាចច្រណែនសាវ័កទាំង១២នាក់?
១៣ សាវ័កប៉ូលគឺជាគំរូល្អមួយទៀតស្តីអំពីបុគ្គលដែលបណ្ដុះឲ្យមានចិត្តរាបទាបនិងចេះស្កប់ចិត្ត។ ប៉ូលមិនបានអនុញ្ញាតឲ្យការច្រណែនដុះឡើងនៅក្នុងចិត្តរបស់គាត់ទេ។ គាត់ខំប្រឹងក្នុងកិច្ចបម្រើផ្សាយ តែគាត់បាននិយាយដោយចិត្តរាបទាបថា៖ «ខ្ញុំជាអ្នកតូចជាងគេ ក៏មិនសមនឹងហៅថាសាវ័កដែរ»។ (១កូ. ១៥:៩, ១០) សាវ័ក១២នាក់បានទៅតាមលោកយេស៊ូក្នុងកិច្ចបម្រើផ្សាយរបស់លោកនៅផែនដី តែប៉ូលមិនបានទៅជាគ្រិស្តសាសនិក រហូតដល់ក្រោយពីលោកយេស៊ូបានស្លាប់និងបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ទោះជានៅទីបំផុតប៉ូលបានត្រូវតែងតាំងជា«សាវ័កសម្រាប់ជនជាតិដទៃ»ក្ដី គាត់មិនមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលឯកសិទ្ធិពិសេសទៅជាសាវ័កម្នាក់ក្នុងចំណោមសាវ័កទាំង១២នាក់ឡើយ។ (រ៉ូម ១១:១៣; សកម្ម. ១:២១-២៦) ជាជាងច្រណែនបុរសទាំង១២នាក់នោះដែលបានសេពគប់យ៉ាងជិតស្និទ្ធជាមួយនឹងលោកយេស៊ូ ប៉ូលបន្តស្កប់ចិត្តនឹងអ្វីដែលគាត់មាន។
១៤. តើយើងនឹងធ្វើអ្វីបើយើងស្កប់ចិត្តនិងមានចិត្តរាបទាប?
១៤ បើយើងស្កប់ចិត្តនិងមានចិត្តរាបទាប នោះយើងនឹងដូចប៉ូល ហើយគោរពបងប្អូនឯទៀតដែលបានទទួលអំណាចពីព្រះយេហូវ៉ា។ (សកម្ម. ២១:២០-២៦) លោកបានរៀបចំឲ្យមានបុរសដែលបានត្រូវតែងតាំងឲ្យនាំមុខក្នុងក្រុមជំនុំគ្រិស្តសាសនិក។ ទោះជាពួកគេជា មនុស្សមិនល្អឥតខ្ចោះក្ដី ព្រះយេហូវ៉ាចាត់ទុកពួកគេថា«អំណោយជាមនុស្ស»។ (អេភ. ៤:៨, ១១) ពេលយើងគោរពបុរសទាំងនេះដែលបានត្រូវតែងតាំង ហើយធ្វើតាមការណែនាំរបស់ពួកគេដោយចិត្តរាបទាប នោះយើងនឹងនៅជាប់នឹងព្រះយេហូវ៉ា ហើយមានសន្ដិភាពជាមួយនឹងគ្រិស្តសាសនិកឯទៀត។
‹ចូរស្វែងរកអ្វីដែលនាំឲ្យមានសន្ដិភាព›
១៥. តើយើងត្រូវធ្វើអ្វី?
១៥ បើយើងច្រណែនគ្នាទៅវិញទៅមក នោះយើងនឹងគ្មានសន្ដិភាពនឹងគ្នាឡើយ។ យើងត្រូវជម្រុះចិត្តច្រណែនចេញពីចិត្តរបស់យើង ហើយជៀសវាងធ្វើឲ្យអ្នកឯទៀតមានចិត្តច្រណែន។ យើងត្រូវធ្វើអ្វីដ៏សំខាន់ទាំងនេះ ដើម្បីយើងអាចធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាដែលឲ្យ«យើងស្វែងរកអ្វីដែលនាំឲ្យមានសន្ដិភាព និងអ្វីដែលជួយគ្នាទៅវិញទៅមកឲ្យមានភាពរឹងមាំ»។ (រ៉ូម ១៤:១៩) តើយើងអាចធ្វើអ្វីជាពិសេសដើម្បីជួយអ្នកឯទៀតឲ្យមិនឲ្យមានចិត្តច្រណែន ហើយតើយើងអាចធ្វើឲ្យមានសន្ដិភាពយ៉ាងដូចម្ដេច?
