លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៣

ការប្រោសឲ្យរស់ឡើងវិញ បង្ហាញអំពីសេចក្ដីស្រឡាញ់ ប្រាជ្ញា និងចិត្តអត់ធ្មត់របស់ព្រះ

ការប្រោសឲ្យរស់ឡើងវិញ បង្ហាញអំពីសេចក្ដីស្រឡាញ់ ប្រាជ្ញា និងចិត្តអត់ធ្មត់របស់ព្រះ

​«​មនុស្ស . . . នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។—សកម្ម. ២៤:១៥

ចម្រៀង​លេខ​១៥១ លោក​នឹង​ហៅ

សេចក្ដី​សង្ខេប *

១. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​បង្កើត​ជីវិត​ទាំង​ឡាយ?

ព្រះ​យេហូវ៉ា​ធ្លាប់​នៅ​តែ​ឯង។ ប៉ុន្តែ​លោក​មិន​ឯកោ​ទេ ដោយ​សារ​លោក​មិន​ត្រូវ​ការ​អ្នក​ឯ​ទៀត ដើម្បី​ធ្វើ​ឲ្យ​លោក​សប្បាយ​ឡើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​បុគ្គល​ឯ​ទៀត​មាន​ជីវិត​និង​មាន​សុភមង្គល។ សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​ព្រះ​យេហូវ៉ា​ឲ្យ​ចាប់​ផ្ដើម​បង្កើត​អ្វី​ៗ​ទាំង​អស់។—សកម្ម. ១៧:២៤, ២៥; ១យ៉ូន. ៤:១៩

២. តើ​លោក​យេស៊ូ​និង​ពួក​ទេវតា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់?

មុន​បង្អស់​ព្រះ​យេហូវ៉ា​បាន​បង្កើត​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក។ បន្ទាប់​មក​តាម​រយៈ​បុត្រ​ច្បង​នោះ ‹អ្វី​ៗ​ឯ​ទៀត​ទាំង​អស់​បាន​ត្រូវ​បង្កើត› រួម​ទាំង​បុគ្គល​វិញ្ញាណ​រាប់​លាន​នាក់។ (​កូឡ. ១:១៦​) លោក​យេស៊ូ​អរ​សប្បាយ​នឹង​ឱកាស​រួម​ការងារ​ជា​មួយ​បិតា​លោក។ (​សុភ. ៨:៣០​) បណ្ដា​ទេវតា​ដែល​ជា​បុត្រ​របស់​ព្រះ ក៏​មាន​ហេតុ​អរ​សប្បាយ​ដែរ។ ពួក​គេ​បាន​ឃើញ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ដែល​ជា​មេ​ជាង​របស់​លោក​បង្កើត​មេឃ​និង​ផែនដី។ តើ​ពួក​ទេវតា​មាន​ប្រតិកម្ម​យ៉ាង​ណា? ពួក​គេ​បាន​«​ស្រែក​អរ​សាទរ​»​ ពេល​ផែនដី​បាន​ត្រូវ​បង្កើត ហើយ​ពួក​គេ​ទំនង​ជា​បន្ត​ស្រែក​អរ​សាទរ​ពេល​ពួក​គេ​ឃើញ​អ្វី​ៗ​ឯ​ទៀត​ដែល​លោក​បាន​បង្កើត ជា​ពិសេស​មនុស្ស។ (​យ៉ូប ៣៨:៧; សុភ. ៨:៣១​) អ្វី​នីមួយ​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​និង​ប្រាជ្ញា​របស់​លោក។—ទំនុក. ១០៤:២៤; រ៉ូម ១:២០

៣. ដូច​ដែល​បាន​បញ្ជាក់​នៅ​កូរិនថូស​ទី​១ ១៥:២១, ២២ តើ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​បើក​ឱកាស​អ្វី?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​រស់​នៅ​ជា​រៀង​រហូត​លើ​ផែនដី​ដ៏​ស្រស់​ស្អាត​ដែល​លោក​បាន​បង្កើត។ ប៉ុន្តែ អាដាម​និង​អេវ៉ា​បាន​ធ្វើ​ខុស​ឆ្គង​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ហេតុ​នេះ​ពួក​គេ​លែង​អាច​រស់​ជា​រៀង​រហូត​បាន។ នៅ​ទី​បំផុត ពួក​គេ​និង​កូន​ចៅ​ទាំង​អស់​របស់​ពួក​គេ​ត្រូវ​ស្លាប់។ (​រ៉ូម ៥:១២​) តើ​ព្រះ​យេហូវ៉ា​មាន​ប្រ​តិកម្ម​យ៉ាង​ណា? ភ្លាម​ៗ​លោក​បាន​មាន​ប្រសាសន៍​អំពី​របៀប​ដែល​លោក​នឹង​សង្គ្រោះ​មនុស្សជាតិ។ (​លោ. ៣:១៥​) ព្រះ​យេហូវ៉ា​រៀបចំ​បង់​ថ្លៃ​លោះ ដែល​បើក​ឱកាស​ឲ្យ​កូន​ចៅ​របស់​អាដាម​និង​អេវ៉ា​រួច​ពី​ការ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ យ៉ាង​នេះ លោក​អាច​ផ្ដល់​ជីវិត​ជា​រៀង​រហូត​ដល់​បុគ្គល​ណា​ដែល​សម្រេច​ចិត្ត​បម្រើ​លោក។—យ៉ូន. ៣:១៦; រ៉ូម ៦:២៣; សូម​អាន កូរិនថូស​ទី​១ ១៥:២១, ២២

