លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៧

ចូរ​ត្រៀម​ខ្លួន​នៅ​ឥឡូវ​នេះ​សម្រាប់​ការ​បៀត​បៀន

ចូរ​ត្រៀម​ខ្លួន​នៅ​ឥឡូវ​នេះ​សម្រាប់​ការ​បៀត​បៀន

​«​អស់​អ្នក​ណា​ដែល​ចង់​រស់​នៅ​ដោយ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ នឹង​ទទួល​ការ​បៀត​បៀន​»។—២ធី. ៣:១២

ចម្រៀង​លេខ​១២៩ យើង​នឹង​ស៊ូ​ទ្រាំ

សេចក្ដី​សង្ខេប *

១. ហេតុ​អ្វី​យើង​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការ​បៀត​បៀន?

នៅ​យប់​មុន​លោក​ម្ចាស់​យេស៊ូ​បាន​ត្រូវ​គេ​សម្លាប់ លោក​បាន​មាន​ប្រសាសន៍​ថា​អស់​អ្នក​ដែល​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​នឹង​ត្រូវ​គេ​ស្អប់។ (​យ៉ូន. ១៧:១៤​) ចាប់​ពី​ពេល​នោះ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ដែល​ជា​សាក្សី​បញ្ជាក់​អំពី​ព្រះ​យេហូវ៉ា​បាន​ទទួល​ការ​បៀត​បៀន​ពី​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​ការ​គោរព​ប្រណិប័តន៍​ពិត។ (​២ធី. ៣:១២​) កាល​ដែល​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​កាន់​តែ​ខិត​ជិត​មក​ដល់ យើង​រំពឹង​ថា​សត្រូវ​របស់​យើង​នឹង​ប្រឆាំង​យើង​កាន់​តែ​ខ្លាំង​ឡើង។—ម៉ាថ. ២៤:៩

២​-​៣. (​ក​) តើ​យើង​គួរ​ទទួល​ស្គាល់​អ្វី​អំពី​ការ​ភ័យ​ខ្លាច? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

តើ​យើង​អាច​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្ដេច​នៅ​ឥឡូវ​នេះ​ដើម្បី​ប្រឈម​មុខ​នឹង​ការ​បៀត​បៀន? យើង​មិន​ចាំ​បាច់​ស្រមៃ​គិត​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​អាច​កើត​ឡើង​ចំពោះ​យើង​នោះ​ទេ។ បើ​យើង​ធ្វើ​ដូច្នេះ យើង​ប្រហែល​ជា​ភ័យ​ខ្លាច​និង​ខ្វល់​ខ្វាយ​ជា​ខ្លាំង​រហូត​ដល់​យើង​ឈប់​បម្រើ​ព្រះ​យេហូវ៉ា ទោះ​ជា​អ្វី​ទាំង​នោះ​មិន​ទាន់​កើត​ឡើង​ចំពោះ​យើង​ក៏​ដោយ។ (​សុភ. ១២:២៥; ១៧:២២​) ការ​ភ័យ​ខ្លាច​គឺ​ជា​អាវុធ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​«​មេ​កំណាច ដែល​ជា​សត្រូវ​»​របស់​យើង​ព្យាយាម​ប្រើ​ដើម្បី​វាយ​ប្រហារ​មក​លើ​យើង។ (​១ពេ. ៥:៨, ៩​) តើ​យើង​អាច​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​ចេះ​ស៊ូ​ទ្រាំ​ពេល​មាន​ការ​បៀត​បៀន?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា និង​មូលហេតុ​ដែល​ការ​ធ្វើ​ដូច្នេះ​គឺ​សំខាន់​ចាំ​បាច់​នៅ​ឥឡូវ​នេះ។ យើង​ក៏​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង​ឡើង។ ម្យ៉ាង​ទៀត យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ពេល​យើង​ត្រូវ​គេ​ស្អប់។

របៀប​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា

៤. យោង​ទៅ​តាម​ហេប្រឺ ១៣:៥, ៦ តើ​យើង​ត្រូវ​ជឿ​ជាក់​អំពី​អ្វី ហើយ​ហេតុ​អ្វី?

ចូរ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក ហើយ​ថា​លោក​នឹង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។ (​សូម​អាន ហេប្រឺ ១៣:៥, ៦) ច្រើន​ឆ្នាំ​មុន ទស្សនាវដ្ដី​ប៉ម​យាម​បាន​ចែង​ថា​៖ ​«​បុគ្គល​ដែលស្រឡាញ់​ព្រះ​យ៉ាង​ខ្លាំង នឹង​ទុក​ចិត្ត​លោក​យ៉ាង​ខ្លាំង​ពេល​មាន​ការ​បៀត​បៀន​»។ នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន! ដើម្បី​ទទួល​ជោគ​ជ័យ​ពេល​ប្រឈម​មុខ​នឹង​ការ​បៀត​បៀន យើង​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ទុក​ចិត្ត​លោក​ទាំង​ស្រុង ហើយ​យើង​ក៏​ត្រូវ​ជឿ​ជាក់​ទាំង​ស្រុង​ថា​លោក​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​យើង។—ម៉ាថ. ២២:៣៦​-​៣៨; យ៉ា. ៥:១១

៥. តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​យល់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក?

