លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​ជា​មនុស្ស​បែប​ណា?

តើ​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​ជា​មនុស្ស​បែប​ណា?

​«​សូម​ព្រះ . . . អនុគ្រោះ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​ចិត្ដ​គំនិត​ដូច​គ្រិស្ដ​យេស៊ូ​»។—រ៉ូម ១៥:៥

ចម្រៀង​លេខ: ១៧, ១៣

១, ២. (​ក​) ស្ដី​អំពី​ការ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត តើ​បង​ប្អូន​ជា​ច្រើន​មាន​អារម្មណ៍​យ៉ាង​ណា? (​ខ​) តើ​យើង​នឹង​ពិចារណា​សំណួរ​ដ៏​សំខាន់​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

បង​ស្រី​ម្នាក់​នៅ​ប្រទេស​កាណាដា​និយាយ​ថា ការ​មាន​ចំណង​មិត្ដភាព​រឹង​មាំ​ជា​មួយ​នឹង​ព្រះ​ឬ​ការ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត បាន​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ដ​ជាង​និង​បាន​ជួយ​គាត់​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ជីវិត។ បង​ប្រុស​ម្នាក់​នៅ​ប្រទេស​ប្រេស៊ីល​ដែល​បាន​រៀប​ការ​អស់​រយៈ​ពេល​២៣​ឆ្នាំ​និយាយ​ថា ការ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត បាន​ជួយ​គាត់​និង​ប្រពន្ធ​គាត់​ឲ្យ​មាន​សុភមង្គល​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍។ បង​ប្រុស​ម្នាក់​នៅ​ប្រទេស​ហ្វីលីពីន​និយាយ​ថា ការ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត បាន​ជួយ​គាត់​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ ហើយ​បាន​ជួយ​គាត់​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​ដែល​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ។

យើង​អាច​ឃើញ​ច្បាស់​ថា​យើង​ទទួល​ប្រយោជន៍​ផ្សេង​ៗ​ពេល​ដែល​យើង​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត។ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​យើង​កាន់​តែ​ច្រើន ហើយ​ទទួល​ប្រយោជន៍​ទាំង​នោះ? ដំបូង យើង​ត្រូវ​យល់​អ្វី​ដែល​គម្ពីរ​ចែង​អំពី​មនុស្ស​ដែល​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ដឹក​នាំ​គំនិត និង​ដែល​មាន​របៀប​គិត​គូរ​ដូច​ព្រះ​យេហូវ៉ា។ ក្នុង​អត្ថបទ​នេះ​យើង​នឹង​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​ដ៏​សំខាន់​បី​គឺ​៖ (​១​) តើមនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​ជា​មនុស្ស​បែប​ណា? (​២​) តើ​គំរូ​អ្វី​ខ្លះ​នឹង​ជួយ​យើង​ឲ្យ​រីក​ចម្រើន​ជា​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត? (​៣​) តើ​ការ​ខំ​ប្រឹង​ឲ្យ​មាន​«​ចិត្ដ​គំនិត​របស់​គ្រិស្ដ​»​នឹង​ជួយ​យើង​យ៉ាង​ណា​ឲ្យ​ធ្វើ​ជា​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត?

តើ​បុគ្គល​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​ជា​បុគ្គល​បែប​ណា?

៣. តើ​គម្ពីរ​រៀប​រាប់​យ៉ាង​ណា​អំពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​និង​មនុស្ស​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត?