១៦. តើយើងអាចជួយអ្នកឯទៀតមិនឲ្យមានចិត្តច្រណែនយ៉ាងដូចម្ដេច?
១៦ ចិត្តគំនិតនិងការប្រព្រឹត្តរបស់យើងអាចមានឥទ្ធិពលខ្លាំងលើអ្នកឯទៀត។ ពិភពលោកនេះចង់ឲ្យយើង«អួតសម្ញែង»អ្វីដែលយើងមាន។ (១យ៉ូន. ២:១៦) ប៉ុន្តែចិត្តគំនិតនេះនាំឲ្យមានចិត្តច្រណែន។ យើងអាចជៀសវាងមិនធ្វើឲ្យអ្នកឯទៀតច្រណែនយើង បើយើងមិននិយាយច្រើនពេកអំពីអ្វីដែលយើងមាន ឬមានគម្រោងទិញ។ របៀបមួយទៀតដែលយើងជៀសវាងមិនធ្វើឲ្យអ្នកឯទៀតច្រណែនយើង គឺតាមរយៈការប្រព្រឹត្តរបស់យើងពេលយើងមានភារកិច្ចផ្សេងៗក្នុងក្រុមជំនុំ។ បើយើងធ្វើឲ្យអ្នកឯទៀតចាប់អារម្មណ៍ចំពោះឯកសិទ្ធិដែលយើងមាន នោះហាក់ដូចជាយើងកំពុងជ្រួយដីដែលស្រួលឲ្យចិត្តច្រណែនដុះឡើង។ ផ្ទុយទៅវិញ ពេល យើងបង្ហាញការយកចិត្តទុកដាក់ដ៏ស្មោះចំពោះអ្នកឯទៀត និងទទួលស្គាល់ការល្អដែលពួកគេប្រព្រឹត្ត នោះយើងជួយពួកគេឲ្យស្កប់ចិត្ត ហើយធ្វើឲ្យក្រុមជំនុំមានសន្ដិភាពនិងសាមគ្គីភាព។
១៧. តើបងប្រុសៗរបស់យ៉ូសែបអាចធ្វើអ្វី ហើយហេតុអ្វី?
១៧ យើងអាចបំបាត់ចិត្តច្រណែនបាន! សូមគិតម្ដងទៀតអំពីគំរូរបស់បងប្រុសៗយ៉ូសែប។ អស់ជាច្រើនឆ្នាំក្រោយពីពួកគេបានប្រព្រឹត្តយ៉ាងព្រៃផ្សៃទៅលើយ៉ូសែប ពួកគេបានជួបគាត់នៅស្រុកអេស៊ីប។ មុនយ៉ូសែបបង្ហាញអត្តសញ្ញាណពិតរបស់គាត់ទៅដល់បងប្រុសៗរបស់គាត់ គាត់បានសាកល្បងពួកគេដើម្បីដឹងថាពួកគេបានកែប្រែហើយឬនៅ។ គាត់បានរៀបចំអាហារឲ្យបេនយ៉ាមីនដែលជាប្អូនប្រុសពៅ ច្រើនជាងឲ្យបងប្រុសៗ។ (លោ. ៤៣:៣៣,៣៤) ក៏ប៉ុន្តែ បងប្រុសៗឯទៀតមិនបានច្រណែនបេនយ៉ាមីនឡើយ។ ផ្ទុយទៅវិញ ពួកគេបានបង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះចំពោះប្អូនប្រុសរបស់ពួកគេនិងយ៉ាកុបដែលជាឪពុករបស់ពួកគេ។ (លោ. ៤៤:៣០-៣៤) ដោយសារបងប្រុសៗរបស់យ៉ូសែបលែងមានចិត្តច្រណែន នោះពួកគេអាចជួយក្រុមគ្រួសាររបស់ពួកគេឲ្យមានសន្ដិភាពឡើងវិញ។ (លោ. ៤៥:៤, ១៥) ស្រដៀងគ្នាដែរ បើយើងជម្រុះចោលចិត្តច្រណែនឲ្យអស់ នោះយើងនឹងជួយរក្សាក្រុមគ្រួសារនិងក្រុមជំនុំរបស់យើងឲ្យមានសន្ដិភាព។
១៨. យោងទៅតាមយ៉ាកុប ៣:១៧, ១៨ តើអ្វីនឹងកើតឡើងបើយើងជួយធ្វើឲ្យមានសន្ដិភាព?