ចូរ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​ដោយ​មាន​គោល​បំណង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ (​យ៉ា. ៤:៨​) កាល​ដែល​អ្នក​អាន​គម្ពីរ​សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​ដែល​បង្ហាញ​អំពី​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​របស់​លោក។ ពេល​ដែល​អ្នក​អាន​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​និង​អ្វី​ដែល​លោក​បាន​ធ្វើ សូម​ព្យាយាម​យល់​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ដែល​លោក​មាន​ចំពោះ​អ្នក។ (​និក្ខ. ៣៤:៦​) អ្នក​ខ្លះ​ប្រហែល​ជា​ពិបាក​ជឿ​ថា​ព្រះ​ស្រឡាញ់​ពួក​គេ ដោយ​សារ​ពួក​គេ​មិន​ធ្លាប់​ទទួល​សេចក្ដី​ស្រឡាញ់​ពី​អ្នក​ឯ​ទៀត​ទេ។ បើ​អ្នក​មាន​អារម្មណ៍​បែប​នេះ សូម​សរសេរ​បញ្ជី​មួយ​ជា​រៀង​រាល់​ថ្ងៃ​អំពី​របៀប​ផ្សេង​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​និង​សេចក្ដី​សប្បុរស​ចំពោះ​អ្នក។ (​ទំនុក. ៧៨:៣៨, ៣៩; រ៉ូម ៨:៣២​) កាល​ដែល​អ្នក​គិត​អំពី​បទ​ពិសោធន៍​របស់​អ្នក និង​រំពឹង​គិត​អំពី​អ្វី​ដែល​អ្នក​បាន​អាន​ក្នុង​បណ្ដាំ​របស់​ព្រះ អ្នក​ទំនង​ជា​អាច​នឹក​ឃើញ​អ្វី​ៗ​ជា​ច្រើន​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​អ្នក។ បើ​អ្នក​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​លោក​នឹង​កាន់​តែ​រឹង​មាំ។—ទំនុក. ១១៦:១, ២

៦. យោង​ទៅ​តាម​ទំនុក​តម្កើង ៩៤:១៧​-​១៩ តើ​សេចក្ដី​អធិដ្ឋាន​អស់​ពី​ចិត្ត​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

ចូរ​អធិដ្ឋាន​ជា​ទៀង​ទាត់។ សូម​ស្រមៃ​គិត​អំពី​ក្មេង​ប្រុស​ម្នាក់​ដែល​នៅ​ក្នុង​រង្វង់​ដៃ​ដ៏​កក់​ក្ដៅ​របស់​ឪ​ពុក។ ក្មេង​នោះ​មាន​អារម្មណ៍​កក់​ក្ដៅ​ណាស់ ដូច្នេះ​គាត់​ប្រាប់​ឪ​ពុក​របស់​គាត់​ទាំង​រឿង​ល្អ​ទាំង​រឿង​អាក្រក់​ដែល​បាន​កើត​ឡើង​ចំពោះ​គាត់​នៅ​ថ្ងៃ​នោះ។ អ្នក​ក៏​អាច​មាន​ទំនាក់​ទំនង​បែប​នេះ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែរ បើ​អ្នក​ចូល​ទៅ​ជិត​លោក​ដោយ​អធិដ្ឋាន​អស់​ពី​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ។ (​សូម​អាន ទំនុក​តម្កើង ៩៤:១៧​-​១៩) កាល​ដែល​អ្នក​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា សូម‹ចាក់​ចិត្ត​អ្នក​ចេញ​ដូច​ជា​ទឹក› ដោយ​ប្រាប់​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​អំពី​ការ​ខ្វល់​ខ្វាយ​និង​ការ​ភ័យ​ខ្លាច​ទាំង​អស់​របស់​អ្នក។ (​បរិ. ២:១៩​) តើ​នេះ​នឹង​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? អ្នក​នឹង​ទទួល​អ្វី​ដែល​គម្ពីរ​ហៅ​ថា​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន​»។ (​ភី. ៤:៦, ៧​) កាល​ដែល​អ្នក​កាន់​តែ​អធិដ្ឋាន​បែប​នេះ អ្នក​នឹង​កាន់​តែ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។—រ៉ូម ៨:៣៨, ៣៩

ចិត្ត​ក្លាហាន​មក​ពី​ការ​មាន​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​និង​រាជាណាចក្រ​របស់​លោក

បង​ស្ទេនលី ចូន​បាន​ពង្រឹង​ជំនឿ​របស់​ខ្លួន​ដោយ​មាន​ការ​ជឿ​ជាក់​ថា​រាជាណាចក្រ​របស់​ព្រះ​គឺ​មាន​ពិត​ប្រាកដ (​សូម​មើល​វគ្គ​៧​)

៧. ហេតុ​អ្វី​អ្នក​ត្រូវ​ជឿ​ជាក់​ថា​សេចក្ដី​សន្យា​របស់​ព្រះ​ស្តី​អំពី​រាជាណាចក្រ​របស់​លោក​នឹង​ក្លាយ​ជា​ការ​ពិត?