សាវ័ក​ប៉ូល​ជួយ​យើង​ឲ្យ​យល់​អំពី​ភាព​ខុស​គ្នា​រវាង​«​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​»​និង​«​មនុស្ស​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត​»។ (​សូម​អាន កូរិនថូស​ទី១ ២:១៤​-​១៦) មនុស្ស​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត​«​មិន​ទទួល​អ្វី​ៗ​ពី​សកម្មពល​របស់​ព្រះ​ទេ ព្រោះ​គេ​ចាត់​ទុក​អ្វី​ៗ​ទាំង​នោះ​ថា​ជា​រឿង​ផ្ដេស​ផ្ដាស ហើយ​គេ​មិន​អាច​ស្គាល់​អ្វី​ៗ​ទាំង​នោះ​បាន​ឡើយ​»។ ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​«​អាច​យល់​ត្រឹម​ត្រូវ​អំពី​អ្វី​ៗ​ទាំង​អស់​»​ ហើយ​«​មាន​ចិត្ដ​គំនិត​របស់​គ្រិស្ដ​»​ នេះ​មាន​ន័យ​ថា​គាត់​ព្យាយាម​មាន​របៀប​គិត​គូរ​ដូច​គ្រិស្ដ។ ប៉ូល​លើក​ទឹក​ចិត្ដ​យើង​ឲ្យ​ធ្វើ​ជា​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត។ តើ​មនុស្ស​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត​និង​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត គឺ​ខុស​គ្នា​យ៉ាង​ណា​ទៀត?

៤, ៥. តើ​យើង​អាច​កត់​សម្គាល់​មនុស្ស​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត​យ៉ាង​ដូច​ម្ដេច?

តើ​មនុស្ស​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត មាន​របៀប​គិត​គូរ​បែប​ណា? ពួក​គេ​ទទួល​យក​ចិត្ដ​គំនិត​របស់​ពិភព​លោក​នេះ​ដែល​ផ្ដោត​ទៅ​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន។ ប៉ូល​បាន​រៀប​រាប់​អំពី​ចិត្ដ​គំនិត​នេះ ជា​«​ចិត្ដ​គំនិត​ដែល​មាន​ឥទ្ធិពល​លើ​ពួក​អ្នក​មិន​ស្តាប់​បង្គាប់​»។ (​អេភេសូរ ២:២​) ចិត្ដ​គំនិត​នេះ​នាំ​ឲ្យ​មនុស្ស​ភាគ​ច្រើន​ធ្វើ​តាម​ពួក​អ្នក​ដែល​នៅ​ជុំ​វិញ​ពួក​គេ។ ពួក​គេ​ចេះ​តែ​ធ្វើ​អ្វី​ដែល​ពួក​គេ​គិត​ថា​គឺ​ត្រឹម​ត្រូវ ដោយ​មិន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ខ្នាត​តម្រា​របស់​ព្រះ។ មនុស្ស​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត​ច្រើន​តែ​គិត​អំពី​អ្វី​ដែល​ទាក់​ទង​នឹង​សាច់​ឈាម ហើយ​ច្រើន​តែ​គិត​ថា​ឋានៈ លុយ ឬ​សិទ្ធិ​របស់​គាត់​ផ្ទាល់​គឺ​សំខាន់​ជាង​អ្វី​ៗ​ទាំង​អស់។

បុគ្គល​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត ច្រើន​តែ​ធ្វើ​អ្វី​ដែល​គម្ពីរ​ហៅ​ថា ​«​ការ​ប្រព្រឹត្ដ​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង​»។ (​កាឡាទី ៥:១៩​-​២១​) ក្នុង​សំបុត្រ​ទី១​ដែល​ប៉ូល​បាន​សរសេរ​ទៅ​កាន់​គ្រិស្ដ​សាសនិក​នៅ​ក្រុង​កូរិនថូស គាត់​រៀប​រាប់​អំពី​ទង្វើ​ផ្សេង​ទៀត​របស់​មនុស្ស​បែប​នេះ។ ពួក​គេ​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​បែក​បាក់​គ្នា គាំ​ទ្រ​ម្ខាង​ៗ​ពេល​មាន​ទំនាស់ លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត​ឲ្យ​បះ​បោរ ប្ដឹង​គ្នា​ទៅ​តុលាការ មិន​បង្ហាញ​ការ​គោរព​ចំពោះ​ប្រមុខ​ភាព និង​គិត​ហួស​ហេតុ​ពេក​អំពី​ការ​ផឹក​និង​បរិភោគ។ បុគ្គល​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត ចេះ​តែ​បណ្ដោយ​ខ្លួន​ធ្វើ​អ្វី​ដែល​គាត់​ចង់​ធ្វើ ទោះ​ជា​ពួក​គេ​ដឹង​ថា​នោះ​គឺ​ខុស​ក៏​ដោយ។ (​សុភាសិត ៧:២១, ២២​) យូដាស​បាន​និយាយ​ថា​មនុស្ស​ដែល​ចេះ​តែ​គិត​ពី​រឿង​ដែល​ទាក់​ទង​នឹង​សាច់​ឈាម​អាច​លែង​មាន​សកម្មពល​របស់​ព្រះ​យេហូវ៉ា​ទៀត​ផង។—យូដាស ១៨, ១៩

៦. តើ​តាម​របៀប​ណា​យើង​អាច​ដឹង​ថា​អ្នក​ណា​ជា​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត?

