អត្ថបទសិក្សា ៣៥
ចូរឲ្យតម្លៃចំពោះតួនាទីរបស់អ្នកឯទៀតក្នុងក្រុមជំនុំព្រះយេហូវ៉ា
«ភ្នែកមិនអាចនិយាយទៅដៃថា៖ ‹ខ្ញុំមិនត្រូវការអ្នកទេ› ហើយក្បាលក៏មិនអាចនិយាយទៅជើងថា៖ ‹ខ្ញុំមិនត្រូវការអ្នកទេ›»។—១កូ. ១២:២១
ចម្រៀងលេខ១២៤ ចូរមានភក្ដីភាពជានិច្ច
សេចក្ដីសង្ខេប *
១. តើព្រះយេហូវ៉ាបានផ្ដល់អ្វីដល់អ្នកបម្រើដ៏ស្មោះត្រង់ម្នាក់ៗរបស់លោក?
ដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាបានផ្ដល់ឲ្យអ្នកបម្រើដ៏ស្មោះត្រង់ម្នាក់ៗរបស់លោកនូវតួនាទីក្នុងក្រុមជំនុំរបស់លោក។ ទោះជាយើងមានតួនាទីខុសៗគ្នាក៏ដោយ យើងទាំងអស់គ្នាមានតម្លៃ ហើយត្រូវការគ្នាទៅវិញទៅមក។ សាវ័កប៉ូលជួយយើងឲ្យយល់មេរៀនដ៏សំខាន់នេះ។ តើតាមរបៀបណា?
២. យោងទៅតាមអេភេសូរ ៤:១៦ ហេតុអ្វីយើងត្រូវឲ្យតម្លៃចំពោះគ្នាទៅវិញទៅមកនិងសហការគ្នា?
២ នៅក្នុងបទគម្ពីរដែលជាមូលដ្ឋានសម្រាប់អត្ថបទនេះ ប៉ូលបានលើកបញ្ជាក់ថាគ្មានយើងណាម្នាក់អាចនិយាយទៅកាន់អ្នកបម្រើម្នាក់ទៀតរបស់ព្រះយេហូវ៉ាថា៖ «ខ្ញុំមិនត្រូវការអ្នកទេ»។ (១កូ. ១២:២១) បើយើងចង់មានសន្តិភាពក្នុងក្រុមជំនុំ យើងត្រូវឲ្យតម្លៃចំពោះគ្នាទៅវិញទៅមក និងសហការគ្នា។ (សូមអាន អេភេសូរ ៤:១៦) ពេលយើងសហការគ្នាដោយសាមគ្គីភាព ក្រុមជំនុំរីកចម្រើននិងពង្រឹងឡើងដោយសេចក្ដីស្រឡាញ់។
៣. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៣ តើយើងអាចបង្ហាញការគោរពចំពោះគ្រិស្តសាសនិកឯទៀតក្នុងក្រុមជំនុំតាមរបៀបណាខ្លះ? ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលអ្នកចាស់ទុំអាចបង្ហាញការគោរពចំពោះអ្នកចាស់ទុំឯទៀត។ បន្ទាប់មក យើងនឹងគិតអំពីរបៀបដែលយើងទាំងអស់គ្នាអាចបង្ហាញថាយើងឲ្យតម្លៃចំពោះបងប្អូនដែលគ្មានគូអាពាហ៍ពិពាហ៍។ ចុងក្រោយ យើងនឹងរៀនអំពីរបៀបដែលយើងអាចបង្ហាញការ
គោរពចំពោះពួកអ្នកដែលមិនសូវចេះនិយាយភាសារបស់យើងឲ្យបានស្ទាត់។ចូរបង្ហាញការគោរពចំពោះអ្នកចាស់ទុំឯទៀត
៤. តើពួកអ្នកចាស់ទុំគួរធ្វើតាមយោបល់អ្វីរបស់ប៉ូលដែលបានត្រូវកត់ទុកនៅរ៉ូម ១២:១០?