៤. តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ការ​ដឹង​ថា​ព្រះ​សន្យា​ថា​លោក​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ នាំ​ឲ្យ​មាន​សំណួរ​ខ្លះ​ៗ​ដូច​ជា តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទំនង​ជា​នឹង​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? តើ​យើង​អាច​ចំណាំ​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​ពេល​ដែល​ពួក​គេ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឬ​ទេ? តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​នាំ​ឲ្យ​យើង​ទទួល​អំណរ​បែប​ណា? តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ បង្រៀន​យើង​យ៉ាង​ណា​អំពី​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា និង​ចិត្ត​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា? សូម​យើង​ពិចារណា​សំណួរ​នីមួយ​ៗ។

តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទំនង​ជា​នឹង​ធ្វើ​ឡើង​យ៉ាង​ដូច​ម្ដេច?

៥. ហេតុ​អ្វី​យើង​អាច​រំពឹង​ថា​មិន​មែន​មនុស្ស​ទាំង​អស់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ពេល​តែ​មួយ?

ពេល​ព្រះ​យេហូវ៉ា​ប្រើ​លោក​យេស៊ូ​ដើម្បី​ប្រោស​មនុស្ស​រាប់​លាន​នាក់​ឲ្យ​រស់​ឡើង​វិញ យើង​អាច​រំពឹង​ថា​ពួក​គេ​នឹង​មិន​ទទួល​ជីវិត​ឡើង​វិញ​នៅ​ពេល​តែ​មួយ​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​បើ​ស្រាប់​តែ​មាន​មនុស្ស​រាប់​លាន​នាក់​ថែម​ទៀត​នៅ​លើ​ផែនដី នោះ​ទំនង​ជា​នឹង​នាំ​ឲ្យ​រញ៉េ​រញ៉ៃ ហើយ​ព្រះ​យេហូវ៉ា​មិន​ដែល​ប្រព្រឹត្ត​ដោយ​ខ្វះ​សណ្ដាប់​ធ្នាប់ ឬ​ដោយ​គ្មាន​របៀប​រៀប​រយ​ទេ។ លោក​ដឹង​ថា​ត្រូវ​តែ​មាន​របៀប​រៀប​រយ​ដើម្បី​រក្សា​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត។ (​១កូ. ១៤:៣៣​) ពេល​ព្រះ​យេហូវ៉ា​រួម​ការងារ​ជា​មួយ​លោក​យេស៊ូ​ដើម្បី​រៀបចំ​ផែនដី​សម្រាប់​មនុស្សជាតិ លោក​តែង​តែ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​និង​ចិត្ត​អត់​ធ្មត់។ លោក​យេស៊ូ​ក៏​នឹង​បង្ហាញ​គុណ​សម្បត្តិ​ទាំង​នេះ​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ ពេល​លោក​រួម​ការងារ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​រួច​ជីវិត​ពី​សង្គ្រាម​ហាម៉ាគេដូន ដើម្បី​រៀបចំ​ផែនដី​សម្រាប់​ទទួល​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

ពួក​អ្នក​ដែល​រួច​ជីវិត​ពី​សង្គ្រាម​ហាម៉ាគេដូន​នឹង​បង្រៀន​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា និង​តម្រូវ​ការ​របស់​លោក (​សូម​មើល​វគ្គ​៦​) *

៦. នៅ​សកម្មភាព ២៤:១៥ តើ​អ្នក​ណា​ខ្លះ​នឹង​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