ចូរ​ជឿ​ជាក់​ថា​ពរ​នៃ​រាជាណាចក្រ​ព្រះ​នឹង​កើត​ឡើង​ពិត​មែន។ (​ជន. ២៣:១៩​) បើ​ជំនឿ​របស់​អ្នក​ទៅ​លើ​សេចក្ដី​សន្យា​ទាំង​នោះ​គឺ​ខ្សោយ សាថាន​និង​ពួក​អ្នក​ដែល​នៅ​ក្រោម​អំណាច​របស់​វា​ងាយ​ស្រួល​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាច។ (​សុភ. ២៤:១០; ហេ. ២:១៥​) តើ​អ្នក​អាច​ពង្រឹង​ជំនឿ​របស់​អ្នក​ទៅ​លើ​រាជាណាចក្រ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច​នៅ​ឥឡូវ​នេះ? សូម​លៃ​ទុក​ពេល​ដើម្បី​សិក្សា​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​ស្តី​អំពី​រាជាណាចក្រ​លោក និង​មូលហេតុ​ដែល​អ្នក​អាច​ជឿ​ជាក់​ថា​សេចក្ដី​សន្យា​ទាំង​នោះ​នឹង​ក្លាយ​ជា​ការ​ពិត។ តើ​នេះ​នឹង​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​អំពី​គំរូ​របស់​បង​ប្រុស​ស្ទេនលី ចូន​ដែល​បាន​ជាប់​គុក​អស់​រយៈ​ពេល​៧​ឆ្នាំ​ដោយ​សារ​ជំនឿ។ តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់? គាត់​និយាយ​ថា​៖ ​«​មូលហេតុ​ដែល​ខ្ញុំ​មាន​ជំនឿ​រឹង​មាំ​គឺ​ដោយ​សារ​ខ្ញុំ​មាន​ចំណេះ​អំពី​រាជាណាចក្រ​ព្រះ និង​អ្វី​ដែល​រាជាណាចក្រ​នោះ​នឹង​សម្រេច ហើយ​ខ្ញុំ​មិន​មាន​ការ​សង្ស័យ​ទាល់​តែ​សោះ​ចំពោះ​រឿង​នេះ។ យ៉ាង​នេះ គ្មាន​អ្នក​ណា​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា​បាន​ឡើយ​»។ បើ​អ្នក​មាន​ជំនឿ​រឹង​មាំ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ អ្នក​នឹង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា ហើយ​អ្នក​នឹង​មិន​អនុញ្ញាត​ឲ្យ​ការ​ភ័យ​ខ្លាច​ធ្វើ​ឲ្យ​អ្នក​ឈប់​បម្រើ​លោក​ឡើយ។—សុភ. ៣:២៥, ២៦

៨. តើ​ទស្សនៈ​របស់​យើង​ចំពោះ​ការ​ចូល​រួម​កិច្ច​ប្រជុំ​បង្ហាញ​យ៉ាង​ណា​អំពី​យើង? សូម​ពន្យល់។

ចូរ​ចូល​រួម​កិច្ច​ប្រជុំ​របស់​គ្រិស្ត​សាសនិក​ជា​ទៀង​ទាត់។ កិច្ច​ប្រជុំ​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ ទស្សនៈ​របស់​យើង​ចំពោះ​កិច្ច​ប្រជុំ​បង្ហាញ​ថា​យើង​នឹង​ស៊ូ​ទ្រាំ​ខ្លាំង​យ៉ាង​ណា​ពេល​យើង​ប្រឈម​មុខ​នឹង​ការ​បៀត​បៀន​នៅ​ថ្ងៃ​អនាគត។ (​ហេ. ១០:២៤, ២៥​) ហេតុ​អ្វី? ពី​ព្រោះ បើ​យើង​អនុញ្ញាត​ឲ្យ​រឿង​តូច​តាច​រា​រាំង​យើង​ពី​ការ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ឥឡូវ​នេះ តើ​អ្វី​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត ពេល​យើង​ត្រូវ​ប្រថុយ​គ្រោះ​ថ្នាក់​ដើម្បី​ជួប​ជុំ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​របស់​យើង? ប៉ុន្តែ បើ​យើង​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ឥឡូវ​នេះ យើង​នឹង​មិន​ឈប់​ចូល​រួម​ពេល​ដែល​អ្នក​ប្រឆាំង​ព្យាយាម​បញ្ឈប់​យើង​ពី​ការ​ជួប​ជុំ​គ្នា​ឡើយ។ ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​យើង​ត្រូវ​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ជា​ទៀង​ទាត់។ ពេល​យើង​ឲ្យ​តម្លៃ​ទៅ​លើ​កិច្ច​ប្រជុំ គ្មាន​អ្វី​អាច​បញ្ឈប់​យើង​ពី​ការ​ស្ដាប់​បង្គាប់​ព្រះ​ជា​ជាង​មនុស្ស​ឡើយ មិន​ថា​មាន​ការ​បៀត​បៀន ឬ​រដ្ឋាភិបាល​ហាមឃាត់​យើង​មិន​ឲ្យ​ប្រជុំ​គ្នា​ក្ដី។—សកម្ម. ៥:២៩