៤ អ្នកចាស់ទុំទាំងអស់ក្នុងក្រុមជំនុំបានត្រូវតែងតាំងដោយសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ា។ ប៉ុន្តែ ពួកគេម្នាក់ៗមានសមត្ថភាពខុសៗគ្នា។ (១កូ. ១២:១៧, ១៨) អ្នកចាស់ទុំខ្លះប្រហែលជាទើបតែទទួលការតែងតាំងនិងមិនសូវមានបទពិសោធន៍។ ខ្លះទៀត ប្រហែលជាមិនសូវធ្វើបានច្រើន ដោយសារអាយុនិងបញ្ហាសុខភាព។ ប៉ុន្តែ អ្នកចាស់ទុំមិនគួរមានទស្សនៈមិនត្រឹមត្រូវចំពោះអ្នកចាស់ទុំឯទៀត ហាក់ដូចជានិយាយថា «ខ្ញុំមិនត្រូវការអ្នកទេ»។ ផ្ទុយទៅវិញ អ្នកចាស់ទុំម្នាក់ៗគួរធ្វើតាមយោបល់របស់ប៉ូលដែលបានត្រូវកត់ទុកនៅរ៉ូម ១២:១០។—សូមអាន
៥. តើអ្នកចាស់ទុំបង្ហាញយ៉ាងណាថាពួកគេគោរពអ្នកចាស់ទុំឯទៀត ហើយហេតុអ្វីគឺសំខាន់ដែលពួកគេធ្វើដូច្នេះ?
៥ អ្នកចាស់ទុំបង្ហាញការគោរពចំពោះអ្នកចាស់ទុំឯទៀត ដោយយកចិត្តទុកដាក់ស្ដាប់ពួកគេ។ នេះរឹតតែសំខាន់ ពេលក្រុមអ្នកចាស់ទុំប្រជុំគ្នាដើម្បីពិភាក្សាអំពីរឿងធំៗ។ ហេតុអ្វី? ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា ឆ្នាំ១៩៨៨ ចែងថា៖ «អ្នកចាស់ទុំទទួលស្គាល់ថាលោកយេស៊ូគ្រិស្តអាចប្រើសកម្មពលបរិសុទ្ធដើម្បីជួយអ្នកចាស់ទុំណាក៏ដោយក្នុងក្រុមជំនុំ ឲ្យនឹកឃើញគោលការណ៍គម្ពីរដែលនឹងជួយដោះស្រាយបញ្ហាណាមួយ ឬធ្វើការសម្រេចចិត្តដ៏សំខាន់។ (សកម្ម. ១៥:៦-១៥) សកម្មពលបរិសុទ្ធជួយអ្នកចាស់ទុំទាំងអស់ក្នុងក្រុមជំនុំ មិនមែនជួយតែម្នាក់ប៉ុណ្ណោះទេ»។
៦. តើអ្នកចាស់ទុំអាចសហការគ្នាដោយសាមគ្គីភាពយ៉ាងដូចម្ដេច ហើយតើក្រុមជំនុំទទួលប្រយោជន៍អ្វីពេលពួកគេធ្វើដូច្នេះ?
៦ អ្នកចាស់ទុំដែលគោរពអ្នកចាស់ទុំឯទៀត មិនតែងតែព្យាយាមនិយាយមុនគេនៅប្រជុំក្រុមអ្នកចាស់ទុំឡើយ។ គាត់មិនតែងតែនិយាយរហូត ហើយក៏មិនគិតថាយោបល់របស់គាត់តែងតែត្រឹមត្រូវដែរ។ ផ្ទុយទៅវិញ គាត់បញ្ចេញយោបល់របស់គាត់ដោយចិត្តរាបទាប។ គាត់យកចិត្តទុកដាក់ស្ដាប់យោបល់អ្នកឯទៀត។ សំខាន់ជាងនេះទៅទៀត គាត់ចង់បង្ហាញគោលការណ៍គម្ពីរ ហើយស្ដាប់ការណែនាំពី«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ (ម៉ាថ. ២៤:៤៥-៤៧) កាលដែលអ្នកចាស់ទុំពិគ្រោះគ្នាក្នុងបរិយាកាសដែល ប្រកបដោយសេចក្ដីស្រឡាញ់និងការគោរព សកម្មពលបរិសុទ្ធរបស់ព្រះនឹងនៅទីនោះ ហើយនឹងណែនាំពួកគេឲ្យធ្វើការសម្រេចចិត្តដែលពង្រឹងក្រុមជំនុំ។—យ៉ា. ៣:១៧, ១៨
ចូរបង្ហាញការគោរពចំពោះគ្រិស្តសាសនិកដែលនៅលីវ
៧. តើលោកយេស៊ូមានទស្សនៈយ៉ាងណាចំពោះភាពនៅលីវ?