១៨ ព្រះយេហូវ៉ាចង់ឲ្យយើងលត់ដំខ្លួនមិនឲ្យមានចិត្តច្រណែន ហើយស្វែងរកអ្វីដែលនាំឲ្យមានសន្ដិភាព។ យើងត្រូវខំព្យាយាមធ្វើអ្វីទាំងពីរនេះ។ ដូចយើងបានពិចារណាក្នុងអត្ថបទនេះ យើងមានភាពទោរទន់ទៅរកការច្រណែន។ (យ៉ា. ៤:៥) ម្យ៉ាងទៀត យើងរស់នៅក្នុងពិភពលោកដែលជំរុញមនុស្សឲ្យចេះតែច្រណែនគ្នា។ ប៉ុន្តែបើយើងបណ្ដុះឲ្យមានចិត្តរាបទាប ការស្កប់ចិត្ត និងការចេះឲ្យតម្លៃចំពោះអ្នកឯទៀត យើងនឹងមិនមានចិត្តច្រណែនឡើយ។ ផ្ទុយទៅវិញ យើងនឹងជួយធ្វើឲ្យមានសន្ដិភាព ដើម្បីយើងអាចបណ្ដុះគុណសម្បត្ដិផ្សេងៗ។—សូមអាន យ៉ាកុប ៣:១៧, ១៨
ចម្រៀងលេខ១៣០ យើងត្រូវចេះអភ័យទោស
^ វគ្គ 5 អង្គការរបស់ព្រះយេហូវ៉ាគឺមានសន្ដិភាព។ ប៉ុន្តែបើយើងបណ្ដោយខ្លួនឲ្យមានចិត្តច្រណែន នោះអាចបះពាល់ដល់សន្ដិភាពរបស់អង្គការយើង។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីដែលបណ្ដាលឲ្យមានចិត្តច្រណែន។ យើងក៏នឹងពិចារណាអំពីរបៀបលត់ដំខ្លួនមិនឲ្យមានគុណវិបត្ដិនេះ និងអំពីរបៀបធ្វើឲ្យមានសន្ដិភាព។
^ វគ្គ 2 ការពន្យល់ពាក្យ: ដូចបានត្រូវរៀបរាប់ក្នុងគម្ពីរ ការច្រណែនមិនគ្រាន់តែអាចបណ្ដាលឲ្យបុគ្គលម្នាក់ចង់បានអ្វីដែលអ្នកឯទៀតមានប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើឲ្យគាត់មិនចង់ឲ្យអ្នកនោះមានអ្វីទាំងនោះដែរ។
^ វគ្គ 61 ការពណ៌នាអំពីរូបភាព: ក្នុងអំឡុងកិច្ចប្រជុំរបស់ក្រុមអ្នកចាស់ទុំ បងប្រុសវ័យចាស់ម្នាក់ដែលជាអ្នកដឹកនាំការសិក្សាទស្សនាវដ្ដីប៉មយាមក្នុងក្រុមជំនុំ បានត្រូវសុំឲ្យបង្ហាត់បង្រៀនអ្នកចាស់ទុំដែលមានវ័យក្មេងជាងឲ្យបំពេញភារកិច្ចនេះវិញ។ ទោះជាបងប្រុសវ័យចាស់នោះស្រឡាញ់ភារកិច្ចរបស់គាត់ក្ដី គាត់គាំទ្រការសម្រេចចិត្តរបស់ក្រុមអ្នកចាស់ទុំយ៉ាងអស់ពីចិត្ត ដោយផ្ដល់យោបល់ល្អៗ ព្រមទាំងសរសើរយ៉ាងស្មោះដល់បងប្រុសដែលមានវ័យក្មេងជាងនោះ។