ផ្ទុយ​ពី​បុគ្គល​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត បុគ្គល​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង​អំពី​ចំណង​មិត្ដភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ។ គាត់​ព្យាយាម​យក​តម្រាប់​ព្រះ​យេហូវ៉ា។ (​អេភេសូរ ៥:១​) គាត់​ខំ​ស្វែង​យល់​អំពី​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា ហើយ​ខំ​ប្រឹង​ឲ្យ​មាន​ទស្សនៈ​ដូច​លោក។ គាត់​មាន​អារម្មណ៍​ថា​ព្រះ​នៅ​ជា​មួយ​នឹង​គាត់​គ្រប់​ពេល​វេលា។ បុគ្គល​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត គឺ​ខុស​ពី​បុគ្គល​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត ដោយ​សារ​គាត់​ព្យាយាម​មាន​របៀប​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ (​ទំនុក​តម្កើង ១១៩:៣៣; ១៤៣:១០​) គាត់​មិន​ធ្វើ​អ្វី​ដែល​«​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង​»​ទេ តែ​គាត់​ព្យាយាម​បង្កើន​«​ផលដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​»។—កាឡាទី ៥:២២, ២៣

៧. តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត?

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត គឺ​មាន​សុភមង្គល។ ម៉ាថាយ ៥:៣​ចែង​ថា​៖ ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ! ពី​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ​»។ ម្យ៉ាង​វិញ​ទៀត រ៉ូម ៨:៦​ពន្យល់​ថា​៖ ​«​ការ​ផ្ដោត​គំនិត​ទៅ​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​នាំ​ឲ្យ​ស្លាប់ តែ​ការ​ផ្ដោត​គំនិត​ទៅ​លើ​សកម្មពល​របស់​ព្រះ​នាំ​ឲ្យ​បាន​ជីវិត​និង​សេចក្ដី​សុខ​សាន្ដ​»។ នេះ​មាន​ន័យ​ថា​ជីវិត​របស់​យើង​ពឹង​ផ្អែក​ទៅ​លើ​ការ​មាន​របៀប​គិត​គូរ​ដូច​ព្រះ​យេហូវ៉ា។ ដូច្នេះ​នៅ​ឥឡូវ​នេះ បើ​យើង​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត យើង​អាច​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​ព្រះ​និង​មាន​សេចក្ដី​សុខ​សាន្ដ​នៅ​ក្នុង​ចិត្ដ ហើយ​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

៨. ហេតុ​អ្វី​យើង​ប្រហែល​ជា​ពិបាក​ធ្វើ​ជា​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត?

ក៏​ប៉ុន្ដែ យើង​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​អាច​ជះ​ឥទ្ធិពល​អាក្រក់​មក​លើ​យើង។ ដោយ​សារ​មនុស្ស​ដែល​នៅ​ជុំ​វិញ​យើង​មិន​មាន​ទស្សនៈ​ដូច​ព្រះ យើង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ការពារ​គំនិត​របស់​យើង។ បើ​យើង​មិន​អប់រំ​ខ្លួន​ឲ្យ​មាន​របៀប​គិត​គូរ​ដូច​ព្រះ​យេហូវ៉ា​ទាំង​ស្រុង​ទេ នោះ​ចិត្ដ​គំនិត​និង​របៀប​គិត​គូរ​របស់​ពិភព​លោក​នេះ​ដែល​គិត​តែ​អំពី​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​រូប​កាយ នឹង​មាន​ឥទ្ធិពល​មក​លើ​យើង។ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ជៀស​វាង​ពី​បញ្ហា​នេះ? តើ​តាម​របៀប​ណា​យើង​អាច​ឲ្យ​សកម្មពល​ព្រះ​ដឹក​នាំ​គំនិត​របស់​យើង​កាន់​តែ​ច្រើន?