៧ នៅសព្វថ្ងៃនេះ ក្រុមជំនុំរួមមានប្ដីប្រពន្ធនិងក្រុមគ្រួសារ តែក៏រួមមានបងប្អូនប្រុសស្រីជាច្រើនដែលមិនមានគូអាពាហ៍ពិពាហ៍ដែរ។ តើយើងគួរមានទស្សនៈយ៉ាងណាចំពោះពួកអ្នកដែលនៅលីវ? សូមគិតអំពីទស្សនៈរបស់លោកយេស៊ូចំពោះភាពនៅលីវ។ ក្នុងអំឡុងកិច្ចបម្រើរបស់លោកយេស៊ូនៅផែនដី លោកមិនបានរៀបការទេ។ លោកនៅលីវ ហើយផ្ដោតអារម្មណ៍ទៅលើភារកិច្ចរបស់លោក។ លោកយេស៊ូមិនដែលបង្រៀនថាគឺត្រូវរៀបការឬនៅលីវទេ។ តែលោកបានមានប្រសាសន៍ថា គ្រិស្តសាសនិកខ្លះនឹងសម្រេចចិត្តមិនរៀបការ។ (ម៉ាថ. ១៩:១១, ១២) លោកយេស៊ូគោរពពួកអ្នកដែលមិនមានគូអាពាហ៍ពិពាហ៍។ លោកមិនបានចាត់ទុកថាបុគ្គលដែលនៅលីវអន់ជាងពួកអ្នកដែលរៀបការ ឬថាពួកគេខ្វះអ្វីមួយឡើយ។
៨. នៅកូរិនថូសទី១ ៧:៧-៩ តើប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកឲ្យគិតពិចារណាអំពីអ្វី?
៨ ដូចលោកយេស៊ូ សាវ័កប៉ូលមិនមានគូអាពាហ៍ពិពាហ៍ទេ ពេលគាត់បំពេញកិច្ចបម្រើរបស់គាត់។ ប៉ូលមិនដែលបង្រៀនថាគឺខុសឲ្យគ្រិស្តសាសនិករៀបការឡើយ។ គាត់ទទួលស្គាល់ថានេះជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។ ទោះជាយ៉ាងនេះក៏ដោយ ប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកឲ្យគិតពិចារណាថាតើពួកគេអាចបម្រើព្រះយេហូវ៉ាដោយនៅលីវឬយ៉ាងណា។ (សូមអាន កូរិនថូសទី១ ៧:៧-៩) ប៉ូលច្បាស់ជាមិនមើលងាយគ្រិស្តសាសនិកដែលនៅលីវទេ។ តាមពិត គាត់បានជ្រើសរើសធីម៉ូថេដែលជាប្អូនប្រុសនៅលីវឲ្យបំពេញភារកិច្ចដ៏ធ្ងន់។ * (ភី. ២:១៩-២២) ដូច្នេះគឺច្បាស់ជាការខុសឲ្យគិតថាបងប្អូនប្រុសមានគុណសម្បត្តិច្រើនជាងឬតិចជាង អាស្រ័យលើគាត់រៀបការឬមិនរៀបការ។—១កូ. ៧:៣២-៣៥, ៣៨
៩. តើយើងអាចនិយាយយ៉ាងណាអំពីការរៀបអាពាហ៍ពិពាហ៍និងការនៅលីវ?