សំខាន់​បំផុត ពួក​អ្នក​ដែល​រួច​ជីវិត​ពី​សង្គ្រាម​ហាម៉ាគេដូន​នឹង​បង្រៀន​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​និង​តម្រូវ​ការ​របស់​លោក។ ហេតុ​អ្វី? ពី​ព្រោះ​បុគ្គល​ភាគ​ច្រើន​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​«​មនុស្ស​មិន​សុចរិត​»។ (​សូម​អាន សកម្មភាព ២៤:១៥) ពួក​គេ​នឹង​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន ដើម្បី​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ​របស់​គ្រិស្ត។ ការ​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​ដល់​មនុស្ស​រាប់​លាន​នាក់​ដែល​មិន​ទាន់​ស្គាល់​លោក​នឹង​តម្រូវ​ឲ្យ​មាន​ការ​ខំ​ប្រឹង​ព្យាយាម​យ៉ាង​ខ្លាំង។ តើ​អ្នក​បង្រៀន​គម្ពីរ​នឹង​បង្រៀន​បុគ្គល​ម្នាក់​ៗ ស្រដៀង​នឹង​របៀប​ដែល​យើង​បង្រៀន​គម្ពីរ​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? តើ​អ្នក​ថ្មី​ទាំង​នោះ​នឹង​ត្រូវ​ចាត់​ឲ្យ​ទៅ​ក្រុម​ជំនុំ​ណា​មួយ ហើយ​ទទួល​ការ​បង្ហាត់​បង្រៀន​ដើម្បី​បង្រៀន​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បន្ទាប់​ពី​ពួក​គេ​ឬ​ទេ? យើង​ត្រូវ​ចាំ​មើល​សិន។ តែ​យើង​ដឹង​ថា​នៅ​ដំណាច់​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត ​«​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ​យេហូវ៉ា​នៅ​ពេញ​ពាស​លើ​ផែនដី​»។ (​អេ. ១១:៩​) ក្នុង​អំឡុង​មួយ​ពាន់​ឆ្នាំ​នោះ យើង​ពិត​ជា​នឹង​ជាប់​រវល់​មែន តែ​យើង​ក៏​នឹង​អរ​សប្បាយ​ដែរ!

៧. ហេតុ​អ្វី​រាស្ត្រ​របស់​ព្រះ​នឹង​ចេះ​យល់​អារម្មណ៍​របស់​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ពេល​បង្រៀន​ពួក​គេ?

ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត យើង​ដែល​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​បន្ត​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដើម្បី​នាំ​ឲ្យ​លោក​ពេញ​ចិត្ត។ ដូច្នេះ យើង​ពិត​ជា​នឹង​មាន​ចិត្ត​គំនិត​តែ​មួយ​ឬ​យល់​អារម្មណ៍​របស់​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ កាល​ដែល​យើង​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្ដូរ ដើម្បី​យក​ឈ្នះ​គំនិត​និង​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង ហើយ​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ (​១ពេ. ៣:៨​) ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​ឃើញ​ថា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ចិត្ត​រាប​ទាប និង​នៅ​តែ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ​ដើម្បី​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​ពួក​គេ​នឹង​ចង់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ពួក​អ្នក​ទាំង​នោះ។—ភី. ២:១២

តើ​យើង​អាច​ចំណាំ​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឬ​ទេ?

៨. ហេតុ​អ្វី​គឺ​សម​ហេតុ​សម​ផល​ដែល​យើង​សន្និដ្ឋាន​ថា ពួក​អ្នក​ដែល​ស្វាគមន៍​បុគ្គល​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ អាច​ចំណាំ​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ?

មាន​មូលហេតុ​មួយ​ចំនួន​ដែល​យើង​អាច​សន្និដ្ឋាន​ថា ពួក​អ្នក​ដែល​ទទួល​ស្វាគមន៍​បុគ្គល​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​អាច​ចំណាំ​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ។ ជា​ឧទា​ហរណ៍ ដោយ​មាន​មូលដ្ឋាន​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​អតីតកាល តាម​មើល​ទៅ​ព្រះ​យេហូវ៉ា​នឹង​បង្កើត​មនុស្ស​ម្នាក់​ៗ​ឡើង​វិញ ដោយ​ឲ្យ​ពួក​គេ​មាន​របៀប​និយាយ គិត​គូរ និង​មាន​រូប​រាង​ស្រដៀង​នឹង​អ្វី​ដែល​ពួក​គេ​ធ្លាប់​មាន​នៅ​ពេល​មុន​ដែល​ពួក​គេ​ស្លាប់។ សូម​ចាំ​ថា​លោក​យេស៊ូ​បាន​ប្រដូច​សេចក្ដី​ស្លាប់​ទៅ​នឹង​ការ​ដេក​លក់ ហើយ​ប្រដូច​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​នឹង​ការ​ភ្ញាក់​ពី​ដំណេក។ (​ម៉ាថ. ៩:១៨, ២៤; យ៉ូន. ១១:១១​-​១៣​) ពេល​មនុស្ស​ភ្ញាក់​ពី​ដំណេក ពួក​គេ​មាន​រូប​រាង​និង​សំឡេង​ដូច​គ្នា​នឹង​មុន​ដែល​ពួក​គេ​ដេក​លក់ ហើយ​ពួក​គេ​ក៏​នៅ​តែ​មាន​ការ​ចង​ចាំ​ដូច​គ្នា​ដែរ។ សូម​គិត​អំពី​ឡាសា។ គាត់​បាន​ស្លាប់​អស់​បួន​ថ្ងៃ ដូច្នេះ​រូប​កាយ​របស់​គាត់​ចាប់​ផ្ដើម​រលួយ​ហើយ។ ប៉ុន្តែ ពេល​លោក​យេស៊ូ​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ បង​ប្អូន​ស្រី​របស់​គាត់​បាន​ចំណាំ​គាត់​ភ្លាម​ៗ ហើយ​ឡាសា​ច្បាស់​ជា​បាន​ចាំ​ពួក​គាត់​ដែរ។—យ៉ូន. ១១:៣៨​-​៤៤; ១២:១, ២