ការ​ទន្ទេញ​ចាំ​បទ​គម្ពីរ​និង​ចម្រៀង​នៅ​ឥឡូវ​នេះ អាច​ជួយ​អ្នក​ឲ្យ​នឹក​ចាំ​អ្វី​ទាំង​នោះ ហើយ​ទទួល​កម្លាំង​ចិត្ត​ពេល​អ្នក​ត្រូវ​គេ​បៀត​បៀន (​សូម​មើល​វគ្គ​៩​) *

៩. ហេតុ​អ្វី​ការ​ទន្ទេញ​ចាំ​បទ​គម្ពីរ​គឺ​ជា​របៀប​ដ៏​ល្អ​មួយ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​បៀត​បៀន?

ចូរ​ទន្ទេញ​ចាំ​បទ​គម្ពីរ​ដែល​អ្នក​ចូល​ចិត្ត។ (​ម៉ាថ. ១៣:៥២​) ការ​ចង​ចាំ​របស់​អ្នក​ប្រហែល​ជា​មិន​ល្អ​ឥត​ខ្ចោះ​ទេ ប៉ុន្តែ​ព្រះ​យេហូវ៉ា​អាច​ប្រើ​សកម្មពល​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​លោក​ដើម្បី​ធ្វើ​ឲ្យ​អ្នក​នឹក​ឃើញ​បទ​គម្ពីរ​ទាំង​នោះ។ (​យ៉ូន. ១៤:២៦​) សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​បង​ប្រុស​ម្នាក់​បាន​រៀប​រាប់។ គាត់​បាន​ជាប់​គុក​នៅ​ប្រទេស​អាល្លឺម៉ង់​ភាគ​ខាង​កើត ហើយ​បាន​ត្រូវ​ឃុំ​ឲ្យ​នៅ​តែ​ឯង។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​បាន​ទន្ទេញ​ចាំ​បទ​គម្ពីរ​រាប់​រយ! យ៉ាង​នេះ ទោះ​ជា​ខ្ញុំ​បាន​ត្រូវ​ឃុំ​ឲ្យ​នៅ​តែ​ឯង​ក៏​ដោយ ខ្ញុំ​បាន​រំពឹង​គិត​អំពី​ប្រធានបទ​ផ្សេង​ៗ​ពី​គម្ពីរ​»។ បទ​គម្ពីរ​ទាំង​នោះ​បាន​ជួយ​បង​ប្រុស​នេះ​ឲ្យ​នៅ​ជាប់​នឹង​ព្រះ​យេហូវ៉ា ហើយ​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់។

(​សូម​មើល​វគ្គ​១០​) *

១០. ហេតុ​អ្វី​យើង​គួរ​ទន្ទេញ​ចាំ​ចម្រៀង​របស់​យើង?