៩ លោកយេស៊ូនិងប៉ូលមិនបង្រៀនថាគ្រិស្តសាសនិកត្រូវរៀបការឬត្រូវនៅលីវទេ។ ដូច្នេះ តើយើងអាចនិយាយយ៉ាងណាអំពីការរៀបអាពាហ៍ពិពាហ៍និងការនៅលីវ? ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ ជាភាសាអង់គ្លេស បានពន្យល់អំពីរឿងនេះថា៖ «តាមការពិត ស្ថានភាពទាំងពីរ[ការរៀបអាពាហ៍ពិពាហ៍និងភាពនៅលីវ]អាចរាប់ជាអំណោយពីព្រះ។ . . . ព្រះយេហូវ៉ាមិនចាត់ទុក[ភាពនៅលីវ]ជាហេតុ
ដែលនាំឲ្យខ្មាសអៀនឬកើតទុក្ខទេ»។ ហេតុនេះ យើងគួរឲ្យតម្លៃចំពោះតួនាទីរបស់បងប្អូនប្រុសស្រីនៅលីវក្នុងក្រុមជំនុំ។១០. តើយើងអាចបង្ហាញការគោរពចំពោះបងប្អូននៅលីវយ៉ាងដូចម្ដេច?
១០ តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងចេះគិតអំពីអារម្មណ៍និងកាលៈទេសៈរបស់បងប្អូនដែលគ្មានគូអាពាហ៍ពិពាហ៍? ជាការល្អដែលយើងចាំថាគ្រិស្តសាសនិកខ្លះសម្រេចចិត្តនៅលីវ។ គ្រិស្តសាសនិកនៅលីវខ្លះទៀតចង់រៀបការ ប៉ុន្តែពួកគេមិនទាន់រកឃើញបុគ្គលដែលសាកសម។ រីឯបងប្អូនឯទៀតប្រហែលជាបាត់បង់គូ ដោយសារស្លាប់។ ក្នុងករណីទាំងនេះ តើពួកអ្នកដែលនៅក្នុងក្រុមជំនុំគួរមានអារម្មណ៍ថាត្រូវសួរបងប្អូនដែលគ្មានគូអំពីមូលហេតុដែលពួកគេមិនរៀបការ ឬសុំជួយរកគូឲ្យពួកគេឬទេ? ពិតមែនថាគ្រិស្តសាសនិកខ្លះដែលគ្មានគូប្រហែលជាសុំជំនួយបែបនេះមែន តែបើបងប្អូននោះមិនសុំជំនួយពីយើងទេ តើពួកគេនឹងមានអារម្មណ៍យ៉ាងណា បើយើងសុំធ្វើដូច្នេះ? (១ថែ. ៤:១១; ១ធី. ៥:១៣) សូមយើងពិចារណាអំពីពាក្យសម្ដីខ្លះរបស់បងប្អូនដ៏ស្មោះត្រង់ដែលនៅលីវ។
១១-១២. តើយើងប្រហែលជាធ្វើអ្វី ដែលអាចនាំឲ្យអ្នកនៅលីវធ្លាក់ទឹកចិត្ត?