ចូរ​រៀន​ពី​គំរូ​ល្អ​ៗ​

៩. (​ក​) តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ជា​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត? (​ខ​) តើ​យើង​នឹង​ពិចារណា​អំពី​គំរូ​ល្អ​អ្វី​ខ្លះ?

ដូច​កូន​ក្មេង​ត្រូវ​រៀន​ពី​ឪ​ពុក​ម្ដាយ ហើយ​ធ្វើ​តាម​គំរូ​ល្អ​របស់​ពួក​គាត់ យើង​ក៏​ត្រូវ​រៀន​ពី​ពួក​អ្នក​ដែល​មាន​ចំណង​មិត្ដភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​យក​តម្រាប់​ពួក​គេ។ នេះ​នឹង​បង្រៀន​យើង​អំពី​របៀប​ធ្វើ​ជា​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត។ មួយ​វិញ​ទៀត ពេល​យើង​សង្កេត​មើល​មនុស្ស​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត នោះ​យើង​រៀន​អំពី​អ្វី​ដែល​យើង​មិន​គួរ​ធ្វើ។ (​កូរិនថូសទី១ ៣:១​-​៤​) ក្នុង​គម្ពីរ​មាន​ទាំង​គំរូ​ល្អ​ទាំង​គំរូ​អាក្រក់។ សូម​យើង​ពិចារណា​និង​ទាញ​យក​មេ​រៀន​ពី​គំរូ​ល្អ​ខ្លះ​ៗ​ដូច​ជា​យ៉ាកុប ម៉ារៀ និង​លោក​យេស៊ូ។

តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​យ៉ាកុប? (​សូម​មើល​វគ្គ​១០)

១០. តើ​យ៉ាកុប​បាន​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​គាត់​ជា​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត?

១០ ជីវិត​របស់​យ៉ាកុប​មិន​សូវ​ស្រួល​ទេ ដូច​ជីវិត​របស់​យើង​ជា​ច្រើន​នាក់​ក៏​មិន​សូវ​ស្រួល​ដែរ។ អេសាវ​ដែល​ជា​បង​ប្រុស​របស់​គាត់ ចង់​សម្លាប់​គាត់។ ឪ​ពុក​ក្មេក​របស់​យ៉ាកុប​ព្យាយាម​កេង​ប្រវ័ញ្ច​គាត់​ជា​ច្រើន​ដង។ ប៉ុន្ដែ​យ៉ាកុប​នៅ​តែ​មាន​ជំនឿ​រឹង​មាំ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អាប្រាហាំ។ យ៉ាកុប​ដឹង​ថា​ក្រុម​គ្រួសារ​របស់​គាត់​នឹង​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​នេះ​បាន​សម្រេច ហេតុ​នេះ​គាត់​បាន​ថែ​រក្សា​ពួក​គេ​យ៉ាង​ល្អ។ (​លោកុប្បត្ដិ ២៨:១០​-​១៥​) យ៉ាកុប​មិន​ឲ្យ​ចិត្ដ​គំនិត​របស់​មនុស្ស​នៅ​ជុំ​វិញ​គាត់ ធ្វើ​ឲ្យ​គាត់​ភ្លេច​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ឡើយ។ ជា​ឧទាហរណ៍ យ៉ាកុប​បាន​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​សង្គ្រោះ​គាត់​ពេល​ដែល​គាត់​គិត​ថា​បង​ប្រុស​គាត់​នឹង​វាយ​ប្រហារ​គាត់។ គាត់​បាន​អធិដ្ឋាន​ថា​៖ ​«​ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ‹អញ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង​ជា​ពិត​ប្រាកដ ហើយ​នឹង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​គ្នា​ច្រើន​ដូច​ជា​ខ្សាច់​នៅ​សមុទ្រ›​»។ (​លោកុប្បត្ដិ ៣២:៦​-​១២​) យ៉ាកុប​មាន​ជំនឿ​រឹង​មាំ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា ហើយ​បាន​បង្ហាញ​ជំនឿ​នេះ​តាម​រយៈ​របៀប​រស់​នៅ​របស់​គាត់។

តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ម៉ារៀ? (​សូម​មើល​វគ្គ​១១​)

១១. ហេតុ​អ្វី​យើង​ដឹង​ថា​ម៉ារៀ​ជា​បុគ្គល​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត?