១០ ចូរ​ទន្ទេញ​ចាំ​និង​ច្រៀង​ចម្រៀង​ពី​សៀវភៅ​ចម្រៀង​យើង និង​ពី​គេហទំព័រ​របស់​យើង។ ពេល​ប៉ូល​និង​ស៊ីឡាស​បាន​ជាប់​គុក​នៅ​ក្រុង​ភីលីព ពួក​គាត់​បាន​ច្រៀង​ចម្រៀង​ដែល​ពួក​គាត់​បាន​ចង​ចាំ​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា។ (​សកម្ម. ១៦:២៥​) ពេល​បង​ប្អូន​របស់​យើង​នៅ​អតីត​សហភាព​សូវៀត​បាន​ត្រូវ​ចាប់​យក​ទៅ​តំបន់​ស៊ីបេរី តើ​ពួក​គេ​បាន​ធ្វើ​អ្វី​ដើម្បី​ពង្រឹង​កម្លាំង​របស់​ពួក​គេ? បង​ស្រី​ម៉ារីយ៉ា ហ្វេឌូនបាន​និយាយ​ថា​៖ ​«​យើង​បាន​ច្រៀង​ចម្រៀង​ទាំង​អស់​ដែល​យើង​បាន​ចង​ចាំ​ពី​សៀវភៅ​ចម្រៀង​របស់​យើង​»។ គាត់​និយាយ​ថា​ចម្រៀង​ទាំង​នោះ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ទាំង​អស់​គ្នា ហើយ​បាន​ជួយ​ពួក​គេ​ឲ្យ​មាន​អារម្មណ៍​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ តើ​អ្នក​ទទួល​កម្លាំង​ចិត្ត​ឬ​ទេ នៅ​ពេល​អ្នក​ច្រៀង​ចម្រៀង​ដែល​អ្នក​ចូល​ចិត្ត​ពី​សៀវភៅ​ចម្រៀង​យើង និង​ពី​គេហទំព័រ​របស់​យើង? ដូច្នេះ សូម​ទន្ទេញ​ចាំ​បទ​ចម្រៀង​ទាំង​នោះ​នៅ​ឥឡូវ​នេះ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​« ​សូម​ជួយ​ខ្ញុំ​ឲ្យ​ក្លាហាន​»​)។

របៀប​ដែល​អ្នក​អាច​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង

១១​-​១២. (​ក​) យោង​ទៅ​តាម​សាំយូអែល​ទី១ ១៧:៣៧, ៤៥​-​៤៧ ហេតុ​អ្វី​ដាវីឌ​មាន​ចិត្ត​ក្លាហាន​ខ្លាំង​ដល់​ម្ល៉េះ? (​ខ​) តើ​យើង​រៀន​មេ​រៀន​ដ៏​សំខាន់​អ្វី​ពី​គំរូ​របស់​ដាវីឌ?

១១ ដើម្បី​ប្រឈម​មុខ​នឹង​ការ​បៀត​បៀន អ្នក​ត្រូវ​មាន​ចិត្ត​ក្លាហាន។ បើ​អ្នក​គិត​ថា​អ្នក​ខ្វះ​ចិត្ត​ក្លាហាន តើ​អ្នក​អាច​ធ្វើ​អ្វី? សូម​ចាំ​ថា​ចិត្ត​ក្លាហាន​ពិត​ប្រាកដ​មិន​អាស្រ័យ​ទៅ​លើ​មាឌ កម្លាំង ឬ​សមត្ថភាព​របស់​អ្នក​ទេ។ សូម​ពិចារណា​អំពី​គំរូ​របស់​ដាវីឌ​ពេល​គាត់​ប្រឈម​មុខ​នឹង​កូលីយ៉ាត​កាល​ដែល​គាត់​នៅ​ក្មេង។ បើ​ប្រៀប​ធៀប​នឹង​បុរស​ដ៏​ធំ​សម្បើម​នោះ ដាវីឌ​គឺ​តូច​ជាង ខ្សោយ​ជាង និង​គ្មាន​អាវុធ​គ្រប់​គ្រាន់​ដើម្បី​ច្បាំង​ទេ។ សូម្បី​តែ​ដាវ​ក៏​ដាវីឌ​គ្មាន​ដែរ។ ប៉ុន្តែ គាត់​ពោរ​ពេញ​ដោយ​ចិត្ត​ក្លាហាន។ ដាវីឌ​រត់​ចូល​ដោយ​ចិត្ត​ក្លាហាន​ទៅ​ប្រយុទ្ធ​នឹង​បុរស​ធំ​សម្បើម​ដែល​មាន​អំណួត​នោះ។

១២ ហេតុ​អ្វី​ដាវីឌ​មាន​ចិត្ត​ក្លាហាន​ខ្លាំង​ដល់​ម្ល៉េះ? គាត់​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​គាត់។ (​សូម​អាន សាំយូអែល​ទី១ ១៧:៣៧, ៤៥​-​៤៧) ដាវីឌ​មិន​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​មាឌ​របស់​កូលីយ៉ាត​ថា​ធំ​ជាង​គាត់​យ៉ាង​ណា​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ផ្ដោត​អារម្មណ៍​ទៅ​លើ​ភាព​តូច​ល្អិត​របស់​កូលីយ៉ាត បើ​ប្រៀប​ធៀប​នឹង​ព្រះ​យេហូវ៉ា។ តើ​យើង​រៀន​អ្វី​ពី​កំណត់​ហេតុ​នេះ? យើង​នឹង​មាន​ចិត្ត​ក្លាហាន បើ​យើង​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​យើង ហើយ​បើ​យើង​ជឿ​ជាក់​ថា​ពួក​អ្នក​ដែល​ប្រឆាំង​យើង​គឺ​តូច​តាច​ណាស់ បើ​ប្រៀប​ធៀប​នឹង​ព្រះ​ដ៏​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា​បំផុត។ (​២រប. ២០:១៥; ទំនុក. ១៦:៨​) តើ​យើង​អាច​ពង្រឹង​ភាព​ក្លាហាន​របស់​យើង​យ៉ាង​ដូច​ម្ដេច​នៅ​ឥឡូវ​នេះ​មុន​ការ​បៀត​បៀន​មក​ដល់?

១៣. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង? សូម​ពន្យល់។

១៣ យើង​អាច​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង​នៅ​ឥឡូវ​នេះ​ដោយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ។ ហេតុ​អ្វី? ពី​ព្រោះ​ការ​ផ្សព្វ​ផ្សាយ​បង្រៀន​យើង​ឲ្យ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ហើយ​ឲ្យ​យើង​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​ចំពោះ​មនុស្ស។ (​សុភ. ២៩:២៥​) ដូច​សាច់​ដុំ​របស់​យើង​កាន់​តែ​រឹង​មាំ​ពេល​យើង​ហាត់​ប្រាណ យើង​នឹង​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង​ឡើង ពេល​យើង​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ផ្សព្វ​ផ្សាយ​នៅ​កន្លែង​សាធារណៈ ក្រៅ​ផ្លូវ​ការ និង​នៅ​តំបន់​ពាណិជ្ជកម្ម។ បើ​យើង​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​ឥឡូវ​នេះ យើង​នឹង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​បន្ត​ផ្សព្វផ្សាយ ទោះ​ជា​កិច្ច​ការ​របស់​យើង​បាន​ត្រូវ​គេ​ដាក់​បម្រាម​ក៏​ដោយ។—១ថែ. ២:១, ២

បង​នែនស៊ី យឿន​មិន​ព្រម​ឈប់​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ទេ (​សូម​មើល​វគ្គ​១៤​)

១៤​-​១៥. តើ​យើង​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​នែនស៊ី យឿន និង​បង​វ៉ាលិនទីណា កាណូស្ខាយ៉ា?

១៤ យើង​អាច​រៀន​មេ​រៀន​ជា​ច្រើន​ពី​គំរូ​របស់​បង​ស្រី​ដ៏​ស្មោះ​ត្រង់​ពីរ​នាក់​ដែល​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ដែល​គួរ​ឲ្យ​កោត​ស្ងើច។ បង​ស្រី​នែនស៊ី យឿន មាន​កម្ពស់​ប្រហែល​មួយ​ម៉ែត្រ​កន្លះ​ប៉ុណ្ណោះ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​គាត់​មិន​ងាយ​ភ័យ​ខ្លាច​ទេ។ គាត់​មិន​ព្រម​ឈប់​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​ឡើយ។ ហេតុ​នេះ​ហើយ គាត់​បាន​ត្រូវ​គេ​ដាក់​គុក​អស់​រយៈ​ពេល​ប្រហែល​ជា​២០​ឆ្នាំ នៅ​ក្នុង​របប​កុម្មុយនីស្ត​របស់​ប្រទេស​ចិន។ មន្ត្រី​រដ្ឋាភិបាល​ដែល​បាន​សួរ​ចម្លើយ​គាត់​បាន​និយាយ​ថា គាត់​ជា​«​មនុស្ស​ដែល​ក្បាល​រឹង​បំផុត​»​ក្នុង​ប្រទេស​របស់​ពួក​គេ។

បង​វ៉ាលិនទីណា កាណូស្ខាយ៉ា​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​គាត់ (​សូម​មើល​វគ្គ​១៥​)

១៥ ស្រដៀង​គ្នា​ដែរ បង​ស្រី​វ៉ាលិនទីណា កាណូស្ខាយ៉ា​បាន​ជាប់​គុក​នៅ​អតីត​សហភាព​សូវៀត​អស់​បី​ដង បើ​សរុប​ទៅ​គាត់​ជាប់​គុក​អស់​២១​ឆ្នាំ។ * ហេតុ​អ្វី? ពី​ព្រោះ​គាត់​បាន​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ក្នុង​ការ​បន្ត​ផ្សព្វ​ផ្សាយ រហូត​ដល់​មន្ត្រី​រដ្ឋាភិបាល​ហៅ​គាត់​ថា​«​ឧក្រិដ្ឋជន​ដ៏​គ្រោះ​ថ្នាក់​»។ តើ​អ្វី​បាន​ធ្វើ​ឲ្យ​ស្ត្រី​ដ៏​ស្មោះ​ត្រង់​ទាំង​ពីរ​នាក់​នេះ​មាន​ចិត្ត​ក្លាហាន​ដូច្នេះ? ពួក​គាត់​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​ពួក​គាត់។

១៦. តើ​អ្វី​ជា​គន្លឹះ​ដើម្បី​មាន​ចិត្ត​ក្លាហាន?