១១ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនៅលីវម្នាក់ដែលបំពេញភារកិច្ចរបស់គាត់យ៉ាងល្អមានអារម្មណ៍ថា ការនៅលីវមានប្រយោជន៍ជាច្រើន។ ប៉ុន្តែ គាត់កត់សម្គាល់ថា ពេលបងប្អូនដែលមានបំណងល្អសួរគាត់ថា៖ «ហេតុអ្វីបងមិនរៀបការ?» នោះអាចធ្វើឲ្យធ្លាក់ទឹកចិត្ត។ បងប្រុសនៅលីវម្នាក់ដែលបម្រើនៅការិយាល័យសាខាមួយនិយាយថា៖ «ពេលខ្លះ បងប្អូនធ្វើឲ្យខ្ញុំមានអារម្មណ៍ថា អ្នកនៅលីវគឺគួរឲ្យអាណិត។ នេះអាចធ្វើឲ្យមើលទៅភាពនៅលីវគឺជាបន្ទុក ជាជាងអំណោយ»។
១២ បងស្រីនៅលីវម្នាក់ដែលបម្រើនៅបេតអែល បាននិយាយថា៖ «អ្នកផ្សាយខ្លះសន្និដ្ឋានថាឲ្យតែអ្នកនៅលីវគឺកំពុងស្វែងរកគូ ឬថាអ្នកនៅលីវទាំងអស់ចាត់ទុកគ្រប់ការជួបជុំគ្នាជាឱកាសដើម្បីរកគូ។ នៅពេលមួយ កាលដែលខ្ញុំធ្វើដំណើរទៅតំបន់ផ្សេងនៅប្រទេសខ្ញុំ សម្រាប់កិច្ចការបេតអែល ខ្ញុំបានទៅដល់នៅពេលយប់ដែលមានកិច្ចប្រជុំ។ បងស្រីដែលទទួលខ្ញុំឲ្យស្នាក់នៅបានប្រាប់ខ្ញុំថា មានបងប្រុសពីរនាក់ក្នុងក្រុមជំនុំដែលមានអាយុស្រករខ្ញុំ។ គាត់ប្រាប់ខ្ញុំថាគាត់មិនមែនព្យាយាមធ្វើជាអ្នកផ្គូផ្គងទេ ប៉ុន្តែពេលដែលយើងចូលក្នុងសាលប្រជុំភ្លាម គាត់ស្រាប់តែទាញដៃខ្ញុំឲ្យទៅជួបបងប្រុសពីរនាក់នោះ។ ពេលនោះ ខ្ញុំនិងបងប្រុសពីរនាក់នោះពិតជាមានអារម្មណ៍ខ្មាសណាស់»។
១៣. តើបងស្រីនៅលីវម្នាក់ទទួលការលើកទឹកចិត្តពីគំរូរបស់អ្នកណា?
១៣ បងស្រីនៅលីវម្នាក់ទៀតដែលបម្រើនៅបេតអែលក៏និយាយដែរ ថា៖ «ខ្ញុំស្គាល់អ្នកត្រួសត្រាយនៅលីវដែលមានវ័យចាស់ជាងខ្ញុំ ដែលចេះថ្លឹងថ្លែង មានគោលដៅច្បាស់លាស់ លះបង់ប្រយោជន៍ខ្លួន និងស្កប់ចិត្តក្នុងកិច្ចបម្រើរបស់ពួកគេ ហើយពួកគេជួយក្រុមជំនុំច្រើនណាស់។ ពួកគេមានទស្សនៈត្រឹមត្រូវចំពោះភាពនៅលីវរបស់ពួកគេ។ ពួកគេមិនគិតថាពួកគេប្រសើរជាងអ្នកឯទៀត ដោយសារពួកគេនៅលីវ ហើយក៏មិនតូចចិត្តដែលពួកគេមិនមានគូនិងមិនមានកូនឡើយ»។ ហេតុនេះហើយ កាលណាគ្រប់គ្នាគោរពនិងឲ្យតម្លៃចំពោះគ្នាទៅវិញទៅមក នោះធ្វើឲ្យក្រុមជំនុំអរសប្បាយ។ យើងដឹងថាបងប្អូនមិនអាណិតឬច្រណែនយើងទេ។ ពួកគេមិនព្រងើយកន្តើយចំពោះយើង ឬមិនគិតថាយើងប្រសើរជាងពួកគេទេ។ យើងគ្រាន់តែដឹងថាបងប្អូនក្នុងក្រុមជំនុំស្រឡាញ់យើង។
១៤. តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងគោរពបងប្អូននៅលីវ?