១១ សូម​ពិចារណា​អំពី​គំរូ​របស់​ម៉ារៀ។ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​គាត់​ឲ្យ​ធ្វើ​ជា​ម្ដាយ​របស់​លោក​យេស៊ូ ដោយ​សារ​គាត់​ឲ្យ​សកម្មពល​ព្រះ​ដឹក​នាំ​គំនិត​របស់​គាត់។ សូម​អាន​ពាក្យ​របស់​ម៉ារៀ​ពេល​ដែល​គាត់​បាន​ទៅ​លេង​សាការី​និង​អេលីសាបិត​ដែល​ជា​សាច់​ញាតិ​របស់​គាត់។ (​សូម​អាន លូកា ១:៤៦​-​៥៥) យើង​អាច​ឃើញ​ថា​ម៉ារៀ​ស្រឡាញ់​បណ្ដាំ​របស់​ព្រះ ហើយ​ស្គាល់​បទ​គម្ពីរ​ភាសា​ហេប្រឺ​យ៉ាង​ច្បាស់។ (​លោកុប្បត្ដិ ៣០:១៣; សាំយូអែល​ទី១ ២:១​-​១០; ម៉ាឡាគី ៣:១២​) ម្យ៉ាង​ទៀត សូម្បី​តែ​ម៉ារៀ​និង​យ៉ូសែប​បាន​រៀប​ការ​ហើយ​ក្ដី ពួក​គាត់​មិន​បាន​រួម​ដំណេក​ឡើយ រហូត​ដល់​លោក​យេស៊ូ​កើត​មក។ ចំពោះ​ពួក​គាត់ ភារកិច្ច​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ គឺ​សំខាន់​ជាង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន។ (​ម៉ាថាយ ១:២៥​) មួយ​វិញ​ទៀត ម៉ារៀ​សង្កេត​មើល​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​លោក​យេស៊ូ ហើយ​បាន​ស្តាប់​អ្វី​ដែល​លោក​បាន​បង្រៀន។ គាត់​«​បាន​រក្សា​ទុក​ពាក្យ​ទាំង​អស់​នេះ​នៅ​ក្នុង​ចិត្ដ​»។ (​លូកា ២:៥១​) គាត់​ពិត​ជា​ចាប់​អារម្មណ៍​ចំពោះ​សេចក្ដី​សន្យារបស់​ព្រះ​អំពី​មេស្ស៊ី។ តើ​យើង​អាច​យក​តម្រាប់​ម៉ារៀ​ដោយ​បន្ដ​ព្យាយាម​ធ្វើ​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​យើង​ធ្វើ​ឬ​ទេ?

១២. (​ក​) តើ​លោក​យេស៊ូ​បាន​យក​តម្រាប់​បិតា​លោក​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​តាម​របៀប​ណា​យើង​អាច​យក​តម្រាប់​លោក​យេស៊ូ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

១២ ក្នុង​ប្រវត្ដិសាស្ដ្រ​របស់​មនុស្សជាតិ លោក​យេស៊ូ​ជា​គំរូ​ដ៏​ល្អ​បំផុត​ស្ដី​អំពី​ការ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត។ ក្នុង​ជីវិត​របស់​លោក​និង​ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​នៅ​ផែន​ដី លោក​បាន​បង្ហាញ​ថា​លោក​ចង់​យក​តម្រាប់​បិតា​របស់​លោក។ លោក​យេស៊ូ​មាន​របៀប​គិត​គូរ អារម្មណ៍ និង​ការ​ប្រព្រឹត្ដ​ដូច​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​បាន​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​ឲ្យ​តម្លៃ​ចំពោះ​ខ្នាត​តម្រា​របស់​បិតា​លោក។ (​យ៉ូហាន ៨:២៩; ១៤:៩; ១៥:១០​) ជា​ឧទាហរណ៍ សូម​មើល​ការ​រៀប​រាប់​របស់​អេសាយ​អំពី​សេចក្ដី​អាណិត​មេត្ដា​របស់​ព្រះ​យេហូវ៉ា និង​ការ​រៀប​រាប់​របស់​ម៉ាកុស​អំពី​អារម្មណ៍​របស់​លោក​យេស៊ូ ថា​លោក​ទាំង​ពីរ​គឺ​ស្រដៀង​គ្នា​យ៉ាង​ណា។ (​សូម​អាន អេសាយ ៦៣:៩; ម៉ាកុស ៦:៣៤) តើ​យើង​យក​តម្រាប់​លោក​យេស៊ូ​ឬ​ទេ ក្នុង​ការ​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​បង្ហាញ​សេចក្ដី​អាណិត​មេត្ដា​ចំពោះ​ពួក​អ្នក​ដែល​ត្រូវ​ការ​ជំនួយ? តើ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​មនុស្ស​អំពី​ដំណឹង​ល្អ​ដូច​លោក​យេស៊ូ​បាន​ធ្វើ​ឬ​ទេ? (​លូកា ៤:៤៣​) មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត ក៏​មាន​ចិត្ដ​អាណិត​មេត្ដា ហើយ​ព្យាយាម​ជួយ​អ្នក​ឯ​ទៀត​ដែរ។

១៣, ១៤. (​ក​) តើ​យើង​អាច​រៀន​អ្វី​ពី​មនុស្ស​ដែល​កំពុង​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត? (​ខ​) សូម​លើក​ឧទាហរណ៍​មួយ។

១៣ នៅ​សព្វ​ថ្ងៃ​នេះ មាន​បង​ប្អូន​ជា​ច្រើន​ដែល​ខំ​យក​តម្រាប់​គ្រិស្ដ។ អ្នក​ប្រហែល​ជា​កត់​សម្គាល់​ថា​ពួក​គេ​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ មាន​ចិត្ដ​អាណិត​មេត្ដា និង​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់។ ទោះ​ជា​ពួក​គេ​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ ពួក​គេ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​មាន​គុណ​សម្បត្ដិ​ដូច​គ្រិស្ដ និង​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​គេ​ធ្វើ។ បង​ស្រី​រេឆឺល​ដែល​រស់​នៅ​ប្រទេស​ប្រេស៊ីល​និយាយ​ថា​៖ ​«​ខ្ញុំ​ធ្លាប់​ចូល​ចិត្ដ​ស្លៀក​ពាក់​តាម​ម៉ូដ​ទាន់​សម័យ​របស់​ពិភព​លោក​នេះ។ ម៉្លោះ​ហើយ របៀប​ដែល​ខ្ញុំ​ស្លៀក​ពាក់​គឺ​មិន​សម​រម្យ​ទេ។ ប៉ុន្ដែ ពេល​ខ្ញុំ​រៀន​សេចក្ដី​ពិត នេះ​បាន​ជំរុញ​ចិត្ដ​ខ្ញុំ​ឲ្យ​ខំ​ព្យាយាម​ធ្វើ​ជា​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត។ ការ​កែ​ប្រែ​គឺ​មិន​ស្រួល​ទេ​សម្រាប់​ខ្ញុំ តែ​ខ្ញុំ​សប្បាយ​ចិត្ដ​ជាង​មុន ហើយ​មាន​ជីវិត​ដ៏​មាន​ន័យ​ខ្លឹម​សារ​»។

១៤ បង​ស្រី​រេលីន​ដែល​រស់​នៅ​ប្រទេស​ហ្វីលីពីន មាន​បញ្ហា​ផ្សេង​ពី​នេះ។ ទោះ​ជា​គាត់​នៅ​ក្នុង​សេចក្ដី​ពិត​ក៏​ដោយ គាត់​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​រៀន​នៅ​សកល​វិទ្យាល័យ​និង​ការ​ស្វែង​រក​ការ​ងារ​ល្អ។ យូរ​ៗ​ទៅ គោល​ដៅ​របស់​គាត់​ក្នុង​កិច្ច​បម្រើ​ព្រះ​មិន​សូវ​សំខាន់​ចំពោះ​គាត់​ទេ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ចាប់​ផ្ដើម​ដឹង​ខ្លួន​ថា ខ្ញុំ​ខ្វះ​អ្វី​មួយ​ក្នុង​ជីវិត ហើយ​អ្វី​នោះ​សំខាន់​ជាង​ការ​ងារ​របស់​ខ្ញុំ​ទៅ​ទៀត​»។ បង​រេលីន​បាន​ផ្លាស់​ប្ដូរ​របៀប​គិត​គូរ​របស់​គាត់ ហើយ​បាន​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់។ ឥឡូវ​គាត់​មាន​ទំនុក​ចិត្ដ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​នៅ​ម៉ាថាយ ៦:៣៣, ៣៤ ហើយ​គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ជឿ​ជាក់​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​ខ្ញុំ!​»។ អ្នក​ប្រហែល​ជា​ស្គាល់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​ដែល​មាន​ទស្សនៈ​ដូច​នេះ​ដែរ។ ពេល​យើង​ឃើញ​របៀប​ដែល​បង​ប្អូន​ទាំង​នេះ​យក​តម្រាប់​គ្រិស្ដ យើង​ចង់​ធ្វើ​តាម​គំរូ​ដ៏​ស្មោះ​ត្រង់​របស់​ពួក​គេ។—កូរិនថូស​ទី១ ១១:១; ថែស្សាឡូនិច​ទី២ ៣:៧

ចូរ​«​មាន​ចិត្ដ​គំនិត​របស់​គ្រិស្ដ​»​

១៥, ១៦. (​ក​) តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​យក​តម្រាប់​គ្រិស្ដ? (​ខ​) តើ​តាម​របៀប​ណា​យើង​អាច​ឲ្យ​«​ចិត្ដ​គំនិត​របស់​គ្រិស្ដ​»​មាន​ឥទ្ធិពល​លើ​យើង?

១៥ តើ​យើង​អាច​យក​តម្រាប់​គ្រិស្ដ​យ៉ាង​ដូច​ម្ដេច? កូរិនថូស​ទី១ ២:១៦​ពន្យល់​ថា​យើង​ត្រូវ​មាន​«​ចិត្ដ​គំនិត​របស់​គ្រិស្ដ​»។ រ៉ូម ១៥:៥​រំលឹក​យើង​ថា​យើង​ត្រូវ​បណ្ដុះ​ឲ្យ​«​មាន​ចិត្ដ​គំនិត​ដូច​គ្រិស្ដ​យេស៊ូ​»។ ដើម្បី​យក​តម្រាប់​គ្រិស្ដ យើង​ត្រូវ​រៀន​អំពី​របៀប​គិត​គូរ អារម្មណ៍ និង​ការ​ប្រព្រឹត្ដ​របស់​លោក។ លោក​យេស៊ូ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ចំណង​មិត្ដភាពរបស់​លោក​ជា​មួយ​នឹង​ព្រះ​ខ្លាំង​ជាង​អ្វី​ទាំង​អស់។ ដូច្នេះ ពេល​យើង​មាន​ចិត្ដ​គំនិត​ដូច​លោក​យេស៊ូ យើង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ ហេតុ​នេះ​ហើយ គឺ​សំខាន់​ណាស់​ដែល​យើង​រៀន​ឲ្យ​មាន​របៀប​គិត​គូរ​ដូច​លោក​យេស៊ូ។