១៦ ដូច​ដែល​យើង​បាន​ពិចារណា​រួច​មក​ហើយ​ថា ដើម្បី​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង យើង​មិន​ត្រូវ​ផ្ដោត​អារម្មណ៍​លើ​កម្លាំង​និង​សមត្ថភាព​របស់​ខ្លួន​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​យើង ហើយ​ថា​លោក​ជា​បុគ្គល​ដែល​ច្បាំង​ជំនួស​យើង។ (​ចោ. ១:២៩, ៣០; សាក. ៤:៦​) នេះ​ជា​គន្លឹះ​ដើម្បី​មាន​ចិត្ត​ក្លាហាន។

អ្វី​ដែល​អ្នក​អាច​ធ្វើ​ពេល​មនុស្ស​ស្អប់​អ្នក

១៧​-​១៨. តើ​លោក​យេស៊ូ​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ការ​ព្រមាន​អ្វី​នៅ​យ៉ូហាន ១៥:១៨​-​២១? សូម​ពន្យល់។

១៧ យើង​សប្បាយ​ចិត្ត​ពេល​អ្នក​ឯ​ទៀត​គោរព​យើង ប៉ុន្តែ​បើ​អ្នក​ឯ​ទៀត​មិន​ចូល​ចិត្ត​យើង យើង​មិន​គួរ​គិត​ថា​យើង​គ្មាន​តម្លៃ​នោះ​ទេ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​កាល​ណា​មនុស្ស​ស្អប់​អ្នក​រាល់​គ្នា ឈប់​រាប់​អាន ជេរ​ប្រមាថ និង​បង្ខូច​ឈ្មោះ​អ្នក ទុក​ជា​មនុស្ស​ទុច្ចរិត ដោយ​សារ​កូន​មនុស្ស នោះ​អ្នក​មាន​សុភមង្គល​ហើយ!​»។ (​លូក. ៦:២២​) តើ​ពាក្យ​របស់​លោក​យេស៊ូ​មាន​ន័យ​យ៉ាង​ណា?

១៨ លោក​យេស៊ូ​មិន​ចង់​មាន​ន័យ​ថា​គ្រិស្ត​សាសនិក​នឹង​ចូល​ចិត្ត​ការដែល​អ្នក​ឯ​ទៀត​ស្អប់​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ព្រមាន​យើង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង។ យើង​ត្រូវ​គេ​ស្អប់​ដោយ​សារ​យើង​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ។ យើង​ក៏​មាន​របៀប​រស់​នៅ​ស្រប​តាម​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ ហើយ​ផ្សព្វ​ផ្សាយ​ដំណឹង​ដែល​លោក​បាន​ផ្សព្វ​ផ្សាយ។ (​សូម​អាន យ៉ូហាន ១៥:១៨​-​២១) សម្រាប់​យើង​អ្វី​ដ៏​សំខាន់​បំផុត​គឺ​ការ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ បើ​មនុស្ស​ស្អប់​យើង​ដោយ​សារ​យើង​ស្រឡាញ់​បិតា​របស់​យើង នោះ​ជា​បញ្ហា​របស់​ពួក​គេ។

១៩. តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ពួក​សាវ័ក​យ៉ាង​ដូច​ម្ដេច?

១៩ សូម​កុំ​ឲ្យ​អ្វី​ដែល​មនុស្ស​និយាយ​ឬ​ធ្វើ នាំ​ឲ្យ​អ្នក​អៀន​ខ្មាស​ចំពោះ​ការ​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ឡើយ។ (​មីកា ៤:៥​) យើង​អាច​រៀន​ទប់​ទល់​នឹង​ការ​ខ្លាច​មនុស្ស ដោយ​ពិចារណា​អំពី​គំរូ​របស់​ពួក​សាវ័ក​នៅ​ក្រុង​យេរូសាឡិម​មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​គេ​សម្លាប់។ ពួក​គេ​បាន​ដឹង​ថា​អ្នក​ដឹក​នាំ​សាសនា​យូដា​ស្អប់​ពួក​គេ​យ៉ាង​ខ្លាំង។ (​សកម្ម. ៥:១៧, ១៨, ២៧, ២៨​) ប៉ុន្តែ​ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​បាន​បន្ត​ទៅ​វិហារ ហើយ​តាម​រយៈ​កិច្ច​បម្រើ​ផ្សាយ ពួក​គេ​បាន​បង្ហាញ​ថា​ពួក​គេ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ (​សកម្ម. ៥:៤២​) ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​ការ​ភ័យ​ខ្លាច​បញ្ឈប់​ពួក​គេ​ទេ។ យើង​ក៏​អាច​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​មនុស្ស ដោយ​ប្រាប់​គេ​ថា​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា ទោះ​ជា​យើង​នៅ​កន្លែង​ធ្វើ​ការ នៅ​សាលា​រៀន ឬ​ក្នុង​តំបន់​ដែល​យើង​រស់​នៅ​ក្ដី។—សកម្ម. ៤:២៩; រ៉ូម ១:១៦

២០. ហេតុ​អ្វី​ពួក​សាវ័ក​ត្រេក​អរ ទោះ​ជា​ពួក​គេ​បាន​ត្រូវ​គេ​ស្អប់​ក្ដី?

២០ ហេតុ​អ្វី​ពួក​សាវ័ក​ត្រេក​អរ? ពី​ព្រោះ​ពួក​គេ​បាន​ដឹង​អំពី​មូលហេតុ​ដែល​ពួក​គេ​បាន​ត្រូវ​គេ​ស្អប់ ហើយ​ពួក​គេ​បាន​ចាត់​ទុក​ថា​ការ​រង​អំពើ​អាក្រក់​ដោយ​សារ​ពួក​គេ​បាន​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​កិត្ដិយស។ (​លូក. ៦:២៣; សកម្ម. ៥:៤១​) សាវ័ក​ពេត្រុស​បាន​សរសេរ​ក្រោយ​មក​ថា​៖ ​«​ទោះ​ជា​អ្នក​រាល់​គ្នា​រង​ទុក្ខ​ដោយ​សារ​សេចក្ដី​សុចរិត​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ដែរ​»។ (​១ពេ. ២:១៩​-​២១; ៣:១៤​) ពេល​យើង​យល់​ថា​យើង​បាន​ត្រូវ​គេ​ស្អប់​ដោយ​សារ​យើង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ យើង​នឹង​មិន​ឲ្យ​ការ​ស្អប់​ពី​មនុស្ស​ធ្វើ​ឲ្យ​យើង​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។

អ្នក​នឹង​ទទួល​ប្រយោជន៍​ពី​ការ​ត្រៀម​ខ្លួន

២១​-​២២. (​ក​) តើ​អ្នក​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​បៀត​បៀន? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

២១ យើង​មិន​ដឹង​ថា​មនុស្ស​នឹង​ចាប់​ផ្ដើម​បៀត​បៀន​យើង​នៅ​ពេល​ណា ឬ​ថា​ពេល​ណា​ដែល​រដ្ឋាភិបាល​នឹង​ដាក់​បម្រាម​ទៅ​លើ​កិច្ច​ការ​របស់​យើង​ទេ។ ប៉ុន្តែ យើង​ដឹង​ថា​យើង​អាច​ត្រៀម​ខ្លួន​នៅ​ឥឡូវ​នេះ​ដោយ​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ដោយ​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង​ឡើង និង​ដោយ​រៀន​ឲ្យ​ចេះ​ស៊ូ​ទ្រាំ​នឹង​ការ​ស្អប់​ពី​មនុស្ស។ អ្វី​ដែល​យើង​ធ្វើ​នៅ​ឥឡូវ​នេះ​នឹង​ជួយ​យើង​ឲ្យ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ពេល​អនាគត។

២២ ប៉ុន្តែ​ចុះ​បើ​គេ​ដាក់​បម្រាម​លើ​ការ​គោរព​ប្រណិប័តន៍​របស់​យើង? ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​គោល​ការណ៍​ដែល​នឹង​ជួយ​យើង​ឲ្យ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា ទោះ​ជា​មាន​បម្រាម​ក្ដី។

ចម្រៀង​លេខ​១១៨ ​«​សូម​ផ្ដល់​ជំនឿ​មក​យើង​ថែម​ទៀត​»​

^ វគ្គ 5 យើង​មិន​ចង់​ឲ្យ​គេ​ស្អប់​យើង​ទេ។ ប៉ុន្តែ​មិន​យូរ​មិន​ឆាប់ យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បៀត​បៀន។ អត្ថបទ​នេះ​នឹង​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​ការ​បៀត​បៀន​ដោយ​មាន​ចិត្ត​ក្លាហាន។

^ វគ្គ 65 ការ​ពណ៌នា​អំពី​រូប​ភាព: ក្នុង​អំឡុង​ពេល​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ឪ​ពុក​ម្ដាយ​ជួយ​កូន​របស់​ពួក​គេ​ឲ្យ​ទន្ទេញ​ចាំ​បទ​គម្ពីរ​ដោយ​ប្រើ​កាត​មួយ​ចំនួន។ នៅ​ម្ខាង​នៃ​កាត​នោះ មាន​ឈ្មោះ​ខ​គម្ពីរ ហើយ​ម្ខាង​ទៀត​មាន​ពាក្យ​ដែល​ដក​ស្រង់​ពី​ខ​គម្ពីរ​នោះ។

^ វគ្គ 68 ការ​ពណ៌នា​អំពី​រូប​ភាព: ក្រុម​គ្រួសារ​មួយ​ជិះ​ឡាន​ទៅ​កិច្ច​ប្រជុំ ហើយ​ហាត់​ច្រៀង​ចម្រៀង​រាជាណាចក្រ​ជា​មួយ​គ្នា។