១៤ បងប្អូននៅលីវនឹងសប្បាយចិត្ត បើយើងឲ្យតម្លៃពួកគេដោយសារពួកគេមានគុណសម្បត្តិ មិនមែនដោយសារពួកគេនៅលីវទេ។ ជាជាងមានអារម្មណ៍អាណិតពួកគេ គឺជាការល្អដែលយើងយល់ថាចិត្តស្មោះត្រង់របស់ពួកគេគឺគួរឲ្យកោតស្ងើច។ ដោយធ្វើដូច្នេះ បងប្អូនរបស់យើងដែលនៅលីវនឹងមិនមានអារម្មណ៍ថា យើងកំពុងនិយាយទៅកាន់ពួកគេថា៖ «ខ្ញុំមិនត្រូវការអ្នកទេ»។ (១កូ. ១២:២១) ផ្ទុយទៅវិញ ពួកគេនឹងដឹងថា យើងគោរពពួកគេ ហើយឲ្យតម្លៃចំពោះតួនាទីដែលពួកគេមានក្នុងក្រុមជំនុំ។
ចូរគោរពពួកអ្នកដែលមិននិយាយភាសារបស់អ្នកយ៉ាងស្ទាត់
១៥. តើបងប្អូនមួយចំនួនបានធ្វើការផ្លាស់ប្ដូរអ្វីខ្លះ ដើម្បីបង្កើនកិច្ចបម្រើផ្សាយរបស់ពួកគេ?
១៥ នៅប៉ុន្មានឆ្នាំកន្លងទៅនេះ អ្នកផ្សាយជាច្រើនមានគោលដៅរៀនភាសាមួយទៀត ដើម្បីពួកគេអាចបង្កើនកិច្ចបម្រើផ្សាយរបស់ពួកគេ។ ដើម្បីធ្វើដូច្នេះ ពួកគេត្រូវធ្វើការផ្លាស់ប្ដូរក្នុងជីវិតរបស់ពួកគេ។ បងប្អូនទាំងនេះបានចាកចេញពីក្រុមជំនុំដែលនិយាយភាសាកំណើតរបស់ពួកគេ ដើម្បីបម្រើនៅក្រុមជំនុំដែលនិយាយភាសាផ្សេង និងដែលត្រូវការអ្នកផ្សាយអំពីរាជាណាចក្រច្រើនជាង។ (សកម្ម. ១៦:៩) នេះគឺជាការសម្រេចចិត្តផ្ទាល់ខ្លួន ដែលគ្រិស្តសាសនិកទាំងនេះបានធ្វើដើម្បីបម្រើព្រះយេហូវ៉ាកាន់តែច្រើន។ ទោះជាការរៀនភាសាថ្មីឲ្យស្ទាត់ប្រហែលជាត្រូវការពេលជាច្រើនឆ្នាំក្ដី ពួកគេជួយក្រុមជំនុំតាមរបៀបផ្សេងៗ។ គុណសម្បត្តិនិងបទពិសោធន៍របស់ពួកគេជួយពង្រឹងក្រុមជំនុំ។ យើងឲ្យតម្លៃចំពោះបងប្អូនដែលលះបង់ប្រយោជន៍ខ្លួនទាំងនេះមែន!
១៦. ដើម្បីដឹងថាបងប្អូនប្រុសណាម្នាក់មានគុណសម្បត្តិគ្រប់គ្រាន់ឲ្យបម្រើជាអ្នកចាស់ទុំ ឬជំនួយការខាងកិច្ចបម្រើ តើក្រុមអ្នកចាស់ទុំគិតពិចារណាដោយផ្អែកលើអ្វី?
១៦ ក្រុមអ្នកចាស់ទុំមិនស្ទាក់ស្ទើរលើកឈ្មោះរបស់បងប្អូនប្រុសណាម្នាក់ឲ្យបម្រើជាអ្នកចាស់ទុំ ឬជំនួយការខាងកិច្ចបម្រើ ដោយសារតែគាត់មិនទាន់ចេះនិយាយភាសាក្នុងក្រុមជំនុំស្ទាត់ឡើយ។ ពួកអ្នកចាស់ទុំនឹងគិតពិចារណាអំពីបងប្អូនប្រុសណាម្នាក់ដោយផ្អែកទៅលើគុណសម្បត្តិដែលបានត្រូវរៀបរាប់ក្នុងបទគម្ពីរសម្រាប់ពួកអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើ មិនមែនទៅលើសមត្ថភាពចេះនិយាយភាសាក្នុងក្រុមជំនុំនោះទេ។—១ធី. ៣:១-១០, ១២, ១៣; ទីត. ១:៥-៩
១៧. ពេលរើទៅប្រទេសឯទៀត តើឪពុកម្ដាយត្រូវធ្វើការសម្រេចចិត្តអ្វី?