១៦ តើ​តាម​របៀប​ណា​យើង​អាច​រៀន​ឲ្យ​មាន​របៀប​គិត​គូរ​ដូច​លោក​យេស៊ូ? ពួក​អ្នក​កាន់​តាម​លោក​បាន​មើល​លោក​ធ្វើ​អព្ភូតហេតុ ស្តាប់​លោក​បង្រៀន​មនុស្ស​ជា​ក្រុម​ធំ​ៗ មើល​ការ​ប្រព្រឹត្ដ​របស់​លោក​ចំពោះ​មនុស្ស​គ្រប់​ប្រភេទ និង​កត់​សម្គាល់​របៀប​ដែល​លោក​ធ្វើ​តាម​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា។ ពួក​គេ​បាន​និយាយ​ថា​៖ ​«​យើង​ជា​សាក្សី​អំពី​ការ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​»។ (​សកម្មភាព ១០:៣៩​) សព្វ​ថ្ងៃ​នេះ យើង​មិន​អាច​ឃើញ​លោក​យេស៊ូ​បាន​ឡើយ។ ប៉ុន្ដែ យើង​មាន​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​ដែល​ជួយ​យើង​ស្គាល់​លោក​ឲ្យ​បាន​ច្បាស់។ ពេល​យើង​អាន​និង​រំពឹង​គិត​អំពី​អ្វី​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន យើង​នឹង​រៀន​ថែម​ទៀត​អំពី​របៀប​គិត​គូរ​របស់​លោក​យេស៊ូ។ នេះ​ជួយ​យើង​ឲ្យ​«​ខំ​ដើរ​តាម​លំ​អាន​ដាន​របស់​លោក​ឲ្យ​បាន​ដិត​ដល់​»​ ដើម្បី​យើង​អាច​«​មាន​ចិត្ដ​គំនិត​ដូច​លោក​»។—ពេត្រុស​ទី១ ២:២១; ៤:១

១៧. តើ​ការ​មាន​របៀប​គិត​គូរ​ដូច​គ្រិស្ដ​នឹង​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

១៧ បើ​យើង​មាន​របៀប​គិត​គូរ​ដូច​គ្រិស្ដ តើ​យើង​នឹង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ? ដូច​ការ​បរិភោគ​ម្ហូប​អាហារ​ដែល​មាន​ជីវជាតិ ធ្វើ​ឲ្យ​រូប​កាយ​យើង​រឹង​មាំ ការ​រៀន​អំពី​របៀប​គិត​គូរ​របស់​គ្រិស្ដ​កាន់​តែ​ច្រើន​ឡើង​ៗ ធ្វើ​ឲ្យ​យើង​មាន​ជំនឿ​រឹង​មាំ។ បន្ដិច​ម្ដង​ៗ យើង​អាច​ដឹង​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ បើ​លោក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ណា​មួយ។ យ៉ាង​នេះ យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ​ដែល​នាំ​ឲ្យ​ព្រះ​ពេញ​ចិត្ដ និង​នាំ​ឲ្យ​យើង​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។ អ្វី​ទាំង​នេះ​គឺ​ជា​មូលហេតុ​ល្អ​ៗ​ឲ្យ​យើង​«​បំពាក់​ខ្លួន​ដោយ​លោក​ម្ចាស់​យេស៊ូ​គ្រិស្ដ​»​ មែន​ទេ?—រ៉ូម ១៣:១៤

១៨. តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ការ​ធ្វើ​ជា​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត?

១៨ អត្ថបទ​នេះ​បាន​ជួយ​យើង​ឲ្យ​យល់​ថា ការ​ធ្វើ​ជា​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​គឺ​មាន​ន័យ​យ៉ាង​ណា។ យើង​បាន​រៀន​ពី​គំរូ​ល្អ​របស់​បុគ្គល​ដែល​បាន​ត្រូវ​ដឹក​នាំ​ដោយ​សកម្មពល​បរិសុទ្ធ។ យើង​ក៏​បាន​រៀន​ដែរ​ថា​ការ​មាន​«​ចិត្ដ​គំនិត​របស់​គ្រិស្ដ​»​ជួយ​យើង​ឲ្យ​មាន​របៀប​គិត​គូរ​ដូច​ព្រះ​យេហូវ៉ា ហើយ​មាន​ចំណង​មិត្ដភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ ប៉ុន្ដែ មាន​អ្វី​ច្រើន​ទៀត​ដែល​យើង​អាច​រៀន។ ជា​ឧទាហរណ៍ តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​យើង​កំពុង​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​យើង? តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​មាន​ចំណង​មិត្ដភាព​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ? តើ​ការ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ជីវិត​របស់​យើង? នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​រក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។