៩. ពេល​ព្រះ​យេហូវ៉ា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហេតុ​អ្វី​ពួក​គេ​នឹង​មិន​ទាន់​មាន​គំនិត​និង​រូប​កាយ​ល្អ​ឥត​ខ្ចោះ?

ព្រះ​យេហូវ៉ា​សន្យា​ថា ពួក​អ្នក​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រិស្ត​នឹង​មិន​និយាយ​ថា​៖ ​«​ខ្ញុំ​ឈឺ​»​ឡើយ។ (​អេ. ៣៣:២៤; រ៉ូម ៦:៧​) ដូច្នេះ ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​គ្មាន​ជំងឺ​និង​គ្មាន​ពិការ​ភាព​ទេ។ ប៉ុន្តែ ពួក​គេ​នឹង​មិន​ទាន់​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ឡើយ។ បើ​ពុំ​នោះ​ទេ បុគ្គល​ជា​ទី​ស្រឡាញ់ ប្រហែល​ជា​ពិបាក​ចំណាំ​ពួក​គេ។ តាម​មើល​ទៅ មនុស្ស​ទាំង​អស់​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ប​ន្តិ​ច​ម្ដង​ៗ​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត។ នៅ​ទី​បញ្ចប់​មួយ​ពាន់​ឆ្នាំ​នោះ លោក​យេស៊ូ​នឹង​ប្រគល់​រាជាណាចក្រ​ទៅ​បិតា​លោក​វិញ។ ពេល​នោះ​រាជាណាចក្រ​នឹង​សម្រេច​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​កំណត់​ឲ្យ រួម​ទាំង​ការ​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​ល្អ​ឥត​ខ្ចោះ។—១កូ. ១៥:២៤​-​២៨; បប. ២០:១​-​៣

តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​នាំ​ឲ្យ​យើង​ទទួល​អំណរ​បែប​ណា?

១០. តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?

១០ សូម​ស្រមៃ​គិត​ថា​ការ​ទទួល​ស្វាគមន៍​បុគ្គល​ជា​ទី​ស្រឡាញ់​គឺ​យ៉ាង​ណា។ តើ​អំណរ​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​អ្នក​យំ ឬ​សើច​សប្បាយ? តើ​អ្នក​នឹង​ស្រែក​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ឬ​ទេ? អ្វី​មួយ​ដែល​ប្រាកដ​គឺ​ថា អ្នក​នឹង​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​ចំពោះ​បិតា​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក និង​បុត្រ​របស់​លោក​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន ដើម្បី​រៀបចំ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​អំណោយ​ដ៏​អស្ចារ្យ។

១១. យោង​ទៅ​តាម​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​យ៉ូហាន ៥:២៨, ២៩ តើ​ពួក​អ្នក​ដែល​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​នឹង​ទទួល​អ្វី?

១១ សូម​ស្រមៃ​គិត​អំពី​អំណរ​របស់​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ កាល​ដែល​ពួក​គេ​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់ ហើយ​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ។ ពួក​អ្នក​ដែល​ធ្វើ​ការ​កែ​ប្រែ​ទាំង​នេះ​នឹង​រស់​ឡើង​វិញ ហើយ​បាន​ជីវិត។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​នឹង​មិន​អនុញ្ញាត​ឲ្យ​ពួក​អ្នក​ដែល​មិន​ព្រម​កែ​ប្រែ​បន្ត​រស់​នៅ​ក្នុង​សួន​ឧទ្យាន ហើយ​បង្ខូច​សេចក្ដី​សុខ​សាន្ត​នៅ​ទី​នោះ​ឡើយ។—អេ. ៦៥:២០; សូម​អាន យ៉ូហាន ៥:២៨, ២៩

១២. តើ​ពួក​អ្នក​ដែល​នៅ​ផែនដី​នឹង​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​តាម​របៀប​ណា?

១២ ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ រាស្ត្រ​ទាំង​អស់​របស់​លោក​នឹង​ឃើញ​ថា​ពាក្យ​នៅ​សុភាសិត ១០:២២​គឺ​ជា​ការ​ពិត ដែល​ថា​៖ ​«​អំណោយ​ពរ​នៃ​ព្រះ​យេហូវ៉ា នោះ​ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ទ្រង់​មិន​បន្ថែម​សេចក្ដី​ទុក្ខ​ព្រួយ​ផង​ទេ​»។ ដោយ​មាន​ជំនួយ​ពី​សកម្មពល​របស់​ព្រះ​យេហូវ៉ា រាស្ត្រ​របស់​លោក​នឹង​កាន់​តែ​ដូច​គ្រិស្ត​ខ្លាំង​ឡើង​ៗ ហើយ​នឹង​ទៅ​ជា​ល្អ​ឥត​ខ្ចោះ​ប​ន្តិ​ច​ម្ដង​ៗ។ (​យ៉ូន. ១៣:១៥​-​១៧; អេភ. ៤:២៣, ២៤​) ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រូប​កាយ​របស់​ពួក​គេ​នឹង​កាន់​តែ​រឹង​មាំ ហើយ​ពួក​គេ​នឹង​ទៅ​ជា​មនុស្ស​ល្អ​ប្រសើរ​ជាង។ នៅ​ពេល​នោះ មនុស្ស​នឹង​រស់​នៅ​ដោយ​សុភមង្គល​មែន! (​យ៉ូប ៣៣:២៥​) តើ​ការ​រំពឹង​គិត​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​អាច​ជួយ​អ្នក​នៅ​ឥឡូវ​នេះ​យ៉ាង​ដូច​ម្ដេច?

តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បង្រៀន​យើង​យ៉ាង​ណា​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា?

១៣. ដូច​យើង​រៀន​ពី​ទំនុក​តម្កើង ១៣៩:១​-​៤ តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បង្ហាញ​យ៉ាង​ណា​ថា​ព្រះ​យេហូវ៉ា​ស្គាល់​យើង​យ៉ាង​ច្បាស់?

១៣ ដូច​ដែល​យើង​បាន​ពិចារណា​នៅ​ខាង​លើ ពេល​ព្រះ​យេហូវ៉ា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ពួក​គេ​នឹង​មាន​ការ​ចង​ចាំ​និង​បុគ្គលិក​លក្ខណៈ​ដូច​ដែល​ពួក​គេ​ធ្លាប់​មាន។ តើ​នេះ​បង្ហាញ​អំពី​អ្វី? នេះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​លោក​កត់​សម្គាល់​និង​នឹក​ចាំ​អំពី​អ្វី​ទាំង​អស់​ដែល​អ្នក​គិត និយាយ និង​ធ្វើ ព្រម​ទាំង​អារម្មណ៍​ទាំង​អស់​របស់​អ្នក។ ដូច្នេះ បើ​លោក​ត្រូវ​ប្រោស​អ្នក​ឲ្យ​រស់​ឡើង​វិញ លោក​ស្រួល​ឲ្យ​អ្នក​មាន​ការ​នឹក​ចាំ ចិត្ត​គំនិត និង​បុគ្គលិក​លក្ខណៈ​ដែល​អ្នក​ធ្លាប់​មាន។ ស្ដេច​ដាវីឌ​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​ចាប់​អារម្មណ៍​នឹង​យើង​ម្នាក់​ៗ​ខ្លាំង​ណាស់។ (​សូម​អាន ទំនុក​តម្កើង ១៣៩:១​-​៤) តើ​ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្គាល់​យើង​យ៉ាង​ច្បាស់ មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង​នៅ​ឥឡូវ​នេះ?

១៤. តើ​ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្គាល់​យើង​យ៉ាង​ច្បាស់​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

១៤ ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្គាល់​យើង​ច្បាស់ មិន​គួរ​ធ្វើ​ឲ្យ​យើង​ព្រួយ​បារម្ភ​ទេ។ ហេតុ​អ្វី? សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​យ៉ាង​ខ្លាំង ហើយ​លោក​ចាត់​ទុក​ថា​យើង​ម្នាក់​ៗ​មាន​តម្លៃ​ពិសេស​ចំពោះ​លោក។ លោក​កត់​សម្គាល់​អ្វី​ទាំង​អស់​ដែល​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​យើង។ ការ​ដឹង​ដូច្នេះ​នាំ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា​យើង​មិន​នៅ​ម្នាក់​ឯង​ទេ! រាល់​ថ្ងៃ រាល់​នាទី ព្រះ​យេហូវ៉ា​នៅ​ក្បែរ​យើង​ជា​និច្ច ហើយ​រក​មើល​ឱកាស​ដើម្បី​ជួយ​យើង។—២រប. ១៦:៩

តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បង្រៀន​យើង​យ៉ាង​ណា​អំពី​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា?

១៥. តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បង្ហាញ​យ៉ាង​ណា​ថា​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា?

១៥ មនុស្ស​ខ្លាច​ស្លាប់ ដូច្នេះ​សត្រូវ​ប្រើ​សេចក្ដី​ស្លាប់​ដើម្បី​គំរាម​កំហែង​ពួក​គេ​ឲ្យ​ធ្វើ​តាម​ពាក្យ​បញ្ជា។ មនុស្ស​ដែល​នៅ​ក្រោម​អំណាច​របស់​សាថាន ប្រើ​ការ​ខ្លាច​ស្លាប់ ដើម្បី​បង្ខំ​អ្នក​ឯ​ទៀត​ឲ្យ​ក្បត់​មិត្ត​ភក្ដិ ឬ​ប្រព្រឹត្ត​អ្វី​ដែល​ពួក​គេ​ដឹង​ថា​មិន​ត្រឹម​ត្រូវ។ ប៉ុន្តែ ពួក​គេ​មិន​អាច​បង្ខំ​យើង​ឲ្យ​ធ្វើ​ដូច្នេះ​បាន​ទេ ដោយ​សារ​យើង​ដឹង​ថា​បើ​សត្រូវ​សម្លាប់​យើង ព្រះ​យេហូវ៉ា​នឹង​ប្រោស​យើង​ឲ្យ​មាន​ជីវិត​ឡើង​វិញ។ (​បប. ២:១០​) យើង​ជឿ​ជាក់​ថា​ពួក​គេ​មិន​អាច​ធ្វើ​អ្វី ដែល​នាំ​ឲ្យ​យើង​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​ទេ។ (​រ៉ូម ៨:៣៥​-​៣៩​) ព្រះ​យេហូវ៉ា​បង្ហាញ​ប្រាជ្ញា​ដ៏​អស្ចារ្យ​របស់​លោក​ដោយ​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​ឲ្យ​រស់​ឡើង​វិញ! ដោយ​សារ​សេចក្ដី​សង្ឃឹម​នេះ យើង​មិន​ខ្លាច​ពេល​ពួក​អ្នក​គាំ​ទ្រ​សាថាន​គំរាម​សម្លាប់​យើង បើ​យើង​មិន​ធ្វើ​តាម​ពួក​គេ​នោះ​ទេ។ សេចក្ដី​សង្ឃឹម​នោះ​ក៏​ផ្ដល់​ឲ្យ​យើង​នូវ​ចិត្ត​ក្លាហាន​ដើម្បី​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះយេ​ហូវ៉ា។

តើ​ការ​សម្រេច​ចិត្ត​របស់​យើង​បង្ហាញ​ថា​យើង​ទុក​ចិត្ត​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ឲ្យ​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​យើង​ឬ​ទេ? (​សូម​មើល​វគ្គ​១៦​) *

១៦. តើ​អ្នក​ត្រូវ​សួរ​ខ្លួន​នូវ​សំណួរ​អ្វី​ខ្លះ ហើយ​តើ​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ថា​អ្នក​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ខ្លាំង​ប៉ុណ្ណា?

១៦ បើ​សត្រូវ​របស់​ព្រះ​យេហូវ៉ា​គំរាម​សម្លាប់​អ្នក តើ​អ្នក​នឹង​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រោស​អ្នក​ឲ្យ​រស់​ឡើង​វិញ​ឬ​ទេ? តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ចម្លើយ​ចំពោះ​សំណួរ​នេះ? របៀប​មួយ​គឺ​ដោយ​សួរ​ខ្លួន​ឯង​ថា ‹តើ​ការ​សម្រេច​ចិត្ត​តូច​ៗ​ដែល​ខ្ញុំ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​បង្ហាញ​ថា​ខ្ញុំ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ឬ​ទេ?›។ (​លូក. ១៦:១០​) យើង​ក៏​អាច​សួរ​ខ្លួន​ឯង​ថា ‹តើ​របៀប​រស់​នៅ​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​ទុក​ចិត្ត​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ឲ្យ​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ បើ​ខ្ញុំ​ស្វែង​រក​រាជាណាចក្រ​របស់​លោក​ជា​មុន​ឬ​ទេ?›។ (​ម៉ាថ. ៦:៣១​-​៣៣​) បើ​អ្នក​ឆ្លើយ​សំណួរ​ទាំង​នេះ​ថា​មែន នោះ​បង្ហាញ​ថា​អ្នក​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ហើយ​ថា​អ្នក​នឹង​ត្រៀម​ចិត្ត​សម្រាប់​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដែល​ប្រហែល​ជា​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត។—សុភ. ៣:៥, ៦

តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បង្រៀន​យើង​យ៉ាង​ណា​អំពី​ចិត្ត​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា?

១៧. (​ក​) តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បង្ហាញ​យ៉ាង​ណា​ថា​ព្រះ​យេហូវ៉ា​មាន​ចិត្ត​អត់​ធ្មត់? (​ខ​) តើ​យើង​អាច​បង្ហាញ​ថា​យើង​មាន​អំណរ​គុណ​ចំពោះ​ចិត្ត​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៧ ព្រះ​យេហូវ៉ា​បាន​កំណត់​ថ្ងៃ​និង​ម៉ោង​រួច​ហើយ ដែល​លោក​នឹង​បំផ្លាញ​របៀប​របប​ពិភព​លោក​នេះ។ (​ម៉ាថ. ២៤:៣៦​) លោក​នឹង​មិន​ចាត់​វិធានការ​មុន​ពេល​នោះ​ទេ។ ទោះ​ជា​លោក​ចង់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ក្ដី លោក​នៅ​តែ​បង្ហាញ​ចិត្ត​អត់​ធ្មត់។ (​យ៉ូប ១៤:១៤, ១៥​) លោក​រង់​ចាំ​រហូត​ដល់​ពេល​ត្រឹម​ត្រូវ​ដើម្បី​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ។ (​យ៉ូន. ៥:២៨​) យើង​សប្បាយ​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​អត់​ធ្មត់។ ហេតុ​នេះ​ហើយ មនុស្ស​ជា​ច្រើន​នាក់ រួម​ទាំង​យើង​«​មាន​ឱកាស​ប្រែ​ចិត្ត​»។ (​២ពេ. ៣:៩​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​ច្រើន​បំផុត​មាន​ឱកាស​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ដូច្នេះ សូម​យើង​បង្ហាញ​ថា​យើង​មាន​អំណរ​គុណ​ចំពោះ​ចិត្ត​អត់​ធ្មត់​របស់​លោក។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ស្វែង​រក​មនុស្ស​ដែល​មាន​«​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​ ហើយ​ជួយ​ពួក​គេ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​បម្រើ​លោក។ (​សកម្ម. ១៣:៤៨​) យ៉ាង​នេះ ពួក​គេ​នឹង​ទទួល​ប្រយោជន៍​ពី​ចិត្ត​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​ដូច​ដែល​យើង​បាន​ទទួល​ដែរ។

១៨. ហេតុ​អ្វី​យើង​គួរ​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​អ្នក​ឯ​ទៀត?

១៨ ព្រះ​យេហូវ៉ា​នឹង​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​រហូត​ដល់​ចុង​បញ្ចប់​នៃ​គ្រា​មួយ​ពាន់​ឆ្នាំ មុន​ដែល​លោក​តម្រូវ​ឲ្យ​យើង​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ រហូត​ដល់​ពេល​នោះ ព្រះ​យេហូវ៉ា​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង។ ដូច្នេះ យើង​គួរ​ធ្វើ​តាម​គំរូ​របស់​លោក​ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​របស់​អ្នក​ឯ​ទៀត និង​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​ពួក​គេ។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​ម្នាក់។ ប្ដី​របស់​គាត់​ចាប់​ផ្ដើម​មាន​ជំងឺ​ផ្លូវ​ចិត្ត ហើយ​ឈប់​ទៅ​កិច្ច​ប្រជុំ។ បង​ស្រី​នោះ​និយាយ​ថា​៖ ​«​នោះ​ពិបាក​ណាស់​សម្រាប់​ខ្ញុំ។ ជីវិត​របស់​យើង​បាន​ផ្លាស់​ប្ដូរ​ភ្លាម​ៗ ហើយ​យើង​លែង​អាច​ធ្វើ​អ្វី​ៗ​ដែល​យើង​ចង់​ធ្វើ​ទៀត​»។ ប៉ុន្តែ ប្រពន្ធ​នេះ​នៅ​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​អត់​ធ្មត់​ចំពោះ​ប្ដី​របស់​គាត់។ គាត់​បាន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា ហើយ​មិន​ឈប់​ព្យាយាម។ ដូច​ព្រះ​យេហូវ៉ា គាត់​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ល្អ​ៗ​អំពី​ប្ដី​របស់​គាត់។ គាត់​និយាយ​ថា​៖ ​«​ប្ដី​របស់​ខ្ញុំ​មាន​គុណ​សម្បត្តិ​ដ៏​គួរ​ឲ្យ​សរសើរ ហើយ​គាត់​ព្យាយាម​យក​ឈ្នះ​បញ្ហា​របស់​គាត់​ប​ន្តិច​ម្ដង​ៗ​»។ គឺ​សំខាន់​ណាស់​ដែល​យើង​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​សមាជិក​ក្រុម​គ្រួសារ​ឬ​ក្រុម​ជំនុំ ដែល​កំពុង​ព្យាយាម​យក​ឈ្នះ​ការ​ពិបាក​ផ្សេង​ៗ​!

១៩. តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

១៩ លោក​យេស៊ូ​និង​ពួក​ទេវតា​អរ​សប្បាយ​ពេល​ផែនដី​បាន​ត្រូវ​បង្កើត​មក។ ដូច្នេះ សូម​ស្រមៃ​គិត​ថា​បុគ្គល​ទាំង​នោះ​នឹង​សប្បាយ​ចិត្ត​យ៉ាង​ណា​ទៅ ពេល​ឃើញ​ផែនដី​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ល្អ​ឥត​ខ្ចោះ​ដែល​ស្រឡាញ់​និង​បម្រើ​ព្រះ​យេហូវ៉ា។ សូម​ស្រមៃ​គិត​អំពី​អំណរ​របស់​ពួក​អ្នក​ដែល​បាន​ត្រូវ​យក​ពី​ផែនដី​ទៅ​ស្ថាន​សួគ៌​ឲ្យ​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត ពេល​ដែល​ពួក​គេ​ឃើញ​មនុស្ស​ទទួល​ប្រយោជន៍​ពី​កិច្ចការ​របស់​ពួក​គេ។ (​បប. ៤:៤, ៩​-​១១; ៥:៩, ១០​) សូម​ស្រមៃ​គិត​ដែរ​អំពី​គ្រា​ដែល​យើង​រំភើប​ចិត្ត​រហូត​ដល់​យំ ជា​ជាង​យំ​ដោយ​សារ​ឈឺ​ចាប់ និង​គ្រា​ដែល​ជំងឺ ទុក្ខ​ព្រួយ និង​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត។ (​បប. ២១:៤​) រហូត​ដល់​ពេល​នោះ សូម​តាំង​ចិត្ត​យក​តម្រាប់​បិតា​របស់​អ្នក ដែល​មាន​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា និង​ចិត្ត​អត់​ធ្មត់។ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​រក្សា​អំណរ ទោះ​ជា​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ។ (​យ៉ា. ១:២​-​៤​) សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​៖ ​«​មនុស្ស . . . នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»​ពិត​ជា​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​មែន!—សកម្ម. ២៤:១៥

ចម្រៀង​លេខ​១៤១ ភាព​អស្ចារ្យ​នៃ​ជីវិត

^ វគ្គ 5 ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ និង​មាន​ប្រាជ្ញា ព្រម​ទាំង​ចិត្ត​អត់​ធ្មត់។ គុណ​សម្បត្តិ​ទាំង​នេះ​ស​ឲ្យ​ឃើញ​តាម​រយៈ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត ហើយ​តាម​រយៈ​សេចក្ដី​សន្យា​របស់​លោក​អំពី​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ខ្លះ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​លើក​បញ្ជាក់​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​អំណរ​គុណ​ចំពោះ​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា និង​ចិត្ត​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា។

^ វគ្គ 59 ការ​ពណ៌នា​អំពី​រូប​ភាព: បុរស​ជន​ជាតិ​ដើម​អាម៉េរិក​ម្នាក់​ដែល​បាន​ស្លាប់​រាប់​រយ​ឆ្នាំ​មុន នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត។ បង​ប្រុស​ម្នាក់​ដែល​រួច​ជីវិត​ពី​សង្គ្រាម​ហាម៉ាគេដូន សប្បាយ​ចិត្ត​បង្រៀន​បុរស​នោះ​អំពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ​របស់​គ្រិស្ត។

^ វគ្គ 61 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​ប្រាប់​ថៅកែ​របស់​គាត់​ថា រាល់​សប្ដាហ៍ មាន​ថ្ងៃ​ខ្លះ​ដែល​គាត់​មិន​អាច​ធ្វើ​ការ​ថែម​ម៉ោង​ទេ។ គាត់​ពន្យល់​ថា នៅ​ថ្ងៃ​ទាំង​នោះ​គាត់​ទុក​ពេល​នៅ​ពេល​ល្ងាច​សម្រាប់​ធ្វើ​កិច្ចការ​ដែល​ជាប់​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​គាត់​ក៏​ពន្យល់​ដែរ​ថា បើ​ពិត​ជា​ត្រូវ​ការ​គាត់​នៅ​ពេល​ផ្សេង គាត់​សុខ​ចិត្ត​ធ្វើ​ការ​ថែម​ម៉ោង។