១៧ ក្រុមគ្រួសារគ្រិស្តសាសនិកខ្លះបានរើទៅប្រទេសឯទៀតដើម្បីស្វែងរកកន្លែងស្នាក់នៅឬរកការងារធ្វើ ក្នុងគោលបំណងគេចពីការពិបាកនៅប្រទេសរបស់ខ្លួន។ ក្នុងករណីបែបនេះ កូនៗរបស់ពួកគេប្រហែលជាទៅសាលាភាសាជាតិរបស់ប្រទេសថ្មីនោះ។ ឪពុកម្ដាយក៏ប្រហែលជាត្រូវរៀនភាសាជាតិនោះដែរ ដើម្បីរកការងារធ្វើ។ ចុះយ៉ាងណាបើមានក្រុមជំនុំឬក្រុមដែលនិយាយភាសាកំណើតរបស់ពួកគេនៅក្នុងតំបន់នោះ? តើក្រុមគ្រួសារគួរចូលរួមក្រុមជំនុំមួយណា? តើគួរជាក្រុមជំនុំដែលនិយាយភាសាជាតិនៅប្រទេសនោះ ឬក៏ក្រុមជំនុំដែលនិយាយភាសាកំណើតរបស់ក្រុមគ្រួសារ?
១៨. យោងទៅតាមកាឡាទី ៦:៥ តើយើងអាចបង្ហាញយ៉ាងណាថាយើងគោរពការសម្រេចចិត្តរបស់ប្រមុខគ្រួសារ?
១៨ ប្រមុខគ្រួសារត្រូវសម្រេចចិត្តថា ក្រុមគ្រួសាររបស់គាត់នឹងចូលរួមក្រុមជំនុំមួយណា។ ដោយសារនេះជាការសម្រេចចិត្តផ្ទាល់ខ្លួន គាត់ត្រូវគិតអំពីអ្វីដ៏ល្អបំផុតសម្រាប់ក្រុមគ្រួសាររបស់គាត់។ (សូមអាន កាឡាទី ៦:៥) យើងត្រូវគោរពការសម្រេចចិត្តរបស់ប្រមុខក្រុមគ្រួសារនោះ។ ទោះជាគាត់សម្រេចចិត្តយ៉ាងណាក៏ដោយ សូមយើងទទួលយកការសម្រេចចិត្តរបស់គាត់ ដោយស្វាគមន៍និងបង្ហាញសេចក្ដីស្រឡាញ់ចំពោះគាត់និងក្រុមគ្រួសារគាត់។—រ៉ូម ១៥:៧
១៩. តើប្រមុខគ្រួសារគួរគិតឲ្យបានដិតដល់និងអធិដ្ឋានអំពីអ្វី?
១៩ ក្នុងករណីផ្សេងទៀត ក្រុមគ្រួសារប្រហែលជាបម្រើក្នុងក្រុមជំនុំដែលនិយាយភាសាកំណើតរបស់ឪពុកម្ដាយ។ ប៉ុន្តែ កូនៗប្រហែលជាមិនចេះភាសានោះស្ទាត់ទេ។ បើក្រុមជំនុំនោះនៅក្នុងតំបន់ដែលនិយាយភាសាជាតិ កូនប្រហែលជាពិបាកយល់អ្វីដែលឮនៅកិច្ចប្រជុំ ហើយមិនរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះឡើយ។ ហេតុអ្វី? ពីព្រោះកូនប្រហែលជាទៅសាលាដែលប្រើភាសាជាតិ មិនមែនភាសាកំណើតរបស់ឪពុកម្ដាយទេ។ ពេលនេះកើតឡើង ប្រមុខគ្រួសារគួរគិតយ៉ាងដិតដល់ ហើយអធិដ្ឋានសុំប្រាជ្ញាជួយពួកគេឲ្យធ្វើការសម្រេចចិត្តអំពីអ្វីដែលពួកគេត្រូវធ្វើ ដើម្បីជួយកូនឲ្យចូលកាន់តែជិតព្រះយេហូវ៉ានិងរាស្ត្ររបស់លោក។ ឪពុកម្ដាយនឹងត្រូវបង្រៀនកូនឲ្យចេះនិយាយភាសារបស់ឪពុកម្ដាយច្បាស់ ឬរើទៅក្រុមជំនុំដែលប្រើភាសាដែលកូនរបស់ពួកគេយល់យ៉ាងច្បាស់។ មិនថាប្រមុខគ្រួសារសម្រេចចិត្តយ៉ាងណាក្ដី ក្រុមជំនុំដែលគាត់សម្រេចចិត្តទៅបម្រើ គួរធ្វើឲ្យគាត់និងក្រុមគ្រួសាររបស់គាត់មានអារម្មណ៍ថា ពួកគេទទួលការគោរពនិងមានតម្លៃ។
២០. តើយើងអាចបង្ហាញតាមរបៀបណាថាយើងគោរពបងប្អូនដែលកំពុងរៀនភាសាថ្មី?
២០ ដោយព្រោះហេតុដែលយើងបានរៀបរាប់នៅខាងលើ ក្នុងក្រុមជំនុំជាច្រើន មានបងប្អូនដែលខំព្យាយាមយ៉ាងខ្លាំងរៀនភាសាថ្មី។ ពួកគេប្រហែលជាពិបាកនិយាយចេញពីចិត្ត។ ក៏ប៉ុន្តែ បើយើងមិនគិតតែអំពីរបៀបដែលពួកគេនិយាយភាសាថ្មីប៉ុណ្ណោះទេ នោះយើងនឹងឃើញថាពួកគេស្រឡាញ់ព្រះយេហូវ៉ា ហើយចង់បម្រើលោក។ ពេលយើងឃើញគុណសម្បត្តិទាំងនេះ យើងនឹងឲ្យតម្លៃនិងគោរពបងប្អូនទាំងនេះយ៉ាងខ្លាំង។ យើងនឹងមិននិយាយថា «ខ្ញុំមិនត្រូវការអ្នកទេ» ដោយសារតែពួកគេមិននិយាយភាសារបស់យើងស្ទាត់ឡើយ។
យើងមានតម្លៃចំពោះព្រះយេហូវ៉ា
២១-២២. តើយើងមានឯកសិទ្ធិអ្វី?
២១ ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវឯកសិទ្ធិមានតួនាទីក្នុងក្រុមជំនុំរបស់លោក មិនថាយើងប្រុសឬស្រី នៅលីវឬរៀបការ ចាស់ឬក្មេង និយាយភាសាថ្មីណាមួយយ៉ាងស្ទាត់ឬមិនសូវចេះនិយាយក្ដី យើងមានតម្លៃចំពោះព្រះយេហូវ៉ានិងចំពោះគ្នាទៅវិញទៅមក។—រ៉ូម ១២:៤, ៥; កូឡ. ៣:១០, ១១
២២ សូមយើងបន្តធ្វើតាមមេរៀនដ៏អស្ចារ្យជាច្រើនដែលយើងបានរៀនពីឧទាហរណ៍របស់ប៉ូលអំពីរូបកាយ។ នេះនឹងជួយយើងឲ្យដឹងអំពីអ្វីដែលយើងអាចធ្វើដើម្បីលើកទឹកចិត្តបងប្អូន ហើយក៏នឹងជួយយើងឲ្យស្រឡាញ់និងគោរពពួកគេជានិច្ច។
ចម្រៀងលេខ៩០ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក